Monday, May 15, 2023

សុភាសិតខ្មែរល្បីៗទាំង ១០ សម្រាប់អនុវត្តន៍ក្នុងការរស់នៅ

 

តាមរយៈប្រវត្តសាស្ត្ររបស់ប្រទេសកម្ពុជា បុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃ ប្រពៃណី វប្បធម៌ និងមាគានៃការអប់រំជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នាមានសុភាសិតល្បីៗរបស់ខ្មែរ ១០ សម្រាប់ឲ្យយើងយកមកអនុវត្តន៍នៅក្នុងជីវិតរស់នៅរបស់យើង ហើយវានៅតែឆ្លើយតបជាមួយនឹងសម័យបច្ចុប្បន្នបើទោះជាវាមានអាយុកាលដ៏យូរលង់ណាស់មកហើយក្តី។ តែសូមចាំថាសុភាសិត ឬពាក្យមួយម៉ាត់ ឬមួយឃ្លារមិនអាចឆ្លើយតបគ្រប់ជ្រុងជ្រោយនៅក្នុងជីវិតរបស់មនុស្សបានទេ។ ដើម្បីបង្កើនភាពវៀងវៃអ្នកត្រូវតែចេះយកវាមកប្រើឲ្យត្រូវជាមួយនឹងកាលៈទេសៈ។

១០. កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក

ពាក្យមួយឃ្លានេះខ្លីតែមានអត្ថន័យខ្លឹមតែម្តង។ គោលបំណងនៃការអប់រំគឺចង់សម្តៅលើបុគ្គលម្នាក់ៗ មិនត្រូវភ្លេចខ្លួនឃើញគេធ្វើអ្វីៗចេះតែធ្វើតាមគេនោះទេ។ វាគាប់ជួនជាមួយនឹងសុភាសិតមួយឃ្លាទៀតដែលលើកឡើងថា ទូកធំក្តោងធំ។ បើឃើញមានមនុស្សណាម្នាក់គេធ្វើអ្វីមួយជោគជ័យ មិនមែនយើងចេះតែចង់ធ្វើតាមគេនោះទេ។ ឃើញគេជោគជ័យលក់កាហ្វេ អញ្ចឹងអ្នកទៅបើកតូបកាហ្វេដែរ? ចូរធ្វើអ្វីដែលអ្នកស្រឡាញ់ អ្នកចូលចិត្ត ហើយមិនបោះបង់វាចោល ថ្ងៃណាមួយអ្នកនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។

៩. កុំដាំស្រូវលើផ្លូវដំរី

ការមិនបានគិតគូរទុកជាមុន មិនបានធ្វើផែនការ ហើយដាក់គោលដៅឲ្យបានច្បាស់លាស់គឺជាប្រភពនៃការនាំមកនូវភាពបរាជ័យ ឬក៏អាចនិយាយបានថាចាប់ផ្តើមជាមួយនឹងការបរាជ័យរួចទៅហើយប្រសិនបើធ្វើអ្វីមួយដើម្បីតែរវស់ ឬធ្វើដើម្បីតែធ្វើមួយមុខនោះ។ បើអ្នកដឹងជាមុនថាអ្វីដែលអ្នកធ្វើវាមិនបង្កើត ឬហុចផលឲ្យអ្នកវិញទេសូមកុំវិនិយោគពេលជាមួយវាច្រើនពេក ឬមិនត្រូវយកខ្លួនទៅជាប់ពាក់ព័ន្ធតែម្តង ជៀសវាងដាំដំណាំលើផ្លូវដំរីដើរ។

៨. កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ

មនុស្សជំនាន់ដើម ឬសម័យមុនគាត់មានបទពិសោធន៍ គាត់បានឆ្លងកាត់នូវការលំបាក ឬស្រួលរួចហើយ ដូច្នេះបានជាគាត់ចង់ប្រាប់មកកាន់មនុស្សជំនាន់ក្រោយៗថា “អ្នកមិនត្រូវអួតខ្លួននោះឡើយ ដ្បិតការអួតខ្លួនតែងតែនាំមកនូវការវិនាស ឬបាក់មុខមិនខាន។” គ្មាននរណាអាចចាប់ផ្សែងជាប់ទេ ហើយក៏មិនត្រូវអួតថាអ្នកអាចធ្វើកើតដែរ។ មួយវិញទៀតអ្នកមិនត្រូវអួតពីខ្លួនឯងទាំងដែលអ្នកដ៏ទៃមិនដឹង ឬបប៉ាច់ប៉បោចមិនបានការដែរ ត្រូវទុកឲ្យអ្នកដទៃអួតពីអ្នកវិញប្រសើរជាងអួតខ្លួនឯង។

