Wednesday, August 09, 2023

អារ្យធម៌អង្គរ! ប្រវត្តិវិស័យសុខាភិបាលដ៏រុងរឿង

 


 លោក អ៉ឹម សុខរិទ្ធី ជាមួយចម្លាក់តូចៗនៅក្នុងមន្ទីរពេទ្យសម័យព្រះបាទជ័យវរ្ម័នទី៧ បង្ហាញពីការរែកថ្នាំព្យាបាលជំងឺ។ល។ រូបភាព៖ អ៉ីសា រ៉ហានី 

សៀមរាប៖ នៅសម័យចក្រភពខ្មែរប្រព័ន្ធសុខាភិបាលមានការរីកចម្រើនខ្លាំង និងរៀបចំជាប្រព័ន្ធ​ថែទាំសុខភាព​ប្រជាជនទូទៅ​ពីចុងសតវត្សទី១២។ ប្រព័ន្ធនេះបានក្លាយជាគំរូមុនគេបង្អស់ នៅលើសកលលោកដែលមិនទាន់មានអ្នកធ្វើនៅឡើយពេលនោះ។

 ២៥០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៤៤០ ទើបមានប្រទេសនៅតំបន់អឺរ៉ុប គឺនៅបារាំងបានចាប់ផ្តើមរៀបចំប្រព័ន្ធនេះឡើង។ នេះជាភាពរុងរឿង នៃប្រវត្តិវិស័យសុខាភិបាលនាសម័យអង្គរ។

 

អ៊ីសា រ៉ហានី៖ កន្លងមកលោកគ្រូនិយាយបានច្រើនទាក់ទងនឹងវិស័យសុខាភិបាល តែសាធារណជន​ច្រើនទៀតនៅមានចម្ងល់អំពីការកកើតដំបូងនៃការរៀបចំប្រព័ន្ធសុខាភិបាលនៅសម័យអង្គរ មុននឹងបន្ដិច​តើប្រព័ន្ធនេះប្រទាក់ក្រឡាអ្វីខ្លះជាមួយនឹងការរីកចម្រើននៃចក្រភពខ្មែរនាសម័យនោះ?
 
អ៊ឹម សុខរិទ្ធី៖ ជាផ្នែកមួយនៃអារ្យធម៌របស់ប្រទេសធំៗលើលោកនេះគឺគេគិតគេឱ្យតម្លៃទៅលើអារ្យធម៌មួយ នគរមួយ ចក្រភពមួយស៊ីវីល័យ គឺគេមើលទៅវិស័យច្រើន។

ក្នុងវិស័យច្រើនហ្នឹង វិស័យមួយដែលជាការ ចាំបាច់សម្រាប់នគរមួយៗគឺរឿងសុខាភិបាល រឿងការថែទាំសុខភាព ព្យាបាលជំងឺ និយាយឱ្យចំគឺ​វិស័យវេជ្ជសាស្រ្តទាក់ទងនឹងពេទ្យហ្ម។

វិស័យនេះគឺជាភស្ដុតាងមួយដែលអាចឱ្យយើងដឹងអំពីអារ្យធម៌ នៃនគរមួយ នៃជនជាតិមួយ នៃចក្រភពមួយថ្កុងថ្កើងរីកចម្រើនស៊ីវិល័យ គឺវិស័យនេះសំខាន់ដែលធ្វើឱ្យ មនុស្សមានសុខភាពបរិបូរណ៍ មានអាយុច្រើន ដែលនេះហើយជាចំណុចចាប់ផ្តើមដែលធ្វើឱ្យសង្គម ខ្លាំងទៅៗដែលអាចកសាងនគរខ្លួនឯងបាន ដែលអាចមានពេលធ្វើអីផ្សេងៗបាន។​
 
យើងត្រឡប់មកមើលស្រុកយើងវិញ។ ស្រុកខ្មែរដែលឃើញលេចឭជាព័ត៌មាន លេចឭដែលធ្វើឱ្យគេស្គាល់ មិនត្រឹមតែនគរតូចៗទេដែលស្គាល់យើង ប៉ុន្តែជាមហានគរមួយយ៉ាងសំខាន់​ដែលគេស្គាល់យើង យើងមានចក្រភពពីរសំខាន់ៗ មហាអំណាចសំខាន់ៗគឺនៅខាងកើតមានចិន ហើយនៅខាងលិច​មានឥណ្ឌា។ នគរពីរនេះស៊ីវិល័យណាស់។

