Friday, July 20, 2012

សារណា​២ជំពូកទី ៤



ជំពូកទី ៤

មត៌កវប្បធម៌របស់អាចារ្យនៅក្នុងសង្គមខ្មែរ

៤.១. ចំណុចវិជ្ជមានរបស់អាចារ្យនៅក្នុងសង្គមខ្មែរ
សង្គមខែ្មរចាត់ទុកអាចារ្យជាមនុស្សសំខាន់ណាស់ ជាអ្នកមានតម្លៃថ្លៃថ្នូរ​ ជាបុគ្គលប្រកប​ដោយកិតិ្តយស អាចនិយាយបានផងដែរថាជាមគ្គុទេ្ទស៧៥ នាំផ្លូវ ចង្អុលផ្លូវ ឲ្យសង្គមដើរ​ឆ្ពោះទៅ​រក​ភាពសុខសាន្តសុភមង្គល។ ក្នុងន័យនេះ អាចារ្យបានកំណត់ចក្ខុ​វិស័យមួយ​ច្បាស់​លាស់ហើយលោក​បានផ្សាភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនា ដើម្បីធ្វើដំណើរអប​ព្រះពុទ្ធ​​សាស​នា។ លោក​អាចារ្យមានបទពិសោធន៍ធ្វើយ៉ាងណា ឲ្យព្រះពុទ្ធសាសនា​បានអត្ថិភាព​នៅក្នុងភាព​ថ្កុំថ្កើន​រុង​រឿង។ អាចារ្យស្ថិតនៅក្នុងចំណោមបរិស័ទបួនពួក ពោលបើព្រះពុទ្ធសាសនាថ្កុំថ្កើនរុងរឿង​ ឬធ្លាក់ចុះអាប់អោន ក៍ព្រោះតែបរិស័ទទាំងបួនពួកនេះដែរ។ ហេតុនេះ អាចារ្យបានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះភារកិច្ច​និងតួនាទីរបស់ខ្លួនដ៏ឧត្តុងឧត្តមនេះ ដើម្បីរក្សាបាននូវឥទ្ធិពលដ៏ប្រសើរ ហើយបានចាក់ជីស្រោចទឹកទ្រជើងវិជ្ជា​ជីវៈរបស់ខ្លួនជាអាចារ្យពីជំនាន់មួយទៅជំនាន់មួយ ឲ្យបានត្រឹមត្រូវតាមពុទ្ធវិន័យ ពុទ្ធ​ដីកា និងរក្សាលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឲ្យបានឋិតស្ថេរខ្ជាប់ខ្ជួន និងថ្កុំថ្កើន រុងរឿង សកិ្កសម ជាជាតិមួយដែលធ្លាប់មាន​អារ្យធម៌ចិញ្ចែងចិញ្ចាច នៅអាស៊ីអាគ្នេយ៍នេះ។
៤.១.១. លក្ខណៈសម្បតិ្តរបស់អាចារ្យ៧៦
          - វិជ្ជាសម្បតិ្ត  ត្រូវមានចំណេះដឹងទាំងផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ                                      ក.១ផ្លូវពុទ្ធចក្រ  អាចារ្យត្រូវតែជាអ្នកបួសរៀនតាមផ្លូវព្រះពុទ្ធសាសនាមាន៖                               -រៀនអក្សសាស្រ្តលេខនពន្ត គុណ ហា បូកសង ។ល។
-រៀនច្បាប់អប់រំដំបូន្មានផ្សេងៗ មានច្បាប់ក្រម ច្បាប់កេរកាលជាដើម
-រៀននមស្សការ ព្រះរតនត្រៃមាន ពុទ្ធគុណ ធម្មគុណ និងសង្ឃគុណជាដើម
-រៀនវិធីសមាទាននិច្ចសីល ឧបោសថសីល និងអតិរេកសីល
-រៀនអង្គនៃសិក្ខាបទនីមួយៗ
-រៀនចេះសាមណេរវិន័យ សិក្ខាបទ១០​ ទណ្ឌកម្ម១០ សេកិ្ខយវត្ត៧៥ ។ល។
-ចេះបច្ចវេក្ខណៈវិធីទាំង១៦យ៉ាង។ ធាតុប្បបច្ចវេក្ខណៈ​ បដិកូលប្បច្ចវេក្ខណៈ តង្ខណិ​ក​​ប្បច្ចវេក្ខណ អតីតប្បច្ចវេក្ខណ​ មាន​បួនៗ ដូចគ្នាគឺ ៖
១. ចីវរប្បច្ចវេក្ខណ
២. បិណ្ឌបាតប្បច្ចវេក្ខណ
៣.​ សេនាសនប្បច្ចវេក្ខណ
៤. គិលានប្បច្ចវេក្ខណ
-រៀនធម៌បួស (មើលក្នុងបព្វជ្ជាខន្ខកៈ)
-ចេះបាលីវេយ្យាករណ៍ទាំង ៧ និទ្ទេសមាន អក្ខរវិធីនិទេ្ទសជាដើម
-រៀនប្រែគម្ពីរធម្មបទអដ្ឋកថា ប្រែលោកប្រយោគ និងសម្ព័នជាដើម
-រៀនធម៌វិន័យថ្នាក់ត្រី ទោ ឯក
-រៀនផែ្នកវិបស្សនាធុរៈ មាន​សមថ និងវិបស្សនាកម្មដ្ឋាន។​
លើសពីនេះទៅទៀត ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានរីកចំរើនពេញសកលលោកគប្បីរៀនភាសាបរទេសឲ្យបានច្រើនផង ។
ក.២ ផ្លូវអាណាចក្រ
- រៀន អក្សរសាស្រ្ត គណិតវិទ្យា លេខនព្វន្តជាដើម
- រៀន ធរណីមាត្រ ភូមិវិទ្យា
- រៀនពលរដ្ឋវិជ្ជា និងរៀនច្បាប់រដ្ឋធម្មនុញ្ញ ។
ទាំងអស់នេះជាវិជ្ជាសម្បតិ្ត ដែលលោកអាចារ្យធ្លាប់បួសរៀន ហើយបានសិក្សាកន្លងមក។ ប៉ុន្តែចំពោះអាចារ្យដែលមិនធ្លាប់បានបួសរៀនកន្លងមកទេ តូ្រវសិក្សាតែចំណុចណាសំខាន់ៗដែល ត្រូវប្រើប្រាស់ជាបន្ទាន់ ក្នុងពេលបច្ចុប្បន្ននេះដូចជា ៖
-រៀននមស្សកា ព្រះរតនៈត្រៃ មានពុទ្ធគុណជាដើម
-រៀនវិធីសមាទានសីល
-រៀនអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត
-រៀនបាលីវេរ គ្រឿងសក្ការៈក្នុងពិធីបុណ្យពិសាខបូជា​ និងមាឃបូជា
-រៀនបាលីវេរ សង្ឃភត្ត វេរបច័្ចយបួន និងរៀនបាលីឧទ្ទិសផល ។ល។
-អាចារ្យត្រូវមានសមត្ថភាពដឹកនាំអ្នកដទៃ ឲ្យចេះធ្វើកិច្ចក្នុងពិធីបុណ្យព្រះពុទ្ធសាសនា ផង និងពិធីទំនៀមទម្លាប់ប្រពៃណីខ្មែរផងមានដូចជា៖
-ពិធីបុណ្យព្រះពុទ្ធសាសនា
-ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរ
-សិក្សាឲ្យចេះពីប្រវត្តិបុណ្យនានា
-សិក្សាឲ្យបានដឹងអំពីរបៀបរៀបចំបុណ្យ
-សិក្សាឲ្យបានចេះដឹងពីរណ្តាប់ដែលត្រូវរៀបចំក្នុងពិធីបុណ្យនីមួយៗ
-សិក្សាឲ្យបានដឹងអំពីកិច្ចដែលត្រូវធ្វើក្នុងពិធី ឬបុណ្យនីមួយៗ
-សិក្សាឲ្យបានដឹងអំពីធម៌ផេ្សងៗក្នុងពិធីនីមួយៗ​
- ត្រូវមានសំដីវោហាប៉ិនប្រសប់ ប្រកបដោយវចីសុចរិត ៤ យ៉ាង៧៧
-និយាយតែពាក្យពិត
-និយាយពាក្យផ្អែមល្ហែមទន់ភ្លន់
-និយាយតែពាក្យធ្វើឲ្យមានភាពសាមគ្គីគ្នា
-និយាយតែពាក្យណាមានប្រយោជន៍
គ.១.អ្នកនិយាយល្អ គឺចេះប្រើសំដីបួនបែប៖
-ចេះនិយាយសម្របសម្រួលវែកញែករកហេតុផលឲ្យគេស្តាប់បាន
-ចេះនិយាយជំទាស់ ឬ បដិសេធ ដោយមានហេតុផល ឬ​ច្បាប់សំអាង
-ចេះនិយាយផ្តល់យោបល់ ឬ​ បង្ហាញគំនិតល្អៗដល់អ្នកស្តាប់
-ចេះនិយាយលើកសរសើរឲ្យគេពេញចិត្ត ។
-ត្រូវមានទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន រីឯធម៌ដែលយើងត្រូវប្រតិបត្តិទៅតាមផ្លូវកណ្តាលនោះ គឺវៀរចាកអំពើអគតិធម៌ ៤ យ៉ាង៧៨
