Slide Show

Monday, August 25, 2025

ថៃ ដើរប្រាសចាកពីមាគ៌ាព្រះពុទ្ធសាសនា ព្រោះបង្កជម្លោះព្រំដែនជាមួយកម្ពុជា

ថៃ ដើរប្រាសចាកពីមាគ៌ាព្រះពុទ្ធសាសនា ព្រោះបង្កជម្លោះព្រំដែនជាមួយកម្ពុជា
សៀមរាប៖ ប្រទេសថៃ ហាក់បានដើរប្រាសចាកពីមាគ៌ាព្រះពុទ្ធសាសនា ព្រោះការរំលោភបំពា​នដ៏ធ្ងន់ធ្ងរមកលើកម្ពុជា។ ទង្វើនេះមិនសមគួរជាប្រទេសដែលគោរពព្រះពុទ្ធសាសនានោះឡើយ។ បើផ្អែកតាមទ្រឹស្ដីព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធបង្រៀនបរិស័ទត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ«សីល ៥» ក្នុងជីវិតរស់នៅប្រចាំថ្ងៃឱ្យប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែ ថៃបានចាប់ផ្ដើមវាយប្រហារមកកាន់ប្រទេសកម្ពុជាមុន។ ប្រការនេះ បានប្រាសចាកពីសិក្ខាបទទី១ គឺការមិនបៀតបៀនអាយុជីវិតអ្នកដទៃ។
ម្យ៉ាងទៀត ក្រោយបទឈប់បាញ់បានចូលជាធរមាន កងទ័ពថៃបានចាប់ខ្លួនទាហានកម្ពុជា២០រូប ដោយរំលោភបទឈប់បាញ់ និងបានបង្កើតព័ត៌មានក្លែងក្លាយជាច្រើនដើម្បីកុហកប្រជាជនខ្លួនឯងនិងអន្តរជាតិ។ នេះជាការបំពានសិក្ខាបទទី៤ គឺហាមពោលពាក្យកុហក។ បើយោងតាមការបដិបត្តិប្រាសចាកសិក្ខាបទទាំងពីរនេះ បង្ហាញឱ្យឃើញថាប្រទេសថៃ ប្រកាន់ព្រះពុទ្ធសាសនាត្រឹមតែរូបភាពប៉ុណ្ណោះ។ រីឯការបដិបត្តិគឺខុសពីការអប់រំទូន្មានរបស់ព្រះពុទ្ធជាម្ចាស់។ នេះបើតាមសង្ឃដីការបស់ព្រះតេជគុណ អួន គង់ ជាព្រះសង្ឃគង់នៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ក្នុងក្រុងសៀមរាប។
គួរជម្រាបដែរថា «សីល ៥» គឺជាមូលដ្ឋានគ្រឹះនៃសីលធម៌សម្រាប់ពុទ្ធសាសនិកជន បដិបត្តិប្រចាំថ្ងៃ។ «សីល ៥» គឺជាការវៀរចាកនូវអំពើអាក្រក់ទាំងឡាយ ហើយជួយឱ្យមនុស្សរស់នៅដោយមានសេចក្ដីសុខ សុវត្ថិភាព និងបង្កើតសង្គមមួយដែលពោរពេញដោយសីលធម៌ល្អ។
«សីល ៥» មានសិក្ខាបទចំនួន ៥ គឺ៖
សិក្ខាបទទី ១៖ បាណាតិបាតា វេរមណី - វៀរចាកការសម្លាប់សត្វដែលមានជីវិត។
សិក្ខាបទទី ២៖ អទិន្នាទានា វេរមណី- វៀរចាកការលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។
សិក្ខាបទទី ៣៖ កាមេសុមិច្ឆាចារា វេរមណី - វៀរចាកការប្រព្រឹត្តខុសក្នុងកាម (ការផិតក្បត់ ឬប្រព្រឹត្តលើកូនដែលស្ថិតក្រោមអាណាព្យាបាល)។
សិក្ខាបទទី ៤៖ មុសាវាទា វេរមណី - វៀរចាកការនិយាយកុហក។
សិក្ខាបទទី ៥៖ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី - វៀរចាកការសេពគ្រឿងស្រវឹង (ស្រា បៀរ គ្រឿងញៀន) ដែលជាហេតុនាំឲ្យបាត់បង់ស្មារតី។ ThmeyThmey

No comments:

Post a Comment