Tuesday, June 05, 2012

ចលនាអក្សរសិល្ប៍ខ្មែរ

កាលដើមឡើយ អ្នកសិក្សាបានបែងចែកចលនាអក្សរសិល្ប៍ជាបួន គឺចលនា​ព្រាហ្មណ៍ និយម ចលនាពុទ្ធិនិយម ចលនាខេមរនិយម និងចលនាបរទេសនិយម។
ក្រោយមកដោយមានភាពមិនច្បាស់លាស់ក្នុងការកំណត់នូវប្រភេទចលនាបែបបរ​ទេស និយម ទើបយើងបែងចែកចលនាអក្សរសិល្ប៍ត្រឹម​តែបី គឺ​ចលនា​ព្រាហ្មណ៍​និយម ចលនាពុទ្ធិនិយម និងចលនាខេមរនិយម។
១-ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម
ព្រហ្មញ្ញសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងខ្មែរ។ នៅពេល​ បច្ចុប្បន្នទោះបីជាព្រហ្មញ្ញសាសនាត្រូវរលុបរលាយស្ទើរតែអស់គ្មានសល់ រូបរាងពីសង្គមខ្មែរក៏ដោយ ក៏ឥទ្ធិពលនៃសាសនានេះ នៅតែមានអាទិភាព ក្នុងចិត្តគំនិតទំនៀមទម្លាប់ប្រពៃណីក្នុងសង្គមខ្មែរ និងជ្រៀតចូលលាយឡំ ក្នុងព្រះពុទ្ធសាសនា ព្រមទាំងអក្សររបស់ខ្មែរផងដែរ។
អក្សរព្រាហ្មណ៍និយមមានលក្ខណៈពិសេសដូចតទៅៈ
ក-ផ្តើមរឿង
អ្នកនិពន្ធច្រើនលើកគុណបារមី មហិទ្ធិរិទ្ធរបស់អវតានៃព្រះវិស្ណុ ឫអ្នកនិពន្ធពណ៌ ពីទេសភាពព្រៃព្រឹក្សាជុំវិញអាស្រមឥសី រួចចូលដល់ដំណើររឿង។
ខ-តួរឿង
អត្ថន័យក្នុងដំណើររឿងច្រើនលើកពីចម្បាំងរាំងជល់តៗគ្នាមិនចេះចប់។ ទំនាស់វិបត្តិមានពីតឹងតែងទៅធូរស្រាល ពីធូរស្រាលទៅតឹងតែង រួចបង្កើត សោកនាដកម្ម…។
បញ្ហារបស់រឿងច្រើនដោះស្រាយដោយប្រើហិង្សា ឬអសន្តិវិធី។
បញ្ហាស្នេហាក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមជាស្នេហាឈ្នានីស ហើយ បញ្ហាស្នេហារច្រើនជាប្រភេទនៃសង្គ្រាមទៀតផង
តួអង្គក្នុងរឿងមាន អាទិទេព អវតា មនុស្សសាមញ្ញ គ្រុឌ យក្ស ពានរ…។
ពាក្យពេចន៍ដែលប្រើប្រាស់ក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមច្រើនជាពាក្យ សំស្រ្កឹត លាយឡំនឹងពាក្យខ្មែរបុរាណ និងមានពាក្យបាលីបន្តិចបន្តូច។
គ-បញ្ចប់រឿង
អ្នកនិពន្ធបញ្ចប់ដោយអោយសភាវៈល្អឈ្នះសភាវៈអាក្រក់ដូចជា យក្ស អសុរៈ ជាដើម។
ឥទ្ធិពលសាសនាព្រាហ្មណ៍ចំពោះសង្គមខ្មែរ
ព្រហ្មញ្ញសាសនាចូលមកចាក់ឫសនៅលើកទឹកដីកម្ពុជាតាំងតែពីស.វទី១​មកម្លេះ។
