Friday, November 25, 2022

ប្រពៃណីអ្នកស្រុកចេនឡា ភាគ ២

   

រឿង​រ៉ាវ​ទាំង​នេះ លោក​ ជីវ តាក់គង់(1) បាន​និពន្ធ​ឡើង​ក្នុង​សម័យ​រាជ​សន្តតិវង្ស ងន់(2) គឺ​នៅ​ស្រុក​វ៉េងតា(3) ហើយ​ក្រោយ​មក​លោក ហ្កូវ គង់​ បាន​កែ​សម្រួល​ក្នុង​​រវាង​រាជ​សន្តតិវង្ស ម៉េង(4) ក្នុង​ស្រុក​សេងអាន(5)។ សេចក្ដី​អធិប្បាយ​ទាំង​ស្រុង​មាន​ដូច​តទៅ ៖

ចេនឡា ឬ​ចាមឡា អ្នក​ប្រទេស​នេះ​ហៅ​ខ្លួន​​ឯង​ថា «កាន់ផៃចី» តាម​កំណត់​ខ្លះ​របស់​ពួក​បស្ចិម​

ប្រទេស បាន​ហៅ​ថា កាំពូចី ដែល​មាន​សំលេង​ស្រដៀង​នឹង «កាំពួចេ» ដែរ​។

ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​ចេញ ​ពី​ស្រុក​អ៊ូជីវ (ខេត្ត​ជាក់កាង) តាម​ផ្លូវ​ទឹក តាម​ទន្លេ​ស្រុក​ម៉ាំងគូយ និង​គង់តុង កាត់​សមុទ្រ «ឈិតជីវ» ទៅ​ដល់​សមុទ្រ «កាវជីវ» ក៏​បាន​ទៅ​ដល់​ទីក្រុង «ចាម» បន្ត​ដំណើរ​បណ្ដោយ​ខ្យល់​ចេញ​ពី​ក្រុង​ចាម​ទៅ​អស់​រយៈ​ពេល​កន្លះ​ខែ​ទៀត ក៏​បាន​ទៅ​ដល់​ស្រុក ចេងផូវ (ជម្ពូ?) ដែល​ជា​ព្រំដែន​នៃ​ប្រទេស​នេះ​។ លុះ​ចេញ​ពី​ ចេង ផូវ​ ទៅ ​ទៀត​ឆ្លង​សមុទ្រ​ឃុនលុន ក៏​ទៅ​ដល់​មាត់​ពាម គឺ​បែក​ចេញ​ពី​មាត់​សមុទ្រ​ទៅ​ជា​ដៃ​ទន្លេ​ច្រើន​ច្រក​ណាស់​។ ក្នុង​បណ្ដា​ច្រក​ទាំង​នោះ មាន​តែ​ច្រក​ទី​៤​ទេ ទើប​អាច​ចូល​ទៅ​បាន ក្រៅ​ពី​នេះ​គេ​ដឹង​ថា មាន​ទឹក​រាក់​ណាស់​នាវា​ធំៗ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ​។ ត្រង់​ពាម​ជា​មាត់​ច្រក​នោះ ឃើញ​មាន​ព្រៃ​ស៊ុបទ្រុប ហើយ​ក្រៅ​ពី​នេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​បបូស និង​អំពៅ​ព្រៃ ដុះ​បែក​ផ្កា​ស​សំព្រូស ម៉្លោះ​ហើយ​អ្នក​ដំណើរ​ពិបាក​ចំណាំ​ផ្លូវ​រក​ច្រក​ចូល​ទៅ​ណាស់​។

      ចូល​ផុត​ពី​មាត់​ពាម ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​អស់​រយៈ​ដំណើរ​ប្រមាណ​កន្លះ​ ខែ​ទៀត ទើប​បាន​ទៅ​ដល់​ស្រុក​មួយ​ឈ្មោះ ឆេណាំ (ឆ្នាំង?) ដែល​ជា​ខេត្ត​មួយ​នៃ​ប្រទេស​នេះ​។ លុះ​ធ្វើ​ដំណើរ​ពី​ ឆេណាំ បណ្ដោយ​តាម​ទឹក​ហូរ​ទៅ​ជើង​អស់​រយៈ​១០​ថ្ងៃ​ទៀត កាត់​ភូមិ​ពូឡូវឈឹង (ប្រែថា​ភូមិ​កណ្ដាល​ផ្លូវ) ហ៊ុតឈឹង (ភូមិ​ព្រះពុទ្ធ)(6) ឆ្លង​កាត់​សមុទ្រ​ទឹក​សាប (ទន្លេសាប)(7) ទៅ​ទៀត ទើប​បាន​ដល់​ទី​ក្រុង​កាងពាងឈូ (កំពែងជួរ?)​។ ក្រុង​នេះ​មាន​ទំហំ ៥០ លី (១ លី​ប្រវែង ១.៨០០ ហត្ថ) បើ​តាម​សៀវភៅ​ពួក​បស្ចិម​ប្រទេស​សរសេរ​ថា ប្រទេស​នេះ មាន​ទំហំ​ដី ៧.០០០ លី និង​មាន​ព្រំប្រទល់​ខាង​ជើង​ទល់​នឹង​ក្រុង​ចម៉្បា គឺ​ត្រូវ​ធ្វើ​ដំណើរ​អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចំងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាង​ត្បូង​ឃ្លាត​ពី​ទីក្រុង «ហួងអ៊ូ» ចំងាយ​ ផ្លូវ​១០​ថ្ងៃ ឯ​ខាង​កើត​ប្រទេស​គឺ​មហាសមុទ្រ ហើយ​ដែល​ជា​ប្រទេស​មួយ​ធ្លាប់​ទាក់ទង ខាង​សេដ្ឋកិច្ច​ជាមួយ​ស្រុក​យើង​តាំង​ពី​ដើម​រៀង​មក​ផង​។

