Slide Show

Thursday, July 19, 2012

សរណា២ជំពូកទី ២


ជំពូកទី ២

ទស្សនៈទូទៅស្តីអំពីតួនាទី និងភារកិច្ចអាចារ្យ
            នៅក្នុងជំពូក២ ដែលនិយាយពីទស្សនៈទូទៅស្តីពីតួនាទី​ និងភារកិច្ចរបស់អាចារ្យនៅក្នុង​ពីធី​កម្មតាមបែប ប្រពៃណី​​​និងទំនៀមទម្លាប់ខ្មែរនេះ យើងសូមបង្ហាញនូវបញ្ញត្តិនៃពាក្យ​គន្លឹះមួយ​ចំនួន មុននឹងឈាន ដល់ការពន្យល់ពីអត្ថន័យពិស្តារនៅក្នុងជំពូកនេះដូចជា ៖
            ន័យមូលដ្ឋាននៃពាក្យគន្លឹះមួយចំនួន
-  តួនាទី (ន) មុខងារ, មុខតំណែង, ឋានៈ
-  ភារកិច្ច < ភារៈ + កិច្ច = ភារកិច្ច
-  ភារៈ (ន) (បា.សំ) ទម្ងន់ របស់ធ្ងន់, បន្ទុក, គ្រឿងផ្ទុក, កិច្ចការធ្ងន់, កិច្ចធុរៈរវល់  ទទួល​​ភារៈ ​គឺ​ទទួលបន្ទុក, ទទួលកិច្ចការធ្ងន់នាំភារៈទៅ គឺនាំគ្រឿងបន្ទុក គ្រឿង​ដឹកនាំ​ទៅ, ជាភារៈលើខ្លួន គឺ​ទទួលរ៉ាប់រងលើខ្លួន ។
-  កិច្ច (ន) (បា.សំ)  ការដែលត្រូវធ្វើ, អំពើ, ការរវល់
-  ភារកិច្ច (ន)   កិច្ចការធ្ងន់, កិច្ចការដែលត្រូវធ្វើយ៉ាងធ្ងន់
-  អាចារ្យ (ន) ខ្មែរប្រើជាអាចារ្យ អ្នកប្រដៅ ឬហាត់មាយាទ, អ្នក​ប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយាជន៍ដល់សិស្សអ្នក​បង្រៀន​ចំពោះគេ ។
            -ពិធីកម្ម ​(ន)(សំ.បា.)​ (​វិធី)​បែបធ្វើ, ​បែបរបៀប, របៀបកិច្ចការ, ក្រឹត្តិកា, របៀប​ពិធី​បុណ្យ ។
            -កម្ម  (ន) អំពើ, ការងារ ។
            -ប្រពៃណី (ន) ទំនៀម ពូជពង្ស តំណវង្សត្រកូល ។
            -ទំនៀមទម្លាប់ (ន) បវេណីដែលធ្លាប់ធ្វើ, ដែលធ្លាប់ធ្វើតាមធម្មតា, បែបបទដែលធ្លាប់​មាន មក, សណ្តាប់ធ្នាប់ដែលធ្លាប់ធ្វើតាម៣។
២.១.និយមន័យ
            ២.១.១.អាចារ្យក្នុងសង្គមខ្មែរ
            តួនាទី និងភារកិច្ចរបស់អាចារ្យតាមបែបប្រពៃណី  និងទំនៀមទម្លាប់ខ្មែរ  លោកអាចារ្យមាន ការ​​​ងារមួយយ៉ាងសំខាន់សំរាប់រក្សាក្បួនច្បាប់ដ៏ល្អរបស់ខ្មែរ ដែលបានបន្សល់​ទុកសម្រាប់មនុស្ស​គ្រប់​​​ជំនាន់ ដើម្បីបង្ហាញពីរបៀបរបបត្រឹមត្រូវ ថ្លៃថ្នូរក្នុងសង្គមឲ្យគេស្គាល់ អំពីវប្បធម៌ អរិយធម៌ និង អត្តសញ្ញាណជាតិ បានច្បាស់លាស់។ ជាពិសេសគឺសកម្មភាពរបស់អាចារ្យ ដែលជាអ្នកប្រដៅ​ទូន្មាន និងរក្សាមាយាទខ្លួនឯងឲ្យមានសីលធម៌ សុជីវធម៌៤ ចរិយាធម៌ជាគំរូដ៏ល្អដើម្បីដឹកនាំ​បង្ហាញ​ផ្លូវ​ដល់មហាជនទាំងឡាយឲ្យប្រព្រឹត្តត្រឹមត្រូវល្អដូចខ្លួន ដើម្បីចូលរួមចំណែក​កសាងសង្គមជាតិ​ក្នុង
​ការ​រក្សាប្រពៃណី ទំនៀមទម្លាប់ និងអភិវឌ្ឍឲ្យបានរីកចំរើនរុងរឿង ។
             ២.២.២ អាចារ្យទូទៅ
            ពាក្យថាអាចារ្យមានសេចក្តីអត្ថាធិប្បាយផ្សេងៗគ្នាដូចតទៅ៖
         ក-បុព្វាចារ្យ:៥ ឪពុកម្តាយជាអ្នកផ្តល់កំណើតឲ្យបុត្រាបុត្រី​​ ​ ចិញ្ចឹមបំប៉នថែរក្សាឲ្យ​ចម្រើន​វ័យ
វឌ្ឍនាការ និងអប់រំឲ្យ​ចេះ​ដឹង ខុសត្រូវ ល្អ អាក្រក់ និងបង្ហាញផ្លូវល្អប្រកបដោយគន្លងធម៌មុនគ្រូ អាចារ្យ​​ដទៃឯទៀត ។ ទើបបានគេឲ្យឈ្មោះថា «បុព្វាចារ្យ» គឺគ្រូខាងដើម គ្រូដំបូងបង្អស់ ។
         ខ-​អាចារ្យក្នុងសម័យពុទ្ធកាល : នៅពេលដែលព្រះសម្មាសម្ពុទ្ធ  ទ្រង់បានចាប់កំណើតក្នុង ដែនដីជម្ពូទ្វីបយើងនេះ មានគណៈពា្រហ្មណាចារ្យ ដែលសុទ្ធសឹងជាអ្នកប្រាជ្ញ រាជបណ្ឌិត មាន​ចំណេះ វិជ្ជាលោកិយយ៉ាង​ជ្រៅជ្រះ ផ្នែកខាងព្រហ្មញ្ញសាសនា មានដូចជា ៖
         -អសីតតាបស : អាចារ្យរស់នៅភ្នំជិតក្រុងកបិភស្តុ
         -​​កោណ្ឌព្រាហ្មណ៍ : អាចារ្យក្មេងជាងគេ ដែលទស្សន៍ទាយថាព្រះសិទ្ធត្ថ​កុមារ នឹងបាន​ត្រាស់​ជា​ព្រះពុទ្ធក្នុងលោកនេះ ។
         -តាបសអាឡារកាឡាមគោត្រ : អាចារ្យចេះដឹងជ្រៅជ្រះ ល្បីល្បាញ បានបង្រៀនមុខវិជ្ជា ផ្សេងៗចំពោះបព្វជិតសិទ្ធត្ថ ។
         -មុនីតាបស : អាចារ្យ ឈ្មោះ  ឧទ្ទករាមបុត្រ ក៏ជាព្រាហ្មណាចារ្យ  មានវិជ្ជាជ្រៅជ្រះ ជាគ្រូ បង្រៀន​បព្វជិតសិទ្ធត្ថ អំពីមុខវិជ្ជាផ្សេងៗ។ អាចារ្យទាំងពីររូបខាងលើនេះ គឺជាអាចារ្យ​ដំបូងបំផុត  ដែលជា​គ្រូរបស់ព្រះបព្វជិតសិទ្ធត្ថ៦។ ក្រៅពីនេះ ក៏នៅមានអាចារ្យផ្សេងៗទៀត ខាងសាសនា និគ្រន្ថ ដូចជា «អាចែល» ជាអាចារ្យក្រៅពុទ្ធសាសនា ហើយខិតខំធ្វើទុក្ករកិរិយា​អត់អាហារ ធ្វើតប កម្មយ៉ាងតឹង​រ៉ឹង ធ្វើឲ្យរាងកាយឈឺចាប់ដោយប្រការផ្សេងៗ ដោយមាន​ជំនឿថា ជីវិតគេនឹងមាន សុភមង្គល បាន​ទៅសោយសុខក្នុងឋានសួគ៌ នៅពេលដែលគេ​ស្លាប់​ទៅ។ ដោយ​ឡែកព្រាហ្មណា ចារ្យ៥រូប​ ដែលសុទ្ធសឹងជាអាចារ្យល្បីៗ ជាសហ​សេវិក​របស់ព្រះពុទ្ធអង្គ។ ក្រោយពីព្រះពុទ្ធបរមគ្រូ បាន​ត្រាស់ដឹងនូវប្រាជ្ញាសម្មាសម្ពោធិញាណ ក៏​បានក្លាយជា ​«បញ្ចវគ្គីយ៍» ។
         -បញ្ចវគ្គីយ៍ : ព្រាហ្មណ៍ទាំង៥អង្គ ដ៏ល្បីល្បាញដែលមានចារឹកក្នុងព្រះពុទ្ធសាសនានោះ មាន ឈ្មោះ​ថា កោណ្ឌញ្ញ ភទ្ទិយ វប្បៈ មហានាម អស្សជិ អាចរាប់បានថាជាអាចារ្យ​ក្នុង​ជំនាន់​នោះផងដែរ។ ​ព្រាហ្មណ៍ទាំង៥អង្គនេះ មានវាសនាបានស្តាប់ធម៌ ព្រះធម្មចក្ក និង​អរិយ​​​សច្ច​​បួន ដែលព្រះពុទ្ធបរម​គ្រូទេសនាទូន្មានមុនគេបង្អស់  ហើយមានបេសកកម្ម​ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​​របស់​ព្រះ​សម្មាសម្ពុទ្ធគ្រប់​ទិសទីក្នុងតំបន់ពុទ្ធដ្ឋាន ។
         -តួអង្គព្រះសម្ពុទ្ធ : គឺជាព្រះសាស្តាចារ្យ ដ៏ឧត្តុង្គឧត្តមក្រៃលែង មានយ៉ាងច្បាស់​ជាក់​​ស្តែង​​ក្នុងការសូត្រព្រះនាមទាំង១០ នៃព្រះជិនស្រី តាមរយៈធម៌ ឥតិបិសោ ត្រង់វគ្គ​ខាង​​​ចុងថា សត្ថា ទេវមនុស្សានំ  មានន័យថា ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ។ ព្រោះព្រះអង្គ​ទូន្មាន​ប្រៀន​ប្រដៅដល់ទេវតា និងមនុស្សឲ្យធ្វើនូវប្រយោជន៍ ៣ យ៉ាង គឺ :
                                    -ទិដ្ឋធម្មិកត្ថៈ  ប្រយោជន៍ក្នុងបច្ចុប្បន្ន ១
                                    -សម្បរាយិកត្ថៈ        ប្រយោជន៍ក្នុងបរលោក ១
                                    -បរមត្ថៈ ប្រយោជន៍ក្នុងព្រះនិព្វាន ១៧។
           -លទិ្ធអាចារ្យ​ ៦ (លទិ្ធគ្រូ៦)៨
                   ក្រៅពីពុទ្ធសាសនា​ និងព្រហ្មញ្ញសាសនានៅមានលទ្ធិអាចារ្យទាំង៦ (លទ្ធិគ្រូ៦) ដែល​មាន​ទិដ្ឋិផ្ទុយទាស់នឹងពុទ្ធសាសនា ។                                    
             ១.អាចារ្យបូរណកស្សបៈ លទ្ធិរបស់អាចារ្យនេះជាអកិរយវាទ (ប្រកាន់ថា មិនមាន​អំពើ​គឺ ប្រកាន់ថា បុគ្គលដែលធ្វើបាបផ្សេងៗមានការសំលាប់សត្វជាដើម មិនមានបាបទេឥតមាន​ទោសឡើយ ។
         ២. អាចារ្យមក្ខលិគោសាលៈ លទ្ធិរបស់អាចារ្យនេះជាអហេតុកទិដ្ឋិ (ប្រកាន់ថា មិនមានហេតុ បច្ច័យ) ព្រោះសត្វដែលនឹងសៅហ្មងក៏សៅហ្មងឯង និងបរិសុទ្ធក៏បរិសុទ្ធឯង ។
         ៣.អាចារ្យនិគ្គណ្ឋនាដបុត្តៈ​ លទ្ធិរបស់អាចារ្យនេះ អ្នកប្រកាន់ថាខ្លួនមិនមានកិលេសមិន មានគ្រឿងសៅហ្មង។ លទ្ធិអាចារ្យនេះប្រកាន់យកលទ្ធិ៤ យ៉ាង មានសព្វវារិធុតោកំចាត់បាបដោយ ទឹក​ទាំងពួងជាដើម ។
         ៤.អាចារ្យសញ្ជ័យៈ លទ្ធិអាចារ្យនេះប្រកាន់ អមរាវិក្ខេបទិដ្ឋិ (សេចក្តីយល់ដោយវាចាថា មិនស្លាប់) ឬ(សេចក្តីយល់បម្រះដូចជាអន្ទង់) គឺសេចក្តីយល់ចាក់បណ្តោយនិយាយដោះ​ខ្លួនឲ្យតែ​រួច មិនឲ្យគេចាប់ថ្នាក់បាន ។
         ៥.អាចារ្យបកុទ្ធកច្ចាយន លទ្ធិអាចារ្យនេះប្រកាន់ថាអកិរិយវាទី(អ្នកប្រកាន់ថាមិន​មាន​អំពើ)។
         ៦.អាចារ្យអជិតកេសកម្ពលៈ អាចារ្យនេះ ប្រើប្រាស់តែសំពត់កម្ពល ធ្វើពីសក់មនុស្ស ។ អាចារ្យ​​នេះប្រកាន់ឧច្ឆេទទិដ្ឋិ (សេចក្តីយល់ឃើញថាសូន្យ) គឺប្រកាន់ថា បុរសដែលប្រកបដោយ មហា​ភូតរូប៤ បែកធ្លាយរាងកាយទៅហើយសូន្យ។ ឥតមានអ្វីខាងមុខអំពីសេចក្តីស្លាប់ទៅឡើយ ។
         -អាចារ្យទិសាបាមោក្ខ៩: អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ​ សម្រាប់ប្រើតាមសម័យ ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្ស មកពីគ្រប់ទិស «គ្រប់ប្រទេស» បានឥតទើសទាក់ ។
            អាចារ្យប្រភេទនេះ  ពុំឃើញមានកំណត់កាលបរិច្ឆេទថា មាននៅពុទ្ធសករាជប៉ុន្មាន  ឬគ្រិស្ត​
សក​រាជ​​ប៉ុន្មាន​​នោះឡើយ ប៉ុន្តែធ្លាប់បានឮក្នុងរឿងនិទានពីសម័យបុរាណតៗមកថា អាចារ្យទិសា​បាមោក្ខ១០ចេះវិជ្ជាផ្សេងៗខាងក្បួន​​វេទ​​មន្ត អាគមគាថា ក្បួនយុទ្ធសាស្រ្ត ក្បួនធ្វើសង្គ្រាម ចេះភាសា​សត្វ ទំាងបក្សាបក្សី ទាំងចតុបាទ ទ្វេបាទ។​​ ​តាមការសន្និដ្ឋានថា អាចារ្យប្រភេទនេះ​ប្រហែល​ជា​មាន​​នៅប្រទេសឥណ្ឌានាសម័យបុរាណ។ ដោយឡែកនៅ​កម្ពុជាយើង ប្រហែលជាអាច​មាន​អាចារ្យ ទិសាបាមោក្ខក្នុងសម័យមហានគរភ្នំ ឬសម័យចេឡា គ្រាដែលខ្មែរយើង​បានជឿស៊ប់ក្នុងព្រហ្មញ្ញ​សាសនា។ បើយើងឆ្លុះបញ្ចាំងតាមរយៈរឿងរ៉ាវពាក់ព័ន្ធខាងអត្ថបទនៃអក្សរសិល្ប៍ តាំងពីក្រោយ​សម័យ​​អង្គរមក យើងឃើញព្រះមហាក្សត្រភាគច្រើនតែងបញ្ជូនរាជបុត្រាឲ្យទៅរៀនសិល្ប៍វិជ្ជាការ​ពី​​សំណាក់​តា​ឥសី   ដើម្បីមានឫទ្ធានុភាពអាចការពារព្រះនគរ បានទប់ទល់នឹងជនកាចសាមាន្យ ដែល​​មានមហិច្ឆតា​ចង់រំលោភ​ឈ្លានពានត្រួតត្រាទឹកដី ។
            អាចារ្យទិសាបាមោក្ខ និង ឥសី ប្រហែលជាមានអត្ថន័យមិនខុសត្រូវគ្នាប៉ុន្មាននោះឡើយ ។ យើងសង្កេត​ឃើញថា​ នៅសម័យក្រោយអង្គរព្រះរាជបុត្រ ឬបុត្រនាម៉ឺនមុខមន្រ្តី តែងតែទៅ​សិក្សា​មន្តវិជ្ជាការពីសំណាក់គ្រូ​អាចារ្យដែលមានឫទ្ធា​​នុភាពខ្លាំងពូកែ ចេះបំបាំងកាយ ចេះសេកមន្តផ្តុំឲ្យ​កើត​​ជាទ័ពជាម្រឹគកាចសាហាវ ជាឃ្មុំ ឱម៉ាល់ ទិចរំខានខ្មាំងសត្រូវ ដូចមានបរិយាយយ៉ាងក្បោះ​ក្បាយ​​​ក្នុងរឿង «កំពូលវីរៈបុរស» «តេជោមាស  និង​តេជោយ៉ត» មានឋានៈជាស្តេច   ជាចៅអធិការវត្ត 
ព្រះ​​គ្រូបទុមបារមីស៊ីន១១។
         គ- អាចារ្យក្នុងឥស្លាមសាសនា
            អ្នកដឹកនាំក្នុងវិធីកម្មនៃសាសនាឥស្លាម ក៏ដូចជាដឹកនាំគ្រប់គ្រងផ្នែករដ្ឋបាល និងសង្គមកិច្ច បុគ្គលនោះគេឲ្យឈ្មោះ​ថា គណៈហាកិម។ គាត់ជាមនុស្សមានគុណធម៌ សមត្ថភាពទាំងផ្នែកធម៌​កូ​អាន ក៏ដូចជាគ្រប់គ្រងសហគមន៍​ឥស្លាមផងដែរ ។
         ឃ- អាចារ្យក្នុងគ្រិស្តសាសនា១២
            គ្រប់វិហារខាងគ្រិស្តសាសនា តែងតែមានអាចារ្យ ដឹកនាំធ្វើកម្មវិធីគោរពបូជាព្រះគ្រិស្ត ព្រះ​គម្ពីរ និងព្រះបិតា​ឬពិធីផ្សំផ្គុំគូស្វាមីភរិយានៅព្រះវិហារ។ គេឲ្យឈ្មោះអាចារ្យនេះថា «គង្វាល» ឬ «អភិបាល» ត្រូវនឹងពាក្យបារាំងថា​ «ប៉ាស្ទ័រ» Pasteur១៣។
២.២. ប្រវត្តិអាចារ្យក្នុងសង្គមខ្មែរ
            កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីសំបូរបែបមិនចាញ់​ប្រទេស​នា​នាលើសកលលោកឡើយ លើសពីនេះទៅទៀតប្រជាពលរដ្ឋខ្មែរ ជាជនជាតិមួយមាន​វ័យ​ចំណាស់យូរលង់មកហើយនៅក្នុងតំបន់។ ហេតុនេះ​ ទើបយើងសង្កេតឃើញថា រាល់ទង្វើជា​សកម្ម​​ភាព​ទាំងឡាយក្នុងទំនៀមទម្លាប់ខ្មែរ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យ​យ៉ាងជ្រាលជ្រៅ។ ចំពោះពិធីនិមួយៗនោះ ច្រើនមានសីលវិធីអប់រំប្រកបដោយទស្សនៈវិជ្ជា និង​ឧបមា​វិធី​ផ្សេងៗបង្កប់ ជាន័យដែលធ្វើឲ្យមនុស្សមានការគិតប្រកបដោយបញ្ញាទើបងាយយល់។ បើ​​មនុស្សល្ងង់ ឬមនុស្សមិន​បានគិត ពិតជាយល់ច្រឡំថា ចាស់ៗធ្វើអ្វីសុទ្ធតែឥតប្រយោជន៍ តាមពិត ត្រូវមនុស្សជំនាន់ក្រោយវិញទេ ដែលមនុស្សគ្រប់គ្នាត្រូវប្រកបដោយគតិបណ្ឌិត ហើយកុំ​មាន​​ការ ភាន់ច្រឡំទាំងអស់គ្នា ត្រូវប្រកាន់ភ្ជាប់នូវសុភាសិតមួយថា «ប្រពៃណីពីបុរាណ មិន​យឺត​សម័យ​​ ​​​​​​​មិន បរទេសទេ» ។
            ដូច្នេះរាល់ពិធីបុណ្យ បែបព្រះពុទ្ធសាសនាក្តី បែបជាទំនៀមទម្លាប់របស់បុរាណាចារ្យក្តី ​ចាំ​បាច់ទាម​ទារឲ្យអ្នកចេះដឹងជួយដឹកនាំដល់សាធារណជន ឲ្យធ្វើត្រឹមត្រូវមានគោលឯកភាពគ្នា មួយ អ្នកចេះដឹង នោះឯងលោកហៅថា(អាចារ្យ)១៤ បើអាចារ្យនៅក្នុងព្រះពុទ្ធសាសនា គឺអាចារ្យ ដែលជា​អ្នក​​បាន​សិក្សា ព្រះពុទ្ធវចនៈ អំពីព្រះពុទ្ធបរមគ្រូទាំងនោះ សុទ្ធសឹងតែមានភេទជាភិក្ខុភាវៈ ជាអ្នក​ចេះ​​ចាំនូវ ពុទ្ធវចនៈ ទ្រទ្រង់ព្រះត្រៃបិដកជាភាសាបាលី ដែលសក្តិសមជាអាចារ្យ ដូចមាន បទ​វិគ្រោះថា អភិមុខំ កត្វា ចរិតព្វោតិ អាចរិយោ «អ្នកដែលកូនសិស្សគួរប្រតិបត្តិ (លើ) ឲ្យធ្វើជាប្រធាន ឈ្មោះថា អាចារិយ។ ម្យ៉ាងទៀតនោះនៅពេលមានភិក្ខុជាសិក្ខាកាម ចូលទៅអាស្រ័យ​សិក្សា​ក្នុង​សំណាក់លោកម្ចាស់អង្គណា លោកម្ចាស់នោះ ក៏ត្រូវបានសិក្ខាកាមទាំងឡាយ នោះ​លើក​ឲ្យបាន​ទៅជាអាចារ្យ ដូចជាបទបាលីមួយឃ្លាទៀតថា អាចរិយា មេ ភន្តេ ហោហិ អាយស្មតោ និស្សយ វច្ឆាមិ «លោកដ៏មានអាយុ សូមលោក (ធ្វើ) ជាអាចារ្យរបស់ខ្ញុំៗនឹង អាស្រ័យនៅ​ជាមួយ​លោក»។ ក៏នៅមានសេចក្តីបញ្ជាក់ក្នុង ឧបសម្បទាកម្ម ត្រង់ដែលភិក្ខុបានបួស ក្នុងសំណាក់​ឧបជ្ឈាយ៍​ណាហើយ ឧបជ្ឈាយ៍នោះត្រូវបានជាអាចារ្យរបស់លោកអ្នកបួសនោះ ដូចមានបទ​បាលី​មួយឃ្លាទៀតថា យទា បដិរូបោ និស្សយទាយកោ អគច្ឆិស្សតិ តស្ស និស្សយ វសិស្សាមិ ប្រែថា «វេលាដែលមានអាចារ្យឲ្យនិស្ស័យសមគួរហើយ យើងនឹងអាស្រ័យនៅជាមួយ អាចារ្យនោះ​ប៉ុណ្ណោះ ជាដើម១៥» ។
            នៅក្នុងព្រះពុទ្ធសាសនា ក៏មានលំនាំខ្លះៗទៀតដែរ ដែលនិយាយអំពីអាចារ្យក្នុងភេទជា គ្រហស្ថ ។ ដូចមានសម្តែងនៅក្នុងគាថាធម្មបទ ត្រង់ដែលអនាថបិណ្ឌិកសេដ្ឋី និងមហាឧបាសិកា វិសាខា តែងតែទៅជួយទំនុកបម្រុង ដោយការចាត់ចែងក្នុងពិធីបុណ្យផ្សេងៗនៃព្រះពុទ្ធសាសនា ។ គឺថានៅពេលណាដែលពុទ្ធសាសនិកឥណ្ឌា សម័យនោះ (ពុទ្ធកាល) មានការប្រារព្ធធ្វើបុណ្យ ផ្សេងៗមានទក្ខិណានុប្បទានជាដើម គេតែងតែអញ្ជើញលោកអនាថបិណ្ឌិកសេដ្ឋី   និងឧបាសិកា វិសាខាទៅ ជាប្រមុខក្នុងការដឹកនាំចាត់ចែងកិច្ចបុណ្យនោះជាទម្លាប់តាមធម្មតារៀងមក។ តាមការ ស្រាវជ្រាវបានបង្ហាញឲ្យឃើញថា លទ្ធិទាំងពីរបានសាបព្រោះចូលមកកាន់ប្រទេសកម្ពុជា តាំងពី មុនសម័យប្រវត្តិសាស្រ្តមកម្លេះ។ មិនតែប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្រ្តសម័យនគរភ្នំ សម័យមុន អង្គរ ក៏បានហូរចូលមកជាបន្ត​បន្ទាប់ទៀត ដែលរហូតដល់បានចាក់ឬសគល់រឹងមាំនៅក្នុងផ្នត់ គំនិតនៃប្រជាជាតិខ្មែរ។ ប៉ុន្តែ ទោះជាយ៉ាងណា ការទទួលយកវប្បធម៌ឥណ្ឌានៃប្រជាជាតិខ្មែរ ពុំ មែននៅដូចដើមនោះទេ។ ព្រោះថាប្រជា​ជាតិខ្មែរសម័យកាលនោះ ក៏ជាខ្មែរដែលមានអំបូរកស្មីរ នៅជាប់ឧប្បមេរុ ក្បែរភ្នំហិមាល័យ ប៉ែកខាងត្បូង គឺស្រុកកាសមៀរ (Kashmir) តាំងនៅខាងជើង រដ្ឋបញ្ជាប ( Panjab) ក្នុងកាលប្រទេសរបស់​ខ្លួន​មាន​​សង្រ្គាម ក៏នាំគ្នាភៀសខ្លួនមកតាំងលំនៅឋាន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលហៅថាសុវណ្ណភូមិ ឬ​នគរភ្នំជាហូរហែររហូតបានជាជាតិខ្មែរដើម និង ទទួលឥទ្ធិពលវប្បធម៌បន្ថែមទៀតពីឥណ្ឌាបញ្ចូល​ជាមួយអ្វីដែលខ្លួនមាន១៦។ ដូច្នេះអាចសន្និដ្ឋាន បានថា អាចារ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជា ផ្តើមពីសម័យនគរភ្នំ ឬថាមុននឹងបន្តិចក៏ថាបាន គឺយើងមានអាចារ្យរួចទៅហើយ គ្រាន់តែអាចារ្យនោះជាមេកន្រ្ទាញ និងជាពួកព្រាហ្មណ៍​ដែលនៅ​ក្នុង​វាំង។ លុះមកដល់មហានគរ ក្រុមអាចារ្យអាចមានរហូតដល់ទៅពួកមន្រ្តី។ ឯសម័យក្រោយអង្គរ​រហូតមកដល់បច្ចុប្បន្ន អាចារ្យមាននៅក្នុងប្រជារាស្រ្តភាគច្រើន ពិសេសតាមវត្តអារាម១៧។ ចំណែក​​​វប្បធម៌ដែលខែ្មរទទួយបានមានការប្រែបួ្រល ។
            តាមការវិភាគក្នុងអក្សរសាស្រ្តបាលីឃើញថាពាក្យ អាចារិយៈ មានន័យស្រដៀងគ្នាទៅនឹង ពាក្យ ឧបជ្ឈាយៈ ។ សេចក្តីនៃពាក្យថា ឧបជ្ឈាយៈ មានន័យថាអ្នកតាមសង្កេតមើលដើម្បីចង្អុល បង្ហាញ​ទោស និងណែនាំឲ្យជាប្រយោជន៍ដល់សិស្ស ហៅថា «ឧបជ្ឈាយ៍»។ ព្រោះហេតុនេះហើយ ទើបខ្មែរ​យើងហៅព្រះឧបជ្ឈាយ៍ថាអាចារ្យដែរ ។
            តាមពិតទៅសម័យមុនខ្មែរយើងប្រើពាក្យអាចារ្យនេះ  ចំពោះតែព្រះសង្ឃទេ ព្រោះព្រះសង្ឃ​
មានឧបជ្ឈាយ៍ជាអ្នកបំបួសឲ្យនូវនិស្ស័យដល់កុលបុត្រអ្នកបួសនោះ  ដូច្នេះកុលបុត្រចូលទៅរកព្រះ​
ឧបជ្ឈាយ៍ ណាក៏រមែងកាន់យកធម៌វិន័យក្នុងសំណាក់ឧបជ្ឈាយ៍នោះ ។
            ប៉ុន្តែក្នុងសម័យអង្គរ យើងក៏អាចដឹងបានខ្លះៗផងដែរ តាមរយៈអក្សរនៅលើផ្ទាំងថ្មដែល​និយាយអំ​ពីអាចារ្យជាគ្រហស្ថ    ​ដូចជាពាក្យថា «បោញ» ក្នុងសម័យនោះ​   គេប្រើទាំងបព្វជិត ទាំង​
គ្រហស្ថ ទាំងក្នុង​ព្រហ្មញ្ញ និងពុទ្ធសាសនា ។
