-អាចារ្យវត្តត្រូវបានតែងតាំងត្រឹមត្រូវហើយ ត្រូវមានភារកិច្ចដូចតទៅ ៖
-ជំនួយការឲ្យគណៈសង្ឃក្នុងទំនាក់ទំនងការងាររដ្ឋបាល ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
-ជំនួយការឲ្យគណៈសង្ឃវត្ត ជួយថែរក្សាសម្បត្តិគរុភណ្ឌវត្ត ។
-ជំនួយការឲ្យគណៈសង្ឃវត្តក្នុងការផ្គត់ផ្គង់ចង្ហាន់ឲ្យព្រះសង្ឃ ។
-ជំនួយការឲ្យគណៈសង្ឃវត្តក្នុងការសាងសង់សំណង់ផ្សេងៗរបស់វត្ត ។
-ជំនួយការឲ្យគណៈសង្ឃវត្តក្នុងការរៀបចំពិធីបុណ្យផ្សេងៗ ជាពិសេសធ្វើជាពិធីករក្នុងកម្ម វិធីបុណ្យសាសនា ។
-អាចារ្យវត្តក៏ដូចជាគណៈកម្មការវត្តដែរ មិនមានប្រាក់បៀវត្សឡើយ តែអាចមានការឧបត្ថម្ភ ខ្លះៗពី គណៈសង្ឃវត្ត ឬម្ចាស់កម្មវិធីបុណ្យដោយស្ម័គ្រព្រះទ័យ ឬចិត្ត ។
ការងាររបស់អាចារ្យ ឬគណៈកម្មការវត្ត គឺធ្វើឡើងដោយស្ម័គ្រចិត្ត ដើម្បីយកបុណ្យកុសល
របស់ខ្លួនទៅអនាគតជាតិ ។
-លោកអាចារ្យវត្ត មានតួនាទីដឹកនាំពុទ្ធបរិស័ទឲ្យនាំធ្វើកិច្ចការក្នុងវត្ត ឯលោកអាចារ្យតាម ភូមិនានា ដែលនៅចំណុះជើងវត្តនោះៗ មានតួនាទីដឹកនាំពុទ្ធបរិស័ទ ក្នុងភូមិរបស់ខ្លួនធ្វើបុណ្យ កុសលផ្សេងៗ។
២.៤.២.តួនាទីរបស់អាចារ្យក្នុងពិធីបុណ្យ
១-ចម្រើនព្រះបរិត្ត ២-បុណ្យសង្ឃទាន
៣- បុណ្យសង្ឃភត្ត ៤-បុណ្យមតកភត្ត
៥- បុណ្យសលាកភត្ត ៦-បុណ្យភេសជ្ជទាន
៧-បុណ្យកឋិន ៨-បុណ្យផ្កា
៩-បុណ្យបច្ច័យ ៤ ១០-បុណ្យកតញ្ញូ
១១- បុណ្យពុទ្ធាភិសេក ១២- វេរសាដក និងវេរគ្រប់យ៉ាង
ខ-នៅក្នុងកិច្ចទាំង ១២ នេះលោកអាចារ្យត្រូវប្រតិបត្តិអំពីកិច្ចនីមួយៗ ដូចជា ៖
១.កាតព្វកិច្ចនៃពិធីចម្រើនព្រះបរិត្ត
- កិច្ចរៀបចំកន្លែង និងគ្រឿងសក្ការៈ
- កិច្ចនិមន្តព្រះសង្ឃ និងទទួលព្រះសង្ឃ
- កិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីល
- កិច្ចអារាធនាព្រះសង្ឃសូត្រចម្រើនព្រះបរិត្ត
- កិច្ចប្រគេនទេយ្យទាន
- កិច្ចឧទ្ទិសផល ។
២.កាតព្វកិច្ចនៃបុណ្យសង្ឃទានលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
- កិច្ចសុំនិមន្តលោកបដិគ្គាហកៈអំពីសង្ឃ ។
- កិច្ចរៀបចំទីសេនាសនៈ និងទេយ្យទាន ។
- កិច្ចទទួលលោកបដិគ្គាហកៈដែលសង្ឃចាត់មក ។
- កិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីល ។
- កិច្ចវេរសង្ឃទាន និងប្រគេនទេយ្យទាន ។
- កិច្ចឧទ្ទិសផល ។
៣.កាតព្វកិច្ចនៃបុណ្យសង្ឃភត្តលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
- កិច្ចសុំនិមន្តលោកបដិគ្គាហកៈអំពីសង្ឃ ។
- កិច្ចរៀបចំទីសេនាសនៈ និងទេយ្យទាន ។
- កិច្ចទទួលលោកបដិគ្គាហកៈដែលសង្ឃចាត់មក ។
- កិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីល ។
- កិច្ចវេរសង្ឃភត្ត និងប្រគេនទេយ្យទាន ។
- កិច្ចឧទ្ទិសផល ។
៤.កាតព្វកិច្ចនៃបុណ្យមតកភត្តលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
- កិច្ចសុំនិមន្តលោកបដិគ្គាហកៈអំពីសង្ឃ ។
- កិច្ចរៀបចំទីសេនាសនៈ និងទេយ្យទាន ។
- កិច្ចទទួលលោកបដិគ្គាហកៈដែលសង្ឃចាត់មក ។
- កិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីល ។
- កិច្ចវេរមតកភត្ត បង្សុកូល និងប្រគេនទេយ្យទាន ។
- កិច្ចឧទ្ទិសផល ។
៥.កាតព្វកិច្ចនៃបុណ្យសលាកភត្តលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
- កិច្ចផ្សាយដំណឹងសលាកភត្ត ។
- កិច្ចចាត់ចែងភត្តាហារ និងទេយ្យទាន ។
- កិច្ចចាប់ស្លាក ។
- កិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីល ។
- កិច្ចវេរសលាកភត្ត ។
- កិច្ចឧទ្ទិសផល ។
៦.កាតព្វកិច្ចនៃបុណ្យភេសជ្ជទាន ប្រគេនភេសជ្ជទានចំពោះព្រះសង្ឃធម្មតាមិនមាន
ធ្វើអ្វីប្លែកទេ ប៉ុន្តែត្រូវស្គាល់ពីប្រភេទនៃភេសជ្ជទាន ។
៧.កាតព្វកិច្ចនៃបុណ្យកឋិនទានលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
- កិច្ចធ្វើសំពត់កឋិន ។
- កិច្ចសុំវត្តធ្វើកឋិន ។
- កិច្ចផ្សាយដំណឹងបុណ្យកឋិន ។
- កិច្ចសូត្រមន្តកឋិន និងទេសនា ។
- កិច្ចហែកឋិន ។
- កិច្ចសូត្រសុន្ទរកថា ។
- កិច្ចវេរសំពត់កឋិន និងបរិក្ខារជាបរិវារកឋិន ។
- កិច្ចឧទ្ទិសផល ។
៨.កាតព្វកិច្ចបុណ្យផ្កាលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
- កិច្ចសុំវត្តលោកហែចូល ។
- កិច្ចផ្សាយដំណឹងបុណ្យផ្កា ។
- កិច្ចសូត្រព្រះបរិត្ត-ទេសនា ។
- កិច្ចដង្ហែ ។
- កិច្ចសូត្រសុន្ទរកថា ។
- កិច្ចបវារណាបច្ច័យផ្កា ។
- កិច្ចឧទ្ទិសផល ។
៩.កាតព្វកិច្ចនៃបុណ្យបច្ច័យ ៤ លោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
-កិច្ចសុំនិមន្តលោកបដិគ្គាហកៈអំពីសង្ឃ ។
-កិច្ចរៀបចំទីសេនាសនៈ និងទេយ្យទាន ។
-កិច្ចទទួលលោកបដិគ្គាហកៈដែលសង្ឃចាត់មក ។
- កិច្ចនមស្សការព្រះរតនត្រៃ សមាទានសីល សូត្រមន្ត-ទេសនា ។
- កិច្ចវេរបច្ច័យ ៤ និងប្រគេន ទេយ្យទាន ។
- កិច្ចឧទ្ទិសផល ។
១០.កាតព្វកិច្ចនៃពិធីបុណ្យកតញ្ញូ លោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
-កិច្ចរៀបចំទីកន្លែង និងគ្រឿងសក្ការៈ ។
-កិច្ចនិមន្តព្រះសង្ឃ និងទទួលព្រះសង្ឃ ។
-កិច្ចនាំកូនចៅប្រុសស្រីសុំខមាទោសចំពោះអ្នកមានគុណ ។
-កិច្ចនិមន្តព្រះសង្ឃសូត្រជយន្តោ និងឲ្យកូនចៅប្រុសស្រីស្រោចស្រប់ទឹក សុគន្ធវារី ។
-កិច្ចនមស្សការព្រះរតនត្រៃ និងសមាទានសីល ។
-កិច្ចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត ។
-កិច្ចថ្លែងសុន្ទរកថាផ្សេងៗអំពីបុព្វេហេតុនៃបុណ្យ ។
- កិច្ចអារាធនាព្រះសង្ឃសម្តែងធម៌ទេសនា និងឧទ្ទិផល ។
-កិច្ចវេរភត្តាហារ ។
-កិច្ចឧទ្ទិសផល ។
១១.កាតព្វកិច្ចនៃពិធីបុណ្យពុទ្ធាភិសេក មាន ៩ សង្កាត់ គឺ :