នៅ​គ្រា​ដែល​ប្រទេស​ចិន (ក្នុង​រាជ្យ​សន្តតិវង្ស​ម៉ុងហ្គោល) បាន​ត្រួតត្រា​លើ​មហាសមុទ្រ​ក្នុង​ទ្វីប​លោក​ហើយ លោក​ចមពល (មេ​ទ័ព​ធំ) ឈ្មោះ ជុន តូវ ដែល​នៅ​ឈរ​ប្រចាំ​ការ​ត្រួតត្រា​ទី​ក្រុង​ចាម បាន​ចាត់​មន្ត្រី​២​នាក់​ គឺ​លោក ហ៊ូ​ ប៉េកហូវ អ្នក​មាន​ប៉ាន​មាស​១ និង​លោក ឆាយ ហូវ អោយ​ទៅ​​កាន់​ប្រទេស​ចេនឡា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ​ទុក​មិន​អោយ​មក​វិញ​។ លុះ​មក​ដល់​រជ្ជកាល​ស្ដេច ងន់ ចេង (គ.ស ១២៩២) ខែ​ទី​៦ ព្រះរាជា​អង្គ​នេះ ទ្រង់​ចាត់​បេសកកម្ម​ទូត​មួយ​មក​ប្រទេស​ចេនឡា ហើយ​ពេល​នោះ​ខ្លួន​ខ្ញុំ​ក៏​ត្រូវ​ចាត់​មក​ជា​មួយ​ដែរ​។ គឺ​នៅ​ក្នុង​ខែ​ទី​២ នៃ​ឆ្នាំ​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ស្រុក ម៉េងជីវ នោះ​មក​ទៀត​។ លុះ​ថ្ងៃ​១៥ ខែ​ទី​៣ ទើប​មក​ដល់​ទីក្រុង​ចាម​។ នៅ​កណ្ដាល​ផ្លូវ ជួប​នឹង​ខ្យល់​បក់​បញ្ច្រាស​ពី​មុខ​មក​វិញ ដែល​ជា​ហេតុ​នាំ​អោយ​មាន​ការ​រអាក់រអួល​ក្នុង​ដំណើរ​។ ដល់​មក​ខែ​៧​ដែល​ជា​សរទ​រដូវ​ទើប​បាន​មក​ដល់​ប្រទេស​នេះ ព្រម​ចំណុះ​ចុះ​ចូល​ទៅ (8)។

លុះ​ដល់​មក​រជ្ជកាល​ស្ដេច តាយ តេក (គ.ស ១២៩៧) ខែ​ទី​៦ ខ្ញុំ​ជិះ​នាវា​ត្រឡប់​មក​វិញ ហើយ​ដល់​ថ្ងៃ​១២ ខែ​៨ ទើប​នាវា​ចូល​ចត​ដល់​កំពង់​ផែ​ស្រុក​ស៊ីម៉េង។ ចំពោះ​រឿង​ប្រពៃណី និង​កិច្ចការ​នៃ​ប្រទេស​ចេនឡា​នេះ ខ្ញុំ​មិន​បាន​ដឹង​ល្អិតល្អន់​អស់​សេចក្ដី​សព្វ​គ្រប់​មែន តែ​ខ្ញុំ​បាន​ដឹង​ដោយ​ត្រួសៗ អាច​នឹង​ជម្រាប​ជូន​បាន​ដែរ​។

