Slide Show

Friday, August 10, 2012

លក្ខណៈអក្សរសិល្ប៍





លក្ខណៈអក្សរសិល្ប៍

១ និយមន័យ
អក្សរសិល្ប៍ គឺជាអត្ថបទរឿងដែលតុបតែងឡើងប្រកបដោយសិល្ប៍ ពោលគឺការ ប៉ិនប្រសព្វរ បស់អ្នកនិពន្ធដែលធ្វើឲ្យអ្នកអាន ឬអ្នកស្តាប់ចូលចិតចាប់អារម្មណ៍ ឬ រំភើប ញាប់ញ័រទៅតាមបញ្ហារបស់រឿង។
២ ប្រវត្តិនៃអក្សរសិល៍្បខ្មែរ
          អក្សរសិល្ប៍ខ្មែរមានកំណើតស្មើ និង ប្រវត្តិសាស្រ្តខ្មែរដែរ ព្រោះគេបានដឹងតាំងពី យូរលង់ណាស់មកហើយនូវការរស់នៅរបបគ្រប់គ្រងប្រតិបត្តិការណ៍ផ្សេងៗ នៃសង្គម
មនុស្សជាដើមក៏ដោយសារអត្ថបទសរសេរ ឬ ចារទុកតាំងពីពេលនោះមកម្លេះ។ ជា ភស្តុតាងជាអត្ថបទចារទុកនៅលើផ្ទាំងសីលា(សីលាចារិក)ដែលមានចំណាស់ៗហើយដល
សេសលស់គង់វង់រហូតមកដល់សព្វថ្ងៃនេះ។ក្រៅពីសីសាចារឹកនៅមានអត្ថបទអក្សរសិល្ប៍ ជា ច្រើនទៀត ដែលកត់ត្រាបន្តបន្ទាប់នៅលើសម្ភារផ្សេងៗដទៃទៀតដូចជា ស្បែកសត្វ
ស្លឹករឹត ក្រាំង ក្រដាស។ អក្សរសិល្ប៍ខ្មែរក៏ដូចជា ភាសាខ្មែរព អក្សរខ្មែរដែរ តែងទទួល ទ្ធិពលបរទេសដែលផ្សព្វផ្សាយចូលមកជាហូរហែ។
          ឯអក្សរសិល្ប៍បរទេសដែលមានឥទ្ធិពលខ្លាំងជាងគេ គឺអក្សរសិល្ប៍សាសនានិយម
មានអក្សរសិល្ប៍ព្រាហ្មណ៍និយម និងអក្សរសិល្ប៍ពុទ្ធនិយមនេះឯង(១)។
៣ ប្រវត្តិឥទ្ធិពលសាសនាមកលើអក្សរសិល្ប៍ខ្មែរ
          ៣.១ ព្រហ្មញ្ញសាសនា
                   ប្រទេសកម្ពុជាទទួលឥទ្ធិពលព្រហ្មញ្ញសាសនាពីឥណ្ឌាហើយឥណ្ឌាក៏ ទទួលឥទ្ធិពល ព្រហ្មញ្ញសាសនា ពីជនជាតិអារ្យ។ ក្នុងរវាងស.វទី ១៦ មុនគ.ស ជនជាតិ
ជនជាតិឥណ្ឌា ឬក្លឹងត្រូវបានត្រួតត្រាដោយជនជាតិអារ្យដែលមានប្រភពចេញពីតំបន់
បាស្ទិក  និងភាគខាងត្បូងនៃសសប្រទេសរូស៊ីបច្ចុប្បន្ន។ មនុស្សចំណូលថ្មីដែលជាជន
អន្តោប្រវេសន៍ទាំងនោះ ក៏បានផ្សំផ្គុំជាមួយអ្នកស្រុកដើម (ពួកដាវិឌយាង) ដែលជាម្ចាស់
ទឹកដី ហើយបានអោយកំណើតជនជាតិទណ្ឌាសព្វថ្ងៃនេះ ដែលស្ថិតក្នុងអំបូរឥណ្ឌូ-អឺរុប។
          មេដឹកនាំសាសនារបស់ពួកអារ្យមានគម្ពីរវេទជាច្រើនច្បាប់ដែលជាការប្រជុំនូវពុទ្ធិទាំង
ឡាយប្រចាំជាតិរបស់គេ ហើយក្នុងចំណោមព្រះគម្ពីរវេទទាំងនោះ គម្ពីរដែលត្រូវបានចារ
ឡើងហើយមានមុនគេ និងចាស់ជាងគេបំផុតនោះ គឺគម្ពីរឫគវេទ។គម្ពីរឫគវេទមានគាថា
ចំនួន ១០០០ ជាង ដែលត្រូវបានគេចងក្រងឡើងក្នុងកំឡុងពេលពី ១.៥០០ ទៅ ១.០០០ ឆ្នាំមុន
គ.ស។កត្តានេះហើយដែលធ្វើឱ្យគេនិយាយបានថា គម្ពីរឫគវេទនេះគឺជាព្រះគម្ពីរដែលចាស់ជាង
គេបំផុតក្នុងលោកយើងនេះ។
          សូមបញ្ជាក់ថា ដោយសារតែព្រះគម្ពីរវេទមានចំនួនត្រឹមតែ ៣ ច្បាប់ បានជាគេឱ្យឈ្មោះ
ថាត្រៃវេទដែលមានសៀវភៅ ៈ
          -ទី ១ ឫគវេទ ៈ   គឺជាអត្ថបទបកស្រាយពីការបួងសួង សរសើរព្រះបារមីរបស់ព្រះអាទិ
ទេពដោយមានគាថាខ្លីៗ និងបទគាថាសំរាប់សូត្រប្រចាំថ្ងៃ។ ក្នុងគម្ពីរឫគវេទក៏មានការអធិប្បាយ
អំពីទស្សនៈវិជ្ជាដែរ។
          -ទី ២ សាមវេទ  ៈ គឺជាកម្រងអត្ថបទគាថា និងចម្រៀងដែលមានសំលេងពីរោះស្តាប់។
          -ទី ៣ យជុរវេទ ៈ ដែលមានន័យថាការគោរពបូជា ការធ្វើពលិការដោយមានតង្វាយថ្វាយ
ព្រះអាទិទេព  ដែលមានបទគាថាជាពាក្យកាព្យ​ កំរងកែវ ដើម្បីអង្វរកដល់ព្រះអាទិទេពឱ្យយាង
ចុះមកជួយអសារមនុស្ស ។ គេរមែងតែសូត្របទគាថានៅក្នុងពិធីសាសនា ដូចជាបុណ្យរាជា
ភិសេក ឬក៏បុណ្យលើករាសី ដើម្បីពង្រឹងកិត្យានុភាព កំលាំងពលំជាដើម។
          ក្រោយមកទៀត គេក៏បានឃើញមានគម្ពីរវេទទី ៤ ទៀត គឺ អថវវេទ ដែលតែងឡើង
ដោយព្រាហ្មណ៍អថវ ។ ក្នុងគម្ពីរវេទនេះ គឃើញមានការប្រើមន្តអាគម ព្រះគាថាដ៏ពិសិដ្ឋ