-ឆន្ទាគតិ       លម្អៀង ព្រោះ​ សេចក្តីស្រឡាញ់
-ទោសាគតិ    លម្អៀង ព្រោះ សេចក្តីខឹងក្រោធ
-ភយាគតិ      លម្អៀង ព្រោះ សេចក្តីភ័យខ្លាច
-មោហាគតិ    លម្អៀង ព្រោះ សេចក្តីល្ងង់ ។
ឃ.១.ត្រូវប្រតិបត្តិទៅតាមធម៌ទាំង ៨​ យ៉ាងគឺ៧៩ :
-សម្មាទិដ្ឋិ            ការយល់ត្រូវ
-សម្មាសង្កប្បោ      ការត្រិះរិះត្រូវ
-សម្មាវាចា             ការពោលត្រូវ
-សម្មាកម្មន្តោ       ការធ្វើការងារត្រូវ
-សម្មាអាជីវោ       ការចិញ្ចឹមជីវិតត្រូវ
-សម្មាវាយាមោ     ការព្យាយាមត្រូវ
-សម្មាសតិ           ការរឮកត្រូវ
-សម្មាសមាធិ       ការតម្កល់ចិត្តត្រូវ ។
-ត្រូវឈ្លាសវៃក្នុងការដឹកនាំ៨០
-ការឈ្លាសវៃក្នុងការរៀបចំផែនការណ៍
-ការឈ្លាសវៃក្នុងការរៀបចំការងារ
-ការឈ្លាសវៃក្នុងការនិយាយស្តី
-ការឈ្លាសវៃក្នុងការទាក់ទង
-ការឈ្លាសវៃក្នុងការរកបច្ច័យកសាងបុណ្យកុសល
-ឈ្លាសវៃក្នុងការកសាង
-ឈ្លាសវៃក្នុងការក្តាប់ចំណង់ចំណូលចិត្តរបស់ពុទ្ធបរិស័ទ
-ឈ្លាសវៃក្នុងការដឹកនាំគ្រប់គ្រង
-ឈ្លាសវៃក្នុងកិច្ចដឹកនាំពិធីកម្មផ្សេងៗ ។
- ត្រូវឈ្លាសក្នុងព្រះវិន័យ
អាចារ្យអ្នកដឹកនាំគេធ្វើបុណ្យកុសលផេ្សងៗ មិនត្រឹមតែចេះដឹងក្នុងកិច្ចពិធីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវឈ្លាសក្នុងពុទ្ធវិន័យផង ទើបប្រសើបំផុត។ ឯពាក្យថា ឈ្លាសក្នុងព្រះវិន័យនោះ គឺដឹងរបស់ដែលគួរ ឬរបស់ដែលមិនគួរ ដូចជា ឪឡឹកទុំ ម្ទេសជាដើម មុននិងប្រគេនព្រះសង្ឃគួរធ្វើរបស់​​នោះ ឲ្យទៅជារបស់កប្បិយៈសិន គឺចោះឪឡឹក កាច់ម្ទេសនោះបន្តិច ទើបប្រគេនលោក ហើយ​​ទូលថា របស់នេះគួរដល់វិន័យ ហើយព្រះគុណម្ចាស់សូមនិមន្តឆាន់ចុះ ។
-ត្រូវតែជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
ការឃោសនាអប់រំណែនាំពុទ្ធបរិស័ទឲ្យជឿបុណ្យបាប គុណទោស ធ្វើបុណ្យកុសលផ្សេងៗ គឺជាតួនាទីរបស់លោកអាចារ្យ ដូច្នេះ លោកអាចារ្យមិនមែននិយាយឲ្យតែគេជឿ ហើយខ្លួនឯង មិន​ជឿនោះទេ ត្រូវតែជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាផង​។ ឯសទ្ធានោះ មាន៤យ៉ាង គឺ៨១
-កម្មស្សទ្ធា ជឿកម្ម គឺអំពើល្អ និងអំពើអាក្រក់បើយើងធ្វើល្អបានផលល្អ បើយើងធ្វើ អាក្រក់ បានផលអាក្រក់ ។
-កម្មុនា វត្តតី លោកោ      សត្វលោកប្រព្រឹត្តទៅតាមកម្ម
-កម្មទាយាទោ                  សត្វលោកមានកម្មជាមត៌ក
-កម្មយោនិ                                    សត្វលោកមានកម្មជាអ្នកឲ្យកំណើត
-កម្មពន្ធុ                            សត្វលោកមានកម្មជាផៅពង្ស
-កម្មប្បដិសរណោ                        សត្វលោកមានកម្មជាទីរលឹក
-កម្មំ សត្តេ វិភជ្ជតិ                        កម្មរមែងបែងចែកសត្វទាំងឡាយ
-កម្មនិយមព្រហ្មលិខិត    ការកំណត់របស់ព្រហ្ម គឺនិយមចំពោះកម្ម ។
- វិបាកសទ្ធា   ជឿផលរបស់កម្មគឺជឿថា ផលល្អក្ដីផលអាក្រក់ក្ដី និងប្រព្រឹត្ត​ជាប់​តាម​សត្វ​លោកដែលបានធ្វើហើយ ។
-ភាពក្រលំបាកជាផល ដែលកើតអំពីសេចក្ដីខ្ជិលច្រអូសជាមត៌ក ។
-ការរស់នៅក្នុងគុក គឺមត៌កដែលកើតអំពីការធ្វើអាក្រក់​ មានសម្លាប់លួចប្លន់គេជា ដើម។
-ការរស់នៅក្នុងភាពល្ងង់ខ្លៅ ជាផលកើតអំពីអំពើអាក្រក់ ខ្ជិលច្រអូសពុំរៀនសូត្រ ។
-កូនចៅមិនស្ដាប់យើងជាផលកើតមកពីយើងពុំស្ដាប់ឳពុកម្ដាយដែរគឺកម្មជាផៅពង្ស
-ការរលឹកត្រូវក្ដី រលឹកខុសក្ដី ជាផលកើតអំពីអំពើដែលយើងបានចម្រើន ទន្ទេញ ភាវនា សន្សំពីមុនមក ដូចយើងធ្លាប់ចម្រើនមេត្តាភាវនា ឬទន្ទេញមេរៀនតែងឲ្យ ផល គឺចិត្តស្លូតបូត ទៀងត្រង់ មានសីលធម៌ គុណធម៌ និងចំណេះដឹងខ្ពង់ខ្ពស់ មាន អនាគត ភ្លឺស្វាង តែបើយើងទន្ទេញ និងចម្រើនតែខាងរអ៊ូរទាំនិយាយដើមគេ យើង ទទួលផល គឺការឈ្លោះប្រកែករឿងរ៉ាវ អពមង្គល​គ្រប់យ៉ាង ។
ការទទួលផលថោកទាប ឬខ្ពង់ខ្ពស់ក្ដី ស្ថិតនៅត្រង់ការខ្ជិលច្រអូស និងការឧស្សាហ៍ដែល ជាកុសលកម្ម និងអកុសលកម្ម ជាអ្នកបែងចែក ។
- កម្មស្សកតាសទ្ធា             : ជឿថាសត្វមានកម្មជារបស់ខ្លួន ។
- តថាគតពោធិសទ្ធា        : ជឿប្រាជ្ញាត្រាស់ដឹងរបស់ព្រះតថាគត ។
អាចារ្យគ្រប់រូប ត្រូវតែមានជំនឿលើប្រាជ្ញាត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ថា ធម៌ វិន័យដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្ដែងទុកនៅក្នុងព្រះត្រៃបិដកមាន៖
-ព្រះវិន័យមានចំនួន ២១,០០០ ព្រះធម្មក្ខន្ធ
-ព្រះសូត្រមានចំនួន ២១,០០០ ព្រះធម្មក្ខន្ធ
-ព្រះអភិធម្មមានចំនួន ៤២,០០០ ព្រះធម្មក្ខន្ធ
ទស្សនៈទាំងអស់ដែលបានលើកមកនេះ ពុំមានទស្សនៈរបស់ពួកបុថុជ្ជនស្វែងរកឃើញ នោះទេ គឺពិតជាប្រាជ្ញាសម្មាសម្ពោធិញ្ញាណ ដែលព្រះអង្គបំពេញបញ្ញាធិកអស់ចំនួន៤អសង្ខេយ្យ កម្រៃ១សែនកប្បកន្លងមកហើយ ទើបបានត្រាស់ដឹងជាព្រះពុទ្ធទ្រង់ព្រះនាមថា ព្រះសមណ​គោត​ម​បរមគ្រូជាម្ចាស់នៃយើង ។
- ត្រូវតែជាអ្នកស្មោះត្រង់មានកាយវាចា និងចិត្តល្អគឺមានសីល
អាចារ្យគ្រប់រូបបើមានចំណេះវិជ្ជាហើយ ត្រូវមានសីលប្រព្រឹត្តឲ្យបានល្អទៅតាមកុសល​កម្ម​បថទាំង១០ គឺ៨២
