Friday, July 20, 2012

សារណា២របៀបធ្វើបែបទី ២




របៀបធ្វើបែបទី ២
            លោកអាចារ្យបានប្រកាសប្រាប់ថា ថ្ងៃណាត្រូវហែព្រះអង្គទៅភូមិណា នៅម៉ោងប៉ុន្មាន        តាម ​​​​​ធ្លាប់ឃើញ គេចាប់ហែព្រះអង្គ ចេញេពីវត្តនីមួយៗ នៅពេលថ្ងៃត្រង់ ជាថ្ងៃកំពុងបញ្ចេញកំដៅ រស្មីខ្លាំង។ ឯព្រះសង្ឃ និងគ្រហស្ថ ហាមមិនឱ្យបាំងឆត្រ ឬទទួលអ្វីឡើយ ។
            គេបានរៀបសង្ឃឹក ២ គឺសង្ឃឹកទី ១ គេដាក់ព្រះពុទ្ធរូប ១ ព្រះអង្គ សម្រាប់ឱ្យពុទ្ធបរិស័ទ យកទឹកមកចាក់ស្រោច សំបូងសំរូង សុំឱ្យមានទឹកភ្លៀងធ្លាក់ចុះមកឆាប់ៗ។ ឯសង្ឃឹកទី ២ សំរាប់ ដាក់ទេយ្យវត្ថុ ដែលទាយក ទាយិកាប្រគេន ។
            របៀបធ្វើបែបទី ៣
            គេនាំគ្នាក្រាលអាសនៈ ដ៏ល្អប្រិមប្រិយ៍ គេនិមន្តព្រះសង្ឃតាមការស្រលាញ់ ( ច្រើនមាន ៤
ព្រះអង្គ ឬ ៩ ព្រះអង្គ ) ទៅគង់សូត្រធម៌ សុភោន្តោ តែម្តង ។
            តែការធ្វើបែបនេះ គេមិសូវមានធ្វើទេ ពីព្រោះ គេយល់ថា មិនមានភាពអស្ចារ្យដល់ភ្នែកអ្នក ស្រុក ។ ម្យ៉ាងទៀត​ គេមិនបានសប្បាយផង ។
          ៣.២.២.បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
            បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យដ៏ធំមួយរបស់ខេមរជន អ្នកកាន់ព្រះពុទ្ធសាសនា។ ដែល​ពុទ្ធ​សាសនិក​តែងប្រារព្ធធ្វើ តាំងពីបុរាណណាស់មកហើយ។ បុណ្យនេះគេធ្វើឡើងមានពីរ​ដំណាក់​កាល ដំណាក់កាលទី១ ពី​ថ្ងៃ១រោចដល់ថ្ងៃ១៤រោច ខែភទ្របទ ហៅថាបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌ​ជាវារៈភត្ត(ភត្តធ្វើតាមវេន) ដំណាក់កាលទី២ ថ្ងៃ១៥រោច ខែភទ្របទ​ ហៅថាភ្ជុំបិណ្ឌ។ បើតាម​ប្រពៃណីខ្មែរ តែដល់ថ្ងៃ១រោច ខែភទ្របទ ខ្មែរ​តែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ នៅតាម​វត្តអារាម​នានារាល់ថ្ងៃ ដរាបដល់ថ្ងៃ១៤រោច។ លុះ​ដល់ថ្ងៃ១៥រោច ទោះបីអ្នក​កាន់បិណ្ឌ​ទី​​ប៉ុន្មាន​ក៏​ដោយ ក៏នាំគ្នាទៅចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌ​ដែរ។ ពាក្យថា ភ្ជុំបិណ្ឌ គឺគេប្រមូលវេន ឬក្រុមមនុស្ស​អ្នកកាន់​បិណ្ឌ ​​​​​​​​ឬដាក់បិណ្ឌចំនួន១៤វេន ឬ​​​១៤ក្រុមនោះ មកធ្វើរួមគ្នាតែ១ថ្ងៃ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ។
            ពាក្យថា បិណ្ឌ មានន័យថា ពំនូតបាយ ដែលគេឧទ្ទិសដល់បុព្វការីជនដែលបានស្លាប់ទៅ។ សព្វថ្ងៃបាយបិណ្ឌ គឺពំនូតបាយដំណើបចំអិនជាមួយនឹងខ្ទិះដូង ហើយលាយជាមួយគ្រឿង​ផ្សំ​ផ្សេងៗ​​​​ទៀត ទៅតាមការនិយមរបស់អ្នកក្នុងតំបន់នីមួយៗ។ គេដាក់បាយបិណ្ឌក្នុងថាស​មួយយក​ទៅវត្ត។ នៅកណ្តាលបាយបិណ្ឌមានបាយបិតបូរ ដែលគេដាក់លើជើងពានតូចមួយ។ បាយបិតបូរ ដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធើ្វរាងស្រួចដូចសាជី ហើយធ្វើគម្របស្លឹកចេកគ្របពីលើដោយ ចោះកំពូលទុកដោតទៀនធូប និងផ្កា។ នៅតំបន់ខ្លះគេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ ព័ទ្ធជុំ វិញបាយបិតបូរ ហើយនៅក្នុងកន្ទោងនីមួយៗមានពំនូតបាយបិណ្ឌពី១ ដុំទៅ១៥ដុំ។
            មុនថ្ងៃភ្ជុំមួយថ្ងៃ គឺនៅថ្ងៃ១៤រោច នៅតាមផ្ទះនីមួយៗគេនិមយធ្វើនំអន្សម នំគម នំធ្មៃ សម្រាប់យកទៅប្រគេនព្រះសង្ឃ ឧទ្ទិសដល់អ្នកបានស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង។ នៅវេលាយប់នៃថ្ងៃនេះ នៅឯវត្តមានធ្វើពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធដល់អ្នកដែល បានបាត់បងជីវិតទៅហើយ ដោយមានការសូត្រធម៌ និងសំដែងធម៌ទេសនាដល់ភ្លឺ។ លុះស្អែក ឡើង ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាង​គេ អ្នក​ស្រុកគ្រប់ផ្ទះនាំគ្នាធ្វើដំណើរទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរខ្លះកាន់​នំអន្សម នំធ្មៃ និងនំចំណីផ្សេងៗ ខ្លះទៀតកាន់ចានស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃ៦៥
            ពិធីធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានអាចារ្យមួយចំនួន តែងនិយាយថា ប្រពៃណី​​មានដើមកំណើតមកពីប្រទេសឥណ្ឌា ដោយគាត់សំអាងទៅលើរឿង​មាននៅក្នុង​គម្ពីរ​​​​​​​ព្រះ​​​ត្រៃ​បិដក​ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បានសំដែងពីក្រុមញាតិ​ព្រះបាទ​ពិម្ពិសារាជ​មានសេចក្តី​ប្រមាទ​ក្នុង​ ចង្ហាន់​បិណ្ឌបាត្រ(​បរិភោគបាយមុនព្រះសង្ឃ) ដល់ពេលស្លាប់ទៅបានកើតជាប្រេត ។             លុះព្រះមហាថេរ ព្រះនាមព្រះឧបគុត្ថេរ បាននិមន្តចុះទៅឋាននរក ហើយបានជួបនឹង​ក្រុម​ញាតិព្រះបាទពិម្ពិសារ។ ក្រុមព្រះញាតិព្រះបាទពិម្ពិសារ មានការលំបាកវេទនាខ្លាំង ក៏បានផ្តាំ​នឹង​ព្រះមហា​ថេរ ព្រះនាមឧបគុត្តត្ថេរថា   សូមឱ្យព្រះបាទពិម្ពិសារធ្វើបុណ្យ  ដើម្បីឧទ្ទិសកុសល​ឱ្យ​ទៅ​​  ដល់យើង​ខ្ញុំ  ឱ្យបានរួចរំដោះចាកទុក្ខវេទនា៦៦
             ការធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងគោលបំណងដូចជា៖
            -ឧទ្ទិសកុសលជូនបុព្វការីជន  សូមឱ្យ​លោក​បានសុខចម្រើន។  ជាពិសេស ដល់បុព្វការីជនណា ដែលបានភ្លាត់គតិទៅកើតនៅ​អបាយ​​ភូមិ មានកំណើតប្រេតជាដើម សូមឱ្យ​បានរួចរំដោះ ចាកទុក្ខទោសបាន។ ប្រេត គឺជាសត្វដែលបានកើត​ក្នុង​​អបាយភូមិ ជាក្រុមសត្វនរក, អសុរកាយ ដែលជាសត្វ​បាបច្រើន រងទុក្ខវេទនា ស៊ីតែវត្ថុមិនស្អាត ជាវត្ថុលាយដោយខ្ទុះ និងឈាម។ ពួកប្រេត បានដើររកស៊ីតាមសំយាបផ្ទះ​ញាតិ។ ប្រេត​មានច្រើន​ពួក តែបើបំព្រួញឱ្យខ្លី នៅត្រឹមតែ ៤ ពួក៦៧គឺ៖
            -ឧតូបជីវី បេ្រតចិញ្ចឹមជីវិត ដោយមន្ទិលគភ៌ និងខ្ទុះឈាម។
            -ខុប្បបាសិកៈ  បេ្រតស្រេកឃ្លានអាហារជានិច្ច។
            -និជ្ឈាមតណ្ហិកៈ ប្រេតភ្លើងឆេះជានិច្ច ។
            -បរទត្តូបជីវី  បេ្រតចិញ្ចឹមជីវិតដោយផល ដែលបុគ្គលដទៃឧទ្ទិសឱ្យ ។
            ពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងធ្វើបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឱ្យរាល់ឆ្នាំរាល់លើក។ យើងត្រូវយកបង្អែម ចំអាប ដែលយើងហៅថា បិណ្ឌនោះ ទៅ​ប្រគេន​ព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃ ហើយឧទ្ទិសផលដោយវាចាមានជាដើមថា  ផលទាននៃយើង​ខ្ញុំ​ទាំង​ឡាយនេះ សូមឱ្យបានទៅដល់អ្នកមានគុណទាំងឡាយ  
            -ធ្វើដើម្បីឲ្យបានសេចក្តីសុខចម្រើនសិរីសួស្តី ដែលកើតពីផលទានដល់ខ្លួន។
            -ធើ្វដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិ ទើបមានកំណត់ថ្ងៃ ខែ ពេលវេលា និងទានវត្ថុមាននំ អន្សមជាដើម ប្លែកជាងទានទាំអស់ ហើយស្រុះគ្នាធ្វើដូចៗគ្នា គ្មានសល់ម្នាក់ទូទៅពេញទាំងព្រះ រាជាណាចក្រកម្ពុជា។
          ពិធីកម្មរបស់អាចារ្យក្នុងពិធីបុណ្យភ្ផុំបិណ្ឌ និងកាន់បិណ្ឌមានដូចជា៖
            -កិច្ចរៀបចំវេន លោកអាចារ្យត្រូវរៀបចំវេនកាន់បិណ្ឌទាំង១៤វេន ឲ្យបានច្បាស់លាស់ និង​ត្រូវប្រាប់ម្ចាស់ក្រុមវេននីមួយៗ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តរបស់ខ្លួនឲ្យបានដឹងជាមុន ។
            -កិច្ចចម្រើនព្រះបរិត្ត លោកអាចារ្យនាំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត រួចនិមន្តធម្មកថិកសម្តែងធម៌ទេសនាទាំង១៥​ថ្ងៃ នៅពេល  រសៀល
            -កិច្ចបោះបាយបិណ្ឌ នៅពេលវេលាម៉ោង៤ព្រឹក លោកអាចារ្យនាំនមស្ស​ការ​​ព្រះត្រ័យ សមាទានសីល និងវេរបាយបិណ្ឌ រួចរៀបចំបោះបាយបិណ្ឌ ។
