លោកហែម ចិត្ត្រា ជាគ្រូបង្ហាត់នៅសាលាគុនល្បុក្កតោ ព្រះខ័នជ័យ។ លោកគ្រូបានមានប្រសាសន៍ថា ក្បាច់គុនល្បុក្កតោខ្មែរ គឺជាក្បាច់គុនបុព្វបុរសខ្មែរគាត់បានបង្កើតឡើងតាំងពីការករកើតនូវទឹកដីខ្មែរមកម្លេស។ ក្បាច់គុនបុរាណមួយនេះ គឺជាក្បាច់គុនមួយដ៏ចំណាស់តាំងពីសម័យមុនអង្គរ។ បុព្វបុរសខ្មែរយើងបានជ្រើសរើសយកក្បាច់គុនមួយនេះដើម្បីយកមកកសាង ឬមួយក៏ការពារនូវប្រទេសជាតិ ការពារភូមិស្រុក ការពារពីការយាយីពីសត្រូវផ្សេងៗ ការឈ្លានពានទឹកដីរបស់បុព្វបុរសខ្មែរយើង។ បានជាគេចាត់ទុកក្បាច់គុនល្បុក្កតោ ជាមេក្បាច់គុននៃសិល្បៈគុណខ្មែរ ដោយសារតែតាំងពីសម័យបុរំបុរាណមក ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនតែមួយគត់ដែលកកើតឡើងដោយស្នាដៃបុព្វបុរសខ្មែរពីជំនាន់ដើម ជាក្បាច់គុនចំណាស់ ក៏ជាក្បាច់គុណដ៏សម្បូរបែបផងដែរ។ មានទាំងក្បាច់គុនអាវុធ ក្បាច់គុនដៃ ក្បាច់គុនគៀប ក្បាច់ក្លេរ ក្បាច់ដំបង លំពែង ខែល ផ្គាក់ មានគ្រប់បែបគ្រប់យ៉ាងដែលសម្បូរបែប។ ជាក់ស្តែង ក្បាច់គុនល្បុក្កតោមានមេគុណធំៗចំនួនច្រើន។ បច្ចុប្បន្ននេះ ក្បាច់គុនល្បុក្កតោមានការវិវត្តន៍នៃប្រទេសជាតិយើង។ អ៊ីញ្ចឹង វាបានបាត់បង់នៃសម័យកាលមួយ ក្បាច់គុនល្បុក្កតោទើបតែងើបឡើងវិញ។ ដោយការងើបឡើងវិញនេះ បច្ចុប្បន្នយើងមាន៦កម្រិតនៃការហាត់ក្បាច់គុន។ នៅក្នុងកម្រិតនីមួយៗយើងមានខ្ទង់ជា១២០ ទៅ១៣០ក្បាច់ក្នុងមួយកម្រិត។ ភាពសម្គាល់ក្បាច់គុនល្បុក្កតោមានភាពខុសពីគេដោយសារតែក្បាច់ទាំងអស់នេះយើងអាចចាប់ក្លេរ អាចគៀបដៃ អាចចាប់បោក។ ហើយអ្វីជាពិសេសរបស់ក្បាច់គុនល្បុក្កតោ គឺសំដៅទៅលើការប្រើប្រាស់ដៃជាពិសេស។ ក្បាច់គុននេះក៏មានការប្រើប្រាស់នូវអាវុធដែរ ក៏ប៉ុន្តែយើងប្រើប្រាស់ស្នៀតដៃច្រើនពីកម្រិតទី១ ដល់កម្រិតទី៦។យើងប្រើទ្វា៨ មានន័យថាទ្វា១ ដល់ទ្វា៨ យើងអាចប្រើប្រាស់ក្បាច់ដោយដៃ។ នៅពេលដែលចូលទៅដល់ទ្វា១២ ទើបចូលដល់វគ្គការប្រើប្រាស់អាវុធ។ ដូច្នេះការប្រើប្រាស់នូវក្បាច់ពិសេសជាដំបូង គឺមានច្រើនដែលយើងមិនអាចរៀបរាប់អស់ រាល់ក្បាច់នីមួយៗសុទ្ធសឹងតែជាក្បាច់ពិសេស។ ការហាត់ក្បាច់គុនល្បុក្កតោនេះ គឺយើងប្រើជាលក្ខណៈគៀក ជិតស្និត។ ប្រសិនជាយើងចូលទៅជិត ប្រាកដជាពុំអាចគេបានទេ។ ពីព្រោះក្បាច់នីមួយៗសុទ្ធសឹងតែជាក្បាច់អាចសម្លាប់មនុស្សបាន។ ភាគច្រើននៃក្បាច់គុនល្បុក្កតោគេដំណាងឲ្យខែលដែលពាក់នៅនឹងដៃ គេហៅថាខែលល្បុក្កតោ។