ជ.១ កាយកម្មជាកុសលមាន ៣
            - បាណាតិបាតា វេរមណី   វៀរចាកការសម្លាប់ជីវិតអ្នកដទៃ
- អទិន្នាទានា វេរមណី  វៀរចាកការលួចប្លន់ទ្រព្យអ្នកដទៃ
- កាមេសុ មិច្ឆាចារា វេរមណី  វៀរចាកការប្រព្រឹត្តក្នុងកាម
ជ.២ វចីកម្មជាកុសលមាន ៤
- មិននិយាយកុហក
- មិននិយាយញុះញង់ចាក់ដោតគេ
- មិននិយាយទ្រគោះបោះបោក
- មិននិយាយរោយរាយឥតប្រយោជន៍
ជ.៣ មនោកម្មជាកុសលមាន ៣
- អនភិជ្ឈា មិនសម្លឹងរំពៃទ្រព្យសម្បត្តិរបស់អ្នកដទៃ ចង់បានជារបស់ខ្លួន ។
- អព្យាបាទ មិនចងគំនុំគុំគួនព្យាបាទអ្នកដទៃ ។
- សម្មាទិដ្ឋិ ការយល់ត្រូវ ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់ ។
- ត្រូវជាអ្នកមានហិរិ សេចក្ដីខ្មាសបាបដែលកើតឡើងដោយធម៌ ៤ យ៉ាង៨៣
- ជាតឹ បច្ចវេក្ខិត្វា ពិចារណាខ្លួនឯងមានជាតិជាមនុស្ស មិនធ្វើអំពើថោកទាបដូចសត្វ តិរច្ឆានទេ ។
-វយំ បច្ចវេក្ខិត្វា ពិចារណាខ្លួនឯងមានវ័យចម្រើនណាស់ហើយ មិនធ្វើអំពើអនាចារដូច សត្វទេ ។
- សូរភាវំ បច្ចវេក្ខិត្វា ពិចារណាអំពីសេចក្ដីក្លៀវក្លារបស់ខ្លួន ក្នុងចំណោមមហាជនទាំង​ឡាយថា  អញជាមនុស្សដែលគេស្គាល់ច្រើនក្នុងសង្គម   ចុះបើអញធ្វើអាក្រក់ផ្សេងៗសង្គមមនុស្ស  
គេនឹងត្មេះតិះដៀលដល់អាត្មាអញមិនខានឡើយ ។
- ពាហុសច្ចំ បច្ចវេក្ខិត្វា ពិចារណាខ្លួនឯង ជាអ្នកចេះដឹងច្រើន ជាបញ្ញាវន្ត ជាគ្រូបាចារ្យ មិនគួរប្រព្រឹត្តអំពើថោកទាបនោះឡើយ ។
- ត្រូវជាអ្នកមានឱត្តប្បៈ សេចក្ដីខ្លាចបាបដែលកើតឡើងដោយហេតុ ៤ យ៉ាង៨៤:
-អត្តានុវាទភយៈ  ភ័យអំពីខ្លួនឯង  តិះដៀលខ្លួនឯង  បានពោល  គឺវិប្បដិសារៈសេចក្ដី
ក្ដៅក្រហាយស្ដាយក្រោយ ហើយក៏ទប់ចិត្តមិនប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗនោះឡើយ ។
-បរានុវាទភយៈ ភ័យអំពីអ្នកដទៃតិះដៀលឲ្យខ្លួន ហើយក៏ទប់ចិត្តមិនប្រព្រឹត្តធ្វើនូ​វអំពើ អាក្រក់ផ្សេងៗនោះឡើយ ។
-ទណ្ឌភយៈ ភ័យអំពីទោសទណ្ឌដែលនឹងមានដល់ខ្លួន ព្រោះអំពើអាក្រក់ណាមួយ ហើយក៏មិនប្រព្រឹត្តធ្វើនូវអំពើអាក្រក់នោះឡើយ ។
-ទុគ្គតិភយៈ ភ័យអំពីដំណើរទៅកាន់ទុគ្គតិភព ព្រោះអំពើអាក្រក់ដែលខ្លួនបានធ្វើ​ហើយដូច្នេះ ក៏មិនប្រព្រឹត្តធ្វើអំពើអាក្រក់នោះឡើយ ។
-ត្រូវជាអ្នកមានសេចក្តីអត់ធន់ អាចារ្យដែលល្អ គឺត្រូវចេះអត់ធន់ចំពោះអកុសលទាំង​ឡាយដែលកើតឡើងផេ្សងៗ ដូចជា៖
                         -អត់ធន់ចំពោះសេចក្តីលោភលន់
                         -អត់ធន់ចំពោះសេចក្តីខឹងក្រោធ
                         -អត់ធន់ចំពោះមោហៈ ការមិនដឹងខុសត្រូវ ដែលកើតមានឡើងដល់ខ្លួន ។ល។
            -ត្រូវជាអ្នកមានសេចក្តីព្យាយាមច្រើន : អាចារ្យគ្រប់រូបត្រូវមានសេចក្តីព្យាយាមត្រូវទាំង ៤ យ៉ាង ដូចពោលមកខាងដើមរួចហើយ​​ ។​ លើសពីនេះទៀតត្រូវមានសេចក្តីព្យាយាមចំពោះ ៖
-ព្យាយាមធ្វើកិច្ចការដោយសុចរិតផ្សេងៗ
            -ព្យាយាមស្តាប់ព្រះធម៌ និងសិក្សាចំណេះវិជ្ជាឲ្យបានច្រើន
            -ព្យាយាមប្រតិបតិ្តធម៌វិន័យ ។
            -ត្រូវមានសប្បុរិសធម៌ទាំង ៧ យ៉ាងគឺ៨៥
 -ធម្មញ្ញូតាៈ ភាពជាអ្នកស្គាល់ហេតុ ដូចជាស្គាល់ថា សេចក្តីទុក្ខវិនាស និងសេចក្តីសុខ ចម្រើនកើតមកពីទុច្ចរិត និងសុចរិត ។
            -អត្ថញ្ញូតាៈ ភាពជាអ្នកស្គាល់ផល ដូចជាស្គាល់ថា សេចក្តីទុក្ខបានមកពីការប្រព្រឹត្តទុច្ចរិត សេចក្តីសុខបានមកពីការប្រព្រឹត្តសុចរិត ។
            -អត្តញ្ញូតាៈ ភាពជាអ្នកស្គាល់ខ្លួន គឺស្គាល់តួនាទីរបស់ខ្លួនថា អញជាមាតាបិតា គ្រូអាចារ្យ មេបញ្ជាការ ឬជាអ្នកដឹកនាំ ត្រូវមានតួនាទីទូន្មានប្រៀនប្រដៅ បង្ហាត់បង្ហាញ ដឹកនាំបង្គាប់ បញ្ជាអ្នក ដែលជាកូន-សិស្ស ជារេហ៍ពល ឲ្យធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ។ល។ អញជាសិស្ស ជាប្រជាពលរដ្ឋ ត្រូវមានតួនាទីគោរព ប្រតិបត្តិតាមយ៉ាងនេះ យ៉ាងនោះ មិនត្រូវរំលោភបំពានតួនាទីគ្នាឡើយ ។
            -មត្តញ្ញូតាៈ ភាពជាអ្នកស្គាល់ប្រមាណ ដូចជាស្គាល់បរិភោគប៉ុណ្ណេះឆ្អែតល្អម ប៉ុណ្ណេះ លើសពេក ប៉ុណ្ណេះខ្វះពេក ធ្វើការងាប៉ុណ្ណេះសមល្ម ប៉ុណ្ណេះច្រើនពេក ប៉ុណ្ណេះតិចពេក និយាយប៉ុណ្ណេះច្រើនពេក និយាយប៉ុណ្ណេះតិចពេក ស្គាល់ប្រមាណក្នុងការដេក ដើរ ឈរ អង្គុយ មើល ស្តាប់ គិត សួរ កត់ ។ល។
            -កាលញ្ញូតាៈ ភាពជាអ្នកស្គាល់ពេលវេលា ដូចជាស្គាល់ថា ពេលនេះគួរនិយាយ ពេលនេះ​មិនគួរនិយាយ ពេលនេះគួរធ្វើ ពេលនេះមិនគួរធ្វើ ។ល។
-បរិសញ្ញូតាៈ ភាពជាអ្នកស្គាល់បរិស័ទ ដូចជាស្គាល់ថា បរិស័ទនេះពេលអញចូលទៅត្រូវធ្វើកិរិយាយ៉ាងនេះ​ យ៉ាងនោះ គួរនិយាយយ៉ាងនេះ យ៉ាងនោះ។
            -បុគ្គលញ្ញូតាៈ ភាពជាអ្នកស្គាល់បុគ្គល ដូចជាស្គាល់ថា បុគ្គលនេះគិតអាក្រក់ និយាយ អាក្រក់ និងធ្វើអាក្រក់ គឺជាមនុស្សពាលមិនគួរសេពគប់។​ បុគ្គលនេះ គិតល្អ និយាយល្អ ធ្វើល្អជាបណ្ឌិតគួរសេពគប់រាប់រក ។