១. បរិវេណ​នៃ​ទីក្រុង

បរិវេណ​នៃ​ទីក្រុង​នេះ មាន​ទំហំ ២០ លី មាន​ទ្វារ​៥​។ ទ្វារ​ទាំង​នោះ​សុទ្ធ​តែ​សាង​កម្រាស់​ជា​២​ជាន់​ក្នុង​ក្រៅ គឺ​នៅ​ទិស​ខាង​កើត​មាន​ទ្វារ​២​។ ក្រៅ​ពី​នេះ ក្នុង​មួយ​ទិស​មាន​ទ្វារ​តែ​មួយ​ទេ​។ នៅ​ក្រៅ​កំពែង​ក្រុង សុទ្ធ​តែ​មាន​ប្រឡាយ​ទឹក​ធំៗ ពី​ក្រៅ​ប្រឡាយ​នោះ មាន​ផ្លូវ​ដើរ​ទៅ​កាន់​ស្ពាន​ធំៗ ហើយ​នៅ​សងខាង​ស្ពាន​នីមួយៗ មាន​ទេវរូប​ថ្ម​៥៤ ដូចជា​រូប​មេទ័ព​ថ្ម​ដ៏​ធំៗ​ដូច្នេះ​ដែរ​។ រូប​ទាំង​នោះ​ដូចៗ​គ្នា​នៅ​តាម​ច្រក​ទាំង​៥​។ បង្កាន់​ដៃ​ស្ពាន​ទាំង​នេះ គេ​ធ្វើ​អំពី​ថ្ម​ហើយ​មាន​ឆ្លាក់​ជា​រូប​ពស់​ដ៏​ធំ (9) ដែល​មាន​ក្បាល​៩ ឯ​រូប​ថ្ម​ទាំង​៥៤​នោះ សុទ្ធ​តែ​យក​ដៃ​ចាប់​ទាញ​ពស់​នេះ​ឯង​ហាក់​ដូច​ជា​មិន​ចង់​អោយ​ស្ទុះ​ទៅ​ រួច​។ នៅ​ខាង​លើ​ខ្លោង​ទ្វារ​មាន​ពុទ្ធ​រូប​ថ្ម​៥​អង្គ បែរ​ភ័ក្ត្រ​ទៅ​ទិស​ខាង​លិច ហើយ​មួយ​អង្គ​ដែល​ស្ថិត​នៅ​ចំកន្ដាល​គេ មាន​ទឹក​មាស​ល្អ​ស្រស់​ផង​។ នៅ​សង​ខាង​ទ្វារ​មាន​ឆ្លាក់​រូប​ដំរី​ថ្ម​ទៀត​។

កំពែង​ទីក្រុង គេ​ធ្វើ​ពី​ថ្ម​ទាំង​អស់ មាន​កំពស់ ២០ ហត្ថ តម្រៀប​ថ្ម​យ៉ាង​ជិត​ហើយ​មាំ​ណាស់​។ នៅ​ពី​លើ​គ្មាន​ស្មៅ​ដុះ​ឡើយ តែ​នៅ​ចន្លោះ​មួយ​ដុំៗ​មាន​ដាំ​ដើម​ជ្រៃ​។ ឯ​ផ្ទៃ​ក្នុង​នៃ​កំពែង ដែល​មាន​ចន្លោះ​​ពី​គ្នា​​ដល់​ទៅ​ជាង ១០០ ហត្ថ​នោះ ស្ថិត​នៅ​ជា​ដី​ជម្រាល​បីដូច​ជម្រាល​នៃ​ភ្នំ រលីង​ស្អាត​ណាស់​។ លើ​កំពែង​ដែល​មាន​ផ្ទៃ​ជា​ដី​ជម្រាល​នោះ មាន​ទ្វារ​ធំៗ​ដែល​បិទ​ជិត​នៅ​ពេល​យប់ ហើយ​បើក​ចំហ​នៅ​ពេល​ថ្ងៃ​តាំង​ពី​ព្រលឹម និង​មាន​អ្នក​យាម​ប្រចាំ​ការ​ជានិច្ច​។ សត្វ​ឆ្កែ គេ​មិន​អោយ​ចូល​ក្នុង​ទ្វារ​នេះ​ទេ​។ ជនណា​ដែល​ធ្លាប់​មាន​ទោស​ត្រូវ​គេ​កាត់​ម្រាម​ជើង ក៏​មិន​អោយ​ចូល​ដែរ​។ កំពែង​ព័ទ្ធ​ជុំ​វិញ​នោះ មាន​ជ្រុងជ្រោយ​ល្អ​ណាស់ ហើយ​នៅ​ត្រង់​ជ្រុង​នីមួយៗ​សឹង​មាន​ប្រាង្គ​ថ្ម​មួយ​ខ្ពស់​នៅ​ប្រចាំ​គ្រប់​ ជ្រុង​។