-សង្កាត់ទី១ រៀបចំគ្រឿងសក្ការៈបូជាមានផ្កាស្រស់ៗ និងទៀនធូបជាដើមថ្វាយ ព្រះពុទ្ធរូបអង្គថ្មី ។
-សង្កាត់ទី២ និមន្តព្រះភិក្ខុសង្ឃចម្រើនព្រះបរិត្ត ។
-សង្កាត់ទី៣ និមន្តធម្មកថិកមួយអង្គសម្តែងរឿងបឋមត្រាស់ដឹង ។
-សង្កាត់ទី៤ និមន្តព្រះភិក្ខុមួយ ឬពីរអង្គសូត្របាលីពុទ្ធាភិសេក ។
-សង្កាត់ទី៥ សូត្របទធម្មប្បដិយោគដែលធ្លាប់ហៅថា ធម៌យ៉ោគ ។
-សង្កាត់ទី៦ សូត្របទផ្ចាញ់មារ ។
-សង្កាត់ទី៧ និមន្តព្រះសង្ឃសូត្របាលីគាថា ពុទ្ធជយមង្គល គឺធម៌ពាហុំ...។
-សង្កាត់ទី៨ សូត្របទបទុមថ្វាយផ្កា មានផ្កាឈូក ផ្កាម្លិះជាដើម។ អាចារ្យនាំគ្នា ស្រែកជ័យឃោស ជយោ ហិ ពុទ្ធស្ស សិរីមតោ អយំ មារស្ស ច បាបិមតោ បរាជយោ........ប្រែ...សូត្រធម៌ ជយន្តោ ពោធិយា....ប្រែ.... ។
-សង្កាត់ទី៩ លុះចប់ពិធីនេះហើយ ពុទ្ធបរិស័ទជាឧបាសក-ឧបាសិកាទាំង អស់គ្នាសូត្រ ធម៌នមស្សការព្រះរតនត្រ័យ តាមទម្លាប់ដែលតែងតែសូត្ររៀងមក រួចហើយសូត្រ ធម៌ឧទ្ទិសកុសលផលបុណ្យតាមទម្លាប់ដូចសព្វដង ។
១២.កាតព្វកិច្ចនៃបុណ្យវេរសាដកលោកអាចារ្យត្រូវមានភារកិច្ចដូចជា ៖
-កិច្ចធ្វើសាដក ។
-កិច្ចនិមន្តលោកបដិគ្គាហកៈអំពីសង្ឃ ។
-កិច្ចរៀបចំទីសេនាសនៈ និងទេយ្យទាន ។
-កិច្ចទទួលលោកបដិគ្គាហកៈដែលសង្ឃចាត់មក ។
- នមស្សការព្រះរតនត្រៃ សមាទានសីល សូត្រមន្ត ទេសនា ។
-កិច្ចវេរសាដក-ស្រង់ទឹក-វេរចង្ហាន់ ។
-កិច្ចឧទ្ទិសផល ។
គ-លោកអាចារ្យគប្បីដឹងអំពីឈ្មោះភត្តទាំង ១៤ ប្រការ គឺ:
១-សង្ឃភត្តំ ភត្តដើម្បីសង្ឃ ។
២-ឧទ្ទេសភត្តំ ភត្តដើម្បីភិក្ខុ ១ អង្គ ឬ ២ អង្គ ៣ អង្គ ជាដើម ។
៣-និមន្តនភត្តំ ភត្តដើម្បីភិក្ខុដែលខ្លួននិមន្តមក ។
៤-សលាកភត្តំ ភត្តដើម្បីភិក្ខុទាំងឡាយដែលខ្លួនសរសេរឈ្មោះក្នុងស្លាកហើយចាប់
៥-បក្ខកភត្តំ ភត្តដើម្បីភិក្ខុសង្ឃក្នុងសុក្កបក្ខ ឬកាឡបក្ខខ្នើត ឬខាងរនោចមួយបក្ខប្រគេនតែមួយថ្ងៃ មិនមានកំណត់ថ្ងៃណាមួយឡើយ ។
៦- ឧបោសថិកភត្តំ ភត្តដើម្បីសង្ឃក្នុងថ្ងៃឧបោសថកាល ។
៧- បាដិបាទិកភត្តំ ភត្តដើម្បីសង្ឃក្នុងមួយថ្ងៃ ១កើត ឬ ១រោច ។
៨- អាគន្តុកភត្តំ ភត្តដើម្បីសង្ឃដែលទើបមកដល់ថ្មី ។
៩- គមិកភត្តំ ភត្តដើម្បីភិក្ខុសង្ឃដែលមានដំណើរទៅកាន់ទីណាមួយ ។
១០- គិលានភត្តំ ភត្តដើម្បីភិក្ខុសង្ឃដែលមានជំងឺ ។
១១- កិលានុបដ្ឋាកភត្តំ ភត្តដើម្បីភិក្ខុសង្ឃជាអ្នករក្សាជំងឺភិក្ខុសាមណេរផងគ្នា ។
១២- និច្ចភត្តំ ភត្តដែលត្រូវប្រគេនជានិច្ចដល់ភិក្ខុសង្ឃ ។
១៣- កុដិកភត្តំ ភត្តដើម្បីភិក្ខុសង្ឃនៅលំនៅមានកុដិជាដើម ។
១៤- វារិកភត្តំ ភត្តដើម្បីភិក្ខុសង្ឃ ដោយចាត់ចែងជាវេន ។
ភត្តទាំង ១៤ នេះ បើលោកអាចារ្យត្រូវការវេរភត្តណាមួយ ត្រូវដាក់ឈ្មោះភត្តនោះក្នុង បាលីវេរត្រង់វង់ក្រចកយ៉ាងនេះចុះ (......)សូមលោកអាចារ្យរៀនបាលីវេរផ្សេងៗឯទៀតផងចុះ ។
២.៤.៣.តួនាទីរបស់អាចារ្យក្នុងពិធីក្រុងពាលី
ក.ពិធីក្រុងពាលី៣៧
ពាក្យថា ពាលី ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ទំព័រ ៧៣៩ ប្រែថា ការបូជា
, សួយសាអាករ, ពន្ធដារ, ដង្វាយ, សំណែន, ការសង្រ្គោះចំណែកបុណ្យ ។
នៅក្នុងគម្ពីរព្រះត្រៃបិដក ព្រះសូត្រ ភាគទី ៤៤, ទំព័រ ៨៩ ក្នុងមុណ្ឌរាជវគ្គព្រះសម្មាសម្ពុទ្ធ សម្តែង ចំពោះអនាថបិណ្ឌិកសេដ្ឋី អំពីការកាន់យកនូវភោគៈទាំងឡាយ ៥គឺ
១.អ្នកមានទ្រព្យសម្បត្តិ តែងចិញ្ចិមខ្លួន និងក្រុមគ្រួសារគឺ មាតា បិតា បុត្រ-ធីតា ទាស កម្មករ ឲ្យជាសុខទៅបាន ។
២.អ្នកមានទ្រព្យសម្បត្តិ អាចចងមិត្រមេត្រី និងអ្នកក្បែរខាងបានតាមត្រូវការ ។
៣.អ្នកមានទ្រព្យសម្បត្តិ អាចបំបាត់ភ័យអន្តរាយ ដែលកើតអំពីហេតុផេ្សងៗ បាន ។
៤. អ្នកមានទ្រព្យសម្បត្តិអាចធ្វើពលីកម្ម ៥ប្រការគឺ៖
ក. ញាតិពលិ ការសង្រ្គោះញាតិ
ខ.អតិថិពលិ ការទទួលភ្ញៀវ
គ.បុព្វបេតពលិ ការធើ្វបុណ្យឧទ្ទិសផល ជូនដល់បុព្វបុរសដែលចែកឋាន។
ឃ. រាជពលិ ការបង់ពន្ធដារ សួយសារអាករ ជាប្រយោជន៍ប្រទេសជាតិ ។
ង. ទេវពលិ ការធើ្វបុណ្យឧទ្ទិសផលថ្វាយទេវតា ។
៥.អ្នកមានទ្រព្យសម្បត្តិ អាចបរិច្ចាគទ្រព្យរបស់ខ្លួន ឲ្យជាទានដល់សមណព្រាហ្មណ៍ អ្នកប្រព្រឹត្តត្រឹមត្រូវបានតាមប្រាថ្នា ឬក៏អាចសាងសាលាឆទានជាសាធារណៈ ឬកុដិ វិហារ សាលាជាសង្ឃទានប្រគេនសង្ឃ អ្នកប្រកបកិច្ចព្រះពុទ្ធសាសនា ឬសាងសាលារៀន មន្ទីរពេទ្យ ទំនុបបំរុងការរៀនសូត្រ ទំនុបបំរុងខាងការព្យាបាលរោគបានដោយសេរី និងតាមសេចក្តីត្រូវការ ។
វណ្ណគតិ រឿងនិរាយ៍សាវតារ បានបញ្ជាក់ថា កាលគ្រាកូរទឹកថ្នាំអម្រឹត អសុរចាញ់កលទេវតា មិនបានផឹកទឹកអម្រឹតវេលាច្បាំងគ្នា ទើបអសុរជាអ្នកចាញ់ជាដរាប ។ ក្រុងពលី ជាចៅប្រហលាទ បានឃុបឃិត និងអសុរដទៃៗទៅអង្វរព្រាហ្មណ៍ឬស្សី ឲ្យជប់ជីវិតពួកខ្លួនមកវិញដូចដើម ហើយលើកទ័ពទៅរុករានស្ថានព្រះឥន្រ្ទ ពេលនោះព្រះវជ្រីទើបសុំឲ្យព្រះហស្បតិ៍មកជួយ តែត្រឡប់ជាបានទទួលសេចក្តីណែនាំឲ្យទៅចំណុះព្រះវិស្ណុ ពួកទេពនិករនាំគ្នារត់ពីបុរីអស់ អសុរយកបុរីបានក្រុងពលី ក៏តាំងខ្លួនជាព្រះរាជាគ្រប់គ្រងត្រៃភព ។
