Friday, July 20, 2012

សារណា២​ជំពូកទី ៥




ជំពូកទី ៥
សេចក្តីសនិដ្ឋាន និងអនុសាសន៍

.១. សេចក្តីសនិដ្ឋាន
                        ក្រោយពីបានសិក្សាស្រាវជ្រាវ ទៅលើប្រធានបទស្តីអំពីតួនាទី និងភារកិច្ចរបស់​អាចារ្យ​តាម បែបប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រួចមកយើងអាចបង្ហាញឲ្យឃើញថា ប្រធានបទខាង​លើ​នេះ លោកអាចារ្យពិតជាអ្នកអប់រំទូន្មានដល់គេ ឲ្យគោរពប្រតិបត្តិតាម ព្រោះអាចារ្យលោកមាន​សមត្ថភាព ហើយមានលក្ខណៈសម្បត្តិល្អ ទាំងវិជ្ជាសម្បត្តិ និងចរិយាសម្បត្តិ បានត្រឹមត្រូវ ។
            ដូច្នេះ យើងគិតថា ប្រធានបទនេះ ពិតជាមានសារៈប្រយោជន៍​ច្រើនណាស់ សំរាប់ប្រជា​បរិស័ទ ជាច្រើននៅក្នុងសង្គមខ្មែរទាំងមូល ព្រោះរាល់ខ្លឹមសារនៃអត្ថបទ បានចង្អុល​បង្ហាញច្បាស់​លាស់​ណាស់ ពីភារកិច្ច និងតួនាទីរបស់​អាចារ្យនូវក្នុងពិធីកម្មនីមួយៗ និងវិធានកិច្ចតាមបែបបវេណី​ខ្មែរ។ ក្នុងនោះបានបញ្ជាក់នូវចំណុចលម្អិតជាច្រើនទៀត ស្តីអំពីពិធីកម្មនៅក្នុងព្រះពុទ្ធសាសនា​ និងពិធីកម្មនៅ​ក្នងប្រពៃណី និងទំនៀមទម្លាប់ខ្មែរដូចជា៖
            បុណ្យពិសាខបូជា មាឃបូជា កឋិនទាន ចូលវស្សា ចេញវស្សា បុណ្យបួសជាដើម នេះជា បុណ្យខាងព្រះ​ពុទ្ធសាសនា ឯបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ឬ វិធីមង្គលផ្សេងៗដូចជាមង្គលការ មង្គល​ឡើងផ្ទះ ចូលម្លប់ជាដើម ជាពិធី​កម្មបែបប្រពៃណីជាតិ ។
យើងសង្កេតឃើញថា នៅក្នុងពិធីកម្មនីមួយៗ ប្រជាជនខ្មែរយកមកប្រតិបត្តិជាប្រចាំនៅក្នុង​ជីវភាពរស់នៅ​ក្នុងសង្គមរបស់ខ្លួន។ ក្នុងពេលដែលប្រារព្ធពិធីកម្មទាំងអស់នោះ គេត្រូវការចាំបាច់នូវ​លោកអាចារ្យដើម្បីជួយចាត់​ចែងកម្មពិធី (ជាពិធីការ) ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ លោក​អាចារ្យមានភារកិច្ចដ៏សំខាន់គ្រប់គ្រងពិធី​កម្មហ្នឹង ហើយទើបនៅក្នុងសង្គមខ្មែរ មាន​អាចារ្យសំរាប់​ជួយបំពេញតម្រូវ ការទាំងនោះជាពិសេសតាមវត្ត​ ប៉ុន្តែទោះបី​ជាលោកអាចារ្យសំដៅទៅ​លើមនុស្ស​ជាអ្នក​ចេះដឹង អ្នកប្រព្រឹត្តល្អ អ្នកត្រឹមត្រូវ អ្នកហាត់ពត់មារយាទ ជាអ្នកបង្ហាត់​បង្រៀនក៏ដោយ ក៏​អាចារ្យ​មួយចំនួនមិនទាន់ មានលក្ខណៈសម្បតិ្តសមរម្យនៅឡើយ។ ហើយចំណែកភារកិច្ច