            -កិច្ចប្រគេនយាគូ វេលាម៉ោង៦ព្រឹក លោកអាចារ្យត្រូវរៀបចំយាគូប្រគេនព្រះសង្ឃ ។
            -កិច្ចវេរចង្ហាន់ វេលាម៉ោង៨ទៅ១០លោកអាចារ្យរៀបចំរាប់បាត្រ លុះដល់ម៉ោង១០កន្លះ​ នមស្សការនិងសមាទានសីលរួចវេនចង្ហាន់បិណ្ឌបាត្រ​ប្រគេន​ព្រះសង្ឃ ដូចតទៅ៖
            មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ ឥមានិ  ខាទនីយភោជនីយាទីនិ  បដិគ្គណ្ហតុ អម្ហាកំ  ទីឃរត្តំ អត្ថាយ  ហិតាយ
សុខាយ៦៨ ។ ទុតិយម្បិ..............។ តតិយម្បិ...................។
            បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន យើងខ្ញុំទាំងឡាយបានតាក់តែងនូវវត្ថុទាំងឡាយមានខាទនី យភោជនីយាហារ គឺបង្អែម និងចំអាបជាដើមនេះ ហើយបង្អោនមកវេរប្រគេ​នដល់ព្រះសង្ឃ បពិត្រ ព្រះគម្តែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយកនូវវត្ថុទាំងឡាយ មានបង្អែម និងចំអាបជាដើម​នេះ ដើម្បីសេចក្តីចម្រើន  ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ គ្រប់ប្រការដល់យើងខ្ញុំទាំងឡាយ អស់​​​​​កាលជាអង្វែងទៅហោង ។ អស់វារៈ​ពីរដងផង ។ អស់វារៈបីដងផង ។
            -កិច្ចឧទ្ទិសផល បន្ទាប់ពីវេនចង្ហាន់ប្រគេនព្រះសង្ឃ រួចលោកតាអាចារ្យដឹកនាំសូត្រ យំ កិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយបុណ្យ ។
            ៣.២.៣.ពិធីរៀបអាពាហ៍ពិពាហ៍
            ពិធីរៀបមង្គលការនៅក្នុងសង្គមខ្មែរ ​​​​​​ ​​​ជាប្រពៃណីមួយដែលមានបញ្ញត្តិប្រហែលគ្នានឹងកាតព្វ កិច្ចដែរ ព្រោះអ្នកដែលបានគ្នាជាប្តីប្រពន្ធត្រូវតែរៀបការ បើគេចវេសពីពិធីនេះនឹងត្រូវចាត់ទុកថាជា
អ្នកគ្មានសិរីសួស្តី គ្មានកិត្តិយស។ ការរៀបអាពាហ៍ពិពាហ៍ ចែកចេញជាពីរចំណែកគឺ៖
            . អាវាហមង្គល កូនប្រុសទៅរៀបមង្គលការ នៅផ្ទះខាងស្រី ។
            . វិវាហមង្គល             កូនស្រីទៅរៀបមង្គលការ នៅផ្ទះខាងប្រុស ។
            កិច្ចរៀបមង្គលការ គឺមាតាបិតា ឬអាណាព្យាបាលទាំងសងខាងព្រមព្រៀងគ្នា រៀបចំផ្សំផ្គុំ​
បុត្រាបុត្រី ឱ្យជាសម្ពន្ធសង្វាស ជាស្វាមីភរិយា តាមច្បាប់បវេណី ដូចមានរៀបរាប់ខាងក្រោមនេះ ៖
            ៣.២.៣.១.មុនពេលរៀបការ
ក.ពិធីចែចូវ
            ដំបូងបង្អស់ឪពុកម្តាយ ឬអាណាព្យាបាលខាងប្រុសបានចាត់ស្រីម្នាក់ ដែលស្គាល់ទុកចិត្ត មិនអភ័ពគូ (ក្បួនចាស់ហៅថាអ្នកឃ្មាយឬមេអណ្តើក)  ​ ហើយធ្លាប់ស្និទ្ឋស្នាល់នឹងគ្រួសារខាងស្រីឲ្យ
ទៅស៊ើបការណ៍កូនស្រី។    លុះបានដឹងថានាងនោះនៅទំនេរហើយ   ដឹងថាថៃ្ងខែឆ្នាំត្រូវគ្នាល្អ ទើប​
គេចូលទៅចែចូវដល់ឪពុកម្តាយ​​ ឬអាណាព្យាបាលរបស់កូនស្រីន

ះឯពិធីចែចូវត្រូវប្រព្រឹត្តិទៅអស់ ​៣លើក។​ ក្នុងមួយលើកៗត្រូវមានស្លាម្លូ ថ្នាំកំដរដៃទៅជាមួយផង។ ក្នុងការចែចូវគេ ពុំនិយាយ​គ្នា​ត្រង់ៗទេគឺគេនយាយបញ្ឆិតបញ្ឆៀង។ នៅលើកទី៣ កាលបើខាងស្រីបើកផ្លូវឲ្យដើរជណ្តើរ​ឲ្យ​ ឡើងហើយអ្នកចែចូវក៏ត្រឡប់យកពត៌មាននេះមកប្រាប់ខាងប្រុសវិញ។ ពិធីចែចូវនៅខាង​ជើង​ទី៣​នេះ​​គេហៅថា ‍«ស៊ីស្លាដក់»
ខ.ពិធីស្តីដណ្តឹង
ក្រោយដែលបានចាត់មនុស្សឲ្យទៅនិយាយចែចូវបានដឹងថា    គេបើកផ្លូវឲ្យចូលហើយខាង
ប្រុស ​​​ត្រួវរៀបចំគិតគួររឿងស្តីដណ្តឹងតទៅទៀត។​​​​​​​​​​​ មុននឹងចូលទៅដណ្តឹងថ្ងៃណាៗ ត្រូវឲ្យពត៌មាន​ទៅខាងស្រីជាមុនសិន។ ពិធីដណ្តឹងត្រូវប្រព្រឹត្តទៅ៣ដងដែរ។ មនុស្សដែលមានភារកិច្ចទៅដណ្តឹង កូនស្រីគេហៅថា«អ្នកផ្លូវចៅមហា»ឯអ្នកដែលតំណាងគ្រួសារខាងស្រី គេឲ្យឈ្មោះថា«មេបា»
-លើកទី១ នៅថ្ងៃដែលគេបានកំណត់ទុកមនុស្សស្រី៣នាក់ដែលមានគូស្រករសុខនឹងគ្នាត្រូវ
ខាងប្រុសពឹងឲ្យធ្វើជាអ្នកផ្លូវទៅដណ្តឹង  ដោយមានថងរង១គួ ស្លា​ ថ្នាំ រឺស្លាជា្វ ចេកទុំនំអន្សម នំគម
នំបត់ រៀបជាគូៗទៅជូនខាងស្រីផង។   លើកនេះ   មេបាខាងស្រីពុំទាន់សំរេចអ្វីទេ ថាចាំពិគ្រោះគ្នា
មើលសិន។
            -លើកទី២ ដោយនៅលើកទី១ ពុំទាន់បានសំរេចគេឲ្យអ្នកផ្លូវ៣នាក់ ទៅដណ្តឹងជាលើកទី២​ទៀត ដោយមានថងរង១គូ មានកន្សែងច្របុចក្រាលពីលើ មានស្លា ម្លូ ស្លាជា្វ ទៀន១គូ ស្រា១ដប​ចេកទុំ នំអន្សម នំគម នំបង់ខ្លាញ់។ ខាងស្រីពុំទាន់សំរេចនំគមទៀតថា  ចង់ឲ្យអ្នកផ្លូវប្រុសៗមក ​ម្តងវិញ ព្រោះក្រែងអ្នកផ្លូវស្រីៗទទួលការគ្រប់ជំពូកមិនបាន ម្យ៉ាងទៀតចង់ឲ្យនាំកូនប្រុសមកមើល ផង។ ពិធីនេះ ហៅថា «ស៊ីស្លាកន្សែង»
            -លើកទី៣ លើកនេះគេឲ្យស្រី៣នាក់(អ្នកផ្លូវ) ប្រុស៣នាក់(អ្នកមហា)ឲ្យនាំរណ្តាប់ដែលមាន
ថងរង១គួ ស្លាម្លូថ្នាំ ស្លាជា្វ ទៀន ស្រា ចេកទុំ នំអន្សម នំគម នំបត់ នំបង់ខ្លាញ់ នំកន្រ្តំ នំក្រួច អង្ក ត្រីសាច់ បន្លែ និងផ្លែឈើផ្សេងៗជាគូៗ ព្រមទាំងគ្រឿងមាស ពេជ្រនិងសំលៀកបំពាក់ទៅជូនខាង​ស្រីហើយ នំាកូនប្រុសទៅជាមួយផង។ ក្រោយពីបានសន្ទនារវាងអ្នកផ្លូវចៅមហា និងមេបារួចសព្វ​គ្រប់ហើយ មេបាខាងស្រីសុំពិនិត្យសាមីខ្លួនប្រុស ព្រមទាំងបញ្ជាក់សួរអំពីគំនិតមារយាទសាមីខ្លួន ប្រុសនោះផង។ ចំណែកឯអ្នកផ្លូវចៅមហា ក៏អាចសុំមើលសាមីខ្លួនស្រីវិញដែរ នៅពេលនោះ​សាមី​ខ្លួន​​ ស្រី​ក៏ចេញមកជំរាបសួរភ្ញៀវហើយ ជួនកាលមានពិធីបំពាក់ចិញ្ចៀនទៅវិញ ទៅមករវាងគូ​ដណ្តឹង​​ផង។ នៅតំបន់ខ្លះ ​ពិធីបំពាក់ចិញ្ចៀននេះ គឺជាពិធីហៅព្រលឹងមួយបែប​ដែរ។ បន្ទាប់មកអ្នក​មហា​ក៏លើកគ្រឿងស្លាបញ្ជាប់ពាក្យជូនទៅមេបាស្រីពិសា។ ពិធីនេះ ហៅថា «ស៊ីស្លា»
            -ពិធីជូនកំណត់
ចំពោះថ្ងៃ​ខែរៀបមង្គលការ​​ ដែលគេជ្រើសរើសនិងគន់គូរដោយម៉ត់ចត់ ហើយគេពុំរើសខែ ណា​​  ដែលមាន២៩ថ្ងៃ (ខែឈ្មោល) រឺខែដែលព្រះសង្ឃចូលព្រះវស្សាទេ) ត្រូវយកទៅចុះក្នុងផែន ក្រ​ដាស​​មួយសន្លឹក ហើយត្រូវរៀបរណ្តាប់កំដរដៃផងមានស្លាម្លូ ចេកទុំ រងស្លា ដែល​ដាក់គ្រឿង​គ្រប់​សព្វ។
            រួចហើយអ្នកផ្លូវត្រូវយកក្រដាសកំណត់ពេលា  និងរណ្តាប់ទៅជូនមេបាខាងស្រី។  មេបា ខាងប្រុស ក៏បើកក្រដាសកំណត់ពេលនោះអានជូនភ្ញៀវស្តាប់។ ក្រោយពីបានជូនក្រដាសកំណត់​ពេលាទៅមេបារួចហើយ អ្នកផ្លូវក៏ជូនស្លាកំណត់ទៅមេបាពិសា។ ពិធីនេះ ហៅថា «ស៊ីស្លាកំណត់»
នៅតំបន់ខ្លះគេសន្មត់យកស្លាថង់  ស្លាកំណត់ទុកជាការសំគាល់ថា   បានរៀបការ​ពាក់​កណ្តាលដែរ ហើយប្រសិនបើនៅពេលមានអសន្តិសុខ  ក្នុងស្រុកគេគ្រាន់តែរៀបផ្សំផ្គុំកូនប្រុស  កូន​ស្រី​នោះ​ដោយសែនប្រាប់ដូនតាជាការស្រេច គឺពុំចាំបាច់ធ្វើពិធីធំដុំទៀតទេ។
            នៅទីបញ្ចប់អ្នកផ្លូវសុំឲ្យមេបាបង្គាប់នូវគ្រឿងបណ្តាការសព្វសារពើ ដែលត្រូវជូននិងប្រើ ប្រាស់​​ក្នុងឱកាសធ្វើមង្គលការ។
            ៣.២.៣.២.ពេលរៀបការ
ពិធីរៀបការនៅក្នុងសង្គមខ្មែរ មានការនិយមប្លែកៗគ្នា ចំពោះទីកន្លែងដែលត្រូវរៀប​ពិធី​មង្គល​ការ​កូនប្រុសកូនស្រី។​ តាមប្រពៃណីជនជាតិចិន គេនិយមធ្វើពិធីនៅផ្ទះខាង​ស្រីផង នៅផ្ទះ​ខាង​​ប្រុសផង ប៉ុន្តែទីបំផុតគេនាំកូនស្រីទៅជប់លៀងនៅផ្ទះខាងប្រុស  ព្រោះគេឲ្យតំលៃទៅលើកូន​ប្រុស​។ ចំណែកជនជាតិឥណ្ឌា មានប្រពៃណី២បែប គឺនាំកូនស្រីទៅរៀបការ​​នៅផ្ទះខាងប្រុស​(អាវាហមង្គល)ផង នាំកូនប្រុសទៅរៀបការផ្ទះខាងស្រី(វិវាហមង្គល)ផង។ គេឲ្យតំលៃទៅប្រុសក៏ បានស្រីក៏បាន។
            តាមប្រពៃណីជនជាតិខ្មែរវិញ   កូនប្រុសទៅរៀបការនៅផ្ទះខាងស្រី      ព្រោះខ្មែរយើងមាន​