ព្រះសក្កទេវរាជ និងពួកទេពនិករ ទៅគាល់កស្សបមុនី ដ៏ជាប្រជាបតិ និងនាងអធិតិ វិសុទ្ធីទេព មាតាព្រះប្រជាបតិ ទើបឲ្យព្រះទេវីសូត្រ ដំបូងសង្រូងដល់ព្រះវិស្ណុៗ ទ្រាំមិនបានក៏អវតាចុះមកកើតជាឱរសរបស់ព្រះនាងនាមថា វាមនៈ (មនុស្សតឿ) តែមានប្រាជ្ញាចូលចិត្តសិក្សាចំណេះវិជ្ជា។ វាមនៈ ទៅធ្វើពិធីនៅឆ្នេរទន្លេ នម៌ទា ក្រុងពលីពេញចិត្ត ទើបប្រកាសវាមនៈថា ចូលចិត្តអ្វីសុំមកចុះយើងឲ្យទាំងអស់។ ពេលនោះ វាមនៈ ជាព្រាហ្មណ៍តឿ សុំផែនដីប្រវែងបីជុំហ៊ានប៉ុណ្ណោះ ព្រះសុក្រជាអាចារ្យបានទូលទាស់ថា កុំឲ្យដីដល់ព្រាហ្មណ៍ឲ្យសោះ តែខំឲ្យនឹងកើតក្តីក្តៅក្រហាយ តែក្រុងពលីបានលាន់វាចាថាឲ្យ ហើយក៏តោងតែឲ្យតាមពាក្យសត្យនោះទៅ ទើបច្រូចទឹកដាក់បាតដៃព្រាហ្មណ៍តឿ ព្រះសុក្រព្យាយាមទទឹងទាស់បានបំឡែងខ្លួនចូលទៅចុកចំពួយកុណ្ឌីទឹកៗក៏មិនហូរចេញមក វាមនៈដឹងជាមុន ហើយទើបយក ដើមស្បូវទៅចាក់ចំពួយកុណ្ឌី ក៏ត្រូវភ្នែកព្រះសុក្រៗ ក៏រត់ប៉ើងចេញមក ទឹកក៏ហូរចេញមកបានស្រេច ហើយទើបឈាន ជំហានយកដីជំហានទី១ កន្លងផុត សុរភព (ទេវលោក) ទាំងមួល, ជំហានទី២ ផុតអស់មនុស្សភព, ជំហានទី៣ ជាន់លើក្បាលក្រុងពលី, ហើយជាន់សង្កត់លិចទៅដល់ឋានបាតាល លំដាប់នោះព្រះនារាយណ៍ ក៏ប្រគល់សុរភព (ឋានសួគ៌) ឲ្យទៅពួកទេវតាវិញ ហើយពួកអសុរទាំងប៉ុន្មាន ទៅនៅឯបាតាលមកដល់សព្វថ្ងែនេះ ។
ប្រហលាទដឹងថា ចៅត្រូវនិរទេសទៅនៅឯបាតាល ក៏អាណិតទើបចុះទៅដាស់តឿន ឲ្យសូត្រ មន្តធើ្វពិធីយញ្ញសរសើរព្រះហរិ និងព្រះស្រី (គឺព្រះលក្សី) ព្រះស្រីអាណិត ក៏អង្វរព្រះស្វាមី សូមឲ្យលើកលែងទោសក្រុងពលី ទើបព្រះវិស្ណុ ប្រើចក្រទៅតាមក្រុងពលីមកអំពីបាតាល ទ្រង់កំណត់ឲ្យនៅត្រឹមផែនសុកល។ ព្រះវិស្ណុ ទ្រង់ត្រាស់ថា បើក្រុងពលីធ្វើល្អតទៅនឹងបានឡើងទៅគ្រប់គ្រងឋានសួគ៌ ដូចដើមវិញ។ (អាស្រ័យហេតុដែលក្រុងពលីធ្លាប់គ្រប់គ្រងលោកម្តងមកហើយៗបានដំណឹងថា បើប្រព្រឹត្តល្អនឹងបានទៅគ្រប់គ្រង លោកម្តងទៀតនាអនាគត ទើបមានមនុស្សនិយមបូជាក្រុងពលីដល់សព្វថ្ងែនេះ ប្រហែលដោយសារស្នាដៃ ដែលគាត់ធ្លាប់ធ្វើពីមុនមក) ។
ចំពោះបញ្ហាសែនក្រុងពលីខ្មែរយើង មានតំណាលពីរឿងសៀវភៅបោះពុម្ពរបស់សាសនបណ្ឌិត ព.ស ២៥០៩ មាននិទានក្នុងគម្ពីរសព្វសូត្រថា ក្នុងគ្រាលង្វែកសាសនាព្រះសមណគោតមបរមពោធិសត្វជាម្ចាស់នៃយើង អន្ទោលយកកំណើតជាស្តេចស្វាខ្មៅ ឯស្តេចក្រុងពលីកើតជាស្តេចស្វាសនទីសមុទ្រម្ខាងម្នាក់។ ពួកស្វាទាំងពីរកងនេះមិនត្រូវធាតុគ្នាទេ នៅពេលវាដើរទៅរកស៊ីជួបគ្នាតែងតែប្រខាំយកឈ្នះចាញ់ ស៊ូស្លាប់តែរៀងៗខ្លួន។ ហ្វូងស្វាខ្មៅ ក៏លើកគ្នាទៅប្តឹងព្រះពោធិសត្វជាចៅហ្វាយនាយសូមឲ្យជម្រះចែកព្រៃគ្នារកស៊ី ព្រោះហ្វូងស្វាសកាចព្រហើនណាស់ ចេះតែរុករានទន្រ្ទានទី ហើយបង្ករហេតុឈ្លោះ ប្រកែកខាំគ្នាស្លាប់អន្តរាយព្រាត់ប្រាស់កូនចៅតូចតាច មិនដែលដាច់។
ពោធិសត្វសួរទៅថា តើពួកស្វាសមាននាយកើយត្រួតត្រាដែរឬទេ?។ ស្វាសទាំងអស់ជំរាប សេចក្តីថា គ្រាន់តែឮគេថាមានតែពុំដែលប្រទះឃើញស្វាសជាធំនោះទេ។ ពោធិសត្វព្រមទទួល បណ្តឹង ហើយប្រាប់ពួកស្វាខ្មៅជាបរិស័ទរបស់ខ្លួនថា ចាំយើងទៅជម្រះវិបត្តិនេះឲ្យ។ លោកក៏អធិដ្ឋានបារមីដែលកសាងថាៈ «សូមអាត្មាអញហោះរួចក្នុងឱកាសនេះចុះ!» លុះធើ្វដូច្នេះហើយ ក៏ហោះទៅ តាមដូចប្រាថ្នាមែន។ ពួកស្វាសទាំងប៉ុន្មានឃើញលោកក៏ភ័យផ្អើល ចែកផ្លូវគ្នារត់ប្រសាច ខ្លះរត់ទៅទូលស្តេចស្វាសជាចៅហ្វាយនាយថា មានស្វាខ្មៅមួយធំណាស់មិនដឹងមកពីណា មានឬទ្ធានុភាពពូកែ ចេះហោះហើរ ដើរលើអាកាសបាន ឥឡូវមកចុះនៅកណ្តាលហ្វូងស្វាសៗទាំងប៉ុន្មានប្រហែលជា ចុះចូលគេអស់ហើយក៏មិនដឹង?។ ស្តេចស្វាស ឮដូច្នោះក្រេវក្រោធ លោតហក់ក្អេងក្អាងកាងក្រទាឡើងថា «ទីនេះមានតែអង្គអញជាធំ ចុះមានអាណា ក៏ហ៊ានម្ល៉េះ! អាងវាចេះហោះហើរបាន មកសង្កត់សង្កិនយកពលអញតាមអំពើចិត្ត «ស្តេចស្វាសកំពុងក្រេវក្រោធដូច្នោះ ទទួលស្វាជាបម្រើពោធិសត្វទៅដល់ទូលថា «ស្តេចស្វាខ្មៅ នៅទីព្រៃសមុទ្រម្ខាងឯណោះ សុំចូលមកជួបស្តេចស្វាសដោយការស្លូតត្រង់ទេ កុំឲ្យស្តេចស្វាសចាប់ទោសអូសដំណើរ» លុះឮស្វាបម្រើទូលសេចក្តីសព្វគ្រប់ហើយស្តេចស្វាសតបថា «បើដូច្នោះទេឲ្យស្តេចចូលមកចុះ!»។ សេ្តចស្វាស ឲ្យទៅអញ្ជើញពោធិសត្វចូលមក ហើយក៏ធើ្វគារវកិច្ចគ្នាទៅវិញទៅមក តាមរបៀបភាពជាសត្វ ។
ពោធិសត្វនិយាយថា «អ្នកអើយ! ខ្ញុំឮគេហៅឈ្មោះអ្នកពីរោះក្រអួនទៅដល់ខ្ញុំជាញឹកញយ
ណាស់ថា អ្នកជាសេ្តចសត្វចិត្តសប្បុរសល្អ មិនដែលព្យាបាទអាឃាតចងពៀរចំពោះសត្វផងគ្នាឡើយ។ ខ្ញុំឮល្បីដូច្នោះ ហើយទើបខ្ញុំខំប្រឹងស្វែងមកដើម្បីធើ្វជាមិត្តសំឡាញ់នឹងគ្នា ព្រោះយើងជាស្តេចសត្វដូចគ្នាគ្រាប់ពេលមានទុក្ខធុរៈអ្វី ជួយការពារដោះទុក្ខគ្នា»។ លុះឮពាក្យសរសើរស្តេចស្វាសក៏ព្រមទទួលធើ្វជាមិត្តសំឡាញ់។ បន្ទាប់មក ពោធិសត្វក៏សំដែងសេចក្តីពីកល្យាណមិត្តឲ្យស្តាប់។ សេ្តចស្វាស ក៏ទន់ចិត្តចុះសម្រុងតាមឱវាទដំបូន្មាន លើកពោធិសត្វជាគ្រូ លែងរំលោភដីព្រៃរកស៊ីដូចមុនហើយ ប្រាប់ពួកស្វាស ឲ្យរាប់អានពួកស្វាខ្មៅ ដូចបងប្អូនបង្កើតនឹងគ្នា។ សេ្តចស្វាសតាំងជាសញ្ញានឹងពោធិសត្វថា «បើសំឡាញ់ជាគ្រូ បានត្រាស់ជាពោធិញ្ញាណទៅអនាគត នៅឯភ្នែកក៏សុំកុំឲ្យខ្ញុំផុតពីសេចក្តីទំនុកបំរុងគ្នាទៅវិញទៅមកឡើយ!» ។
លុះកន្លងជាតិមក បរមពោធិសត្វមកកើតជាព្រះសទ្ធត្ថ គឺជាតិដែលបានត្រាស់ជាព្រះពុទ្ធ សេ្តចស្វាសសោយរាជ្យនៅកណ្តាប់ចក្រវាឡនោះ មានទ្រង់ទ្រាយសណ្ឋានរូបកាយជាមនុស្សពាក់កណ្តាលជាសត្វតិរច្ឆាន ពាក់កណ្តាល គឺមុខមាត់សម្លៀកបំពាក់ពេញជាមនុស្ស ឯម្រាមដៃ ម្រាមជើង និងកន្ទុយ ពេញជាស្វាស, ហើយលើកខ្លួនជាសេ្តចបរមចក្រ អួតអាងអំណាចឬទ្ធានុភាព វាតទីយកទ្វីបទាំងបួនកាន់កាប់ទៀត ។
សេ្តចស្វាសនេះ មានកូន៧នាក់ គឺប្រុស៦នាក់ ស្រី១នាក់ ។ កូនប្រុស៦នាក់ ខ្លះចែកទឹកដី ខាងក្រៅចក្រវាឡ ខ្លះចែកខាងបុព្វវិទេហទ្វីប ខ្លះឧត្តរកុរុទី្វប ឯនាងនាថវតីជាកូនពៅ ទ្រង់ចែកទឹកដី ខាងជម្ពូទ្វីបឲ្យមាននគរ១៦ រាប់តាំងពីកបិលវត្ថុជាដើម ហើយផ្សំផ្គុំកូនស្រីនោះឲ្យទៅជម្ពូបាបកាស ដែលជាសេ្តចនាគរាជ ។