នៅ​កណ្ដាល​ទី​ ក្រុង​នេះ មាន​ប្រាសាទ​មាស​មួយ(A) និង​នៅ​ជិត​ខាង​នេះ​មាន​ប្រាង្គ​ប្រសាទ​ជាង​២០​ទៀត ព្រមទាំង​មាន​បន្ទប់​ថ្ម​ចំនួន​ច្រើន​រយ​បន្ទប់​ផង​។ នៅ​ប៉ែក​ខាង​កើត​មាន​ស្ពាន​មាស​មួយ មាន​រូប​តោ​មាស​២​ស្ថិត​នៅ​អម​ខាង​ឆ្វេង និង​ខាង​ស្ដាំ​ស្ពាន​មាស​។ មាន​ព្រះពុទ្ធ​រូប​មាស​៨​អង្គ តម្កល់​នៅ​តម្រៀប​គ្នា​ចំ​ពី​ក្រោម​ប្រាង្គ​សិលា​។ នៅ​ខាង​ជើង​ប្រាសាទ​មាស​ចំងាយ​ប្រមាណ​ជាង​មួយ​លី មាន​ប្រាសាទ​ស្ពាន់​មួយ​ទៀត​ដែល​មាន​កំពស់​ខ្ពស់​ជាង​ប្រាសាទ​មាស គួរ​អោយ​គយ​គន់​ណាស់​។ ចំ​ពី​ក្រោម​ប្រាសាទ​ស្ពាន់​នេះ ឃើញ​មាន​បន្ទប់​ថ្ម​ប្រហែល​ជា​១០​ដែរ​។ ចេញ​ពី​នេះ​ទៅ​ខាង​ជើង​ថែម​មួយ​លី​ទៀត គឺ​ជា​ព្រះរាជដំណាក់​ដែល​ស្ដេច​គង់​នៅ​។ នៅ​ក្នុង​ល្វែង​ដែល​ជា​ព្រះ​ដំណាក់​នោះ មាន​ប្រាង្គ​មាស​មួយ​ទៀត​។ ទំនង​ជា​ដោយ​ហេតុ​នេះ​ហើយ ដែល​ពួក​ឈ្មួញ​បរទេស​តែង​ដំណាលថា ប្រទេស​ចេនឡា ថ្កុំថ្កើង​រុង​រឿង​ណាស់​។

ចេញ​ពី​កំពែង​តាម​ទ្វារ​ខាង​ត្បូង​ទៅ​ចំងាយ​ប្រមាណ​ជា​ ជាង​កន្លះ​លី តាម​ពាក្យ​ចចាម​អារាម​គេ​និយាយ​ថា​មាន​ចេតិយ​ លូប៊ូន (B) សង់​តែ​មួយ​យប់​។ ផ្នូរ​សព ឬ​ចេតិយ លូប៊ូន ស្ថិត​នៅ​ក្រៅ​កំពែង​ខាង​ត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ​​ព័ទ្ធ​ជុំវិញ​ប្រមាណ​ជាង​១០​លី និង​មាន​បន្ទប់​ថ្ម​ជា​ច្រើន​រយ​ទៀត​ផង​។ នៅ​ស្រះ​ខាង​កើត​កំពែង​នគរ​ប្រមាណ​ចំងាយ​១០​លី មាន​ប្រាសាទ​ថ្មី​មួយ​ទៀត (C)ដ៏​មាន​បរិវេណ​ព័ទ្ធ​ជុំ​វិញ​ប្រវែង​១០០​ លី​។ នៅ​ក្នុង​ប្រាសាទ​នេះ មាន​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ទ្រង់​ផ្ទុំ​ពី​ស្ពាន់ ហើយ​មាន​ទឹក​ចេញ​ជា​និច្ច​ពី​ត្រង់​ផ្ចិត ហូរ​ធ្លាក់​ទៅ​ក្នុង​ស្រះ​ធំ​មួយ​នៅ​ពី​ខាង​ជើង​ប្រាសាទ​នេះ​។ នៅ​ទិស​ខាង​ជើង​កំពែង​នគរ​ចំងាយ​ប្រមាណ​៥​លី មាន​ប្រាសាទ​មាស​រាង​៤​ជ្រុង(D) (ទំនង​ជា​ប្រាសាទ​នាគព័ន្ធ) និង​មាន​បន្ទប់​ថ្ម​ជា​ច្រើន​រយ ហើយ​នៅ​ក្នុង​នោះ គេ​ឃើញ​មាន​ព្រះពុទ្ធ​រូប​មាស​ រូប​សិង្ហ​មាស រូប​ដំរី រូប​គោ រូប​សេះ និង​វត្ថុ​ដទៃ​ទៀត​ធ្វើ​ពី​ស្ពាន់ ច្រើន​ឥតគណនា​។