ទស្សន:​លើកតម្កើងស្រីធំក្នុងគ្រួសារ ឬជាអ្នកដឹកនាំក្នុងសង្គម តាំងពីសម័យព្រេងនាយម្លេះ ទុកមេ​ជាធំ​=atriarcat)។ ដោយឲ្យតំលៃទៅលើស្រីបែបនេះហើយ បានជាប្រុសត្រូវចូលស្តីដណ្តឹងសុំ​សេចក្តី​យល់​​​ព្រមពីខាង​ស្រីមុនសិន ទំនៀមទម្លាប់នេះ ​ក៏ត្រូវបានយកមកអនុវត្តតៗគ្នារហូត​មក​​​ដល់​សព្វ​ថ្ងៃ។​ ​ទោះ​បី​សព្វថ្ងៃសង្គមខ្មែរ    បានវិវត្តមកដល់ដំណាក់កាលមួយ   ដែលភេទស្រីត្រូវបាត់ ​បង់​​ឧត្តមភាព​របស់ខ្លួនទៅលើភេទប្រុសទៅហើយក៏ដោយ ក៏ប៉ុន្តែសង្គមនេះ នៅរក្សាដានខ្លះ ល្មម​ឲ្យ​​យើង​​​​​ជឿ​នូវ​អត្ថិភាព (existence) របស់ទស្សន: «មេ»នេះបាននៅឡើយ។
         តាមប្រពៃណីបុរាណ ពិធីរៀបមង្គលការប្រព្រឹត្តទៅចំនួន៣ថ្ងៃ គឺថ្ងៃចូលរោងថ្ងៃស៊ីកំណត់ និង
ថ្ងៃសំពះ៦៩
            -ថ្ងៃចូលរោង
នៅថ្ងៃទី១ គ្រួសារខាងប្រុសត្រូវមកសង់រោងការផ្ទះខាងស្រី។​ រោងការច្រើនតែសង់​អំពី​ ឫស្សី​ប្រក់ស្បូវមាន៣ល្វែង។ ល្វែងមួយសំរាប់ចុងភៅធ្វើម្ហូបអាហារ រោងមួយទៀតសំរាប់លាង​​ ភោជ​នាហារ ហើយល្វែងមួយទៀត ជាល្វែង​ផ្កាស្លា សំរាប់កូនកំលោះសំណាក់​នៅរហូតដល់ថ្ងៃចុង​ក្រោយ​​នៃពិធីការ។ នៅមុខរោងផ្កាស្លា មានសង់រានទេព្តាផង។ លុះសង់និងតុបតែងលំអរោងរួច​ហើយ ​​​គេនាំគ្នាជញ្ជូនភស្តុភាបណ្តាការចូលរោងមង្គលការ ហើយគេរៀបចំធ្វើម្ហូបអាហារ និងធ្វើ​នំផ្សេងៗពិសេសនំអន្សម និងនំគម។ តាមជំនឿលទ្ធិព្រាហ្មសាសនា គេថានំអន្សមជានិមិត្តរូបលិង្គ​ឥសូរ ឯនំគមជានិមិត្តរូបយោនីនាងឧម្មា ហើយបើអវត្តមាននៃនំទាំងពីរប្រភេទនេះ ក្នុងពិធីមង្គល ការ នឹង​នំាឲ្យគ្មានកូនចៅដល់គូរស្វាមីភរិយាថ្មីឡើយ។
            -ថ្ងៃកំណត់
            នៅវេលាព្រឹកនៃថ្ងៃទី២ គេហែកូនកំលោះ ដោយមានភ្លេងខ្មែរកំដរផង មកកាន់ផ្ទះខាង ស្រី។ ​ កូនកំលោះនោះត្រូវចូលទៅនៅក្នុងរោងផ្កាស្លា។ ចំណែកនៅលើផ្ទះការមានធ្វើពិធីសែនព្រេន ជំរាបដូនតាអំពីការរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករ  និងពិធីស៊ីស្លាកំណត់  (គឺស៊ីស្លាដក់ស្លា​កន្សែង ស្លាថង់រងកំណត់រួមគ្នា)
            នៅពេលរសៀលនៃថ្ងៃដដែលនេះ ពិធីកាត់សក់កូនស្រីប្រព្រឹត្តទៅនៅលើផ្ទះការ ឯពិធីកាត់​សក់កូនប្រុសនៅក្នុងរោងផ្កាស្លា។ សព្វថ្ងៃគេអាចកាត់សក់កូនប្រុស កូនស្រីរួមគ្នានៅលើផ្ទះការក៏​បាន។ តាមទំនៀមជាងអ្នកកាត់សក់ត្រូវកាន់កន្រៃ្ត កាន់ក្រាស់ច្រៀងរាំជាមុនសិន។​ សក់ដែលគេ​កាត់ដាក់ក្នុងកន្ទោងស្លឹកចេក​​​មួយ ហើយត្រូវយកទៅចោល ដើម្បីឲ្យអស់ចង្រៃឧបទ្រព។ បន្ទាប់​មកគេរៀបដង្វាយក្រុងពាលី ដើម្បីជូន​​ពត៌មាន​នៃពិធីនេះ ដល់ម្ចាស់ទឹកដី​។ ឯពិធី​សូត្រមន្ត​ក៏ប្រព្រឹត្ត​ទៅនៅផ្ទះការផង នៅរោងផ្កាស្លាផង។ ប៉ុន្តែ គេអាចសូត្រមន្តរួមគ្នានៅលើផ្ទះការ ក៏បានដែរ។
            នៅពេលសូត្រមន្តនោះ សាមីខ្លួនទាំងពីរនាក់ត្រូវចេញមកស្តាប់ ហើយទទួលទឹកមន្តដើម្បី​​​ឲ្យជ្រះចង្រៃ និងរោគាផ្សេងៗ ហើយឲ្យបានសេចក្តីសុខចម្រើន។ នៅវេលាយប់ គេរៀបចំផ្លែឈើ​គឺខ្ចប់នំ​ជាកញ្ចប់ៗតាម​ទំនៀម​បូរាណទុកជូនមេបា។ បន្ទាប់មក គេធ្វើពិធី​បុកល័ក្តិធ្វើធ្មេញឲ្យ​សាមី​ខ្លួនស្រី​(ពិធីនេះបើបាន​ធ្វើ​នៅពេលចេញពីម្លប់ហើយ កុំបាច់ធ្វើទៀតទេ)។ បន្ទាប់មកទៀត​ មានជាវ​ឬកាត់ថ្លៃ​ខាន់ស្លាជាប្រាក់​សុទ្ធ១សែនទម្ងន់១៦៛។ លុះទៀបភ្លឺ គេរកស្រី៣នាក់ ដែលមានគូស្រករ​កបនឹងគ្នា ឲ្យរៀបដោត​ផ្កា​ស្លា ដោយយកខ្ពរស្លា ដែលដាក់សូត្រមន្តពីថ្ងៃរសៀលនោះមក​ដោត​ជា៣ដុំ គឺស្លា​ទី​មួយ​ត្រូវដោតស្លា២១ផ្លែ ម្លូ២១សន្លឹក (ផ្កាស្លាច្បង) ផ្កាស្លាទីពីរត្រូវដោតស្លា១២ផ្លែ ម្លូ១២សន្លឹក (ផ្កា​ស្លា​​កណ្តាល) ផ្កាស្លាទីបីត្រូវដោតស្លា៦ផ្លែ ម្លូ៦សន្លឹក (ផ្កាស្លាពៅ)៧០
        គ-ថ្ងៃសំពះ
នៅថ្ងៃទី៣  លុះភ្លឺស្រាងៗឡើង  សាមីខ្លួនប្រុស  និងសាមីខ្លួនស្រីត្រូវរៀបចំ​ស្លៀកពាក់តាម​
បែបបូរាណ។ អាចារ្យអ្នកកាន់ពេលាត្រូវនាំកូនប្រុសទៅថ្វាយរានទេព្តា ហើយត្រូវអង្គុយបែរទៅ​​​ ទិស​ខាងកើត ចំាយកពេលានៅទីនោះ។លុះពេលាល្អដល់ហើយ (ពេលាដែលព្រះអាទិត្យរះ)អា ​ចារ្យ​វាយឃ្មោះ៣ដងហើយកូនកំលោះ ក៏ក្រាបថ្វាយបង្គំព្រះអាទិត្យ៣ដងដែរ។ ការយកពេលាក្នុងពិធិ​ការនេះ គឺជាការយកពេលដ៏បរិសុទ្ធ ដែលជាពេលមង្គលដើម្បីជាប្រផ្នូលឲ្យស្វាមី ភរិយាបាននូវ​សេចក្តី​​សុខចម្រើនរុងរឿងទៅអនាគត។ កាលបើបានពេលាល្អហើយ គេដង្ហែកូនកំលោះទៅ​សំពះ​ផ្កាស្លា​នៅ​​​​លើផ្ទះការ។ ដំបូងអាចារ្យកាន់ដាវបើកផ្លូវ បន្ទាប់មកមហា៣នាក់ អ្នកកាន់ទៀន២នាក់ អ្នក​កាន់ផ្កាស្លា៣នាក់ ​​អ្នកកាន់រងប្រាក់ខាន់ស្លា ប្រាក់ស្នាប់ទឹកដោះ អាចារ្យ​កូនកំលោះ អ្នក​បាំង​ឆ័ត្រ​ឲ្យ​កូនកំលោះ​ក្រោយបំផុត គឺពួកភ្លេង។ លុះហែទៅដល់មាត់ជណ្តើរ គេវាយឃ្មោះ​៣​ដង​ ជា​សញ្ញា​អនុញ្ញាតឲ្យកូនកំលោះឡើងលើផ្ទះ​បាន។ នៅពេលនោះ មានក្មេងប្រុស ឬស្រីម្នាក់ ដែលត្រូវ​ជា​ប្អូន ឬជំនិតនឹងសាមីខ្លូនស្រី បានមកទទូលដោយ​កាន់​ទឹក​មួយ​ផ្តិល​មកលាងជើង​ឲ្យកូន​កំលោះ ​ព្រម​ទាំងជូនស្លាមួយម៉ាត់ផង។ ចំណែកកូន​ប្រុសនោះ ក៏បានឲ្យប្រាក់កាក់ដល់ក្មេងនោះវិញ ហើយ​ក្មេងនោះ ក៏ដឹកដៃកូនប្រុសឡើងលើផ្ទះ។ គេឲ្យសាមីខ្លួនប្រុស អង្គុយលើកន្ទេលបែរមុខទៅកើត ចាំមេបានិយាយការ។ នៅពីខាងមុខ មានរៀនពានផ្កា ស្លាពាន ទៀនពេលា ទៀនពីរដាក់បាយខុន ក្បាល់ជ្រូកមួយ ឬមាន់ស្ងោរមួយ នំអន្សម នំគម។ បន្ទាប់មក គេឲ្យកូនកំលោះសំពះស្លាព្រះពរ     (ម្លូ​ដែលគេមូរមានចំនួន៣ត្រួយ) ដែលដាក់នៅលើខ្នើយ។ តមកទៀត អ្នកផ្លូវស្រីម្នាក់អុជទៀន​បិទ​នៅរងហើយ កាន់រងនោះ ចូលទៅអញ្ជើញកូនស្រី​ឲ្យចេញមក​ផ្ទឹម។​ ​ពេលនោះ ​គេរាំច្រៀងបើក​វាំនន។ សាមីខ្លួនកូនក្រមុំ ត្រូវអង្អុយផ្ទឹមជិតកូនកំលោះខាងឆ្វេង។ នៅតាមតំបន់ខ្លះ មានរាំកាន់​ដាវ រាំបើក​គ្រប​ទៀបរួចហើយ គេយកដាវទៅដាក់លើម្រាមដៃកូន​កំលោះកូនក្រមុំ។​ ជួនកាលអាចារ្យ​ដាក់អកកំបោរ​ និងប្រណាកដើម្បីជានិមិត្តរូបនៃការរួមចំាបាច់គ្នា។ ក្រោយមក គេ​ប្រារព្ធពិធី​បង្វិល​ពពិលនៅជុំវិញ ​គូស្វាមីភរិយា។ អ្នកកាន់ពពិលបង្វិល មានប្រុស៥នាក់ ស្រី៨នាក់ ដែល​ជាអ្នក  មាន​ខាន់ស្លា ហើយ​មិន​អភ័ព្វគូ។ គេហុចពពិលបន្តគ្នាពីដៃស្តាំទៅដៃឆ្វេង ហើយអាចារ្យសូត្រធម៌​ជយន្តោបណ្តើរ។ លុះចប់ ​ពិធីនោះហើយ អាចារ្យត្រូវសូត្រឲ្យពរផ្កាស្លា។ ឯពួកមេបាត្រូវចងដៃកូន​ប្រុសស្រីដោយអំបោះស ព្រម​ទាំងចែកឲ្យញាតិមិត្តបាចឲ្យពរដល់គូស្វាមីភរិយា។ លុះចប់ហើយ​សាមី​ខ្លួន​ប្រុសស្រីងើប​អង្អុយឡើង បែរមុខរកគ្នាហើយ គេវាយឃ្មោះឲ្យកូនក្រមុំ និងកូនកំលោះ ចូលក្នុងបន្ទប់ ពេលនោះសាមីខ្លួនប្រុសដើរតាមសាមីខ្លួនស្រី ដោយ​តោងជាយស្បៃរបស់​សាមីខ្លួន​ស្រី។ នៅក្នុងបន្ទប់ សាមីខ្លួនស្រីត្រូវបញ្ចុកស្លាម្លូដល់សាមី​កូនប្រុស ឬអុជបារីឲ្យជក់។​ រួចហើយ​ទំាងពីរនាក់ ត្រូវផ្លាស់គ្រឿងសំអាងចេញហើយ ទៅអង្អុយកណ្តាលទីប្រជុំ។ លំដាប់នោះ មានការ​កាន់ដាវច្រៀងរាំសា​កន្ទេល​។ លុះ​ចប់ពិធីនេះហើយ គូស្វាមីភរិយា​ត្រូវចេញទៅបំរើមេបាក្នុង​ការ​លៀង​​ភោជនាហារ។ សម័យបូរាណគេលៀងភ្ញៀវ​២លើកធំៗ គឺនៅល្ងាចថ្ងៃស៊ីកំណត់​និងព្រឹកថ្ងៃ​សំពះ។
         លុះយប់ប្រហែលជាម៉ោង៨-៩ គេប្រារព្ធពិធីផ្សំដំណេកនៅក្នុងបន្ទប់ដេករបស់គូស្វាមីភរិយា​​​​​ថ្មី។ គេជ្រើសរើសស្រីមានវ័យចំណាស់២នាក់ ឲ្យរៀបចំពិធី​នេះ។ ត្រូវមានចំអាប១ថាស បង្អែម​១ថាស បាយសី១ ដូងខ្ចី១។ ដំបូងគេអុជទៀនធូបសែនដូនតា ហើយដួសទឹកដូងខ្ចីបញ្ចុកកូនប្រុស​​​៣ស្លាប​ព្រា។ បន្ទាប់មកគេឲ្យសាមីខ្លួនស្រី បកចេកបញ្ចុកសាមីខ្លួនប្រុស ឯសាមីខ្លួន​ប្រុសត្រូវបញ្ចុក​
សាមី​ខ្លួនស្រីវិញ  ជានិមិត្តរូបនៃការឲ្យចេះស្រឡាញ់គ្នារហូតអស់មួយជីវិត៧១
          ៣.២.៣.៣.ក្រោយពេលរៀបការ