៧. កោកៗសឹកតែមាត់ ត្រដោកឆ្អែតតែពោះក្របី

អ្នកនិយាយច្រើនមិនប្រាកដថាបានការនោះឡើយ ហើយអ្នកបានការមិនប្រាកដថានិយាយច្រើនដែរ។ តួរយ៉ាងដូចពាក្យសុភាសិតដែលបានរៀបរាប់ផ្តែផ្តាំអ្នកមិនត្រូវអួតខ្លួនឯងខាងលើអញ្ចឹង។ ដាក់ផែនការ ធ្វើផែនការរួចហើយ រកវិធីសាស្ត្រដើម្បីអនុវត្តការងារនោះឲ្យទទួលបានជោគជ័យ ហើយទុកឲ្យលទ្ធផលជាអ្នកបង្ហាញ។ និយាយច្រើនគេថាអួត ហើយអាចមិនទទួលបានជោគជ័យក៏ថាបាន ព្រោះពូកែតែសម្តី។

៦. ក្រពើវង្វេងបឹង

សុភាសិតនេះច្រើនចង់និយាយប្រដៅមនុស្សខូច មនុស្សរមិលគុណ មិនស្គាល់គុណស្រ័យ។ សង្គមមិនបង្រៀនមនុស្សឲ្យខូចទេ តែមនុស្សចេះតែរៀនខូចដោយខ្លួនឯង បញ្ហាបណ្តាលមកពីភាពលោភលន់ ចង់បានជ្រុល ហើយមិនហានទទួលស្គាល់កំហុសរបស់ខ្លួនឯង និងភ្លេចដើមកំណើត។

៥. ខឹងឲ្យអត់ ខ្សត់ឲ្យរក

មិនត្រូវខឹងឡើយ ហើយក៏មិនត្រូវបញ្ចេញកំហឹងផ្តេសផ្តាស់ដែរ ព្រោះកំហឹងវានឹងបំផ្លាញអ្នក និងមនុស្សនៅជិតអ្នកមុនគេ។ ការមិនចេះទប់ចិត្តតែងតែនាំមកនូវជម្លោះ ហើយការឈ្លោះគ្នាក៏កើតមានតែជាមួយមនុស្សស្គាល់គ្នាដែរ។ ត្រូវរៀនធ្វើចិត្តឲ្យត្រជាក់ រួចហើយសឹមរកវិធីដោះស្រាយតាមក្រោយដោយប្រកាន់គោលការណ៍មិនប្រើប្រាស់កំហឹងនៅគ្រប់កាលៈទេសៈទាំងអស់។

ត្រូវហើយបើខ្សត់ឲ្យខំរក ការតស៊ូព្យាយាមច្បាស់ជានឹងបង្កើតផលផ្លែជាក់ជាមិនខាន។ តាមសេដ្ឋកិច្ចវិទូមិនជឿថាមិនមានមនុស្សណាម្នាក់ក្រទេ គេបានឈ្លោះគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏រកមិនឃើញថាមូលហេតុអ្វីបានជាធ្វើឲ្យមនុស្សក្រដែរ តែមានមូលហេតុច្បាស់លាស់បំផុតមួយគឺមនុស្សជ្រើសរើសយកក្រ តាមរយៈការអនុញ្ញាតិឲ្យមានកំជិលចូលខ្លួន និងមិនរៀនទទួលយកអ្វីៗថ្មី។ គ្រាន់តែចេះសុបិន្តចង់មានបានតែមិនជឿថាខ្លួនឯងអាចធ្វើបាន។

៤. គេខុសកុំអាលអរ គេសាទរកុំអាលអួត

ព្រះបង្កើតមនុស្សមកឲ្យមានភ្នែកពីរ មាត់មួយ ដូច្នេះកុំឆាប់និយាយអ្វីចេញមកមុនមើលឃើញហេតុការណ៍ ឬមនុស្សណាម្នាក់ឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។ អញ្ចឹងបើឃើញនរណាម្នាក់ធ្វើខុសត្រូវជួយប្រៀនប្រដៅ និងលើកទឹកចិត្តគាត់ មិនត្រូវរម៉ាំងរម៉ោក ហើយអរសប្បាយជាមួយនឹងការបរាជ័យរបស់នរណាម្នាក់ឡើយ អ្វីៗអាចប្រែប្រួលទៅតាមពេលវេលា។ ចំណែកឯការអួតខ្លួនក៏ដូច្នោះដែរ មនុស្សសរសើរអ្នកមិនប្រាកដថាអ្នកជាមនុស្សដែលពូកែជាមួយនឹងចំណុចនោះដែរ គេអាចបញ្ជោរអ្នកក៏ថាបាន។