សម័យនោះ ទទួលព្រះសម្មាសម្ពុទ្ធ បានត្រាស់ច្បាស់ឡើងក្នុងលោកទាំងមូល ទ្រង់យាងទៅគ្រប់នគរទាំង១៦ ដោយមានព្រះទ័យសន្តោសប្រោសសត្វ ដោយមេត្តាពពួកបរិស័ទ និងឧបាសក ឧបាសិកា ក៏លះបង់ចោលលទ្ធិបុរាណត្រឡប់មកកាន់តាមឱវាទដំបូន្មាននៃព្រះពុទ្ធវិញ ទើបមនុស្សអ្នកសែនព្រេនបន់ស្រន់នៅមានរឹតតែតិចតួចទៅ ។
ជម្ពូបាបកាសដឹងដូច្នោះ ខឹងក្រញីតក្រញឹងថា “យើ ! សមណគោតមអីក៏លោភម្ល៉េះ ! ទឹកដី ក្នុងជម្ពូទ្វីបទាំងមូលនេះ ជាកេរ្តិ៍ពីឪពុកកេ្មកអញចែកឲ្យដាច់មុខ ឥឡូវក៏ហ៊ានដើរបញ្ជុះបញ្ចូលមនុស្ស និងទឹកដីអញអស់ ’’ ថាហើយ គិតប្រមូលកងទ័ពលើកទៅច្បាំងនឹងព្រះ តែត្រូវនាងនាថវតីឃាត់ថា «កំអាលសិន! ចាំយើងទៅទូលព្រះវរបិតាឲ្យទ្រង់ជ្រាបជាមុនសិន ព្រោះទឹកដីនេះលោកបានចែកមកឲ្យ» ក៏នាំប្តីប្រពន្ធទៅទូលស្តេច ពាលីជាឪពុករាប់រៀបតាមដំណើរសព្វគ្រប់។ ស្តេចក្រុងពាលី ក៏ក្រេវក្រោធថា «យើ! មានតែអញជាចុល្លចក្រ ឥឡូវក៏មានសមណគោតមដើរបញ្ចុះបញ្ចូលមនុស្សយកទឹកដីគ្មានកោធក្រែងអញៗនឹងទៅចង្អុលមុខគាត់ ឲ្យដល់ចញ្ចើម ហើយចាប់ខ្លួនធើ្វទោសផ្តន្ទា កុំមានការប្រណីតទៅ កុំឲ្យអ្នកទាំងពួងយកតម្រាប់» ។
ព្រះសម្មាសម្ពុទ្ធទ្រង់ញាណដឹងថា «សេ្តចក្រុងពាលីខឹង ប្រុងមកជួបគួរអញតថាគតបំព្រួញ ផែនដីឲ្យបានដល់ឆាប់ ព្រោះស្តេចក្រុងពាលីបានសន្យាឲ្យជួយសង្រ្គោះ តាំងពីយោនយកកំណើតកើតជាស្តេចស្វាស ស្វាខ្មៅមកម្ល៉េះ»។ ព្រះអង្គទ្រង់បំព្រួញផែនដី ហើយទ្រង់យាងទៅគង់ត្រង់មាត់សមុទ្រ។ ស្តេចក្រុងពាលីហោះមកដល់មួយរំពេច។ ឯនាងនាថវតី ជាកូនស្រីក៏ចង្អុលបង្ហាញឪពុកថា «ហ្នឹងហើយ! សមណគោតម»។ ស្តេចក្រុងពាលីងើបមុខឡើងមើលព្រះភក្រ្តជាក់ធ្លាក់ទឹកចិត្តក្តុក រលត់រលាយទោសៈក្នុងខ្លួនអស់រលីងទៅ លាន់មាត់ខ្លួនឯងថា «យើ! អ្នកនេះ រូបអីក៏ល្អជាងទេវតាទៅទៀតម្ល៉េះ! ហើយប្រកបឥរិយាបថសមរម្យទាំងព្រម» បណ្តាលមានចិត្តស្នេហានឹងព្រះ ភ្លេចខ្លួនភាំងមួយស្របក់ ទើបសួរថា «អ្នកឯងហ្នឹងហើយឬ ដែលឈ្មោះសមណគោតម?»។ ព្រះពុទ្ធតបថា «ថ្វាយព្រះពរ! តថាគតហ្នឹងហើយ»។ ស្តេចពាលីថា តើអ្នកឯងហេតុអីក៏ដើរបញ្ចុះបញ្ចូលមនុស្ស យកទឹកដីកូនយើងអស់ដូច្នេះ?។
ព្រះមានបន្ទូលថា «ទូលមហាបពិត្រ! តថាគត មិនមែនចង់បានទឹកដីនោះធ្វើអ្វីទេ តថាគតជាកូនស្តេចមហាចក្រពត្រាធិរាជ ប្រសិនបើតថាគតលោភចង់បានទឹកដី មិនមែនលះបង់រាជសម្បត្តិចេញមកបព្វជ្ជាទេ។ ប៉ុន្តែភារៈដែលតថាគតត្រាស់ជាព្រះពុទ្ធហើយ ត្រូវតែខំដើរប្រោសសត្វឲ្យរួចពីចំណងទុក្ខតែប៉ុណ្ណោះ តថាគត មិនចង់បានទឹកដីនោះទេ» ហើយព្រះពុទ្ធអង្គទ្រង់លើកនិទានតាំងពីអតីតជាតិ ដែលបានយកកំណើតជា សត្វស្វាស ស្វាខ្មៅ ជាសំឡាញ់នឹងគ្នា ឯព្រះអង្គជាសេ្តចស្វាស កាលនោះ បានសន្យានឹងតថាគតថា «ក្នុងអនាគតជាតិសូមកុំឲ្យផុតសេចក្តីទំនុបបម្រុងគ្នាឡើយ ឥឡូវតថាគតបានត្រាស់ជាព្រះពុទ្ធហើយតថាគត មិនភ្លេចសច្ចានោះទេ» ។
ស្តេចក្រុងពាលី ឮព្រះពុទ្ធសំដែងពីជាតិកំណើតខ្លួននឹងព្រះអង្គថា «ធ្លាប់បានជួបគ្នាតាំងពី អង្វែងជាតិណាស់មកហើយ» ដូច្នោះ ក៏ភ្ញាក់ខ្លួនដូចគេក្រោកពីដេក លើកដៃគោរពឱនសិរសា យំខ្សិបខ្សួលអាណិតជាតិខ្លួនណាស់ ហើយក៏ពោលថា «ព្រះពុទ្ធអើយ! ខ្ញុំព្រះអង្គ មិនបានស្គាល់ជា តួអង្គព្រះពុទ្ធទេ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសចំពោះខ្លួនខ្ញុំព្រះអង្គៗសុំរស់នៅជាមួយព្រះអង្គ ផង!»។ ឯកូនទាំងពីរនាក់ ក៏ក្រាបថ្វាយបង្គំ ព្រះពុទ្ធតាមបិតាៗក៏មិនអស់ខ្សិបខ្សួលក្នុងខ្លួនសោះ ទើបក្រាបទូលព្រះពុទ្ធអង្គសុំបព្វជ្ជា ក្នុងសាសនាព្រះអង្គ ព្រះពុទ្ធអង្គមានបន្ទួលថា «មហាពិត្រ អើយ! កុំទោមនស្សតូចចិត្តឡើយ! តថាគតនឹងឲ្យនិស្ស័យអ្នកជាភេទបព្វជិតក្នុងសាសនាតថាគត ពុំបានទេ ព្រោះមហាបពិត្រនៅក្នុងវិបត្តិរួបរិតរាងកាយ គឺជាតិជាមនុស្សពាក់កណ្តាលជាតិរច្ឆាន ពាក់កណ្តាល មិនថា តែត្រឹមសាសនាតថាគតនោះទេ ទោះបីព្រះពុទ្ធសាសនាជាប្រពៃណីពី បុរាណកាលមកក៏គ្មាន អនុញ្ញាតជាតិដែលមានវិបត្តិ ឲ្យបព្វជ្ជាក្នុងព្រះពុទ្ធសាសនានេះដែរ តថាគត ជួយសង្រ្គោះមហាពិត្រ បានត្រឹមឲ្យសីល៥ កម្មបថ១០ ធើ្វជាពូជទៅអនាគតឯមុខទៀតចុះ»។ ស្តេចក្រុងពាលីក៏ទទួលសីល ៥ ផ្ទាល់អំពីព្រះហើយក្រាបទូលសុំពរថា «សូមឲ្យបានឆាប់រួចពីជាតិ ដែលអាក្រក់ ថោកទាបនេះចេញ ហើយនឹងឲ្យបានជាប់កេរ្តិ៍ឈ្មោះ ក្នុងព្រះពុទ្ធសាសនានឹងគេផង។ ព្រោះខ្ញុំគ្មាននិស្ស័យបំពេញភេទជាបព្វជិត»។ ព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតដោយសង្រ្គោះចំពោះ ស្តេចក្រុងពាលីថា «តថាគតនឹងប្រកាសដល់ពួកបរិស័ទទាំងអស់ក្នុងសាសនា ឲ្យបានដឹងគ្រប់គ្នា ថា តាំងពីថ្ងៃនេះតទៅ បើអ្នកណាមានចិត្តសទ្ធាជ្រះថ្លានឹងថ្វាយមហាទានចំពោះតថាគត ឬអគ្គ សាវ័កក្តី ភិក្ខុសាមណេរបុថុជ្ជនក្តី ត្រូវឧទ្ទិសចំណែកកុសលទៅជួយរំដោះទុក្ខស្តេចក្រុងពាលីផង» ។ ស្តេចពាលីក៏មានចិត្តត្រេកអរទទួលសាធុ ។
យោងតាមខ្លឹមសារនៃឯកសារទាំងឡាយ ដូចបានពណ៌នាខាងលើមកដល់សព្វថ្ងៃនេះ ពុទ្ធ បរិស័ទតែងតែមានជំនឿជាក់ទៅលើពិធីកម្មមួយជាចេតនាកម្មមុននឹងធ្វើពិធីអ្វីផ្សេងៗ ដូចជា រៀបចំ ពិធីមង្គលការ បុកគ្រឹះសសរផ្ទះ ព្រះវិហារ ឧបដ្ឋានសាលា កុដិ ចេតិយ សាលាឆទាន ។ល។ តែង តែរៀបធើ្វពិធីសែនក្រុងពលី គឺការឧទ្ទិសចំណែកបុណ្យ ដូចខ្លឹមសារនៃពលីទាំងប្រាំដែលបាន សម្តែងខាងលើ។ ប៉ុន្តែចំណែកមួយចំនួនតពីបុរាណមកមាននិយាយត្រឹមតែថា សែនជូនស្តេចក្រុង ពាលីតែមួយគត់ មិនបានគិតដល់ការផ្សាយមេត្តាចិត្ត ការចែករំលែកបុណ្យជាទូលាយនោះទេ។ ដូច្នេះ ដើម្បីឲ្យស្របទៅតាមកុសលចេតនានៃសទ្ធារបស់អស់លោកអ្នកមានសទ្ធា សូមជ្រាបផង ដែរថា មេត្តាចិត្តដោយស្មោះ ចំពោះក្នុងការដែលខ្លួនបានចំណាយធនធានទ្រព្យសម្បត្តិធើ្វនូវពលី