            -ជាអ្នកដែលត្រូវបានជ្រើសតាំងពីការប្រឡងជ្រើសរើស ឬបោះឆ្នោត: អាចារ្យ​ត្រូវ​បាន ជ្រើសតាំងពីការប្រឡងជ្រើសរើស ឬបោះ​ឆ្នោតដែលមានការនិមន្ត​ អញ្ជើញរួមពី​ព្រះអនុគណ ព្រះចៅអ​ធិការ​ គ្រូសូត្រស្តាំ្ដ-ឆ្វេង មន្ទីរ ឬការរិយាល័យធម្មការខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងមានការអញ្ជើញចូលរួមពី​ពុទ្ធបរិស័ទចំណុះជើងវត្តនោះៗ ដោយសោមនស្សរីករាយ ។
ណ​-ប្រការដែលអាចារ្យត្រូវជៀសវាង : ជាការពិតណាស់អាចារ្យអ្នកដឹកនាំគេ គួរ​ជៀស​វាង ពីអាចារ្យខុសទាំង ៤ យ៉ាងគឺ៨៦
- អាចារ្យទិដ្ឋិ បានដល់ទិដ្ឋិ ៦២ ប្រការ​ បំប្រួញមកនៅត្រឹមពី​រប្រការគឺ ៖
-សស្សតទិដ្ឋិ យល់ថា សត្វលោកទៀង  ធ្លាប់កើតមកជាអ្វី​ ក៏នៅតែកើតមកដូច្នោះ ទៀត ឥតប្រែប្រួលអ្វីឡើយ ។
-ឧច្ឆេទទិដ្ឋិ យល់ឃើញថា សត្វលោកកើតហើយ ស្លាប់ទៅវិញសូន្យ មិនកើតទៀត​​ទេ។ កាលបើមានទិដ្ឋិទាំងពីរនេះនៅក្នុងខ្លួនហើយ បុគ្គលនោះ ប្រាកដជាហ៊ានធ្វើនូវអំពើ អាក្រក់ផ្សេងៗយ៉ាងសាហាវឃោរឃៅ មិនខានឡើយ ។
- អាចារ្យតណ្ហា បានដល់តណ្ហា ១០៨ ដែលធ្វើឲ្យអាចារ្យនោះ ប្រព្រឹត្តលោភលន់ គិតតែ ប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់អ្នកដទៃឡើយ ។
- អាចារ្យមាន បានដល់មានៈធម៌ទាំង៣យ៉ាង ដែលមានក្នុងខ្លួនលោកអាចារ្យទាំងនោះគឺ
-​សេយ្យោហមស្មីតិ​ មានោ ​ មានៈថា អាត្មាអញជាបុគ្គល​ប្រសើរជាងគេ គ្មានអ្នកណាស្មើ ដូច្នេះ កុំទៅជិតគេ។
-សទិសោហមស្មីតិ មានោ  មានៈថា អាត្មាអញជាបុគ្គល​ស្មើៗនឹងគេ មិនអន់ជាងគេទេ ដូច្នេះ កុំទៅជិតគេ។
-ហីនោហមស្មីតិ មានោ  មានៈថា អាត្មាអញជាបុគ្គលមិនអន់​ជាងគេដូច្នេះកុំទៅជិតគេ ។
- អាចារ្យឧប បានដល់ ឧបាទាន ការប្រកាន់នូវខន្ធទាំង ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ថាជារបស់ខ្លួន ឬការឆាប់​ប្រកាន់ទោសផ្សេងៗចំពោះបុគ្គលដទៃ ។
            ក្នុងនាមអាចារ្យជាអធិបតីគេក្នុងពិធីពុទ្ធសាសនា   ក៏ដូចជា   ពិធីទំនៀមទម្លាប់ប្រពៃណីខ្មែរ
មិនត្រូវឲ្យអ្នកដទៃ មានអ្នកភ្នួង ជាងថត ឬអ្នកចម្រៀងកាត់សក់ជាដើម  មកបញ្ជាលើខ្លួនបានឡើយ
ប៉ុន្តែត្រូវស្តាប់មតិអ្នកដទៃណាមួយដែលគេជួយផ្តល់ដោយមានហេតុផលផងដែរ ។
៤.១.២ គុណសម្បត្តិរបស់អាចារ្យ
នៅក្នុងសង្គមខ្មែរយើងតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នកាល នឹងទៅអនាគតកាល តែងមានព្រះពុទ្ឋសាសនា ជាទីគោរពសក្ការៈក្នុងសន្តានចិត្តកូនខ្មែរគ្រប់រូប ជាឃ្លាំងសំរាប់អប់រំ សីលធម៌ អោយមានចរិយាមារយាទថ្លៃថ្នូរ ដឹងខុសត្រូវ បាបបុណ្យ គុណទោស សព្វបែបយ៉ាងធ្វើ ឲ្យកូនខ្មែរបានស្គាល់ផ្លូវកសាងសន្តិភាព សាមគ្គីភាពនៅក្នុងសង្គមយ៉ាងប្រសើរបំផុត។ ម៉្យាងទៀត ព្រះពុទ្ឋសាសនា មានវិធីកម្មបែបផែនសម្រាប់អោយពុទ្ធបរិស័ទអនុវត្តន៍ ធ្វើទៅតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតទៀតផង។ បណ្តាវិធីកម្មទាំងនេះ ទាមទារឲ្យយើងចេះដឹងអំពីទ្រឹស្តីពុទ្ធ​សាសនាឲ្យបានជ្រៅជ្រះ អ្នកចេះដឹងនេះឯង​ លោកហៅថាអាចារ្យ។ ឯអាចារ្យនោះគឺជាបុគ្គល​​ដែលមាន ៖
-គុណសម្បត្តិមានដូចជា៨៧
. អាចារ្យត្រូវធ្វើខ្លួនឲ្យជាទីស្រលាញ់របស់សិស្ស ។
.អាចារ្យត្រូវអប់រំខ្លួនឲ្យធ្ងន់ដោយសីលធម៌ និងគុណធម៌គួរជាទីគោរពបូជារបស់សិស្ស
. អាចារ្យត្រូវអប់រំខ្លួនឲ្យល្អជាងសិស្សជានិច្ច ។
. អាចារ្យត្រូវឧស្សាហ៍ទូន្មានសិស្សមិនបណ្តោយឲ្យប្រព្រឹត្តខុសខូចផ្សេងៗ ។
. អាចារ្យត្រូវអត់ឱនពាក្យសំដី ។
. អាចារ្យត្រូវនិយាយពាក្យប្រៀនប្រដៅឲ្យមានហេតុផល មានប្រយោជន៍ ។
. អាចារ្យមិនត្រូវដឹកនាំសិស្សឲ្យប្រកបការមិនគួរផ្សេងៗ ។
-លោកអាចារ្យត្រូវមានគុណធម៌ជាច្រើនទៀតដូចជា៨៨ 
.សទ្ឋាសម្បត្តិ  លោកទើបជឿការត្រាស់ដឹងរបស់ព្រះតថាគត ជឿកម្ម និងជឿផលកម្ម ព្រោះហេតុនោះ ទើបមិនលះបង់ភាពជាអ្នកស្វែងរកប្រយោជន៍ដល់សត្វទាំងឡាយ ដែលជាហេតុ នៃការត្រាស់ដឹងដោយប្រពៃ ។
.សីលសម្បត្តិ ទើបលោកជាមនុស្សគួរស្រលាញ់សម្រាប់សត្វទាំងឡាយ ជាមនុស្ស​គួរ​គោរព និងគួរសរសើរ ជាអ្នកចោទ គឺតិះដៀលបាប ជាអ្នកប្រៀនប្រដៅ អត់ធន់ចំពោះ​ការប្រៀនប្រដៅ។
.​សុត្តសម្បត្តិ ទើបលោកជាអ្នករៀបរៀង កថាដែលជ្រៀលជ្រៅទាក់ទង នឹងបដិច្ចសមុ​ប្បាទ ជាដើមបាន ។
.​ចាគសម្បត្តិ ទើបលោកជាមនុស្សប្រាថ្នាតិច សន្តោស ស្ងប់ស្ងាត់ មិនច្រឡំ ។
.វិរិយសម្បត្តិ ទើបលោកជាអ្នកប្រារព្ធសេចក្តីព្យាយាមក្នុងការបដិបត្តិ ដើម្បីប្រយោជន៍ខ្លួន និង ប្រយោជន៍អ្នកដទៃ ។
.សតិសម្បត្តិ ទើបលោកជាអ្នកមានសតិតាំងមាំ ។
.សមាធិសម្បត្តិ ទើបលោកជាអ្នកមិនរាយមាយ​ មានចិត្តតាំងមាំ ។
.បញ្ញាសម្បត្តិ  ទើបលោកដឹងច្បាស់បាន មិនភាន់ច្រឡំ ។
-ធម៌សំរាប់អាចារ្យមាន ៤យ៉ាង៨៩
.អត្តសុទ្ធិ លោកអាចារ្យត្រូវធ្វើខ្លួនឯងឲ្យបានស្អាត
-ត្រូវរៀបចំផ្នែកសោភណ្ឌភាព
-សម្លៀកបំពាក់ហូល   ឬផាមួងចងក្បិន   ពាក់អាវកុតកត្រង់    ឬសំលៀកបំពាក់អាវ
អាចារ្យ ខោអាចារ្យ ។
-ត្រូវរៀបចំសម្អាតខ្លួនឲ្យមានអនាម័យ ។
-រៀបចំផ្នែកអត្តចរិកឲ្យបានស្អាត
-មានគំនិតគិតល្អជាប្រក្រតីមិនគិតព្យាបាទអ្នកដទៃ មិនគិតយល់ខុសលើបាបបុណ្យ គុណទោស​ ។