ភស្តុតាងឥទ្ធិពលព្រហ្មញ្ញសាសនាក្នុងសង្គមខ្មែរមានដូចជាៈ
-ព្រះរាជាខ្មែរសម័យមុនកាន់សាសនាព្រាហ្មណ៍
-អក្សរសំស្រ្កឹត
-អក្សរសិល្ប៍បែបព្រាហ្មណ៍និយម
-សំណង់ប្រាសាទរាប់ពាន់
-ពិធីនានានៅក្នុងរាជវាំង
-ប្រជារាស្រ្តខ្មែរនៅតែជឿទៅលើអាទិទេពនិងកម្លាំងក្រៅខ្លួន
-ទំនៀមទម្លាប់សែនព្រេនក្នុងពិធីមង្គលការ សង់ផ្ទះ ឡើងផ្ទះ ។ល។
-ស្រង់ទឹកព្រះ ព្រះសង្ឃ យាយតា និងមាតាបិតា
-បង្កើតចិត្តក្លាហាន
-មានរូបចម្លាក់ជាច្រើនដូចជា ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ លិង្គព្រះឥសូរ..។
២-អក្សរសិល្ប៍ពុទ្ធិនិយម
ក-ចលនានៃអក្សរសិល្ប៍ពុទ្ធិនិយម
ដោយយោងទៅលើអត្ថន័យរបស់រឿង យោងទៅលើការបរិច្ឆេទតែងនិពន្ធ គេចែកអក្សរពុទ្ធិនិយមជាបីប្រភេទគឺ អក្សរសិល្ប៍ពុទ្ធិនិយមសុទ្ធសាធ អក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយ និងអក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយហួសហេតុ។
១-អក្សរសិល្ប៍ពុទ្ធិនិយមសុទ្ធសាធ
សំគាល់លើស្នាដៃអក្សរសិល្ប៍ក្នុងរឿងទសជាតក ជាគម្ពីរសំខាន់របស់ព្រះពុទ្ធ សាសនា។ទសជាតកគឺរឿងទាំង១០ ដែលលើកពីការតស៊ូរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងពេលព្រះអង្គយោលយកកំណើតជាតួអង្គព្រះពោធិសត្វក្នុងជាតិផ្សេងៗ ក្នុង ការកសាងបារមីដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។
គម្ពីរទសជាតកត្រូវបានប្រជាជនខ្មែរ និយមរាប់រកក្រៃលែង។ កាលពីជំនាន់ដើម គេតែងប្រជុំគ្នាធ្វើបុណ្យជារៀងរាល់ឆ្នាំ ដោយប្រមូលផ្តុំប្រជុំគ្នាស្តាប់គម្ពីរទស ជាតកគឺនៅថ្ងៃទី១ គេស្តាប់ព្រះធម្មគោរព ថ្ងៃទី២ ទី២ និងទី៤ ស្តាប់លោកទេសន៍ ជាតកទាំង៩ តៗគ្នាជាលំដាប់លំដោយ។ នៅថ្ងៃទី៥គេស្តាប់លោកទេសន៍មហា វេស្សន្តរជាតកពេញមួយថ្ងៃ។ នៅថ្ងៃទី៦ គេស្តាប់ធម៌ទេសនាពីពុទ្ធប្រវត្តិ ជា ពិសេសគឺបឋមសត្រាស់ ហើយនៅយប់នេះគេធ្វើពិធីពុទ្ធាភិសេក នៅថ្ងៃស្អែក ឡើងជាថ្ងៃទី៧ គេធ្វើសង្គាយនាឆ្លងបុណ្យ។
រឿងទាំង១០នៃទសជាតក ដែលចាត់ទុកជាស្នាដៃនៃអក្សរសិល្ប៍ពុទ្ធិនិយម សុទ្ធសាធរួមមាន៖
