Tuesday, June 05, 2012

មុខងារអក្សរសិល្ប៍

កាលពីមុន អ្នកទ្រឹស្តីខ្មែរយើងបានកំណត់នូវមុខងារអក្សរសិល្ប៍រហូតដល់៦យ៉ាង​ដូចជា​ មុខងារ​ពុទ្វិ អប់រំ សិល្ប៍​វិជ្ជា កំសាន្ត តថៈ​និងទំនាក់​ទំនងរវាង​អ្នកនិពន្ធ និងអ្នក​អាន។ ប៉ុន្តែ រហូតមក​ដល់ពេល​នេះ អ្នកស្រាវ​ជ្រាវមួយចំនួន​បានសង្កត់ធ្ងន់តែ​ទៅលើមុខងារ​សំខាន់ៗ បីគឺ មុខ​ងារ​ពុទ្ធិ មុខ​ងារ​អប់រំ និង​មុខងារ​សិល្ប៍វិជ្ជា។
១-មុខងារពុទ្ធិ
តាំង​ពី​យូរយាមកហើយ ពន្លកពុទ្ធិកើតមានជាប់ក្នុង​មុខងារអក្សរសិល្ប៍។ អ្នកនិពន្ធ ម្នាក់ឈ្មោះ ប៉ៅតូវស្គី បានសរសេរថា អក្សរសិល្ប៍បានបង្ហាញប្រាប់យើងនូវទម្រង់ គ្រប់បែបយ៉ាងនៃជីវភាព ធ្វើឲ្យយើងយល់បាននូវកម្លាំងព្រលឹងរបស់មនុស្ស អ្វីជាយុត្តិ ធម៌អ្វីជាសុភមង្គល និងអ្វីជាស្នេហា ធ្វើឲ្យយើងយល់បាននូវសូរសំណើចរបស់ប្អូនៗ សូរសម្លេងរលកសមុទ្រ ធ្វើឲ្យយើងមើលឃើញនូវពន្លឺមូលក្រឡង់របស់ព្រះច័ន្ទដែល ចែងចាំងជះមកលើតំបន់ព្រៃក្រាស់ក្នុងពេលរាត្រី។
ក្នុងសម័យរីកចម្រើននៃទ្រឹស្តីសញ្ចេតនានិយម ឬអណ្តែតអណ្តូងនិយម រហូតដល់ តថនិយមរិះគន់នៅអឺរ៉ុប ខ្លឹមសារពុទ្ធិនៃស្នាដៃអក្សរសិល្ប៍មានការប្រែប្រួល ខុសៗគ្នា។
ចរន្តអណ្តែតអណ្តូងនិយមបានយកចិត្តទុកដាក់ពិសេសទៅលើពិភពក្នុងចិត្តរបស់ មនុស្ស។នៅសតវត្សរ៍ទី១៩ អក្សរសិល្ប៍យកចិត្តទុកដាក់ពិសេសលើបញ្ហាសង្គម មនុស្ស បញ្ហាជីវភាពរបស់ពួកគេ។
ឯនៅកម្ពុជា ពីសតវត្សរ៍ទី១៧ដល់ទី១៩ អក្សរសិល្ប៍ខ្មែរយើងយកចិត្តទុកដាក់ទៅលើ ការឆ្លុះបញ្ចាំងពិភពធម្មជាតិ ពិភពក្នុងចិត្ត ដែលអណ្តែតអណ្តូងរវើរវាយក្នុងពិភព សាសននាពុទ្ធិនិយម។ មកដល់សតវត្សរ៍ទី២០ អក្សរសិល្ប៍យើងមានទំនាក់ទំនង ច្រើនជាមួយបញ្ហាមនុស្ស បញ្ហាសង្គម បញ្ហាតថភាព បញ្ហាជីវភាព ដូចជារឿងទុំទាវ និរាសអង្គរ ច្បាប់ផ្សេងៗបណ្តាំក្រមង៉ុយ ប្រលោមលោកទំនើប។ល។
អក្សរសិល្ប៍ជាកម្រងឯកសារស្តីពីជីវិត ព្រោះនៅពេលមានសៀវភៅរឿងទាំងឡាយ គេរមែងយល់ដឹងច្រើន តាំងពីភាពពិស្តារនៃទេសភាពធម្មជាតិ ទំនៀមទម្លាប់ ប្រពៃណី សកម្មភាពជនជាតិ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងព្រឹត្តិការណ៍សង្គម។
២- មុខងារអប់រំ
