ជំពូកទី ៣
ពិធីកម្មរបស់អាចារ្យក្នុងសង្គមខ្មែរ
ពិធីកម្ម គឺជាអំពើទាំងឡាយណា ដែលគេរៀបចំជាបែបផែន ឬជារបៀបនៅក្នុងពិធីបុណ្យ
នីមួយៗដែលគេបានធ្វើតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ន។ ពិធីកម្ម និងប្រពៃណីទំនៀមទម្លាប់ទាំងអស់ គឺជាកិច្ចមួយយ៉ាងសំខាន់ ដែលជាប់ពាក់ព័ន្ធទៅនឹងជំនឿជនជាតិខ្មែរ ដែល បានគោរពប្រតិបត្តិ និងដក់ជាប់ក្នុងចិត្តរហូតមក។ ប៉ុន្តែពិធីកម្ម និងទំនៀមទម្លាប់ទាំងនោះត្រូវបាន បាត់រសាត់ស្ទើរតែអស់ ដោយសារប្រទេសជាតិមានការផ្លាស់ប្តូរពីរបបមួយទៅរបបមួយ ពោលគឺ សង្គ្រាមរុំារ៉ៃ អស់រយ:ពេលជិត៣ទសវត្ស បានធ្វើឲ្យបាត់បង់នូវបញ្ញវន្ត និងអ្នកប្រាជ្ញជាច្រើនដែលបានស្លាប់នៅក្នុងរបបដ៏ខ្មៅងងឹត។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក្បួនច្បាប់ផ្សេងៗ បានបាត់បង់អស់មួយចំនួនដែរ។ ហេតុនេះហើយ បានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាខិតខំស្រាវជ្រាវរកពិធីកម្មសំខាន់ៗ នៅក្នុងសង្គមខ្មែរ ដែលខេមរជនតែងប្រារព្ធធ្វើតាំងពីដើមរៀងមកមានដូចជា៖
-ពិធីកម្មនៅក្នុងព្រះពុទ្ធសាសនា
-ពិធីកម្មនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ
៣.១.ពិធីកម្មនៅក្នុងព្រះពុទ្ធសាសនា
ពិធីកម្មនៅក្នុងព្រះពុទ្ធសាសនា ជាពិធីកម្មដែលរៀបចំធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនាដែលមានមកតាំងពីសម័យពុទ្ធកាល ហើយប្រភេទនៃពិធីកម្មក្នុងព្រះពុទ្ធសាសនា ត្រូវបានដូនតាខ្មែររៀបចំធ្វើឡើងស្របតាមទស្សនវិជ្ជានៃព្រះពុទ្ធសាសនា ។ ដែលផ្សាភ្ជាប់នូវទស្សនវិជ្ជាដ៏ច្រើនសម្រាប់ជាគតិអប់រំ និងជាមធ្យោបាយក្នុងការប្រតិបត្តិនៅក្នុងសង្គមខ្មែរ តាំងពីសម័យបុរាណកាលមក ហើយពិធីកម្មរបស់អាចារ្យ ក៏ជាបញ្ហាមួយយ៉ាងសំខាន់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្នផងដែរ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ពិធីកម្មរបស់អាចារ្យនៅក្នុងសារណានេះ យើងក៏បានបង្ហាញនូវពិធីកម្មខ្លះៗ មាននៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនាដូចជា៖
១- បុណ្យវិសាខបូជា ៣-បុណ្យកឋិនទាន
២-បុណ្យមាឃបូជា ៤-បុណ្យចូលវស្សា
៣.១.១.បុណ្យវិសាខបូជា
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ នៅថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសលដ៏ប្រសើរ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង
ព្រះពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ៣៩ថា ជាមហាមង្គលអភិលក្ខិតកាលគឺជាថ្ងៃ មហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន
សម្តេចព្រះបរមសាស្រ្តាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុង ថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញ ចងក្រងជាគាថាទុកដូច្នេះថា ៖
អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។
សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់ចូលបរិនិព្វានក៏ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ៤០ (ផ្សេងតែឆ្នាំ) ។
ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ៨០ឆ្នាំ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និងទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែននៃប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គ បានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថា ពុទ្ធគយាស្ថិតនៅក្នុងរដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ ថ្ងៃ ក្នុងព្រះជន្ម៨០ឆ្នាំគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា។ សព្វថ្ងៃនេះ ទីក្រុងកុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា ។
ប្រពៃណីបុណ្យវិសាខបូជានេះ គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិ សនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង។ បុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។
តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា
ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី
ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា
នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី
ឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។
ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ
ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាមានមកក្រោយពុទ្ធបរិនិព្វានកន្លងច្រើនរយឆ្នាំ៤១។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩៤២។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជាតាមដែលចាស់ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲ្យដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើរព្រះបាទអង្គដួង។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិជិត២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ៤៣។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។
ពិធីកម្មរបស់អាចារ្យក្នុងពិធីបុណ្យវិសាខបូជា
នៅពេលរសៀល អាចារ្យដឹកនាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ដង្ហែគ្រឿងសក្ការៈ ផ្សេងៗប្រទក្សិណព្រះវិហារ៣ជុំ បន្ទាប់មកនាំនមស្ការព្រះរតនត្រ័យ និងសមាទានសីល រួចសឹម ប្រកាសវិសាខបូជា លោកអាចារ្យត្រូវអានមួយឃ្លាម្តងៗឲ្យឧបាសក ឧបាសិកា និងពុទ្ធបរិស័ទថាតាមដូចតទៅ៖ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។
សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។
ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់សំដែងនូវធម៌ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរព ។( ក្រាបថ្វាយបង្គំម្តង )
និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន
ភគវតា តំ ធម្មំ អាទរេន នមស្សាម ។
ព្រះធម៌ណាដែលព្រះភគវន្តមុនីអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយប្រពៃ ដើម្បីកំចាត់
បង់នូវសេចក្តីទុក្ខទាំងពួង ព្រះធម៌នោះ ជាធម៌ស្រោចស្រង់សត្វពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយ បង្គំនូវព្រះធម៌ដោយគោរព ។( ក្រាបថ្វាយបង្គំម្តង )
សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។