២. ដំណាក់ លំនៅ​ឋាន

ព្រះ​ដំណាក់ ផ្ទះ​នាម៉ឺន​មន្ត្រី និង​ផ្ទះ​អ្នក​មាន​ទាំង​អស់​សុទ្ធ​តែ​បែរ​មុខ​ទៅ​កើត​។ ព្រះរាជ​ដំណាក់​ស្ថិត​នៅ​ខាង​ជើង​ប្រាសាទ​មាស និង​ស្ពាន​មាស ហើយ​នៅ​ជិត​មាត់​ទ្វារ​ដ៏​មាន​បន្ទាយ​ព័ទ្ធ​ជុំ​វិញ​ប្រវែង ៥ ឬ​ ៦ លី​។ ក្បឿង​ប្រក់​តួ​ប្រាសាទ​កណ្ដាល​ធ្វើ​ពី​សំណរ ឯ​អគារ​ផ្សេង​ទៀត​សឹង​ប្រក់​ក្បឿង​ធ្វើ​ពី​ដី​ដុត​ពណ៌​លឿង​។ សសរ និង​ស៊ុម​ទ្វារ​សុទ្ធ​តែ​ឆ្លាក់ ឬ​គូរ​រចនា​រូប​ផ្សេងៗ តែ​ភាគ​ច្រើន​គឺ​រូប​ព្រះពុទ្ធ​។ ដំបូល​ទាំង​នោះ​ល្អ​មើល​ណាស់​។ របៀង​ប្រាសាទ​ និង​ថែវ​យ៉ាង​វែង អាច​ដើរ​បាន​ជា​ផ្លូវ​ខ្វាត់​ខ្វែង ហើយ​ដំបូល​នោះ​ក៏​ខ្ពស់ៗ​សម្បើម​ណាស់​។ ទី​នេះ​ជា​កន្លែង​ព្រះរាជ​វាំង​ដែល​ស្ដេច​ទ្រង់​ប្រកប​កិច្ចការ​ផែនដី មាន​បង្អួច​មាស​មួយ​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ស្ដេច​គង់​ប្រថាប់ មាន​សសរ​បួន​ជ្រុង​តម្កល់​កញ្ចក់​តម្រៀប​គ្នា​ប្រមាណ​ជា​សែសិប ឬ​ហាសិប​បន្ទះ ដាក់​ដង្ហែ​តាម​ជ្រុង​បង្អួច​នេះ កំណល់​ទ្រ​មាន​រូបរាង​ជា​ដំរី (ត្រង់​នេះ​គឺ​បុស្បុក​មួយ ដែល​មាន​សសរ​បួន និង​ក្បាច់​លម្អ​ដោយ​កញ្ចក់​ជើង​ទ្រ​ធ្វើ​ជា​រូប​ដំរី តែ​លោក ជីវ តាក្វាន់ សរសេរ​ថា​ជា​ស៊ុម​មួយ ព្រោះ​ឃើញ​មាន​គែម​ក្រប​ជុំ​វិញ)​។

ខ្ញុំ​ឮ​គេ​និយាយ​ថា ទីត្រង់​នេះ​មាន​របស់​ប្លែកៗ​ច្រើន​ណាស់ ប៉ុន្តែ​បម្រាម​តឹង​តែង​ពេក មិន​អាច​អនុញ្ញាត​អោយ​ចូល​មើល​បាន​។ ក្នុង​បណ្ដា​រឿង​ប្លែក​ទាំង​នោះ មាន​ការណ៍​មួយ​ថា នៅ​កណ្ដាល​ប្រាសាទ មាន​ប្រាង្គ​មាស​មួយ ហើយ​ថា​រាល់​យប់​ ស្ដេច​តែង​ឡើង​ទៅ​ផ្ទុំ​លើ​ប្រាង្គ​មាស​នោះ។ អ្នក​ស្រុក​គេ​មាន​ជំនឿ​ហើយ​នាំ​គ្នា​និយាយ​ថា នៅ​ក្នុង​ប្រាង្គ​មាស​នោះ​ឯង​មាន​បិសាច​មួយ មាន​រូប​ជា​ពស់​ ក្បាល​ប្រាំបួន (ពស់​ក្បាល​ប្រាំបួន​នេះ គឺ​ជា​នាគ ព្រោះ​នាគ​ខ្មែរ​មាន​ខ្លួន​ជា​ពស់ ឯ​នាគ​ចិន​មាន​ជើង ក្បាល​តូច ឥត​ពពារ​ទេ)។ បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ​។ រាល់​យប់ បិសាច​តែង​តំណែង​ខ្លួន​ជា​មនុស្ស​ស្ត្រី ហើយ​ស្ដេច​ត្រូវ​រួម​ផ្ដេកផ្ដិត​នឹង​នាង​នេះ សូម្បី​តែ​មហេសី ឬ​ស្នំ​ស្និទ្ធ​ព្រះអង្គ ក៏​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ទី​នោះ​ដែរ​។ លុះ​ដល់​មជ្ឈិម​យាម ទើប​ស្ដេច​ចេញ​មក​ពី​នាង​ពស់​នោះ មក​រួម​រ័ក្ស​នឹង​មហេសី ឬ​ស្ត្រី​ស្នំ​ដទៃ​ទៀត​បាន​។ បើ​បាត់​ពស់​នោះ​មិន​និម្មិត​មក​ទេ នោះ​ថា​គ្រោះ​ថ្នាក់​នឹង​មក​ដល់​អាយុ​ស្ដេច​ ហើយ​រឿង​រ៉ាវ​អាក្រក់​នឹង​កើត​ឡើង​។ បើ​ស្ដេច​មិន​បាន​យាង​ចូល​ទៅ​ទី​នេះ​មួយ​យប់​ណា​ហើយ ពេល​នោះ​អពមង្គល​នឹង​ពិត​ជា​កើត​ឡើង​ភ្លាម​មិន​ខាន​ដែរ​។

