Monday, August 21, 2023

ភាពជាអ្នកដឹកនាំរបស់ ព្រះបាទ ជ័យវរ្ម័នទី៧


នៅពេលដែលឮឈ្មោះ "ជ័យវរ្ម័នទី៧" អ្នកនឹកឃើញដល់អតីតកាលដ៏រុងរឿងមួយរបស់ខ្មែរកាលសម័យអង្គរ។ កូនខ្មែរជាច្រើនស្គាល់ព្រះនាមរបស់ព្រះអង្គ ប៉ុន្តែ ភាគច្រើនមិនបានដឹងអំពីប្រវត្តិនិងស្នាដៃដឹកនាំរបស់ព្រះអង្គទេ។ តើព្រះបាទ ជ័យវរ្ម័នទី៧ បានធ្វើអ្វីខ្លះ បានជាអាណាចក្រខ្មែរ ក្រោមការដឹកនាំរបស់ព្រះអង្គ រីកលូតលាស់ រុងរឿង និងខ្លាំងពូកែម្ល៉េះ។

បើអ្នកបានចូលទៅទស្សនាសារមន្ទីរជាតិដែលស្ថិតនៅជាប់ព្រះបរមរាជវាំងទិសខាងជើង អ្នកនឹងឃើញរូបសំណាក ព្រះបាទ ជ័យវរ្ម័នទី៧ អង្គុយសមាធិជាមួយទឹកមុខញញឹមក្នុងភាពស្ងៀមស្ងាត់ ដែលស្ថិតនៅផ្នែកខាងលិចនៃសារមន្ទីរជាតិ។ បើអ្នកឈរគោរពទល់មុខរូបសំណាកព្រះអង្គ ហើយក្រលេកមើល ខាងឆ្វេងដៃអ្នក អ្នកនឹងឃើញផែនទីអាណាចក្រខ្មែរដ៏ធំទូលាយក្នុងរជ្ជកាលរបស់ព្រះអង្គនាឆ្នាំ១១៨១ ដល់ ១២២០ គ.ស ដែលគ្របដណ្តប់ផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្ន ប្រទេសថៃ ឡាវខាងត្បូង វៀតណាមភាគ កណ្តាលចុះក្រោម (អតីតនគរចម្ប៉ា និងកម្ពុជាក្រោម) និង ចំណែកខ្លះនៃប្រទេសម៉ាឡេសុីរហូតដល់ជ្រោយ កោះក្រះ និងផ្នែកខ្លះនៃប្រទេសភូមារហូតដល់ទន្លេសាល្វីន។ ប្រវត្តិវិទូបានចាត់ទុកព្រះអង្គជាក្សត្រខ្មែរ ដែលមានឫទ្ធានុភាពបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា។

រូបភាពទី១៖ កាលវេលាទាក់ទងព្រះបាទ ជ័យវរ្ម័នទី៧
រូបភាពទី២៖ ផែនទីអាណាចក្រខ្មែរក្នុងរជ្ជកាល ជ័យវរ្ម័នទី៧

*ទាញយកឯកសារជា PDF

តើយើងជាកូនខ្មែរអាចរៀនសូត្រអ្វីខ្លះអំពីភាពជាអ្នកដឹកនាំរបស់ក្សត្រដ៏ខ្លាំងពូកែនិងបុព្វបុរសដ៏មហិមារបស់យើង។ មុននឹងស្វែងយល់អំពីភាពជាអ្នកដឹកនាំគំរូរបស់ព្រះបាទ ជ័យវរ្ម័នទី៧ យើងគួរយល់ដឹងត្រួសៗអំពី ជីវប្រវត្តិរបស់ព្រះអង្គ។ ព្រះអង្គប្រសូត្រនៅឆ្នាំ១១២២ ជាបុត្ររបស់ព្រះមហាក្សត្រ ធរណីន្រ្ទវរ្ម័នទី២ ដែលគ្រងរាជ្យនៅឆ្នាំ១១៥០ ដល់ ១១៦០ និងមានមាតាជាម្ចាស់ក្សត្រីដែលមានព្រះនាម ស្រីជ័យរាជចូឌាមណី។ ព្រះអង្គមានព្រះនាមដើមថា ជ័យវធ៌ន។ បើអ្នកសង្កេតមើលមុខមាត់រាងរៅរូប សំណាកព្រះបាទ ជ័យវរ្ម័នទី៧ អ្នកអាចសន្និដ្ឋានបានថា យុវជនជ័យវធ៌ន មានរូបរាងខ្ពស់ស្រឡះស្រស់ សង្ហា ជាមួយទឹកមុខញញឹមស្វាហាប់ ឈ្លាសវៃ និងក្លាហាន។ ជ័យវធ៌នបានរៀបអភិសេកជាមួយក្សត្រី ដ៏ស្រស់សោភាមួយអង្គដែលមាននាមថា ជ័យរាជទេវី តែពេលវេលានៃការរៀបអភិសេកនេះពុំមានឯកសារ ណាបញ្ជាក់ច្បាស់ទេ។

តាមរយៈឯកសារប្រវត្តិសាស្រ្តនិងស្នាដៃបន្សល់ទុកជាប្រាង្គប្រាសាទ និងដាននៃហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះអង្គ យើងអាចធ្វើការបកស្រាយសន្និដ្ឋានអំពីភាពជាអ្នកដឹកនាំ របស់ព្រះបាទ ជ័យវរ្ម័នទី៧ សម្រាប់ជាការរៀនសូត្រនិងយកជាគំរូ ក្នុងការបំពេញតួនាទីរបស់យើង មិនថាយើងជាអ្នកដឹកនាំគ្រួសារ អង្គការ សមាគម ក្រុមហ៊ុន ឬស្ថាប័នណាទេ។ តទៅនេះ ជាសម្រង់នៃ ភាពជាអ្នកដឹកនាំរបស់ព្រះបាទ ជ័យវរ្ម័នទី៧ ដែលយើងអាចស្វែងយល់និងបកស្រាយ ដើម្បីទុកជាគតិ សម្រាប់ការរៀនសូត្រដល់កូនខ្មែរជំនាន់នេះនិងជំនាន់ក្រោយក្នុងការបំពេញកាតព្វកិច្ចជាអ្នកដឹកនាំ។

១. សេចក្តីសុខរបស់ជាតិជារឿងធំចម្បង


ព្រះមហាក្សត្រ ធរណីន្រ្ទវរ្ម័នទី២ ដែលជាបិតារបស់ជ័យវធ៌ន បានសុគតនៅឆ្នាំ១១៦០ នៅពេលដែល ជ័យវធ៌នកំពុងបំពេញបេសសកម្មយោធានៅនគរចម្ប៉ា។ នៅពេលនោះ ព្រះបាទ យសោវរ្ម័នទី២ ដែលអ្នកប្រវត្តិវិទូសន្និដ្ឋានថា អាចជាបងប្អូនប្រុស ឬជីដូនមួយរបស់ជ័យវធ៌ន បានឡើងគ្រងរាជ្យបន្ត។ ជ័យវធ៌នក៏បន្តបេសកកម្មយោធារបស់ខ្លួននៅនគរចម្ប៉ា ដោយមិនមានចិត្តច្រណែនចង់ដណ្តើមរាជសម្បត្តិទេ បើទោះបីខ្លួនជាបុត្ររបស់ព្រះមហាក្សត្រដែលមានបុព្វសិទ្ធិ និងមានសមត្ថភាពដឹកនាំល្អក៏ដោយ។ ក្នុងពេល បំពេញកាតព្វកិច្ចក្រៅប្រទេស ជ័យវធ៌នទទួលព័ត៌មានថា មានការប៉ុនប៉ងជ្រែករាជ្យមួយនៅក្នុងនគរនា ឆ្នាំ១១៦៦។ ជ័យវធ៌នបានសម្រេចវិលត្រលប់ចូលនគរវិញ ដើម្បីជួយការពាររាជបល្ល័ង្ករបស់ព្រះបាទ យសោវរ្ម័នទី២។ ក៏ប៉ុន្តែ ជ័យវធ៌នមកយឺតពេលទៅហើយ។ ការជ្រែករាជ្យរបស់មន្ត្រីជាន់ខ្ពស់ក្នុងវាំងក្រុងអង្គរ ទទួលបានជោគជ័យ ហើយមហាក្សត្រថ្មី ដែលប្រវត្តិវិទូចាត់ទុកជាក្សត្រជ្រែករាជ្យ បានឡើងសោយរាជ្យរួចហើយ ដោយប្រកាសព្រះនាមថា ព្រះបាទ ត្រិភុវនាទិត្យវរ្ម័ន