ការប្រើពាក្យអាចារ្យនៅក្នុងព្រះពុទ្ធសាសនា បើបព្វជិតតែងមានពាក្យ «ព្រះ» នៅខាងមុខ ប៉ុន្តែបើគ្រហស្ថវិញពុំដែលឃើញពាក្យ «ព្រះ» នៅខាងមុខទេ ដូចជាអាចារ្យកន្ទិន អាចារ្យបោញជា​ដើម។ ក្រោយសម័យអង្គរលទ្ធិព្រហ្មញ្ញសាសនាត្រូវបាត់បង់ម្តងបន្តិចៗ រហូតដល់រជ្ជកាល​នៃមហា​ក្សត្រ​​ព្រះ​នាមសូរ្យវរ្ម័នទី១ ព្រះអង្គបានធ្វើការផ្លាស់ប្តូរស្ទើរតែទាំងអស់ នូវលទ្ធិសាសនាព្រាហ្មណ៍​ទៅ​​​​​ជា​​ពុទ្ធសាស​នា​មហាយាន ផ្លាស់ប្តូរពីមហាយានមកជាព្រះពុទ្ធសាសនាថេរវាទ។ ដូចជាវត្ត​អារាម​​ដែលធ្លាប់ជាវត្តព្រហ្មញ្ញសាសនា ក៏ទ្រង់បានផ្លាស់ប្តូរឲ្យមកជាវត្តដែលមានប្រជាពុទ្ធបរិស័ទ​នៃ​ថេរវាទ​គោរពប្រតិបត្តិវិញ១៨ ។
            ឯការតែងតាំងអាចារ្យ ទោះបីគ្មានឯកសារយើងអាចសន្និដ្ឋានបានថា អ្នកមានចំណេះដឹង​ជ្រៅ​ជ្រះ​ក៏គេសន្មត់ទទួលស្គាល់ជាអាចារ្យរហូតទៅ ។
            មកដល់បច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព ក៏បានលើកតម្កើងព្រះពុទ្ធសាសនា ឲ្យទៅជាសាសនារបស់រដ្ឋទៀតផង ខាងរដ្ឋាភិបាលបានយកចិត្តទុកដាក់តែងតាំងអាចារ្យឲ្យស្រប​ច្បាប់ មានអាចារ្យ (ធំ) អាចារ្យរង១ ឬ ២នាក់ថែមទៀត ហើយមានប្រគល់ប្រកាសនីយបត្រ ឬប័ណ្ណ​ទទួល​​ស្គាល់​ជាផ្លូវការ១៩ ។
          ២.២.១ អាចារ្យក្នុងសម័យមហានគរ
            ពីសតវត្សទី ១ ដល់សតវត្សទី ១៤ ប្រទេសខ្មែរយើងធ្លាប់ប្តូរជំនឿខាងលទ្ធិសាសនាជាញឹក​ញយ ម្តងកា​ន់​ព្រះពុទ្ធ​សាសនា​ ម្តងកាន់ព្រហ្មញ្ញសាសនា។ ឯព្រហ្មញ្ញសាសនានោះ​សោត ក៏​ប្តូរ​ពីលទ្ធិសិវៈនិយមទៅ វិស្ណុនិយម។​ ចំណែកព្រះពុទ្ធសាសនា គឺកាន់ពុទ្ធសាសនានាម​មហា​យាន។
         ក- ព្រះសង្ឃបាល២០
            នៅសម័យនគរភ្នំមានអាចារ្យជាន់ខ្ពស់មួយអង្គ បានសិក្សាដល់កម្រិតខ្ពស់ បានចេះចាំវិជ្ជា ជាច្រើនប្រការ ។ ទ្រង់មាន​ព្រះនាម​ល្បី​ទូទាំងអាណាចក្រភ្នំ និងផ្សព្វផ្សាយរហូតដល់ប្រទេសចិន ។ លោកមហាសាស្ត្រាចារ្យនោះ មានព្រះនាមថា សង្ឃបាល បានបកប្រែព្រះត្រៃបិដកពីភាសា​សំស្រ្តឹត​ទៅភាសាចិនបានយ៉ាងល្អវិសេស។ លទ្ធិព្រះពុទ្ធសាសនា​មហាយាន ក្នុងសកលលោកបាន​
ស្គាល់ព្រះនាម ព្រះសង្ឃបាលនេះច្បាស់លាស់ណាស់ ។
            នៅសម័យចេនឡា លោកអាចារ្យមហាបណ្ឌិតម្នាក់ព្រះនាម​​សង្ហវីរៈ និងបុត្រាឈ្មោះសិង្ហទត្ត សុទ្ធសឹង​ជាអ្នកប្រាជ្ញ ឬអាចារ្យដ៏កំពូលក្នុងសម័យនោះ២១ ។
ខ- បុរោហិតរាជគរុ
            នៅសម័យអង្គរជាពិសេស គេកត់សម្គាល់ឃើញថាមានមហាថេរាចារ្យថ្នាក់បណ្ឌិតចំនួន១៨ អង្គ ឯសាស្រ្តាចារ្យមាន២៧៤០អង្គ សុទ្ធសឹងជាអ្នកប្រាជ្ញដ៏កំពូល ជាសសរស្តម្ភសម្រាប់នគរ។ អ្នក​ប្រាជ្ញរាជបណ្ឌិតា​ចារ្យទាំងនោះមាននាមថា បុរោហិត ខ្លះថា រាជគរុ (រាជគ្រូ) ជាអាចារ្យដឹកនំា​ធ្វើ​ពិធីធំ២២ៗ សម្រាប់គោរពបូជាក្នុងពិធី​បុណ្យព្រះពុទ្ធសាសនាខ្លះ   ព្រហ្មញ្ញសាសនាខ្លះ   មានជា​អាទិ៍
ព្រាហ្មសិវតៃវល្យ ហិរណ្យទាម ជារាជគ្រូរបស់ព្រះបាទ​ជ័យវរ្ម័នទី២២៣ ។
          ២.២.២ អាចារ្យក្នុងសម័យក្រោយអង្គរ
        ក- អាចារ្យបិដក
            នៅសម័យក្រោយអង្គរចាប់ពីសតវត្សទី ១៦ ដរាបមក ប្រទេសកម្ពុជាមានជំនឿស៊ុបតែមក​លើព្រះពុទ្ធ​សាសនាថេរវាទ។ នៅសម័យនោះ​ យើងផ្តោតការសិក្សាទៅគម្ពីរព្រះត្រៃបិដក។ អ្នក​ដែល​​មាន​ចំណេះជ្រៅជ្រះខាងភាសាបាលី ត្រូវធ្វើជាអាចារ្យបង្រៀនសិស្សជាភិក្ខុសាមណេរឲ្យចេះ ប្រែភាសាបាលីមកជា​ភាសាខ្មែរ ហៅថា អាចារ្យបិដក។
ខ- អាចារ្យបិដកជាមហាក្សត្រ
              អង្គក្សត្រាដែលល្បីល្បាញចេះជ្រៅជ្រះជាងគេ ខាងភាសាបាលីមានជាអាទិ៍ ព្រះបាទរាជ​សម្ភារ(ពញាតូ) រវាងដើមសតវត្សទី១៧ (១៦២៩-១៦៣៤ ) បានពេញព្រះទ័យក្នុងការនិពន្ធ​កំណាព្យ កាព្យឃ្លោង ។
            អ្នកចេះដឹងខ្ពង់ខ្ពស់ខាងភាសាបាលី ក៏រាប់ថាជាអាចារ្យដែរ ព្រោះមុនមានឈ្មោះល្បី​ជា​អាចារ្យ​នោះ ត្រូវឆ្លង​កាត់ការប្រឡងដេញប្រយោគមានតាំងពី៤ ប្រយោគឡើងទៅដល់៨ ប្រយោគ​ដែលគេតែងកោតសរសើរ និង​ប្រសិទ្ធនាមថា អាចារ្យ ៨ ប្រយោគ ។
            នៅសម័យឧត្តុង្គ ព្រះបាទអង្គដួងហរិរក្សរាមា ទ្រង់ក៏ជាអាចារ្យផងដែរ ព្រោះព្រះអង្គមាន ចំណេះវិជ្ជា​ខាងភាសាបាលីជ្រៅជ្រះណាស់ រហូតដល់បង្រៀនសិស្សជាក្សត្រា ក្សត្រី នាម៉ឺនសព្វ មុខមន្រ្តីឲ្យចេះភាសាបាលី ចេះ​និពន្ធជាកំណាព្យកាព្យឃ្លោងទៀតផង ។
គ​- អាចារ្យក្នុងសមរភូមិយោធា និងនយោបាយ
            នៅកម្ពុជាយើងគេនិយមឲ្យតម្លៃខ្ពស់ទៅលើបុគ្គល អ្នកដែលមានចំណេះវិជ្ជាជ្រៅជ្រះខាង​ភាសា​​បាលី។ គេចាត់​ទុកជាអ្នកប្រាជ្ញ ជាបណ្ឌិត ហើយជាអ្នកមានឥទ្ធិពលទៅលើមហាជន​ អាច​ទាក់​ទាញឲ្យគេមកចុះចូលជាស្ម័គ្របក្ស​ពួកផង ។
            ក្នុងសម័យតស៊ូឧត្តុង្គនឹងអាណានិគមបារំាង ប្រវត្តិសាស្រ្តបានចារឹកឈ្មោះអាចារ្យ​ជាច្រើន​មានជាអាទិ៍ អាចារ្យលក្ខណ៍ ដឹកនាំពលសេនាអ្នកស្នេហាជាតិ ច្បាំងតស៊ូកម្ចាត់ទ័ពបារាំងនៅ​កំពុង​ធំ។ ចំណែកអាចារ្យ!​ សា្វពោកំបោរ  បង្កើតចលនាបះបោរទល់នឹងទ័ពបារាំង   នៅប្រាសាទព្រះបាទ​
ជាន់ដុំ ស្រុកគិរីវង្ស (តាកែវ)២៤ ។
នៅពេលដែលរដ្ឋការអាណានិគមបារំាង បម្រុងនឹងលុបបំបាត់អក្សរសាស្រ្តរបស់ខ្មែរចោល ហើយយកអក្សរ​ឡាតាំងមកជំនួសនោះ ព្រះគ្រូអាចារ្យ ហែមចៀវ បានដឹកនាំព្រះសង្ឃទូទាំងរាជ​ធានី​​ភ្នំពេញ ឲ្យប្រឆាំងនឹងបំណង​របស់បារាំង តវ៉ាឲ្យរក្សាអក្សរខ្មែរទុកនៅដដែល ចលនាបះបោ​នោះ​មាន​ឈ្មោះ ដ៏ល្បីល្បាញក្នុង​ប្រវត្តិសាស្ត្រថា «សង្រ្គាមឆ័ត្រ»។ ដោយសារតែសកម្មភាព​ស្នេហា​ជាតិប្រឆាំងនឹងបារាំង  ទើបពួករដ្ឋការអាណានិគមចាប់ព្រះអង្គ  ហើយនិរទេសយកទៅដាក់គុកនៅ​​