            ក្រោយពេលរៀបការ៣ថ្ងៃមក    គេនាំគូស្វាមីភរិយាថ្មីនេះ    ដោយយកផ្កាស្លាច្បង​​   ចំអាប ​បង្អែម ស្លា បារី ទៅថ្វាយបង្គំសុំពរពីព្រះសង្ឃឯវត្ត ហើយឲ្យលោកបាចផ្កាស្លានោះ ដើម្បីឲ្យ​សុខ​ចម្រើនន​​​ត​​ទៅ។ តាមច្បាប់អត្រានុកូលដ្ឋាន  ឪពុកម្តាយទាំងសងខាង  ត្រូវនាំកូនប្រុសស្រីទៅ​សាលា​​​សង្កាត់ ដើម្បីសុំចុះសំបុត្រ ​អាពាហ៍ពិពាហ៍ ដោយមានសាក្សី២នាក់ផង។ ចាប់ពីពេលនេះត​ទៅ គេ​មាន​ឈ្មោះ​​​ជា​ប្តីប្រពន្ធពេញច្បាប់ហើយ។ ថ្ងៃក្រោយទៀត គេនាំស្វាមីភរិយាថ្មីនេះ ដើរសាក​សួរ​​ញាតិ​​មិត្ត​ទាំងខាងប្រុសទាំងខាងស្រី។
        
         ពិធីកម្មរបស់អាចារ្យក្នុងពិធីរៀបអាពាហ៍ពិពាហ៍
            .ពិធីចំរើនពុទ្ធមន្ត
            នៅពេលព្រលប់ មានពិធីសូត្រមន្ត ដោយសាមីខ្លួនទាំងពីរនាក់ ចេញមកទទួលទឹកមន្ត និង ស្តាប់ព្រះសង្ឃចម្រើនពុទ្ធមន្ត។ ពេលព្រះសង្ឃ៥អង្គ និមន្តដល់សាមីដើមការ និងញាតិមិត្រធ្វើ​គារវ​កិច្ច​​ថ្វាយ​​បង្គំ និង​ប្រគេនភេសជ្ជៈ។ បន្ទាប់មក អ្នកផ្លូវចៅមហា ត្រូវបង្គាប់ឱ្យគេវាយឃ្មោះ៣ដង​ជា​សញ្ញា ដើម្បីនាំកូនប្រុស​ឡើងមក មានទាំងថង់រង ផ្កាស្លាខ្ពរ ស្លា-ម្លូសម្រាប់ដោត ផ្កាស្លា​ព្រះ​ពរ ពពិល អង្ករជ័យ ទៀនពពិល ទៀនពេលាមកជាមួយផង។ លុះឡើងដល់ហើយ ត្រូវរៀប​តាំង​   របស់​ទាំងនោះនៅខាងមុខសាមី​ខ្លួន  ហើយបង្គាប់កូនប្រុសឱ្យក្រាបថ្វាយបង្គំព្រះសង្ឃចំនួន៣ដង។
ចំណែកឯកូនស្រី មេបាត្រូវឱ្យគេវាយឃ្មោះ៣ ដង ជាសញ្ញារួចដឹកដៃចេញមកអង្គុយក្នុង ល្វែងច័ន្ទ (ខាងមុខបន្ទប់កូនក្រមុំ) និងធ្វើអភិវាទថ្វាយបង្គំព្រះសង្ឃ ៣ ដងដែរ។ បន្តមកកូនប្រុស ស្រី និង​ញាតិមិត្រនមស្ការថ្វាយបង្គំព្រះ និងសមាទានសីល៥។ កូនប្រុសស្រីអុជទៀនធូប និង​បូជា​ផ្កាដល់​ព្រះពុទ្ធរូប រូចមកក៏បង្អោនខ្លួនហ្មបទៅលើខ្នើយរុងចាំស្តាប់អាចារ្យទូន្មាន ឱ្យតាំងចិត្តជាកុសល​យក​គុណព្រះរនតត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីពឹងទីរលឹកដរាបអស់ជីវិត និងស្តាប់ព្រះ​សង្ឃ​ចម្រើនព្រះបរិត្ត។ មាតាបិតា​ និងញាតិសូត្រមង្គលសូត្រ ឬជ័យមង្គលគាថាជាកិច្ចបង្ហើយ។ ត្រូវរៀបចំរណ្តាប់ និងការរៀបចំមានដូចខាងក្រោមនេះ ៖
            ១- អាសនៈព្រះពុទ្ធរូប                                       ១០.១១-កូនស្រី-ប្រុស
            - ស្លាធម៌កន្ទុយប្រើស                                                ១២- អាចារ្យ
            - ព្រះសង្ឃ ៥ អង្គ                                          ១៣- អ្នកមហា
            - ផ្តិលទឹកសំបួរ                                              ១៤- អ្នកផ្លូវ
            - ផ្កាស្លាខ្ពរ                                                     ១៥- អ្នកកំដរកូនប្រុស ៤ នាក់
            - ផ្តិលអង្ករជ័យដោតពពិល ៣                        ១៦- អ្នកកំដរកូនស្រី ៤ នាក់
            - ថាសដាក់ទៀនពពិលនិងម្លូស្លា                   ១៧- មេបា- ចាស់ទុំ
                        សំរាប់ដោតផ្កាស្លា ។                                        ១៨- ញាតិមិត្រ និងភ្ញៀវ
            .- ថង់រង ១ គូ                                              ១៩- អ្នកវាយឃ្មោះ
             ខ. ពិធីសែនក្រុងពាលី
            បន្ទាប់មក ចៅមហាត្រូវឡើងប្តឹងមេបា សុំរៀបសែន ក្រុងពាលីដើម្បីប្រកាសប្រាប់ដល់ម្ចាស់
ទឹក ម្ចាស់ដី ស្តីអំពីការរៀបមង្គលការនេះ ដោយមានប្រគុំភ្លេងបទ កងសោយ ជូនដូនតាស្តាប់ចំនួន បីលើកផង ។
            .ពិធីកាត់សក់
            នៅពេលរសៀល មានរៀបចំពិធីកាត់សក់សាមីខ្លួនប្រុស-ស្រី ពីដើមគេនិយមកាត់សក់បែក​​​អំពីគ្នា គឺកូនប្រុសកាត់នៅក្នុងរោងផ្លាស្លា និងកូនស្រីកាត់នៅលើផ្ទះ។ រណ្តាប់និងគ្រឿង​សំអាង​​​កាយត្រូវរៀបចំរៀងៗខ្លួន។ រីឯថង់រងត្រូវចែកគ្នាមួយម្នាក់ ហើយសាមីខ្លួនត្រូវអង្គុយរៀប និងកន្ទេល ឬកំរាលព្រំ ត្រូវរៀបចំរណ្តាប់ និងរបៀបកាត់សក់មានដូចជា៖
            - អាចារ្យ                                                        ១១-កញ្ចក់ឆ្លុះមុខមានជើង
            - អ្នកមហា                                                     ១២- រណ្តាប់ព្រះពិស្ណុការ
            - អ្នកផ្លូវ                                                         ១៣- សាមីខ្លួនកូនស្រី
            -- មេបា- ចាស់ទុំ                                         ១៤- សាម៉ីខ្លួនកូនប្រុស
            -- ថង់រង ១ គូ                                             ១៥- អ្នកកំដរកូនស្រី ៤ នាក់
            - ផ្ទិលទឹកសំបួរ                                              ១៦- អ្នកកំដរកូនប្រុស ៤ នាក់
            - គ្រឿងសំអាងកាយ ១ ប្រដាប់                      ១៧- ញាតិមិត្រ និងភ្ញៀវ
            ១០- ពានក្រាស់, កន្ត្រៃ, កាំបិតកោរ                  ១៨- អ្នករាំ- ច្រៀង ។
            -ពិធីសែនចងដៃ
            អាចារ្យរៀបចំពិធីសែនប្តឹងដូនតា និងញាតិការ ៧ សន្តាន ឱ្យដឹងឮ ព្រមទាំងជូនពរកូនប្រុស ស្រី តាមជំនឿព្រហ្មញ្ញសាសនា ។ ត្រូវរៀបចំរណ្តាប់ និងរបៀបសែនចងដៃមានដូចខាងក្រោម៖
            ត្រូវមានៈ ចាន ១, ស្លាបព្រា ១, កាំបិត ១, កន្សែងជូតដៃ ១, ទុកសម្រាប់ចាប់សំណែន ។
            - ផ្តិលទឹកឆ្វេង-ពានស្លាម្លូស្តាំ                                     ១១- ផ្តិលទឹក, អំបោះចងដៃ 
            - បង្អែម ឆ្វេង-ស្តាំ                                                      ១២- អាចារ្យ
            - ចំអាប ឆ្វេង-ស្តាំ                                                      ១៣- អ្នកមហា
            - មាន់ស្ងោរ ឆ្វេង-ស្តាំចានបាយ ឆ្វេង-ស្តាំ                  ១៤- អ្នកផ្លូវរៀបដាក់ពីខាងក្រោយ
            - ក្បាលជ្រូកស្ងោរ ឆ្វេង-ស្តាំ រៀបដាក់ពីខាងមុខ        ១៥- សាមីខ្លួនកូនស្រី
            .- ថង់រង ១ គូ                                                          ១៦- សាមីខ្លួនកូនប្រុស
                        .១០- តៀប ១ គូ                                                         ១៧- អ្នកកំដរកូនស្រី-ប្រុស
                                                                                                            ១៨- ញាតិជុំវិញសាមីខ្លួន
            -ពិធីបុកល័ក្ស
            ពិធីបុកល័ក្ស ទទាក់ម្សៅ ធ្វើធ្មេញ ឱ្យកូនប្រុស-ស្រី គឺជាអនាម័យសំអាត ឬរក្សាធេ្មញ         ( លេង​​ភ្លេង បុកល័ក្ស ឬបុកពើក )
            បន្ទាប់មក មានប្រារព្ធពិធីរៀងផ្លែឈើ តាមចំនួនភ្ញៀវតិច ឬច្រើន ។ មេបាខាងស្រីត្រូវរើស ស្ត្រីក្រមុំព្រហ្មចារី ៤ នាក់ ( ឱ្យឈ្មោះថា នាងកែវ ១ នាងកង ១ នាងមាស ១ និងនាងប្រាក់ ១ ) មកជួយខ្ចប់នំបំរុងទុកលៀងភ្ញៀវ និងខ្ចប់វត្ថុអ្វីមួយ ឬរូបិយៈសម្រាប់ចងដៃសាមីខ្លួនទាំងពីរ (លេង ភ្លេងជូនស្វាយ ឬសារិកាកែវ ) ។ បើអ្នកដើមការ មានបង្អែមចំណីសម្រាប់លៀងភ្ញៀវហើយ ពិធីរៀង ផ្លែឈើនេះមិនបាច់ធ្វើក៏បាន ។
            -ជាវខាន់ស្លា
            លុះម៉ោង ២ ឬ ៣ រំលងអធ្រាត្រ អ្នកមហាត្រូវឡើងទៅជំរាបមេបាសុំជាវខាន់ស្លា ឬកាត់​ខាន់ស្លាថា  សូមទាន សូមជំរាបអស់លោកមេបាតូចធំ ត្រកូលរៀមច្បង សូមទានជ្រាប ! តើកូន ស្រីលោកមេបានឹងពិសាខាន់ស្លា តម្លៃប៉ុន្មាន?