១-រឿងតេមិយជាតក                                   ៦-រឿងភូរិទត្តជាតក
២-រឿងមហាជាតក                                      ៧-រឿងចន្ទកុមារជាតក
៣-រឿងសុវណ្ណសាមជាតក                        ៨-រឿងនារទជាតក
៤-រឿងនេមិរាជជាតក                                 ៩-រឿងវិធូរបណ្ឌិតជាតក
៥-រឿងមហោសថជាតក                            ១០-រឿងមហាវេស្សន្តរជាតក
២-អក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយ
ត្រូវបានស្តែងចេញតាមរយៈស្នាដៃអក្សរសិល្ប៍រឿងបញ្ញាសជាតក។ អ្នកនិពន្ធខិត ខំបង្កើតស្នាដៃនេះឡើយ ដោយពឹងផ្អែកលើគោលទស្សនៈទ្រឹស្តីនៃលទ្ធិពុទ្ធសាស នាផងនិងបញ្ចូលបន្ថែមគោលនិយមនៃសាសនាព្រាហ្មណ៍ខ្លះ។ តាមការស្រាវ ជ្រាវរឿងបញ្ញាសជាតក ត្រូវបាននិពន្ធឡើយក្នុងអំឡុងព.ស២០០០-២២០០ គឺរវាង គ.ស១៤៥៧-១៦៥៨ ដោយសារភិក្ខុសង្ឃខ្មែរ ថៃ ឡាវ ភូមា ចេញទៅសិក្សាធម្ម វិន័យនៅលង្កាទ្វីប។​ លុះចេះដឹងស្ទាត់ហើយក៏ត្រឡប់មកស្រុកវិញ ចាប់និពន្ធរឿង រ៉ាវតាមទំនាក់ទំនងនិទានជាតក។
នៅប្រទេសកម្ពុជាយើង រឿងបញ្ញាសជាតក ដំបូងសរសេរជាពាក្យបាលីរហូតមក សតវត្សរ៍ទី១៨ និង១៩ ទើបត្រូវបានកវីបណ្ឌិតយើងប្រែសំរាយជាពាក្យកាព្យស្លោក ក៏មានជាបទល្ខោនក៏មាន។
ប្រជាពលរដ្ឋខ្មែរនិយមរាប់អានមើលកំសាន្តក្នុងពេលលំហែពីការងារ រឺចូលចិត្តយក រឿងរ៉ាវនេះទៅនិទានដំណាលដល់កូនចៅតៗគ្នា។
បញ្ញាសជាតករបស់ខ្មែរយើងរួមមាន៖
១-សមុទ្ទឃោស                      ១៨-សធកុមារ                             ៣៥-សុធនុ
២-រតនប្បជោត                       ១៩-សិរីវិបុលកិត្តិ                         ៣៦-វិបុលរាជ
៣-សិរីចូឌាមណី                    ២០-ចន្ទរាជ                                   ៣៧-សព្វមិត្ត
៤-សិរីធរសដ្ឋី                          ២១-សព្វសិទ្ធិ                                ៣៨-ទុលកបណ្ឌិត
៥-អាទិត្តរាជ                            ២២-ទុកមានិក                              ៣៩-មហាសុរសេន