កោះត្រឡាច រហូតដល់សុគតនៅទីនោះ រវាង គ.ស ១៩៤៣២៥ ។
រីឯអាចារ្យ អ៊ូចុង ជាបុត្រកវីក្រមង៉ុយ ឬភិរម្យភាសាអ៊ូ គឺជាអ្នកនយោបាយគាំទ្រខាងគណៈ​បក្សប្រជាធិប​តេ​យ្យ ប្រណំាងប្រជែងជាមួយគណៈបក្សសង្គមរាស្រ្តនិយម។ ដោយអាចារ្យចុងពូកែ​ខាងសំនួនវោហារ អាច​ឃោសនាជាពាក្យរាយផង ជាកំណាព្យផង ទាក់ទាញសំឡេងគ្រាំទ្រនោះ មានពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនធំបាន​ជឿ និងចូលជាសមាជិកគណៈបក្សប្រជាធិបតេយ្យជាហេតុ បណ្តាលឲ្យអាចារ្យចុងរងគ្រោះត្រូវចាប់ដាក់គុកដូច​ករណីសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ដែរ។ ដូច្នេះ យើងអាចឆ្លុះបញ្ចាំងរំលេចឲ្យឃើញថា នៅក្នុងសង្គមខ្មែរអាចារ្យដែលជាអ្នកចេះដឹង មាន​សមត្ថ ភាពខ្ពស់ខាងសម្តែងមតិមានសំនួនវោហារ មានថ្វីមាត់ខាងការនិយាយស្តីធ្វើឲ្យ​គេ​ចូលចិត្ត​នោះ​ច្រើនតែ ត្រូវបានទទួលជោគវាសនាពីរផ្ទុយគ្នាគឺ ៖
- បានទទួលការលើកតម្កើង និងឲ្យតម្លៃខ្ពស់
- បានទទួលរងគ្រោះមានទោសជាប់គុក ឬប្រហារជីវិតជាដើម២៦ ។
ឃ- អាចារ្យបិដកក្នុងសម័យ សាលាបាលីជាន់ខ្ពស់
ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ការអភិវឌ្ឍន៍ផ្នែកពុទ្ធិកសិក្សាបាននាំទៅ ដល់ការបង្កើត​ពុទ្ធិកមធ្យមសិក្សាក៏ល្បីល្បាញ ដែលមានឈ្មោះក្នុងប្រវត្តិសាស្រ្តថា សាលាបាលី ជាន់ខ្ពស់។ សមណនិស្សិត​រាប់រយអង្គ ត្រូវបានបណ្តុះបណ្តាលឲ្យក្លាយទៅជាអាចារ្យ ដើម្បី បង្រៀន​បន្តនៅតាមសាលាបាលីជាន់ខ្ពស់នៅ​ភ្នំពេញ​​ផង​ នៅបណ្តាខេត្តធំៗ ដូចជា បាត់ដំបង កំពង់​​​ចាម កំពត និងបង្រៀននៅ សាលាបាលីរង តាមបណ្តា​ខេត្តទូទាំងប្រទេស ។
            អាចារ្យដែលមានឈ្មោះល្បីក្នុងជំនាន់នោះ មានជាអាទិ៍ សម្តេច ជួន ណាត, ហួតតាត,​​    រតន៍ ថោង, ល្វី ឯម, អ៊ុម ស៊ូ, ម៉ឹង សែស, សូ ហាយ, ហែម ចៀវ, ខៀវ ជុំ, ប៉ាង ខាត់, កិម តូ, ប៉ុណ្យ សម្ភាជ២៧។ល។
          ២.២.៣ អាចារ្យជាឃរាវាសនៅភូមិសិក្សានានា
            ទន្ទឹមនឹងការវិវឌ្ឈរីកចំរើន ខាងវិស័យពុទ្ធិកសិក្សា (ផ្នែកពុទ្ធចក្រ) នោះវិស័យសិក្សាខាងផ្នែក អាណាចក្រ​នៅគ្រប់ភូមិ ការសិក្សាក៏បានរីកលូតលាស់យ៉ាងខ្លាំងផងដែរ។ ចាប់ពីថ្នាក់មធ្យមសិក្សា បឋមភូមិ រហូតដល់សកលវិទ្យាល័យ គ្រូបង្រៀនមួយប្រភេទដែលត្រូវរ៉ាប់រងបង្រៀនមុខវិជ្ជាផ្សេងៗ នៅភូមិសិក្សាទាំងនេះ គេឲ្យឈ្មោះ​ថា សាស្រ្តាចារ្យ គឺសាស្រ្ត+អាចារ្យ=សាស្រ្តាចារ្យ។ សាស្រ្តា​ចារ្យទាំងនេះត្រូវបានបែងចែក ទៅតាមកម្រិតលំដាប់​ចំណេះវិជ្ជា និងសមត្ថភាពដូចខាងក្រោម៖
              ក-សាស្រ្តាចារ្យ មធ្យមសិក្សា បឋមសិក្សា (កម្រិតមធ្យមសិក្សាទុតិយភូមិ)
              ខ-សាស្រ្តាចារ្យ មធ្យមសិក្សាទុតិយភូមិ (កម្រិតបរិញ្ញាបត្រ - អនុបណ្ឌិត)
              គ-សាស្រ្តាចារ្យ ភូមិសិក្សាជាន់ខ្ពស់ (កម្រិតបណ្ឌិត និងបណ្ឌិតរដ្ឋ)
ហើយត្រូវបានបែងចែកទៅតាមជំនាញឯកទេស ដោយឡែកៗមានដូចជា៖ អក្សរសាស្រ្ត, ភាសាវិទ្យា, និរុត្តិវិជ្ជា, ទស្សនវិជ្ជា,ចិត្តវិទ្យា។ល។ និងមុខវិជ្ជាផ្សេង​ៗដទៃទៀត ដូចជា៖ សាស្រ្តាចារ្យ ខាងភូមិវិទ្យា, ប្រវត្តិវិទ្យា, គណិតវិទ្យា, គីមីវិទ្យា, រូបវិទ្យា២៨។ល។

២.៣.ការវិវត្តរបស់អាចារ្យ
            នៅប្រទេសកម្ពុជា  គិតតាមលំដាប់សម័យកាល    ឈ្មោះអាចារ្យបានវិវឌ្ឍប្រែប្រួលទៅ​តាម​​​​
លទ្ធិសាសនា​ដែលសម័យនីមួយៗគោរពជឿ និងធ្វើពិធីសក្ការៈបូជា។ តាមលទ្ធិព្រហ្មញ្ញសាសនា អាចារ្យមានឈ្មោះថា ព្រាហ្មណាចារ្យ ឬបូជាចារ្យ។ លុះមកដល់សម័យដែលសង្គមខ្មែរបែរមកកាន់ ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន នៅសម័យក្រោយអង្គរនោះ អ្នកដឹកនាំធ្វើពិធីកម្មក្នុងបុណ្យពុទ្ធ​សាសនា ក៏បានទទួលឈ្មោះថា «​អាចារ្យ»​ រហូតមក​ទល់​​សព្វ​ថ្ងៃ ។
         ក- ការវិវត្តផ្នែកគោរពបូជា
            កាលពីសម័យដើមការគោរពបូជា ក្នុងព្រហ្មញ្ញសាសនា ជាពិសេសនៅប្រទេសឥណ្ឌា និង​នៅកម្ពុជា នៅសម័យ​មហានគរភ្នំ និងចេនឡា គេធ្វើពិធីបូជាយញ្ញសម្លាប់សត្វពពែ ចៀម គោ ក្របី ។ល។ ដើម្បីសុំសេចក្តីសុខ​សប្បាយ សិរីសួស្តី សុភមង្គលពីព្រះអាទិទេព។ នៅសម័យមុន និង​សម័យអង្គរ បូជាចារ្យ ដឹកនាំពិធីគោរពបូជាចំពោះទេវៈទាំង ៣ គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ដោយការចាក់ទឹកមន្តទៅលើ​សិវលិង្គ ដែលដាក់នៅលើយោនីនាងឧមាភគវតី ឲ្យទឹកអង្គបំពង់​ខ្ចី​​ហូរ​តាមប្រណាលី ហើយត្រូវបានបូជាចារ្យយក​ផ្តិលត្រងទុក លុបលាងមុខចម្រើនសិរីសួស្តី។ ក្រៅពី​នេះ បូជាចារ្យនៅបានបញ្ជាឲ្យក្រុមភ្លេង និងក្រុមរបាំប្រគំ រាំថ្វាយទេវៈទាំងបីអង្គនៅតាមប្រាសាទ​ធំៗទាំងឡាយ ដែលមានប្រជារាស្រ្ត ឬព្រាហ្មណ៍បរិស័ទ រស់នៅជួបជុំជាសមាគមន៍ដើម្បីថែរក្សា​ប្រាសាទ និងធ្វើពិធីគោរពបូជារៀងរាល់ថ្ងៃសន្តិទិវា ។
            លុះដល់កម្ពុជាយើងបែរមកគោរពព្រះពុទ្ធសាសនានិកាយថេរវាទ របៀបគោរពបូជា​ចំពោះ​ព្រះពុទ្ធ​សាសនា​ មានទម្រង់មួយថ្មីប្លែកពីការគោរពបូជាបែបព្រហ្មនិយម ។
         ខ- ការតែងតាំងអាចារ្យ