            មេបាត្រូវកាត់ថ្លៃខាន់ស្លា តាមកូនច្បង កូនកណ្តាល និងកូនពៅ ។ កូនច្បង និងកូនពៅ កាត់ ថ្លៃខាន់ស្លាដូចគ្នា គឺប្រាក់ ៣០ តម្លឹង ១ បាទ ២ ស្លឹង ។ ត្រូវឱ្យមហាសុំបំពេញថែម ៦ តម្លឹង ៣ បាទ ២ ស្លឹងទៀត បង្គ្រប់ជា ១ ណែន  ( ទម្ងន់ ១៦ រៀល ជាសាច់ប្រាក់សុទ្ធ ) ។ រីឯកូនកណ្តាល ត្រូវថយ ចុះពីកូនច្បង ឬកូនពៅ ២ តម្លឹង តែត្រូវមហាបំពេញឱ្យគ្រប់ ១ ណែនដូចគ្នា ( គិតតាមប្រាក់ក្នុងរាជ ព្រះបាទជ័យចេស្តា )។ ការដែលអ្នកមហាធ្វើយ៉ាងនេះ គឺដើម្បីចម្រើនសួស្តីដល់កូនស្រីមេបា។ សម័យឥឡូវ តម្លៃកាត់ខាន់ស្លាច្រើន ឬតិច សម្រេចទៅលើកិច្ចព្រមព្រៀងរវាងមាតាបិតា ទាំងសង ខាង។ ត្រូវរៀបចំរណ្តាប់ និងការរៀបចំមានដូចខាងក្រោមនេះ៖
                        - កញ្ចក់ឆ្លុះមុខ មានជើង                                            - ពានចេកមាស ១
            - គ្រឿងសំអាងកាយ ១ ប្រដាប់                                 - នំតែលាវ ២ ថាស
                        - ពានតម្កល់ក្រាស់សិតសក់ ១                                  -ដូងខ្ចីឡៅ១និងកូនស្លាបព្រា១
            - ថង់រង ១                                                                  - ផ្តិលទឹក ១
            - ពានតម្កល់ឆ័ត្រ ១                                                    ១៣- អ្នកមហា
            ១០.១១- ឪពុក និងម្តាយ                                               ១៤- អ្នកផ្លូវ
            ១២- សាមីខ្លួនកូនស្រី                                                   ១៥- វង់ភ្លេង
            -ពិធីជុំពេលា
            ម៉ោង ៤ ជិតភ្លឺ មហាត្រូវឡើងទៅជំរាបមេបាសុំជុំពេលា។ រណ្តាប់ត្រូវមានចេកស្និតនួនទុំ ដាក់ថាស ១ គូ ដោយមានចងចិញ្ចៀនមាស ១ វង់ នឹងផ្លែចេកនោះផង នំ ឬដំណាប់ដាក់ថាស១គូៗ
គ្រឿងសំអាត ១ ប្រដាប់ទឹក ១ ផ្តិល លើកយកទៅជាមួយរង ហើយជំរាបមេបាថា   សូមទាន សូម​ជំរាបអស់លោកមេបាតូចធំ ត្រកូលរៀមច្បង សូមទានជ្រាប! ត្បិតអ្នកសាមីដើមការបានរក​ហោរា​ចារ្យឱ្យគន់គូមើលពេលាចេកមាសកូនប្រុស-ស្រីថា ពេលាចេកមាសល្អ តើនឹងបើកបាននៅ ពេល​ម៉ោង​ប៉ុន្មាន? ជាមង្គលសួស្តីល្អ និងនាំសាមីខ្លួនកូនប្រុស ព្រមទាំងផ្កាស្លាព្រះពរ មកក្រាប​សំពះ​គោរពលោកមេបា មាតាបិតាត្រកូលរៀមច្បង និងសុំឱ្យលោកមេបារៀបប្រដាប់ប្រដាតាក់​តែងកាយ​ឱ្យសាមីខ្លួនកូនស្រី ដោយគ្រឿងអលង្ការបំរុងខ្លួន ចាំទទួលពេលាចេកមាស តាមន័យ​អាចារ្យ​បង្គាប់​ហើយនឹងចេញផ្ទឹម។ តើអស់លោកមេបានឹងអនុញ្ញាតយកពេលាណា?
            មេបាឆ្លើយតបថា  ឯពេលាចេកមាសនេះ ស្រេចហើយតែលើកូនប្រុស បើមហាយល់ថា ពេល​​ណាល្អ យើងជាមេបាក៏នឹងតាម មិនយល់ទាស់ទេ ឱ្យតែប្រាកដជាមានមង្គលសិរីសួស្តីមែន ។ បើមហាថាល្អ តើមានអ្វីជាកសិណឱ្យឃើញជាក់ស្តែង ល្មមយើងជាមេបា អាចឱ្យជឿបានប្រាកដផង?
            មហាត្រូវលើកចេក នំ ដំណាប់  ជូនមេបាថា  ចេកនេះហើយដែលផ្លែចេញមកមានមាស ​បង្កើត​​​​​ឡើងជាប់មកជាមួយទាំងជីជាតិដីក៏មានរស់ផ្អែមល្អ ខ្ញុំបាននាំយកមកទុកជាជ័យមង្គល សូម​លោកមេបាមេត្តាពិនិត្យ រួចពិសាមើលចុះ !
            មេបាត្រូវធ្វើកិច្ចចាត់ឱ្យម្នាក់ពិនិត្យ  បើឃើញមានមាសពិត ដូចមហាថាមែន  ត្រូវឱ្យចិញ្ចៀនមាសនោះទៅមហាវិញ   ហើយប្រាប់ថា   ត្រូវយកទៅបំពាក់ឱ្យសាមីខ្លួនកូនប្រុសចុះ   ដើម្បីបានជា
មង្គលសួស្តីតទៅ ។
            -ពិធីដោតផ្កាស្លា ៣
            ជុំពេលារួចហើយ អាចារ្យត្រូវរៀបដោតផ្កាស្លា ដោយបាត់ស្រ្តីឬបុរស ៣ នាក់ ដែលមានគូ ស្រករគាប់នឹងគ្នាមកដោតផ្កាស្លា ( ឬផ្កាដូង )ឱ្យ គឺយកផ្កាស្លាខ្ពរដែលដាក់សូត្រមន្តពីថ្ងៃរសៀល​នោះ មកពុះយកផ្កា ហើយចងរុំនឹងអំបោះឆៅ​ជា ៣ ដុំ ដាក់ក្នុងពានជ្រៅ ( ក្រអូម )
            ដុំទី ១ ឱ្យឈ្មោះថា ផ្កាស្លាច្បង ត្រូវដោតម្លូ ២១ និងស្លា ២១ ( យកតាមគុណឪពុក )
            ដុំទី ២ ឱ្យឈ្មោះថា ផ្កាស្លាកណ្តាល ត្រូវដោតម្លូ ១២ និងស្លា ១២ ( យកតាមគុណម្តាយ)
            ដុំទី ៣ ឱ្យឈ្មោះថា ផ្កាស្លាពៅ ត្រូវដោតម្លូ ៦ និងស្លា ( យកតាមគុណបងឬញាតិ )
            ក្បូនខ្លះ ដោតផ្កាស្លាច្បង ម្លូ៩ ស្លា៩ ផ្កាស្លាកណ្តាល ម្លូ៧ ស្លា៧ និងផ្កាស្លាពៅ ម្លូ៥ ស្លា៥ ។ ដោតយ៉ាងនេះ គឺគេរាប់តាមស័ក្តិ ហៅថា  អំបូរឧត្តមស័ក្តិ, អំបូរមធ្យមស័ក្តិ, អំបូរសាធារណៈ ស័ក្តិ។ ឯចុងផ្កាស្លាដោតឱ្យរួមចុងក៏បាន សំយាកចុងក៏បាន ។ ក្នុងវេលាដោតផ្កាស្លានោះ ត្រូវអុជ ទៀន ១ ដើម និងធូប ៣ សរសៃ សុំពរឱ្យសាមីខ្លួនបានសេចក្តីសុខចម្រើន ។ លេងភ្លេង នាងនក់ សំពោង ដំរីយោលដៃ ។ រីឯប្រាក់ខាន់ស្លា ត្រូវដាក់នៅក្នុងពានផ្កាស្លាច្បង ។
            មហាឬអាចារ្យ ត្រូវបង្រៀនកូនប្រុសឱ្យចេះបូតសំពះទទួលផ្កាស្លា ជូនលោកមេបា ដើម្បីកុំ​ឱ្យឆ្គង នៅពេលសំពះផ្ទឹម ។ ត្រូវរៀបចំរណ្តាប់ និងរបៀបដោតផ្កាស្លាមានដូចខាងក្រោមនេះ៖
            - ពានទម្រ ៣ ( កូនតុស្ពាន់ឬប្រាក់ )               - អម្បោះឆៅសំរាប់ចង
            - ពានឬកែវជ្រៅ ៣ ( ស្ពាន់ឬប្រាក់ )               - ទៀនក្រមួនឃ្មុំធំល្មម ៣
            - ម្លូ ៤៨ សន្លឹក                                               - ប្រាក់ខាន់ស្លា ១ ណែន
            - ស្លាមូលខ្ចីតូចៗ ឬស្លាស្លឹង ៤៨                     ១៦- ជាសាច់ប្រាក់ ។
             ឈ-ពិធីរង់ចាំពេលា
            គឺជាថ្ងៃបង្ហើយ ក្នុងពិធីរៀបមង្គលការ កូនប្រុស-ស្រី ។ ព្រលឹមស្រាងៗ អាចារ្យនាំកូនកម្លោះ
ដែលតែងខ្លួនស្អាតបាតទៅអង្គុយនៅមុខរៀនទេវតាបែរមុខទៅរកទិសខាងកើត ដើម្បីចាំយកពេលា​កូនប្រុសស្លៀកសំពត់សារបាប់ ឬហូល ឬលឿក ឬផាមួង តាមបាន ប៉ុន្តែគេច្រើនស្លៀកជាស​សំឡុយ និងពាក់អាវសារបាប់ ( អាវផ្កាមាស ) ឬពាក់អាវខូតសមានពាក់អាវផាយពណ៍ក្រហមពី ​ខាងក្រៅ ។ ពេលចំពេលា ភ្លេងលេងបទ តាឆាន់ សារាយអណ្តែតណង នារីស្តេចដើរ ។ ត្រូវរៀបចំ​រណ្តាប់ និងរបៀបរង់ចាំពេលាដូចខាងក្រោមនេះ៖
            - រៀនទេព្តា                                                    - ផ្កាស្លាច្បង
            - ពានតម្កល់ពេលាចេកមាស                         ១០- ផ្កាស្លាកណ្តាល
            .- ថង់រង ១ គូ                                              ១១- ផ្កាស្លាពៅ
            ផ្តិលអង្ករជ័យដោតពពិល ៣                             ១២- អាចារ្យ
            .- តៀប ១ គូ                                               ១៣- សាមីខ្លួនកូនប្រុស
            - ពានស្លាជ័យ-ម្លូជ័យ
            -ពិធីហែកូនប្រុសឡើងទៅសំពះផ្ទឹម
            លុះព្រះអាទិត្យរះពេញពន្លឺហើយ អាចារ្យគិតថា ជាពេលាល្អ ក៏វាយឃ្មោះ ៣ ដង ជាសញ្ញា​ឱ្យដឹងថា អាចារ្យចាប់បើកពេលាហើយ។
            អាចារ្យបង្គាប់ឱ្យកូនប្រុស  ក្រាបថ្វាយបង្គំព្រះអាទិត្យ ៣ ដង រួចទើបដង្ហែកូនប្រុសឡើងទៅ
សំពះផ្ទឹម នៅឯលើផ្ទះការ។ ក្បួនដង្ហែនោះ អាចារ្យលីដាវ ដើរបើកផ្លូវមុនគេ។ បន្ទាប់មក អ្នកផ្លូវ​ចៅមហាកាន់ថង់រងប្រាក់ខាន់ស្លា គឺប្រាប់មេបាបង្គាប់ថ្លៃផ្ទះ ឬប្រាក់ស្នាប់ទឹកដោះ។ បន្តមកអ្នក​កាន់ពានតម្កល់ពពិល, អង្គរជ័យ, ពានម្លូជ័យ, ពានស្លាជ័យ តៀបបើកបាយស្រី ១ គូ, ផ្កាស្លាច្យង, ផ្កាស្លាកណ្តាល ផ្កាស្លាពៅ, សាមីខ្លួនកូនប្រុស និងអ្នកកំដរ ព្រមទាំងគណៈញាតិ។ អ្នកកាន់ផ្កាស្លា ទាំង ៣ និងកូនប្រុស​ត្រូវបាំងឆ័ត្រឱ្យ ។ ក្រុមភ្លេងការនៅពីក្រោយគេបង្អស់ភ្លេងប្រគំបទ នារីស្តេច ដើរ។ ( មានអាចារ្យខ្លះ ឱ្យសាមីខ្លួនកូនប្រុសអង្គុយចាំយកពេលា នៅទីសំពះផ្ទឹមតែម្តង ។
            សាមីខ្លួនប្រុសត្រូវតែមានប្រាក់ជាប់នឹងខ្លួនផង សម្រាប់ទុកឱ្យអ្នកលាងជើង និងដឹកដៃទៅ កាន់កន្លែងសំពះផ្ទឹម ។
            ពេលហែកូនប្រុសដល់មាត់ជណ្តើរ អ្នកកាន់ឃ្មោះ វាយឃ្មោះ៣ដង ជាសញ្ញាដល់ខាងកូន ស្រី។ ខាងស្រីក៏បន្លឺសម្លេងឃ្មោះ៣ដង ទទួលវិញ។ រួចហើយ អ្នកមហាក៏ចាប់ផ្តើមនិយាយប្រកាស សុំផ្លូវដើរ សុំជណ្តើរឡើង។ កាលបានការអនុញ្ញាត អំពីលោកមេបាខាងស្រីរួចហើយ កូនប្រុស ឡើងកាន់ជណ្តើរ ឈរលើថ្មសំលៀងកាំបិតមួយដុំ ក៏មានក្មេងស្រីម្នាក់ ( ដែលត្រូវជាប្អូន​បង្កើត ឬ​ជាជំណិតរបស់កូនស្រី ) យកទឹកមួយផ្តិល មកលាងជើងឱ្យកូនប្រុស ព្រមទាំងជូនស្លា​ក្រនៀត ឬ​ស្លាថ្មាត់ ( ម្លូដែលគេបៀកបត់បញ្ចូលមុខគ្នា ) មួយម៉ាត់ ដែលចងគួចនឹងជាយកន្សែងច្របុកផង មុននឹងដឹកដៃកូនប្រុសនោះឡើងទៅលើផ្ទះកា។ រីឯកូនប្រុស ស្រាយស្លាថ្មាត់នៅជាយកន្សែង​នោះ​ស៊ី រួចក៏ជូនរង្វាន់ជាប្រាក់ ឬជាវត្ថុអនុស្សាវរីយ៍ផ្សេងៗចំពោះក្មេងស្រីនាំផ្លូវនោះវិញ។​ ត្រូវរៀប​ចំ​រណ្តាប់​ និងរបៀបហែកូនប្រុសឡើងផ្ទឹមមានដូចខាងក្រោមនេះ៖