និង​តួនាទី​មិនទាន់បំពេញបានត្រឹមត្រូវតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរសព្វគ្រប់ទៅតាមពិធី​កម្ម​នីមួយៗនៅឡើយទេ។ ដូច្នេះ ដើម្បីឲ្យលោកអាចារ្យបានបំពេញភារកិច្ច និងតួនាទីឲ្យបាន​ល្អត្រឹមត្រូវតាមបែបប្រពៃណី និងទំនៀម​ទម្លាប់ខ្មែរឲ្យបានរីកចំរើន ហើយអនុវត្តឲ្យមាន​ប្រសិទ្ធ​ភាព ផ្សាភ្ជាប់ជាមួយក្រមសីលធម៌របស់ខ្លួន ដើម្បីលើក​កម្ពស់វប្បធម៌ អារ្យធម៌ ក្នុងសង្គមខ្មែរ​ឲ្យ​កាន់តែប្រសើរឡើង ។
            អត្ថន័យរបស់ប្រធានបទនេះ ជាប្រទីបឆ្លុះបញ្ចាំងឲ្យឃើញអំពីទិសដៅពិតប្រាកដ ដើម្បី​ឲ្យ លោកអាចារ្យ​បានយល់បញ្ញតិ្ត​​នៃអាចារ្យ ភារកិច្ចរបស់អាចារ្យ ជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ន និងអំពីការប្រតិបត្តិរបស់ខ្លួនឲ្យចំក្បួនខ្នាត ជាពិសេសចង់ឲ្យអាចារ្យបានយល់នូវ​បញ្ញតិ្ត​​នៃ​អាចារ្យ​ដើម្បីបានយល់ បានស្គាល់ បានដឹងនូវតួនាទី​របស់​ខ្លួន ក្នុងការកែប្រែនូវរាល់ចំណុចខ្វះខាត និង​ខុសឆ្គងមួយចំនួន ដែលអាចារ្យមួយចំនួនប្រព្រឹត្តកន្លងមក  ព្រមទាំងរួមចំណែកអភិវឌ្ឍន៍​បុគ្គល​
ផ្ទាល់ខ្លួន ក៏ដូចសង្គមជាតិទាំងមូល ។
            យើងមានសេចក្តីសង្ឃឹមជឿជាក់ថា    រាល់ខ្លឹមសារដែលបានដកស្រង់យកមកសរសេរ​រៀប​
រៀង ក្រោមប្រធានបទ​ខាងលើនេះ និងបានជួយជម្រុញស្មារតី លោកអាចារ្យគ្រប់រូបដែលមានឆន្ទៈ​គោរពស្រឡាញ់វិជ្ជាជីវៈរបស់ខ្លួន ឲ្យ​មានគុណធម៌ឧត្តម វិសេសវិសាល មានកិត្តិយស កិត្តិសព្ទ មានកេរ្តិ៍ឈ្មោះ ល្អជាទីគោរពកោតសរសើរ និងមាន​សេចក្តីថ្លៃថ្លូរ អ្នកផងទាំងឡាយទុកជាគំរូ​ល្អក្នុង​សង្គមខ្មែរ ។
            សារណានេះ បានចូលរួមចំណែកក្នុងការលើកស្ទួយ វិស័យវប្បធម៌ ប្រពៃណីដ៏រុងរឿងរបស់​យើង​​ឲ្យស្ថិតស្ថេរជាអមតៈ​ ជាពិសេសបានរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ដើម្បីទប់ស្កាត់នូវវិបត្តិ​អាចារ្យ និងពង្រឹងពង្រីកនូវឥទ្ធិពលព្រះពុទ្ធសាសនា ​ជាសាសនារបស់រដ្ឋ អោយបានរីកចម្រើន​ថ្កុំថ្កើន​តរៀងទៅ ។
.២. អនុសាសន៍
            ដើម្បីអោយលោកអាចារ្យគ្រប់រូប បានអនុវត្តតាមតួនាទី និងភារកិច្ច​របស់ខ្លួនអោយ​ស្រម​តាមប្រពៃណី និងទំនៀមទំលាប់ខ្មែរនោះ យើងខ្ញុំសូមចូលរួមផ្តល់នូវអនុសាសន៍ដូចតទៅ