                   ១-រាជគរុនាសម័យអង្គរដែលខ្មែរយើងគោរព ជឿកាន់ព្រហ្មញ្ញសាសនានោះ អាចារ្យជាន់ ខ្ពស់ ដែលបម្រើការនៅ​ក្នុងព្រះបរមរាជវាំងហើយដែលជា រាជគរុ ឬបុរោហិត ហើយដោយលោក ជាគ្រូរបស់ព្រះរាជានោះលោកត្រូវបាន​ម្ចាស់ផែនដី តែងតាំងជាផ្លូវការ និងយ៉ាងឱឡារិកនៅចំពោះ រាជបរិពារដើម្បីលើកកិត្តិយសតម្កើងកិត្តិនាម គ្រូរបស់​មហាក្សត្រ ឲ្យមានឋានៈ​ខ្ពស់ត្រដែត​លើស​អស់​​មហាជនទាំងពួង។ ចំណែកខាងបូជាចារ្យ ដែលតម្រូវឲ្យនៅប្រចំាការ​តាមប្រាសាទធំៗ ដូចជា​ប្រាសាទតាព្រហ្ម នៅទន្លេបាទី ប្រាសាទភ្នំជីសូរ ប្រាសាទនគរបាជ័យ នៅកំពង់ចាម ប្រាសាទ​ព្រះវិហារ ប្រាសាទវត្តភូ  នៅប្រទេសលាវនោះ សុទ្ធតែឧទ្ទិសចំពោះព្រះសិវៈ ឬព្រះវិស្ណុ ឬក៏ចំពោះ​ទេវៈ​ទាំង៣ ក្នុងព្រហ្មញ្ញសាសនា ដែលជាស្ថាប័នមួយខ្ពង់ខ្ពស់ ហៅថា រចនាសម្ព័ន្ធ ។
         ២-អាចារ្យប្រជាប្រិយ  នៅសម័យអង្គរនោះផងដែរ ក្រៅពីអាចារ្យថ្នាក់ខ្ពស់ ឋានៈជារាជគរុ ក៏គង់មាន​អាចារ្យមានឋានៈក្រោម បន្ទាប់មកទៀត ដែលរស់នៅក្នុងទីក្រុងរាជធានី ហើយមាន​តួ​នាទី ដឹកនាំពិធីផ្សេងទៅតាមជំនឿរបស់អ្នកក្រុង រាប់តាំងពីមន្រ្តីធំ តូច និងមហាជនសាមញ្ញជនផង​ដែរ។ សូមជូនឧទាហរណ៍មួយសម្រាប់​បញ្ជាក់  ពេលដែលមហាជន ឬ មន្ត្រីខ្មែរធ្វើពិធីបើកមុខ​កូនស្រី២៩ អាយុពី៩ ទៅ ១១ ឆ្នាំ គេនិមន្តប្រធានសង្ឃ​ឬ​តាបសដែលចាត់ទុកជាអាចារ្យ សម្រាប់​ដឹក​នាំធ្វើពិធីបើកមុខកូនស្រីនេះ សមស្របទៅតាមប្រពៃណីទំនៀមទម្លាប់​ខ្មែរនាសម័យនោះ។ ប្រធាន
សង្ឃ ឬតាបស (អាចារ្យ) នេះត្រូវបានទទួលស្គាល់ និងពឹងពាក់ដោយមន្រ្តីនឹងមហា​ជននៅទីក្រុង។
            តាមការសន្និដ្ឋាន នៅតាមតំបន់ជនបទ ស្រុកស្រែចម្ការក៏ពិតជាមានអាចារ្យជាអ្នកចេះដឹង អំពីប្រពៃណី​ទំនៀមទម្លាប់ស្រុក ហើយតែងតែជួយដឹកនាំធ្វើពិធីផ្សេងៗ ស្របតាមជំនឿរបស់អ្នក ស្រុកដែរ បើតាមឯកសារ​ប្រវតិ្តសាស្រ្តនៅសម័យអង្គរ តាមការសង្កេតរបស់ ជីវតាក្វាន់ ព្រហ្មញ្ញ សាសនានិកាយផ្សេងៗក្តី ពុទ្ធសាសនាក្តី មានតែមហាក្សត្រ ឬមន្រ្តីធំៗ នៅទីក្រុងប៉ុណ្ណោះជាអ្នក គោរពប្រតិបត្តិ ចំណែកនៅតាមជនបទវិញ មហាជនឋិត​ក្នុងសង្គមជាន់ទាប ជឿនិងគោរពតែអ្នក តាតាមបែប លទ្ធិព្រលឹងនិយម។ ដូច្នេះ អាចារ្យនៅតាមជនបទស្រែចម្ការគឺ ដឹកនាំធ្វើតាមពិធីសែន ព្រេនអង្វរអ្នកតា (ដុំថ្ម) សុំសុខសប្បាយ សុំឲ្យបានសះជាពីជំងឺតម្កាត់ផ្សេងៗ ក៏ដូចជា​ជួយព្យាបាល
ដោយ ឱសថបុរាណ និងស្តោះព្រួសតាមជំនឿដូចពោលខាងលើ ។
            តាមការសនិ្នដ្ឋាន ការវិវត្តខាងរបៀបគោរពបូជានេះ ប្រែប្រួលពីបែបផែននៃការគោរពបូជា ព្រហ្មញ្ញសាសនា​បែបសិវនិយម វិស្ណុនិយម ព្រហ្មនិយម នៃលទ្ធិមហាយាន និងបែបព្រលឹងនិយម គោរពព្រលឹង ដូនតា និង​អារក្ស អ្នក​តា មកជាការគោរពបូជាបែបពុទ្ធសាសនាមហាយានវិញ ។
         គ-ការគោរពបូជាតាមបែបពុទ្ធសាសនាថេរវាទ ឬ ហីនយាន
            នៅសម័យក្រោយអង្គរចាប់ពីសតវត្សទី១៥ រៀងមក អាចារ្យក្នុងសង្គមជំនាន់នោះ ធ្វើការ គោរព​បូជា​ព្រះពុទ្ធសាសនាដោយពុទ្ធរូប (រូបបដិមា) ជាគោល។ ព្រមជាមួយនេះគ្រឿងសក្ការៈបូជា​ក៏​បែរមកប្រើទៀនធូប ផ្កាភ្ញី ស្លាធម៌។ កិច្ចនមស្ការចំពោះព្រះរតនត្រ័យ គឺប្រព្រឹត្តទៅដោយសូត្រ​ធម៌ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ និង​ធម៌បន្ទាប់បន្សំផ្សេងទៀត ។
        ឃ- ការតែងតាំងអាចារ្យក្នុងសម័យក្រោយអង្គរ
            ទោះបីគ្មានឯកសារបញ្ជាក់ប្រាប់ ក៏យើងសន្និដ្ឋានបានថា ការតែងតាំងមានពីរយ៉ាងគឺ៖
            ១-នៅក្នុងសហគមន៍ស្រុកភូមិ កាលណាគេកត់សម្គាល់ឃើញមនុស្សណាមួយ ដែលមាន ចំណេះប្រាជ្ញា មានសីលធម៌ល្អ មានសមត្ថភាពខាងដឹកនាំពិធីផ្សេងៗ ក្នុងសង្គមនោះមហាជន​នាំ​គ្នាទទួលស្គាល់ ហើយលើកតម្កើង ពឹងពាក់ឲ្យមកជួយចាត់ចែងក្នុងពិធីផ្សេងៗ ទីបំផុតគេក៏នាំគ្នា​សន្មតទទួលស្គាល់ថាជាអាចារ្យរហូតទៅ ។
            ២-បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាយើង ពិសេសនៅតាមជនបទស្រែចម្ការ ការតែងតាំង​អាចារ្យតាមរយៈ​ការចេញវិញ្ញាបនប័ត្រទទួលស្គាល់ពីប្រធានមន្ទីរធម្មការខេត្ត សហការជាមួយព្រះ​គ្រូ​​មេគណ ឬអនុគណ តែងតាំងអាចារ្យប្រធាន (អាចារ្យធំ) និងអាចារ្យរង ១ ឬ ២ នាក់ផងដែរ​សន្មតទុកជាអាចារ្យផ្លូវការ។ នៅសម័យអាណានិគមបារំាង ប្រមាណក្នុងដើម​សតវត្សទី២០ រាជការ អាណានិគមបារាំងបានចេញលិខិត តែងតាំងអាចារ្យវត្តដែលមានកេរ្តិ៍ឈ្មោះល្បី ដែលមាន​គុណធម៌ សមត្ថភាព និងមានប្រជាប្រិយ៣០។
២.៤. ប្រភេទ និងតួនាទីរបស់អាចារ្យ
            ២.៤.១.ប្រភេទអាចារ្យ
            ក-អាចារ្យនៅ​ក្នុងគម្ពីរពុទ្ធសាសនាមាន ៥ ប្រភេទគឺ៣១ ៖
            ១-បព្វជ្ជាចារ្យ   អាចារ្យបំបួស   គឺភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ ។    លោកគ្រូ​
អាចារ្យគឺជាអ្នកបំបួស៣២មានតួនាទីជាអ្នកបំបួសកុលបុត្រ​ ឲ្យទៅជា​សាមណេរមាន​ភារ​កិច្ច​​​​ដែល​ត្រូវ​ដឹង៧ យ៉ាងគឺ៖
           -កិច្ចសុំដល់សរណៈ
           -កិច្ចសុំបព្វជ្ជា ឬសុំបួស
           -កិច្ចប្រគេនត្រ័យចីវរទៅព្រះឧបជ្ឈាយ៍ សុំឲ្យលោកបំបួស
           -កិច្ចឲ្យតចបញ្ចកកម្មដ្ឋាន
           -កិច្ចសុំសរណគមន៍ និងសុំសីល
           -កិច្ចឲ្យត្រ័យសរណគមន៍ និងឲ្យសីល                                  
           -កិច្ចសុំនិស្ស័យ មានបាលីថា អហំ ភន្តេ និស្សយំ យាចាមិ (ទុតិយម្បិ...តតិយម្បិ..​...)