បន្ទាប់​មក ដំណាក់​ព្រះញាតិវង្ស ឬ​លំនៅ​នាម៉ឺន‑មន្ត្រី​ធំៗ សង់​យ៉ាង​ធំ​ទូលាយ​ស្ដុក​ស្ដម្ភ​ប្លែក​ពី​ផ្ទះ​អ្នក​ស្រុក​សាមញ្ញ​។ ផ្ទះ​ទាំង​នោះ​សុទ្ធ​តែ​ប្រក់​ស្លឹក មាន​តែ​ផ្ទះ​អ្នក​ធំ និង​វិហារ​ទេ​ដែល​ប្រក់​ក្បឿង​។ ហើយ​ទំហំ​ផ្ទះ​ទាំង​នោះ​ត្រូវ​សង់​ទៅ​តាម​លំដាប់​យស​សក្តិ​នៃ​ម្ចាស់​ផ្ទះ​ ផង។ ចំណែក​ផ្ទះ​ប្រជារាស្ត្រ​ វិញ សុទ្ធ​តែ​ប្រក់​ស្លឹក (ឬស្បូវ) គេ​មិន​ហ៊ាន​ប្រក់​ក្បឿង​ទេ ឯ​ទំហំ​សោត សង់​ទៅ​តាម​ធនធាន​ខ្លួន តែ​មិន​ហ៊ាន​សង់​អោយ​ដូច​លំនាំ​អ្នក​ធំ​ឡើយ​។

៣. សម្លៀក​បំពាក់ និង គ្រឿង​អលង្ការ

អ្នក​ស្រុក​ទាំង​អស់ ចាប់​តាំង​ពី​ស្ដេច​ចុះ​ទៅ ទាំង​ស្រី​ទាំង​ប្រុស​សុទ្ធ​តែ​បួង​សក់​ទាំងអស់ ហើយ​គេ​លែង​ខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំ​វិញ​ខ្លួន របៀប​គេ​ចង​ពុង ហើយ​បើ​ត្រូវ​ការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​ធំ​ជាង​មុន មក​រុំ​ស្រោប​ថែម​ពី​លើ​។ ការ​ស្លៀក​ពាក់​នេះ មាន​លក្ខខណ្ឌ​ទៅ​តាម​ឋានៈ​ទៀត​។ ព្រះ​ពស្ត្រ​របស់​ស្ដេច មាន​តំលៃ​ជា​មាស​បី ឬ​បួន​តម្លឹង គឺ​ល្អ​ដាច់​ពី​សម្លៀក​បំពាក់​អ្នក​ផង​ទាំង​ពួង​។ អ្នក​ស្រុក​នេះ ចេះ​ត្បាញ​សំពត់​ប្រើ​ហើយ តែ​មាន​ប្រើ​សំពត់​មក​ពី​ស្រុក​សៀម​ និង​ចាម​ផង​ដែរ​។ សំពត់​ពិសេស​មក​ពី​បស្ចិម​ប្រទេស​ដែល​មាន​សាច់​ម៉ដ្ធ​ល្អ មាន​តែ​ស្ដេច​ទេ​ដែល​មាន​ប្រើ គឺ​ជា​សំពត់​ផ្កា​សរសៃ​សូត្រ​ឆ្មារ​។ ស្ដេច​ពាក់​មកុដ​មាស បើ​ជួនកាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កម្រង​ផ្កា​ដូចជា​ផ្កា​ម្លិះ​ជា​ដើម ព័ទ្ធ​ជុំ​វិញ​ព្រះ​សិរ​។ នៅ​លើ​កំពូល​ព្រះ​កេស មាន​ស្នៀត​សក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀត​ផង​។ គ្រាន់​តែ​គ្រឿង​អលង្ការ​ដែល​ពាក់​នៅ​នឹង​ព្រះ​បាទ និង​ព្រះ​ហស្ត មាន​ទម្ងន់​ដល់​ទៅ​ជាង​បី​នាឡិ​។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់​ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​ភ្នែក​ឆ្មា​។ បាត​ព្រះ​ហស្ត​ និង​បាត​​ព្រះ​បាទ​មាន​លាប​ពណ៌​ក្រហម ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​មក​ម្ដងៗ​តែ​ងកាន់​ព្រះ​ខ័ន​មាស​មួយ​ ជានិច្ច​។