វិស័យសុខាភិបាលវេជ្ជសាស្រ្ត​នៃនគរទាំងពីរក៏វាស៊ីវិល័យ​ណាស់ដែរ។ យើងមើលភស្ដុតាងដែលចាស់ជាងគេដែលដឹងអំពី វិស័យសុខាភិបាល ការព្យាបាលជំងឺ​ទាក់ទង​​នឹងវេជ្ជសាស្រ្តគឺយើងដឹងតាមឯកសារចិន មុននឹងយើងរកឃើញសិលាចារិក​ប៉ុន្មានរយឆ្នាំក្រោយ។ មានភស្ដុតាងមួយនៅក្នុងសំណេរនៃកំណត់ត្រារបស់រាជ្យការថាងនៅសតវត្សទី៧ គឺថារាជ្យថាងហ្នឹងគឺបានឱ្យអ្នកសាសនា គាត់ឈ្មោះថា ប៊ុនឈរ​តី ដែលជាព្រះសង្ឃដែលមក​ពីឥណ្ឌា​ហើយបានយកគម្ពីរច្រើនទាក់ទងនឹងពុទ្ធសាសនាផង ទាក់ទងនឹងថ្នាំសង្កូវ​ផងផ្សព្វផ្សាយ​ដល់រាជ្យការថាង។ ហើយនៅក្នុងរាជ្យថាងគឺគេបានឭតាមអ្នកជំនួញ ពីដើមយើងកាលសតវត្សទី៧ហ្នឹង យើងនៅក្នុងសម័យហ្វូណន គឺសម័យដែលយើងជាចក្រភពនៃដំណើរសមុទ្រយ៉ាងធំ ដូច្នេះមានការទាក់ទងគ្នា​​ទៅលិចទៅកើត ពេលហ្នឹងហើយឭដំណឹងនៃនគរហ្វូណនហ្នឹង មានអ្នកពូកែ មានអ្នកចេះដឹងអំពីថ្នាំ ពីឱសថ។ល។

ដូច្នេះហើយបានរាជ្យការថាងបានបញ្ជូន​ព្រះសង្ឃនោះ មកស្រុកខ្មែរដើម្បីស្វែងរកឱសថកម្រៗយកទៅព្យាបាលជំងឺ។ ពេលមកដល់ខ្មែរនោះហើយ ដែលការប្រាស្រ័យជាមួយម្ចាស់ស្រុកដែលខ្លួនបានយករបស់នោះជាមុខជំនួញមួយសម្រាប់ដោះដូរនគរខាងលិច នគរខាងកើត។ នេះហើយជាភស្ដុតាងដែលចេញដំណើរឱ្យយើងឃើញការវិវត្តន៍​នៃវិស័យវេជ្ជសាស្រ្ត​​​ថ្នាំសង្កូវ សុខាភិបាល ដែលយើងបានភស្ដុតាងសំខាន់ពីរាជ្យការថាង និយាយអំពី​យើងស្គាល់ថ្នាំ ហើយស្រុកយើងមានថ្នាំច្រើន មានឱសថច្រើនដែលគេយកមកប្រើប្រាស់នៅក្នុ​ការជួញដូរ ហើយយកមកសម្រាប់ជាដោះដូរគ្នាក្នុងផ្នែកទំនាក់ទំនង។

នេះជាភស្ដុតាងមួយដែលឱ្យយើងឃើញថា នគរយើង ចក្រភពយើងបានវិវត្តន៍ឃើញដំណើរទាក់ទងនឹងឱសថ ទាក់ទងនឹងវិស័យវេជ្ជសាស្រ្ត គឺធ្វើដំណើរយ៉ាងហោចណាស់ត្រឹមសតវត្សទី៧តៗមក។
 
អ៊ីសា រ៉ហានី៖ អាចថាពេលហ្នឹងយើងរៀនសូត្រវិស័យវេជ្ជសាស្រ្តពីឥណ្ឌា ហើយនិងចិនឬយ៉ាងណាដែរ?