ព្រះអរិយសង្ឃណា លោកប្រតិត្តិដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពូង ព្រះអរិយសង្ឃនោះ ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ លោកប្រតិបត្តិដោយប្រពៃមែនពិត យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះ ដោយគោរព ។( ក្រាបថ្វាយបង្គំម្តង )
ថ្ងៃនេះជាតិថី ពេញបូណ៌មីនៃខែវិសាខ មានព្រះចន្ទពេញវង់ ត្រូវនឹងថ្ងៃដែលព្រះសក្យមុនី សម្មាសម្ពុទ្ធ ជាបរមគ្រូ ទ្រង់ប្រសូត ទ្រង់បានត្រាស់ ជាព្រះសព្វញ្ញូពុទ្ធប្រាកដឡើងក្នុងលោក និងថ្ងៃដែលទ្រង់រំលត់ខន្ធ ចូលកាន់បរិនិព្វាន តិថីនេះ ជាឧបលក្ខិតសម័យមួយដ៏ឧត្តមក្នុងព្រះពុទ្ធ សាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថ ប្រជុំគ្នាធ្វើសក្ការបូជា ចំពោះ ព្រះសម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ និងព្រះអរិយសង្ឃជាសាវ័ករបស់ព្រះអង្គ។
ឥឡូវនេះ យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជន បានមកប្រជុំគ្នា បានរៀបគ្រឿងសក្ការបូជា មានទៀនធូបនិងផ្កាជាដើម ក្នុងទីនេះ ដែលមានព្រះពុទ្ធរូបស្នងព្រះអង្គជាប្រធាន ហាក់ដូចជា ព្រះបរមសាស្តាអង្គនោះ ទ្រង់ស្តេចមកគង់ ក្នុងទីចំពោះមុខនៃយើងទាំងអស់គ្នា យើងខ្ញុំសូមថ្វាយ នូវគ្រឿងសក្ការបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃរតនត្រ័យទាំងបី ដោយសេចក្តីគោរព ។
បពិត្រព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាបូជារហបុគ្គល របស់ទេវតានិងមនុស្សក្នុងលោកឥត មានបុគ្គលណាមួយ ត្រឹមស្មើនឹងព្រះអង្គឡើយ ទោះបីព្រះអង្គ ទ្រង់បរិនិព្វាន បាត់រូបព្រះកាយអស់កាលដ៏យូរអង្វែងហើយ ក៏ពិតមែន ប៉ុន្តែទ្រង់បានប្រតិស្ថាន ព្រះវិសុទ្ធោវាទ គឺព្រះធម៌វិន័យ ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ ទាំងព្រះគុណរបស់ព្រះអង្គ ក៏នៅមានប្រាកដ ទាំងព្រះ បរម សារីរិកធាតុ នឹងព្រះពុទ្ធរូបស្នងព្រះអង្គ ក៏នៅមានប្រាកដដែរ សូមព្រះដ៏មានបុណ្យជាបរម សាស្តា ទ្រង់ព្រះមេត្តាប្រោសទទួលនូវគ្រឿងសក្ការបូជារបស់យើង ខ្ញុំព្រះអង្គ ដែលបានរៀបចំ ថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ស ឲ្យយើងខ្ញុំព្រះអង្គបានប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ និងសេចក្តីចម្រើន ដ៏ធំទូរលាយ អស់កាលជាអង្វែងទៅ៤៤ ។( ក្រាបថ្វាយបង្គំម្តង )
ជាបន្តទៅលោកអាចារ្យត្រូវវេរគ្រឿងសក្ការបូជាដូចតទៅនេះ៖
ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោ
តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ ។
តថា ហិ ខោ អម្ហាកំ លោកនាយកោ សោណសំវច្ជរេ វិសាខបុណ្ណមីយំ
សុក្រវារេ គព្ភានិក្ខមនំ បត្វា ច កុក្កដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មឹ សព្វញ្ញុតំ
បត្វា ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។
តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហិ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា
សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ហតុ សាសនស្ស
ឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន កាលឥឡូវនេះ ជាថ្ងៃពេញបូណ៌មីខែពិសាខប្រកបដោយនក្ខត្តសម័យ ដូចសម័យរបស់ព្រះដ៏មានព្រះភាគ ជាម្ចាស់នៃយើងនោះប្រាកដ។ត្បិត ថាព្រះលោកនាយកជាម្ចាស់នៃយើង កាលទ្រង់ប្រសូតចាកគភ៌(ព្រះមាតា)ក្នុងថ្ងៃសុក្រពេញបូណ៌មី ខែពិសាខឆ្នាំចនោះក្តី ត្រាស់ដឹងសព្វញ្ញុត្តញ្ញាណ ក្នុងថ្ងៃពុធពេញបូណ៌មីខែ ពិសាខឆ្នាំរកានោះក្តី ទ្រង់បរិនិព្វានក្នុងថ្ងៃអង្គារពេញបូណ៌មី ខែពិសាខឆ្នាំម្សាញ់នោះក្តីមានហើយដោយពិត ។
ព្រោះហេតុនោះ ( កាលឥឡូវនេះ ) យើងខ្ញុំទាំងឡាយ រឭកនូវនក្ខត្តសម័យនោះៗរបស់ ព្រះអង្គ ទើបនាំគ្នាមកជួបជុំក្នុងទីនេះ ធ្វើបូជាដោយគ្រឿងសក្ការផ្សេងៗមានប្រទីបធូបទៀន និង កម្រងផ្កាជាដើមផង បូជាដោយធម៌ផង។ បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ដែលទ្រង់បរិព្វានហើយ សូម្បីអស់កាលជាយូអង្វែងហើយក្តី សូមព្រះអង្គទទួលនូវគ្រឿងបណ្ណាការទាំងនេះ ដែលទុគ្គតបណ្ណាការរបស់យើងខ្ញុំទាំងឡាយ ដើម្បីធ្វើឲ្យសាសនារុងរឿងស្ថិតស្ថេរទៅផង ដើម្បីជាប្រយោជន៍ និងសេចក្តីសុខផង ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង៤៥ ។
លុះចប់វិធីប្រកាសវិសាខបូជានេះ និមន្តធម្មកឋិកសម្តែង ធម៌ទេសនា។ លុះចប់ធម៌ទេសនា ពុទ្ធបរិស័ទណាចេះសូធ្យធម៌បទផ្សេងៗ ដែលស្របនឹងពិធីបុណ្យនេះ ដូចជា នមោ ៨បទ និងធម៌បទដែលពិពណ៌នាអំពីពុទ្ធប្បវត្តជាដើម។ ក្នុងកម្មវិធីបុណ្យនេះ ពុទ្ធបរិស័ទគួរតែកំសាន្ត តាមផ្លូវព្រះ
ធម៌ឲ្យបានទល់ភ្លឺ កុំឲ្យខុសរបៀបពីបុរាណ ។
៣.១.២.បុណ្យមាឃបូជា
បុណ្យមាឃបូជា ក៏ជាពិធីបូជាមួយយ៉ាងធំ ដែលពុទ្ធសាសនិកនាំគ្នាបា្ររព្ធធ្វើនៅថ្ងៃពេញបូណ៌មី ខែមាឃ។ គេកំណត់យកថៃ្ងពេញបូណ៌មី(១៥កើត) ខែមាឃ ព្រោះថ្ងៃខែនេះទាក់ទងទៅនឹងពុទ្ធប្រវត្តិ។ បុណ្យមាឃបូជាធ្វើឡើងដើម្បីថ្វាយគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ ត្រង់ថៃ្ងពេញបូណ៌មី ខែមាឃ។
តាមទស្សនៈព្រះពុទ្ធសាសនា ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង ដើម្បីរំលឹកដល់ថៃ្ងសំខាន់ៗក្នុងព្រះពុទ្ធសាសនា ២ យ៉ាងគឺ ៖
១-រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងឱវាទប្បាតិមោក្ខ ហើយប្រជុំចតុរង្គសន្និបាតប្រកបដោយអង្គ៤ គឺអង្គទី១ ជាថ្ងៃពេញបូណ៌មីខែមាឃ, អង្គទី២ ព្រះអរហន្ត១២៥០អង្គ គឺក្រុមបុរាណជដិល១០០០ ក្រុមអគ្គសាវ័ក២៥០អង្គ បានមកជួបជុំឯងៗ ឥតមាននរណានិមន្ត, អង្គទី៣ ព្រះអរហន្តទាំងនោះ សុទ្ធតែសម្រេចអភិញ្ញា៦, អង្គទី៤ ព្រះអរហន្តទាំងនោះ សុទ្ធតែជាឯហិភិក្ខុបួសផ្ទាល់ព្រះអង្គ ដោយមានសកពុកមាត់ពុកចង្កា កោរស្រាប់មានបាត្រនឹងចីវរសម្រេចដោយរិទ្ធិ៍ស្រាប់ៗ៤៦។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងឱវាទប្បាតិមោក្ខ នៅថ្ងៃពេញបូណ៌មី ខែមាឃ ក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៤ ឆ្នាំ ។
២ - រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ មានសេចក្កីដំណាលថា គ្រាបច្ចិម ពោធិកាល ដែលព្រះពុទ្ធអង្គទ្រង់សណ្ឋិតនៅក្នុងបច្ចិមវ័យ ព្រះជន្មគម្រប់ ៨០ឆ្នាំហើយ មុនថៃ្ង បរិនិព្វាន៣ខែ គឺថៃ្ងពេញបូណ៌មី ខែមាឃ ទ្រង់ប្រថាប់នៅ បាវាលចេតិយ ។ វេលានោះ ក្រុងមារ មកនិមន្តព្រះអង្គឲ្យបរិនព្វាន ព្រះអង្គទ្រង់មានព្រះបន្ទូលថា នែមារ អ្នកកំបាច់ ខ្វល់ខ្វាយ មិនយូរ ប៉ុន្មានទេ នៅតែ ៣ ខែទៀតគឺដល់ ថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខនេះ តថាគត នឹងបរិនិព្វានហើយ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ ដាក់ព្រះជន្មាយុសង្ខារ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែមាឃ ក្នុងឆ្នាំម្សាញ់ មុនពុទ្ធសករាជ ៣ខែ ។
តាមទំនៀមពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្តនីមួយៗ ហេតុនេះហើយបានជាគេ ឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ដោយមានមហាជន ចាស់ ក្មេង ប្រុស ស្រី ប្រកបដោយគ្រឿងសក្ការបូជា មានផ្កាភ្ញី ទៀន ធូបជាដើម នៅប្រជុំគ្នាយ៉ាងអ៊ូអរ ។
តាមបញ្ញាត្តិនៃប្រពៃណីពុទ្ធសាសនាពិធីបុណ្យនេះតម្រូវឲ្យពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណព្រះវិហារ ៣ជុំ សិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀន ធូប បូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពីពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បីឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង ។
នៅក្នុងប្រទេសកម្ពុជាបុណ្យមាឃបូជា ប្រហែលជាគេប្រារព្ធធ្វើឡើងដំណាល់គ្នានិងបុណ្យ
វិសាខបូជាដែរ ព្រោះបុណ្យទាំងពីរធ្វើឡើង ដើម្បីរំលឹកដល់ថៃ្ងសំខាន់ៗក្នុងព្រះពុទ្ធសាសនាដូចគ្នា គឺក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ១៨៥៤៤៧។
នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រាទី៤៣ ចែងថា ពុទ្ធសាសនាជា សាសនារបស់រដ្ឋ ហេតុដូច្នេះហើយ បុណ្យមាឃបូជាត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា លើកដំកើង ចាត់ទុកជាថ្ងៃបុណ្យជាតិរបស់ប្រទេសកម្ពុជា ។
បុណ្យមាឃបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស ២យ៉ាងគឺប្រារព្ធយកត្រង់ថ្ងៃដែលសម្តេចព្រះភគវាទ្រង់សម្តែងនូវឱវាទប្បាតិមោក្ខមួយ និងប្រារព្ធត្រង់ថ្ងៃដែលសម្តេចព្រះសម្ពុទ្ធទ្រង់ដាក់ព្រះជន្មយុសង្ខារមួយ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់លើកយកថ្ងៃពេញបូណ៌មីខែមាឃ ទុកជាពិធីធ្វើសក្ការបូជាដរាបរៀងរាបមកទល់នឹងសព្វថ្ងៃនេះ ។
ពិធីកម្មរបស់អាចារ្យក្នុងពិធីបុណ្យមាឃបូជា
នៅពេលរសៀល អាចារ្យដឹកនាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ដង្ហែគ្រឿងសក្ការៈ ផ្សេងៗប្រទក្សិណព្រះវិហារ៣ជុំ បន្ទាប់មកនាំនមស្ការព្រះរតនត្រ័យ និងសមាទានសីល រួចសឹមប្រកាសមាឃបូជា លោកអាចារ្យត្រូវអានមួយឃ្លាម្តងៗ ឲ្យឧបាសក ឧបាសិកា និងពុទ្ធបរិស័ទថាតាមដូចតទៅ ៖ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។
សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ
សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។
ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់សំដែងនូវធម៌ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង
ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធ
អង្គនោះដោយគោរព ។( ក្រាបថ្វាយបង្គំម្តង )
និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន
ភគវតា តំ ធម្មំ អាទរេន នមស្សាម ។
ព្រះធម៌ណាដែលព្រះភគវន្តមុនីអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយប្រពៃ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង ព្រះធម៌នោះជាធម៌ស្រោចស្រង់សត្វពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយ បង្គំនូវព្រះធម៌ដោយគោរព ។( ក្រាបថ្វាយបង្គំម្តង )
សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។
ព្រះអរិយសង្ឃណា លោកប្រតិត្តិ ដើម្បីកំចាត់បង់ នូវសេចក្តីទុក្ខទាំងពូង ព្រះអរិយសង្ឃ នោះ ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ លោកប្រតិបត្តិដោយប្រពៃមែនពិត យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព ។( ក្រាបថ្វាយបង្គំម្តង )
ថ្ងៃនេះ ជាតិថីពេញបូណ៌មី នៃខែមាឃ មានព្រះចន្ទពេញវង់ ត្រូវនឹងថៃ្ងនៃសាវកសន្និបាត
របស់ព្រះសក្យមុនី អរហន្តសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើងសាវកសន្និបាននោះ ប្រកបដោយអង្គ៤ គឺ ថៃ្ងពេញបូណ៌មី ខែមាឃ ព្រះចន្ទចរចូលក្នុងមាឃនក្ខត្តឫក្ស នេះជាអង្គទី១ ព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ឥតមានអ្នកណានិមន្ត ឬណាត់ពេលវេលាគ្នាសោះឡើយ ក៏ស្រាប់តែមកប្រជុំគ្នា ក្នុង សំណាក់ព្រះបរមសាស្តានាវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មគធរដ្ឋ វេលាល្ងាច នេះជា អង្គទី២ ព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ សុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់ នេះជាអង្គទី៣ ព្រះភិក្ខុ សង្ឃចំនួន ១២៥០អង្គសុទ្ធតែជា ព្រះអរហន្តខីណាស្រពទាំងអស់នេះជាអង្គទី៤. ព្រះសព្វញ្ញូពុទ្ធ ទ្រង់ត្រាស់សម្តែងនូវឱវាទប្បាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃនោះ។ ការប្រជុំសាវ័កបែបនេះ ហៅថា ចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គ៤ ក្នុងពុទ្ធកាលនៃព្រះសក្យមុនី បរមគ្រូរបស់យើង មាន តែម្តងប៉ុណោះ។ មួយទៀត កាលដែលព្រះបរមសាស្តានៃយើង ទ្រង់មានព្រះជន្ម បើគិតតាម ឈ្មោះខែ នៅខ្វះ៤ខែ បើគិតតាមចំនួនថ្ងៃនៅខ្វះ៨៨ថៃ្ងទៀតនឹងគ្រប់៨០ឆ្នាំគត់ ព្រះអង្គទ្រង់កំណត់ នូវព្រះជន្មាយុសង្ខារថា ម្នាលភិក្ខុទាំងឡាយ គិតពិថ្ងៃនេះទៅនៅខ្វះតែ៤ខែទៀទេ តថាគតនឹង រលត់ខន្ធ ចូលកាន់បរិនិព្វាន។ ការកំណត់ព្រះជន្មាយុនេះនៅថ្ងៃ១៥កើត ខែមាឃដែរ។ តិថីនេះជា ឧបលក្ខិតសម័យមួយដ៍ឧត្តម ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសំរាប់ ពុទ្ធមាមិកជនទាំងបព្វជិត ទាំង គ្រហស្ថ ប្រជុំគ្នាធ្វើសក្ការបូជា ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះ ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ និងព្រះអរិសង្ឃជាសាវ័ករបស់ព្រះអង្គ។ ឥឡូវនេះ យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជន បានមកប្រជុំគ្នាបានរៀបគ្រឿង សក្ការ បូជា មានទៀនធូបនិងផ្កាជាដើម ក្នុងទីនេះដែលមានព្រះពុទ្ធរូបស្នងព្រះអង្គ គង់ជាប្រធាន ហាក់ ដូច ជាព្រះបរមសាស្តាអង្គនោះ ទ្រង់ស្តេចមកគង់ក្នុងទីចំពោះមុខនៃយើង ទាំងអស់គ្នាយើងខ្ញុំថ្វាយ នូវគ្រឿងសក្ការបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធ ព្រះអង្គនោះ ព្រមទាំងព្រះធម៌ និងព្រះអរិយ
សង្ឃ រតនត្រ័យទាំង៣ ដោយសេចក្តីគោរព ។
បពិត្រព្រះសក្យមុនីបរមគ្រូ របស់ទេវតានិងមនុស្សក្នុងលោក ឥតមានបុគ្គលណា មូយត្រឹម
ស្មើដោយព្រះអង្គឡើយ ទោះបីព្រះអង្គចូលបរិនិព្វាន បាត់ព្រះរូបព្រះកាយអស់កាល យូរអង្វែងទៅ