ចំណែក​ប្រជា​រាស្ត្រ​ វិញ មាន​តែ​ស្ត្រី​ភេទ​ទេ​ដែល​អាចលាប​ថ្នាំ​ក្រហម​នៅ​បាត​ដៃ​បាត​ជើង​បាន ឯ​ប្រុសៗ​មិន​ហ៊ាន​លាប​ទេ​។ ព្រះ​ញាតិវង្ស និង​មន្ត្រី​ធំ​អាច​ប្រើ​កំណាត់​ផ្កា​រង្វើលៗ​បាន ឯ​មន្ត្រី​ធម្មតា​ប្រើ​បាន​តែ​ត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ត្រ​សាមញ្ញ បើ​ស្រីៗ​អាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​ដែរ។ ជនជាតិ​ចិន​ដែល​ទើប​នឹង​មក​ដល់​ប្រទេស​ នេះ​ថ្មីៗ ទោះ​បី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំង​សង​ខាង ក៏​គេ​មិន​ថាអី​ដែរ ព្រោះ​គេ​សន្មត​ថា​ជា​ពួក​មិន​ទាន់​ដឹង​ទំនៀម អ្នក​​ស្រុក​​ហៅ​ថា ពួក​ង៉ានទីង ប៉ា ឆា (មិន​ដឹង​ភាសា?)​។

៤. អំពី​មន្ត្រី

ប្រទេស​នេះ​មាន ​រដ្ឋមន្ត្រី មេទ័ព និង​ហោរា ហើយ​មន្ត្រី​ក្រោម​ពី​នោះ មាន​ច្រើន​ឋានៈ​ទៀត ដូចជា​នៅ​ប្រទេស​ចិន​ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ​។ មន្ត្រី​ទាំង​នេះ​ភាគ​ច្រើន​ជា​ពូជ​ពង្ស​របស់​ស្ដេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើ​ជា​មន្ត្រី​ផង​ទាល់​តែ​អ្នក​នោះ​យក​កូន​ទៅ​ថ្វាយ ​អោយ​ធ្វើ​ជា​ស្នំ​ស្ដេច​។ ការ​ធ្វើ​ដំណើរ​នៃ​មន្ត្រី​ទាំង​នោះ គេ​សម្គាល់​តាម​គ្រឿង​ហែហម​តាម​ឋានៈ​។ អ្នក​ធំ​ជាង​គេ​អង្គុយ​លើ​គ្រែ​ស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស​បួន​។ អ្នក​បន្ទាប់​មក​ទៀត ​គ្រែ​ស្នែង​មាស​ក្លស់​ដង​មាស​ពីរ ចុះ​មក​ទៀត​មាន​គ្រែ​ស្នែង​មាស​ដែរ តែ​ក្លស់​ដង​មាស​មួយ​។ អ្នក​តូច​មក​ទៀត​គ្រែ​ស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស​មួយ​។ អ្នក​តូច​បន្ត​មក​ចេះ​តែ​ថយ​មក​ក្លស់​ដង​មាស​តែ​មួយ រួច​ក្លស់​ដង​ប្រាក់​មួយ​ ឥត​មាន​គ្រែ​ស្នែង​។

ចំពោះ​មន្ត្រី​ដែល​ត្រូវ​ជិះ​គ្រែ​ស្នែង​ប្រាក់ និង​ក្លស់​ដង​មាស​មួយ​ឡើង​ទៅ សុទ្ធ​តែ​ហៅ​ថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?)​។ អ្នក​ដែល​មាន​តែ​ក្លស់​ដង​ប្រាក់ ហៅ​ថា «សីឡាត់ទី» (ស្រិស្ធិន?)​។ ក្លស់​នោះ​ គេ​យក​សំពត់​ជា​តី​សូត្រ​ដែល​ធ្វើ​មក​ពី​ប្រទេស​ចិន​ពាស ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី​។ ឯ​ឆ័ត្រ​តាំង​យូរ គេ​យក​សំពត់​សូត្រ​ពណ៌​ខៀវ​មក​ពាស ហើយ​ទម្លាក់​រំភាយ​ខ្លី​បន្តិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ាង​រលើប​ទៀត​ផង​។

៥. អំពី​លទ្ធិ​សាសនា​បី​បែប

អ្នក ​ចេះ​ដឹង (ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ានឃាប (តាម​សេច​ក្ដី​ប្រែ​របស់​លោក​ប៉េលី​យោត​ថា ប៉ា​ឃី ពាក្យ​នេះ​ទំនង​ជា​មក​ពី​ពាក្យ​បណ្ឌិត​) លោក​សង្ឃ​គេ​ហៅ​ថា ជូគូ (លោក​សង្ឃ​ខាង​ពុទ្ធសា​សនា ប្រហែល​មក​ពី​ពាក្យ​ព្រះ​គ្រូ​) ពួក​តាបស​គេ​ហៅ ប៉ាស៊ីវ៉ី ​( លោក ប៉េលីយោត ប្រែថា ប៉ាសិវ៉ៃ ប្រហែលមកពីពាក្យ បស្វ​)​។