ទាំង ៥ ធ្វើទានថ្វាយកុសល ពិតជានឹងបានអានិសង្ស១១ប្រការ ដែលមានសំដែងក្នុងធម៌មេត្តាគឺៈ
-សុខំ សុបតិ ដេកលក់ស្រួល
-សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងស្រួល
-ន បាបកំ សុបិនំ បស្សតិ យល់សប្តិល្អ
-មនុស្សនំ បិយោ ហោតិ មនុស្សម្នាស្រឡាញ់
-អមនុស្សានំ បិយោ ហោតិ ពួកអមនុស្សស្រឡាញ់
-ទេវតា រក្ខន្តិ ទេវតារក្សា
-នាស្ស អគ្គិ វា វិសំ វា សត្ថំ វា កមតិ សត្រូវប្រាថ្នាដោយដុតនឹងភ្លើង ឬដាក់ថ្នាំពិស ឬប្រហារដោយគ្រឿងអាវុធមិនអាចប្រព្រឹត្តទៅបាន
-តុវដំ ចិត្តំ សមាធិយតិ ចិត្តប្រព្រឹត្តធ្វើនូវតបៈធម៌ផ្សេងៗឆាប់បានសម្រេច
-មុខវណ្ណោ វិប្បសីទតិ សម្បុរមុខស្រស់ផូរផង់
-អសម្មុឡោ្ហហោ កាលំ កេរាតិ មុនស្លាប់មិនវង្វែង
-ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោកកូបគោ ហោតិ បើមិនបានសម្រេចលោកុត្តរធម៌ ក៏បានកើតក្នុងព្រហ្មលោក ។
ខ.របៀបរៀបចំសែនក្រុងពាលី
របៀបសែនក្រុងពាលី អាស្រ័យធនធាន និងកាលៈទេសៈនៃម្ចាស់ទានប្រធានបុណ្យដែល មាន ឬក្រ ធំ ឬតូចជាក់ស្តែងតាមលទ្ធភាព ។
អំពីការរៀបចំបាយសីមានៈ ៣ថ្នាក់, ៥ថ្នាក់, ៧ថ្នាក់, ៩ថ្នាក់, ១២ថ្នាក់, ២១ថ្នាក់,អាស្រ័យ លទ្ធភាព និងឋានន្តរស័ក្តិ ឬធនធាន ។
ការរៀបចំរណ្តាប់ក្រុងពាលីមានៈ ទៀន៥, ធូប៥, ផ្កា៥, លាជ៥, ឆ័ត្រឬក្លស់១, ដូងខ្ចីធ្វើស្លា-
ធម៌១គូ, ដូងខ្ចីកាប់ទឹក១គូ, ផ្កា២ថូ, សំពត់ផ្នត់-អាវផ្នត់១គូ, កំណាត់ពណ៌ ២.២ម៉ែត្រ១អាវ (ពណ៌ អាស្រ័យម្ចាស់ពេញចិត្ត) កំណាត់ស ២.២ម៉ែត្រ១អាវ, ប្រាក់៥ (អំពីប្រាក់នេះ ក្នុងសាស្ត្រាស្លឹករឹត សរសេរថា ប្រាក់៥ យើងមិនអាចសន្និដ្ឋានថា ចំនួនប៉ុន្មានទេ ព្រោះសព្វថ្ងៃយើងប្រើប្រាក់រៀលផង ប្រាក់ដុល្លាផង) ពោត, សណ្តែក, ល្ង, ស្រូវ, ដំឡូង, ត្រាវ, ល្ពៅ, ត្រឡាច, អំពៅ, បាយ ២ស្ពក, (ក្នុងមួយស្ពកមានបាយ២ចាន, សម្ល២ចាន, បង្អែម១ចាន, ស្លាបព្រា, ចង្កឹះ, ទឹក, ស្រា, ម្លូ, ស្លា, បារី) ទឹកឃ្មុំ (សព្វថ្ងៃច្រើនប្រើទឹកក្រូច) ក្បាលជ្រូក១ឬ២, មាន់ស្ងោរ១គូ, ទៀន, ធូប, ទឹកអប់, ប្រេង, ម្សៅ, ក្រាស់, កញ្ចក់។ នៅលើអាសនៈ ឬនៅលើតុ ដែលរៀបចំសក្ការៈ ត្រូវដាក់ក្លស់១ ឬឆ័ត្រ១, ព្រះពុទ្ធរូប១, អំពៅ៤ដើម ឬ២ដើម, ចងជាមួយក្លស់រួចមានរៀបបាយសី និងអាចដាក់ល្ងពោតសណ្តែក។ល។ ជាវត្ថុបណ្តុះពូជ នៅលើអាសនៈ ឬតុនោះបាន។ ដោយឡែក មាន់ស្ងោរ ក្បាលជ្រូក បាយស្ពកដាក់នៅខាងក្រោមសំរាប់សែន រួចហើយបញ្ជូនតាមពែ (ពែមាន២បែប គឺពែជ្រុង និងពែច្រមុះជ្រូក) ពែច្រមុះជ្រូកដាក់ខាងស្តាំ សម្រាប់ជូន ទៅព្រះភូមិ ម្ចាស់ទឹក ម្ចាស់ដី និងសេ្តចក្រុងពាលី ឯពែជ្រុងសម្រាប់ជូនទៅពួកអង្រឹងដងស្នែង ដែលមកជាមួយមេបាចាស់ទុំ។ ឯភ្លេងដែលត្រូវលេង
មាន ២ បែប គឺភ្លេងពិណពាទ្យ និងភេ្លងខ្មែរ(ភ្លេងការ) ។
គ.អំពីសំលៀកបំពាក់របស់អាចារ្យ
បើមានលទ្ធភាពសូមស្លៀកពាក់អាវកុតកត្រង់ឡេវមាស ស្លៀកសំពត់ផាមួងចងក្បិនមានពណ៌ ដូចខាងក្រោម ៖
- ថ្ងៃអាទិត្យ ពណ៌ក្រហមខ្ចី ឬចាស់
- ថ្ងៃចន្ទ ពណ៌លឿងទុំ
- ថ្ងៃអង្គារ ពណ៌ស្វាយ
- ថ្ងៃពុធ ពណ៌ស៊ីលៀប
- ថ្ងៃព្រហស្បតិ៍ ពណ៌បៃតង
- ថ្ងៃសុក្រ ពណ៌ខៀវ
- ថ្ងៃសៅរ៍ ពណ៌និល ឬពណ៌គ្រាប់អម្ពិល ។
ប៉ុន្តែបើមិនមានលទ្ធភាពទេ សូមស្លៀកពាក់តែខោអាវសម្រាប់លោកអាចារ្យធម្មតាក៏បាន ។
ឃ.ទិសដង្ហើមរស់
ការរៀបចំកន្លែងសែនក្រុងពលី លោកអាចារ្យត្រូវបង្គាប់ឲ្យគេរៀបចំអាសនៈ ឬរានទេវតាបែរទៅទិសដង្ហើមរស់ប្រចាំថ្ងៃគឺ ៖
- ថ្ងៃអាទិត្យបែរអាសនៈទៅទិសខាងត្បូង យើងអ្នកសែនបែរមុខទៅទិសខាងជើង ។
- ថ្ងៃចន្ទ បែរអាសនៈទៅទិសឦសានយើងអ្នកសែនបែរមុខទៅទិសនិរតី ។
- ថ្ងៃអង្គារ បែរអាសនៈទៅទិសនិរតី យើងអ្នកសែនបែរមុខទៅទិសឦសាន ។
- ថ្ងៃព្រហស្បតិ៍ បែរអាសនៈទៅទិសខាងលិច យើងអ្នកសែនបែរមុខទៅទិសកើត ។
- ថ្ងៃសុក្រ បែរអាសនៈទៅទិសពាយព្យ យើងអ្នកសែនបែរមុខទៅទិសអាគ្នេយ៍ ។
- ថ្ងៃសៅរ៍ បែរអាសនៈទៅទិសឧត្តរ យើងអ្នកសែនបែរមុខទៅទិសទក្សិណ ។
ង.ការអញ្ជើញទេវតា
- លោកអាចារ្យត្រូវគោរពអញ្ជើញសាមីដើមការឲ្យចូលកមកាន់កន្លែងប្រារព្ធពិធី ។
- លោកអាចារ្យ និងអ្នកសាមីដើមការដុតទៀនធូប ។
- លោកអាចារ្យដឹកនំាគេធ្វើបទនមស្សការព្រះរតនត្រ័យ...។
- លោកអាចារ្យតាំងនមោបីបទ ហើយបកពុទ្ធសករាជ ដូចខាងក្រោមនេះ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ( ៣ បទ ) ប្រែ ...។
ឧកាស សិរីសក្យមុនិ សព្វញ្ញូពុទ្ធស្ស ពលវប្បច្ចុសសមយេ កុសិនារាយ យមកសាលា នមន្តរេ អមុម្ហិ សប្បសំវច្ឆរេ គិម្ហឧតុម្ហិ វិសាខមាសេ សុក្ខបក្ខេ បុណ្ណរសិយា តិត្ថិយំ ភុម្មវារេ ភុម្មយាមេ អនុរាធនក្ខត្តទិវសេ បរិនិព្វានំ អហោសិ អនុបាទិសេសាយ និព្វានធាតុយា ។
ប្រែថា ខ្ញុំសូមគោរព សម្តេចព្រះសិរីសក្យមុនីសព្វញ្ញូពុទ្ធជាម្ចាស់ ទ្រង់បរិនិព្វានហើយដោយ
អនុបាទិសេសនិព្វានធាតុ ក្នុងចន្លោះដើមរាំងទាំងគូ ជិតក្រុងកុសិនារា ក្នុងបច្ចុសសម័យដ៏មានកម្លាំង ក្នុងថ្ងៃនៃនក្ខត្តឬក្សឈ្មោះ អនុរាធា ក្នុងថ្ងៃអង្គារ យាមអង្គារ ជាតិថីពេញបូណ៌មី ខាងខ្នើត ខែ
ពិសាខ ក្នុងគិម្ហរដូវ ឆ្នាំម្សាញ់ឯណោះហោង ។
តស្ស ភគវតោ សម្មាសម្ពុទ្ធស្ស បរិព្វុតទិវសតោ បដ្ឋាយ យាវជត្តនា.................. ទិវសុត្តរ.............មាសាធិក.............សំវច្ឆរុត្តរ..............ធិកានិ...............សំវច្ឆរសហស្សានិ អតិក្តន្តានិ អហេសុំ ។
ឥមស្មឹ បច្ចុប្បន្នកាលេ.............សំវច្ឆរេ............ឧតុម្ហិ.............មាសេ................បក្ខេ ............... តិថិយំ ..............វារេ ។
អនាគតេកាលេ..............ទិវសុត្តរ.................មាសាធិក.............សំវច្ឆរុត្តរ.............. ធិកានិ ............... សំវច្ឆរសហស្សានិ ភវិស្សន្តិ ។