អូមអាម សំរាប់បណ្តេញរាល់ឧបទ្រពចង្រៃ ខ្មោច ព្រាយ បិសាច ដែលមកបៀតបៀនរំខានអំពល់
ដល់មនុស្សលោកក្នុងសង្គម។ ដូចនៅប្រទេសខ្មែរយើងដែរ ពួកព្រាហ្មណ៍បានយកព្រះគាថាទាំង
នោះមកបង្រាបជំងឺ បង្កើនបារមីដែលជាពាក្យស័កិសិទ្ធិ ចងក្រងជាវគ្គ ជាឃ្លា រៀបតាមខ្យល់នៃ
អក្សរសំរាប់សូត្រ ស្តោះ ផ្លុំ ឫក៏ដើម្បីថែរក្សារោគ បំបរបង់ខ្មោចព្រាយឱ្យចេញពីខ្លួនប្រាណ ឬក៏
បញ្ចុះក្នុងខឿនការពារប្រាសាទជាដើម។
          ដូចនេះ ជារួម នៅក្នុងគម្ពីរវេទនេះ យើងឃើញមានការនិយមនូវរូបមន្តស័ក្តសិទ្ធិ ដូចជា
ព្រះគាថានិងជាកំណាព្យពាក់ព័ន្ធទៅនឹងទស្សនៈវិជ្ជានិងទេវកថា(២)។ ចំណែកឯព្រហ្មញ្ញសាសនា
ចូលមកប្រទេសកម្ពុជា នៅសម័យនគរភ្នំ តាមរយៈព្រះបាទកៅណ្ឌិន្យ នៅស.វទី១នៃគ.ស។
          ១.២ ព្រះពុទ្ធសាសនា
                   ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើ
បណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមភាគ
អាស៊ីអាគ្នេយ៍យើងនេះ ។ ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែង
ណាស់មកហើយ ហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុង
ក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទំម្លាប់ ប្រពៃណី សិល្បៈ​ វប្បធម៌នៃមនុស្សខ្មែរយើង។ចំពោះ
កាលបរិឆ្ឆាតនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែលអ្នកសិក្សា
ប្រវត្តិសាស្រ្តក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងចោទសួរថា តើព្រះពុទ្ធសាសនា
បានមកដល់ប្រទេសកម្ពុជាតាំងពីពេលណា? បញ្ហាបរិចេ្ឆទនៃការចូលមកដល់នៃលទ្ធិពុទ្ធ
សាសនានេះយើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះបញ្ហានេះ វាបានឆ្លុះបញ្ចាំទៅលើការរីកចំរើន
របៀបរបបការរស់នៅ និងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ររបស់
ខ្លួនរយៈកាលកន្លងមក។
បញ្ហានេះអ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញកាលបរិច្ឆេទខុសៗគ្នា ៈ
​-         មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាចូលមកដល់ប្រទេសកម្ពុជាយើងតាំងពី
ស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេស
ឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះពុទ្ធសាសនាថេរវាទ ​បាន
ឧបត្ថម្ភការបញ្ជូនសមណៈទូតពីរអង្គគឺ សោណត្ថេរ និង ឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនា
នៅលើដីសុវណ្ណភូមិ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះ
សង្ឃនាយកគណៈមហានកាយក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី« ព្រះពុទ្ធសាសនានៅកម្ពុជា
សង្ខេប » បោះពុម្ភលើកទី២នៅគ.ស.​ ១៩៧០ ទំព័រទី១ ថា«ព្រះពុទ្ធសាសនាផ្សាយចូលមក
កម្ពុជាមុនដំបូង តាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកា អដ្ឋកថា វិន័យបិដកជាភាសាបាលី
បានប្រាប់ពត៌មាន កាលក្រោយដែលធ្វើតតិយសង្គាយនារួចហើយនៅក្នុងជម្ពូរទ្វីប គឺក្នុង
ប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គនាមព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែង
បញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្តេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះ
ពុទ្ធសាសនានៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក»។ អ្នកសិក្សាខ្លះ
ទៀត ​បានរកឃើញព្រះពុទ្ធសាសនាចូលមកដល់ប្រទេសខ្មែរយើងនៅស.វទី២ នៃគ.សទៅវិញ។
បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ
៨០ ថា« តាមសិលាចារឹកវ៉ូកាញ់(នៅវៀតណាមខាងត្បូង)ទំនងជាព្រះពុទ្ធសាសនាចូលមក