ជ័យវធ៌នមិនបានដឹកនាំចលនាបះបោរដណ្តើមរាជ្យពីព្រះបាទ ត្រិភុវនាទិត្យវរ្ម័ន វិញទេ បើទោះបីខ្លួនជា អង្គក្សត្រដែលមានសិទ្ធិត្រូវគ្រងរាជ្យបន្តនិងមានយោធាដែលព្រះអង្គធ្លាប់ដឹកនាំគាំទ្រព្រះអង្គក៏ដោយ។ ពេលនោះជ័យវធ៌នមានអាយុ ៤៤ឆ្នាំហើយ។ ព្រះអង្គសុខចិត្តទៅរស់នៅក្នុងភាពស្ងៀមស្ងាត់នៅស្រុក កំពង់ស្វាយ សំងំសិក្សារៀនសូត្រ ដោយមិនបង្កការរំខានដល់ការគ្រប់គ្រងព្រះនគរឡើយ។ ជ័យវធ៌នសម្រេចចិត្តបែបនេះ ពីព្រោះព្រះអង្គមិនចង់បង្កើតចលាចលក្នុងនគរ បង្កសង្រ្គាមសុីវិល និងបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ដែលធ្វើឱ្យព្រះនគរជាទីស្រឡាញ់របស់ព្រះអង្គចុះខ្សោយ ដោយការ ដណ្តើមរាជ្យគ្នា។ ការនេះឆ្លុះបញ្ចាំងថា ទឹកចិត្តជ័យវធ៌នបានតម្តល់ស្ថិរភាពរបស់ជាតិនិងសេចក្តីសុខរបស់ ប្រជានុរាស្រ្តជារឿងធំចម្បង ជាងការដណ្តើមរាជបល្ល័ង្កនិងការក្លាយខ្លួនជាព្រះរាជា។


នៅឆ្នាំ១១៧៧ មានការឈ្លានពានមួយពីនគរចម្ប៉ាមកលើនគរខ្មែរ ដោយទ័ពចាមធ្វើការវាយលុកក្រុងអង្គរ តាមផ្លូវទឹក ដោយមានការជួយនាំផ្លូវពីឈ្មួយចិនម្នាក់ដែលធ្លាប់រកសុីចេញចូលនគរខ្មែរតាមផ្លូវទឹក។ ទ័ពជើង ទឹកចាមចូលមកតាមដងទន្លេមេគង្គ រួចហើយឡើងតាមដៃបឹងទន្លេសាប និងវាយសម្រុកចូលក្រុងអង្គរ។ ទ័ពចាម វាយបែកក្រុងអង្គរ ហើយក៏សម្លាប់ព្រះបាទ ត្រិភុវនាទិត្យវរ្ម័ន នៅពេលនោះផងដែរ។​ បើអ្នកបានទៅទស្សនា ប្រាសាទបាយ័ន អ្នកនឹងឃើញរូបចម្លាក់តាមថែវប្រាសាទរៀបរាប់អំពីការចូលឈ្លានពានរបស់ទ័ពចាមវាយលុកក្រុងអង្គរ។

រូបភាពទី៣៖ ទ័ពចាមវាយលុកក្រុងអង្គរ

ចាប់ពីឆ្នាំ១១៧៧ នគរខ្មែរ ជាពិសេសរាជធានីអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់នគរចម្ប៉ា។ ដោយការរំដោះជាតិពីសត្រូវឈ្លានពានដង្ហោយហៅ ជ័យវធ៌ន ដែលធ្លាប់មានបទពិសោធន៍ដឹកនាំកងទ័ពនិងស្គាល់អំពី យុទ្ធសាស្រ្តយោធារបស់ចាម បានចេញមុខដឹកនាំចលនាតស៊ូរំដោះជាតិចេញពីការគ្រប់គ្រងរបស់នគរចម្ប៉ា។ ក្នុងរយៈពេល៤ឆ្នាំ ការតស៊ូរំដោះជាតិទទួលបានជោគជ័យយ៉ាងធំធេង។ ព្រះអង្គជ័យវធ៌នបានដឹកនាំកងទ័ពខ្មែរ វាយកម្ចាត់សត្រូវឈ្លានពានចាម បណ្តេញចេញពីនគរអស់នៅឆ្នាំ១១៨១ ហើយព្រះអង្គក៏ទទួលយកតួនាទី និងកាតព្វកិច្ចដឹកនាំនគរចាប់ពីពេលនោះមក ដោយទទួលយកព្រះនាមជាព្រះបាទ ជ័យវរ្ម័នទី៧ ជាមួយក្តីស្រមៃដ៏ធំធេងក្នុងការកសាងនិងពង្រីកអាណាចក្រខ្មែរ។

យើងអាចរៀនសូត្រពីស្មារតីរបស់ជ័យវធ៌នបានថា ក្នុងស្មារតីជាអ្នកដឹកនាំ យើងត្រូវតម្ដល់ផលប្រយោជន៍រួមរបស់ស្ថាប័ន អង្គការ​ សមាគម ឬក្រុមហ៊ុនជាធំ ជាចម្បង ដោយមិនត្រូវយកផលប្រយោជន៍បុគ្គលយើង ឬរឿងបុគ្គលយើងជាបញ្ហាធំ ដែលអាចបង្កជាជម្លោះដល់ក្រុមការងារ ដែលធ្វើឱ្យខូចប្រយោជន៍ធំដល់ស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុនឡើយ។ អ្នកដឹកនាំត្រូវមានស្មារតីជាអ្នកលះបង់ខ្ពស់ជាងគេ​ ច្រើនជាងគេ ដើម្បីផ្តល់សេចក្តីសុខនិងភាពរីកចម្រើនដល់អ្នកដទៃ ដល់សហការីរបស់ខ្លួន។