៦-សុវណ្ណកុមារ                       ២៣-ធនករាជ                               ៤០-វីរិយបណ្ឌិត
៧-ធម្មាសោក                          ២៤-សុទស្សនមហារាជ             ៤១-វដ្តង្គុរាជ
៨-បោរាណកបិលបុរនរិន្ទ     ២៥-ធម្មិកបណ្ឌិត                        ៤២-មហាបុរិស
៩-ធម្មរាជ                                 ២៦-នរជីវ                                     ៤៣-សុរូប
១០-មហាបទុមកុមារ             ២៧-ភណ្ឌាគារិកកុមហារ          ៤៤-ពហុលគាវី
១១-សេតបណ្ឌិត                    ២៨-បុប្ផារាជ                               ៤៥-ពារាណសិរាជ
១២-ព្រហ្មឃោសរាជ             ២៩-ទេវទុក្ខកុមារ                        ៤៦-សលភ
១៣-សិទ្ធិសារកុមារ                ៣០-នរជីវ                                     ៤៧-អតិទេវរាជ
១៤-សិម្ភនាទ                          ៣១-សុវណ្ណសង្ខរាជកុមារ         ៤៨-សុរព្ភ
១៥-ទេវន្ទ                                 ៣២-សុវណ្ណកច្ឆប                        ៤៩-សុបិនកុមារ
១៦-សុវណ្ណវង្ស                       ៣៣-សិទ្ធិសារ                              ៥០-សិរីរាជកុមារ
១៧-ចន្ទឃាត                          ៣៤-សទ្ធាតិស្សចក្កវត្តិ   
៣-អក្សរសិល្ប៍ពុទ្ធិនិយមក្លែងក្លាយហួសហេតុ
ជាអក្សរសិល្ប៍ពុទ្ធិនិយមមួយបែប ដែលពុំមែនជាទសជាតក ឬបញ្ញាសជាតក ជាស្នាដៃអក្សរសិល្ប៍ខ្មែរកើតនៅសម័យកណ្តាលដែលទទួលឥទ្ធិពលតិច រឺច្រើន ពីលទ្ធិពុទ្ធសាសនាដែរ។ អ្នកនិពន្ធច្រើនលើកយកទស្សនៈកម្មផលមកផ្សំជាមួយ ជីវិតលោកិយសច្ចៈ គួបផ្សំសកម្មអច្ឆរិយ ការហោះហើរដើរលើអាកាស មន្តអាគម នៃលទ្ធិព្រាហ្មណ៍។
អក្សរប្រភេទនេះច្រើនជាសាស្រ្តាល្បែង ដែលកើតឡើងនៅសតវត្សរ៍ទី១៨ ឬ១៩ ដែលមានឈ្មោះអ្នកនិពន្ធច្បាស់លាស់ មានដូចជា ក្រុងសុភមិត្រ កោសាធិបតីកៅ ភោគកុលកុមារ ឧកញ៉ាព្រះឃ្លាំងនង កាកី ព្រះបាទអង្គដូង មរណមាតា ឥន្ទបញ្ញាអ៊ុក
ខ-លក្ខណៈពិសេសនៃអក្សរសិល្ប៍ពុទ្ធនិយម
១-ផ្នែកអត្ថបទ
អត្ថន័យរឿងច្រើន​ទាក់ទង​ការកសាង​បារមី​របស់​តួ​អង្គ​ព្រះ​ពោធិ​សត្វ​ទាក់​ទង​នឹង​ជំនឿ​កម្ម​ផល។​