            - អាចារ្យ ( លីដាវដើរមុខ )                             - ផ្កាស្លាកណ្តាល
            .- អ្នកផ្លូវ និងអ្នកមហា                                ១០- ផ្កាស្លាពៅ
            - ផ្តិលអង្ករជ័យដោតពពិល ៣                        ១១- អ្នកកំដរកូនប្រុស
            - ពានស្លាជ័យ-ម្លូជ័យ                                     ១២- អ្នកកំដរកូនស្រី
            .- តៀនបើកបាយស្រី ១ គូ                          ១៣- ញាតិនិងភ្ញៀវ
            - ផ្កាស្លាច្បង                                                  ១៤- វង់ភ្លេងការ
            ពេលឡើងទៅដល់លើផ្ទះ អ្នកភ្លេងត្រូវអង្គុយនៅជិតបន្ទប់កូនស្រីដើម្បីងាយស្រួល ក្នុងការ ធ្វើកិច្ចមានការរាំបើកវំាងនន ឬរាំបើកតៀបបាយស្រីជាដើម ។
            -ពិធីបង្វិលពពិល និងសំពះផ្ទឹម
            កូនប្រុសត្រូវបានក្មេងនោះ ដឹកដៃទៅអង្គុយនៅលើកំរាលព្រំ ឬកន្ទេលនៅលើទីលង្វែងចន្ទ ដែលគេរៀបចំរួចស្រេច បែរមុខទៅទិសខាងកើត រង់ចាំមេបានិងអ្នកមហា និយាយការ ។ អ្នកកាន់ ផ្កាស្លាទាំង ៣ ត្រូវទៅអង្គុយរៀងគ្នាជាជួរ ពីខាងស្តាំសាមីខ្លួនប្រុស ។ រណ្តាប់ក្រៅអំពីនោះ ដូចជា ថង់រង  ពានពពិល  អង្គរជ័យ  ពានម្លូជ័យ ពានទៀនពេលា តៀនដាក់បាយខុន ថាសសំពត់អាវ ត្រូវ
រៀបតម្កល់នៅចំពីខាងមុខកំរាលសំពះផ្ទឹម ។
                        បន្ទាប់មក លោកអាចារ្យបង្គាប់ឱ្យកូនប្រុសឱនសំពះផ្កាស្លាព្រះពរ គឺម្លូដែលគេមូរ ដាក់នៅ
លើខ្នើយចំនួន ៣ ត្រួយ ជាគំរប់ ៣ ដង ដើម្បីគោរពមេបា ។
            លើកទី១ កូនប្រុសសំពះបូតផ្កាស្លា ៣ ដង ទើបអាចារ្យបង្គាប់អ្នកកាន់ផ្កាស្លាច្បងហុច​ទៅ​ឱ្យ​សាមីខ្លួនទទួលយកទៅជូនមេបា ( បិតាឬអាណាព្យាបាល ខាងកូនស្រីទទួល )
            លើកទី២ កូនប្រុសសំពះបូតផ្កាស្លា ៣ ដងទៀត  ទើបអាចារ្យបង្គាប់អ្នកកាន់ផ្កាស្លា​កណ្តាល​
ហុចទៅឱ្យសាមីខ្លួនទទួល យកទៅជូនមេបា ( មាតាឬអាណាព្យាបាល ខាងកូនស្រីទទួល​យក )
            លើកទី៣ កូនប្រុសសំពះបូតផ្កាស្លា ៣ ដងទៀត ទើបអាចារ្យបង្គាប់អ្នកកាន់ផ្កាស្លាពៅ​ហុច​ទៅ​​ឱ្យសាមីខ្លួនទទួល យកទៅជូនមេបា ( បងប្រុស-ស្រីខាងកូនស្រីទទួល )
            ក្នុងករណី ដែលកូនស្រីកំព្រា គ្មានឪពុកម្តាយ អាចឱ្យញាតិសន្តាន ជាឪពុកធំ ឬម្តាយមីង ទទួលផ្លាស្លាជំនួសបាន ។ លេងភ្លេងបទ ព្រះថោង ។ ត្រូវរៀបចំរណ្តាប់ និងរបៀបបង្វិលពពិល និង​
សំពះផ្ទឹមមានដូចខាងក្រោមនេះ៖
            ,២ថង់រង ១ គូ                                                ១២ អ្នកផ្លូវ
            ៣, តៀប ១ គូ                                                ១៣ អ្នកមហា
            ផ្តិលអង្ករជ័យដោតពពិល ៣                         ១៤ ផ្កាស្លាច្យង
            ផ្តិលទឹកចំណងដៃ. ទៀនពេលា                    ១៥ ផ្កាស្លាកណ្តាល
            ខ្នើយសំពះ                                                  ១៦ ផ្កាស្លាពៅ
            កំរាលព្រំ                                                       ១៧ អ្នកកំដរកូនស្រី-ប្រុស
            សាមីខ្លួនកូនស្រី                                           ១៨ អ្នកបង្វិលពពិល
            ១០ សាមីខ្លួនកូនប្រុស                                      ១៩ មេបា-ចាស់ទុំ
            ១១ អាចារ្យ                                                      ២០ ញាតិ និងភ្ញៀវ
            -ពិធីពេលាចេកមាស
             មុននឹងចាប់ផ្តើមសំពះផ្ទឹម​អាចារ្យប្រារព្ធ ពិធី​ពេលា​ចេកមាស។ អាចារ្យបង្គាប់ឱ្យកូនប្រុស​និងកូនស្រី បង្ហើបសំពត់ស ដែល​គ្រប​ពីលើថាស  ពេលា ​​​ចេកមាស គឺផ្លែចេកមាសមួយគូ ដែលគេ​ដាក់ផ្លែចេកធម្មតាលាយ​ជា​មួយ។ កាលអ្នក​ទាំង​ពីរ​ចាប់ត្រូវលើផ្លែចេកមាសម្នាក់មួយ អាចារ្យក៏​ប្រកាស​ថា ពេលាចេកមាស​បើក​ហើយ
            -ពិធីបង្វិលពពិល
            តាមលទ្ធិព្រហ្មញ្ញសាសនា សន្លឹកពពិលធ្វើឡើងអំពីដែក ស្ពាន់ប្រាក់ ឬមាស មានឆ្លាក់រូប​នាងឧមាភគវតី ជាប្រពន្ធព្រះឥសូរ(សីវៈ)។ នាងជាអ្នកបង្កើតមនុស្សទាំងអស់ នៅក្នុងឋាន​កណ្តាល​​យើងនេះ ។ ពិធីបង្វិលពពិលត្រូវបានគេរៀបចំតាមរណា្តប់ដូចជា៖
            សន្លឹកពពិលមានរូប១ សម្រាប់មនុស្សសាមញ្ញ ប្រើក្នុងពេលរៀបមង្គលការកូនចៅ។ ប្រើ​ពពិល ៣ សន្លឹក គឺមានរូប ១ ( ទាំង ៣ )
            សន្លឹកពពិលមានរូប ២ សម្រាប់បង្វិលថ្វាយជាមង្គលដល់បុត្រា-បុត្រីនៃព្រះរាជា។ ប្រើ ពពិល ៥ សន្លឹក គឺរូប ១ ( ៤ សន្លឹក ) និងរូប ២ ( ១ សន្លឹក )
            សន្លឹកពពិលមានរូប ៣ សម្រាប់បង្វិលថ្វាយជាមង្គល ដល់ព្រះមហាក្សត្រ ពេលអភិ​សេក ។
ប្រើពពិល ៩ សន្លឹក គឺរូប ១ ( ៧ សន្លឹក ), រូប ២ ( ១ សន្លឹក ) និងរូប ៣ ( ១សន្លឹក ) ៧២
            អាចារ្យប្រកាសសុំមនុស្ស ៩ នាក់ គឺប្រុស ៥ នាក់ ​​​( រួមទាំងអ្នកកាន់ផ្កាស្លា ៣ ផង )   និងស្រី
៤ នាក់ រួមទាំងអ្នកផ្លូវ ១ អ្នកមហា ១ និងអាចារ្យ ១ ផង ត្រូវជា ១២ នាក់ ។ រើសសុទ្ធតែអ្នកមានគូ​ ស្រករមិនដែលអភ័ព្វឱ្យមមកអង្គុយដំកង់ជុំវិញសាមីខ្លួនទាំងពីរ ដើម្បីបង្វិលពពិលដែលបិទក្រមួន​សុទ្ធ​ ពីលើ ជាទក្ខិណាពណ៌ ១៩ ជុំ ( លេងភ្លេងជុំគ្រែ )
            ការអុជទៀន តាមកន្លែងខ្លះ ឱ្យមាតាបិតាខាងកូនប្រុសអុជ១ ឱ្យមាតាបិតាខាងកូនស្រីអុជ១ រួចហើយឱ្យកូនប្រុស-ស្រីអុជបន្តអំពីមាតាបិតាទាំងសងខាង ក្នុងនិមិត្តរូបថា កូនប្រុស-ស្រីបានបន្ត សាច់ឈាម ( ទុកដូចជាពន្លឺទៀន ) ពីមាតាបិតារបស់ខ្លួនទាំងសងខាង មុននឹងប្រគល់ទៅឱ្យអាចារ្យ ឬក៏អាចារ្យអុជទៀនពពិលទាំង ៣ ផ្ទាល់ខ្លួនតែម្តង។ បន្ទាប់មក ទើបអាចារ្យចាប់ផ្តើមតាំងនមោ ៣ ចប់ រួចនាំគ្នាសូត្រធម៌ជយន្តោ បង្វិលពពិលប្រទក្សិណ  ហុចបន្តគ្នាទៅខាងឆ្វេងដៃ  គឺអ្នកអង្គុយជិត
យកដៃឆ្វេងទទួលពពិល  យកដៃស្តាំបកផ្សែងជះទៅលើសាមីខ្លួនប្រុសស្រី ដើម្បីជូនពរជ័យឱ្យមាន
កម្លាំងខ្លាំងក្លា ។
            ដំណើរពពិល  ពពិលទាំង ៣ ចេញដំណើរមួយម្តងៗ ពីដៃអាចារ្យមកដៃមហា បន្តបន្ទាប់គ្នា​ ជាលំដាប់ ប្រទក្សិណជុំវិញសាមីខ្លួនទាំងពីរ។ ដំណើរដែលហុចនិងទទួលបន្តគ្នា ត្រូវធ្វើតាម​លំដាប់​​លំដោយដូចជា​ ៖
            ទី១ .អាចារ្យចាប់ផ្តើមហុ​ចពពិល ដោយដៃឆ្វេងទៅអ្នកមហា ។
            ទី២.អ្នកមហាទទួលយកដៃឆ្វេង តែត្រូវយកដៃស្តាំមកកាន់ផ្គំ រួចក៏លើកពពិលនោះឱ្យ​ខ្ពស់​ឡើង​​ដាក់ពីមុខ ទើបបន្ទាបដៃទាំងពីរចុះបន្តិចវិញ ដកដៃស្តាំបក់អណ្តាតភ្លើងទៀនតម្រង់ទៅកាន់​សាមីខ្លួនទាំងពីរ ដើម្បីបញ្ចូលក្លិនផ្សែងក្រមួនទៀនក្រអូប ទៅក្នុងច្រមុះមាត់ ។ រួចមកទើប​ហុចបន្ត​ទៅឱ្យអ្នកអង្គុយខាងឆ្វេងដៃទៀត ។ ធ្វើយ៉ាងនេះបន្តបន្ទាប់គ្នា លុះត្រាតែលោកអាចារ្យឱ្យឈប់ ។
            - ពិធីចងដែ
            ការរាំបើកបាយស្រីចប់ហើយ អាចារ្យក៏សូត្រឱ្យពរផ្កាស្លា និងចងដៃមុន។ បន្តមក ទើប​មាតា បិតា និងញាតិសន្តានទាំងសងខាងចងដៃកូនប្រុស-ស្រី  ដោយអំបោះឆៅពណ៌ស និងឱ្យសព្ទសាធុ
ការពរតាមចិត្តរៀងៗខ្លួន។ អ្នកភ្លេងប្រគំបទបាយខុន ( ចងដៃ ) កំដរពិធីនេះ ។
            -ពិធីបាចផ្កាស្លា
            បន្ទាប់មក អាចារ្យស្រាយផ្កាស្លាកណ្តាល និងផ្កាស្លាពៅចែកដល់ញាតិមិត្រនិងភ្ញៀវ ដើម្បី បាចសាចឱ្យពរសព្ទសាធុការដល់កូនប្រុស-រកស៊ីមានបាន ត្រជាក់ត្រជុំ មានជាកូនពួនចៅ សុខ សប្បាយជារៀងរហូតទៅ ។ អ្នកភ្លេងប្រគំបទ ចំបក់រោយ ដើម្បីកំដរក្នុងឪកាសបាចផ្កាស្លា ។ រីឯផ្កា ស្លាច្បងត្រូវតម្កល់ទុក ៣ ថ្ងៃ ទើបឱ្យស្វាមី-ភរិយាថ្មី នំាយកទៅប្រគេនព្រះសង្ឃ ឬគ្រូឧបជ្ឈាយ៍នៅ ឯវត្តបាចជូនពរឱ្យ ។
            ជាទីបញ្ចប់ មហាឬអាចារ្យច្រើន និយាយទូន្មានឱ្យគូស្វាមីភរិយាថ្មីគោរពតាមពុទ្ធោវាទ ស្តី​ អំពីសង្ហហធម៌ ៥ យ៉ាងរវាងប្តីប្រពន្ធ ចំពោះមាតាបិតា ញាតិមិត្រ និងគ្រូបាធ្យាយ ដូចមានចែងក្នុង សិង្គាលោវាទសូត្រ ។ រួចមក ទើបអាចារ្យប្រកាសជាឱឡារឹក ក្នុងកណ្តាលចំណោមមហាជនទាំង ឡាយនូវពាក្យយ៉ាងនេះ ជាដើមថា អ្នកទាំងពីរ គឺកូនប្រុសឈ្មោះ...........កូនស្រីឈ្មោះ.........​ត្រូវ ​បាន​​មាតាបិតាទាំងសងខាង រៀបមង្គលការ តាមប្រពៃណីរបស់ខ្លួនត្រឹមត្រូវហើយ ដោយមាន ទាំងញាតិមិត្រនិងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងទីនេះ មកជួយធ្វើជាកសិណសាក្សី និងជូនពរជ័យ ផង។ ដូច្នេះ ខ្ញុំបាទជាអាចារ្យកាន់ពេលា សូមប្រកាសជាឱឡារឹក និងជាផ្លូវការថា ចាប់តាំងពីថ្ងៃនេះ
តទៅ អ្នកទាំងពីរ គឺជាស្វាមី-ភរិយា ដែលបានរៀបការ ពេញលក្ខណៈច្បាប់ហើយ !
