សត្រូវមាននៅគ្រប់ទិសទី យើងតែងតែជួបប្រទះគ្រប់ៗគ្នា បើមិនសត្រូវខាងក្រៅ ក៏មានសត្រូវនៅខាងក្នុងដែរ ។ សត្រូវខាងក្រៅមានច្រើនប្រភេទណាស់ មានដូចជា បច្ចាមិត្ត, ចោរ, គ្រោះថ្នាក់ផ្សេងៗជាដើម….។ ឯសត្រូវខាងក្នុងវិញក៏មិនតិចដែរ រោគគ្រប់ប្រភេទ ចុកពោះ, ឈឺក្បាល, វិលមុខ, មិនសុខចិត្ត, វិបត្តិផ្សេងៗ ….សុទ្ធតែជាសត្រូវទាំងអស់ ។
តើយើងធ្វើដូចម្ដេច ទើបអាចផ្ចាញ់សត្រូវទាំងនេះបាន ?
ក្នុងទីនេះ សត្រូវខាងក្នុងលើកទុកចុះ និយាយពីរបៀបផ្ចាញ់សត្រូវខាងក្រៅតាមបែប ព្រះពុទ្ធសាសនា ។
និយាយយ៉ាងនេះ មិនមែនបានន័យថា ព្រះពុទ្ធសាសនាអប់រំឲ្យមនុស្សផ្ចាញ់ផ្ចាលគ្នាយកឈ្នះយកចាញ់លើគ្នានោះទេ ការពិតនេះគ្រាន់តែជាវិធីសាស្រ្ដខ្ឡះៗ សម្រាប់ប្រើ នៅពេលដែលមានសត្រូវប៉ុនប៉ងយាយីតែប៉ុណ្ណោះ ។ តែទោះជាយ៉ាងណា ក៏ការផ្ចាញ់ សត្រូវតាមបែបព្រះពុទ្ធសាសនា មិនមានការប្រើអាវុធ មិនប្រើពាក្យសំដីចាក់ដោត មិនប្រើការគំរាមកំហែងបៀតបៀនគ្នាដែរ ។
ខាងក្រោមនេះជារបៀបខ្លះៗដែលព្រះសម្មាសម្ពុទ្ធប្រើសម្រាប់ផ្ចាញ់សត្រូវដែលមាន គំនិតមិនល្អចំពោះព្រះអង្គ ៖
១. បើជួបនឹងសត្រូវដែលមានចិត្តលោភលន់ លោកឲ្យផ្ចាញ់ដោយទាន គឺអំណោយ
២. អ្នកដែលមានចិត្តរឹងរូស មិនងាយប្រដៅបាន លោកឲ្យប្រើខន្ដី គឺការអត់ធ្មត់
៣. បើជួបនឹងមនុស្សសត្វដែលមានចិត្តកាចឃោរឃៅ លោកឲ្យយើងប្រើ មេត្តា
៤. ជនខ្លះមិនអាចប្រើមេត្តាបានទេ លោកឲ្យប្រើរិទ្ធិ៍អំណាច របស់យើងទៅបង្រ្កាបវិញ
៥. ជនដែលតែងតែនិយាយកុហក បោកប្រាស បង្កាច់បង្ខូច លោកឲ្យប្រើ សច្ចៈ គឺការទៀងត្រង់ទៅទប់ទល់។
៦. ចំពោះជនដែលមានល្បិច លោកឲ្យប្រើបញ្ញាតប។
៧. ចំពោះជនដែលមានអស្មិមានៈរឹងរូសខ្លះ យើងពុំអាចផ្ចាញ់បានដោយខ្លួនឯងទេ គប្បីប្រើឲ្យអ្នកដទៃ ទៅផ្ចាញ់វិញក៏បានដែរ
៨. ចំពោះអ្នកដែលជាបញ្ញវ័ន្ត មានការចេះដឹងជ្រៅជ្រះ លោកឲ្យប្រើចំណេះវិជ្ជា
វិធីទាំង ៨នេះ ជាវិធីដែលព្រះពុទ្ធលោកបានប្រើរួចមកហើយ ដូច្នេះពេលដែលជួបបញ្ហា ប្រាកដជាអាចដោះស្រាយបាន ព្រោះយើងមានពុទ្ធសរណៈ គឺមានព្រះពុទ្ធជាទីអាងត្រឹមត្រូវ ។
No comments:
Post a Comment