ទន្ទឹមនឹងមុខងារពុទ្ធិ អក្សរសិល្ប៍មានមុខងារអប់រំមួយទៀតដែលបំពេញតួនាទីយ៉ាង សំខាន់។
អប់រំ អាចមានន័យថា ជាការរៀនសូត្រលើកកម្ពស់ស្មារតីកម្រិតវប្បធម៌។ តាមន័យ នេះអក្សរសិល្ប៍ដើរតួនាទីយ៉ាងសំខាន់បំផុត។ ឧទាហរណ៍ នៅពេលបានអានរឿង ច្រើនយើងរមែងមានសមត្ថភាពប្រើប្រាស់ពាក្យពេចន៍បានត្រឹមត្រូវ ជឿនលឿន មិនឆ្គងការប្រើប្រាស់ភាសា ប្រជាជនកាន់តែត្រូវបានលើកកម្ពស់សម្បូរបែបនិង ជាក់លាក់។ អក្សរសិល្ប៍-សិល្បៈរបស់ជាតិមួយនាំយើងឆ្ពោះទៅកាន់អរិយធម៌​មួយ។
អប់រំ ក៏មានអត្ថន័យថា ជាសកម្មភាពលត់ដំបំពាក់បំប៉នសិល្ប៍សញ្ចេតនា និងថាម ពលច្នៃប្រឌិតរបស់មនុស្សផងដែរ។ មនុស្សកាន់តែមានសមត្ថភាពបង្កើតចេញថែម ទៀតនូវបញ្ហាថ្មីៗ ចម្លែកៗប្រកបដោយសោភណភាព។
ជាចុងក្រោយមុខងារអប់រំត្រូវបានកំណត់ទៅលើការអប់រំសីលធម៌ បណ្តុះបណ្ណាល គុណធម៌របស់មនុស្ស។ វាមានឥទ្ធិពលកែច្នៃទស្សនលោកិយ និងទស្សនសង្គម នយោបាយរបស់មនុស្សថែមទៀត។ ឧទាហរណ៍ អត្ថបទសិលាចារិក បានអប់រំ ណែនាំមនុស្សជំនាក់ក្រោយៗ ឲ្យគោរពថែរក្សាកេរមរតកជាតិ ជាពិសេសពុទ្ធិសា- សនិកជនឲ្យខិតខំសាងកុលសផលបុណ្យ ស្អប់ខ្ពើមនិងជៀសវាងអំពើបាប។
៣-មុខងារសិល្ប៍វិជ្ជា
សិល្ប៍វិជ្ជា ជាមុខវិជ្ជាមួយដែលផ្តល់នូវសោភណរស ទារុណរស ហាសរស វិសិដ្ឋរស
សោភ័ណ ជាវត្ថុមួយដែលមានសមត្ថភាពអាចភ្ញោច ឫកន្ត្រាក់អារម្មណ៍របស់យើង ឲ្យមានសញ្ចេតនារំភើប។ មធ្យោបាយអាចសម្រចជោគជ័យនៃពុទ្ធិ និងអប់រំមានតែ សិល្ប៍វិជ្ជានេះទេ។
សិល្ប៍សកម្ម (សិល្ប៍វិធី) វាមានអំណាយជះឥទ្ធិពលលើសញ្ចេតនា។ យើងមិនអាច ចោលសិល្បៈបានទេ ហើយកុំបញ្ចូលនូវមនោគមវិជ្ជាច្រើនពេក ព្រោះវានាំឲ្យបាត់ បង់តម្លៃសិល្បៈ។ ឧទាហរណ៍ រឿងស៊ឹមអ្នកបរឡាន គ្រូបង្រៀនស្រុកស្រែ មានតែ សាច់ការ គ្មានលក្ខណៈសិល្បៈ នាំឲ្យគេមិនសូវចូលចិត្តអានព្រោះអ្នកនិពន្ធគ្មាន សិល្ប៍វិធីដើម្បីទាញអារម្មណ៍របស់អ្នកអាន។
ស្នាដៃអាចមានតម្លៃទៅបាន ត្រូវមានការអប់រំ ផ្តល់ពុទ្ធិ សិល្ប៍វិជ្ជា បើខ្វះផ្នែកណា មួយនាំឲ្យរឿនមិនល្អ។ ឧទហរណ៍ ចម្រៀងពីរោះទៅបាន លុះត្រាមានភ្លេងពីរោះ។