២-បញ្ហាចោទ និងដំណោះស្រាយ
បញ្ហា​ចោទ និងដំណោះស្រាយ​នៅ​លើ​ទំនាស់​វិបត្តិ​រវាង​ព្រះ​ពោធិ​សត្វ​ និង​ទ្រព្យ​សម្បត្តិ​ រវាង​ទ្រព្យ​សម្បតិ្ត​និងបិតា ភរិយា​ដើម្បី​លោភៈ​ ទោសៈ មោហៈ និង​ស្នេហា​រវាង​ទ្រព្យ​សម្បតិ្ត និង​ពលរដ្ឋ។
ដំណោះ​ស្រាយបញ្ហា​នៅ​ក្នុង​រឿង​គឺ​តាម​បែប​សន្តិវិធី​អហិង្សា។​ បង្ហាញ​ពីស្នេហា​ស្មោះត្រង់​រវាង​ពោធិសត្វ​និងកន្សៃ​សារពេជ្ញ។ នៅ​ទីបញ្ចប់​ពោធិ​សត្វ​ទទួល​ជ័យ​ជំនះ​បាន​ជួបជុំ​គ្រួសារ​ ឡើង​សោយ​រាជ្យ​ត្រូវ​បាន​មហា​ជនគោរព​ និងសរសើរ​ចំពោះ​បារមី​ព្រះ​អង្គ។
៣-ផ្នែកអត្ថរូប : មានលក្ខណៈឯកភាពគ្នាដូចតទៅ៖
ក-ផ្តើមរឿងៈ អ្នកនិពន្ធច្រើ​ន​ផ្តើម​រឿង​ដោយ​ ធ្វើ​បទ​នមស្សការ​គោរព​ព្រះ​ពុទ្ធ​ ព្រះធម៌​ ព្រះ​សង្ឃ​និង​ការ​នឹក​គុណ​ដល់​មាតា​បិតា​ និងគ្រូ​បាធ្យាយ។
ខ-តួរឿង(ដំណើររឿង): ​ជា​ការ​បរិយាយ​ប្រៀប​ធៀប ​បាន​នឹង​ធម៌​ទេសនា​របស់​ព្រះ​ពុទ្ធ​អង្គ​ចំពោះ​ភិក្ខុ​សង្ឃ​ ពុទ្ធបរិស័ទ​ទាំង​ឡាយ​ដើម្បី​មើល​ឃើញ​ពី​ការ​កសាង​បារមី​របស់​ព្រះ​ពោធិ​ សត្វ​ដ៏​ស្វិត​ស្វាញ​ក្នុង​អនេក​ជាតិ។​ ច្រើនបំពេ​ចិត្ត​គំនិត​ពុទ្ធ​សាសនិកជន​ឲ្យ​ជឿ​បុណ្យ​បាប​ខ្លាច​អំពើ​អាក្រក់ ​។​ បរិយាយលាយឡំ​រវាង​ពុទ្ធ​ចក្រ និងអាណា​ចក្រ។តួអង្គ​ក្នុង​អក្សរ​សិល្ប៍​ពុទ្ធ​និយមៈ  តួអង្គ​ឯក​ប្រុស​ជាពោធិ​សត្វ​ តួ​​អង្គឯក​ស្រីជា​នាង​កន្សៃ​សារ​ពេជ្ញ​ ដែល​ជាគូរបស់​ព្រះ​ពោធិ​សត្វ។​កាល​អាកាសៈ ច្រើន​ប្រព្រឹត្ត​ទៅ​ក្នុង​នគរ​ពារាណសី​ សាវត្ថី ស្រុក​ស្រីពិរាស្រ្ត កលិង្គ​រាស្រ្ត លង្កា ព្រៃ​ហេមពាន្ត…​​ពោលគឺនៅប្រទេសឥណ្ឌា។
គ-បញ្ចប់រឿងៈ បញ្ចប់​ដោយ​ការ​សរ​ជាតិ​ ឲ្យ​តួ​អង្គ​ពោធិ​សត្វ​សម្រេច​ជោគ​ជ័យ​ក្នុង​សកម្ម​ភាព​អ្វី​មួយ​ដោយ​ការ​ លើក​សរ​សើរ​ប្រសិទ្ធ​ពរ ចំពោះ​ការ​បំពេញ​កុសល​កម្ម រក្សាសីល​រហូត​អស់​ជន្មាយុ​រួច​ទៅ​កើត​ក្នុង​ឋាន​តុសិត​ទេវលោក​សោយ​រាជ្យ​ សម្បត្តិ​ទិព្វ​សុខ​ក្សេម​ក្សាន្ត។​
