Slide Show

Tuesday, August 26, 2025

សម្រួលអារម្មណ៍រួចអាន


សម្រួលអារម្មណ៍រួចអាន….!

មុននឹងដាក់ការសង្ស័យណាមួយ ទៅលើជំហរ ឬការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា នៅក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរ សូមបងប្អូនក្រលេកមើលទៅក្រោយបន្តិច គឺនៅក្នុងការប្រយុទ្ធរយៈពេល ៥ថ្ងៃ

ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់ថៃ ថាតើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាធ្លាប់មានរារែក ឬដកថយមួយជំហានដែរឬទេ? គឺគ្មាននោះទេ មានតែទាហានដែលពលីនៅក្នុងលេនដ្ឋាន គ្មានទេទាហានរត់ចោលជួរ។ 

តើទាំងអស់នេះបញ្ជាក់ពីអ្វី?

គឺបញ្ជាក់ថាអ្វីដែលយើងមើលឃើញពីភាពស្ងប់ស្ងាត់នៅពេលនេះពុំមែនជាការចុះញ៉ម ឬដកថយចាញ់ការសម្លុត ឬឥទ្ធិពលរបស់ចោរឈ្លានពាននោះទេ តែជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីការពារទឹកដី ប៉ុន្តែមិនមែនការពារតែក្នុងថ្ងៃនេះ ពេលនេះនោះទេ គឺការពារក្នុងរយៈពេលយូរអង្វែងដោយមិនផ្តល់លេសណាមួយដល់ចោរឈ្លានពានក្នុងការផ្ទុះអាវុធដែលអាចធ្វើឱ្យបាត់បង់ជីវិតវីរកងទ័ព និងប្រជាពលរដ្ឋត្រូវជម្លៀសពីផ្ទះសម្បែង។

ហេតុអ្វីប្រតិកម្មរបស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជានៅពេលនេះខុសពីថ្ងៃទី២៤ កក្កដា ២០២៥ នៅពេលទាហានថៃចូលព័ទ្ធលួសបន្លានៅតំបន់ប្រាសាទតាមាន់ធំ?

ព្រោះកាលៈទេសៈខុសគ្នា។ ពេលនេះគឺក្រោយបទឈប់បាញ់ ដែលមានចែងយ៉ាងច្បាស់អំពីចំណុចដែលត្រូវបានហាមឃាត់ទៅលើភាគីទាំងពីរ។ ពេលនេះគឺមានប្រទេសជាច្រើនកំពុងអង្កេតមើលយ៉ាងយកចិត្តទុកដាក់ ជាពិសេសក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ថាតើនរណាជាអ្នករំលោភបទឈប់បាញ់ រហូតអាចកំណត់បានថាតើភាគីណាគឺជាប្រទេសឈ្លានពាន។ ដំណាក់កាលនេះ នរណាលោតមុនគឺអ្នកនោះហើយដែលជាអ្នកខុស។

ចុះរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាកំពុងអង្គុយនៅស្ងៀមដោយមិនធ្វើអ្វីទាំងអស់? 

មិនមែននោះទេ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មភាពនៅពីក្រោយឆាក តាមរយៈការប្រមូលភស្តុតាង យុទ្ធនាការការទូត ត្រៀមវិធានការច្បាប់ និងវិធានការផ្សេងទៀតដែលចាំបាច់។ ចំណែកកងទ័ពក៏ពុំទៅណាឆ្ងាយ ឬនៅឆ្ងាយពីបងប្អូនប្រជាពលរដ្ឋនោះដែរ ពោលកងទ័ពកម្ពុជាប្រុងជើងការជានិច្ចដើម្បីចូលអន្តរាគមន៍ក្នុងកាលៈទេសៈណាមួយដែលយោធាថៃឆ្លងផុតបន្ទាត់ក្រហម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ 

សមរភូមិមានច្រើនប្រភេទ វិញ្ញាសាក៏មានច្រើនប្រភេទ ហើយសមរភូមិនៅពេលនេះគឺជា "សមរភូមិការទូត" ហើយវិញ្ញាសារនៅពេលនេះគឺ "ការអត់ធ្មត់"។ ទោះជាសមរភូមិ ឬវិញ្ញាសារប្រភេទអ្វីក៏ដោយ គោលដៅចុងក្រោយគឺជ័យជំនះ តែមិនមែនជាជ័យជំនះតាមរយៈមធ្យោបាយបង្ហូរឈាមនោះទេ ព្រោះជីវិតរបស់វីរកងទ័ពកម្ពុជាមានតម្លៃណាស់ ដែលចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារអាយុជីវិតរបស់ពួកគាត់ ដូចដែលពួកគាត់ហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារប្រជាពលរដ្ឋ បូរណភាពទឹកដីនិងអធិបតេយ្យជាតិដូច្នោះដែរ ព្រោះពួកគាត់ពុំមែនជាផ្ទាំងស៊ីប ឬអាវក្រោះដែលយកមកគ្រាន់តែដើម្បីការពារពួកយើងពីគ្រាប់កាំភ្លើងរបស់សត្រូវនោះទេ ពួកគាត់គឺជា "វីរបុរស"។ 

ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ទុកចិត្តលើវីរកងទ័ពរបស់កម្ពុជា

"ការពារសន្តិភាព គឺការពារអនាគតរបស់កម្ពុជា"

អត្ថបទ Phearun Preng

No comments:

Post a Comment