            -ពិធីកូនប្រុសតោងជាយស្បៃកូនស្រីចូលក្នុងបន្ទប់
            ចប់ពិធីនេះហើយ គូស្វាមីភរិយាថ្មី ត្រូវបានអាចារ្យបង្គាប់ឱ្យក្រោកឈរឡើងដើម្បីសម្រួលឥរិយាបទពីការរោយស្រពន់ ។ អាចារ្យបង្គាប់ឱ្យភរិយាបៀកស្លាមួយម៉ាត់ជូនស្វាមី បន្ទាប់មក ទើបគេវាយឃ្មោះបីដង ជាសញ្ញាឱ្យស្វាមីតោងជាយស្បៃភរិយា និងអ្នកកំដរទាំងអស់ តោងជាយអាវផាយ​​កូនស្រី ។ អ្នកភ្លេងត្រូវប្រគំបទ ព្រះថោង, លោមនាងបាយខុនគូ បាយខុនដៀវ និងទប់ទឹក កំដរផង ។
           
            - ពិធីគោះថង់រងបញ្ចប់មង្គលការ
            លុះផ្ទឹមរួចហើយ    អ្នកមហាត្រូវចូលទៅជំរាបមេបាសូមថា  ទានសូមជំរាបអស់លោកមេ​បា​​
តូចធំ  ត្រកូលរៀមច្បង   សូមទានជ្រាប!  ត្បិតកូនប្រុស-ស្រីបានសំពះផ្ទឹមរួចហើយ  ឥឡូវសុំ​លោក​
មេបារៀបគោះថង់រងសំរេចមង្គលការ ។
            ប្រដាប់គោះថង់រងត្រូវខាងប្រុសរៀប មានស្លាម្លូ ទៀនធូប និងប្រាក់តាមសមគួរនឹងវង្ស​ត្រកូល ហើយខាងស្រីជាអ្នកគោះ។ មេបាត្រូវជ្រើសរើសញាតិសន្តានដែលត្រូវជាមាមីង ឬបងគឺ ប្រុស​ ២ នាក់ ស្រី ២ នាក់ ជាអ្នកគោះ។ ថង់រងនីមួយៗត្រូវឱ្យប្រុសម្នាក់និងស្រីម្នាក់ជាអ្នកគោះ។ អ្នក​​​​គោះថង់រង ត្រូវឱ្យពរយ៉ាងនេះថា ថ្ងៃនេះ ជាថ្ងៃមង្គលសួស្តីយើងទាំងឡាយបានរៀបចំ​មង្គល​ការ​​​​កូន​ក្មួយជាសាមីខ្លួន ឱ្យជាស្វាមីភរិយា ជាស្រេចហើយ។ ឥឡូវយើងទាំងឡាយ សូម​គោះ​ថង់រង​បង្ហើយមង្គលការ ។ សូមឱ្យអស់ទេវតាជួយឱ្យសព្ទសាធុការពរដល់សាមីខ្លួនទាំងពីរ​នាក់ ដែលទើប​រៀប​មង្គលការថ្មី ឱ្យបានប្រកបសុខសុវត្ថិភាពមូលស្វាមីភរិយា ដរាបដល់យាវជីវំទៅ​ហោង !
            រួចហើយ អ្នកគោះថង់រងនោះពន្លត់ទៀន រូតមាត់ថង់ទុកជាការស្រេច ។ មហាជំរាបអស់​លោកមេបា ឱ្យសំរួលឥរិយាបទ និងលើកភោជនាហារដាក់ស្ពក ឬថាស មកជូនពិសា ។
            - ពិធីរាំសាកន្ទេល
            ពិធីការមិនទាន់ចប់សព្វគ្រប់នៅឡើយទេ តាមតំបន់ខ្លះគេបន្តធ្វើពិរាំសាកកន្ទេលទៀត ។ ពេលនោះ គូស្វាមីភរិយាថ្មី ត្រូវផ្លាស់សំលៀកបំពាក់ផ្ទឹមនោះចេញ ស្លៀកពាក់ធម្មតាជំនួសវិញ រួច ចេញមកអង្គុយក្នុងកណ្តាលហ្វូងញាតិមិត្រនិងភ្ញៀវ ដើម្បីទុកឱកាស ឱ្យអ្នកភ្លេងបញ្ចប់ពិធីរាំសា កន្ទេលដោយប្រគំបទ ស្មោង ។ អ្នកភ្លេងយកចិញ្ចៀនមាស ១ វង់មកចងភ្ជាប់នឹងចន្ទុលដង្ករ ១ ដាក់ ក្នុងរមួរកន្ទេល ដែលកូនប្រុសស្រីអង្គុយសំពះផ្ទឹមនោះ មកលើបណ្តើរ ស្រែកពពាយនាយលក់ កន្ទេលនោះ។ ឯសាមីខ្លួនទាំងពីរ ដែលទើបការរួចថ្មី ត្រូវចេញមកអង្គុយទន្ទឹមគ្នាចាំទទួលទិញ​កន្ទេល។ អ្នករាំលក់កន្ទេលនិយាយសរសើរគុណសម្បត្តិកន្ទេលថា កន្ទេលនេះ បើអ្នកទើប​រៀប​មង្គល​ការហើយថ្មីៗទិញយកទៅក្រាលដេក នឹងកើតមាស កើតប្រាក់
            អាចារ្យ ឬអ្នកដទៃសួរបញ្ជាក់ថា កន្ទេលនេះ ក្រែងមិនពិតដូចអ្នកថា? បើដូច្នេះចូរអ្នក​ក្រាល​ដេកទៅយើងនឹងមើល បើពិតដូចអ្នកថាមែនយើងនឹងឱ្យកូនក្មួយ  ដែលទើបបានរៀបការ​ហើយ​ថ្មីៗ​
នេះជាវយក
            អ្នកលក់ក្រាលកន្ទេលដេកគងអន្ទាក់ខ្លា  ហើយច្រៀងបទ ជ្រង ៣ បទ   រួចលាកន្ទេលឡើង
ឃើញសុទ្ធតែមាសនិងប្រាក់ ទើបលើកបង្ហាញឱ្យគេមើល និងយកទៅលក់ឱ្យសាម៉ីខ្លួន ដែលទើប បានរៀបមង្គលការថ្មីៗនោះ (សាមីខ្លួនត្រូវមានប្រាក់និងចាំទទួលទិញ)។ អ្នកភ្លេងលើកកន្ទេល ប្រគល់​ឱ្យគូស្វាមី-ភរិយាថ្មី ហើយជូនពរជ័យថា យកកន្ទេលនេះទៅក្រាលជាកន្ទេលកំណេកនឹង បានសិរីសួស្តី តរៀងទៅ ។
            ៣.២.៤.បុណ្យសព
            នៅក្នុងសង្គមខ្មែរ ក៏ដូចជាគ្រួសារជាតិសាសន៍ដទៃទៀត កាលបើមានមនុស្សស្លាប់​គេតែង​រៀប​ចំធើ្វបុណ្យ ជូនដំណើរខ្មោចនោះ   តាមទំនៀមទម្លាប់ដែលប្រែប្រួល​ទៅតាមសម័យកាល  និង​
ប្លែក​​​​​គ្នាខ្លះតាបតំបន់នីមួយៗ។ ខ្មែរចាត់ទុកពិធីបុណ្យសព ឬបូជាសពជាករណីកិច្ចមួយដែលគ្រួសារ សពត្រូវបំពេញ។   កាល​ណាគេរំលងប្រពៃណីដោយទុកឲ្យឪពុកម្តាយ   ជីដូនជីតាបងប្អូនសា្លប់ដូច​
សត្វធាតុ នឹងត្រូវ​ទទួលការរិះគន់ពីសង្គមហើយមានការស្តាយក្រោយជាពុំខាន។
            សពមនុស្សក្នុងលោកមានពិធីធើ្វបួនយ៉ាង   គឺបូជាដោយព្រះអគ្គី១   កប់ទុកក្នុងព្រះធរណី១
បណ្តែតចោលក្នុងស្ទឹងស័ក្តិសិទិ្ធ១ និងចោលក្នុងព្រៃស្មសាន១។ ពិធីទាំងបួនបែបនេះ  អ្នកកាន់​លទ្ធិ​
ព្រះពុទ្ធសាសនា ច្រើនបូជាដោយព្រះអគ្គី ព្រោះបរមសពព្រះពុទ្ធក៏បូជាដែរ៧៣
            នៅពេលជិតស្លាប់ គេនិមន្តព្រះសង្ឃ៤អង្គ ឬមួយអង្គក៏បាន មកសូត្រធម៌ឲ្យអ្នកជម្ងឺសា្តប់។ តែត្រូវរកអាចារ្យម្នាក់នៅជួយមើលខុសត្រូវរហូតដល់ដង្ហើមចុងក្រោយ។ នៅពេលនោះ​ មិត្តភ័ក្ក​ក្តី​​​​​បងប្អូនកូនចៅក្តី ដែលបានប្រព្រឹត្តមិនគប្បី​ចំពោះអ្នកនោះ​ត្រូវមក​សុំខមាទោស។ បន្ទាប់មកគេឲ្យ​អ្នក​ជម្ងឺទន្ទេញធម៌ថា ពុទ្ធោ អរហំ ហើយឲ្យតាំស្មារតីឲ្យនឹងក្នុងអំពើល្អដែលខ្លួនបានធើ្វ ហើយ​កុំឲ្យ​ខ្វល់ខ្វាយជំពាក់ចិត្តទៅលើគ្រួសារ លើទ្រព្យសម្បត្តិជាដើម។ នៅខណ:នោះគេនាំគ្នារៀបចំ ​គ្រឿង​បន្លុង មានគ្រឿងបរិភោគ ឧបភោគ និងរបស់​ផ្សេងៗសម្រាប់ប្រគេនព្រះសង្ឃនៅពេលស្លាប់ទៅ។ ប្រដាប់ប្រដាទាំងអស់នោះ​ត្រូវយកទៅ​បង្ហាញ​​​អ្នកជម្ងឺឲ្យបានឃើញ ហើយត្រេកអរក្នុងកុសលផល​បុណ្យ​​នោះផង ចំណែកអាចារ្យក៏រៀបចំលុញទៀនកល្ប ទៀនគោល ធ្វើសា្លត្រួយទង់ព្រលឹង និង​សុពារបាត ៦សន្លឹក (ជាបន្ទះធ្វើដោយមាស ឬប្រាក់ ឬទង្វា ឬស្លឹករិត ឬក្រដាស់ក៏បានទុកដាក់ដល់​ពេល​ស្លាប់នៅត្រង់ថ្ងាស ក្បាល​ បបូរមាត់ លើចង្កាក្នុងដៃប្រណម្យ និងលើដើមទ្រូង)។ គេអុជទៀន​កល្ប​នៅពេលចជិតដាច់ខ្យល់ និងនៅពេលស្លាប់៧៤