គោលគំនិតអប់រំអក្សរសិល្ប៍ពុទ្ធនិយម៖ អប់រំឲ្យ​មានជំនឿ​លើ​កម្ម​ផល​ អប់រំ​កាយ​វាចា​ចិត្ត អប់រំ​ឲ្យ​ស្រឡាញ់​សន្តិភាព​ ឲ្យ​មាន​ចិត្តមេត្តា​ករុណា​និងចេះ​ធ្វើ​ទាន​ដល់​អ្នក​ក្រ កុំឲ្យ​លោភ​លន់​ហួស​ហេតុ ប្រកាន់​ភ្ជាប់នូវ​សេចក្តីព្យាយាម ឲ្យប្រើ​ប្រាស់បញ្ញា……
សន្និដ្ឋាន អក្សរសិល្ប៍ពុទ្ធិនិយមជាផ្នែកមួយ​អក្សរសិល្ប៍​ជាតិ​ ដែល​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​អប់រំ​យុវជន​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង មានសណ្តាប់​ធ្នាប់​សម​សួន និងមានប្រពៃណី​ល្អប្រសើរ​ សាកសមជា​ពលរដ្ឋ​ដែល​គោរព​ព្រះ​ពុទ្ធ​សាសនា និង​មាន​អរិយ​ធម៌​ខ្ពស់​។ អក្សរសិល្ប៍​ពុទ្ធនិយម​ត្រូវ​តែ​មាន​តួ​នាទី​សម​ស្រប​នៅ​ក្នុង​កម្ម​វិធី​ សិក្សា​ក្នុង​សាលារៀន​នា​ពេល​បច្ចុប្បន្ន។
៣-ចលនាខេមរនិយម(អក្សរសិល្ប៍ទំនើប)
​អក្សរទំនើបគឺ​ជាបញ្ញតិ្ត​ដែល​ប្រទេស​ជាច្រើន​នៅលើ​សាកល​លោក​បាន​ប្រើ​ ប្រាស់​។ បញ្ញត្តិ​នោះជាប់​ទាក់​ទងនឹង​សង្គម​ទំនើប។ សង្គម​ទំនើប​ជា​សមិទ្ធ​ផល​នៃ​ការរីក​ចំរើន​ផ្នែក​បច្ចេកវិទ្យា​ និងវិទ្យាសាស្រ្ត​របស់​មនុស្ស​ជាតិ។​ នៅ​ទ្វីប​អ៊ឺរ៉ុប​បញ្ញត្តិ អក្សរសិល្ប៍​ទំនើប​ បានកើត​ឡើង​ដំបូង​នៅស.វទី​១៩។ នៅ​ប្រទេស​ចិន​បញ្ញតិ្ត​អក្សរសិល្ប៍​បានលេចចេញ​នៅរវាង​ឆ្នាំ​១៨៤០។​ នៅ​ប្រទេសវៀតណាម​បញ្ញតិ្ត​អក្សរ​សិល្ប៍​ទំនើប​បានលេច​ចេញ​នៅស.វទី២០។​ចំណែក​ នៅ​កម្ពុជា​ ការ​សិក្សា​ពី​អក្សរ​សិល្ប៍​ខ្មែរ​ទំនើប​ទើប​តែចាប់​ផ្តើម​តាម​លក្ខណៈ​ទំនើប ​នៅ​ក្រោយ​ពេល​ដែល​បារាំង​ចូល​ស្រុក​ខ្មែរ ហើយ​ស្នាដៃ​អក្សរ​សិល្ប៍​ដែល​មាន​លក្ខណៈ​ទំនើប​ពេញ​លេញ​បាន​ប្រសូត​ចេញ​នៅ​ ចុង​ស.វទី៣០ តាមរយៈ​ស្នាដៃរឿង សូផាត របសលោក រីម គិន និងស្នាដៃ ទឹកទន្លេសាប របស់លោក គឹម ហាក់ ។ យើងដឹងហើយ​ថា​ អក្សរ​សិល្ប៍​បុរាណ​ខ្មែរ​ជាអក្សរសិល្ប៍​បែប​ប្រពៃ​ណី ដែល​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​ពី​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធសាសនា។
អក្សរសិល្ប៍ខ្មែរសម័យអាណានិគមនិយមបារាំង