អ៊ឹម សុខរិទ្ធី៖ ហ្នឹងហើយ ដូចយើងមើលត្រឡប់ទៅពឹងផ្អែកទៅលើឯកសាររាជ្យការថាង គឺយើងដឹង​ហើយថា ព្រះសង្ឃលោកមកពីឥណ្ឌាគឺអ្នកដែលដឹងឮចេះច្រើន មានគម្ពីរក្បួនខ្នាតមួយ មិនមែនចិន​អត់ទេ​ ចិនគេមានវេជ្ជសាស្រ្តគេក៏ខ្លាំងដែរ ប៉ុន្តែវិស័យវេជ្ជសាស្រ្តមួយតាមពុទ្ធសាសនា ដែលយើងដឹងថា សាសនាទាំងព្រហ្មញ្ញ ទាំងពុទ្ធសាសនាតែងមានវិស័យវេជ្ជសាស្រ្តនៅភ្ជាប់ជាមួយ ឧទាហរណ៍ព្រហ្មញ្ញសាសនា​​ក្បួនពេទ្យដែលក្បួនព្យាបាលជំងឺដែលយើងដឹងដល់សព្វថ្ងៃនេះដែលនៅប្រើ គឺគម្ពីរ Ayurved របស់សាសនា។ យើងមកខាងពុទ្ធសាសនាវិញ វាមានក្បួនគម្ពីរព្យាបាលជំងឺដែលមកពី ពុទ្ធសាសនាមហាយាន និកាយទន្តរ ហើយមហាយានមកជាមួយ។

ដូច្នេះហើយគម្ពីរហ្នឹងដែលគេយកមក ប្រើប្រាស់ ហើយរុញឱ្យចំណេះវិជ្ជា ចំណេះដឹងនៅក្នុងស្រុក ប្រទេសមួយតែងមានវិស័យហ្នឹងរៀងខ្លួន មិនមែនថា ទាល់តែគេមកបានពីក្រៅអ្នកប្រាប់ ប៉ុន្តែអ្នកមកពីក្រៅនោះគ្រាន់តែជាកត្តាមួយ​ឱ្យវិស័យវេជ្ជសាស្រ្ត​​​ក្នុងស្រុកហ្នឹងឱ្យតម្រូវទៅតាមក្បួនវេជ្ជសាស្រ្ត ហើយគេយកមករៀនសូត្រ។

អាហ្នឹងហើយ យើងពិបាកថានៅនគរណា ប៉ុន្តែយើងឃើញថា ដើមទីដែលចេញជាក្បួនវេជ្ជសាស្រ្ត​ហើយរហូតដល់គេទទួលស្គាល់ដល់បច្ចុប្បន្នគឺខាងមកពីឥណ្ឌាមានពីរ ខាងព្រហ្មញ្ញសាសនាគឺក្បួនគម្ពីរ Ayuved ហើយទីពីរ គឺគម្ពីរ Tanta នៅក្នុងពុទ្ធសាសនាមហាយាន។ 
 
ហើយយើងនេះដែលទទួលមរតករបស់ឥណ្ឌា និងចិន ផ្នែកវិស័យវប្បធម៌នេះគឺមកទាំងពីរ គឺមកទាំងពុទ្ធសាសនាផង ទាំងព្រហ្មញ្ញសាសនាផង។ ដូច្នេះហើយទាំងពីរហ្នឹងដែលចូលជ្រាបចូលក្នុង សង្គមខ្មែរ គឺទាំងពីរចូលគ្នា យកអាហ្នឹងមកអនុវត្តន៍ ឱសថដែលមានក្នុងស្រុកយកមកភ្ជាប់គ្នា ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងមិនមានរបស់អស់ដែរ របស់ខ្លះយកមកដោះដូរគ្នា។
 
អ៊ីសា រ៉ហានី៖ អីចឹងបានន័យថា ក្បួនវេជ្ជសាស្រ្តដែលប្រើប្រាស់លើមនុស្សជាតិរាល់ថ្ងៃនេះ ចេញពីគម្ពីរសាសនាទាំងពីរនោះដែរឬយ៉ាងណាដែរ?
 