សរុបមក មុខងារទាំងបីជាមុខសំខាន់របស់អក្សរសិល្ប៍ តែវាក៏មានមុខងារផ្សេង ទៀតផងដែរ ដូចជា មុខងារតថៈ (ឆ្លុះបញ្ចាំងតថភាព) មុខងារកំសាន្ត។ មុខងារ ទាំងអស់គឺស្វែងរកនូវកុសល និងសុខៈ។ ស្នាដៃទាំងអស់ដែលឆ្លុះបញ្ចាំងបានល្អ អប់រំបានត្រឹមត្រូវ ផ្តល់ពុទ្ធិបានច្រើន ពោរពេញដោយការសប្បាយ នាំឲ្យអ្នកអាន អ្នកទស្សនាទទួលបានសុខៈ។
សុខៈកើតឡើងក្នុងសង្គមមនុស្សទាំងមូល ប្រសិនបើសង្គមនោះទទួលបាននូវ មនោគមវិជ្ជានៃសិល្បៈ។
កុំភ្លើតភ្លេចខ្លួន            ចេះសាសន៍ចិនយួន           កុំចោលខ្មែរយើង
កុំធ្វើក្រអឺត                   កុំពើតកុំពើង                          កុំពាក់ស្បែកជើង
                                         ចូលវត្តលោកសង្ឃ។
គួរតែយល់ដឹង
វ័យជីវិតទាំង១០របស់មនុស្ស
១- មណ្ឌទសកៈ                 ១-១០ឆ្នាំ               វ័យស្រួយ
២-ខិឌ្ឌទសកៈ                      ១១-២០ឆ្នាំ           វ័យល្បែង
៣-វណ្ណទសកៈ                   ២១-៣០ឆ្នាំ           វ័យល្អ
៤-ពលទសកៈ                    ៣១-៣០ឆ្នាំ          វ័យខ្លាំង
៥-កញ្ញាទសកៈ                  ៤១-៥០ឆ្នាំ            វ័យពិចារណា
៦-ហានិទសកៈ                  ៥១-៦០ឆ្នាំ            វ័យទន់
៧-បញ្ភារទសកៈ                ៦១-៧០ឆ្នាំ            វ័យជរា
៨-វង្កាទសកៈ                      ៧១-៨០ឆ្នាំ          វ័យកោង
៩-មោមូហទសកៈ              ៨១-៩០ឆ្នាំ           វ័យភ្លេច
១០-សយនទសកៈ            ៩០-១០០ឆ្នាំ        វ័យដេក
ទសពិធរាជធម៌ របស់ព្រះមហាក្សត្រ
១-ទាន                         ធ្វើអំណោយ
២-សីល                        កាន់សីល៥​, ៨ ឬ១០
៣-បរិច្ចាគ                    ចែកទ្រព្យទំនុកបម្រុងប្រទេស
៤-អាជ្ជវៈ                      ​ទៀងត្រង់
៥-មទ្ទវៈ                        សុភាពរាបសា
៦-តបៈ                          កាន់ឧបោសថសីលតាមកំណត់
៧-អក្កោធនៈ                មិនដុតកម្តៅអ្នកដទៃ
៨-អវិហឹសា​                   មិនបៀតបៀនអ្នកដទៃ
៩-ខន្តី                              អត់ធន់
១០-អវិរោធនៈ               មិនបំពាក់ច្បាប់
(ដកស្រង់ចេញពីសៀវភៅខេមរៈសិក្សា, ទំព័រ២៣-២៥, ឆ្នាំ២០០៦-២០០៧, សាកលវិទ្យាលបៀលប្រាយ, សាខាខេត្តសៀមរាប)

No comments:

Post a Comment