២. កសាងនិងការពារជាតិជាកាតព្វកិច្ចរបស់អ្នកដឹកនាំប្រទេស


ក្រោយពីរំដោះជាតិបានជោគជ័យ ព្រះបាទ ជ័យវរ្ម័នទី៧ បានរៀបចំទស្សនវិស័យកសាងជាតិឡើងវិញ ដើម្បីចលនានិងជំរុញថាមពលប្រជាជាតិខ្មែរឱ្យរស់រវើកឡើង។ ព្រះអង្គបានលើករាជធានីពីអង្គរតូច ដែលមានប្រាសាទអង្គរវត្តនៅកណ្តាល មកអង្គរធំ ដែលមានផ្ទៃដីធំទូលាយជាង និងងាយស្រួលរៀបចំប្រព័ន្ធ ការពារបានរឹងមាំជាង។ អង្គរធំមានផ្ទៃដីទំហំ ៣គម គុណ ៣គម ឬ ៩គម២ ហ៊ុំព័ទ្ធដោយកំពែងដ៏រឹងមាំធ្វើពីថ្ម បាយក្រៀមយ៉ាងក្រាស់ក្មឹកដែលមានកម្ពស់រហូតដល់៨ម។ បន្ថែមពីកំពែងដ៏រឹងមាំ មានការកសាងប្រឡាយ ឬកសិណទឹកព័ទ្ធជុំវិញកំពែង ដែលមានបណ្តោយប្រវែង ៣គម និងទទឹងប្រវែង ១០០ម ជាមួយជម្រៅ ៦ម។ កសិណទឹក ឬគូទឹកនេះហូរភ្ជាប់ទៅស្រះទឹកដ៏ធំមួយឈ្មោះបឹងធំដែលមានបណ្តោយប្រវែង ៤០០ម និង ទទឹង ២០០ម។ នៅខាងក្នុងរាជធានីមានការរៀបចំប្រព័ន្ធទឹកខ្វាត់ខ្វែង ដោយទាញទឹកតាមទ្វារទឹកពី កសិណទឹកផ្នែកខាងកើតឆៀងខាងជើង មកប្រើប្រាស់និងស្រោចស្រព​ការដាំដំណាំក្នុងរាជធានី ហើយបង្ហូរ ទឹកចេញវិញ ក្រោយប្រើប្រាស់រួច តាមទ្វារទឹកទៅកសិណទឹកទិសខាងត្បូងឆៀងខាងលិច។ នៅតាមកំពែង មានការសង់ក្លោងទ្វារចំនួន៥ ដែលក្លោងទ្វារចំនួន៤ ស្ថិតនៅចំកណ្តាលនៃកំពែងទាំង៤ទិស ហើយក្លោងទ្វារទី៥ ជាក្លោងទ្វារជ័យ ស្ថិតនៅចំងាយ ៥០០ម ពីក្លោងទ្វារទិសខាងកើត ងាកទៅទិសខាងត្បូង។ ក្លោងទ្វារ នីមួយៗមានកម្ពស់ ២៣ម សម្រាប់សម្រួល ត្រួតពិនិត្យ និងការពារការចេញចូលរាជធានីអង្គរធំ។ ការសាង សង់កំពែងដ៏ក្រាស់រឹងមាំ គូទឹកដ៏ធំនិងជ្រៅ រួមជាមួយក្លោងទ្វារដ៏ខ្ពស់គឺជាយុទ្ធសាស្រ្តដ៏ឈ្លាសវៃរបស់ព្រះបាទ ជ័យវរ្ម័នទី៧ សម្រាប់ការពាររាជធានីពីការវាយលុកផ្សេងៗរបស់សត្រូវ។ ក្រៅពីនេះ ព្រះអង្គក៏យកចិត្តទុក ដាក់ពង្រឹងកងទ័ព ដើម្បីការពារនគរពីការយាយីផ្សេងៗ ក៏ដូចជារក្សាសន្តិសុខជូនដល់ប្រជារាស្រ្តទូទៅ។ បើអ្នកពិនិត្យមើលរូបចម្លាក់តាមថែវខាងក្រៅផ្នែកខាងត្បូងនៃប្រាសាទបាយ័ន អ្នកនឹងឃើញចម្លាក់អំពីការ ហ្វឹកហាត់របស់ទាហានខ្មែរ ដែលជាវិធីសាស្រ្តនៃការពង្រឹងសមត្ថភាពរបស់កងទ័ពដើម្បីការពារនគរ។

រូបភាពទី៤៖ រាជធានីអង្គរធំ ជាមួយប្រព័ន្ធទ្វារទឹកចេញចូល


 នៅក្នុងទស្សនវិស័យកសាងជាតិ ជ័យវរ្ម័នទី៧ ក៏បានធ្វើការកសាងផ្លូវជាតិធំៗចំនួន៥ខ្សែ ដែលតភ្ជាប់ រាជធានីអង្គរទៅតំបន់ផ្សេងៗ រួមមានការតភ្ជាប់ទៅទីក្រុងវិជ័យនៃនគរចម្ប៉ា(ក្រុងប៊ិញឌិញ ប្រទេសវៀតណាម កណ្តាលបច្ចុប្បន្ន) គោរាជ(ប្រទេសថៃបច្ចុប្បន្ន) និងតំបន់សំខាន់ៗដទៃទៀតក្នុងអាណាចក្រ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដោះដូរទំនិញក្នុងប្រទេស និងការធ្វើពាណិជ្ជកម្មជាមួយបរទេស ក៏ដូចជា សម្រាប់ការចល័តទ័ពធ្វើសឹកសង្រ្គាម។ គេនៅសម្គាល់ដាននៃផ្លូវជាតិទាំងនោះបាន ដូចជាស្ពានកំពង់ក្តី និងផ្លូវចូលប្រាសាទពិមាយនៅក្នុងប្រទេសថៃបច្ចុប្បន្នជាដើម។ បើអ្នកធ្វើដំណើរតាមផ្លូវទៅសៀបរាមនិង បន្ទាយមានជ័យ អ្នកនឹងសង្កេតឃើញដានស្ពានបុរាណតូចៗ ជាច្រើនទៀត ដែលជាតឹកតាងនៃផ្លូវជាតិដែល សាងសង់នៅសម័យអង្គរ។

សិលាចារឹកមួយក្នុងសម័យព្រះបាទ ជ័យវរ្ម័នទី៧ បានចារថា “ទុក្ខរបស់រាស្ត ជាទុក្ខរបស់ក្សត្រ”។ ការនេះ ឆ្លុះបញ្ចាំងថា ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងនាមជាអ្នកដឹកនាំជាតិ បានយកចិត្តទុកដាក់ដល់សុខុមាលភាព របស់ប្រជានុរាស្រ្តជារឿងធំចម្បងមួយ។ តើព្រះអង្គបានធ្វើអ្វីខ្លះចំពោះរឿងនេះ? សិលាចារឹកប្រាសាទព្រះខ័នចារឆ្លាក់អំពីសាលាសំណាក់ចំនួន ៥៧ ដែលបានសាងសង់តាមផ្លូវជាតិពីរាជធានី អង្គរទៅកាន់ក្រុងវិជ័យនៃនគរចម្ប៉ា ដែលមានគម្លាតពីគ្នាពី​ ១២ ទៅ ១៨គម ដើម្បីជួយផ្តល់កន្លែងសម្រាក ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរផ្លូវឆ្ងាយ។ យោងតាមឯកសារប្រវត្តិសាស្រ្ត តាមផ្លូវជាតិឆ្ងាយៗទាំង៥ខ្សែ មានការសាងសង់សាលាសំណាក់ចំនួន១២៩ នៅសម័យព្រះបាទ ជ័យវរ្ម័នទី៧។

បើអ្នកបានទៅទស្សនាប្រាសាទបាយ័ន អ្នកនឹងពិនិត្យឃើញផ្ទាំងចម្លាក់គួរឱ្យចាប់អារម្មណ៍មួយ ដែលស្ថិត នៅថែវខាងក្រៅ ផ្នែកខាងត្បូងចំហៀងខាងកើត គឺមានការឆ្លាក់បង្ហាញអំពីស្រ្តីកំពុងសម្រាលកូនក្នុងមន្ទីរពេទ្យ។ អ្នកប្រវត្តិវិទូបានសិក្សាដឹងថា នៅក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ មានការសាងសង់មន្ទីរពេទ្យចំនួន១០២ សម្រាប់ពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។ យោងតាមសិលាចារឹកនៅប្រាសាទតាព្រហ្ម និងជ័យផ្វុង ក្បែរក្រុងវៀងចន្ទន៍ ប្រទេសឡាវ មានការកត់ត្រាយ៉ាងក្បោះក្បាយអំពីរបៀបចាត់ចែងគ្រប់គ្រង និងផ្គត់ផ្គង់ ក្នុងមន្ទីរពេទ្យទាំងនោះ ថែមទាំងបរិយាយអំពីចំណាយនិងឈ្មោះថ្នាំសង្កូវផងដែរ។