ប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វានចេម៉ាន់។
 ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញសាសនា
ប្រហែលនឹងអាចចូលមកដល់ប្រទេសកម្ពុជាក្រោយការចូលមកដល់នៃលទ្ធិព្រាហ្មណ៍សាសនា។
-         មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់
ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួចប៉ុណ្ណោះ។
គេបានពន្យល់ថាបញ្ហានេះគ្មានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់លាល់ទេ ព្រោះគេហាក់
ដូចជាពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែលយល់ថាសាសនានេះ ឬសាស
នានោះមកដល់មុននោះឡើយ។ យោបល់ស្តីពីវត្តមាននៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា
មានច្រើនដូចខាងលើដែលយើងពិបាកនឹងកំណត់ឲ្យបានច្បាស់លាស់ណាស់។ ប៉ុនែ្តពិនិត្យជារួម
ទោះបីជាយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង។ យើង
ពិនិត្រឃើញថាយោបល់ទាំងអស់ហាក់ដូចជាមានការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនា
ក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មក
ហើយ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណារកហេតុ
ផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហាណនេះ។

យើងគួរលើកយកពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា « ព្រះពុទ្ធសាសនា បានផ្សព្វផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២មុនគ.ស. » យកមកត្រិះរិះ ពិចារណា  ដើម្បីណត់កាលបរិឆ្ឆេទនៃការចូលមកដល់របស់ព្រះពុទ្ធសាសនានៅកម្ពុជាយើង។
បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិជាដែនដីរបស់ប្រទេសណា? ប្រទេសខ្មែរយើងឬជាប្រទេស
ណាទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបានគេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗ សុទ្ធតែ
អះអាងថា ដែនដីសុវណ្ណភូមិ ជាដែនដីរបស់ខ្លួនម្នាក់ៗ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជា
របស់ភូមា ខ្លះថាជាដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម
ខ្លះថាវៀតណាម....។យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការ
អះអាង ព្រមទាំងប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច។ មកដល់ត្រឹមនេះ យើងជាជន
ជាតិខ្មែរក៏ពុំទាន់ហ៊ានអះអាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ។តែយើងត្រូវចោទ
សួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរព
ព្រះពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្រ្ត និងពិនិត្យលើការ
ជាក់ស្តែងឃើញថានៅអាស៊ីអាគ្នេយ៍នេះប្រទេសដេលគោរពព្រះពុទ្ធសាសនាមានចំណាស់ជាង
គេគឺមានតែប្រទេសកម្ពុជាយើងនេះឯង។ចំពោះបណ្តាប្រទេសដទៃទៀតឃើញថាមានប្រទេស
មួយចំនួនគេគោរពព្រះពុទ្ធសាសនាដូចយើងដែរតែគោរពនោះស្ថិតនៅក្នុងដំណាក់កាលក្រោយ
យើង។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី​ ១​ រហូតមកដល់ដើម ស.វ.ទី៩ ក្នុង
ពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅ
ហើយនោះ ប្រទេសនេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក
គ្មានឯកភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។លុះ
មកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម
ធ្វើដំណើរពីជើងចុះមករកទិសត្បូងដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ...
រួចកសាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វ ទី១៣។ ដូចនេះជនជាតិថៃពុំបានទទួល
ព្រះពុទ្ធសាសនាដោយផ្ទាល់ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ។

ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវបាននាំបញ្ចូលពីប្រទេសកម្ពុជា ឬជា
សាសនាដែលបានចាក់ឫសនៅលើទឹកដីនោះតាំងពីយូរ ពោលគឺ តាំងពីទឹកដីនោះជាទឹកដីរបស់
ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ​។ ចំពោះជនជាតិវៀតណាម ក្នុងដំណាក់កាលពី
ស.វ.ទី១ ដល់ទី៩ ពុំទាន់រំដោះខ្លួនចេញពីអាណានិគមចិននៅឡើយដែរ។លុះមកដល់ ស.វ.ទី១០
ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណានិគមរួចកសាងប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនា
មហាយាន ដែលជនជាតិវៀតណាមគោរពនាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពី
ប្រទេសចិនតាំងពីនៅក្រោមអាណានិគមចិនម្ល៉េះ។ចំណែកប្រទេសដទៃទៀតដែលនៅក្នុងដំបន់
នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់កាលក្រោយ ឬគេពុំគោរព
ព្រះពុទ្ធសាសនាតែម្តង ដោយគោរពសាសនាដទៃទៀត។ បើសុបមកឃើញថា ប្រទេសកម្ពុជា
យើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះពុទ្ធសាសនា
មុតមាំជាងគេ ដែលសក្តិសមជាដែនដីសសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយព្រះពុទ្ធសាសនា
ដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាមសោណត្ថេរ និង​ ឧត្តរតេ្ថរ ក្រោមព្ររាជូបត្ថម្ភនៃ
ព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់(៣)។
          ១ អក្សរសិស្ប៍លក្ខណៈសាសនា
                   ១.១ អក្សរសិល្ប៍ព្រាហ្មណ៍និយម
                             ព្រហ្មញ្ញសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ជនជាតិ
ខ្មែរ។នៅពេលបច្ចុប្បន្នទោះបីជាព្រហ្មញ្ញ-សាសនាត្រូវរលុបរលាយស្ទើរតែអស់គ្មានសល់រូបរាង
ពីសង្គមខ្មែរក៏ដោយ ក៏ឥទ្ធិពលនៃសាសនានេះនៅតែមានអត្ថិភាពក្នុងចិត្ត គំនិត ទំនៀមទម្លាប់
ប្រពៃណីក្នុងសង្គមខ្មែរនិងជ្រៀតចូលលាយឡំនៅក្នុងព្រះពុទ្ធសាសនាព្រមទាំងអក្សរសិល្ប៍
របស់ខ្មែរ ផងដែរ។
          អក្សរសិល្ប៍ព្រាហ្មណ៍និយមមានលក្ខណៈពិសេសដូចតទៅ ៈ
                   -ផ្តើមរឿង
          អ្នកនិពន្ធច្រើនលើកគុណបារមី មហិទ្ធិរិទ្ធិរបស់អវតារនៃព្រះវិស្ណុឬអ្នកនិពន្ធពិពណ៌នាពី ទេសភាពព្រៃព្រឹក្សា នៅជុំវិញអាស្រមឥសី រួចចូលដល់ដំណើររឿង។
                   -តួរឿង
          អត្ថន័យនៅក្នុងដំណើររឿងច្រើនលើកពីចំបាំងរាំងជល់តៗគ្នាមិនចេះចប់ ។ ទំនាស់វិបត្តិ
មានតឹងតែង ធូរស្រាល ឬធូរស្រាលទៅតឹងតែង រួចបង្កើតជាសោកនាដកម្ម...។
          បញ្ហារបស់រឿងច្រើនដោះស្រាយដោយប្រើហិង្សា ឬ អសន្តិវិធី។
          បញ្ហាស្នេហាក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមជាស្នេហាឈ្នានីស ហើយបញ្ហាស្នេហាច្រើន
ជាប្រភពនៃសង្គ្រាម ទៀតផង។