អ៊ឹម សុខរិទ្ធី៖ មនុស្សជាតិទាំងមូលមាននគរផ្សេងៗគ្នា ប៉ុន្តែគ្រាន់ថាយើងនៅក្នុងពិភព​នៃតំបន់​អាស៊ីយើងទាំងមូល ដែលទទួលឥទ្ធិពលពីចិននិងឥណ្ឌានេះគឺក្បួននេះហើយដែលសាយភាយ វិវត្តន៍ ហើយក្បួនខ្លះបានរុញទៅដល់អឺរ៉ុបដល់សព្វថ្ងៃ តែជាក្បួនប្រើប្រាស់ឱសថធម្មជាតិ មិនមែនជាគីមី។

អ៊ីសា រ៉ហានី៖ ងាកមកចក្រភពខ្មែរវិញ តើយើងបានស្រាវជ្រាវឃើញថាវិស័យវេជ្ជសាស្រ្តនៅពេលណា ដែលមានការរីកចម្រើខ្លាំង ហើយវាមានភាពរីកសាយភាយទៅដល់ប្រទេសជិតខាងដែលគាត់មក រៀនសូត្រពីយើងដែរ។

អ៊ឹម សុខរិទ្ធី៖ ពាក់ព័ន្ធអ្នកណាមករៀនសូត្រពីយើង យើងពុំមានព័ត៌មានទេ។ ប៉ុន្តែតាំងពីសតវត្សទី៧មក យើងឃើញថាមានទំនាក់ទំនងចិនធំ ដែលជាភស្ដុតាងសំខាន់ ឆ្លើយឆ្លងគ្នារវាងនគរជិតខាង ហើយយើង​មានអ្វី គេមានអ្វីយកមកដោះដូរគ្នា។ 
 
យើងត្រឡប់មករឿងរបស់យើងវិញ ការអភិវឌ្ឍវិស័យវេជ្ជសាស្រ្តនេះ គឺយើងចាប់ផ្តើមចេញបន្ដិចម្ដងៗ​រហូតមកដល់រាជ្យការ​ព្រះបាទជ័យវរ្ម័នទី៧នេះ យើងឃើញប្រព័ន្ធជាតិដែលដាក់ចេញ​ដោយ​​ព្រះមហាក្សត្រ គឺប្រព័ន្ធសុខាភិបាលហ្នឹងឃើញរីកចម្រើនខ្លាំង មិនត្រឹមវិស័យវេជ្ជសាស្រ្តទេ គឺថារហូតដល់យើងបង្កើត​ជាប្រព័ន្ធក្នុងការព្យាបាលជំងឺទូទាំងចក្រភព ប្រព័ន្ធការសិក្សា​នៃវិស័យ​វេជ្ជាសាស្រ្ត ហើយនិងរបៀបថែទាំជំងឺ និងភ្ជាប់នឹងសង្គមកិច្ចបញ្ចូលគ្នា។

ហើយយើងមើលប្រព័ន្ធបែបហ្នឹង ប្រវត្តិសាស្រ្តនៃមនុស្សជាតិដែលអ្នកស្រាវជ្រាវទៅលើពេទ្យហ្មបុរាណ គេឃើញថា មានតែចក្រភពខ្មែរទេ ដែលចាប់ពីចុងសតវត្សទី១២មកគឺជានគរទីមួយលើលោកដែលបង្កើតឱ្យមានប្រព័ន្ធសុខាភិបាល ថែទាំអ្នកជំងឺដោយព្យាបាលជំងឺជូនមហាជនជាទូទៅ គ្រប់ស្រទាប់វណ្ណៈអាចចូលព្យាបាលបាន ហើយប្រព័ន្ធ​ហ្នឹ​ងដែលឃើញថាមានតែមួយនៅលើប្រវត្តិសាស្រ្តមនុស្សជាតិមុនគេនៅចុងសតវត្សទី១២។