រូបភាពទី៥៖ ស្រ្តីសម្រាលកូនក្នុងមន្ទីរពេទ្យ


 @រូបភាព ថតចេញពីចម្លាក់នៅប្រាសាទបាយ័ន (ថែវខាងក្រៅ ផ្នែកខាងត្បូង ចំហៀងខាងកើត)

ព្រះបាទ ជ័យវរ្ម័នទី៧ បានបំពេញកាតព្វកិច្ចជាអ្នកដឹកនាំជាតិដោយបង្កើតទស្សនវិស័យការពារ និង កសាងជាតិ ព្រមទាំងរៀបចំផែនការ និងធ្វើសកម្មភាពដើម្បីសម្រេចក្តីស្រមៃដ៏ធំធេងនោះ ដែលធ្វើឱ្យប្រទេស ជាតិរីកលូតលាស់ ខ្លាំងពូកែ សម្បូរសប្បាយ និងប្រជារាស្រ្តរស់នៅមានសេចក្តីសុខនិងសុវត្ថិភាពល្អ។

បានយល់អំពីកាតព្វកិច្ចរបស់ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងការការពារនិងកសាងជាតិ យើងអាចរៀនសូត្រ បានថា ក្នុងតួនាទីជាអ្នកដឹកនាំ មិនថាយើងដឹកនាំគ្រួសារ ស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុន យើងមាន កាតព្វកិច្ចត្រូវបំពេញ ធ្វើយ៉ាងណាការពារនិងកសាងគ្រួសារយើងឱ្យរស់នៅបានសុខ មានសុភមង្គល និងមានភាពរីកចម្រើន។ ក្នុងនាមជាអ្នកដឹកនាំស្ថាប័ន អង្គការ ឬក្រុមហ៊ុន អ្នកត្រូវយកចិត្តទុកដាក់បង្កើត និងពង្រឹងគោលការណ៍ នីតិវិធី និងវិន័យ ដើម្បីធានាការពារដំណើរប្រព្រឹត្តរបស់ស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុនឱ្យបានល្អ។ អ្នកត្រូវយកចិត្តទុកដាក់ កសាងសមត្ថភាពបុគ្គលិក កម្មករ សហការី ដោយមាន កម្មវិធីបណ្តុះបណ្តាល និងផ្តល់ភាពជាគំរូនៃការបំពេញការងារល្អ។ អ្នកត្រូវកសាងផែនការយុទ្ធសាស្រ្ត និងរៀបចំផែនការប្រតិបត្តិ ដើម្បីផ្តល់ទិសដៅនិងផែនការច្បាស់លាស់ដល់សហការីដែលកំពុងធ្វើដំណើរ ជាមួយអ្នក។ សហការីអ្នកត្រូវការកម្លាំងជំរុញចិត្តដែលកើតចេញពីផែនការយុទ្ធសាស្រ្ត ដែលការសម្រេច គោលដៅនៃផែនការនោះគឺជាក្តីស្រមៃរួមសម្រាប់ចលនាថាមពលក្រុមការងារទាំងមូល។

៣. ការដឹងគុណជាគុណធម៌នៃអ្នកដឹកនាំ


ក្រៅពីការកសាងរាជធានីអង្គរធំ ផ្លូវជាតិ មន្ទីរពេទ្យ សាលាសំណាក់ បណ្ណាល័យ សាលារៀន ប្រព័ន្ធទឹក សម្រាប់ប្រើប្រាស់និងស្រោចស្រពដំណាំ ព្រះបាទ ជ័យវរ្ម័នទី៧ ក៏បានយកចិត្តទុកដាក់កសាងប្រាសាទ ជាច្រើន ដើម្បីឧទ្ទិសនិងរំឮកដឹងគុណដល់មាតាបិតា គ្រូបាធ្យាយ និងបុព្វបុរសដែលមានគុណបំណាច់ចំពោះ​ ជាតិមាតុភូមិ។ ព្រះអង្គកសាងប្រាសាទតាព្រហ្មដើម្បីឧទ្ទិសដឹងគុណដល់មាតារបស់ព្រះអង្គគឺ ម្ចាស់ក្សត្រី ស្រីជ័យរាជចូឌាមណី។ បច្ចុប្បន្ន ប្រាសាទតាព្រហ្មបានក្លាយជាប្រាសាទប្រណិតមួយទាក់ទាញចំណាប់ អារម្មណ៍របស់ទេសចរមកទស្សនាតំបន់អង្គរ ដោយសារតែភាពស្រស់ស្អាតនៃប្រាសាទបូកផ្សំនិងដើមឈើធំៗ ដុះលាយឡំជាមួយថ្មប្រាសាទគួរជាទីមនោរម្យ។ យោងតាមឯកសារប្រវត្តិសាស្រ្ត ប្រាសាទតាព្រហ្មចាប់ផ្តើម សាងសង់នៅចុងសតវត្សទី១២ គឺនៅឆ្នាំ១១៨៦ ៥ឆ្នាំក្រោយការឡើងគ្រងរាជ្យរបស់ព្រះអង្គ។ ប្រាសាទតាព្រហ្ម មានកំពែងព័ទ្ធជុំវិញដែលបណ្តោយពីកើតទៅលិចមានប្រវែង ១គម និងទទឹងពីជើងទៅត្បូង មានប្រវែង ៦៥០ម។ សិលាចារឹកក្នុងប្រាសាទបរិយាយថា សម័យកាលនោះមានមនុស្សរស់នៅក្នុងបរិវេណប្រាសាទចំនួន ១២,៦៤០នាក់។

នៅឆ្នាំ១១៩១ គឺ១០ឆ្នាំក្រោយពីរំដោះជាតិបានជោគជ័យពីការឈ្លានពានរបស់ចាម ព្រះបាទ ជ័យវរ្ម័នទី៧ បានដាក់ផែនការនិងចាប់ផ្តើមសាងសង់ប្រាសាទព្រះខ័នដើម្បីឧទ្ទិសរំឮកគុណដល់ព្រះបិតារបស់ព្រះអង្គ គឺព្រះបាទ ធរណីន្រ្ទវរ្ម័នទី២។ ប្រាសាទព្រះខ័នមានផ្ទៃដីសរុប ៥៦ហិកតា (បណ្តោយ៨០០ម x ទទឹង៧០០ម) ដែលរួមមានផ្ទៃប្រាសាទ កំពែង និងបារាយទឹកព័ទ្ធជុំវិញ។ នៅលើផ្ទៃចន្លោះកំពែងនិងបារាយទឹក មានស្រះទឹក ចំនួន៥។ គេបានដឹងថា ប្រាសាទព្រះខ័នមិនត្រឹមតែជាប្រាសាទសម្រាប់គោរពបូជាទេ តែជាសាកលវិទ្យាល័យដ៏ ធំមួយ ដែលមានសាស្រ្តាចារ្យស្នាក់នៅចំនួន១០០០នាក់។

ក្រៅពីនោះមានប្រាសាទជាច្រើនទៀត ដូចជាប្រាសាទបន្ទាយឆ្មារ(នៅបន្ទាយមានជ័យ) តាសោម តានៃ នាគព័ន្ធ តាព្រហ្មបាទី ភ្នំបាណន់ ដែលបានកសាងឡើងដើម្បីឧទ្ទិសដល់អ្នកមានគុណបំណាច់ចំពោះជាតិ។