 អជ្ជតគ្គេ ទានិ ថេរោ មយ្ហំ ភារោ អហំបិ ថេរស្ស ភារោ ... ។ល។
         ២-ឧបសម្បទាចារ្យ  ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា​ ​ឲ្យសាមណេរបានឧបសម្បទាជាភិក្ខុ​។​លោកគ្រួអាចារ្យគឺជាអ្នកបំបួស ​មានតួនាទីជាអ្នកសូត្របំពេញ ឧប​ស​ម្បទា​​ ឲ្យសាមណេរ​ឡើង​ជាភិក្ខុភាវៈ ព្រះអនុ​ស្ស​វនៈ និងព្រះកម្មវាចា ហើយមានភារកិច្ច​ដែល​ត្រូវដឹង ៧ យ៉ាងគឺ ៖
           - រតនត្តបព្វ : ពោលដោយគុណព្រះរតនត្រ័យ ។
           - អាបត្តិនាមាទិបព្វ : ពោលដោយឈ្មោះនៃអាបត្តិជាដើម ។
              - បដិបត្តិមុខបព្វ : ពោលដោយសិក្ខាបទជាប្រធាននៃផ្លូវអាបតិ្ត ។
-អភិសមាចារបព្វ : ពោលដោយក្បួនទំនៀមទម្លាប់ដែលភិក្ខុគួរប្រព្រឹត្តមានមក ក្រៅ ចាកព្រះបាតិមោក្ខ ។
           -កាលិកបព្វ : ពោលដោយកាលិក គឺវត្ថុដែលគប្បីលេបចូលទៅតាមកំណត់​កាល ។
           - ពិន្ទុនាធិដ្ធានាទិបព្វ : ពោលដោយវិធីមានពិន្ទុ អធិដ្ឋានជាដើម ។
           - ឧបោសថាទិបព្វ : ពោលដោយកម្មមាន ឧបោសថកម្មជាដើម ។
            ៣-ឧទេ្ទសាចារ្យ      អាចារ្យអ្នកបង្រៀនបាលី ។ មានតួនាទីជាគ្រូបង្រៀនភាសាបាលីមាន ភារ​​កិច្ចដែលត្រូវបង្រៀនផ្សេងៗដូចខាងក្រោម៖
           -បង្រៀនបាលីវេយ្យាករណ៍ ។
           -បង្រៀនវិធីសម្ពន្ធនានា ។
           -បង្រៀនប្រែលោតប្រយោគ ធម្មបទដ្ឋកថា មង្គលត្ថទីបនី និងវិសុទ្ធិមគ្គ អដ្ឋកថាផ្សេងៗ។
៤-និស្សយាចារ្យ  អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យ និង​ខ្លួន។​ ភិក្ខុសាមណេរមកអង្គុយច្រហោងក្នុងទីចំពោះមុខ ហើយពោល​សុំ​និស្ស័យ​ថា អាចរិយោ មេ ភនេ្ត ​ហោហិ អាយស្មតោ និស្សាយវច្ឆាមិ បពិត្រព្រះករុណា​ដ៏ចម្រើន សូម​ព្រះករុណា​ជា​អាចារ្យនៃខ្ញុំ ខ្ញុំសូមនៅអាស្រ័យនឹងព្រះករុណាដ៏មានអាយុ ពោល​​ដូច​នេះ​បីដង ក្នុង​​សំណាក់​លោកអង្គណា លោកអង្គនោះព្រមទទួលជាអាចារ្យហើយ សមែ្តងឱ្យ​ដឹងដោយអាការៈនៃកាយ ឬវាចា លោក​អង្គនោះ ឈ្មោះថា និស្សយាចរិយ គឺអាចារ្យ ឬគ្រូជា​អ្នក​ឱ្យនិស្ស័យ  គ្រូទទួលបន្ទុក។
            ៥-ធម្មាចារ្យ   អាចារ្យអ្នកបង្រៀនធម៌អាថ៌សិក្ខាវិន័យ  ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្ត
ផ្សេងៗហៅថា វិជ្ជាចារ្យ ឬវិទ្យាចារ្យ សិប្បាចារ្យ សិល្បាចារ្យ‌ជាដើម តាមរូបសព្ទចំណេះដែល​ត្រូវ​​​ទទួយបាន ។            ធម្មាចារ្យ មានតួនាទីជាគ្រូបង្រៀនធម៌-វិន័យថ្នាក់ត្រី ទោ ឯក។
ខ-អាចារ្យនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរមានដូចជា ៖
១-អាចារ្យកម្មដ្ឋាន    គ្រូបង្រៀនកម្មដ្ឋានរាប់ចូល ក្នុងធម្មាចារ្យ។​   អាចារ្យកម្មដ្ឋាន៣៣  ភិក្ខុ​​​សាមណេរ  ឬឧបាសក  ឧបាសិកា   អ្នកដល់ហើយនូវគុណព្រះរតនត្រៃជាទីពឹងទីរលឹក    ធ្លាប់បាន​
សមាទាន​សីលរួចហើយ មានចិត្តប្រាថ្នារៀនកម្មដ្ឋាន គប្បីប្រតិបតិ្តតាមលំដាប់ដូចតទៅ ៖
              ១- ជម្រះនូវសីលឲ្យបានបរិសុទ្ធ
              ២- លះបង់បដិពោធ គឺសេចក្តីកង្វល់ ១០ យ៉ាង
              ៣- សេពគប់និងកល្យាណមិត្ត ព្រះធម្មាចារ្យ
              ៤- ការគោរពប្រតិបត្តិ ចំពោះធម្មាចារ្យសុំរៀនកម្មដ្ឋាន ។
              ២-អាចារ្យកាន់ពេលា  អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អ ឲ្យគូស្វាមី ភិរិយា ក្នុងមង្គលអាពាហ៍ពិពាហ៍ ។ អាចារ្យកាន់ពេលា៣៤មានតួនាទីជាអ្នកដឹកនាំគេក្នុង​ ពិធី​រៀប​អាពាហ៍ពិពាហ៍មានភារកិច្ចដែលត្រូវធ្វើបន្តបន្ទាប់ដូចជា៖
                   ក-​ ទស្សនកិច្ច កិច្ចដែលត្រូវមើលផ្សេងៗ
                                  -មើលថ្ងៃ-ខែ-ឆ្នាំកូនប្រុសស្រី
-   មើលសម្ពង្សឆ្នាំ
-   មើលសម្ពង្សធាតុ
-   មើលសម្ពង្សអាយុ
-   មើលសម្ពង្សនាគ
-   មើលលេខស្តាប់គ្នា ឬមិនស្តាប់គ្នា
-   មើលអាយុការបាន​ ឬមិនបាន
-   មើលសម្បត្តិ
-   មើលពេលារៀបមង្គលការ
-   មើលថ្ងៃរួមខ្នើយ... ។ល។
ខ-ត្រូវចេះរបៀបចែចូវដោយអ្នកផ្លូវស្រី :
-   ជើងទី ១        - ជើងទី ២        - ជើងទី ៣ ។
គ-ត្រូវចេះរបៀបស្តីដណ្តឹង :
-   មហាធ្វើគារវកិច្ចសួរសុខទុក្ខចំពោះលោកមេបា ។
-   មហាសុំស្គាល់ សុំស្រលាញ់លោកមេបា ។
-   មហាសុំស្គាល់ សុំស្រលាញ់សាមីស្រីបង្កើត ។
-   មហាសុំស្គាល់ សុំស្រលាញ់កូនស្រី ។
-   មហាសុំសួរថ្ងៃ-ខែ-ឆ្នាំកូនស្រី ។
-   មហាសុំស្តីដណ្តឹងកូនស្រី ។
-   មហាសរសេរកំណត់ពេលា
ឃ-ត្រូវចេះរបៀបរៀបអាពាហ៍ពិពាហ៍
-ថ្ងៃទី១ មហាសុំដី សុំទឹក ជីកគុក ជីកជើងក្រាន សង់រោងការ សង់រោងផ្កាស្លា សង់រានទេព្តា សុំផ្សំខ្សែទ្រ ខ្សែចាប៉ី វាយឃ្មោះ គោះស្គរ សុំដង្ហែកូនប្រុសចូលរោង សុំសែនក្រុងពាលី...។ល។
-ថ្ងៃទី២ មហាសុំបើកសម្រះ ទាត់របង កន្លងរង្វះ សុំផ្លូវដើរជណ្តើរឡើង សុំកន្ថយជណ្តើរ ចាស់ ផ្លាស់ដាក់ជណ្តើរថ្មី សុំដោះជញ្ជាំងរាំងភ្នាក់ដៃ សុំទ្វារចូលដំបូលជ្រក សុំរនាបអង្គុយ សុំក្រាល កន្ទេល ជូនលោកមេបាសុំអញ្ជើញលោកមេបា និងញាតិមិត្រពិសាស្លាកំណត់ សុំអញ្ជើញ​លោកមេបាមេត្តា ចាត់តំណាងឲ្យចុះទៅពិនិត្យភស្តុភារនៅរោងផ្កាស្លា សុំអនុញ្ញាតលោក​មេបា​ដើម្បី​បានហែ កំណត់ និងសុំនិយាយទម្រង់ជើងការជាបន្តបន្ទាប់​។ ...