-លោកអាចារ្យមិនត្រូវមានទស្សនៈស្លាប់ក្រឡានោះឡើយ គឺត្រូវតែមានគោលគំនិតឈ្លាសវៃ ហើយចេះច្នៃ​ប្រឌិតអ្វីៗដែលពាក់ព័ន្ធទៅនឹងមុខជំនាញរបស់ខ្លួនឲ្យបានរស់រវើក ហើយធ្វើដំណើរ​តាម​កន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង ។
-លោកអាចារ្យត្រូវមានស្មារតីខ្ពស់ហ៊ានឈរលើសច្ចៈធម៌ ដើម្បីការពាររារាំងនូវការហូរចូល​នូវវប្បធម៌ប្រពៃណីបរទេស  ដូចជាកាត់នំ បុណ្យសង្សារ ជាដើម ។
-លោកអាចារ្យពុំត្រូវមានគំនិតកាត់បន្ថយនូវក្បួនខ្នាតតាមបែបប្រពៃណី  និងទំនៀមទម្លាប់​ខ្មែរ ក្នុងពិធី​កម្មនីមួយៗនោះទេ ពោលគឺលោកអាចារ្យត្រូវចូលរួម​អភិរក្ស​ក្បួនខ្នាតរបស់​បុព្វបុរស​ខ្មែរ ។
-លោកអាចារ្យពុំត្រូវមានគំនិតទុទិដ្ឋិនិយម មានការរើសអើងនូវតួនាទីពីអាចារ្យខ្មោច និង​អាចារ្យការទេ ត្រូវយល់ពីពាក្យទូន្មានរបស់ព្រះពុទ្ធថា សម័យណាមានបុណ្យកុសល និង​សេចក្តី​ល្អក្នុងសន្តានចិត្ត សម័យ​នោះមានមង្គលល្អ នក្ខត្តឬក្សល្អហើយ ។
-លោកអាចារ្យត្រូវប្រកាន់ភា្ជប់នូវក្រមសីលធម៌របស់ខ្លួនជានិច្ច ។
-គួរកុំប្រកាន់ទិដ្ឋិ អស្មិមានៈ អ្វីដែលមានច្បាស់មិនគួរដឹកនាំទាំងងងឹតងងល់ទេ, ត្រូវហ៊ាន​   សាកសួរ រៀនសូត្របន្ថែមទៀតពីពួកបណ្ឌិតទាំងឡាយ ។
-ក្នុងពិធីធំដូចជាបុណ្យភ្ជុំ ចូលឆ្នាំជាដើម មិនគួររៀបចំផ្តិល​ ឬកន្លែងសំរាប់ឲ្យគេចូល​បច្ច័យ​​ច្រើនពេកទេ នាំឲ្យគេវាយតម្លៃថា លោកអាចារ្យសំឡឹងឃើញតែលុយ នាំឲ្យ​រួញសទ្ធា ។
សូមអោយលោកអាចារ្យ គប្បីជាអ្នកថ្វាយខ្លួនកាន់សីលឲ្យបានត្រឹមត្រូវយ៉ាងហោចណាស់ ក៏ត្រឹមសីល​ ៥ ដែរ ។
-លោកអាចារ្យទាំងអស់ត្រូវរក្សាគុណតម្លៃអាចារ្យ កុំឲ្យយកតួនាទីអាចារ្យមកកាត់ថ្លៃប៉ុណ្ណេះ​ប៉ុណ្ណោះ ទើបព្រម​ធ្វើអាចារ្យ ។
-សូមក្រសួងធម្មការ និងសាសនាគួរតែមានកម្មវិធីបង្រៀនផ្សព្វផ្សាយនូវភារកិច្ច និងតួនាទី​របស់អាចា​រ្យ​ឲ្យបានទូលំទូលាយ​ តាំងពីថ្នាក់ក្រសួងមន្ទីរការិយាល័យ និងតាមវត្តនីមួយៗ​ឲ្យយល់ពី​ពិធីកម្មនីមួយ​ៗនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យបានត្រឹមត្រូវច្បាស់លាស់ ។

-សូមប្រជាបរិស័ទខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ មានចិត្តសាមគ្គីគ្នាជាធ្លុងមួយ ដើម្បី​ថែរក្សា​ព្រះពុទ្ធសាសនា  និង​មត៌កវប្បធម៌ប្រពៃណីដូនតារបស់យើងទាំងអស់គ្នា   ឲ្យបានរីកចម្រើនថ្កុំ​ថ្កើង រុងរឿង ស្ថិតស្ថេរ រឹងមាំជានិរន្តរ៍​តទៅ ។

No comments:

Post a Comment