Saturday, July 14, 2012

សារណា ជំពូកទី១



ជំពូកទី១
សេចក្តីផ្តើម
១.១ លំនាំបញ្ហានៃការស្រាវជ្រាវ
  សុភមង្គលជាសេចក្តីប្រាថ្នាយ៉ាងចាំបាច់សម្រាប់បុគ្គលអ្នកថែរក្សាផ្ទះ។ មនុស្សគ្រប់គ្នាបានដឹកដៃគ្នាយ៉ាងសស្រាក់សស្រាំដើរឆ្ពោះទៅកាន់ទីនៃសេចក្តីសុខដែលជាផ្លូវពួកខ្លួនប្រាថ្នាចង់បាន។ ដោយមិនបានសិក្សាស្រាវជ្រាវឲ្យច្បាស់លាស់ គេក៏ជាប់អន្ទាក់នឹងឧបករណ៍ សម្ភារទំនើបៗ គ្រឿងស្រវឹង អាភៀន បារី ស្រា ស្រី ល្បែង ជាហេតុបង្កឲ្យកើតជាវិវាទ អំពើហិង្សាក្នុងគ្រួសារ។ ប្តីប្រពន្ធ លែងស្មោះត្រង់នឹងគ្នាគិតតែពីភូតភរកុហកបោកប្រាស់គ្នាទៅវិញទៅមក។ ម្នាក់ៗមិនប្រព្រឹត្តតាមតួនាទីខ្លួនជាឪពុក ម្តាយ ប្តី ប្រពន្ធ កូន ខ្វះធម៌សន្តោសដល់គ្នានឹងគ្នា។ ជាងនេះទៅទៀតការលោភលន់ចង់បានមាសប្រាក់ សម្ភារៈពេកក៏នាំឲ្យកើតជាការប្រមាទ លែងស្គាល់ក្រមសីលធម៌របស់ខ្លួនជាប្តី ឬប្រពន្ធគេ។
  ជាការពិតក្នុងយុគសម័យសកលភាវូបនីយកម្ម មនុស្សភាគច្រើនបានបោះបង់ចោលនូវប្រពៃណីទំនៀមទម្លាប់របស់ខ្លួនដែលបានរក្សាមកតាំងពីដូនតា ទៅទទួលយកវប្បធម៌​ អរិយធម៌បរទេសធ្វើឲ្យខ្លួនភ្លើតភ្លើន ស្អប់ខ្ពើមវប្បធម៌ប្រពៃណីសាសនារបស់ខ្លួន។ ទង្វើទាំងអស់នេះបានបង្កនូវបញ្ហាយ៉ាងស្មុកស្មាញដល់ប្រទេសជាតិនីមួយៗជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជានេះ។ ដើម្បីចូលរួមចំណែកក្នុងការអិវឌ្ឍប្រទេស កសាងធនធានមនុស្សដែលមានសីលធម៌ និងដើម្បីឆ្ពោះទៅបង្កើតវប្បធម៌សន្តិភាពជាមួយរាជរដ្ឋាភិបាល និងដោយសារកង់ទាំងពីរគឺអាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា សារណាដែលក្រុមខ្ញុំព្រះករុណា យើងខ្ញុំនឹងលើកយកមកពិភាក្សានេះ មានភារៈដោះស្រាយរាល់បញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍តាមរយៈទ្រឹស្តីព្រះពុទ្ធសាសនា។
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ
អំពើហិង្សាក្នុងគ្រួសារជាបញ្ហាដ៏រសើបមួតមិនថាតែក្នុងប្រទេសកម្ពុជា ឬប្រទេសក្នុងតំបន់អាស៊ីទេ សូម្បីប្រទេសនៅខាងប៉ែកអ៊ឺរ៉ុបដែលគេជឿថាជាប្រទេសមានអរិយធម៌ស៊ីវិល័យ សម្បូរទៅដោយធនធានមនុស្សក៏នូវតែពើបប្រទះនឹងបញ្ហាជីវិតអាពាហ៍ពិពាហ៍ដែរ។ បញ្ហានេះបានជំរុញឲ្យមានការពិភាក្សាជជែកវែកញែកយ៉ាងមុតមាំពីសំណាក់អង្គការសមាគម រដ្ឋាភិបាលនានា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដើម្បីរកដំណោះស្រាយដ៏សមស្របមួយអនុញ្ញាតឲ្យប្រជាជនលោកយកទៅអនុវត្តឲ្យទទួលបាននូវសុភមង្គលគ្មានអំពើហិង្សាក្នុងគ្រួសារ។ ក្នុងបរិបទដ៏ផុយស្រួយនេះគេអាចចោទសួរថា៖
- តើបញ្ហាចម្បងអ្វីខ្លះដែលនាំឲ្យជីវិតអាពាហ៍ពិពាហ៍ខ្មែរមានការប្រេះស្រាំ?