ប្រែ រៀបរាប់ចាប់ដើមតាំងអំពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធដ៏មានព្រះភាគអង្គនោះ ទ្រង់ចូល បរិនិព្វានទៅ រហូតមកដល់សព្វថ្ងៃនេះ ព្រះពុទ្ធសាសនកាលកន្លងទៅហើយបាន.........ឆ្នាំ.........ខែ និង..........ថ្ងៃ ។
ឥឡូវនេះឆ្នាំ...............ស័ក.............រដូវ, ខែ.............កើត ឬរនោច ថ្ងៃ..............ថ្ងៃ ខែ ឆ្នាំ នេះលោកកំណត់ទុកជាបច្ចុប្បន្នកាល ។
ឯព្រះពុទ្ធសាសនកាលចំណែកខាងអនាគត នៅសល់...........ឆ្នាំ............ខែ និង ............ ថ្ងៃ
បើរាប់ថ្ងៃ ខែ ឆ្នាំ ទាំងបីកាល គឺទាំងអតីត ទាំងបច្ចុប្បន្ន ទាំងអនាគត បញ្ចូលគ្នា ត្រូវជាព្រះសាសន កាលគ្រប់ ៥០០០ ព្រះវស្សា ដោយបរិបូណ៍។ ( អ្នកភ្លេងបើពិណពាទ្យ លេងបទ សាធុការ បើភ្លេងការ លេងបទ ហោមរោង) ។
-ប្រកាសអញ្ជើញទេវតាបន្តទៀត
សមន្តា ចក្កវាឡេសុ អត្រាគច្ឆន្តុ ទេវតា សទ្ធម្មំ មុនិរាជស្ស សុណន្តុ សគមោក្ខទំ។
ទេវតាទាំងឡាយដែលស្ថិតនៅក្នុងចក្រវាលទាំងឡាញដោយជុំវិញ សូមអញ្ជើញមកប្រជុំគ្នា
ក្នុងទីនេះចូរស្តាប់នូវព្រះសទ្ធម្មជាធម៌អាចឲ្យនូវស្ថានសួគ៌ និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្តេចនៃអ្នកប្រាជ្ញ។( អ្នកភ្លេងបើពិណពាទ្យលេងបទ ទេពរំជួល បើភ្លេងការលេងបទ ស្តេចយាង )
ភោន្តោទេវសង្ឃាយោ បពិត្រអស់ពពួកទេពនិកអមរមេឃទាំងមួយសែនកោដិចក្រវាលទាំង ទេវតា ដែលស្ថិតនៅ ជ្រោះជ្រង ជ្រលងដងអូរ គិរីបព្វតា សីមាព្រះវិហារ អធ្យាអរញ្ញវា នាភពផែន ដែនប្រថពី គិរីបព៌តមាត់ ទិព្វវ័នជាន់ហិមពានវិមានឧត្តមសមមហាឋានសម្រាន្តភិរម្យ ជុំចក្រវាល វាលអន្តរ លំហសមុទ្រ ផុតអាកាស អាវាសព្រះស្តូប តូបព្រះចេតិយ សិរីមហាពោធិ៍ វិហារឧបោសថ រតនារាម តាមវត្ត ពទ្ធសីមា ព្រះវិហារ នាកុដិសាលា ចម្ការស្រែក្បែរស្ទឹង បឹងបួ ជួរទន្លេ ឆ្នេរជលស័យ ព្រៃគុម្ពោត មាត់ត្រពាំង រវាំងជុំ ជំរុំកោះ អស់ពពួកទេវតាទាំងឡាយនោះ សូមលោកយាង និងអញ្ជើញមកសណ្ឋិតនៅទីនេះដើម្បីសេពសោយក្រយាហារបូជាហើយឲ្យពរជ័យសិរីសួស្តីចំពោះ (ឯកឧត្តម.........និងលោកជំទាវ............ឬលោក...........និងអ្នកស្រី.............ព្រមទាំងគូស្វាមីភរិយាថ្មី
គឺកូនកំលោះនាម.............កូនក្រមុំនាម.......... ឲ្យបានសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ)។
( បើក្នុងពិធីបុណ្យត្រូវរាប់រៀបតាមពិធីបុណ្យ )។ ( អ្នកភ្លេងបើពិណពាទ្យ លេងបទ ទេពនិម្មិត បើភ្លេងការ លេងបទ នគររាជ)។
-អញ្ជើញទេវតាក្នុង ឆកាមាវចរសួគ៌ទាំង ៦ ជាន់ និងអរូបព្រហ្មទាំង ៤ ជាន់
សូមអញ្ជើញអស់ពពួកទេវតាទាំងឡាយដែលស្ថិតនៅក្នុងឆកាមាវចរសួគ៌ទាំង ៦ ជាន់មាន ស្ថានចាតុម្មហារាជកា តាវតឹង្សា យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី និងទេវតាដែលស្ថិតនៅក្នុងស្ថានសួគ៌ទាំង ១៦ ជាន់មានស្ថាន បរិស្សជា បរោហិតា មហាព្រហ្មា បរិត្តាភា អប្បមាណាភា អភស្សរា បរិត្តសុភា អប្បមាណសភា សុភកិណ្ហកា វេហប្ផលា អសញ្ញិសត្តា អវេហា អតប្បា សុទស្សា សុទស្សី និងអកនិដ្ឋកា ព្រមទាំងទេវតាដែលស្ថិតនៅក្នុងស្ថានព្រហ្មទាំង៤ ជាន់ មានស្ថានអាកាសានញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ និងនេវសញ្ញានាសញ្ញាយនៈ សូមលោកយាង និងអញ្ជើញមកសណ្ឋិតនៅទីនេះដើម្បីសេពសោយក្រយាហារបូជា ហើយជួយឲ្យពរសព្ទសាធុការដល់ ( ........... )ឲ្យបានសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។ ( អ្នកភ្លេងបើពិណពាទ្យ លេងបទ ទេពបន្ទំ បើភ្លេងការ លេងបទ ផាត់ជាយ)។
-អញ្ជើញទេវតាដែលថែរក្សាភ្នំសត្តបរិភណ្ឌទាំង ៧ និងទេវាតាដែលថែរក្សាទ្វីបទាំង ៤
សូមអញ្ជើញទេវតាដែលថែរក្សាភ្នំសត្តបរិភណ្ឌទាំង ៧ មាន ភ្នំសិនេរុ ភ្នំសុទស្សន ភ្នំករវិក ភ្នំវិនទក ភ្នំឥសិន្ធរ ភ្នំនេមិន្ធរ និងភ្នំយុគន្ធរ និងទេវតាដែលថែរក្សានូវទ្វីបទាំង ៤ មាន បុព្វវិទេហទ្វីប ជម្ពូទ្វីប អមរគោយានីទ្វីប និងឧត្តរកុរុទ្វីប សូមអារាធនាអញ្ជើញព្រះឥន្រ្ទាធិរាជ ព្រះមាតុលី ព្រះវិស្សកម្ម ព្រះកេតុ ព្រះកាល ព្រះចតុលោកបាលទាំង ៤ អង្គ មានព្រះបាទធទរដ្ឋ ស្តេចទ្រើស រើសទ្រង់ រុងអំណាច អាចថែបែរសម ចំក្រៃ ព្ធដ៏ទិសបូព៌ា ស្តេចមានឫទ្ធី លើសអស់ពពួកគន្ធព្វ ទាំងឡាយ ព្រះបាទវិរុឡ្ហក ស្តេចទ្រើសរើសទ្រង់ រុងអំណាច អាចថែបែរសម ចំក្រៃ ព្ធដ៏ទិសទក្សិណ ស្តេចមានឫទ្ធីលើសអស់ពពួក កុម្ភណ្ឌទាំងឡាយ ព្រះបាទវិរូបក្ខ ស្តេចទ្រើសរើសទ្រង់ រុងអំណាច អាចថែបែរសម ចំក្រៃ ព្ធដ៏ទិសបស្ចឹម ស្តេចមានឫទ្ធីលើសអស់ពពួកនាគទំាងឡាយ ព្រះបាទកុវេរ ស្តេចទ្រើសរើសទ្រង់ រុងអំណាច អាចថែបែរសម ចំក្រៃ ព្ធដ៏ទិសឧត្តរស្តេចមានឫទ្ធីលើសអស់ ពពួកយក្សទាំងឡាយសូមអញ្ជើញយក្សយមកុម្ភណ្ឌ គន្ធព្វ គ្រុឌ នាគទាំងឡាយនោះមកសណ្ឋិតនៅទីនេះ ដើម្បីសេពសោយក្រយាហារបូជាហើយជួយឲ្យពរជ័យសិរីសួស្តីចំពោះ(........)ឲ្យបានសេចក្តីចម្រើន ប្រកបដោយលាភ យសបុណ្យសក្តិ គ្រប់ប្រការចាប់តាំងពីពេលនេះតរៀងទៅ។
( អ្នកភ្លេងបើពិណពាទ្យ លេងបទ ខែកមនជាន់ទី ១ បើភ្លេងការ លេងបទ សំពោង)។
-អញ្ជើញទេវតាដែលស្ថិតនៅលើភ្នំតូចភ្នំធំនិគមជនបទ