ហើយប្រព័ន្ធបែបហ្នឹងនៅអឺរ៉ុបទាល់តែ២៥០ឆ្នាំក្រោយ បានន័យថានៅក្នុងឆ្នាំ ១៤៤០ ទើបយើងឃើញប្រព័ន្ធ​ថែទាំសុខភាពផ្តល់ចំពោះអ្នកក្រ នគរយកចិត្តទុកដាក់ សេ្ដចយកចិត្តទុកដាក់ រាជ្យការយកចិត្តទុកដាក់ដល់មហាជន គឺនៅស្រុកបារាំង នៅឯតំបន់ប៊ូន នៅឆ្នាំ១៤៤០ ទើបយើងឃើញមាន ដែលយើងបានដើរមុនមួយជំហានឱ្យជាគំរូគេនៅលើពិភពលោក ដែលអានេះហើយជាភាពស៊ីវិល័យនៃអារ្យធម៌អង្គរ។ ភាពរុងរឿងនៃអារ្យធម៌អង្គរក្រៅពី​សំណង់ស្ថាបត្យកម្ម វិស័យវេជ្ជសាស្រ្តនេះដើរតួសំខាន់ ហើយយើងបង្កើតជាប្រព័ន្ធមួយដែលកកើតមុនគេ ហើយចងជាបណ្ដាញជាមន្ទីរពេទ្យទូទាំងចក្រភពសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺក្នុងសហគមន៍តំបន់អង្គរ រហូតដល់មានមន្ទីរពេទ្យចំនួន១០២។
 
អ៊ីសា រ៉ហានី៖ អាចថាបណ្ដាប្រទេសអឺរ៉ុបទាំងនោះគាត់សិក្សាពីប្រព័ន្ធសុខាភិបាលរបស់យើងដែរ ទើបគេយកទៅអនុវត្តន៍តាមឬយ៉ាងណា?

អ៊ឹម សុខរិទ្ធី៖ អត់ទេ គេអនុវត្តន៍ជារឿងរបស់គេ គឺសុខាភិបាល សុខភាពចេញពីសាសនាជាធំ​ដំបូងឡើយ។ គេក៏មានសាសនា ក៏គេបង្កើតដែរ។ ដូចជានៅបារាំងនៅឆ្នាំ១៤៤០ ដែលបង្កើតជាប្រព័ន្ធ សុខាភិបាលមើលការខុសត្រូវទូទាំងប្រទេសបារាំងនោះ ដោយសារតែសាសនាគ្រីស្តដូចគ្នា គេអត់បានរៀនពីយើងទេ។ ប៉ុន្តែមានវិស័យខ្លះ មានឱសថខ្លះដែលនៅលើលោកយើងនេះដែលគេប្រើ គេរកឃើញ គេយកគំរូតាមយើង។ របៀបដែលព្យាបាលជំងឺមួយដែលពិបាក ដែលមនុស្សជាតិ​កំពុង​ប្រឈមមុខខ្លាំងនឹងជំងឺហ្នឹង គឺជំងឺឃ្លង់។

យើងដឹងហើយថានៅពិភពលោកនេះជំងឺសើរស្បែក​កើតឃ្លង់នេះ​ វាប្រវត្តិសាស្រ្តបង្ហាញឱ្យឃើញថាជាមហន្តរាយមួយធំ ជាជំងឺព្យាបាលមិនជា។ ប៉ុន្តែជំងឺនេះ ពេលដែលអាណានិគមបារាំង អ្នកស្រាវជ្រាវបារាំងមកដល់ស្រុកខ្មែរនៅសតវត្សទី១៩គឺបានឃើញ របៀបព្យាបាលជំងឺឃ្លង់នៅត្រឿង ខេត្តកំពង់ចាម មជ្ឈមណ្ឌលព្យាបាលឃ្លង់ហ្នឹង ហើយបានទៅ​អង្កេតមើលគ្រូពេទ្យហ្មដែលព្យាបាលឃ្លង់ហ្នឹង គឺគេយកដើមក្របៅ យកផ្លែក្របៅយកមកព្យាបាល រៀបចំជាថ្នាំឱសថព្យាបាលជំងឺ ហើយធ្វើឱ្យជំងឺហ្នឹងជា។