ហើយ ក៏ពិតមែន ប៉ុន្តែទ្រង់បានប្រតិស្ថាន ព្រះវិសុទ្ធោវាទគឺព្រះធម៌វិន័យ ដ៏បរិសុទ្ធវិសេស ទុកជា តំណាងព្រះអង្គ ព្រះគុណរបស់ព្រះអង្គ ក៏នៅមានប្រាកដ ទាំងព្រះសារីរិកធាតុ និងព្រះពុទ្ធរូប ស្នងព្រអង្គ ក៏នៅមានប្រាកដដែរ សូមព្រះដ៏មានបុណ្យ ជាបរមសាស្តា ទ្រង់ព្រះមេត្តា ទទួលនូវ គ្រឿងសក្ការបូជារបស់យើងខ្ញុំព្រះអង្គ ដែលរៀបចំថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ស ឲ្យយើងខ្ញុំ ព្រះអង្គ បានប្រកបដោយឥដ្ឋមនុញ្ញផល វិបុលសុខ និងសេចក្តីចម្រើន ដ៏ធំទូរលាយ អស់កាលជាអង្វែងទៅ៤៨ ។( ក្រាបថ្វាយបង្គំម្តង )
ជាបន្តទៅលោកអាចារ្យត្រូវវេរគ្រឿងសក្ការបូជាដូចតទៅនេះ៖
អជ្ជាយំ ភោន្តោ មាឃបុណ្ណមី សម្បត្តោ មាឃនក្ខត្តេន យុត្តោ បុណ្ណចន្ទោ
ហោតិ តទា ហិ អរហន្តសម្មសម្ពុទ្ធោ វេឡុវនេ កលន្ទកនិវាបេ មាឃបុណ្ណមីយំ វឌ្ឍមានកច្ឆាយាយ ចតុរង្គិកេ សាវកសន្និបាតេ ឱវាទប្បតិមោក្ខំ ឧទ្ទិសិត្វា
វិសុទ្ធុប្បោសថំ អកាសិ សព្វេសំ ខីណាសវានំយេវ អឌ្ឍតេឡសានំ ភិក្ខុសតានំ ។
អថ ច បន អម្ហាកំ លោកនាយកោ បាវាលចេតិយេ សតោ សម្បជានោ អសីតិយា វស្សកាលេ ឥតោ តិណ្ណំ មាសានំ អច្ជយេន តថាគតោ បរិនិព្វាយិស្សាមីតិ អាយុសង្ខារំ ឱស្សជ្ជំ ឱស្សជ្ជត្វា ច បន ភូមិចាលោ អហោសិ ។ តេនហិ មយន្ទានិ ឥមំ មាឃបុណ្ណមី នក្ខត្តសមយំ យថាតក្កាលសទិសំ សម្បត្តា តស្ស តំ តំ អនស្សមានា ឥធ សមាគតា រតនត្តយស្ស ឥមេហិ ទីបធូបុបា្ផទិសក្ការេហិ អភិបូជេម សាធុ នោ ភន្តេ ភគវា សសាវកសង្ឃោ សុចិរបរិនិព្វុតោបិ ឥមេ សក្ការេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
បពិត្រលោកទាំងឡាយដ៏ចម្រើន ថ្ងៃនេះជាថ្ងៃមាឃបុណ្ណមីដល់ព្រមហើយ ប្រកបហើយ ដោយមាឃនក្ខត្តឬក្ស មានព្រះចន្ទពេញវង់បា្រកដ សេចក្តីពិតថា ព្រះអរន្តសម្មាសម្ពុទ្ធ ទ្រង់ប្រថាប់នៅក្នុងវេឡុវ័នកលន្ទកនិវាបស្ថាន សម្តែងនូវឱវាទប្បាតិមោក្ខ ធ្វើវិសុទ្ធិឧបោសថ ចំពោះភិក្ខុ១២៥០ អង្គសុទ្ធតែព្រះខីណាស្រពទាំងអស់ ក្នុងទីប្រជុំសាវ័ក ប្រកបដោយអង្គ៤ វេលារសៀលថ្ងៃពេញ បូណ៌មីខែមាឃ។
មួយវិញទៀត សម្តេចព្រះលោកនាយក អម្ចាស់នៃយើងទ្រង់ប្រថាប់នៅ ក្នុងបាវាលចេតីយ៍
ទ្រង់មានសតិសម្បជញ្ញ:ដាក់ចុះនូវជន្មាយុសង្ខារថា កន្លង៣ខែទៀត រាប់តាំងពីខែនេះ តថាគតនឹង
បរិព្វាន គម្រប់ជន្មាយុ៨០ឆ្នាំគត់ លុះទ្រង់ដាក់ជន្មាយុសង្ខារហើយ ក៏កើតញាប់ញ័រផែនដី។ ព្រោះហេតុនោះឥឡូវនេះ យើងខ្ញុំទាំងឡាយ(បើ)ដល់ថ្ងៃមាឃបុណ្ណមី ជានក្ខត្តសម័យ ប្រហែល ដូចមាឃនក្ខត្តសម័យកាលនោះ ក៏រឭកដល់នូវកាលទាំងពីរនោះ របស់ព្រះដ៏មានព្រះភាគ ទើបមកជុំគ្នាស្ថាននេះ បូជាចំពោះព្រះរតនត្រ័យ ដោយគ្រឿងសក្ការបូជាទាំងឡាយ មានទៀន ធូប កម្រផ្កាជាដើមនេះ បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងព្រះសង្ឃសាវ័ក សូម្បីបរិនិព្វានហើយជាយូរអង្វែង សូមទទួលនូវគ្រឿងសក្ការៈទាំងឡាយនេះ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង៤៩ ។
លុះចប់វិធីប្រកាសមាឃបូជានេះ និមន្តធម្មកឋិកសម្តែងធម៌ទេសនា ។ លុះចប់ធម៌ទេសនា
ពុទ្ធបរិស័ទណាចេះសូធ្យធម៌បទផ្សេងៗ ដែលស្របនឹងពិធីបុណ្យនេះ ដូចជា នមោ ៨បទ និងធម៌បទដែលពិពណ៌នាអំពីពុទ្ធប្បវត្តជាដើម។ ក្នុងកម្មវិធីបុណ្យនេះ ពុទ្ធបរិស័ទគួរតែកំសាន្ត តាមផ្លូវព្រះធម៌ឲ្យបានទាល់ភ្លឺ កុំឲ្យខុសរបៀបពីបុរាណ ។
៣.១.៣.បុណ្យកឋិនទាន
កឋិនទានជាពិធីបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនា ដែលជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ កាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តី អាចធ្វើបានតែក្នុងសម័យតែ១ខែគត់ ( ២៩ថ្ងៃ ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិន ក៏ដោយ
ក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាតឡើយ៥០។
ពាក្យថា កឋិនៈសព្ទនេះ បើតាមអត្ថកថា លោកសំដៅយកពុទ្ធដីកា ដែលព្រះសម្ពុទ្ធទ្រង់ សម្តែងបញ្ញត្តិទុកមកថា ការប្រជុំរួបរួមរូបធម៌ និងនាមធម៌ហៅថា កឋិនៗនេះលោកពន្យល់ថា មក អំពីកថៈ ធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ ១.ប្រែថារស់បានដោយកម្រ សមដូចវិគ្គហៈថា កថតិ កិច្ឆេន ជីវតីតិ> កថិនោសភាវៈឯណារស់នៅបានដោយកម្រ សភាវៈនោះហៅថា កឋិន ព្រោះលោកប្រៀបថា ដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹង ផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំង ឡើងជាកឋិនពេញទី ក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។ ២.ប្រែថាពោលសរសើរ ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះ ជាទានវិសេសជាងទានដទៃៗ ដែលព្រះអរិយ ទាំងឡាយ មានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថាជាទានវិសេសអាចរួបរួម ឬសង្រ្គោះ ទុកនូវអានិសង្ស៥យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅក្នុងទីដទៃបាន សមដូចវិគ្គហៈថា ៖បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ> កថិនំ ធម្មជាតិឯណាក្រៀកទុកឬសង្រ្គោះទុកនូវអានិសង្សទាំង ៥ មិនឲ្យទៅក្នុងទីដទៃបានធម្មជាតិនោះ ឈ្មោះថា កឋិន៥១ ។
បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត
ឲ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច គឺការក្រាលគ្រង និងអនុមោនាកឋិននោះ ដើម្បី
សម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភ សក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។ ការសម្រាលទុក្ខនេះ ទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សា អស់ត្រៃមាសបានត្រឹមត្រួវមិនដាច់វស្សានោះឯង។ ម្យ៉ាងទៀតកឋិនទាន លោកសំដៅយកតែចីវរប្បច្ច័យ គឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ។ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ ( ស្បង់ ១ ចីពរ ១ សង្ឃាដី ១ ) គឺលោកក្រាលបានតែ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយ លោកហៅថាខូចកឋិន ឬកឋិនត្ថារវិបត្តិ។ ប៉ុន្តែការដែលអ្នកមានសទ្ធាជាអ្នកមានធូរធា ស្តុកស្តម្ភ អាចនាំសំភារជាច្រើន ដូចជា ចីវរ១ត្រៃ ឬច្រើនត្រៃ បិណ្ឌបាតបច្ច័យ សេនាសបច្ច័យ និងគិលានភេសជ្ជបច្ច័យ ព្រមទាំងបច្ច័យសង្កត់ត្រៃសម្រាប់កសាង និងអានិសង្សលាភផ្សេងៗ ។
កឋិនទាន ជាចីវរទានដូចទានទាំងពួងដែរ តែមានឈ្មោះវិសេសតាមកាលបរិច្ឆេទ ដែលហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងឡាយទាំងពួង ព្រោះប្លែកពីទានឯទៀត ប្លែកដោយលក្ខណាការ ៥ យ៉ាងគឺ៖
១-ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថា កឋិនមានតែ ២៩ ថ្ងៃ គឺខែអស្សុជ ១៤ ថ្ងៃពី ត្រឹម ១រោចដល់ ១៥រោច (ខែដាច់) ខែកត្តិក ១៥ ថ្ងៃ ពីត្រឹម ១កើត ដល់១៥កើត (ពេញបូណ៌មី)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុងរដូវនេះ ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពី ថ្ងៃទាំង ២៩ នេះពុំបានទេ ហើយវត្តមួយធ្វើបានតែម្តង ក្នុងមួយរដួវកឋិនភិក្ខុទទួលកឋិនបានម្តង។