-ថ្ងៃទី៣ មហាសុំគាល់លោកមេបា  ដើម្បីរៀបចំសំពះផ្ទឹម   អាចារ្យនាំសែនព្រេន  និងឲ្យ​ពរជ័យ ចងដៃបង្វិលពពិលផ្ទឹមបង្ហើយ ។
           ៣-អាចារ្យកោរជុក អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់ឲ្យគេក្នុងមង្គលកោរជុក។
           ៤-អាចារ្យបញ្ចុះធាតុ          អ្នកចេះក្បួន ឬវិធីបញ្ចុះធាតុ ។
           ៥-អាចារ្យយោគី អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង​៤ ក្នុងពិធីធ្វើឈាបនកិច្ច ឬអាចារ្យនាំមុខ សព។  អាចារ្យ​យោគី មានតួនាទីជាអ្នកដឹកនាំគេក្នុងពិធីបុណ្យឈាបនកិច្ចមានភារកិច្ច​ ដែលត្រូវធ្វើ​បន្តបន្ទាប់ដូចជា៖
                   ១-កិច្ចសូត្រធម៌កាវតាមានរយៈពេល ១-២-៣ ឬយូរថ្ងៃទៅតាមលទ្ធភាព
                   -កិច្ចនិមន្តព្រះសង្ឃ ។
                   -កិច្ចរៀបចំទីសេនាសនៈ ធ្វើគ្រឿងសក្ការៈ រៀបចំភេសជ្ជៈ ។
                   -កិច្ចទទួលព្រះសង្ឃ ។
                   -កិច្ចនមស្សការព្រះរតនត្រ័យសមាទានសីល និងអារាធនាព្រះសង្ឃចំរើនព្រះបរិត្ត និង​សូត្រ​ធម៌តាមក្រាំងកាវតា ។
                   -កិច្ចដែលឧបាសក និងឧបាសិការសូត្រធម៌បន្តពីព្រះសង្ឃ មានស្មូតនានាធម្មសងេ្វគ​ជា​ដើម លុះគ្រប់បីថ្ងៃគេត្រូវធើ្វសង្ឃទានម្តង ។
                   ២-បើអ្នកជម្ងឺទទួលមរណៈភាព អាចារ្យត្រូវមានភារកិច្ចធើ្វបន្តទៀត
                   -ត្រូវចាត់ចែងឲ្យបងប្អូនកូនចៅសពរៀបចំធើ្វរោងបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី
                   -ត្រូវរៀបចំទីសេនាសនៈ គ្រឿងសក្ការៈផេ្សងៗ ។
                   -ត្រូវចាត់ឲ្យគេទៅនិមន្តព្រះសង្ឃទៅតាមលទ្ធភាព ។
                   -ត្រូវបែងចែកភារកិច្ចឲ្យអ្នកមានកំលាំងធើ្វកិច្ចការផេ្សងៗ មានរៀបចំក្តារមឈូស រៀប​ចំ​​​​ឈាបន​ដ្ឋាន ។ល។
                   -ត្រូវដឹកនាំឲ្យកូនចៅធើ្វពិធីសុំខមាទោសចំពោះមុខសព និងចំអាសទឹក រុំសពដោយ កំណាត់ស និងលើកដាក់ក្នុងមឈូស ហើយតម្កល់ទុកក្នុងទីសក្ការៈ លំអដោយផ្កាកម្រងរូបថត...។
                   -ត្រូវដឹកនាំគេធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើន​ព្រះ​បរិត្ត បង្សុកូល និងទេសនា....។
                   - ត្រូវដឹកនាំដង្ហែសពទៅកាន់ឈាបនដ្ឋាន ធ្វើពិធីបូជា ។
                   -ត្រូវដឹកនាំគេធ្វើកិច្ចរើសអដ្ឋិធាតុ និមន្តព្រះសង្ឃបង្សុកូល និងវេរមតកភត្តជា​កិច្ចឆ្លង​បុណ្យ។
          ៦-អាចារ្យវត្ត  ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត  ក្នុងសម័យ បច្ចុប្បន្ន​នេះ   លុះតែមន្ត្រីរាជការ  និងអារាមិកជនក្នុងនាទីយល់ព្រម​ផង  ទើបធ្វើជាអាចារ្យបាន ។​អាចារ្យវត្ត៣៥ជាមនុស្សសំខាន់ដើរតួជាទីប្រឹក្សារបស់លោកគ្រូចៅអធិការ និងព្រះសង្ឃផង ជាអ្នក ជំនាញសម្រាប់ដឹកនាំពុទ្ធបរិស័ទធ្វើពិធីបុណ្យផ្សេងៗក្នុងវត្ត ឬក្រៅវត្ត​បើគេពឹងពាក់។ ដើម្បីអនុវត្តន៍ ការងារនេះបានជោគជ័យ លោកអាចារ្យវត្តត្រូវមានសមត្ថភាពក្នុងការងារគ្រប់គ្រងវត្តផង ជំនាញ ក្នុងពិធីផ្សេងៗផង។ បើពុំដូច្នោះទេ គេពុំអាចអនុវត្តន៍ភារកិច្ចបានល្អឡើយ ។
            បើយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនាលេខ ០៤​ ក.ធ.ស,ស.រ. ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០០១ ស្តីពីតួនាទី និងភារៈកិច្ចអាចារ្យគណៈកម្មការវត្ត មានខ្លឹមសារ ដូចតទៅនេះ ៖
                 វត្តនីមួយៗត្រូវមានអាចារ្យម្នាក់ និងអាចារ្យរងមួយចំនួន គឺជាអ្នកចាំទទួលបង្គាប់បញ្ជាពី គណៈសង្ឃក្នុងវត្តគ្រប់ភារៈកិច្ច និងការងាររបស់វត្តទាំងអស់។ អាចារ្យវត្តកើតឡើងដោយការបោះ ឆ្នោត សម្តែងមតិគាំទ្រពីក្នុងចំណោមឧបាសក ឧបាសិកាចំណុះជើងវត្ត ដែលមានអាណត្តិចំនួន ៣ ឆ្នាំ ផុតពីនេះត្រូវរៀបចំបោះឆ្នោតសាជាថ្មី ។
           -លក្ខណៈសម្បត្តិរបស់បេក្ខជនអាចារ្យវត្ត ៖
              ១-ជាមនុស្សដែលជាទីពេញព្រះទ័យនៃលោកគ្រូចៅអធិការ ។
              ២-ជាមនុស្សមានទីលំនៅក្នុងភូមិណាមួយ ដែលជាចំណុះជើងវត្តនោះ ហើយដែលបាន មកធ្វើបុណ្យទាន និងរក្សាសីលជាប្រចាំនៅក្នុងវត្តនោះ ។
              ៣-ជាមនុស្សបានបូជាខ្លួនចំពោះព្រះរតនត្រ័យក្នុងនាមជាឧបាសក ឬឧបាសិកាក្នុងព្រះ ពុទ្ធសាសនា ។
              ៤-មានទាំងសមត្ថភាពចំណេះដឹង អាចដឹកនាំកិច្ចការវត្ត ជាពិសេសសមត្ថភាពដឹកនាំពុទ្ធ បរិស័ទធ្វើពិធីបុណ្យផ្សេងៗ ។
              ៥-ជាមនុស្សមានអត្តចរិក​ សីលធម៌រស់នៅស្អាតស្អំ សុច្ចរិត យុត្តិធម៌ ស្មោះត្រង់ចំពោះ​ព្រះ​ពុទ្ធសាសនា មិនកិបកេងប្រវ័ញ្ចផលប្រយោជន៍វត្ត មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ។
              ៦-បេក្ខជនអាចារ្យត្រូវមានអាយុចាប់ពី៤០ ឆ្នាំឡើងទៅ ហើយត្រូវបានជ្រើសតាំង​តាម​រយៈ ការបោះឆ្នោត។ គឺជាឧបាសក-ឧបាសិកា ដែលបានមកសមាទានសីលជាប្រចាំក្នុងវត្ត ហើយដែល មាន​​អាស័យដ្ឋានអចិន្រ្តៃយ៏ ក្នុងភូមិណាមួយក្នុងចំណុះជើងវត្តនោះ។ ការបោះឆ្នោតត្រូវឋិតនៅ​ក្រោម​អធិបតីភាព គណៈសង្ឃវត្ត និងមន្រ្តីធម្មការ និងសាសនាស្រុក ខណ្ឌ។
              ក្រោយពីបានលទ្ធផលនៃការបោះឆ្នោតបានរួចហើយ អ្នកជាប់ឆ្នោតត្រូវបានតែងតាំងជា​អាចារ្យ ដោយប្រធានមន្ទីរធម្មការ និងសាសនាខេត្ត-រាជធានីតាមរយៈលិខិតស្នើសុំតែងតាំងពីថ្នាក់ វត្ត ឃុំ ស្រុក។ ក្នុងករណីលោកអាចារ្យវត្តណាមួយ មានការប្រព្រឹត្ត​ខុសឆ្គងធ្ងន់ធ្ងរ ដោយប្រការណា​មួយ ដែលមិនអាចទុកឲ្យបន្តការងារទៅទៀតបាន ត្រួវតែមានសេចក្តីសម្រេចដកតួនាទី​ ដែលចេញ​ពីមន្ទីរធម្មការ និងសាសនា ខេត្តរាជធានី តាមរយៈលិខិតស្នើសុំដកពីថ្នាក់វត្ត ឃុំ ស្រុក ។
         

No comments:

Post a Comment