អត្ថបទព័ត៌មានស្តីពីវប្បធម៌
ក្រោមប្រធានបទ “ប្រវត្តិក្បាច់គុនល្បុក្កតោ”
អត្ថបទដោយ : សែម ពេជ្រ
#MJQE #AmericanInterconSchool
ពលរដ្ឋខ្មែរជាច្រើនស្គាល់ក្បាច់គុនល្បុក្កតោ។
តែពួកគេមិនបានដឹងពីប្រវត្តិនៃការកកើតក្បាច់គុនមួយនេះទេ។
តើក្បាច់គុនល្បុក្កតោកកើតពីពេលណា? តើពាក្យ “ល្បុក្កតោ” មានន័យដូចម្តេច?
ការសិក្សាខ្លះថាក្បាច់គុននេះទំនងជាកកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរ
ផង។
ក្បាច់គុននេះទំនងជាកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរផងដែរ។ រឿងរ៉ាវនេះ អាចត្រូវបានស្វែងយល់តាមរយៈរឿងព្រេងខ្មែរ។ តាមការដំណាលតៗគ្នារបស់ដូនតាខ្មែរ ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ កើតចេញពីពលទាហានម្នាក់ដែលបានប្រើប្រាស់ដំបងរួមជាមួយនឹងក្បាច់ដៃ និងជង្គង់ ដើម្បីវាយសត្វតោមួយក្បាលដែលតែងតែមកវាយប្រហារ យាយី សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិជាញឹកញាប់។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូបនៃអរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។
ដូចក្បាច់គុនខ្មែរផ្សេងទៀតដែរ គុនល្បុក្កតោប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់តាមតថភាពធម្មជាតិ នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការរបស់សត្វដូចជា សត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។ ជាងនេះទៅទៀត ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួននៅក្នុងសិល្បៈបុរាណរបស់ខ្មែរ ដូចជារបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ ចលនា ស្នៀត ក្បាច់ និងកាយវិការនីមួយៗនៃក្បាច់គុននេះ បានបង្កប់នូវភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថ រស់នៅរបស់មនុស្សនៅក្នុងសង្គម។ ក្បាច់គុននេះតម្រូវឱ្យវាយកៀកនឹងគូប្រយុទ្ធ ដោយប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន។
No comments:
Post a Comment