-មានសំដីនិយាយល្អជាប្រក្រតី មិននិយាយកុហក មិននិយាយញុះញង់ ចាក់ដោត ស៊កសៀត បំបែកបំបាក់សាមគ្គីអ្នកដទៃ មិននិយាយត្រគោះបោះបោក មិននិយាយ រោយរាយឥតប្រយោជន៍ ។
-មានការធ្វើអំពើល្អជាប្រក្រតី មិនសំលាប់សត្វ បំបាត់ជីវិតអ្នកដទៃ មិនលួចប្លន់កេង បន្លំ ទ្រព្យសម្បត្តិអ្នកដទៃ មិនសេពកាមគុណចំពោះបុរស-ស្ត្រី ដែលមានម្ចាស់ហួង ហែងរក្សា ។
          .បរិសុទ្ធិ ដឹកនាំអ្នកដទៃឲ្យបានស្អាតដូចខ្លួនដែរ ស្អាតដោយកាយ ស្អាតដោយវាចា ស្អាត ដោយចិត្ត ដោយកុសលកម្មបថ ១០ ។
.កតញ្ញូ ជាអ្នកដឹងគុណចំពោះអ្នកដទៃដែលបានធ្វើហើយដល់ខ្លួន ។

.សង្គហៈ ជាអ្នកមានចិត្តមេត្តា ករុណា ជួយសង្គ្រោះដល់អ្នកដទៃ ដោយសង្គហៈវត្ថុទាំង៤ យ៉ាង៖

-ទាន ឲ្យនូវសំពត់គ្រឿងសំលៀកបំពាក់ផ្សេងៗឲ្យនូវបាយ ទឹក នំចំណីផ្សេងៗឲ្យនូវទី ដេក ទីអង្គុយផ្សេងៗ ឲ្យនូវថ្នាំកែរោគផ្សេងៗ ។
-បិយវាចា ពោលពាក្យជាទីស្រលាញ់ចំពោះអ្នកដទៃ ។
-អត្ថចរិយា ប្រព្រឹត្តធ្វើនូវអំពើជាប្រយោជន៍ចំពោះអ្នកដទៃ ។
-សមានត្តតា ការមិនប្រកាន់ខ្លួន ។
-អាចារ្យត្រូវប្រកបដោយអង្គទាំង ៤យ៉ាងទៀតគឺ           
   .សុ ត្រូវជាអ្នកប៉ិនស្តាប់យកចំណេះដឹង                                                                 
   .ចិ ត្រូវជាអ្នកប៉ិនត្រិះរិះពិចារណាហេតុផល                                                          
  .បុ ត្រូវជាអ្នកប៉ិនឆ្ងល់សួរអ្នកចេះដឹង                                                                      
  .លិ ត្រូវជាអ្នកប៉ិនកត់ត្រា ឬចំណាំទុក                                 
-អាចារ្យត្រូវមានព្រហ្មវិហារធម៌ ៤ និងសង្គហៈធម៌ ៥ សម្រាប់សង្គ្រោះសិស្ស  
-ព្រហ្មវិហារធម៌ ៤
.មេត្តា ការរាប់អានសិស្ស ឬអ្នកដទៃ
.ករុណា ការអាណិតអាសូរចំពោះសិស្ស ឬអ្នកដទៃ
.មុទិតា មានចិត្តទោរទន់ចំពោះសិស្ស ឬអ្នកដទៃ     
.ឧបេក្ខា មានចិត្តជាកណ្តាលមិនលំអៀង ។
-សង្គហៈធម៌ ៥
.ដឹកនាំសិស្ស ឬអ្នកដទៃឲ្យធ្វើល្អ
.បង្ហាត់បង្រៀនសិស្ស ឬអ្នកដទៃឲ្យចេះដឹងនូវចំណេះល្អៗ
.ប្រៀនប្រដៅឲ្យបានដឹងល្អ ក្នុងសិល្ប៍សាស្ត្រគ្រប់យ៉ាង
.លើកតម្លើងសិស្សក្នុងទីប្រជុំជន មិត្តនឹងអាចារ្យ
.ការពារសិស្សក្នុងទីទាំងពួង ។
៤.២ .ចំណុចអវិជ្ជមានរបស់អាចារ្យ
៤.២.១ គុណវិបត្តិរបស់អាចារ្យ
អ្វីដែលទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់នោះ គឺបញ្ហាវិបត្តិអាចារ្យ។ កន្លងមកសម្តេចអគ្គ មហាសេនាបតីតេជោ​​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធា្លប់មានប្រសាសន៍ សម្តែងក្តីបារម្ភចំពោះវិបត្តិអាចារ្យ៩០ ដែលអាច​កើតមានដោយយថាហេតុ។ សម្តេចមានប្រសាសន៍ បន្ថែមទៀតថា «ចូរកុំគិតថានេះ ជារឿងតូចតាចឲ្យសោះ»។ តើមានហេតុការណ៍អ្វីខ្លះដែលនឹង នំាឲ្យមានវិបត្តិអាចារ្យ? គួរគប្បីជា្របថា​ វិបត្តិអាចារ្យ និងវិបត្តិព្រះពុទ្ធសាសនា គឺ​មាន​​អត្ថ​ន័យ​​ប្រហាក់ប្រហែលគ្នា។ ក្នុងន័យនេះយើងលើកបញ្ហាខ្លះ ដែលនាំឲ្យមានវិបត្តិអាចារ្យដូចតទៅ៩១
-កង្វះសមត្ថភាព
អាចារ្យ ពុំមានសមត្ថភាព បំពេញវិជ្ជាជីវៈរបស់ខ្លួនឲ្យបានពេញលេញ និងត្រឹមត្រូវ​ដូចជា៖
-ដឹកនាំធ្វើកម្មវិធីផ្សេងៗ ដោយស្មានៗ អត្តនោម័តិ ធ្វើត្រូវក៏មិនដឹងធ្វើខុសក៏មិនដឹង ធ្វើ ទាំងប្រថុយប្រថាន​ដោយ​​មិន​ផ្អែកទៅលើក្បួនខ្នាតជាមូលដ្ឋាន ។
-សីលធម៌មិនល្អ មានផឹកស្រា ឈ្លោះទាស់ទែងគ្នាជាមួយអ្នកស្រុក​, កំណាចឃោរឃៅ​ ។
-លោភលន់​​​កេងប្រវ័ញ្ច ចង់មានចង់បានហួសហេតុ ។
-បង្គាប់ឲ្យម្ចាស់ដើមការផ្តល់នូវវត្ថុភស្តុភារលុយកាក់តាមហាងឆេងដែលខ្លួនជាអ្នកកំណត់
-ទម្លាក់តម្លៃខ្លួនឲ្យក្លាយមកជាទំនិញ តាមរយៈកាត់ថ្លៃ បើអាចារ្យក្លាយជាទំនិញគេតថ្លៃបាន នោះ​ មិនយូរ​ មិន​ឆាប់ និងកើតមានវិបត្តិអាចារ្យ ។
-បង្កវិវាទជម្លោះទំនាស់ បង្អាប់គ្នា ប្រជែងគ្នា ចង់ឈ្នះ ចង់ចាញ់គ្នា ដើម្បីដណ្តើមផល ប្រយោជន៍ នឹងនាំឲ្យសាបសូន្យខ្លួនឯង ហើយមហាជនដកជំនឿទុកចិត្ត បែកបាក់គ្នា បាត់​បង់សាមគ្គីភាពនៅក្នុងសហគមន៍ ។
-ទំនាស់វិបត្តិរវាងអាចារ្យផ្លូវការ និងអាចារ្យផ្លូវកាត់
តាមឮៗមកថា បន្តិចទៀត  និងកើត​មាន​អាចារ្យ​ផ្លូវការដែល​បានទទួលសញ្ញាប័ត្រ តែងតាំង
ជាផ្លូវការឲ្យឡើងឋានៈ ជាអាចារ្យពេញលក្ខណៈ​។ ពេលនោះ អាចារ្យ​​ផ្លូវការមានសញ្ញាប័ត្រនឹងមាន
មោទនភាពឡើងអំណួតហើយ លើកអត្តភាពខ្លួនឯង អួតអាង​ពើងទ្រូងប្រាប់​មហា​ជន​ថាខ្លួនជា អាចារ្យ មានសញ្ញាប័ត្រ ដើម្បីឲ្យសហគមន៍ជឿជាក់មកលើខ្លួនដែលមានគ្រប់​លក្ខណៈសម្បត្តិជា​អាចារ្យពេញលេញ​។​ ​អ្នកផងគួរតែជ្រាបថា សម្តីអំណួតក្អេងក្អាងនេះ ពិតជាប៉ះទង្គិចទៅដល់​         អាចារ្យផ្លូវកាត់ ដែលគាត់ពុំមានវាសនា និងពុំមានលទ្ធភាពបានមករៀនវគ្គវិក្រិតការដើម្បីបាន ទទួល​សញ្ញាប័ត្រដូចគេនោះ ក៏កើត​មាន​​ការ​ថ្នាំងថ្នាក់ ហើយយូរៗទៅមើលមុខគ្នា មិនត្រង់ជាមួយ អាចារ្យផ្លូវការ ឈានទៅដល់ការបែក​បាក់គ្នា ជា​យថា​ហេតុ ។
-ជាតិតែមួយ តែប្រពៃណីទំនៀមទម្លាប់ពីរ
ពិធីបុណ្យក្នុងសាសនាក្តី  ក្នុងមង្គលការក្តី  ក្នុងពិធីជាប្រពៃណីក្តី អាចនឹងឈានទៅដល់ការ