ដូច្នេះហើយពេលត្រឡប់ទៅវិញ អ្នកដែលស្រាវជ្រាវនោះយកផ្លែក្របៅទៅស្រាវជ្រាវបែបវិទ្យាសាស្រ្តដេញដោលទៅវិភាគឃើញថា ក្នុងផ្លែក្របៅនេះគឺមានសារធាតុអាចព្យាបាលជំងឺឃ្លង់បាន។ ដូច្នេះចាប់ពីពេលហ្នឹងមក ពិភពលោក​ស្គាល់ថ្នាំព្យាបាលជំងឺឃ្លង់ជា ហើយទៅឈ្មោះថ្នាំដែលព្យាបាលជំងឺឃ្លង់លើសាកលលោកនេះ ប្រើឈ្មោះចេញពីដើមក្របៅ។ អានេះគ្រាន់តែជាផ្នែកមួយយើងឃើញថា នគរយើងនៅមានអ្នកដែល​ចេះជំងឺអីដែរ។
 
ក្រៅពីហ្នឹង បើយើងត្រឡប់ទៅសតវត្សទី៧វិញ គឺអ្នកប្រាជ្ញឱសថនៃរាជ្យការថាងមករកឱសថនៅស្រុកខ្មែរ ដើម្បីព្យាបាលជំងឺ។ ឃើញថា មានភស្ដុតាងឱសថនៅប្រទេសយើង ទឹកដីរបស់យើងនេះបង្កើតឱ្យមាន​រុក្ខជាតិខ្លះអាចព្យាបាលជំងឺ។ ដូច្នេះហើយបើយើងមើលរូបចម្លាក់តូចៗនៅតាមមន្ទីរពេទ្យទាំង១០២ ឧទាហរណ៍មន្ទីរពេទ្យមួយនៅមុខអង្គរវត្ត ប្រាសាទតាព្រហ្មកិលនេះ ឃើញចម្លាក់តូចៗច្រើននៅ​ខ្លោងទ្វារចូលប្រាសាទ បង្ហាញពីរូបមនុស្សរែកមានថ្នាំ មានដើមរុក្ខជាតិធំតូច អាចមានស្លឹកឈើ ដែលគេបេះប្រមូលមក ហើយរែក​ នេះជាភស្ដុតាង។ យើងមានភស្ដុតាងអ្វីដែលគេសរសេរក្នុង​សិលាចារិកក្នុងរាជ្យការព្រះបាទជ័យវរ្ម័នទី៧ ដែលមន្ទីរពេទ្យមួយៗមាននិយាយពីឈ្មោះថ្នាំ ហើយយើងមានរូបភាពទៀត។ អានេះហើយជាតឹកតាងយ៉ាងសំខាន់បែបបុរាណវិទ្យាឱ្យយើងស្វែងយល់ អំពីវេជ្ជសាស្រ្តយ៉ាងសំខាន់នៃចក្រភពខ្មែរ។
 
អ៊ីសា រ៉ហានី៖ ងាកទៅមើលមន្ទីរពេទ្យទាំង១០២នៅសម័យចក្រភពខ្មែរវិញ លោកគ្រូអាចរំឭកឡើងវិញ បានទេ តើការរៀបចំហើយនិងការដាប់រូបចម្លាក់អី តើគេយកគំរូតែមួយទេឬយ៉ាងណា?
 
អ៊ឹម សុខរិទ្ធី៖ មន្ទីរពេទ្យដែលបានរៀបចំឡើងនៅក្រោមរាជ្យការព្រះបាទជ័យវរ្ម័នទី៧នេះ ទម្រង់រចនាសម្ពន្ធទូទៅដូចគ្នាទាំងអស់ បានន័យថា មានប្រាសាទ ហើយនិងមានពេទ្យ។ ប្រាសាទមិនមែនជាកន្លែងព្យាបាលជំងឺទេ។ ប្រាសាទជាកន្លែងធ្វើបុណ្យ ប្រាសាទជាកន្លែងសាសនា មានរូបចម្លាក់អីផ្សេងៗដែលឆ្លាក់ក្នុងហ្នឹង។ ក្រៅពីហ្នឹងជុំវិញប្រាសាទ ក្បែរប្រាសាទមានរោងព្យាបាល ជាផ្ទះពេទ្យ ដែលធ្វើពីឈើប្រក់ក្បឿង។ មានកន្លែងព្យាបាលជំងឺ កន្លែងអ្នកជំងឺស្នាក់នៅ កន្លែងពេទ្យ កន្លែងពិនិត្យជំងឺ កន្លែងថែទាំសុខភាព។ល។ គឺនៅក្នុងសំណង់ធ្វើពីឈើប្រក់ក្បឿង។ 
 