សូមអញ្ជើញទេវតាដែលស្ថិតនៅលើភ្នំតូចភ្នំធំនិគមជនបទមានជាអាទិ៍ ភ្នំយាត មាត់ជ្រូក ភ្នំឈ្ងោក បូកគោ សម្បូណ៍សម្បុក សន្ទុកសន្ទួច ភ្នំស្រួចភ្នំស្រង់ បាយ៉ងកោរឱរ៉ាល់ ពេជ្រនិល ភ្នំផ្តិល ពពេល ពពកវិល ភ្នំវែង ភ្នំវល្លិ៍ ពពែ ចែចង់ អង្គរបុរី ភ្នំស្រី ភ្នំប្រុស សំកុស កូនមាន់ ទាន់អរ ចរចា ភ្នំដា ភ្នំដែក ដង្រែក ភ្នំដិន ហាន់ជ័យ ជីសូរ អូម្លូគូលេន សែនហាន បានលុង សន្លុង រងចាំ ប្រាំពាន់ ធន់មន់ អណ្តើក អណ្តែត ភ្នំក្រោម ភ្នំលើ ក្រពើ ឈើកាច់ ខ្សាច់ស ចចក អកយំ ភ្នំធំ បាធាយ វាយចាប ចំបាប់ ភ្នំឆត្រ អដ្ឋរស្ស រិទ្ធិសែន ភ្នំខ្លែង កំរែង ត្បែងជ័យ សិរីរិទ្ធី ភ្នំប្រាក់ បាសាក់ ភ្នំព្រះ ភ្នំព្រឹក ទឹកផុស ចុះព្រិល ព្រះរាជទ្រព្យ គាប់មេត្រី ដំរីមាល ភ្នំទ្រាល ភ្នំទ្រំាង ជញ្ជាំង ក្បាំងជី លីលា អូរស្មាច់ អាចម៍សេះ ព្រះនិព្វាន ហិមាលេយ្យ ជ័យបង រយ៉ង កង្រី ជីលាំង តាំងប្រុស គុហា ក្រៅតាម៉ៅ ចៅព្រាម សំពៅ សពុក សូរវង្ស ឧត្តុង្គ ឧត្តម ភ្នំតូច ភ្នំទាប ភ្នំរាប ភ្នំទេព ភ្នំទោ ទទុង ទទា ភ្នំទ្វារ ភ្នំខៀវ ប៉ុណ្ណេះ ជាដើមសូមលោកយាង និងអញ្ជើញមកសណ្ឋិតនៅទីនេះសេពសោយក្រយាហារបូជា យើងខ្ញុំ សូមលា រំដោះលែងទុក្ខ រំដោះលែងសោក រំដោះលែងរោគ រំដោះលែងភ័យ រំដោះលែងជំងឺ គ្រោះឧត្បាត ចង្រៃ វិនាសន្តិ អសេសតោបើបានសេពសោយហើយក៏សូមបែក្រោយឲ្យពរសព្ទសាធុការចំពោះ(........)ជួយការពារនូវមារទាំងឡាយប្រាំបីផ្លូវ សត្រូវទាំងប្រាំបីទិស សត្រូវមកពីមុខក៏សូមឲ្យរំលង សត្រូវមកពីខ្នងក៏សូមឲ្យរលាយ បាបគ្រោះទាំងឡាយ ក៏សូមឲ្យអហោសិកម្ម ឲ្យបានបុណ្យបានសក្តិ បានលាភ បានយស សេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។
( អ្នកភ្លេងបើពិណពាទ្យ លេងបទ ខែកមនជាន់ទី ២ បើភ្លេងការ លេងបទ នាគព័ន្ធ)
-អញ្ជើញទេវតាដែលថែរក្សាប្រាសាទតូចធំ
សូមអញ្ជើញទេវតាដែលថែរក្សាប្រាសាទទាំងឡាយមានជាអាទិ៍ ប្រាសាទភ្នំដា បាគង ប្រាសាទអង្គរវត្ត សូរព្រាត់វត្តនគរ រលួស រលៃ ព្រៃក្មេង បាសាក់ បាក់ខែង ព្រះគោ សម្បូណ៌ព្រៃគុហ៍ គោកធ្លក អកយំ តាសម តាអំពិល តាក្របី បន្ទាយស្រី ប្រាសាទឃ្លាំង នាងដប់ពីរ ភិមានអាកាស ប្រាសាទព្រះវិហារ ប្រាសាទខ្នា តាកែវ កោះស្តុក ភ្នំសន្ទុក បន្ទាយក្តី បក្សីចំាក្រុង មេបុណ្យ បន្ទាយសម្រែ កោះកេរ ប្រែរូប ព្រះខាន់ ក្រវាន់ នាគព័ន្ធ បាយ័ន មុខមួន បាពួន បន្ទាយឆ្មា បាលិលេយ្យ រៃយំ តាព្រហ្ម ធម្មានន្ទ តាមបន្ទាយធំ ភ្នំជីសូរ នាងខ្មៅ ចៅសាយប៉ុណ្ណេះជាដើម សូមលោកយាង និងអញ្ជើញមកសណ្ឋិតនៅទីនេះដើម្បីសេពសោយក្រយាហារបូជា ហើយជួយកាន់ខ្នងរងមុខការពារនូវមារទាំងប្រាំបីផ្លូវសត្រូវទាំងប្រាំបីទិសចំពោះ(ឯកឧត្តម.............)ឲ្យបានឡើងបុណ្យសក្តិ លាភ យស សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការតរៀងទៅ។ (អ្នកភ្លេងបើពិណពាទ្យ លេងបទ កាំម៉ាន់ បើភ្លេងការ លេងបទ លោមនាង)។
-អញ្ជើញមេសរ
សូមអញ្ជើញទេពារក្សអារក្សមេសរ ឃ្លាំងមឿងឧត្តុង្គមានជ័យ មេសរឃ្លាំងពន្លៃ ស្រះស្រង់ កំពង់ដំណាក់ស្រះសារពើ យុត្ត ស្រះកែវ ស្រះគោម ស្រះជ្វា ស្រះបឹងបម៉ា ស្លាបខ្មៅបឹងខ្យង កំពង់លួង ជ្រោយកោះចិន អញ្ជើញមេសរ ភ្នំព្រះរាជទ្រព្យ មេសរផ្សារដែក ព្រែករោងទូក ថ្មសររៀងមកពាក់ ព្រាពញាឮ ពពាលខែ មុខកំពូល មាត់កណ្តុរ អញ្ជើញមេសរ ស្វាយបំបាំងកំពង់លែង មេសរពោធិ៍ ល្វាឯម អញ្ជើញមេសរមាត់ក្រសះ ព្រែកក្របៅ រៀងទៅព្រែក អំពិល សំពៅលូន ជ្រោយបាញ់ណក អញ្ជើញមេសរ កោះហ៊ោកំពង់ឆ្នាំ អញ្ជើញមេសរជ្រៃបាក់រលាផ្អៀរ អញ្ជើញមេសរក្រាញ់បង់កូន អញ្ជើញមេសរបរិបូណ៌ខ្លុងក្រងក្រគរ អញ្ជើញមេសរស្ទឹងក្រងជម្រាយ អញ្ជើញមេសរពាមលោក ខ្សាច់មាស អញ្ជើញមេសរនាងអនស្ទឹងយាងស្ពានចាន់ ស្ពានតាត្រាវរលួសខ្លែងគង់ អញ្ជើញមេសរចរិត ពាក់ស្តបាត់ដំបង បាន់ស្ទឹងត្រង ខ្សាច់ត្រអាល អញ្ជើញមេសរពាមមាត់ពីរទន្លេសាបកោះកំញានអញ្ជើញមេសរបន្ទាយមាស អញ្ជើញមេសរស្ទោងសម្បុកសម្បូណ៌ អញ្ជើញមេសរហាន់ជៃពពាលខែ ស្ទឹងត្រងស្រីពុលភ្ញីរទាំងប្រាំព្រះសុគន្ធ ព្រះហោរាហោរី អញ្ជើញមេសរបាក់ខែងភ្នំក្រោមព្រះខ្ពួរ រៀងមកដល់ភោន្តោ ភោន្តី កំពង់សៀមអញ្ជើញមេសរគោកសេះ បារាយណ៍ចតុលោក អញ្ជើញមេសរ ជៃបាអាពាមក្រាយម្រេច លេចមកមេសរត្បូងឃ្មុំ អញ្ជើញមេសរតាធ្នង់ក្នុងស្រុក សំរោងទង អញ្ជើញ មេសរភ្នំបងឳដោស្មៅខ្ចី ជ្រោះពកច្រក ច្រហរស្រមរពិសា អញ្ជើញមេសរតាថ្លាង នាងស្វាយសរថ្ម ក្រពើ អញ្ជើញមេសរថ្មបាំងតាកែវ តានងត្រងនិវេសន៍ អញ្ជើញមេសរភ្នំបាសិត អញ្ជើញមេសរតាម៉ៅ អញ្ជើញមេសរភ្នំមម៉ៅ ភ្នំព្រះម្រះព្រៅ អញ្ជើញមេសរភ្នំត្រពាំងល្វាស្រការនាគ ភ្នំពាំងរលក ពពកវិល មកដល់ភ្នំព្រះធាតុ ជម្រាលភ្នំព្រះមាត់ អង្គរស្តេចស្តេងគង់ដោយច្រកជ្រលង ដោយដងមាគ៌ាសព្វព្រៃព្រឹក្សា មហិមាពេកហោង សឹងមានរិទ្ធិ៍ថា្លថ្លៃ
កន្លងនូវបរិពារផងកន្លងព្រៃព្រឹកឧត្តមប្រសើរ ដោយផ្លូវដំណើរមាគ៌ានេះឯងហោង ។ (អ្នកភ្លេងបើ
ពិណពាទ្យ លេងបទ រូសាម៉ឺឡា បើភ្លេងការ លេងបទ សារាយអណ្តែត )
-អញ្ជើញទេវតាដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា និងវិញ្ញាណក្ខន្ធបុព្វការីជនរបស់សាមីដើមការ