ខុសប្លែកគ្នាកាន់តែ​ឆ្ងាយទៅៗរហូតដល់ « ខ្មែរមួយប្រពៃណីពីរ-បី » ជាហេតុធ្វើឲ្យអត្តសញ្ញាណ ជាតិរង្គោះរង្គើ។ កាលណាមានភាពទន់ខ្សោយខាងវិស័យនេះហើយ មិនយូរមិនឆាប់ នឹងមាន សាសនាផ្សេងទៀត​ ចូលមកជ្រៀតជ្រែក​ដូចដើមពោធិ៍ ឬបញ្ញើក្អែកនៅលើរុក្ខជាតិណាមួយ... តើវា និងមានផល វិបាកបែបណានោះ? អស់លោកពិតជា​នឹងបានជា្រប ។
-ធម្មយុត្តិកនិកាយ និង​ មហានិកាយ
កន្លងទៅប្រមាណជាងកន្លះសតវត្ស និកាយទាំងពីរក្នុងពុទ្ធសាសនា ក៏មានទំនាស់វិបត្តិ ពីរឿងកាន់​បាត្រ ស្ពាយបាត្រ កាន់លុយ មិនកាន់លុយ អានធម៌ជាភាសាបាលីចេញសំឡេងខុសគ្នា ឃ្លុំចីពរ​ខុសគ្នា។ ទំនាស់នេះ កាលមុនឈានដល់ការបោកក្បាលគ្នានឹងបាត្រ ពេលបិណ្ឌបាត្រជួប គ្នាម្តងៗ ទម្រាំស្រុះស្រួលគ្នាវិញនោះ ត្រូវស៊ីអស់ពេលច្រើនឆ្នាំបង្គួរដែរ ។
-អសីលធម៌វិជ្ជាជីវៈ
ជាមួយនឹងពេលវេលា ផ្នត់គំនិតមនុស្សមានការអភិវឌ្ឍន៍ ដោយងាកឃ្លាតចេញឆ្ងាយបន្តិច ម្តងៗពីសច្ចៈ ខន្តី ផ្តោតទៅរកកិលេសតណ្ហា​មានជាអាទិ៍ អភិជ្ឈា ឧបាទាន លោភៈ  ទោសៈ មោហៈ ដែលជាមេបាបធម៌ នាំមនុស្សឲ្យលិចលង់ក្នុងសង្សារទុក្ខមិនចេះចប់។ បច្ចុប្បន្ននេះ អាចារ្យ ឬ​គណៈ​អាចារ្យលែងមានគុណធម៌ដូចអាចារ្យពីដើម ដូចបានពោលខាងលើនោះទៀតហើយ។ អាចារ្យក្នុង​សហសម័យនេះ នាំគ្នាលៃច្នៃវិជ្ជាជីវៈរបស់ខ្លួនឲ្យទៅជា ៖
            -មុខរបរមួយយ៉ាងពេញបន្ទុក
            -ការចងក្រងអ្នកដែលមានអាជីពប្រហែលគ្នា ឲ្យទៅជាកម្រងខ្សែរយៈប្រមូលផ្តុំមួយក្នុងនោះ​មានអ្នកសម្អាង អ្នកភ្លេច អាចារ្យ អ្នកផ្លូវចៅមហា អ្នកថត​រូប ចុងភៅ មីក្រូ ។ល។
            -ការចល័តខ្លួនចេញពីជនបទមករកទីក្រុងដើម្បីស្វែងរកលាភបានច្រើនជាងស្រុកស្រែ
            -តាំងទីស្នាក់ការនៅតាមវត្តអារាមធំៗ
            -ការកាត់ថ្លៃ ពី ៤០ $ ទៅ៧០ $ ទៅ ៨០ $ ក្នុង ១​ (រោង)
ការកើបប្រមូលភស្តុភារបណ្ណាការ ដែលម្ចាស់ពិធីយកមកចាត់ចែងក្នុងពិធីសែនព្រេនជូន ផ្លែឈើតូច ផ្លែឈើធំ សែនក្រុងពាលី ទោះបីម្ចាស់សាមីដើមការអង្វរសុំទុកខ្លះ ដូចជាផ្លែឈើ មាន់ ស្ងោរ ក្បាលជ្រូក នំគម នំអន្សមក៏មិនព្រម ដោយពន្យល់តបមកវិញថា ក្នុងពិធីជាមង្គលគេមិនឲ្យ វត្ថុ «ដែល» «សំណល់» យកទៅធ្វើពិធីផ្សេងក្រោយទៀត​ឡើយ ហើយក៏ស្រវាប្រមូលដាក់ថង់ ដាក់កន្ត្រកឲ្យ ប្រពន្ធកូនយកទៅទុកឯផ្ទះរបស់ខ្លួនតែម្តងទៅ ។
-អសកម្មរបស់អាចារ្យ
កាលពីជំនាន់ដើម អាចារ្យមានតួនាទីសកម្ម គឺមានសិទ្ធិពេញលេញក្នុងការដឹកនាំធ្វើពិធីអ្វីៗ បានទៅតាមសមត្ថភាព និងការចេះចាំរបស់គាត់ ព្រោះនៅក្នុងពិធីនីមួយៗ គ្មានអ្នកណាចេះ ដឹង ជាងគាត់ឡើយ។ ប៉ុន្តែមកដល់សម័យនេះ លោកអាចារ្យត្រូវរណបនឹងសភាពការ (ពិសេសក្នុង មង្គលការ) សូមលើកឧទាហរណ៍ខ្លះៗមកបញ្ជាក់ ៖
-អ្នកថតបពា្ឈប់ដំណើរពិធីរបស់អាចារ្យ ដើម្បីថតយករូបឲ្យបានច្រើន
-នៅទីក្រុងអាចារ្យជនបទត្រូវបង្ខំចិត្តជម្រុះចោលពិធីមួយចំនួន ដើម្បីតម្រូវតាមចិត្ត​អ្នកដើម ការឲ្យសមស្របនឹងពេលវេលាអាពាហ៍ពិពាហ៍ដែលបង្រួញឲ្យនៅខ្លីតែមួយព្រឹក។
ពិធីក្នុងអាពាហ៍ពិពាហ៍នៅក្រុងមួយចំនួន ត្រូវបានអ្នកផ្សេងមកចាត់ចែងចំនួសដូច​ជា ៖
-ពិធីនាំកូនក្រមុំកូនកម្លោះ ដើរកំសាន្តតាមសួនច្បារសាធារណៈ
-ពិធីកាត់នំដែលមានពិធីករមួយផ្សេង ដឹកនាំធ្វើដោយបានកម្រៃខ្ពស់ជាងអាចារ្យ
-នៅជនបទ លោកអាចារ្យត្រូវបានក្មេងៗ យុវជនមករំខានរារាំងមិនឲ្យធ្វើពិធី​ផ្សេងៗក្នុង ពេលយប់ ដូចរៀបផ្លែឈើ កាត់ស្លឹក បេះល័ក្ខ បុកល័ក្ខ ធ្វើធ្មេញបំពេញល័ក្ខ អង្គុយអង្កររាប ។ល។ ហើយឆក់យកមីក្រូទៅរាំលេងសប្បាយ ។ល។
តាមការស្រាវជ្រាវអាចារ្យមានវិបត្តិផ្សេងៗ ដូចជាវិបត្តិក្នុងលទ្ធិ វិបត្តិធនធាន និងវិបត្តិមុខងារ៩២
វិបត្តិក្នុងលទ្ធិ នៅក្នុងពិធីកម្មនីមួយៗ អាចារ្យមិនអាចចែកពិធីកម្មឲ្យដាច់ពីគ្នាថា តើពិធីកម្ម ណាតាមបែបព្រះពុទ្ធសាសនា? ពិធីកម្មណាជាព្រហ្មញ្ញសាសនា? ពិធីកម្មណា​ជាព្រះពុទ្ធសាសនា មហាយាន?។ នៅក្នុងពិធីកម្មនីមួយៗ ដែលបានប្រារព្ធធ្វើអាចារ្យខ្លះ​ ពុំបានពន្យល់ហេតុផលឲ្យ បានដូចគ្នា ត្រឹមត្រូវតាមបវេណីនោះទេ អាចារ្យខ្លះបកស្រាយយ៉ាងនេះ អាចារ្យខ្លះបកស្រាយយ៉ាង នោះ ខ្វះការយល់ដឹងស្របតាម​បវេណី។​ ពីធីខ្លះប្រារព្ធធ្វើដោយចម្រុះលទ្ធិ អាស្រ័យតាម​ចិត្ត​នៃ សាមីពិធី ដែលជាហេតុនាំឲ្យអាចារ្យភាន់ភាំងភ្លេច ឬរំលងវិធានបវេណីរបស់ខ្លួន ហើយមានពេល ខ្លះអាចារ្យដឹកនាំ ក្នុងពិធីដែលមានលទ្ធិចម្រុះនោះទាំងលទ្ធិផ្ទាល់ខ្លួន និងលទ្ធិដទៃដោយមិនដឹងខ្លួន  ព្រោះហេតុដូម្តេច? ព្រោះអាចារ្យនៅមានវិបត្តិ ផ្នែកធនធានទៀត ។