          តួអង្គនៅក្នុងរឿងមានអទិទេព អវតារ មនុស្សសាមញ្ញ នាគ គ្រុឌ យក្ស ពានរ...។
          ពាក្យពេចន៍ដែលប្រើប្រាស់ក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមច្រើនជាពាក្យសំស្ក្រឹត លាយ
ឡំនឹងពាក្យខ្មែរ បុរាណ និងមានពាក្យបាលីបន្ទិចបន្ទួច។
                   -បញ្ចប់រឿង
          អ្នកនិពន្ធបញ្ចប់ដោយឱ្យសភាវៈល្អឈ្នះសភាវៈអាក្រក់ដូចជាយក្ស អសុរៈ ជាដើម។
                   ឥទ្ធិពលសាសនាព្រាហ្ម៍ចំពោះសង្គមខ្មែរ
          ព្រហ្មញ្ញសាសនាចូលមកចាក់ឫសនៅទឹកដីកម្ពុជាតាំងតែពីស.វទី១មកម្ល៉េះ។
                   ពស្តុតាងនៃឥទ្ធិពលព្រហ្មញ្ញសាសនាក្នុងសង្គមខ្មែរមានដូចជា ៈ
-       ព្រះរាជាខ្មែរសម័យមុនកាន់សាសនាព្រាហ្មណ៍
-       អក្សរសំស្ក្រឹត
-       អក្សរសិល្ប៍បែបព្រាហ្មណ៍
-       សំណង់ប្រសាទរាប់ពាន់
-       ពិធីនានានៅក្នុងរាជវាំង
-       ប្រជារាស្រ្តខ្មែរនៅតែជឿទៅលើអាទិទេពនិងកម្លាំងក្រៅខ្លួន
-       ទំនៀមទម្លាប់សែនព្រេនក្នុងពិធីការ សង់ផ្ទះ ពិធីឡើងផ្ទះ។ល។ ដូចជា ពិធីគ្រងពាលី
               ពិធីរៀបពិសការ ៉ វិស្ណុការ ៉ មុននឹងសាងសង់ ជាដើម។
-       ស្រង់ទឹកព្រះ ព្រះសង្ឃ និង មាតា បិតា
-       បង្កើតចិត្តក្លាហាន
-       មានរូបចំលាក់ជាច្រើនដូចជា ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ លិង្គព្រះឥសូរ។ល។...​ 

          ១.២ អក្សរសិល្ប៍ពុទ្ធនិយម
                   ក.ចលនានៃអក្សរសិល្ប៍និយម
          ដោយយោលទៅលើអត្ថន័យរបស់រឿងនិងយោលទៅលើកាលបរិច្ឆេទតែងនិពន្ធ គេចែក អក្សរសិល្ប៍ ពុទ្ធនិយមជាបីប្រភេទ គឺអក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ អក្សរសិល្ប៍ពុទ្ធនិយមក្លែង
ក្លាយ និងអក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហេតុ។
                   ក.១.អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ
​          សំគាល់លើស្នាដៃ អក្សរសិល្ប៍ក្នុងរឿងទសជាតក ជាគម្ពីរដ៏សំខាន់របស់ព្រះពុទ្ធ សាសនា ។ រឿងទាំង ១០ លើកឡើងពីការតស៊ូរបស់ព្រះពុទ្ធ ក្នុងពេលព្រះអង្គយោនយក             
កំណើត ជាតួអង្គពោធិសត្វក្នុងជាតិផ្សេងៗ ក្នុងការសាងបារមី ដើម្បីបានត្រាស់ជាព្រះសម្មា
សម្ពុទ្ធ ។
          គម្ពីរទសជាតកត្រូវបានប្រជារាស្រ្តខ្មែរ និយមរាប់អានក្រៃលែង។ កាលពីជំនាន់ដើម គេ
តែងប្រជុំគ្នាធ្វើបុណ្យជារៀងរាល់ឆ្នាំ ដោយប្រមូលប្រជុំ ដើម្បីស្តាប់គម្ពីរទសជាតកនេះ គឺនៅថ្ងៃទី
១ គេស្តាប់ព្រះធម្មគោរព ថ្ងៃទី២ ទី៣ ទី៤ គេស្តាប់លោកទេសជាតកទាំង៩ តៗគ្នាជាលំដាប់លំ
ដោយ។ នៅថ្ងៃទី៥ គេស្តាប់លោកទេសមហាជាតក ឬ រឿងព្រះវេស្សន្តរជាតក។ នៅថ្ងៃទី៦ គេ
ស្តាប់ធម៌ទេសនាពីពុទ្ធប្រវត្តិ ជាពិសេសគឺបឋមត្រាប់ហើយនៅយប់នោះគេធ្វើពិធីពុទ្ធាភិសេកនៅ
ថ្ងៃ ស្អែកឡើងជាថ្ងៃទី៧ គេធ្វើសង្គាយនាឆ្លងបុណ្យ។
ទសជាតកគឺដំណើររឿងក្នុងអតីតជាតិទាំង១០របស់ព្រះពុទ្ធអង្គ