សូមអញ្ជើញអារុក្ខទេវតា អារក្ខទេវតា អាកាសទេវតា ភូមិទេវតា ទេវតាដែលថែរក្សា ព្រះរាជាណាចក្រកម្ពុជាធិបតីសិរីយសោធរនគរឥន្ទ្របត្តគរុរដ្ឋរាជធានី ទេវតាដែលថែរក្សា ព្រះសក្យមុ-នីចេតិយនៅភ្នំព្រះរាជទ្រព្យ ទេវតាដែលថែរក្សាព្រះបរមរាជវាំង ពិសេសគឺទេវតាដែលថែរក្សា ព្រះខ័នជ័យថ្លៃរតនមង្គល ព្រះទីន័ង្គតុសិត ភោជនីយសោភាបព្យាង្គប្រាសាទ ប្រពាតទិព្វវ័ន ដំណាក់ចន្ទ ចង្ក្រានហោរព្រះពុទ្ធ រូបព្រះបរិត្តវិមាន ព្រះមហាស្វេតច្ឆ័ត្រ ព្រះទីន័ង្គទេវាវិនិច្ឆ័យ ប្រាសាទខេមរិន្ទ ប្រាសាទចន្ទឆាយា ព្រះវិហារព្រះគោ ព្រះវិហារព្រះកែវមក៌ត ព្រះចេតិយនៅក្នុងព្រះបរមរាជវាំង សូមយាងនិងអញ្ជើញ ព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធខេមរបុព្វការីជនទាំងឡាយ ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ មានព្រះវិញ្ញាណក្ខន្ធ ព្រះបាទជ័យវរ្ម័នទី៧ ព្រះបាទសូរិយវរ្ម័នទី១ សូរិយវរ្ម័នទី២ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី សម្តេចព្រះវរព្រះបាទកងចក្រ ព្រះបាទកងជុំ ព្រះបាទកងចក្រទាំងឡាយព្រះបរមីសូរនិងសូមអញ្ជើញបរមីលោកយាយដូនពេញ ព្រះអង្គដង្កាល ជំទាវតី លោកយាយម៉ៅ លោកតាព្រះចៅ លោកតាក្រហមក លោកតាកន្សែងទ្រាំង ឧកញ៉ាសឺន គុយ ឧកញ៉ា ឃ្លាំង មឿង និងសូមអញ្ជើញវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូន ជីតាញាតិកាទាំង៧ សន្តានរបស់(..............)ដែលបានចែកស្ថានទៅកាន់លោកខាងមុខហើយ នោះ សូមលោកយាង និងអញ្ជើញកមសេពសោយក្រយាហារបូជា បើបានសេពសោយហើយសូមបែក្រោយឲ្យពរសព្ទសាធុការដល់(............)ឲ្យបានបុណ្យសក្តិ លាភ យស សេចក្តីសុខ សេចក្តីចម្រើន
តរៀងទៅ។ (អ្នកភ្លេងបើពិណពាទ្យ លេងបទ ប្រធំ បើភ្លេងការ លេងបទ ជុំជាតិ)
-អញ្ជើញព្រះភូមិទំាង ៨ ទិស និងសេ្តចក្រុងពលី
សូមអញ្ជើញព្រះភូមិរាជាឧត្តមគ្រប់គ្រងប្រថពី លោកស្ថិតនៅទិស
បូព៌ា-អាគ្នេយ៍-ទក្សិណ-និរតី-បស្ចឹម-ពាយព្យ-ឧត្តរ-ឦសាន-សោភី
សូមយាងចាកទីមកយកក្រយាហារបូជា យើងខ្ញុំសូមលារំដោះទុក្ខ រំដោះលែងសោក រំដោះ លែងរោគ រំដោះលែងភ័យ រំដោះលែងជំងឺ គ្រោះកាចឧត្បាតចង្រៃវិនាស្សន្តុ អសេសតោ ។
បទុមុត្តរោ ច បុព្វាយំ អគ្គនិយេ ចរេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ
ខ្ញុំសូមអញ្ជើញ ស្តេចក្រុងពលី អម្ចាស់ធរណី តាំងពីបុរាណ
សូមស្តេចយាងមក យកក្រយាថ្កាន ដែលយើងខ្ញុំបាន រៀបចំបូជា ។
មានទៀននិងធូប គ្រឿងគ្រៅក្រអូប ពិដោរគន្ធា លាជផ្កាស្លាម្លូ
កុំយូរពុំជា ស្រូវអង្ករធា សណ្តែកល្ងផង ។
នំអំពៅចេក បាយទឹកគូរត្រេក រសប្លែកចំបង បង្អែមចំអាប
ប្រៃសាបលាយផង ស្រួលស្រេចកន្លង ភោជន៍នានា ។
សូមក្រុងពលី អម្ចាស់ភូមី ធរណីគង្គា ស្តេចសោយក្រយា
អាហារបូជា ហើយសូមរាជា ឲ្យពរសុខសាន្ត ។
កុំឲ្យមានមោះ ការងារទាំងអស់ ចន្លោះសព្វឋាន យើងខ្ញុំសុំសុខ
ផុតទុក្ខថ្កើងថ្កាន សូមជ័យសួស្តីសាន្ត បានអង្វែងហោង ។
(អ្នកភ្លេងបើពិណពាទ្យ លេងបទ សែនឡាវ បើភ្លេងការ លេងបទ កងសោយ) ។
-អាចារ្យចងដៃកូនប្រុងឲ្យពរជ័យផ្សេងៗ និងជយន្តោ
អាយុវឌ្ឍកោ សេចក្តីចម្រើនដោយអាយុ
ធនវឌ្ឍកោ សេចក្តីចម្រើនដោយទ្រព្យ
សិរីវឌ្ឍកោ សេចក្តីចម្រើនដោយសិរីសួស្តី
យសវឌ្ឍកោ សេចក្តីចម្រើនដោយយសបរិវារ
ពលវឌ្ឍកោ សេចក្តីចម្រើនដោយកម្លាំង
វណ្ណវឌ្ឍកោ សេចក្តីចម្រើនដោយពណ៌សប្បុរកាយ
សុខវឌ្ឍកោ សេចក្តីចម្រើនដោយសុខ ហោតុ សព្វទា
សូមឲ្យមានដល់អ្នកឲ្យបាន សព្វៗកាល ទុក្ខរោគ ភយាវេរា សេចក្តីទុក្ខ និងរោគ និងភ័យ និងពៀរទាំងឡាយក្តី សោកាសត្តូចុប្បទ្ទវា សេចក្តីសោកទាំងឡាយក្តី សត្រូវ និងឧបទ្រពទំាងឡាយក្តី អនេកាអន្តរាយាបិ អន្តរាយទាំងឡាយដ៏ច្រើនក្តី វិនាស្សន្តុ សូមឲ្យវិនាសបាត់ទៅដោយតេជៈនៃអានុភាព មានពុទ្ធានុភាពជាដើមក្តី ជយសិទ្ធិ ធនំ លាភំ សេចក្តីសម្រេចនៃជ័យជំនះក្តី ទ្រព្យក្តី លាភក្តី សោត្ថិ ភាគ្យំ សុខំពលំ សួស្តីក្តី ជោគជ័យល្អក្តី សេចក្តីសុខក្តី កម្លាំងក្តី សិរីអាយុ ច វណ្ណោ ច បុញ្ញសិរីក្តី អាយុក្តី ពណ៌សម្បុរកាយ ភោគំ វុឌ្ឍី ច យសវា ភោគសម្បទាក្តី សេចក្តីចម្រើនក្តី មានយសក្តី សតវស្សា ច អាយូ អាយុប្រមាណមួយរយឆ្នាំក្តី ច ជីវសិទ្ធី ភវន្តុតេ សេចក្តីសម្រេចនៃកិរិយាចិញ្ចឹមជីវិតជាសុខក្តី ទាំងអស់នេះសូមឲ្យមានដល់អ្នក ។
ភវតុ សព្វមង្គលំ មង្គលទាំងពួងចូរមានដល់អ្នក រក្ខន្តុ សព្វទេវតា ទេវតាទាំងពួងទាំងឡាយចូររក្សានូវអ្នក សព្វពុទ្ធានុភាវេន សព្វធម្មានុភាវេន សព្វសង្ឃនុភាវេន ដោយអានុភពនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សទាសោត្ថី ភវន្តុតេ សួស្តីទាំងឡាយចូរមានដល់អ្នកឲ្យបានសព្វៗកាល។
ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោ។ល។ បទក្ខិណេ ។
( អ្នកភ្លេងបើ ពិណពាទ្យ លេងបទ មហាជ័យ បើភ្លេងការ លេងបទ បាយខុន ) បន្ទាប់ពីចងដៃហើយ
(ទាំងភ្លេងពិណពាទ្យ ទាំងភ្លេងការត្រូវលេងបទសំពៅថយ ឬ បទអុំទូកជូនដំណើរដូនតាត្រឡប់ទៅ
១៤ -ក្រសួងធម្មការ និងសាសនា ស្តីពីតួនាទីនិងភារកិច្ចរបស់អាចារ្យ ក្នុងការរៀបចំពិធីមង្គលការ និងបុណ្យផ្សេងៗ។
២២ -ដូចជាពិធីរាជាភិសេកមហាក្សត្រ ពិធីទេវរាជដែលព្រាហ្មណ៍ សិវតៃវល្យ ជារាជគ្រូរបស់ព្រះបាទ ជ័យវរ្ម័នដឹកនាំធ្វើ ។
២៩ -សៀវភៅកំណត់ហេតុរបស់ ជីវតាក្វាន់ ទំព័រ (២៨-២៩-៣០-៣១-៣២) បរិយាយអំពីពិធីបើក មុខកូនស្រីខ្មែរ (ឆិនថាន) ការកត់ត្រា នេះប្រព្រឹត្តទៅនៅឆ្នាំ១២៩៧ ពេលដែលជីវតាកា្វន់មកកម្ពុជា ជាមួយគណៈរាជទូតចិន ។
៣១ - មហា យិន នឿន មង្គលត្ថទីបនីប្រែភាគ ៤ ទំព័រ ៨ , រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន ទំព័រ ៥០។
៣៤ -ក្រសួងធម្មការ និងសាសនា ក្រមសីលធម៌អាចារ្យក្នុងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរទំព័រ៣៥-៣៦
៣៦ -ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យក្នុងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ទំព័រ ២៥ ។
៣៧ - ក្រសួងធម្មការនិងសាសនា កម្រងឯកសារ ស្តីពីតួនាទីភារកិច្ចអាចារ្យក្នុងការរៀបចំពិធីមង្គលការ និងពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធ សាសនា ទំព័រ ១៤-២៥ ។
៣៨- ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យ ក្នុងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ទំព័រ ៥២-៥៣
No comments:
Post a Comment