២-ប្លែកដោយវត្ថុ គឺសំពត់ដែលយកមកធ្វើកឋិននោះ បានតែស្បង់ ឬចីវរ ឬក៏សង្ឃាដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ ( ស្បង់ ១ ចីពរ ១ សង្ឃាដី ១ ) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ ។
៣-ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឲ្យត្រូវរបៀបតាមវិនយបញ្ញត្តិ ហើយសង្ឃក៏គម្បី ក្រាលគ្រងនិងអនុមោទនាឲ្យត្រឹមត្រូវតាមវិនយប្បញ្ញត្តិដែរ ទើបកើតជាកឋិនពេញលក្ខណៈបាន។
៤-ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុ ក្រៅពីភិក្ខុពុំបាន ភិក្ខុនោះ ទៀតលុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រងនិងអនុមោទនាក្នុងវត្ត នោះបាន ភិក្ខុដែលមិនបាននៅចាំវស្សា ឬបាននៅចាំវស្សាដែរ តែឲ្យដាច់ក៏ទទួលពុំបាន។
៥-ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអាសង្ស៥២។
បុព្វហេតុនាំឲ្យកើតកឋិន គឺនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុង
វត្តជេតពន ជាអារាមរបស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០រូប នៅក្នុងដែនបាឋេយ្យៈ ធ្វើដំណើរទៅកាន់ក្រុងសាវត្ថី ដើម្បីក្រាបថ្វាយបង្គំគាល់ព្រះសម្ពុទ្ធ ដែលគង់នៅ វត្តជេតពន នៅក្នុងពេលចេញវស្សា ដែលជារដូវនៅមានទឹកភ្លៀងជោកជាំ នាំឲ្យភិក្ខុ៣០រូបនោះ មានស្បង់ចីពរ សង្ឃាដីទទឹកជោកអស់ មានការលំបាកតាមផ្លូវយ៉ាងខ្លាំង ។ លុះទៅដល់ ភិក្ខុទាំង
៣០រូប ក៏បានចូលទៅក្រាបថ្វាយបង្គំ ព្រះសម្ពុទ្ធ ។ នៅពេលនោះ ព្រះសម្ពុទ្ធព្រះអង្គមានបន្ទូល រួសរាយត្រាស់សួរ អំពីសុខ-ទុក្ខចំពោះ ភិក្ខុទាំង៣០រូបនោះ ហើយព្រះអង្គបានជ្រាបពីសេចក្តី លំបាកខ្លាំង ក្នុងការធ្វើដំណើរមកនៃភិក្ខុទាំងនោះ ព្រះអង្គសម្តែងនូវធម្មីកថា នាំឲ្យភិក្ខុទាំង៣០រូប នោះ សម្រេចព្រះអរហត្តផលគ្រប់អង្គ។
លំដាប់ពីនោះមក ព្រះសម្ពុទ្ធទ្រង់មានព្រះពុទ្ធចិន្តាថា ប្រសិនបើតថាគតបានអនុញ្ញាតនូវ កឋិនត្ថារកិច្ច ដល់ភិក្ខុទាំងឡាយរួចហើយ ភិក្ខុទាំង៣០ រូបនេះនឹងអាចទុកចីវរ១ នៅកន្លែងរបស់ ខ្លួន ហើយមកដោយមានតែស្បង់១ ចីពរ១ប៉ុណ្ណោះ នឹងមិនលំបាកតាមផ្លូវយ៉ាងនេះឡើយ រីឯ កឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គ ក៏ធ្លាប់តែទ្រង់អនុញ្ញាតមកដែរ៥៣ ។
លុះព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះពុទ្ធចិន្តាយ៉ាងនេះហើយ ទើបទ្រង់ឲ្យប្រជុំភិក្ខុទាំងឡាយ ហើយ ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា៖
អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ៥៤។
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ ទទួល ក្រាលកឋិនបាន ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែល
បានក្រាលកឋិនរួចហើយ ។
បន្ទាប់ពីបានដឹងថា ព្រះពុទ្ធអង្គទ្រងអនុញ្ញាតឲ្យសាវ័កទទួលកឋិនត្ថារកិច្ច ព្រះបាទបសេន ទិកោសល បានផ្តើមធ្វើកឋិនទានមុនគេបង្អស់ក្នុងសម័យពុទ្ធកាល ។ កាលនោះព្រះមហាកច្ចាយ នត្ថេ ជាប្រធាន បានទទួលការក្រាលគ្រងកឋិនឲ្យសម្រេចគ្រប់ប្រការ ។ ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនាក្នុងពិធីបុណ្យនោះ ដោយទ្រង់សរសើរអំពីអានិសង្ស នៃកឋិនទានជាអនេក បរិយាយ។
ពិធីកម្មរបស់អាចារ្យក្នុងពិធីបុណ្យកឋិនមានដូចជា៖
- កិច្ចធ្វើសំពត់កឋិន តាមពុទ្ធនុញ្ញាតសំពត់ដែលជាវត្ថុនៃកឋិននោះ ទោះជាសំពត់ថ្មីក៏ បាន សំពត់ជំនំដែលបោកស្អាតក៏បាន សំពត់បង្សុកូលក៏បាន សំពត់ធ្លាក់ក្នុងចន្លោះរានផ្សារក៏បាន ដែលអ្នកណានីមួយជាគ្រហស្ថក៏ដោយ ជាបព្វជិតក៏ដោយ មានសទ្ធាជ្រះថ្លា ។ សម័យបច្ចុប្បន្ននេះ ទាយកទាយិកាអ្នកធ្វើកឋិន គេតែងធ្វើដោយត្រៃចីវរ គឺស្បង់ ចីពរ សង្ឃាដី ដែលដេរជ្រលក់បាន ពណ៌ត្រឹមត្រូវស្រេច ហើយគេដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់ ៣ខែ នៅវត្តណា មួយតាមចិត្តដែលគេជ្រះថ្លា ។
-កិច្ចសុំវត្ដធ្វើកឋិន កាលទាយកជាម្ចាស់កឋិន គេចាត់ចែងធ្វើសំពត់កឋិនបានហើយ គេ ទៅទួលសុំវត្តនោះ ដល់គ្រូចៅអធិការឲ្យបានជ្រាបជាមុន ថាខ្លួននឹងហែកឋិនចូលមកនៅថ្ងៃ ខែតាម ដែលត្រូវការ កាលបើលោកយល់ព្រមហើយ គេក៏កំណត់ថា និងហែតាមកាលបរិច្ឆេទនោះ ។
-កិច្ចផ្សាយដំណឹងបុណ្យកឋិន សម័យបុរាណ គេកំណត់ថា នឹងហែទៅចូលវត្តណាដោយ បានទួលដំណឹងដល់ព្រះសង្ឃក្នុងវត្តនោះហើយ គេប្រាប់ដោយមាត់ទទេ ដល់ញាតិមិត្តជិតឆ្ងាយ និងអ្នកចំណុះជើងវត្តជាមួយឲ្យជួយអនុមោទនា តែសម័យបច្ចុប្បន្ន គេប្រាប់ដោយបោះពុម្ពប្រូក្រាម
បុណ្យ ចែកជូនដល់ញាតិមិត្តរបស់គេ និងធ្វើសេចក្តីជូនដំណឹងតាមរយៈ វិទ្យុនិងទូរទស្សន៍ ។
-កិច្ចសូត្រមន្តកឋិន និងទេសនា កិច្ចចម្រើនព្រះបរិត្ត ដែលអ្នកផងតែងហៅថា សូត្រមន្ត នោះ ជាកិច្ចគឺពុទ្ធសាសនិកជនតែងធ្វើតាមពេលដែលត្រូវការ ដោយគេជឿថា ជាកិច្ចរំដោះគ្រោះ ថ្នាក់ កំចាត់ចង្រៃ ចម្រើនសិរីសួស្តីជ័យមង្គល ។
-កិច្ចហែកឋិន ម្ចាស់ដើមបុណ្យចាប់ផ្តើមរៀបចំដង្ហែអង្គកឋិនទាន ចេញពីផ្ទះទៅកាន់វត្ត លុះហែដល់វត្តដែលគេត្រូវការនោះ ហើយម្ចាស់បុណ្យស្រីទួលត្រៃអង្គកឋិន ម្ខាស់បុណ្យប្រុសកាន់ បាត្រ ឬបរិក្ខារ ពួកញាតិមិត្តខ្លះ កាន់បរិក្ខារផ្សេងៗ ដើរហែប្រទក្សិណព្រះវិហារជាទក្ខិណ ( វិលស្តាំ )៣ជុំ ហើយអាចារ្យស្រែកឃោសនាថា សូមអនុមោទនាលោក-អើយ ! អនុមោទនា! អ្នកដើរហែទាំងអស់ទទួលថា សាធុ សាធុ ដើម្បីធ្វើឲ្យពុទ្ធបរិស័ទ មានសេចក្តីសោមនស្សជ្រះថ្លា
រីករាយឡើងថែមទៀត ហើយចូលទៅក្នុងព្រះវិហារដំកល់ត្រៃអង្គកឋិនក្នុងជំនុំសង្ឃ ។
-កិច្ចសូត្រសុន្ទរកថាពណ៌នាពីបុណ្យកឋិន បន្ទាប់ពីហែ ៣ជុំរួច ចូលទៅក្នុងព្រះវិហារអង្គុយ ក្នុងកន្លែងដ៏សមគួរហើយ លោកអាចារ្យនាំនមស្សការព្រះរតនត្រ័យ និងសមាទានសីល រួចហើយ ម្ចាស់ដើមបុណ្យផ្ទាល់ ឬលោកអាចារ្យវត្ត ឬក៏អ្នកតំណាងម្ចាស់ដើមបុណ្យ ឡើងថ្លែងសុន្ទរកថាអំពី ដំណើរការបុណ្យកឋិនទាន ។
-កិច្ចវេរសំពត់កឋិន លុះចប់សុន្ទរកថាហើយ ឧបាសក ឧបាសិកា ទាំងអស់អង្គុយបត់ជើង
បែរមុខឆ្ពោះទៅព្រះសង្ឃលើកដៃប្រណម្យឡើង អ្នកដើមការ ឬអាចារ្យនាំសូត្រ នមោ ៣ ដង រួចវេរ
សំពត់កឋិនដូចតទៅ៖
ឥមំ ទុស្សំ កឋិនចីវរំ សង្ឃស្ស ទេម ។ ទុតិយម្បិ ។ តតិយម្បិ ។
យើងខ្ញុំទាំងឡាយ សូមវេរប្រគេននូវសំពត់នេះ ជាចីវរដើម្បីកឋិនដល់ភិក្ខុសង្ឃ។ អស់វរៈពីរដងផង។ អស់វរៈបីដងផង៥៥។
កាលវេរសំពត់កឋិនហើយ អាចារ្យវេរគ្រឿងបរិក្ខារជាបរិវារកឋិនដូចតទៅទៀត៖
យេនម្ហាកំ កឋិន គហិតំ កឋិនានិសង្សានិ តស្សេវ ទេមិ ។ ទុតិយម្បិ............។ តតិយម្បិ .................។
បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើនអើយ រីកឋិននៃយើងខ្ញុំទាំងឡាយ គឺលោកម្ចាស់ អង្គណា
បានទទួលកាន់យកហើយ យើងខ្ញុំទាំងឡាយសូមវេរនូវគ្រឿងបរិក្ខារជាបរិវារនៃកឋិនទាំង ឡាយ ប្រគេនដល់លោកម្ចាស់អង្គនោះ ។ អស់វរៈពីរដងផង។ អស់វរៈបីដងផង។
កាលវេរដោយវាចាហើយ គម្បីតម្តល់សំពត់កឋិន នៅចំពោះមុខព្រះសង្ឃ ក្នុងហត្ថបាស
ដែលមានប្រវែង ២ហត្ថ ១ចំអាមពីលោក មិនបានប្រគេនដោយដៃទេ ព្រោះក្នុងវិន័យមានចែងថា គម្បីប្រគេនតែដោយវាចា មិនគម្បីប្រគេនដោយកាយឡើយ៥៦ ។
កាលទាយកវេរសំពត់កឋិន ព្រមទាំងគ្រឿងបរិក្ខារកឋិនហើយ ព្រះសង្ឃលោកទទួលដោយ
តុណ្ហីភាព ហើយលោកសូត្រធម៌អនុមោទនាដោយគាថាផ្សេងៗ មានគាថាសម្តែងពីកាលទានជា ដើម។ លុះអនុមោទនាចប់ហើយ ទាយក ទាយិកា គប្បីចូលទៅប្រគេននូវគ្រឿងបរិក្ខារផ្សេងៗជា បរិវារកឋិន ដល់ព្រះសង្ឃគ្រប់អង្គតាមលំដាប់លំដោយ រហូតដល់សព្វគ្រប់ព្រះអង្គ ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ឬលោកតាអាចារ្យ ឬតំណាងម្ចាស់ដើមបុណ្យ គប្បីបវារណាបច្ច័យ ជាលទ្ធផល នៃបុណ្យកឋិនចំពោះសង្ឃ ។ ឯបច្ច័យជាលទ្ធផលនៃបុណ្យនោះ គប្បីចែកជា២ ចំណែក ចំណែកទី ១បច្ច័យសម្រាប់បវារណាចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ចំណែកទី២បច្ច័យ សង្កត់ត្រៃសម្រាប់កសាង
សេនាសនផ្សេងៗក្នុងវត្តអារាម ។
-កិច្ចឧទ្ទិសផល បន្ទាប់ពីបវារណាបច្ច័យដល់ព្រះសង្ឃ និងប្រគេនបច្ច័យសង្កត់ត្រៃហើយ លោកតាអាចារ្យដឹកនាំសូត្រ យំ កិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យ ។
៣.១.៤.បុណ្យចូលព្រះវស្សា
បុណ្យចូលព្រះវស្សា ជាបុណ្យមានចែងនៅក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសកឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្សៈ ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈ ពេល៤ ខែ គឺរាប់ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ១៥ កើត ខែកត្តិក រយៈពេលនោះឯង ហៅថា វស្សានរដូវ ។
ព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានោះ ពីព្រោះហេតុខាងដើម ២ យ៉ាងគឺ៖
១-ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង
ពោលនូវទោសដែលមានប្រការផ្សេងៗ។
២-ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុងសាសនា លំបាកក្នុងការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល៣ខែ៥៧។
សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័នកលន្ទកនិវាបស្ថានទៀបក្រុងរាជគ្រឹៈ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមានព្រះភាគមិនទាន់បានបញ្ញត្តដល់ភិក្ខុទាំងឡាយនៅ ឡើយ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ មនុស្សទាំងឡាយ ក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុ ដែលមានជីវិត មានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃទាំងនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នៅសម្ងំឈប់សម្រាកនៅចាំវស្សា សូម្បីទាំងពួកសត្វស្លាបនោះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយនឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចំឡែកតែពួកសមណៈជាសក្យបុត្តិយ៍នេះ នៅតែដើរទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស។ កាលមនុស្សទាំងនោះ កំពុងពោលទោសតិះដៀលបន្តុះបង្អាប់ ភិក្ខុទាំងឡាយ ក៏បានឮច្បាស់ គ្រានោះឯងភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯង រួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុន្តិ ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យ ភិក្ខុចូលវស្សា៥៨ ។
នៅក្នុងវិន័យបិដក មហាវគ្គភាគ ៧ ត្រង់វស្សូបនាយិកក្ខន្ធកៈ លោកសម្តែងថា ការចូលវស្សា មាន ២យ៉ាងគឺ ទី១. ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ ១រោច ខែអាសាធ (បើឆ្នាំ ណាលើកខែអាសាធពីរដងនោះ ចូលវស្សានេះនៅថ្ងៃ១រោចខែទុតិយាសាធ) តទៅអស់ ១ត្រៃមាស (៣ខែ) ទើបចេញវស្សា នៅថ្ងៃ ១៥កើតខែអស្សុជ។ ឯទី ២.ហៅថាបច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើតខែកត្តិកទើបត្រូវចេញ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់សាវ័កក្រែងមានកិច្ចរវល់ប្រការណាមួយ ដែលពុំអាចចូលវស្សាទី១ ឲ្យចូលវស្សាទី២បាន ។
ការចូលវស្សា និយាយតាមបទព្រះវិន័យ ជាកិច្ចរបស់ព្រះសង្ឃដោយឡែកផ្សេង មិនទាក់ ទាមដោយគ្រហស្ថផងទេ។ ពាក្យថាចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនវោហារ បានសេចក្តីថា កាលដែលភិក្ខុសង្ឃឈប់សម្រាកនៅទីណាមួយ ឬវត្តណាមួយ កំណត់អស់វេលា៣ខែ ក្នុងរដូវភ្លៀង ដោយមិនបានត្រេចទៅណាមកណាឲ្យកន្លងរាត្រីឡើយ។ វៀរលែងតែមានហេតុការចាំបាច់ ដូចជា មាតាបិតា ឬគ្រូឈឺជាទម្ងន់ ឬដល់នូវមរណ ឬឧបាសកនិមន្តទៅសម្តែងធម៌ជាដើម ទើបទៅបាន ដើម្បីជួយឧបត្ថមកិច្ចការនោះៗ ដោយតាំងចិត្តថានឹងត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ ។
យើងដឹងហើយថា នៅថ្ងៃ១រោច ខែអាសាធ ជាថ្ងៃត្រូវចូលវស្សារបស់បព្វជិតក្នុងព្រះពុទ្ធ សាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត។ រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធសាសនិក ចំណុះជើងវត្តនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្តក៍ប្រារព្ធ ធ្វើបុណ្យចូលវស្សា ឬកាន់វស្សាផងដែរ តែធ្វើនូវថ្ងៃ១៥កើតខែអាសាធ មុនព្រះសង្ឃចូលព្រះវស្សា ១ថ្ងៃ។ បានសេចក្កីថា មុនថ្ងៃចូលព្រះវស្សាកន្លះខែ ឬថារាល់ថ្ងៃឧបោសថសីល( ថ្ងៃខែដាច់ខែជេស្ឋ ឬថ្ងៃ៨ កើតខែអាសាធ ) លោកអាចារ្យតែងតែប្រកូកប្រកាសជំរាបពុទ្ធបរិស័ទឲ្យដឹងជាមុន អំពីថ្ងៃ ចូលវស្សាខាងមុខ ( ប្រជុំពិភាក្សាឯកភាពគ្នាក្នុងជួរអាចារ្យ គណ:កម្មការវត្ត ចាស់ព្រឹទ្ធាចារ្យរួច ហើយ) ឲ្យពុទ្ធបរិស័ទត្រៀមលក្ខណ:ប្រុងរៀបចំចតុប្បច្ច័យ ទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សា ជាដើមសំរាប់ទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្ត និងជំរាបពុទ្ធបរិស័ទ មកជួបជុំគ្នានៅថ្ងៃទី១៥កើតខែអាសាធដោយនាំមកនូវទេយ្យវត្ថុផង។ អាចារ្យវត្តកន្លែងខ្លះ មានឲ្យលិខិតដែលកំណត់ទេយ្យវត្ថុអ្វីខ្លះ ក្នុងមួយកញ្ចប់និងប្រាក់សង្កត់លើទេយ្យវត្ថុនោះចាត់ចែងស្វែងរកទៀនធំៗ ហៅថា: ទៀន ចំណាំវស្សា(បើពុំមានអ្នកមានសទ្ធាណាបូជាទេ)ទៀនធំមួយគូនេះ សម្រាប់ដុត ចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធជាថ្ងៃចូលវស្សាមិនពន្លត់ដល់ថ្ងៃចេញវស្សា (៣ខែ)។ នៅថ្ងៃ១៥កើត ខែអាសាធ ក្រោយពីសមាទានឧបោសថសីលរួចហើយ លោកអាចារ្យប្រកាសឲ្យបរិស័ទយក បរិក្ខាររៀងៗខ្លួនចូលបុណ្យដែលត្រូវជួបជុំគ្នានៅម៉ោង២រសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា។ការចូលវស្សារបស់ទាយក ទាយិកានេះ មិនមែនជាពុទ្ធប្បញ្ញត្តិទេ គឺជាចេតនាកម្មដែលធ្វើដោយ សោមនស្សវេទនាញាណសម្បយុត្ត ។