១- តេមិយជាតក      (តេ)    នេក្ខម្មបារមី   ចេញបួសលះបង់កាមគុណ
២- មហាជនកជាតក   (ជ)     វិរិយបារមី     សង្វាតធ្វើការមិនទម្លាក់ចោលកណ្តាលផ្លូវ      
៣- សុវណ្ណសាមជាតក(សុ)    មេត្តាបារមី    ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសព្វមិនរើសមុខ
៤- នេមិរាជជាតក     (នេ)   អធិដ្ឋានបារមី  តាំងចិត្តមាំដើម្បីឱ្យបានសម្រេច
៥- មហោសថជាតក (ម)  បញ្ញាបារមី     ដឹងច្បាស់ការពិតដើម្បីចោទស្រាយបញ្ញាដោយល្បិច
៦- ភូរិទត្តជាតក  (ភូ)  សីលបារមី  រក្សាកាយ វាចាឱ្យល្អបរិសុទ្ធ
៧- ចន្ទកុមារជាតក  (ច) ខន្តីបារមី  អត់ធន់នឹងសេចក្តីទុក្ខ
៨- នារទជាតក  (នា)  ឧបេក្ខាបារមី តាំងចិត្តជាកណ្តាល មិនលម្អៀងទៅខាងណា
៩- វិធូរបណ្ឌិតជាតក  (វិ)  សច្ចបារមី  កាន់ពាក្យពិតមិនរុះរើ
១០- វេស្សន្តរជាតក  (វេ)  ទានបារមី  ធ្វើអំណោយ
                   (តេជសុនេមភូជនាវិវេ)
                   ក.២អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ
          ត្រូវបានស្តែងចេញតាមរយៈស្នាដៃអក្សរសិល្ប៍រឿងបញ្ញាសជាតក។ អ្នកនិពន្ធខិតខំបង្កើត
ស្នាដៃនេះឡើងដោយពឹងផ្អែកទៅលើគោលទស្សនៈទ្រឹស្តីពុទ្ធសាសនាផង និងបញ្ចូលបន្ថែម
គោលនិយមនៃសាសនាព្រាហ្មណ៍ខ្លះៗ។តាមការស្រាវជ្រាវ រឿងបញ្ញាសជាតកត្រូវបាននិពន្ធ
ឡើងក្នុងអំឡុងពុទ្ធសករាជ២០០០-២២០០ គឺរវាង គ.ស.១៤៥៧-១៦៥៧ ដោយសារ ភិក្ខុសង្ឃ
ខ្មែរ ថៃ លាវ ភូមា ចេញ ទៅសិក្សាធម្មវិន័យនៅលង្កាទ្វីប។ លុះចេះដឹងស្ទាត់ហើយ ក៏ត្រលប់មក
ស្រុកវិញ ចាប់ផ្តើមនិពន្ធរឿងរ៉ាវតាមទំនងនិទានជាតក។
          នៅប្រទេសកម្ពុជាយើង រឿងបញ្ញាសជាតក ដំបូងសរសេរជាពាក្យបាលី រហូតមកដល់
ស.វ.ទី១៨និង១៩ ទើបត្រូវ បានកវីបណ្ឌិតយើងប្រែសម្រាយជាពាក្យកាព្យឃ្លោងក៏មានបទល្ខោន
ក៏មាន។
          ប្រជាពលរដ្ឋខ្មែរនិយមរាប់អានមើលកំសាន្តក្នុងពេលលំហែពីការងារ ឬ ចូលចិត្តយករឿង
រ៉ាវនេះទៅនិទានដំណាលដល់កូនចៅតៗគ្នា។
          បញ្ញាសជាតករបស់ខ្មែរមាន  ៈ
១-សមុទ្ទឃោសៈ                         ២-សធនកុមារ                             ៣-សុត្តធនុ
៤-រតនប្បជោត                            ៥-សិរិវិបុលកិត្តិ                            ៦-វិបុលរាជ
៧-សិរីចូឡាមណី                         ៨-ចន្ទរាជ                                   ៩-សព្វមិត្ត(សុភមិត្ត)
១០-សិរីធរសេដ្ឋី                           ១១-សព្វសិទ្ធី                              ១២-ទុលកបណ្ឌិត
១៣-អាទិត្តរាជ                            ១៤-ទុកមានិក                             ១៥-មហាសុរសេន
១៦-សុវណ្ណកុមារ                         ១៧-កនករាជ                              ១៨-វិរិយបណ្ឌិត
១៩-ធម្មសោណ្ឌក                        ២០-សុទស្សនមហារាជ                 ២១-វត្តង្គុលីរាជ
២២-បោរាណកបិលបុរនរិន្ទ            ២៣-ធម្មិកបណ្ឌិត                         ២៤-មហាបុរិស