វិបត្តិធនធាន  នេះកើតមានដោយសាររបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យធន ធានមនុស្ស​​ក្នុងសង្គមខ្មែរវិនាសស្ទើរផុតពូជ ហើយអាចារ្យក៏មានការបាត់បង់ធនធានអាចារ្យស្ទើរ តែអស់ទៅដែរ។ អាចារ្យខ្លះបានបួសរៀនសាលាបាលីរង ឬមធ្យម លុះសឹកទៅក៏ទៅធ្វើជាអាចារ្យ ខ្លះទៀតនោះ សិក្សាធម៌អាថ៌តាមសៀវភៅដោយខ្លួនឯង និងព្រមទៅដោយកិច្ចប្រតិបត្តិផងនោះ ក៏ត្រូវគេជ្រើសតាំងឲ្យធ្វើជាអាចារ្យ។ អាចារ្យទាំងអស់នេះ អាចារ្យខ្លះ ក៏បានសិក្សាស្រាវជា្រវតាម ក្បួនតម្រាផ្សេងៗ ដើម្បីយល់ដឹងអំពីហេតុផល នៃពិធីនីមួយៗ​បានច្បាស់លាស់។ ចំណែកខ្លះទៀត នោះ ក៏ពុំបានសិក្សាស្រាវជ្រាវ ឲ្យដឹងអំពីហេតុផលនៃពិធីច្បាស់​លាស់ទេ។ អាចារ្យខ្លះ មានវត្ត បដិបត្តិខ្ជាប់ខ្ជួននោះ នឹងមានសេចក្តីចម្រើនអំពីវិជ្ជាអាចារ្យនេះ។ ដោយ​ហេតុនេះ ទើបអាចារ្យមាន វិបត្តិមុខងារបន្ថែមទៀត ។
វិបត្តិមុខងារ នៅពេលដែលខ្វះការយល់ដឹង មុខងារនៃអាចារ្យក៏ថយចុះ អាចារ្យដែលបាន​សិក្សា​ស្រាវជា្រវបានច្រើន យល់ដឹងខ្ពស់ក្នុងវិជ្ជាអាចារ្យ ក៏ត្រូវគេពឹងពាក់អញ្ជើញឲ្យជួយដឹកនាំក្នុង ពីធី​ធំៗ មានពិធីសម្ភោធសមិទ្ធិផលផ្សេងៗ ពិធីអាពាហ៍ពិពាហ៍...ជាដើម។ អាចារ្យណាដែលយល់ ដឹង​សមគួរ ក៏ត្រូវគេអញ្ជើញឲ្យធ្វើជាអ្នកដឹកនាំក្នុងពិធីសមល្មម មានពិធីបុណ្យសង្ឃតាទក្ខិណាទាន ពិធីបុណ្យបច្ច័យបួន...ជាដើម។ ចំណែកអាចារ្យណាដែលមានការយល់ដឹងទាប ក៏មានគេអញ្ជើញ ពឹង​ពាក់ក្នុងពិធីបុណ្យសព ដូចជាអាចារ្យយោគីជាដើម។ សព្វថ្ងៃវិជ្ជាអាចារ្យពុំទាន់ពង្រឹង និង ពង្រីក​បន្ថែមនៅឡើយទេ។ ព្រោះហេតុនោះ អាចារ្យតាមភូមិស្ថាន និគមជនបទនៅមានការខ្វះខាត ជាច្រើន​​ ដែលជាហេតុធ្វើឲ្យអាចារ្យខ្លះ មានការចេះដឹងតិចតួចនោះ ទៅកាន់ពិធីធំៗថ្លោះធ្លោយ បាត់បង់​សញ្ញាណបវេណីនៃពិធីកម្មតាមទំលៀមទម្លាប់ខ្មែរ ដោយលាយឡំជាមួយបវេណីនៃពិធី កម្មរបស់ជាតិ​សាសន៍ដទៃ។ ការដឹកនាំមិនត្រឹមត្រូវនេះឯង ដែលធ្វើឲ្យមុខងាររបស់ខ្លួនថយចុះ រហូតដល់មានពាក្យសម្តីចេញពីអ្នកស្រុក អ្នកនិគមថា អាចារ្យបុណ្យ អាចារ្យខ្មោច មិនត្រូវ​យកមកដឹកនាំពិធី​អាពាហ៍ពិពាហ៍ទេ គប្បីយកអាចារ្យការ (អាចារ្យដែលចេះដឹងច្រើន) មកធ្វើ ពិធីវិញ ទើបកើតមង្គលសិរី​សួស្តីដល់កូនប្រុសស្រី។ តាមពិតទៅ និយមអាចារ្យនេះ បើតាមការ ស្រាវជ្រាវពុំមានការបែងចែក​អាចារ្យការ អាចារ្យខ្មោចអ្វីទេ​ ឲ្យតែមានការយល់ដឹងច្បាស់លាស់ មានសំនួនវោហារបាន ក៏មានអ្នកអញ្ជើញឲ្យទៅជួយដឹកនាំក្នុងពិធីអាពាហ៍ពិពាហ៍  ចំណែកអ្នកចេះ
ដឹងតាម លំដាប់ល្មម ក៏មានអ្នក​អញ្ជើញឲ្យជួយដឹកនាំក្នុងពិធីតាមល្មមនោះទៅ ។
ជារួមមក ទោះជាយ៉ាងណា ក៏យើងអាចយកវិជ្ជាអាចារ្យដែលមានខ្លះៗមកនោះ ប្រើប្រាស់​សម្រាប់បម្រើសង្គមខ្មែរមកដល់ពេលនេះបានដែរ ហើយយើងទាំងអស់គ្នា នឹងព្រមដោយអាចារ្យ ទាំង​អស់ខិតខំយ៉ាងណា ចូលរួមជួយបំពេញបន្ថែមនូវចំណុចដែលនៅមានការខ្វះចន្លោះនោះឲ្យ បានសម​ស្រប ល្មមលៃលកប្រើប្រាស់ក្នុងពិធីនីមួយៗក្នុងសង្គមជាតិយើងបានគ្រប់គ្រាន់ និង ពង្រីកបន្ថែមទៀត​នូវវិជ្ជាអាចារ្យឲ្យកាន់តែសម្បូរ​ ដើម្បីឆ្លើយតបទៅនឹងសង្គមខ្មែរយើង និងបានជា ភិយ្យោភាពរៀងទៅ។
៤.៣. ផលវិបាកនៃការវិវត្តរបស់អាចារ្យ
  ការវិវត្តមានពីរយ៉ាងគឺ​ ការវិវត្តឆ្ពោះទៅកាន់វឌ្ឍនភាព និងការវិវត្តធាក់ថយ៩៣
-ការវិវត្តឈានឡើងទៅកាន់វឌ្ឍនភាព គឺនាបច្ចុប្បន្ននេះ គេសង្កេតឃើញមានអាចារ្យកើត ច្រើន​ព្រោងព្រៀតនៅតាមវត្តអារាមនេះ គឺជាការវិវត្តបរិមាណ។ ប៉ុន្តែយើងកត់សំគាល់ឃើញថា​ នៅ ជនបទ អាចារ្យភាគច្រើន ពុំមានការតែងតាំងជាផ្លូវការឡើយ រីឯអាចារ្យជំនួយការរាយរងនោះ ឃើញមានចំនួនច្រើន នៅក្នុងពិធីបុណ្យ​ ដូចជា កឋិន​ បញ្ចុះសីមា ភ្ជុំបិណ្ឌ ចូលឆ្នាំ ។ល។ ​ចំពោះ សមត្ថភាពជំនាញក្នុងវិជ្ជាជីវៈវិញ  នៅមានកំរិតទាបនៅឡើយ ។
-ការវិវត្តថយក្រោយ  គឺយើងកត់សំគាល់ឃើញថា នៅសម័យបច្ចុប្បន្ន   ដែលទស្សនៈសម្ភារៈ
និយមលូតលាស់ខ្លាំង​ ​រីឯសន្ទុះប្រណាំងប្រជែងចង់ឈ្នះចង់ចាញ់គ្នា​ ក៏លូតលាស់រីកចម្រើននៅ​គ្រប់​មជ្ឈដ្ឋាន សូម្បីក្នុងសហគមន៍សាសនា ក៏បានទទួលរងឥទ្ធិពលនេះផងដែរ។ ដោយហេតុនោះ អធ្យា​ស្រ័យគ្នាល្អសាមគ្គីធម៌ក្តី សន្តោសការយោគយល់ធម៌សាមគ្គី ក៏កាន់តែរួញទៅៗហើយជំនួស មកវិញ​​ ដោយលោកធម៌ដូចជាបានជំរាបខាងលើស្រាប់។ គេបណ្តែតបណ្តោយឲ្យទស្សនៈបែបនេះលូតលាស់រីកចម្រើនកាន់តែខ្លាំងនោះ អាចារ្យប្រភេទនេះ និងបាត់សេចក្តីថ្លៃថ្នូរ កិតិ្កយស និងឥទ្ធិពល  ហើយនៅទីបំផុតនឹងឈានទៅរកការអស់តម្លៃ ។
ឯផលវិបាកនេះវាមិនមែនមានតែប៉ុណ្ណោះទេ វាមានកត្តាជាច្រើនទៀតសំរាប់អាចារ្យដូចជា​ ៖
-កត្តាមនុស្ស មហាជននូវក្នុងកន្លែងមួយចំនួនមានការរើសអើង ប្រកាន់យ៉ាងមុតមាំមិនយក អាចារ្យដែលដឹកនាំធ្វើពិធីបុណ្យខ្មោចមកធ្វើជាអាចារ្យការឡើយ​​​ ដោយគេជឿថា អាចារ្យ​បុណ្យ​ខ្មោច​ ដិតដាម ​ដោយឧបទ្រពចង្រៃ នាំមកអពមង្គលដល់ពិធីមង្គលការ​ដល់គូរស្វាមី​ភរិយា។ អ្នកយល់ដូច្នោះ​ មិនសក្តិសម ជាអ្នកព្រះពុទ្ធសាសនាឡើយ ព្រោះមិនដឹងមិនយល់​ពីត្រៃលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា​ ជាមនុស្សពោរពេញដោយធម៌ប្រមាទ​​ មិនស្គាល់អំពីតំណើរ​របស់ជីវិត ‍‍ជាតិ ជរា ព្យាធិ មរណៈ ពិសេសមិនយល់ពីកុសលកម្ម និងអកុសលកម្ម​។ គប្បី​ជ្រាបថា​ ធ្វើបុណ្យខ្មោច​ក៏ជា​កុសលកម្ម ក៏ជាមង្គល គឺមង្គលដល់អ្នករស់ និងដល់អ្នកស្លាប់។ ឯពិធីអាពាហ៍ពិពាហ៍ក៏​ជាមង្គល​សំរាប់​ដន្លងទាំងពីរ និងសំរាប់កូនប្រុសស្រីដែរ។ នេះជាការ​ឡកឡឺយ ដល់អាចារ្យបុណ្យខ្មោចមាន តួអង្គ ឆាកកំប្លែងខ្លះ បោះផ្លែផ្កា ទៅនាំកូនក្រមុំ កូនកម្លោះមកចំអាសទឹក ការបែងចែកដាក់ជញ្ជាំង​ខ័ណ្ឌអាចារ្យ ខ្មោច និងអាចារ្យ ការ នេះផ្ទុះចេញមកពីទស្សនៈប្រកាន់ទិដ្ឋិមានៈ  ជាការបំបែក​បំបាក់ដើម្បី «មានអញអត់ឯង» ដើម្បីស្រវាយកលាភសក្ការៈធ្វើខ្លួនឲ្យឃ្លាតឆ្ងាយពីទស្សនៈ ចែ​ក​រំលែក​​សេចក្តីសុខ និងផលប្រយោជន៍ដល់គ្នា​នឹងគ្នា ។