ការកសាងប្រាសាទដើម្បីឧទ្ទិសរំឮកគុណដល់បុព្វការីជនដែលជាទឹកចិត្តរបស់ព្រះបាទ ជ័យវរ្ម័នទី៧ បញ្ជាក់ថាព្រះអង្គ ប្រកាន់យកគុណធម៌នៃការដឹងគុណ ដែលជាគុណធម៌មួយដ៏ល្អប្រពៃនៃអ្នកដឹកនាំ ដែលគុណធម៌នេះនាំមកនូវស្មារតីបង្រួបបង្រួមជាតិ ដោយតាមរយៈគុណធម៌នេះវាធ្វើឱ្យមានការពេញចិត្ត គាំទ្ររបស់បងប្អូនកូនចៅផៅសណ្តាននៃអ្នកដែលបានបូជាលះបង់ដើម្បីជាតិមាតុភូមិ ដែលពួកគេបានឃើញ អ្នកដឹកនាំផ្តល់តម្លៃដល់បុព្វការីជនរបស់គេ។ គុណធម៌ដ៌ល្អប្រពៃនេះក៏ទទួលបានការគាំទ្រពីមហាជន ហើយក៏ជំរុញចិត្តមន្រ្តីនិងប្រជាពលរដ្ឋឱ្យមានស្មារតីលះបង់ដើម្បីជាតិ ពីព្រោះគេដឹងថា គឹនឹងទទួលបានការ ដឹងគុណពីអ្នកដឹកនាំជាតិមកវិញចំពោះការលះបង់របស់គេ។

នេះជាមេរៀនដ៏ល្អសម្រាប់អ្នកដឹកនាំទាំងឡាយ រួមទាំងអ្នកដឹកនាំអង្គការ សមាគម ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ដែលគួរយកតម្រាប់តាមក្នុងការសំដែងការដឹងគុណដល់បុគ្គលិក កម្មករ ឬសហការីដែលបានបំពញការងារ បានល្អ ដោយផ្តល់ជារង្វាន់លើកទឹកចិត្តជាទម្រង់ផ្សេងៗ ដូចជាប័ណ្ណសរសើរ ប្រាក់បន្ថែម ការសរសើរលើក ទឹកចិត្ត មេដៃកិត្តិយស។ល។ និង ។ល។ កាយវិការសំដែងការដឹងគុណរបស់អ្នកដឹកនាំគឺជាកម្លាំងជំរុញចិត្តដ៏ ល្អប្រពៃដល់សហការីឱ្យខិតខំបំពេញការងារបន្ថែមទៀតដោយពុំខ្លាចនឿយហត់។

៤. បើកចិត្តទូលាយដើម្បីបង្រួបបង្រួម


ជាមួយនឹងការកសាងរាជធានីថ្មីនៅអង្គរធំ​ ព្រះបាទ ជ័យវរ្ម័នទី៧ បានកសាងប្រាសាទគួរឱ្យស្ញប់ស្ញែងមួយនៅចំកណ្តាលបរិវេណរាជធានី គឺប្រាសាទបាយ័ន។ ប្រាសាទបាយ័នមើលទៅហាក់សំដែងមហិទ្ធិរិទ្ធដ៏ខ្លាំងពូកែ នៃអាណាចក្រខ្មែរសម័យអង្គរ។ តួប្រាសាទទាំងមូលមានទំហំដែលមានបណ្តោយ១៥៦ម គុណនិង ទទឹង១៤១ម ហើយប្រាសាទផ្នែកខាងក្នុងមានទំហំ បណ្តោយ៨០ម គុណនិង ទទឹង៧០ម។ ប្រាសាទបាយ័ន មានកំពូលសរុប ៥៤ ដែលអមដោយចម្លាក់រូបព្រហ្មមុខបួនញញឹមក្នុងភាពស្ងៀមស្ងាត់និងរាក់ទាក់ចំនួន២១៦ ដែលជាតំណាងព្រះភក្ត្រអវលោកេស្វរៈ។ អ្នកជំនាញបុរាណវិទ្យាមួយចំនួនថា កំពូលប្រសាទមានចំនួនតែ៤៩ទេ ហើយបច្ចុប្បន្ននេះយើងអាចនៅមើលឃើញនិងរាប់កំពូលប្រសាទបានតែចំនួន៣៧ប៉ុណ្ណោះ។ តាមអ្នកបុរាណ វិទ្យា ប្រាសាទបាយ័នត្រូវបានចាប់ផ្តើមកសាងឡើងនៅឆ្នាំ១២០០ គឺ៩ឆ្នាំក្រោយពីការរំដោះជាតិចេញពីការ គ្រប់គ្រងរបស់នគរចម្ប៉ា។ នៅតាមថែវប្រាសាទមានការឆ្លាក់រូបរស់រវើកអំពីជីវភាព​ប្រចាំថ្ងៃក្នុងសង្គមខ្មែរនា សម័យនោះ ដោយមានរូបសត្វផ្សេងៗ រទេះគោ ការបរបាញ់ ស្រ្តីចម្អិនម្ហូបអាហារ ការលក់ដូរនៅផ្សារ ស្រ្តីកំពុងសម្រាលកូនក្នុងមន្ទីពេទ្យ ការភ្នាល់មាន់ជុល ការជួបប្រជុំជាមួយពានិជ្ចករចិន កងទ័ពកំពុងហ្វឹកហាត់ ក៏ដូចជារូបចម្លាក់អំពីប្រវត្តិចម្បាំងជាមួយទ័ពចាមដែលបានមកលុកលុយឈ្លានពាននគរខ្មែរ។

ក៏ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរូបចម្លាក់ផ្នែកខាងក្នុងប្រាសាទបាយ័ន ដែលមានរូបចម្លាក់ តំណាងជំនឿសាសនាផ្សេងៗនៅជាមួយគ្នា។ គេសង្កេតឃើញមានរូបចម្លាក់ព្រះសិវៈ ព្រះវិស្ណុ និងទេវកថា ដែលតំណាងឱ្យសាសនាព្រាហ្មណ៍ ហើយក៏មានរូបព្រះពុទ្ធដែលតំណាងឱ្យព្រះពុទ្ធសាសនា បូករួមទាំងរូបអវតា ផ្សេងៗដែលប្រជាពលរដ្ឋជឿគោរពតាមតំបន់ផងដែរ។ យោងតាមឯកសារប្រវត្តិសាស្រ្តជាច្រើនបានបញ្ជាក់ថា​ ព្រះបាទ ជ័យវរ្ម័នទី៧ ជាអ្នកគោរពប្រតិបត្តិសាសនាព្រះពុទ្ធដ៏ខ្ជាប់ខ្ជួន ហើយព្រះមហេសីព្រះអង្គ គឺព្រះនាង ឥន្រ្តទេវី និង ព្រះនាង ជ័យរាជទេវី ក៏ជាអ្នកគោរពព្រះពុទ្ធសាសនាដ៏មាំមួនដែរ។ សាសនាព្រះពុទ្ធ ដែលគេជឿ គោរពក្នុងរជ្ជកាល ព្រះបាទ ជ័យវរ្ម័នទី៧ គឺជាទម្រង់ព្រះពុទ្ធសាសនាបែបមហាយាន។ រូបសំណាក ព្រះអង្គដែលអង្គុយសមាធិក៏បញ្ជាក់យ៉ាងច្បាស់ផងដែរថា ព្រះអង្គជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។