២៥-ធម្មរាជ                                ២៦-នរជីវ                                   ២៧-សុរូប
២៨-មហាបទុមកុមារ                    ២៩-ភណ្ឌាគារកុមារ                      ៣០-ពហុលគាវី
៣១-សេតបណ្ឌិត                         ៣២-បុប្ជរាជ                                ៣៣-ពារាណសិរាជ
៣៤-ព្រហ្មឃោសរាជ                    ៣៥-ទេវរុក្ខកុមារ                          ៣៦-សលភ
៣៧-សិទ្ធិសារកុមារ                      ៣៨-នរជីរ                                  ៣៩-អតិទេរាជ
៤០-សិម្ភនាទ                              ៤១-សុវណ្ណសង្ខរាជកុមារ               ៤២-សុរព្ភ
៤៣-ទេវន្ទ                                  ៤៤-សុវណ្ណកច្ឆប                         ៤៥-សុបិនកុមារ
៤៦-សុវណ្ណវង្ស                            ៤៧-សិទ្ធិសារ(វរនុជវរនេត្រ)           ៤៨-សុបិនកុមារ
៤៩-ចន្ទឃាត                              ៥០-សទ្ធាតិស្សចក្កវត្តិ។
                   ក.៣.អក្សរសិល្ប៍ពុទ្ធនិយមក្លាយហួសហេតុ
          ជាអក្សរសិល្ប៍ពុទ្ធនិយមមួយបែបដែលពុំមែនជាទសជាតក ឬ បញ្ញាសជាតក ជាស្នាដៃ
អក្សរសិល្ប៍ខ្មែរ កើតនៅសម័យកណ្តាល ដែលទទួលឥទ្ធិពលតិច ឬ ច្រើនពីលទ្ធិពុទ្ធសាសនា
ដែរ។ អ្នកនិពន្ធច្រើនលើកយកទស្សនៈកម្មផលមកផ្សំ ភ្ជាប់ជាមួយជីវិតលោកិយសច្ចៈ គួបផ្សំ
សកម្មភាពអច្ឆរិយៈ​ ការហោះហើរ ដើរលើអាកាស មន្តអាគមនៃលទ្ធិព្រាហ្មណ៍។
          អក្សរសិល្ប៍ប្រភេទនេះច្រើនជាសាស្ត្រល្បែង ដែលកើតឡើងនៅស.វទី១៨ ឬ ១៩ ដែល
មានឈ្មោះអ្នកនិពន្ធ ច្បាស់លាស់មានដូចជា ៈ
          -ក្រុងសុភមិត្រ          កោសាធិបតីកៅ                 ១៧៩៨
          -ភោគកុលកុមារ       ឧកញ្ញ៉ាព្រះឃ្លាំងនង            ១៨០៤
          -កាកី                      ព្រះបាទអង្គដួង                  ១៩១០?
          -មរណមាតា            ឥន្ទបញ្ញាអ៊ុក                      ១៨៧៧...។
          ខ.លក្ខណៈពិសេសនៃអក្សរសិល្ប៍ពុទ្ធនិយម
                   ខ.១.ផ្នែកអត្ថន័យ
          អត្ថន័យរឿងច្រើនទាក់ទងនឹងការកសាងបារមីរបស់តួអង្គព្រះពោធិសត្វ ទាក់ទងនឹងជំនឿ
កម្មផល។
                   ខ.២.បញ្ហាចោទនិងដោះស្រាយ
          បញ្ហាចោទស្តិតនៅលើទំនាស់វិបត្តិវាងព្រះពោធិសត្វ និង ទ្រព្យសម្បត្តិ រវាងទ្រពសម្បត្តិ
និង បិតា ភរិយាដើម្បីផ្តាច់ លោភៈ ទោសៈ មោហៈ និង ស្នេហា រវាងទ្រព្យសម្បត្តិនិងប្រជាពល
រដ្ឋ ។
          ដំណោះស្រាយបញ្ហានៅក្នុងរឿងគឺតាមបែបសន្តិវិធី អហិង្សា ។បង្ហាញពីស្នេហាស្មោះ
ត្រង់រវាងពោធិសត្វ និងកន្សៃសារពេជ្ញ។នៅទីបញ្ចប់ពោធិសត្វទទួលជ័យជំនះ បានជួបជុំគ្រួសារ
ឡើងសោយរាជ្យ ត្រូវបានមហាជនគោរពនិងសរសើរ ចំពោះបារមីរបស់ព្រះអង្គ ។
                   ខ.៣.ផ្នែកអត្ថរូប
          មានលក្ខណៈឯកភាពគ្នាដូចតទៅ ៈ
                   ខ.៣.១.ផ្តើមរឿង