លោកគ្រូបានថ្លែងថា ចំពោះអ្នកដែលគាត់បានហាត់នូវក្បាច់គុនមួយនេះ ទី១ គឺជួយទៅដល់សុខភាព។ ទី២ អាចការពារខ្លួនឯង។ ទី៣ ជួយអភិរក្សនូវក្បាច់គុនបុរាណរបស់ខ្មែរយើង។ ទី៤ អាចជួយការពារប្រទេសជាតិ។ ពីព្រោះបច្ចុប្បន្ននេះ ក្បាច់គុនល្បុក្កតោត្រូវបានដាក់បញ្ចូលទៅឲ្យកងកំលាំងប្រដាប់អាវុធ ខេមរៈភូមិន្ទទៅឲ្យពួកគាត់ហាត់ផងដែរ។ ចំពោះក្បាច់គុននេះ មនុស្សគ្រប់វ័យ មិនថាជាមនុស្សប្រុស ឬមួយក៏ជាមនុស្សស្រីនោះឡើយ សុទ្ធសឹងតែអាចហាត់នូវក្បាច់គុនល្បុក្កតោនេះបានទាំងអស់។ ចាប់ពីអាយុ៥ឆ្នាំឡើងទៅរហូតទៅដល់អាយុ៤០ឆ្នាំជាង ឲ្យតែពួកគាត់មានកំលាំងមាំមួននៅក្នុងការហាត់ពួកគាត់អាចហាត់បានទាំងអស់។
បច្ចុប្បន្ននេះ ក្បាច់គុនល្បុក្កតោត្រូវបានចូលជាបញ្ជីថ្នាក់ជាតិ។ ពីព្រោះគេបានបញ្ចូលក្បាច់គុនល្បុក្កតោ ទៅឲ្យកងរាជអាវុធហត្ថខេមរៈភូមិន្ទទូទាំងប្រទេសដើម្បីចូលរួមហាត់ និងកំពុងតែដាក់បន្តដាក់ចូលជាកម្មវិធីកីឡា ដើម្បីសិស្សនិស្សិតទូទាំងប្រទេស ពួកគាត់បានចូលរួមហាត់ផងដែរ។ ឥលូវនេះ គឺកំពុងតែដំណើរការ និងរៀបចំ។
លោកគ្រូបានបន្តថា កន្លងមកនេះ ក្បាច់គុនល្បុក្កតោ គឺបានបង្ហាញទៅកាន់ឆាកអន្តរជាតិជាច្រើន។ ទី១ បានចូលរួមទៅកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីពេលថ្មីៗកន្លងទៅនេះ។ ទី២ បានត្រៀមខ្លួនដើម្បីចូលរួមស៊ីហ្គេមនៅឯប្រទេសវៀតណាមផងដែរ។ ក្រៅពីកីឡាស៊ីហ្គេមក៏មានជាលក្ខណៈយុទ្ធសីល្ប៍អន្តរជាតិនៅឯប្រទេសកូរ៉េ។ ថ្មីៗនេះកម្ពុជាទើបតែទទួលបានពានល្អជាងគេនៅក្នុងចំណោមក្បាច់គុនបុរាណ ដែលត្រូវបានទទួលស្គាល់ពីខាងប្រទេសកូរ៉េ។
ចំពោះយុវជនសម័យថ្មីនៅ នៅក្នុងការហាត់នូវក្បាច់គុនល្បុក្កតោនេះ គឺពិតជាមានសារៈសំខាន់មេនទែននៅក្នុងការហាត់រៀននូវក្បាច់គុនល្បុក្កតោមួយនេះ។ ពីព្រោះក្បាច់គុនមួយនេះ គឺជាក្បាច់គុនរបស់ខ្មែរយើង។ ក្នុងនាមយើងជាកូនខ្មែរ យើងគួរតែចូលរួមដើម្បីថែរក្សា មរតកវប្បធម៌របស់ក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយនេះឲ្យមានភាពល្បីល្បាញ ឲ្យថិតថេរគង់វង្សជាអមតៈ។ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយៗបន្តទៅថ្ងៃអនាគតទៀត គាត់ទទួលស្គាល់ថាក្បាច់គុនមួយនេះ គឺជាក្បាច់គុនរបស់បុព្វបុរសខ្មែរយើងខិតខំថែរក្សា។ មកដល់សម័យបច្ចុប្បន្ននេះ យើងត្រូវតែបន្តខិតខំថែរក្សា អភិវឌ្ឍ និងអភិរក្សជាបន្តទៀត។ ក្នុងមានជាយុវជន យើងហាត់ក្បាច់គុនមួយនេះ មិនត្រឹមតែថែរក្សានូវវប្បធម៌ខ្មែរតែមួយប៉ុនណ្ណោះទេ យើងថែមទាំងអាចថែរក្សានូវសុខភាពរបស់ខ្លួនឯងឲ្យមានកំលាំងកាយមាំមួន ការពារពីជំងឺដង្កាត់ផ្សេងៗ និងអាចការពារខ្លួនឯងពីជនអាក្រក់ផ្សេងៗដែលមានបំណងយាយីធ្វើបាបខ្លួន យើងក៏អាចការពារខ្លួនឯងផងដែរ។
លោកគ្រូបានបន្ថែមផងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ ខាងក្បាច់គុនល្បុក្កតោគ្រោងមានគំរោងធ្វើការប្រកួតគុនល្បុក្កតោថ្នាក់ជាតិ២០២១ នៅក្នុងចន្លោះខែមករា ឆ្នាំ២០២២។ នឹងជ្រើសរើសការប្រកួតជើងឯកថ្នាក់ជាតិ សម្រាប់គុនល្បុក្កតោខ្មែរ។ ថ្មីៗនេះក្រុមល្បុក្កតោក៏បានចូលរួមនៅក្នុងការសម្ភោធស្តាតជាតិមរតកតេជោថ្មី នៅពហុកីឡាដ្ថានជាតិមរតកតេជោ ព្រមទាំងបានធ្វើការសំដែងជាមួយនឹងបទភ្លេងថ្មីផងដែរ។
បើសិនជាមានសិស្ស ឬមួយក៏បងប្អូនប្រជាពលរដ្ឋពួកគាត់មានចំណាប់អារម្មណ៍នៅក្នុងការហាត់នូវក្បាច់គុនល្បុក្កតោមួយនេះ ពួកគាត់អាចទំនាក់ទំនងមកកាន់ផេក សាលាគុនល្បុក្កតោ ព្រះខ័នជ័យ។
ជាចុងក្រោយលោកគ្រូមានមតិ និងសំណូមពរឲ្យមហាជន យុវវ័យជំនាន់ក្រោយចូលរួមថែរក្សាក្បាច់គុនបុរាណខ្មែរមួយនេះ ព្រមទាំងចូលរួមហាត់ទាំងអស់គ្នាក៏ដូចជាចូលរួមហាត់ដើម្បីសុខភាពខ្លួនឯង ដើម្បីអភិរក្ស និងដើម្បីការពារខ្លួន។ លោកគ្រូយល់ថាក្បាច់គុនល្បុក្កតោហទៅថ្ងៃអនាគត នឹងរីកសាយភាយទៅទូរទាំងពិភពលោក។ ពីព្រោះបច្ចុប្បន្នយើងនឹងកំពុងដាក់បញ្ចូលក្បាច់គុនបុរាណខ្មែរមួយនេះទៅអង្គការយូណេស្ក ដែលជាអង្គការមួយទទួលស្គាល់ថាជាក្បាច់គុននៃមនុស្សជាតិ។ ដូច្នេះ មិនថាជនជាតិណា គឺអាចហាត់បានទូទាំងពិភពលោក។ នៅឆ្នាំក្រោយៗទៀតកម្ពុជានឹងមានការប្រកួតដែលមានកម្ពុជាជាម្ចាស់ផ្ទះ៕
ដោយ៖ ងឹម ច័ន្ទលក្ខិណាhttps://www.popkhmerpost.com/km/bokator-is-considered-to-be-the-master-of-khmer-martial-arts/
No comments:
Post a Comment