បើទោះបីព្រះអង្គជាអ្នកគោរពព្រះពុទ្ធសាសនាក៏ដោយ ក៏ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងនាមជាអ្នកដឹកនាំជាតិ មានទឹកចិត្តបើកទូលាយដល់ជំនឿសាសនាផ្សេងៗ ដែលនេះជាស្មារតីនៃអ្នកដឹកនាំដែលមានទស្សនវិស័យ បង្រួបបង្រួមជាតិ ដោយព្រះអង្គចេះប្រើប្រាស់ក្រុមមនុស្សដែលមានសមត្ថភាពខ្លាំង ហើយមានជំនឿសាសនា ផ្សេងគ្នា ឱ្យចេះយោគយល់គ្នា និងធ្វើការរួមគ្នា ដើម្បីកសាងជាតិមួយដែលខ្លាំង រឹងមាំ និងថ្លៃថ្នូរ។ ទឹកចិត្តបើក ទូលាយចំពោះជំនឿផ្សេងគ្នានេះ ប្រាកដណាស់ បានជួយកាត់បន្ថយជម្លោះសាសនាដែលអាចបង្កជាការ រំខានផ្សេងៗដល់កិច្ចការកសាងជាតិ ក៏ដូចជាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងនគរ។

ក្នុងងនាមជាអ្នកដឹកនាំក្នុងស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុន យើងត្រូវរៀនសូត្រពីទឹកចិត្តបើកទូលាយនេះ ចំពោះគំនិតយោបល់ផ្សេងគ្នា ជំនឿខុសគ្នា និងត្រូវចេះសំយោគភាពខុសគ្នានេះឱ្យក្លាយជាថាមពលរួមក្នុង ការងារជាក្រុម ដើម្បីបង្កើតគំនិតសំយោគថ្មី និងសមិទ្ធិផលថ្មីៗ ដើម្បីជាប្រយោជន៍នៃភាពរីកចម្រើនដល់ក្រុម ការងារ។ ការបើកចិត្តឱ្យទូលាយនេះក៏មានសារប្រយោជន៍ផងដែរដល់ការកសាងភាពសុខដុមក្នុងក្រុមការងារ និងវិបុលភាពនៃស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុនដែលយើងដឹកនាំ។

៥. រើសយកអ្នកចេះមកនៅក្បែរខ្លួន


ឯកសារប្រវត្តិសាស្រ្តអំពីអាណាចក្រខ្មែរ ជាពិសេសអំពី ព្រះបាទ ជ័យវរ្ម័នទី៧ បានឱ្យយើងដឹងថា ភរិយាទី១ របស់ព្រះអង្គ គឺព្រះនាង ជ័យរាជទេវី បានសុគតដោយសារជំងឺ។ ក្រោយមក ព្រះអង្គក៏រៀបអភិសេកជាមួយ ព្រះនាង ឥន្រ្តទេវី ដែលត្រូវជាបងស្រីបង្កើតរបស់ព្រះនាង ជ័យរាជទេវី ដែលប្រវត្តិវិទូជាច្រើនជឿថា ព្រះនាង ឥន្រ្តទេវី គឺជាស្រ្តីអ្នកចេះដឹងជ្រៅជ្រះម្នាក់កាលសម័យនោះ។ ការនេះសបញ្ជាក់ថា ព្រះបាទ ជ័យវរ្ម័នទី៧ ធ្វើការសម្រេចយកស្រ្តីចេះដឹងជ្រៅជ្រះមកនៅកៀកខ្លួនព្រះអង្គ ដើម្បីជួយផ្តល់គំនិតយោបល់ក្នុងកិច្ចការ ដឹកនាំជាតិ ជាជាងការឱ្យតម្លៃនិងជ្រើសរើសយកស្រ្តីក្មេងមានរូបឆោមលោមពណ៌ស្រស់ឆើតឆាយមកធ្វើជាមហេសី។

សិលាចារឹកបានបង្ហាញថា ព្រះបាទ ជ័យវរ្ម័នទី៧ មានរាជគ្រូជាព្រាហ្មបុរោហិតដ៏ខ្លាំងពូកែម្នាក់ ដែលមាន នាមថា ជ័យកិរត្តិបណ្ឌិត។ ក្រោយមកចៅប្រុសរបស់រាជគ្រូ ជ័យកិរត្តិបណ្ឌិត បានកសាងប្រាសាទក្រវ៉ាន់ ដើម្បី ឧទ្ទិសរំឮកគុណដល់ជីតារបស់គេ ដែលជាអ្នកមានចំណេះដឹងជ្រៅជ្រះនិងបានខិតខំធ្វើការបម្រើជាតិក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧។

ការកសាងរាជធានីអង្គរធំដែលគិតល្អិតល្អន់អំពីយុទ្ធសាស្រ្តការពារដ៏ហ្មត់ចត់និងរឹងមាំ ជាមួយប្រព័ន្ធទឹក ខ្វាត់ខ្វែងសម្រាប់ប្រើប្រាស់និងស្រោចស្រព ការគ្រប់គ្រងនិងហ្វឹកហាត់កងទ័ព ដើម្បីការពារនិងពង្រីក អាណាចក្រ និងការកសាងហេដ្ឋារចនាសម្ប័ន្ធស្ពានថ្នល់ មន្ទីរពេទ្យ សាលាដំណាក់ ក៏ដូចជាប្រាង្គប្រាសាទធំៗ ជាច្រើន អាចឱ្យយើងឆ្លុះបញ្ចាំងបានថា ព្រះបាទ ជ័យវរ្ម័នទី៧ មានទេពកោសល្យខ្ពស់ក្នុងការចេះរើស និងប្រើមនុស្សដែលមានសមត្ថភាពជាច្រើនឱ្យមកធ្វើការជាមួយព្រះអង្គ ព្រមទាំងឱ្យចេះធ្វើការជាក្រុម សហការរួមគ្នាបានល្អ ដើម្បីកសាងសមិទ្ធិផលធំៗជាច្រើនចំពោះជាតិ។ យើងដឹងហើយថា រាល់សមិទ្ធិផល ធំធេងទាំងឡាយមិនអាចសម្រេចឡើងដោយការងាររបស់មនុស្សម្នាក់ទេ វាត្រូវការមនុស្សជាច្រើនដែលមាន សមត្ថភាពចេះធ្វើការរួមគ្នា ហើយត្រូវមានអ្នកដឹកនាំដែលយល់ដឹងអំពីសារសំខាន់នៃការបំពេញការងារជាក្រុម។

ប្រវត្តិវិទូ ក៏ដូចជាសិលាចារឹកបានបញ្ជាក់ថា ព្រះបាទ ជ័យវរ្ម័នទី៧ បានបណ្តុះនិងបង្ហាត់បង្រៀនយុវក្សត្រ ចាមមួយអង្គដែលមាននាមថា ជ័យវិទ្យានន្ទន៍ ដែលជាមនុស្សមានទេពកោលសល្យផ្នែកយោធា។ ក្រោយមក ព្រះអង្គបានប្រើ ជ័យវិទ្យានន្ទន៍ ឱ្យជួយបង្រ្កាបការបះបោរ និងក្នុងយុទ្ធនាការយោធាពង្រីកអាណាចក្រ ដោយវាយយកនគរចម្ប៉ាជាចំណុះដោយជោគជ័យនៅឆ្នាំ១១៩០។