៣. គ្រូកាចសិស្សខូច

ពាក្យពេជ្រក្នុងសុភាសិតនេះមិនសំដៅតែលើសិស្ស និងគ្រូប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវទាំងនៅក្នុងគ្រួសាររវាងឪពុកម្តាយ ជាមួយកូន គ្រូជាមួយសិស្ស មិត្តភក្តិ និងមិត្តភក្តិ ចៅហ្វាយនាយ និងកូនចៅ។ កុំធ្វើអ្វីចចេស តឹងរ៉ឹងដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ។ សូមចាំថាសុភាសិត ឬពាក្យពេជ្រស្តីប្រដៅ ឬរបៀបនៃការធ្វើការងារអ្វីមួយត្រូវតែមួយជ្រុងតែប៉ុណ្ណោះ ដូច្នេះមិនត្រូវប្រកាន់យកយោបល់ ឬគំនិតរបស់ខ្លួនពេកនោះទេ។

២. ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ

ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ចេះស្រឡាញកូនខ្លួនឯងដូចគ្នា។ កុំប្រើប្រាស់គំនិតអាត្មានិយមដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះឡើយ ត្រូវចេះថ្លឹងថ្លែងដើម្បីជៀសវាងបង្កើតកំហុស ទាំងមិនបានត្រៀមខ្លួនទុកជាមុន។ កុំចេះស្រឡាញ់តែពេលស្អាតល្អ ឬពេលមានបាន តែភ្លេចទៅពេលបាត់បង់សម្រស់ ឬធ្លាក់ខ្លួនក្រីក្រនោះអី ដ្បិតអ្នកមិនអាចទាយទុកជាមុនបានគ្រប់រឿងនោះទេ ហេតុការណ៍ចំលែកៗអាចកើតមានឡើងបានគ្រប់ពេល។

១. ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត

ចំណុចនេះខ្ញុំចង់លើកទឹកចិត្តដល់អ្នកឲ្យធ្វើការពិចារណាឲ្យមែនទែន។ មានមនុស្សច្រើននាក់ណាស់ដែលចូលមកកាន់ជីវិតរបស់អ្នកចាប់តាំងពីក្មេងវ័យរហូតមកដល់ពេលបច្ចុប្បន្ន ហើយអ្នកក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរាប់មិនអស់ទាំងលំបាក ទាំងស្រណុក។ មានមនុស្សជាច្រើនដែលចូលចិត្ត និងស្រឡាញ់អ្នកតែគេក៏មិនមានពេលអាចចំណាយជាមួយអ្នកបានគ្រប់ពេល និងគ្រប់រឿងដែរ។ តែហេតុអ្វីបានជានៅពេលអ្នកឮពាក្យពេជ្រ ឬការនិយាយស្តីមិនល្អពីអ្នកដែលស្អប់អ្នកតែម្នាក់ ឬតិចតួចបែរជាធ្វើឲ្យអ្នកបាក់ទឹកចិត្ត ហើយងឹបមុខមិនរួចទៅវិញ? ហេតុអ្វី? ខ្ញុំពិតជាចង់ដឹងណាស់។ ដំណឹងល្អខ្ញុំចង់ប្រាប់អ្នកថា ម្នាក់ដែលមិនស្រឡាញ់អ្នក ម្នាក់ដែលស្អប់អ្នក ម្នាក់ដែលតែងតែបញ្ឈឺចិត្តអ្នកនោះគ្មានឥទ្ធិពលទេបើអ្នកមិនយកចិត្តទុកដាក់ជាមួយនឹងពាក្យសម្តី​ឬកាយវិការរបស់គេ។ សកម្មភាពទាំងនោះវាគ្មានឥទ្ធិពលដល់ជីវិតរបស់អ្នកទេ បើអ្នកមិនប្រើសកម្មភាពឆ្លើយតម តែអ្វីដែលជាបញ្ហាគឺនៅក្នុងខ្លួនរបស់អ្នកទៅវិញទេ។ ដូច្នេះភាពងប់ងល់នឹងពាក្យសម្តីមនុស្សមនុស្ស ធ្វើឲ្យអ្នកបាត់បង់ភាពជាមនុស្ស ហើយរស់នៅដោយគ្មានគោលបំណង និងក្តីប្រាថ្នាច្បាស់លាស់បាន។ ត្រូវមានភាពជឿជាក់លើខ្លួនឯង និងមិនត្រូវជឿពាក្យសម្តីប៉ុន្មានម៉ាត់ឲ្យបំផ្លាញជីវិតរបស់អ្នក និងគ្រួសារអ្នកទេ។


 

No comments:

Post a Comment