អាចយកឈ្នះ សត្រូវ និងជនកាច
បានដោយសារ អំណាច ពោលវាចា
ផ្អែមពីរោះ ទន់ភ្លន់ ឆ្ងាញ់ពីសា
នេះតម្រា ពាក្យឆ្ងាញ់ ផ្ចាញ់មនុស្សកាច ។
ទាំងវត្ថុ សារពើ លើពសុធា
ដែលជនផង គ្រប់គ្នា ប្រឹងប្រសាច
តែមិនអាច ឲ្យកើត ដោយអំណាច
គង់តែអាច កើតបាន ដោយពាក្យផ្អែម ។
———————————————————————————
កាលបើមាន ភ្ញៀវចូលមក រកអាត្មាចូរចរចា តែពាក្យផ្អែម យ៉ាងស្រស់ស្រាយ
ការរាប់អាន បានយ៉ាងនេះ ឆ្ងាញ់មាល្បាយ
លើសលប់អស់ រសទាំងឡាយ ក្នុងផែនភព ។
ការចរចា ពាក្យចាក់រុក ទុកដូចកាប់
អារត្រចៀក ឲ្យឈឺចាប់ គ្មានចេះឈប់
ទាំងភឿនផង គង់ហ្មងចិត្ត គិតលែងគប់
ឬរកពេល ដែលនឹងទប់ តបវិញណា ។
ក្ដីទុក្ខទោស កើតព្រោះមាត់ មានសន្ធឹក
សូមរំឭក នឹកមើលចុះ មិនខុសថា
គង់ឃើញថ្មី ថាសំដី ឆ្ងាញ់ពីសា
នាំចិន្ដា ជនអ្នកស្ដាប់ ឲ្យចាប់ចិត្ត ។
កាលលោកជ្រាប ភាពសំដី ផ្អែមនិងជូរ
ថាជាគូ មានទោសគុណ ខុសគ្នាពិត
គួរនិយាយ តែពាក្យផ្អែម ឲ្យទាល់ស្និត
កុំជាប់ចិត្ត និងពាក្យជូរ ជាគ្រូឡើយ ។
No comments:
Post a Comment