          អ្នកនិពន្ធច្រើនចាប់ផ្តើមរឿងដោយធ្វើបទនមសការគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនិង
ការនឹកគុណដល់មាតា បិតា គ្រូបាធ្យាយ ។
                   ខ.៣.២.តួរឿង(ដំណើររឿង)
          ជាការបរិយាយប្រៀបបាននឹងធម៌ទេសនារបស់ព្រះពុទ្ធអង្គចំពោះភិក្ខុសង្ឃ ពុទ្ទបរិស័ទ
ទាំងឡាយ ដើម្បីមើលឃើញពីការកសាងបារមីរបស់ព្រះអង្គដ៏ស្វិតស្វាញក្នុងអនេកជាតិ។ ច្រើន
បំពេចិត្តគំនិតពុទ្ធសាសនិកឱ្យជឿបុណ្យ ខ្លាចអំពើ អាក្រក់ ។ បរិយាយលាយឡំរវាងពុទ្ធចក្រ និង
អាណាចក្រ ។
          -តួអង្គក្នុងអក្សរសិល្ប៍ពុទ្ធនិយម ៈតួអង្គឯកប្រុសជាពោធិសត្វ តួអង្គឯកស្រីជានាងកន្សៃ
សារពេជ្ញ ដែលជាគូរបស់ព្រះពោធិសត្វ ។
          -កាលអាស ​​​​​​​​​​​​​​​​​​​​​​​ៈច្រើនប្រព្រឹត្តទៅក្នុងនគរពារាណសី សាវត្ថី ស្រុកស្រីពិរាស្រ្ត កលិង្គរាស្រ្ត
លង្កា ព្រៃហេមពាន...ពោលគឺនៅប្រទេសឥណ្ឌា​ ។
                   ខ.៣.៣.បញ្ចប់រឿង
          បញ្ចប់ដោយការសរជាតិ ឱ្យតួអង្គពោធិសត្វសម្រេចជោគជ័យក្នុងសកម្មភាពអ្វីមួយដោយ
ការលើកសរសើរ ប្រសិទ្ធពរចំពោះការបំពេញកុសលកម្ម រក្សាសីលរហូតអស់ជន្មាយុ រួចទៅកើត
ក្នុងស្ថានតុសិត ទេវលោកសោយសម្បត្តិទិព្វ សុខ ក្សេមក្សាន្ត ។
          គោលគំនិតអប់រំរបស់អក្សរសិល្ប៍ពុទ្ធនិយម ៈ
-អប់រំឱ្យមានជំនឿលើកម្ម ផល
-អប់រំ កាយ វាចា ចិត្ត
-អប់រំឱ្យស្រឡាញ់សន្តិភាព
-ឱ្យមានចិត្តមេត្តា ករុណានិងចេះធ្វើទានដល់អ្នកក្រ
-កុំឱ្យលោភលន់ហួសហេតុ
-ប្រកាន់ភ្ជាប់នូវសេចក្តីព្យាយាម
-ឱ្យចេះប្រើប្រាស់បញ្ញា...
                   សន្និដ្ឋាន
          អក្សរសិល្ប៍ពុទ្ធនិយមជាផ្នែកមួយនៃអក្សរសិល្ប៍ជាតិ ដែលជាមធ្យាបាយមួយដ៏សំខាន់
ក្នុងការអប់រំយុវជន ប្រជាពលរដ្ឋខ្មែរយើងឱ្យប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង មានសណ្តាប់ធ្នាប់
សមសួននិងមានប្រពៃណីល្អប្រសើរ សក្តិសមជាពលរដ្ឋ ដែលគោរពព្រះពុទ្ធសាសនា និង មាន
អរិយធម៌ខ្ពស់។
          អក្សរសិល្ប៍ពុទ្ធនិយមត្រូវតែមានតួនាទីសមស្របនៅក្នុងកម្មវិធីសិក្សាក្នុងសាលារៀននា
ពេលបច្ចុប្បន្ន (៤)។

         












ឯកសារពិគ្រោះ
   ១-(ម៉េង សាម៉េត) ទ្រឹស្តីអក្សរសិល៍ ,ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត នៃពុទិ្ធកសាកល វិទ្យាល័យព្រះសីសហនុរាជ ២០១១
   ២-(កែន គីហ៊ន)  វប្បធម៌ខ្មែរ  ជំពូក ២ ទំព័រ២៦ ,ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត នៃពុទិ្ធកសាកល វិទ្យាល័យព្រះសីសហនុរាជ ២០១១
   ៣-(ចេងសុខា) ពុទ្ធសាសនាថេរវាទ   ទំព័រទី៤ (២.៣-ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា)     ,ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត នៃពុទិ្ធកសាកល វិទ្យាល័យព្រះសីសហនុរាជ ២០១២
    ៤-ខេមរសិក្សា ឯកសារនៅសាកលវិទ្យាល័យបៀលប្រាយ ឆ្នាំសិក្សាមូលដ្ឋាន ២០០៩-២០១០

No comments:

Post a Comment