មួយទៀតរឿងសំខាន់ដែលនៅក្នុងការព្យាបាលជំងឺរបស់យើង គឺថាមានវិស័យពីរជាប់គ្នា វិស័យវេជ្ជសាស្រ្ត ហើយនិងសាសនា។ អ៊ីចឹងហើយបានជាយើងមានប្រាសាទនៅក្នុងពេទ្យ ដោយសារវិស័យសាសនាដើរ​ទន្ទឹមគ្នាដើម្បីឱ្យអ្នកដែលឈឺចូលមកពេទ្យ ចេញទៅវិញកាន់តែជា។ ដោយសារអី បើសិនជាពេទ្យ​​ខាងវេជ្ជសាស្រ្តធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺមិនឃើញ ឬក៏មើលមិនយល់ ដាក់ថ្នាំមិនចំ ពេលហ្នឹងគ្រូពេទ្យផ្ដល់យោបល់ថា ឱ្យអ្នកជំងឺទៅខាងសាសនា។

នៅក្នុងប្រាសាទដែលនៅក្នុង​មន្ទីរពេទ្យហ្នឹង គឺមានអាចារ្យព្រាហ៍ពីរនាក់ ម្នាក់ទទួលខុសត្រូវរៀបចំបុណ្យទានទៅតាមសាសនា អ្នកដែលគ្រូពេទ្យខ្លួនឯងហ្នឹង អ្នកជំងឺមកបន់ស្រន់ពេលវេលាតាមប្រតិទិនបុណ្យ។ អាចារ្យទីពីរ មានតួនាទីសំខាន់ខាងមើលជំងឺ ប្រមើមើល៍ជំងឺតាមសាសនា ឧទាហរណ៍ឥឡូវនេះនៅតាម​សហគមន៍យើងទោះបីជាសាសនាណាក៏ដោយទាំងខាងគ្រីស្តក៏ដោយ អ៊ីស្លាម ពុទ្ធសាសនា ហិណ្ឌូ គឺអាចារ្យព្រាហ៍តែងមើលជំងឺទៅលើអ្នកឈឺ ធ្វើរោគវិនិច្ឆ័យរបៀបសាសនា។ ឬក៏ប្រពៃណីរបស់យើង បូល ដើម្បីមើលអាការៈរោគ ទើបដឹងថាអ្នកនេះខុសរឿងនេះទេ។ល។

ដែលឈឺគ្រូពេទ្យដាក់ថ្នាំមិនចំ ឬមិនទាន់ត្រូវ អ៊ីចឹងអ្នកខាងសាសនាគេឃើញ។ យើងតែងទៅដាក់សែន បន់ស្រន់ អាហ្នឹងបានថា យើងធ្វើទាំងពីរជាប់ទន្ទឹមគ្នាម្ដង មិនត្រឹមតែរឿងវិស័យវេជ្ជសាស្រ្តតែមួយទេ គឺយើងបូករួម​សាសនាមួយទៀត ដែលជាទំនុកចិត្តសំខាន់ណាស់ដែលធ្វើឱ្យសង្គមមានទំនុកចិត្ត ចូលពេទ្យដឹងតែជា បើគ្រូពេទ្យវិនិច្ឆ័យមិនឃើញ ចូលពេទ្យខាងសាសនា។ រឿងនេះសំខាន់ដែលយើងនៅ ប្រតិបត្តិ​តាំងពីសម័យបុរាណហើយវានៅតែតៗ។ ដូចគ្នានេះដែរនៅតាមមន្ទីរពេទ្យសព្វថ្ងៃ តែងមានខ្ទមអ្នកតា។ អ្នកជំងឺខ្លួនឯងក៏ទៅបន់ គ្រូពេទ្យខ្លួនឯងមុនវះកាត់ក៏ទៅបន់ខ្លាចវះគេខុស។ល។ អាហ្នឹងបានវានៅត វាជាស្មារតី​​ ទំនុកចិត្តនៅពីក្រោយ៕ប្រភពពី:......https://thmeythmey.com/?page=detail&id=128908&fbclid=IwAR39CXRhreSasCqMAunuSM4gyKUaAdk2BPc1ZL3AXuEIQH6ptulnaZ7HcHw

No comments:

Post a Comment