        លុះមនុស្សនោះផុតដង្ហើមទៅហើយ អាចារ្យចូលទៅបិទភ្នែក និងមាត់ខ្មោចហើយយកសុពារ បាតទាំង៦ សន្លឹកមកដាក់តាមកន្លែងដែលត្រូវដាក់។ រំពេចនោះ គេយកទៀនកល្បមកអុជបិទនៅ ក្បាលគ្រែ  ហើយទៀនគោលទាំង ៥  ទៀតមកអុជតាំងពីពេលជិតស្លាប់នោះ  ត្រូវអុជបន្តទៅកូន ចង្កៀងប្រេងកាតជំនួសវិញ។​ បន្ទាប់មកគេរៀបទៀនត្បូង ដែលមានស្រូវពន្លៃ១ល្អី ប្រាក់១បាត សំពត់ស៥ហស្ថ ចេកទុំ១ស្និត និងចង្កៀងប្រេងកាតនោះដាក់ដំកល់នៅចុងជើងខ្មោច។   នៅក្រោម កន្លែងដំកល់ទៀនត្បូងនោះ គេដាក់ថ្ម១ដុំ និងទឹក១ក្អម​ ។
        លុះថ្ងៃឈាបនកិច្ចមកដល់ គេត្រូវរៀបក្បួនដង្ហែសពនោះ ឆ្ពោះទៅកាន់ឈាបនដ្ឋាន។ មុន រំកិលសពចេញពីទីដំកល់ គេនិមន្តព្រះសង្ឃបង្សុកូល ជួនកាលគេប្រារព្ធពិធីបង្វិលពពិល៣ជុំ ជុំវិញ ម្ឈូស បន្ទាប់មកទៀត តាមទំនៀមទម្លាប់នៅពេលរំកិលសពចេញទៅអាចារ្យយោគីយកក្អមទឹកទេ ស្រោច​​រម្ងាប់ដុំថ្មរួចទាត់ចោលទៅដីនៅក្អមទឹក និងដុំថ្មនោះ។ ហើយនៅក្នុងក្បួនដង្ហែនោះ មាន​ព្រះ​សង្ឃមាតិកា១ មានអ្នកបំរុងបួសមុខភ្លើងម្នាក់ ដែលគេបំពាក់ស្បូវភ្លាំង ឬខ្សែលើក្បាល សណ្តោង ភ្ជាប់មកមឈូសសព១អ្នកប្រាយលាជ១អ្នកកៀសចិញ្ចៀនត្បូង១ ហើយមានអាចារ្យកាន់ទង់ព្រលឹង ដើរមុខនឹងយោគី៤នាក់លីចប ពុនក្អមដើរក្រោយ ក្រៅពីនេះមានភ្លេងត្រៃលក្ខណ៍នឹងអ្នកហែហម តិច​ច្រើន តាមសមត្ថភាពនៃគ្រួសាររបស់សព។ លុះដល់ទីប៉ាឆាគេហែប្រទក្សិណ៣ជុំ ជាឧត្តរា​ពត៌ (ពីខាងឆ្វេងនៃប៉ាឆា) រួចហើយយកមឈូសទៅដាក់លើជើងថ្កល់ យកក្បាលទៅទិសខាងលិច ។
          ពិធីកម្មរបស់អាចារ្យក្នុងបុណ្យសពមានដូចជា ៖   
          ក.មុនពេលស្លាប់
        -និមន្តព្រះសង្ឃ ៤អង្គ ឬ១អង្គមកសូត្រធម៌ឲ្យស្តាប់
          -ឲ្យអ្នកជម្ងឺទទ្ទេញធម៌ ពុទោ្ធ អរហំ
          -នាំគេរៀបចំគ្រឿងបន្លុង និងប្រដាប់ប្រដាផ្សេងៗ
          -រៀបទៀនប្រាំ ធូបប្រាំ បំរុងទុកជាស្រេច និងទៀនកល្ប
          .ក្រោយពេលស្លាប់
        -អាចារ្យចូលទៅបិទភ្នែក និងមាត់សព
          -អាចារ្យអុជទៀនកល្បដាក់ក្បាលគ្រែ ទៀនគោលប្រាំដើមអុជក្បែរក្បាល ស្មា និងជើង
          -រៀបទៀនត្បូង ស្រូវពន្លៃ១ល្អី ប្រាក់១បាត សំពត់ស៥ហត្ថ ចេកទុំ១ស្និតដាក់ចុងជើង
          -ខាងក្រោមកន្លែងតំកល់សពដាក់ដុំថ្ម១ដុំ និងទឹក១ក្អម
          -ដោតទង់ក្រពើនៅមុខផ្ទះសព
          -លើកសពចំអាសទឹក
          -យកសំពត់ស៤ហត្ថទៅស្លៀកឲ្យសព រួចចងខ្សែបាស ចងត្រង់ក កដៃ និងកជើង
          -ធ្វើទង់ព្រលឹងត្រូវសរសេរថា នមោពុទ្ធាយ ខាងលើ ឥមំ ធជបដាកំ តាវត្តឹង្ស ភវនេ ចេតិយស្ស ឧយ្យោជេមិ ឥមិនា និស្សន្នេន
          -ទទួលភ្ញៀវបុណ្យ ជួបជុំគ្រួសារសព
          -សូត្រធម៌នមស្សការ និងសមាទានសីល
          -និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា
          -សូត្រធម៌បទ ឬធម្មសង្វេគកំដរសព
          -វេរចង្ហាន់ប្រគេនព្រះសង្ឃ
          គ.ពិធីដង្ហែ និងរំលាយសព
        -និមន្តព្រះសង្ឃបង្សុកូល
          -រំកិលសពចេញពីគេហដ្ឋាន
          -អាចារ្យយោគីកាន់ទង់ព្រលឹងភាវនាថា  នាមរូបំ អនិច្ចំ នាមរូបំ ទុក្ខំ នាមរូបំ អនត្តា
          -ដង្ហែប្រទក្សិណ៣ជុំប៉ាឆា
          -បើកគំរបមឈូសឲ្យសាច់ញាតិមើលជាលើកចុងក្រោយរួចហើយបូជាសព
          -ធើ្វពិធីបែ្ររូបហើយឲ្យក្រុមគ្រួសាររើសឆ្អឹង។


៣៩ -សម្តែងអំពីរឿងពុទ្ធប្បវត្តិ ចាប់តាំងពីព្រះអង្គចុតិចាកតុសិតទេវលោក ដរាបដល់ព្រះអង្គ បរិនិព្វាន ។
៤០ -ក្រុមប្រឹក្សាជាតិរណសិរ្ស ប្រវត្តិវិសាខបូជា ទំព័រ ៥-៦ ។
៤១ -ឧកញ៉ាទេពពិទូ ឈឹម ក្រសេម និងឃុន ឧត្តមប្រីជា ចាប ពិន ព្រះរាជពិធីទ្វាទសមាស ភាគ២ ទំព័រ៦២ ។
៤២ -អ្នកស្រី ត្រឹង ងា អរិយធម៌ខ្មែរ ទំព័រ ១៣៥ ។
៤៣ -ព្រះតេជគុណបណ្ឌិត ហុក សុវណ្ណ អត្ថបទព្រះធម៌ ភាគ ១ ទំព័រ ៥៥ ។
៤៤ -ហ៊ឺ សុភា របៀបធ្វើមាឃបូជា វិសាខបូជា ទំព័រ ៦-៨ ។
៤៥ -មហា សោម សុវណ្ណ ប្រជុំមាឃបូជា ​និងវិសាខបូជា ទំព័រ ៣០-៣១ ។
៤៦ -ឧត្តមប្រីជា ចាប ពិន ព្រះរាជពិធីទ្វាទសមាស ភាគ ៣ ទំព័រ ១៥៣-១៥៤ ។
៤៧ -ឧត្តមប្រីជា ចាប ពិន ព្រះរាជពិធីទ្វាទសមាស ភាគ ៣ ទំព័រ ១៥៦ ។
៤៨ -ហ៊ឺ សុធា របៀបធ្វើមាឃបូជា​ វិសាខបូជា ទំព័រ ៧-១០ ។
៤៩ -មហា សោម សុវណ្ណ ទំព័រ ១៧-១៩ ។
៥០- ញាណ ភឿន និងម៉ម ឆៃ លំអានទំនៀមទម្លាប់ខ្មែរបុរាណ(ទម្លាប់អាចារ្យ) ទំព័រ ១៨៣ ។
៥១ -យិន វន់ ប្រជុំបុញ្ញប្រវត្តិ ទំព័រ ៦២-៦៣ ។
៥២ -ចាប ពិន អានិសង្ស ៣០ ទំព័រ ៧២-៧៣ ។
៥៣ -សម្តេចព្រះពោធិវ័ង្ស ហួត តាត ទំព័រ ១-២ ។
៥៤ -វិនយបិដក មហាវគ្គ តតិយភាគ ភាគ ៨ ទំព័រ ៣ ។
៥៥ -ព្រះឃោសធម្ម កៅ ស៊ឹម កឋិនបរិយាយ ទំព័រ ១៥ ។
៥៦ -ក្រសួងធម្មការ និងសាសនា ប្រជុំបុណ្យក្នុងពុទ្ធសាសនានិងទំនៀមទម្លាប់ខ្មែរ ទំព័រ ៩៩ ។
៥៧ -ជួន ចិន្តា និង រួន សារ៉ុន ពន្លឺធម្មទេសនា ទំព័រ ៩២-៩៣ ។
៥៨ -វិនយបិដក មហាវគ្គ ទុតិយភាគ ភាគ ៧ ទំព័រ ១-២ ។
៥៩ -ព្រះសីលវរៈ រស់ កែវ គិហិបដិបត្តិ ពិស្តារ ទំព័រ ៥៥ ។
៦០ -ឧកញ៉ាទេពពិទូរ ក្រសេម ព្រះរាជពិធីទ្វាទសមាស ភាគ ១ ទំព័រ ៦ ។
៦១ -អ្នកស្រី ត្រឹង ងា អរិយធម៌ខ្មែរ ទំព័រ ១៣៩-១៤០ ។
៦២ -លី សុវីរ ប្រពៃណីជាតិខ្មែរ ទំព័រ ១-៣ ។
៦៣ -លី សុវីរ ប្រពៃណីជាតិខ្មែរ ទំព័រ ៥០-៥២ ។
៦៤ -ដ.ឯ.ម. ទំព័រ ៣ ។
៦៥ -ពន់ ឆាយ វប្បធម៌-អរិយធម៌ខ្មែរ ទំព័រ ៥០ ។
៦៦-លី សុវីរ ប្រពៃណីជាតិខ្មែរ ទំព័រ១១៨-១១៩ ។
៦៧ -ដ.ឯ.ម.​ ទំព័រ ១៤៧ ។
៦៨ -បណ្ឌិត ឈឹម ទូច គិហិប្បតិបត្តិពិស្តារ ទំព័រ ១៩៣ ។
៦៩ -អ្នកស្រី ត្រឹង ងា អរិយធម៌ខ្មែរ ទំព័រ ១២២ ។
៧០ -ដ.ឯ.ម. ទំព័រ ១២៣ ។
៧១ -អ្នកស្រី ត្រឹង ងា អរិយធម៌ខ្មែរ ទំព័រ ១២៤-១២៥ ។
៧២ -ឆឹង ផាន់សុផុន បុណ្យទំនៀមខ្មែរ ភាគ ៣ ទំព័រ ៦៨៧ ។
៧៣ -យិន វន់ ប្រជុំបុញ្ញប្រវត្តិ ទំព័រ ៨៥-៨៦ ។
៧៤ -អ្នកស្រី ត្រឹង ងា អរិយធម៌ខ្មែរ ទំព័រ ១២៨ ។

No comments:

Post a Comment