ពិធីកម្មរបស់អាចារ្យក្នុងបុណ្យចូលវស្សាមានដូចជា៖
-កិច្ចប្រកាសដំណឹង អាចារ្យត្រូវប្រកាសដំណឹងប្រាប់ដល់ពុទ្ធបរិស័ទមុនកន្លះខែអំពីបុណ្យចូលព្រះវស្សារបស់ព្រះសង្ឃ។
-កិច្ចដង្ហែសំពត់សាដក នៅថ្ងៃ១៥កើតខែអាសាឍ ពេលរសៀលជួបជុំពុទ្ធបរិស័ទក្នុងវត្ត ហើយលោកអាចារ្យរៀបចំដង្ហែសំពត់សាដក ទៀនចំណាំវស្សា និងទេយ្យទានផ្សេងៗប្រទក្សិណព្រះវិហារ៣ជុំ រួចចូលទៅក្នុងព្រះវិហារ ។
-កិច្ចនមសា្ករ លោកអាចារ្យត្រូវដឹកនាំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ និងសមាទានសីល ហើយអារាធនាព្រះសង្ឃចំរើនព្រះបរិត្ត។
-កិច្ចវេរសំពត់សាដក បន្ទាប់ពីព្រះសង្ឃចំរើនព្រះបរិត្តរួច លោកអាចារ្យត្រូវដឹកនាំពុទ្ធបរិស័ទ សូត្រ នមោ៣ដង រួចវេរសំពត់សាដកព្រមទាំងបរិក្ខារដូចតទៅ៖
មយំ ភន្តេ ឥមា វស្សិកសាដិកាយោ ឥធានេត្វា សង្ឃសង្ស ទេម សាធុ ភន្តេ សង្ឃោ ឥមា វស្សិកសាដិកាយោ បដិគណ្ហតុ អម្ហាកំ ទីឃរតំ្ត អត្ថាយ ហិតាយ សុខាយ៥៩ ។ ទុតិយម្បិ........តតិយម្បិ.........។
បពិត្រព្រះគម្តែងសង្ឃដ៏ចំរើនអើយ យើងខ្ញុំទាំងឡាយបាននាំនូវសំពត់សម្រាប់ងូតទឹកភ្លៀង ទាំងឡាយនេះ មកតម្កល់ទុកក្នុងទីនេះ សូមវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយកនូវសំពត់សម្រាប់ងូតទឹកភ្លៀងទាំងឡាយនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខគ្រប់ប្រការដល់យើងខ្ញុំទាំងឡាយអស់កាលជាអង្វែងទៅហោង។ អស់វរៈពីរដងផង។ អស់វរៈបីដងផង។
កាលវេររួចហើយលោកអាចារ្យនាំពុទ្ធបរិស័ទលើកសំពត់សាដកព្រមទាំងបរិក្ខារប្រគេនដល់
ព្រះភិក្ខុសង្ឃ រួចហើយព្រះសង្ឃសូត្រធម៌អនុមោទនាដោយគាថាផ្សេងៗ។
-កិច្ចឧទ្ទិសផល ក្រោយពីព្រះសង្ឃអនុមោទនារួច អាចារ្យដឹកនាំពុទ្ធបរិស័ទសូត្រ យំ កិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យចូលព្រះវស្សា។
៣.២.ពិធីកម្មនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ
ពិធីកម្មនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ជាពិធីកម្មដែលគេរៀបចំធ្វើឡើងតាមប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណមក ហើយប្រភេទពិធីកម្មនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ត្រូវបានប្រជាជនខ្មែររៀបចំធ្វើឡើងស្របតាមទស្សនៈរបស់ជនជាតិខ្មែរ។ ដែលក្នុងសារណានេះ យើងនឹងបង្ហាញនូវពិធីកម្មរបស់អាចារ្យ ដែលមានក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរដូចជា ៖
១-បុណ្យចូលឆ្នាំខ្មែរ ៣-ពិធីរៀបអាពាហ៍ពិពាហ៍
២-បុណ្យកាន់បិណ្ឌនិងភ្ផំបិណ្ឌ ៤-បុណ្យសព
៣.២.១ បុណ្យចូលឆ្នាំ
គ្រប់ជនជាតិនៅក្នុងសកលលោក តែងមានពិធីធ្វើបុណ្យចូលឆ្នាំ ទៅតាមប្រពៃណីជនជាតិ
នីមួយៗរៀងៗខ្លួន។ ឯប្រពៃណីធ្វើបុណ្យចូលឆ្នាំ តែងមានលក្ខណៈប្លែកៗពីគ្នា តាំងពីពេល វេលា របៀបធ្វើបុណ្យ មិនដូចគ្នាទេ គឺគេនាំគ្នាធ្វើឱ្យស្របតាមប្រពៃណីជាតិសាសន៍រៀងៗខ្លួន ។
ពិធីបុណ្យចូលឆ្នាំខ្មែរ គេតែងប្រារព្ធធ្វើនៅថ្ងៃ១៣ ឬ១៤ ខែ មេសា ខែសុរិយគតិ ។ តែបើ គិតតាមថ្ងៃ ខែ ចន្ទគតិវិញ ថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃ៤កើត ខែចេត្រ ដល់ថ្ងៃ៤កើត ខែពិសាខ៦០។ តាមទំនៀមទម្លាប់ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្តទៅមានចំនួន ៣ ថ្ងៃ ៖
-ថ្ងៃដំបូង ហៅថា ថ្ងៃមហាសង្ក្រាន្ត
-ថ្ងៃទី ២ ហៅថា ថ្ងៃវ័នបត
-ថ្ងៃទី ៣ ហៅថា ថ្ងៃឡើងស័ក ។
បុព្វហេតុដែលនាំឲ្យបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះ ដោយអ្នកខ្លះមានជំនឿតាមរឿងព្រេងមួយ ដែលមានសេចក្តីជាអាទិ៍ថា កបិលមហាព្រហ្ម បានចោទប្រស្នា ៣ ខ ដល់ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀនចេះចប់នូវត្រៃវេទ និងចេះភាសាបក្សីទាំងពួង ហើយបានសន្យាថា បើដោះស្រាយមិនរួចទេនឹងកាត់ក្បាលធម្មបាល ផ្ទុយទៅវិញបើដោះស្រាយប្រស្នានោះរួច កបិលមហា ព្រហ្មនឹងកាត់ក្បាលវិញ ធម្មបាលទាល់ប្រាជ្ញា ប៉ុន្តែទីបំផុតបានស្តាប់សត្វឥន្ទ្រីញី ឈ្មោលសន្ទនាគ្នា អំពីប្រស្នានោះ ទើបបានយល់ឡើង ហើយដល់ថ្ងៃកំណត់ក៏បានឆ្លើយថាៈ
ខ ទី១-វេលាព្រឹក សិរីស្ថិតនៅមុខ ទើបមនុស្សត្រូវយកទឹកលុបមុខ។
ខ ទី២-វេលាថ្ងៃត្រង់ សិរីស្ថិតនៅទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង ។
ខ ទី៣-វេលាល្ងាច សិរីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកលាងជើង ។
កបិលមហាព្រហ្ម ត្រូវកាត់ក្បាលបូជាធម្មបាល ហើយឲ្យកូនទាំង៧នាក់ យកពានមកទទួល ក្បាល រួចឲ្យកូនច្បងហែប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ទើបយកទៅទុកក្នុងមណ្ឌលនៅក្នុងគុហារ គន្ធមាលី នៃភ្នំកៃលាស។ លុះគម្រប់ឆ្នាំសង្ក្រាន្តទេពធីតាទាំង៧ ក៏ផ្លាស់វេនគ្នាហែក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ រាល់ៗឆ្នាំរហូតមក។ ហេតុនេះហើយ បានជាមានសង្ក្រាន្ត ឬ
ទំនៀមដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ៦១។ ចំណែកឯនាងទេពធីតាទាំង ៧ មានឈ្មោះដូចជា ៖
១-បើសង្រ្កានចំថ្ងៃអាទិត្យត្រូវវេននាង ទុង្សាទេវី
២-បើសង្រ្កានចំថ្ងៃច័ន្ទត្រូវវេននាង គោរាគទេវី
៣-បើសង្រ្កានចំថ្ងៃអង្គារត្រូវវេននាង រក្សសាទេវី
៤-បើសង្រ្កានចំថ្ងៃពុធត្រូវវេននាង មណ្ឌាទេវី
៥-បើសង្រ្កានចំថ្ងៃព្រហស្បតិ៍ត្រូវវេននាង កិរិណីទេវី
៦-បើសង្រ្កានចំថ្ងៃសុក្រត្រូវវេននាង កិមិរាទេវី
៧-បើសង្រ្កានចំថ្ងៃសៅរ៍ត្រូវវេននាង មហោទរាទេវី ។
ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំ តាំងពីបុរាណកាលតរៀងរហូតមក ហើយពិធី
បុណ្យចូលឆ្នាំនេះ មានអត្ថន័យដូចតទៅ៖
១.ដើម្បីឧទ្ទិសកុសល ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្លួន ដែលបានស្លាប់បាត់បង់ជីវិតទៅហើយ សូមឱ្យវិញ្ញាណក្ខន្ធរបស់លោក មកទទួលយកបុញ្ញកម្ម ដែលខ្លួនឧទ្ទិសជូន សូមឲ្យបាន សុខចម្រើន ។
២.ដើម្បីធ្វើបុណ្យជូនបុព្វបុរស ដែលកំពុងមានជីវិតរស់នៅឡើយ សូមឱ្យលោកបុព្វបុរស
ទាំងអស់ បានសុខជារៀងរហូត តាំងពីបច្ចុប្បន្នរហូតដល់អនាគតជាតិ ។
ម្យ៉ាងទៀត ជាឪកាសល្អ បានធ្វើម្ហូបអាហារ ដែលមានឱជារសឆ្ងាញ់ពិសា ជាថ្ងៃដើមឆ្នាំថ្មី និងថ្ងៃជាបន្តបន្ទាប់ និងបានស្វែងរកភស្តុភារជូន និងទឹកថ្លាត្រជាក់ មកស្រោចស្រព ដុះលាងមាតា បិតា ជីដូនជីតា ជូនសំលៀកបំពាក់ សំពះថ្វាយបង្គំជូនលោក ធ្វើឱ្យលោកមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ។