តាមព័ត៌មានដែលរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា ព្រះបាទ ជ័យវរ្ម័នទី៧ ជាអ្នកដឹកនាំដែល ស្រឡាញ់ចូលចិត្ត គោរពអ្នកចេះដឹង បើទោះបីអ្នកមានចំណេះដឹងទាំងនោះមានជំនឿសាសនាខុសពីព្រះអង្គ ក៏ដោយ។ ព្រះអង្គចេះផ្តល់តម្លៃនិងរើសមនុស្សមានសមត្ថភាពឱ្យមកនៅក្បែរខ្លួន ដើម្បីជួយផ្តល់យោបល់ និង បំពេញកិច្ចការកសាងនិងការពារជាតិ។ បន្ថែមពីនោះ ព្រះអង្គមានទេពកោសល្យធ្វើឱ្យមនុស្សចេះដឹងជាច្រើន ចេះធ្វើការរួមគ្នាជាក្រុម ដើម្បីកសាងសមិទ្ធិផលធំៗក្នុងការការពារនិងកសាងអាណាចក្រ។

ក្នុងនាមជាអ្នកដឹកនាំ នេះជាមេរៀនដ៏ល្អសម្រាប់អ្នក បើអ្នកចង់ឱ្យអង្គការ សមាគម ឬក្រុមហ៊ុនមានដំណើរការ និងរីកលូតលាស់ទៅមុខល្អ អ្នកត្រូវចេះមើលនិងជ្រើសរើសយកមនុស្សមានសមត្ថភាពពិតប្រាកដមកនៅក្បែរខ្លួន ហើយបង្កលក្ខណៈឱ្យអ្នកចេះដឹងបញ្ចេញសមត្ថភាពបំពេញកិច្ចការ ដោយមិនភ័យខ្លាច ឬច្រណែនចំពោះ សមត្ថភាពរបស់គេ។ បន្ថែមពីនេះ អ្នកដឹកនាំត្រូវបង្កើតបរិយាកាសអំណោយផល និងជំរុញឱ្យអ្នកចេះដឹង ជាច្រើនចេះធ្វើការសហការគ្នាជាក្រុមឱ្យបានល្អ ដើម្បីកសាងសមិទ្ធិផលសំខាន់ៗរួមគ្នា។

៦. ធ្វើចិត្តឲ្យស្ងប់ដើម្បីបណ្តុះបញ្ញា


បើអ្នកបានទៅទស្សនាសារមន្ទីរជាតិក្នុងទីក្រុងភ្នំពេញ អ្នកនឹងឃើញរូបសំណាក ព្រះបាទ ជ័យវរ្ម័នទី៧ អង្គុយបែបសមាធិ ដែលស្ថិតនៅផ្នែកខាងលិចនៃសារមន្ទីរជាតិ។ តាមព៌ត៌មាននិងរូបភាពពីអ្នកបានទៅទស្សនា សារមន្ទីរមួយចំនួននៅប្រទេសថៃនិងប្រទេសឡាវ ក៏មានរូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧ នៅទីនោះដែរ ដែលរូបសំណាកព្រះអង្គមានភិនភាគអង្គុយបែបសមាធិ។ ក៏ប៉ុន្តែ យោងតាមរបកគំឃើញថ្មីៗកាលពីឆ្នាំ២០១៩ របស់អាជ្ញាធរអប្សារានិងអ្នកជំនាញសាលាបារាំង EFEO បានសន្និដ្ឋានថា រូបសំណាកភាគច្រើនរបស់ព្រះអង្គ ជាកាយវិការអង្គុយសំពះទេ ហើយក៏ទទួលស្គាល់ផងដែរថា មានរូបសំណាកមួយចំនួនកំពុងអង្គុយសមាធិ ពិតប្រាកដមែន។

រូបភាពទី៦៖ រូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧ អង្គុយសមាធិ (នៅផាថាត់លួង ប្រទេសឡាវ)
យ៉ាងណាក៏ដោយ យើងបានដឹងថា ព្រះបាទ ជ័យវរ្ម័នទី៧ គឺជាក្សត្រដែលកាន់ព្រះពុទ្ធសាសនា ដ៏ខ្ជាប់ខ្ជួនម្នាក់ ហើយសមាធិគឺជាការបង្រៀនរបស់ព្រះពុទ្ធក្នុងការប្រតិបត្តិ ដើម្បីធ្វើចិត្តឱ្យស្ងប់ ជ្រះថ្លា និងបរិសុទ្ធ ព្រមទាំងធ្វើឱ្យបញ្ញាដុះកើនឡើង។ អ្នកវិទ្យាសាស្រ្តបច្ចុប្បន្នកាន់តែច្រើនឡើងបានទទួលស្គាល់ អំពីឥទ្ធិពលល្អប្រពៃនៃការធ្វើសមាធិមកលើសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកប្រតិបត្តិខ្ជាប់ខ្ជួននិងត្រឹមត្រូវ។ ការមានរូបសំណាកព្រះអង្គអង្គុយសមាធិឆ្លុះបញ្ចាំងថា ព្រះអង្គបានប្រតិបត្តិធម៌សមាធិបានខ្ជាប់ខ្ជួន ពីព្រោះព្រះអង្គទទួលបានបទពិសោធន៍ល្អប្រសើរចេញពីការប្រតិបត្តិសមាធិ ហើយព្រះអង្គចង់ផ្សព្វផ្សាយ បង្រៀនអ្នកដទៃឱ្យយល់ដឹងអំពីសារប្រយោជន៍នៃការប្រតិបត្តិសមាធិដែលធ្វើឱ្យចិត្តបានស្ងប់ ជ្រះថ្លា និងភ្លឺស្វាង ដើម្បីបំពេញកិច្ចការជាអ្នកដឹកនាំប្រកបដោយបញ្ញាឈ្លាសវៃនិងប្រសិទ្ធិភាពខ្ពស់។

ក្នុងតូនាទីជាអ្នកដឹកនាំ​ ជារឿងសំខាន់មួយដែលយើងត្រូវចេះគ្រប់គ្រងចិត្តយើងឱ្យបានស្ងប់ល្អ ចៀសវាងការខឹង ក្រេវក្រោធ ដែលការខឹងក្រោធរុញឱ្យយើងសម្លឹងមើលបញ្ហាជាមួយភាពលំអៀងទៅរកកំហឹង មើលមិនឃើញ សេចក្តីពិត បង្កឱ្យមានការសម្រេចចិត្តខុសនាំមហន្តរាយដល់ស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុន ដែលយើង ជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់ក្រុមការងារទាំងមូល។ ការធ្វើចិត្តឱ្យស្ងប់និងជ្រះថ្លាធ្វើឱ្យយើង គិតត្រូវ គិតបានវែងឆ្ងាយ គិតគ្រប់ជ្រុងជ្រោយ ដែលនឹងជួយយ៉ាងខ្លាំងក្នុងការស្រមៃបង្កើតទស្សនវិស័យ ក៏ដូចជាការធ្វើការសម្រេចចិត្តលើរឿងសំខាន់ផ្សេងៗ។