- តើពួកគេបានប្រតិបត្តិតាមទ្រឹស្តីណាមួយដើម្បីបានសុភមង្គល?
- តើព្រះពុទ្ធសាសនាមានគោលធម៌អ្វីខ្លះសម្រាប់ជីវិតអាពាហ៍ពិពាហ៍នេះ?
-តើគប្បីប្រពឹ្រត្តធម៌ណាខ្លះដើម្បីបានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍?
១.៣ គោលបំណងនៃការស្រាវជ្រាវ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតមានជាបន្តបន្ទាប់មិនចប់មិនហើយ សារណា «ព្រះពុទ្ធសាសនា និងជីវិតអាពាហ៍ពិពាហ៍»នេះនឹងធ្វើការសិក្សាស្រាវជ្រាវអំពីទ្រឹស្តីអប់រំដែលព្រះពុទ្ធអង្គបានសម្តែងទុកមកផ្សារភ្ជាប់ទៅនឹងជីវិតអាពាហ៍ពិពាហ៍។ដែលជារួមមានគោលបំណងដូចខាងក្រោម៖
ក/. ស្វែងយល់អំពីទ្រឹស្តីព្រះពុទ្ធសាសនាស្តីពីជីវិតអាពាហ៍ពិពាហ៍
ខ/. ស្វែងយល់ទ្រឹស្តីព្រះពុទ្ធសាសនាដែលមានឥទ្ធិពលក្នុងជីវិតអាពាហ៍ខ្មែរ
គ/. ស្វែងយល់អំពីការប្រតិបត្តិទ្រឹស្តីព្រះពុទ្ធសាសនារបស់ប្រជាជនខ្មែរ
ឃ/. ស្វែងយល់អំពីផលប្រយោជន៍នៃការប្រតិបត្តិតាមទ្រឹស្តីព្រះពុទ្ធសាសនា
១.៤ ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ
សារណាដែលក្រុមខ្ញុំព្រះករុណា យើងខ្ញុំសិក្សាចងក្រងនេះជាអត្ថបទដ៏តូចមួយមិនអាចបំពេញសេចក្តីត្រូវការរបស់លោកអ្នកអានឲ្យគ្រប់ជ្រុងជ្រោយឡើយព្រោះក្រុមខ្ញុំព្រះករុណាយើងខ្ញុំធើ្វការសិក្សាស្រាវជ្រាវតែទៅលើទ្រឹស្តីព្រះពុទ្ធសាសនា ដើម្បីឆ្លើយតបនឹងបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ។
១.៥ វិធីសាស្រ្តស្រាវជ្រាវ
ក្នុងការប្រមូលចងក្រងឯកសារនៃកិច្ចការស្រាវជ្រាវនេះ តម្រូវឲ្យក្រុមខ្ញុំព្រះករុណា យើងខ្ញុំស្វែងរកទិន្នន័យ និងឯកសារពាក់ព័ន្ធផ្សេងៗជាច្រើន ជាពិសេសការធ្វើបទសម្ភាសជាមួយលោកអ្នកប្រាជ្ញទាំងខាងវប្បធម៌ប្រពៃណីខ្មែរ និងលោកអ្នកប្រាជ្ញដែលមានចំណេះដឹងខាងទ្រឹស្តីព្រះពុទ្ធសាសនា។
- សិក្សាលើទ្រឹស្តីដើម៖ វិធីនេះប្រើដើម្បីសិក្សាស្វែងយល់នូវទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធដែលសម្តែងក្នុងគម្ពីរព្រះត្រៃបិដកដែលព្រះអរហន្តទាំងឡាយដឹកនាំចងក្រងចារទុក នឹងសិក្សាផងដែរលើឯកសាររបស់អដ្ឋកថាចារ្យដែលបានព្យាយាមបកស្រាយរង្គាយសេចក្តីឲ្យកាន់តែងាយយល់ដល់បុថុជ្ជនដែលមានបញ្ញាទន់ខ្ចី។