៣.ដើម្បីឧទ្ទិសកុសលជូនក្រុមញាតិទាំងអស់ ទោះស្លាប់បាត់បង់ទៅហើយក្តី កំពុងមាន ជីវិតរស់នៅក្តី សូមឱ្យលោកបានសុខជារៀងរហូត តាំងពីបច្ចុប្បន្នរហូតដល់អនាគតជាតិ កុំបីអាក់
ខានឡើយ ។
៤.ដើម្បីឧទ្ទិសកុសល ជូនពពួកទេវតា ដែលជាអ្នកថែរក្សាមនុស្ស ទឹកដី ព្រៃព្រឹក្សាល តាវល្លិ៍ ទន្លេ ស្ទឹង បឹងបួរ សមុទ្រ នៃប្រទេសកម្ពុជា រហូតដល់ទេវតាសណ្ឋិតនៅឋានត្រៃត្រឹង្ស សួគ៌ជាដើម។ ពីសម័យបុរាណ គេរកចំណីអាហារ លាបព្រេងម្សៅ អោយសត្វតិរច្ឆាន មានគោ ក្របី សូមឱ្យសត្វតិរច្ឆានទាំងអស់ ចាកផុតពីទុកភ័យរៀងខ្លួន ។
៥.ដើម្បីសប្បាយរីករាយ ដែលខ្លួនបានឆ្លងផុតពីទុក្ខភ័យពីឆ្នាំចាស់ និងឆ្លងចូលមកឆ្នាំថ្មី សូមធ្វើបុណ្យសុន្ទរ៍ទាន ខំស្វែងរកសេចក្តីសុខចំរើន ធ្វើឱ្យខ្លួនបានសេចក្តីសុខជារៀងរហូត ។
៦.ជាឱកាសល្អ ដើម្បីធ្វើខ្លួនឱ្យបានសុខស្ងប់ ការប្រព្រឹត្តល្អ ប្រាសចាកការប្រព្រឹត្តមិនល្អ ធ្វើឱ្យឧបទ្រព្យចង្រៃ ប្រាសចាកអមនុស្សធម៌ ដើម្បីសេចក្តីចំរើនក្នុងឆ្នាំថ្មីបន្តទៅទៀត៦២ ។
ប្រជាពុទ្ធបរិស័ទ កាលបើដល់ថ្ងៃចូលឆ្នាំថ្មីម្តងៗ តែងនាំគ្នាធ្វើគ្រឿងពលិការទទួលទេវតាថ្មី ធ្វើការកសាងវាលុកចេតិយ និងនិមន្តព្រះសង្ឃឆាន់ ចម្រើនព្រះបរិត្ត បង្សុលកូល ឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធបុព្វបុរសរបស់ខ្លួនជារៀងរាល់ឆ្នាំ ។
ពិធីកម្មរបស់អាចារ្យក្នុងពិធីបុណ្យចូលឆ្នាំមានដូចជា៖
-កិច្ចប្រកាសដំណឹង អាចារ្យដឹងថ្ងៃ ខែ ឆ្នាំ ពេលវេលាចូលឆ្នាំថ្មី បានច្បាស់លាស់ហើយ ទើបអាចារ្យប្រកាសប្រាប់ប្រជាពុទ្ធបរិស័ទ អំពីគំរោងរៀបចំពិធីធ្វើបុណ្យចូលឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរពីសម័យបុរាណឲ្យបានមុនចំនួន ១៥ ថ្ងៃ ។
-កិច្ចទទួលទេវតា អាចារ្យដឹកនាំពុទ្ធបរិស័ទ រៀបចំពលិការទទួលទេពធីតា មកទទួលមុខងារ
ថ្មី រួមទាំងទេវតារក្សាទ្វីប ព្រះឥន្ទ ព្រះព្រហ្ម និងចតុលោកបាលជាដើម ដូចមានរណ្តាប់ទទួលខាងក្រោមនេះ ៖
-រានទេវតា ៧ ថ្នាក់ ១ -មានពលិការផ្សេងៗដាក់នៅលើរាននោះ
-មានបាយសីធំ ១ គូ -ស្លាធម៌មួយគូ
-ទឹកអប់ ១ គូ -លាជ ៥ ធូប ៥ ១គូ
-ផ្កា ៥ ( ដាក់កែវ ) ១ គូ -ស្លាបារីដាក់ជើងពាន ១ គូ
-ចេកនួន ឬណាំវ៉ា ១ គូ -ពែ ១ គូ គឺពែព្រះភូមិ ១ ពែព្រះកេតុ ១ ។
ដល់ពេលកំណត់ លោកអាចារ្យអុជទៀន ធូប នមស្សការព្រះរតនត្រ័យ បន្ទាប់មកលោកអាចារ្យសូត្រធម៌ សគ្គេ កាមេ អញ្ជើញពពួកទេវតាថា៖
ភោន្តោ ទេវសង្ឃាយោ បពិត្រអស់ពពួកទេពធីតានិករអមរមេឃទាំង ១ សែនកោដិ សឹង
ដ៏ឋិតនៅដែនពិភព នភា អាកាសស្ថាន កាមាវចរសួគ៌ទាំង១៦ជាន់ មានសម្តេចព្រះសហប្បតី មហាព្រហ្មជាប្រធាន និងទេវតារក្សាព្រះពុទ្ធសាសនា គ្រប់ព្រះវិហារចេតិយ និងទេវតាថែរក្សាទឹកដីក្នុងជម្ពូទ្វីប និងក្នុងទីខេត្រ ខណ្ឌសីមា ក្រុងកម្ពុជាធិបតីសិរីយសោធរនគរឥន្ទបត្តគរុរដ្ឋរាជធានីបុរីរម្យ ឧត្តមមហាស្ថាន និងទេវតារក្សាព្រះខ័នជ័យថ្ងៃរតនមង្គល និងព្រះឥសូរ ព្រះនារាយណ៍ ព្រះកច្ចាយនៈ ព្រះចន្ទី ព្រះស្រី ហេមរក្ស ព្រះភ័គណេយ្យ ក្នុងទេវស្ថាន និងទេវតារក្សាព្រះទីន័ងតុស្តិ ភោជនីសោភា បពា្យង្កប្រាសាទ ប្រពាតទិព្វវន ដំណាក់ចន្ទនង្ក្រាន ហោរព្រះពុទ្ធរូប ព្រះបរិត្តពិមាន សំរាន្តភិរម្យ និងទេវតារក្សាមហាស្វេតច្ឆត្រ និងទេវតារក្សាព្រះទីន័ងទេវាវិនិច្ឆ័យ និងព្រះមហាប្រាសាទខេមរិន្ទ និងទេវតារក្សាព្រះកំពែងកែវជុំវិញ ព្រះទ្វារនៃព្រះបរមរាជវាំង និងទេវតារក្សាទឹកដី ព្រៃ ភ្នំ ក្រំថ្ម ក្នុងព្រះ មហានគរ និងកោះ សមុទ្រ តូច ធំ ជិត ឆ្ងាយ ក្នុងទន្លេសាបក្តី និងទេវតារក្សា ព្រះមហាប្រាសាទនគរវត្ត អាយន្តុ ទេវា សូមអញ្ជើញទេវតាទាំងពួងមូលមកប្រជុំនៅមណ្ឌលឋានទីនេះជាដើម៦៣ ....។
-កិច្ចសាងវាលុកចេតិយ លោកអាចារ្យត្រូវនាំប្រជាពុទ្ធបរិស័ទ ទៅពូនវាលុកចេតិយ នៅត្រង់កន្លែងដែលខ្លួនបានរៀបចំទុកពីថ្ងៃមុនស្រេច ដើម្បីរំដោះកម្មវេរាដែលខ្លួនបានធ្វើកន្លងហើយ នៅ
ក្នុងអតីតជាតិក្តី នៅក្នុងបច្ចុប្បន្នជាតិក្តី ឲ្យវិនាសសាបសូន្យរលត់រលាយបាត់ទៅហោង ។
លោកអាចារ្យប្រកាសប្រាប់ប្រជាពុទ្ធបរិស័ទឲ្យចូលរួមបំបួសភ្នំខ្សាច់ រួចអាចារ្យប្រកាសថាឥមំ វាលុកចេតិយំ ចូឡាមណីចេតិយំ អធិដ្ឋាមិ៦៤។ ទុតិយម្បិ.. តតិយម្បិ....។
ខ្ញុំសូមបំបួសវាលុកចេតិយ ឱ្យជាតំណាងព្រះចូឡាមណីចេតិយ នៅឋានត្រៃត្រឹង្សអស់វារៈពីរដងផង អស់វារៈបីដងផង ។
កាលបើពិធីពូនភ្នំខ្សាច់បានចប់សព្វគ្រប់ហើយ គេត្រូវរៀបចំផ្សឹកភ្នំខ្សាច់។ បើមិនបានផ្សឹកភ្នំខ្សាច់ទេ គេមិនហ៊ានកាយដីខ្សាច់វាតឲ្យស្មើ ឬយកស្រូវអង្ករចេញទៅណាបាន។ ឯពិធីផ្សឹកភ្នំខ្សាច់ ក៏មានលក្ខណៈដូចពិធីបំបួសដែរ។ ពិធីផ្សឹកភ្នំខ្សាច់នោះ ពាក្យបាលីថា ឥមំ វាលុកចេតិយំ ចូឡាមណីចេតិយំ បច្ចក្ខាបិ ។ ទុតិយម្បិ............ តតិយម្បិ...............។
-កិច្ចចម្រើនព្រះបរិត្ត ពេលថ្ងៃរសៀល លោកអាចារ្យនាំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ
សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រួចនិមន្តធម្មកថិកសម្តែងធម៌ទេសនា ។
-កិច្ចប្រគេនចង្ហាន់ព្រះសង្ឃ ពេលព្រឹកអាចារ្យរៀបចំភត្តប្រគេនព្រះសង្ឃ ថ្ងៃត្រង់វេរចង្ហាន់ប្រគេនព្រះសង្ឃ រួចហើយព្រះសង្ឃបង្សុកូលដើម្បីឧទ្ទិសផលដល់បុព្វការីជន។
-កិច្ចឧទ្ទិសកុសល បន្ទាប់ពីព្រះសង្ឃបង្សុកូលរួច ហើយលោកអាចារ្យដឹកនាំសូត្រយំ កិញ្ចិ
ដើម្បីឧទ្ទិសកុសលជូនដល់មាតាបិតា ញាតិទាំងឡាយ តាមសេចក្តីប្រាថ្នារបស់ពុទ្ធបរិស័ទជាកិច្ចបង្ហើយបុណ្យ ។
-កិច្ចស្រង់ព្រះ គេធ្វើមានលក្ខណៈច្រើនបែបយ៉ាង ទៅតាមជំនឿ តាមតំបន់នានា និងតាមទម្លាប់លោកអាចារ្យអ្នកដឹកនាំដែលមានរបៀបដូចជា៖
របៀបធ្វើបែបទី ១
១-គណៈកម្មការវត្តប្រកាសប្រាប់ពីថ្ងៃមុន លុះដល់ថ្ងៃ និងម៉ោងធ្វើ គេវាយស្គរធំ គង ឃ្មោះ រគាំង ជាសញ្ញាប្រជុំគ្នានៅទីវត្ត។ លោកអាចារ្យបញ្ជារ ឲ្យគេជួយជីករណ្តៅ ដែលមានជម្រៅ ១ ហត្ថ ១ ចំអាមជា៤ជ្រុងស្មើ ។
២-លោកអាចារ្យបញ្ជារ ឱ្យគេរកត្រីរ៉ស់រស់ យកមកដាក់ក្នុងរណ្តៅនោះ ។
៣-លោកអាចារ្យបញ្ជាពុទ្ធបរិស័ទ ឱ្យយកព្រះពុទ្ធរូបមួយព្រះអង្គ ឬ ២ព្រះអង្គ មកដាក់លើ គ្រែ ទើបធ្វើចង្អូរទឹកឲ្យហូរចូលរណ្តៅនោះ ។
៤-លោកអាចារ្យបាននិមន្តព្រះសង្ឃសូត្រធម៌ “ សុភោន្តោ ” នៅពេលថ្ងៃត្រង់ជាច្រើនចប់
ប្រើរយៈពេលយ៉ាងយូរ ។ បើឆាប់ណាស់ ក៏មានរយៈពេល ១ ម៉ោងដែរ ។ ការនិមន្តព្រះសង្ឃសូត្រ ធម៌ សុភោន្តោ នោះ នៅពេលថ្ងៃកំពុងមានកំដៅខ្លាំង ហើយហាមមិនឱ្យបាំងឆ័ត្រ ឬទទួលអ្វីៗឡើយ ។
៥-លោកអាចារ្យបានណែនាំឱ្យពុទ្ធបរិស័ទ ដងយកទឹកស្រះ ឬទឹកអណ្តូងទៅស្រង់ព្រះអង្គ រហូតពេញរណ្តៅ ទើបឈប់ស្រង់បន្តទៅទៀត ។
No comments:
Post a Comment