បានចាប់ផ្តើមពេលដែលបារាំងបានបង្ខំឲ្យសម្តេចព្រះនរោត្តមចុះ ​សន្ធិ​សញ្ញា​ឆ្នាំ១៨៦៣ រហូត​ដល់​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ យើងអាចបែងចែក​អក្សរសិល្ប៍​ជា​៣​ដំណាក់​កាល​សំខាន់ៗ​៖
-ដំណាក់កាលបារាំងចូលស្រុកខ្មែរដំបូងៈ អក្សរសិល្ប៍ខ្មែរនៅ ​តែ​បន្ត​អត្ថិ​ភាព​អក្សរ​សិល្ប៍​បែប​ប្រពៃ​ណី​។ សង្គម​ខ្មែរ​ចាប់ផ្តើមទទួល​នូវឥទ្ធិពល​ទំនើប​ផ្នែកទាំង​រដ្ឋបាល​ អប់រំ​និងវិទ្យាសាស្ត្រ​បច្ចេកទេស ដូចជា ស្រុក​ខ្មែរ​ចាប់​ផ្តើម​មាន​រោង​ពុម្ព​​នៅ​ឆ្នាំ​១៨៧៧ ហើយ​រហូត​​ដល់​ឆ្នាំ១៩០៨ ទើប​គេ​ឃើញ​មាន​បោះ​ពុម្ព​ស្នា​ដៃ​អក្សរ​សិល្ប៍​ជាអក្សរ​ខ្មែរ​គឺ​រឿង​បណ្តាំតាមាស ដែលមានអក្ខរាវិរុទ្ធ​ប្រហាក់​ប្រហែល​នឹង​អក្ខរាវិរុទ្ធ​សម័យ​ឧត្តុង្គ មាន​លក្ខណៈ​ស្មុគ​ស្មាញ​ពិបាក​អាន​ ហើយ​ពិបាកយល់។ ឧទាហរណ៍ បន្ឌាំតា​មាស ប៉ា្ឈ ដ្បិតកាល្ន៉ោះពួកកងទាព់សៀម ន្យីាយ…….។
-ដំណាក់ចាប់លេចចេញនូវស្នាដៃមួយចំនួនៈ ដែល​ វិធី​និម្មិត​កម្ម​បាន​ប្រែ​ប្រួល​ពី​ទស្សនៈ​សាសនា​មក​រក​ទស្សនៈ​លោកិយ​ សច្ចៈ​ (ខេមរ​និយម​ជា​មូល​ដ្ឋាន) វិញ។ ទោះ​ជា​យ៉ាងណា​វិធី​នៃ​ការសរសេរ​នៅ​តែ​ប្រើ​ប្រាស់​នូវ​កំណាព្យ​ដែល​ជា​ ឥទ្ធិពល​នៃ​អក្សរ​សិល្ប៍​សម័យ​មុនៗ​ដដែល។ ឧទាហរណ៍​ ស្នាដៃ​រឿង​ទុំទាវ របស់ភិក្ខុសោម ឆ្នាំ១៩១៥ បានងាក​ចេញ​ពី​ឥទ្ធិពល​សាសនា​ វិល​មក​រក​ទស្សនៈ​លោកិយ​សច្ចៈខាង​ផ្នែក​អត្ថន័យ​ តែផ្នែក​អត្ថ​រូប​នៅ​រក្សា​ប្រហាក់​ប្រហែល​នឹង​សម័យ​មុនៗ​ដដែល។
-ដំណាក់ចុងក្រោយៈ លុះដល់​ឆ្នាំ​១៩៣៨​ ស្នាដៃអក្សរ​សិល្ប៍​បែប​ទំនើប​ពេញ​លក្ខណៈ បាន​ចាប់កំណើត​តាម​រយៈ​ស្នាដៃ​របស់​លោក​ រីន គិន រឿង​សូផាត ដែលបានបោះ​ពុម្ព​នៅ​ឆ្នាំ​១៩៤២ នៅ​ទីក្រុង​ព្រៃ​នគរ។ ឯស្នាដៃ​ ទឹក​ទន្លេសាប របស់​អ្នក​និពន្ធ​ គឹម ហាក់ បានតែងនិពន្ធ ​នឹង​ចុះ​ផ្សព្វ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា​នាឆ្នាំ​១៩៣៩។ អ្នកនិពន្ធទាំងពីរនាក់ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ទំនើប​របស់​បារាំង​ មានទស្សនៈ​លោកិយ​សច្ចៈ ផ្តាច់​ចេញ​ពី​វិធី​និម្មិត​កម្ម​ដែលទទួល​ឥទ្ធិពល​សាសនា ដូច្នេះ​ហើយ​បាន​ជាគេ​សង្កេត​ឃើញ​ថា វិធីសាស្រ្ត​នៃ​ការ​សរសេរ​រឿង​ទាំង​ឡាយ គឺ​អ្នក​និពន្ធយក​តាម​លំនាំ​បច្ចិម​ប្រទេស​។ មានទស្សនៈខ្លះ​យល់​ថា​ អក្សរសិល្ប៍​សម័យ​អាណានិគមបារាំង​សុទ្ធ​តែ​ជា​អក្សរ​សិល្ប៍​ប្រតិ​កិរិយា​ បម្រើ​ឲ្យ​ពួក​បារាំង​ទាំងអស់​ ដូចជា ចម្រៀង​ប្រជា​ប្រិយ​ពោល​ថា កញ្ចាញ់ចេក​អើយ​ទុំ​លើ​មែក​ស្វាយ​ ស្រុកយើង​សប្បាយ​ដោយសារ​បារាំង​….ជាដើម។ តាម​ពិត​នៅ​សម័យ​នោះ អក្សរសិល្ប៍​មិន​មែន​សុទ្ធ​តែ​មាន​ប្រតិ​កិរិយា​នោះ​ទេ​ ទោះ​បី​ជា​បារាំង​ធ្វើ​អាណានិគម​មក​លើ​សង្គម​ខ្មែរ​មែន​ តែ​បារាំង​មិន​អាច​បំបិទ​ ឬវាយ​បំបាក់​ស្មារតី​ជាតិ​ខ្មែរ​តាម​រយៈ​អក្សរ​សិល្ប៍​បាន​ឡើយ។ អ្នក​និពន្ធ​ខ្មែរ​ភាគ​ច្រើន​មាន​ឧត្តម​គតិ​ជាតិ​ខ្ពស់​ មាន​ទឹក​ចិត្ត​ស្រឡាញ​សិទ្ធិ​សេរី​ភាព​ លទ្ធិ​ប្រជាធិបតេយ្យ ជា​ពិសេស​គឺ​សិទ្ធិ​បុគ្គល​ និង​រក្សា​នូវ​ព្រលឹង​ និង​ អត្តសញ្ញាណជាតិ​យ៉ាងរឹងប៉ឹង។ ឧត្តមគតិ​ស្រលាញ់ជាតិ​យ៉ាង​ពិត​ប្រាកដ​បាន​ស្តែង​ឡើង​តាម​រយៈ​ប្រជា​ប្រិយ​ មួយ​ថា កញ្ចាញ់ចេកអើយទុំ​លើ​មែក​ស្វាយ ស្រុកយើង​អន្ត​រាយ​ដោយសារ​បារាំង…។ មានស្នាដៃ​ជា​ច្រើន​ទៀត​ ដែលបង្ហាញ​ពី​ការ​ប្រែ​ប្រួល​នៃ​វិធី​និម្មិតកម្ម​ពីអក្សរសិល្ប៍​បែប​ប្រពៃ​ ណី​មកជាអក្សរសិល្ប៍បែប​ទំនើប​ដូចជា រឿងទាវទុំ របស់​ភិក្ខុ សោម រឿង​កុលាបប៉ៃលិន របស់លោក ញ៉ុក ថែម ជាដើម។ ចំណែក​ឯ​វិធី​កម្ម​អក្សរ​សិល្ប៍​បែប​ទំនើប​ ពុំមានក្បួន​ខ្នាត ឬវិធាន​ច្បាស់​លាស់​ដូចនៅ​ក្នុង​ចលនា​បែប​ព្រាហ្មណ៍​និយម​ និង​ចលនា​បែប​ពុទ្ធិ​និយមទេ។ ការ​និពន្ធ​អក្សរសិល្ប៍​បែប​ខេមរ​និយម​ទាំង​ផ្នែក​ផ្តើមរឿង​ តួ​រឿង​ និង​បញ្ចប់រឿង អាស្រ័យ​លើ​ចំណេះ​ដឹង បទពិសោធន៍​ ចំណង់​ចំណូលចិត្តរបស់អ្នកនិពន្ធម្នាក់។
រៀបចំដោយ លោក អ៊ាន សុណ្ណា
(ដកស្រង់ចេញពីសៀវភៅ ខេមរសិក្សា របស់សាកលវិទ្យាល័យបៀល​ប្រាយ​ សាខាខេត្តសៀមរាប, ទំព័រ ៣៦-៤២)

No comments:

Post a Comment