-កត្តាអប់រំ ដោយសង្គមកម្ពុជាយើងត្រូវរបបប្រល័យពូជសាសន៍ប៉ុលពត បំផ្លិចបំផ្លាញស្ទើរ​តែ​ទាំងស្រុងនូវធនធានអ្នកចេះដឹង និងគម្ពីរក្បួនច្បាប់ទម្លាប់បាត់បង់គ្មានសល់ ម្លោះហើយធនធាន​អាចារ្យ​នូវតិចតួចណាស់ អាចារ្យខ្លះក៏បានសិក្សារៀនសូត្រតាមក្បួនតម្រាបានច្រើន លោកអាចារ្យ ខ្លះ សិក្សាបានតិច ខ្លះទៀតក៏មើលតាមសៀវភៅដោយខ្លួនឯង ហើយក៏មានវ័យចាស់ភ្លេចមុខ ភ្លេច ក្រោយ ហើយក្បួនច្បាប់ពុំសូវសម្បូរការអប់រំផ្សព្វផ្សាយនូវមានកំរិត ដូច្នេះហើយធ្វើឲ្យអាចារ្យ ទទួលផលវិបាកខ្លាំង ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងឲ្យបានល្អ ។
-កត្តាសេដ្ឋកិច្ច នៅក្នុងកម្មវិធីនិមួយៗជួនកាលទៅម្ចាស់ដើមបុណ្យមានជីវភាពធូធារ យល់​ពី​ទំនៀម​ទម្លាប់ផង ក៏តម្រូវឲ្យលោកអាចារ្យចាត់ចែងតាមលំដាប់លំដោយបានត្រឹមត្រូវទៅ។ ប៉ុន្តែ ម្ចាស់​បុណ្យ​មិនសូវធូធារ តែងចង់ធ្វើបុណ្យកុសលកម្មមង្គលផ្សេងៗ លោកអាចារ្យក៏តម្រូវអធ្យា ស្រ័យតាម​ទៅ ម្លោះហើយពុំបានហូរហែសព្វគ្រប់ប៉ុន្មានទេ ធ្វើឲ្យលោកអាចារ្យចោលក្បួនច្បាប់ ទំនៀមទម្លាប់​ខ្លះ ​សម្រួល​ដល់អ្នកសាមីកម្មទៅ ។
-កត្តាតំបន់នូវក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងពុំសូវមានលក្ខណៈត្រូវគ្នាប៉ុន្មានទេ ព្រោះ​និយម​ទៅតាមតំបន់និមួយៗ មិនបានយកច្បាប់ជាធំដោយសាតែលោកអាចារ្យខ្លះគាត់មិនយល់ដឹង​បាន​ច្បាស់លាស់ត្រឹមត្រូវតាមក្បួនតម្រា ម្លោះហើយក៏ធ្វើតាមគ្នាតៗមក។​ តាមអត្តនោម័តិ យល់ ឃើញ​រៀងខ្លួន ធ្វើរបៀបនេះយូរៗទៅនាំឲ្យបាត់បង់នូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់យើងពុំខាន ។
-កត្តាសង្គម ដោយសង្គមខ្មែរយើងអ្នកកាន់ព្រះពុទ្ធសាសនាស្ទើរតែ៩០ភាគរយ ប្រជា​ពល រដ្ឋ​ខ្មែរ​ចូលចិត្តធ្វើបុណ្យច្រើន ហើយប្រកាន់យកនូវទំនៀមទម្លាប់ល្អ គឺការតបស្នងសងគុណ​ដល់ អ្នក​មាន​គុណមានមាតាបិតាជាដើម ម្លោះហើយលោកអាចារ្យទទួលការអញ្ចើញ ជាអធិបតីច្រើន កន្លែង​ទទួលបុណ្យខ្លះ ទទួលមង្គលការខ្លះ ពិធីផ្សេងៗខ្លះទៀតមើលទៅឃើញថា​ អាជីពអាចារ្យ​ច្រើន​ ហេតុនេះហើយលោកអាចារ្យគាត់ធ្វើកាត់ខ្លីៗ ព្រោះប្រញាប់ទៅ​កន្លែង​មួយទៀត ពុំបានត្រឹមត្រូវ ល្អសព្វគ្រប់​ នេះជាផលវិបាកធ្វើឲ្យប្រពៃណីល្អរបស់យើងចេះតែបាត់ទៅបន្តិចម្តងៗ មិនយូរមិន ឆាប់​ក្បួនច្បាប់នេះ នឹងសាបសូន្យព្រោះតែវិបត្តិអាចារ្យ ។


៧៥ -​ រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន  ទំព័រ ៤១
៧៦ -ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យ  ក្នុងព្រះពុទ្ធសាសនា និងទំនៀទម្លាប់ប្រពៃណីខ្មែរ ទំព័រ ៩-១០

៧៧ - ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យ  ក្នុងព្រះពុទ្ធសាសនា និងទំនៀទម្លាប់ប្រពៃណីខ្មែរ ទំព័រ ១៣
៧៨ - សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ  ភាគ ៤២ ទំព័រ ៤៤
៧៩ - សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ  ភាគ ៤១ ទំព័រ ១៩៦
៨០ - រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន  ទំព័រ ៩៨-៩៩។


៨១ - តុង ឈួន ឧបករណ៍ធម្មវិភាគ និងគហិបដិបតិ្ត ទំព័រ ៦
៨២ - តុង ឈួន ឧបករណ៍ធម្មវិភាគ និងគហិបដិបត្តិ ទំព័រ ៤០ ។
៨៣ -ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យ  ក្នុងព្រះពុទ្ធសាសនា និងទំនៀទម្លាប់ប្រពៃណីខ្មែរ ទំព័រ៣០ ។

៨៤ - ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យ  ក្នុងព្រះពុទ្ធសាសនា និងទំនៀទម្លាប់ប្រពៃណីខ្មែរ ទំព័រ៣១ ។
៨៥ - សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ឆដ្ឋភាគ. ភាគ ១៩ ទំព័រ ២៩៩ ។
៨៦ - យង់ សុផាត បរមត្ថមញ្ចូសា មហាដីកា សមាធិនិទ្ទេស ភាគ ១ ទំព័រ ៦៥
៨៧ - យង់ សុផាត បរមត្ថមញ្ចូសា មហាដីកា សមាធិនិទ្ទេស ភាគ ១ ទំព័រ ៧០
៨៨ - - រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន  ទំព័រ ៥៦
៨៩ - ក្រសួងធម្មការនិងសាសនា ក្រមសីលធម៌អាចារ្យ  ក្នុងព្រះពុទ្ធសាសនា និងទំនៀទម្លាប់ប្រពៃណីខ្មែរ ទំព័រ៦-៧ ។
៩០ -ប្រសាសន៍សម្តេចតេជោ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៩ នៅសាលចតុមុខសម្ភោធសមិទ្ធិផល របស់ក្រសួងវប្បធម៌
៩១ -រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន   ទំព័រ ៤០ ។

៩២ - រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន  ទំព័រ ទំព័រ ១១១ ។
៩៣ - រាជបណ្ឌិត្យសភាកម្ពុជា អាចារ្យក្នុងសង្គមខ្មែរបច្ចុប្បន្ន  ទំព័រ ៣៧ ។

No comments:

Post a Comment