៧. ចិត្តមេត្តាត្រូវមានព្រំដែន


យោងតាមឯកសារប្រវត្តិសាស្រ្តបានឱ្យដឹងថា ១ឆ្នាំក្រោយការរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់នគរចម្ប៉ា មានការបះបោរមួយបានកើតឡើងនៅតំបន់ម៉ាលីយ៉ង់ (បាត់ដំបងបច្ចុប្បន្ន)។ ពេលនោះ ព្រះបាទ ជ័យវរ្ម័នទី៧ បានបញ្ជូនកងទ័ពភ្លាមៗ ដើម្បីបង្រ្កាបចលនាបះបោរកុំឱ្យរីកធំទាន់ ដែលអាចបង្កទៅជា សង្រ្គាមសុីវិល ធ្វើឱ្យបះពាល់ដល់សន្តិសុខសុវត្ថិភាពប្រជារាស្រ្ត និងការរំខានផ្សេងៗដល់កិច្ចការកសាង និងការពារជាតិ។ ក្រោយបង្រ្កាបការបះបោរបានជោគជ័យ ទើបព្រះអង្គរៀបពិធីអភិសេកឡើងគ្រងរាជ្យជា ព្រះមហាក្សត្រនៃអាណាចក្រខ្មែរ។ បើអ្នកបានដើរទស្សនារូបចម្លាក់នៅថែវខាងក្រៅ ផ្នែកខាងលិច ចំហៀងខាងត្បូង ប្រាសាទបាយ័ន (ដើរពិនិត្យពីត្បូងទៅជើង) អ្នកនឹងឃើញមានការឆ្លាក់រៀបរាប់អំពីសង្គ្រាម សុីវិល ដែលចាប់ផ្តើមជាមួយវិវាទផ្ទៃក្នុងរវាងកងទ័ពនិងកងទ័ព បង្កទៅជាការប្រយុទ្ធគ្នាបង្ហូរឈាម ធ្វើឱ្យប្រជា រាស្រ្តបង្ខំចិត្តរត់ភាសខ្លួនទាំងក្មេងទាំងចាស់ ដោយមានការលីអីវ៉ាន់នៅនឹងស្មារ ហើយពរកូនតូចៗនៅនឹង ដៃផង។ ចម្លាក់នេះព្រះអង្គចង់បង្រៀនអ្នកដឹកនាំជំនាន់ក្រោយថា កាលណាមានជន្លោះផ្ទៃក្នុងបង្កជា កលយុគធ្ងន់ធ្ងរ ធ្វើឱ្យមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយប្រជារាស្រ្តនឹងទទួលរងទុក្ខធ្ងន់ជាងគេ។ ដូច្នេះ អ្នកដឹកនាំជាតិត្រូវមានកាតព្វកិច្ចបង្កា ការពារ និងបង្រ្កាបកុំឱ្យមានការបះបោរ ឬកលយុគកើតឡើងក្នុងនគរ ដោយត្រូវចេះប្រើបញ្ញា ឈ្វេងយល់ថារឿងកម្រិតណាអាចអត់ឱនយោគយល់បាន ហើយរឿងណាត្រូវមានចិត្ត ដាច់ណាត់ត្រូវបង្រ្កាប ឬដាក់ទោសធ្ងន់ធ្ងរ ដើម្បីជាប្រយោជន៍សម្រាប់ជាតិទាំងមូល។

រូបភាពទី៧៖ ចម្លាក់អំពីសង្រ្គាមសុីវិល



@រូបភាព ថតចេញពីចម្លាក់នៅប្រាសាទបាយ័ន (ថែវខាងក្រៅ ផ្នែកខាងលិច ចំហៀងខាងត្បូង)

មេរៀនប្រវត្តិសាស្រ្តនៃការគ្រប់គ្រងអាណាចក្រជាច្រើនបានបង្ហាញថា ក្នុងការដឹកនាំនគរ តែងមានក្រុមខិលខូច ចង់បង្កការរំខានផ្សេងៗ ធ្វើឱ្យមានចលាចលក្នុងសង្គម ដើម្បីពួកគេមានឱកាសឆក់ប្លន់ពីប្រជាពលរដ្ឋ ទាញយកប្រយោជន៍ផ្សេងៗ ឬក៏ឈានទៅជ្រែករាជ្យ។ ដូច្នេះ អ្នកដឹកនាំជាតិ ត្រូវឈ្វេងយល់អំពីរឿងនេះ ឱ្យបានល្អ ស្គាល់ក្រុមខិលខូចឱ្យច្បាស់លាស់ និងមានវិធានការណ៍ត្រឹមត្រូវដោយមិនរារែកក្នុងការទប់ទល់ និងបំផ្លាញផែនការអាក្រក់របស់ក្រុមខិលខូច ដើម្បីសេចក្តីសុខរបស់ជាតិនិងប្រជារាស្រ្ត ដូចអ្វីដែល ព្រះបាទ ជ័យវរ្ម័នទី៧ បានសម្រេចចិត្តដាច់ណាត់នៅឆ្នាំ១១៨២ ក្នុងការបង្រ្កាបក្រុមបះបោរនៅម៉ាលីយ៉ង។

ចំណុចនេះក៏ជាការរៀនសូត្រមួយដ៏ល្អ ដែលនៅក្នុងស្ថាប័ន អង្គការ ឬក្រុមហ៊ុន ដែលតែងមានបុគ្គលិកខ្លះ ខ្ជិលច្រអូស កិបកេងធនធានស្ថាប័ន ឬបង្កការរំខានដល់ក្រុមការងារ ដែលក្នុងនាមជាអ្នកដឹកនាំត្រូវស្វែងយល់ សាច់រឿងឱ្យច្បាស់ល្អ ហើយត្រូវមានវិធានការណ៍បង្កា ទប់ស្កាត់ ឬដាក់ទោស តាមរយៈនៃការបង្កើត គោលការណ៍គ្រប់គ្រងច្បាស់លាស់ កសាងវិន័យ និងយន្តការដាក់ទោស ដូចជាបណ្តេញចេញពីការងារ ដើម្បីកសាងវប្បធម៌ការងារល្អ ការងារស្មោះត្រង់ កិច្ចសហការគ្នាល្អនៅក្នុងស្ថាប័ន អង្គការ ឬក្រុមហ៊ុន។ អ្នកដឹកនាំត្រូវឈ្វេងយល់ផងដែរថា ​កំហុសកម្រិតណាអាចយោគយល់បាន ដែលមិនបង្កផលបះពាល់ ធ្ងន់ធ្ងរដល់ដំណើរការរបស់ក្រុមការងារ ដោយប្រកាន់យកធម៌មេត្តាដែលមានព្រំដែនកំណត់ តែត្រូវមានចិត្ត ដាច់ណាត់ មិនយោគយល់ចំពោះកំហុសឆ្គងធំធេងដែលអាចបង្កមហន្តរាយដល់ផលប្រយោជន៍ក្រុមការងារ ទាំងមូល៕https://realsaminn.blogspot.com/2020/03/blog-post.html?spref=fb&fbclid=IwAR25ibCpennFS2KBDvtAkXrwfQjTzNBvKomiD7K9HZZ5dXVjSG5Z7vjSZjA

--- ^^^ ---

---
រៀបរៀងដោយ សាម​ អុីន -- មីនា ២០២០
---

-- អត្ថបទទាក់ទង៖

១. ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរនាសម័យអង្គរ

២. លក្ខណសម្បត្តិអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ


-- ឯកសារយោង៖
  1. ឥន សុផល (២០១២): កម្ពុជារវាងសៀម-យួន និងអាណានិគមបារាំង។ នយោបាយ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងវប្បធម៌ខ្មែរពីសម័យហ៊្វូណនមកដល់ឆ្នាំ១៩៥៣។
  2. សាម អ៊ីន (២០១៧): ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរនាសម័យអង្គរ។
  3. Michael Freeman and Claude Jacques (2003): Ancient Angkor. Book guides.
  4. Georges Coedès (1935): Un grand roi de Cambodge - Jayavarman VII., Phnom Penh.
  5. http://angkor1431.tripod.com/index/id19.html “Chronology of Cambodia history:Jayavarman VII”.
  6. https://www.cambodiamuseum.info/en_collection/stone_object/jayavaraman.html “Collection stone objects: Jayavarman VII”.
  7. https://goo.gl/SfLHLR (Angkor Thom).
  8. https://km.wikipedia.org/wiki/%E1%9E%87%E1%9E%99%E1%9E%9C%E1%9E%98%E1%9F%8C%E1%9F%92%E1%9E%98%E1%9E%91%E1%9E%B8%E1%9F%A7 (ជ័យវរ្ម័នទី៧).


 

No comments:

Post a Comment