- បទសម្ភាស៖ វិធីនេះគឺធ្វើឡើងដោយការណាត់ជួបផ្ទាល់ជាមួយបញ្ញាវន្តទាំងខាងផ្នែកវប្បធម៌ប្រពៃណីខ្មែរ និងទាំងខាងព្រះពុទ្ធសាសនា។
- ចុះកម្មសិក្សានៅឯមូលដ្ឋាន៖ ក្រុមយើងខ្ញុំនឹងចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីសិក្សាស្វែងយល់ពីសកម្មភាពជាក់ស្តែងដែលប្រជាពលរដ្ឋបាននឹងកំពុងធ្វើប្រចាំថ្ងៃ ជាពិសេសក្នុងរឿងអាពាហ៍ពិពាហ៍។
- អង្កេត៖វិធីនេះគឺតម្រូវឲ្យក្រុមយើងខ្ញុំធ្វើការស៊ើបសួរ ពិនិត្យនូវរាល់សកម្មភាពទាំងឡាយទាំងការចុះមូលដ្ឋានផ្ទាល់ ទាំងការអានសៀវភៅ និងបទសម្ភាសផ្សេងៗ។
- វិភាគ និងសំយោគមតិ៖ក្រុមខ្ញុំព្រះករុណា យើងខ្ញុំនឹងធ្វើការវាយតម្លៃ ថ្លឹងថ្លែងនូវរាល់ទិន្នន័យ សកម្មភាពជាក់ស្តែង។
១.៦ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ
ជំពូកទី១លាតត្រដាងអំពីគោលបំណងនៃការសិក្សាស្រាវជ្រាវ ចំណោទបញ្ហា ដែនកំណត់នៃការសិក្សាស្រាវជ្រាវ និងវិធីសាស្ត្រស្រាវជ្រាវ។
ជំពូកទី២ បកស្រាយពីនិយមន័យនៃប្រធានបទ គឺ«ព្រះពុទ្ធសាសនា និងជីវិតអាពាហ៍ពិពាហ៍» ព្រមទាំងខ្លឹមសារទាំងមូលលើប្រធានបទ «ព្រះពុទ្ធសាសនា និងជីវិតអាពាហ៍ពិពាហ៍» ហើយក៏នឹងឆ្លុះបញ្ចាំងអំពីទស្សនៈពុទ្ធសាសនាស្តីពីអាពាហ៍ពិពាហ៍។
ជំពូកទី៣  បង្ហាញអំពីស្ថានភាពជាក់ស្តែងរបស់ប្រជាបរិស័ទខ្មែរ មុន និងក្រោយពេលរៀបអាពាហ៍ពិពាហ៍ផ្សារភ្ជាប់នឹងការប្រតិបត្តិទ្រឹស្តីព្រះពុទ្ធសាសនា។
ជំពូកទី៤ ធ្វើការបូកសរុបលទ្ធផលនៃការស្រាវជ្រាវ និងបង្ហាញឲ្យឃើញថាមានប្រសិទ្ធភាពក្នុងការប្រតិបត្តិតាមទ្រឹស្តីព្រះពុទ្ធសាសនាដែរឬទេ។
ជំពូកទី៥ ជាជំពូកចុងក្រោយដែលស្តីពីសេចក្តីសន្និដ្ឋាន និងអនុសាសន៍ទៅលើលទ្ធផលស្រាវជ្រាវនៃប្រធានបទ។
គន្ថនិទ្ទេស ជាកម្រងឈ្មោះប្រភពឯកសារដែលក្រុមយើងខ្ញុំបានដកស្រង់។
ឧបសម្ព័ន្ធជាកម្រងឯកសារបន្ថែមស្តីពីអាពាហ៍ពិពាហ៍ខ្មែរ និងសកម្មភាពផ្សេងៗ។
[6]គូ សុភាព
[7]ដកស្រងចេញពី លោកនីតិ
[8]ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្តា ជីវិតអាពាហ៍ពិពាហ៍ ទំព័រ ៣២

No comments:

Post a Comment