ដែល​ហៅ​ថា ប៉ានឃាប នេះ​មិន​ដឹង​ជា​រៀន​ពី​កន្លែង​ណា​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សាលា ឬ​ទី​កន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​ពួក​នេះ​ឯង​ដែល​ស្លៀក​ពាក់​ដូច​តែ​ជន​ធម្មតា​ដែរ ប៉ុន្តែ​មាន​ប្លែក​ត្រង់​ពាក់​អំបោះ​ស​វេញ​មួយ​ខ្សែ​នៅ​ក ហើយ​អំបោះ​នេះ ពាក់​ជាប់​នឹង​ក​អស់​មួយ​ជីវិត​។ គេ​តែង​រើស​យក​ពួក​ ប៉ានឃាប នេះ ​ឯង ធ្វើ​ជា​មន្ត្រី ព្រោះ​គេ​ទុក​ជា​អ្នក​ចេះ​ដឹង​ជាន់​ខ្ពស់​ហើយ​។

ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះកេស គ្រ​ង​ចីវរ​ពណ៌​លឿង​បញ្ចេញ​ស្មារ​ខាង​ស្ដាំ ហើយ​និមន្ត​ដោយ​ជើង​ទទេ ឥត​ពាក់​ស្បែក​ជើង​ឡើយ​។ ព្រះវិហារ​មួយ គេ​អនុញ្ញាត​អោយ​ប្រក់​ក្បឿង​បាន ហើយ​នៅ​កណ្ដាល​ព្រះវិហារ​នោះ​មាន​តម្កល់​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ ដែល​មាន​ភិនភាគ​ដូចជា​ព្រះ​សក្យមុនី​ដែរ (តាម ​មហាយាន គេ​ជឿថា មាន​ព្រះ​ពុទ្ធ​២​អង្គ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋាន​សួគ៌​នាម «អាមិតាតៈ” និង​ព្រះពុទ្ធ​ដែល​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម «សក្យមុនី”) គេ​ហៅ​ថា «ពុតឡៃ” លាប​លន​ពណ៌​ក្រហម ដោយ​​គេ​យក​ដី​ស​មក​សូន​ធ្វើ​ ហើយ​លាប​ពណ៌​ផ្សេងៗ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពី​នេះ​ទេ​។ មាន​ព្រះ​ពុទ្ធរូប​តូចៗ​ច្រើន​អង្គ​ទៀត មាន​ព្រះ​ភក្ត្រ​មិន​ដូច​គ្នា​ទេ ច្រើន​តែ​កសាង​អំពី​ស្ពាន់ ហើយ​គ្មាន​ជួង ស្គរ រគាំង ទង់​អ្វី​ទាំងអស់​។ ព្រះ​សង្ឃ​ឆាន់​ត្រី​សាច់​បាន តែ​មិន​ឆាន់​ស្រា​ទេ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំង​នេះ​ថ្វាយ​ព្រះ​ផង​។ ក្នុង​មួយ​ថ្ងៃ​លោក​និមន្ត​ទៅ​បិណ្ឌ​បាត​ពី​ផ្ទះ​បាសក​តែ​មួយ​ដង​ទេ ហើយ​គ្មាន​រៀប​ដណ្ដាំ​ស្ល​នៅ​ក្នុង​វត្ត​ឡើយ​។ លោក​ឆាន់​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​។

ធម៌​ដែល​លោក​សូត្រ​មាន​ច្រើន​ណាស់ គេ​ចង​ក្រង​នៅ​នឹង​ស្លឹក​តាលព្រឹក្ស (បាន​ជា​ខ្ញុំ​ប្រែ​ថា តាល​ព្រឹក្ស ព្រោះ​ពាក្យ​ដើម គេ​ពុំ​ទាន់​បញ្ចាក់​ច្បាស់​ថា ស្លឹក​រឹត​នៅ​ឡើយ​ទេ​) ដិត​ស្នាម​អក្សរ​ពណ៌​ខ្មៅ តែ​មិន​មែន​សរសេរ​ដោយ​ជក់ ឬ​ខ្មៅ​ដុស​ឡើយ​។ ខ្ញុំ​មិន​ដឹង​គេ​សរសេរ​ដោយ​អ្វី​ទេ (ការ​ពិត​គេ​ចារ​ដោយ​ដែក​ចារ ហើយ​យក​ធ្យូង​លាយ​ប្រេង​មក​លុប ទើប​បាន​ជា​ស្នាម​ខ្មៅ​នេះ)​។ គេ​មាន​យក​គ្រែ​ស្នែង និង​ក្លស់​ដង​មាស​ ឬ​ដង​ប្រាក់​ មក​សែង​មក​បាំង​លោក​សង្ឃ​ដែរ ព្រោះ​ស្ដេច​តែង​ពិគ្រោះ​នឹង​ព្រះសង្ឃ ចំពោះ​បញ្ហា​ណា​ដែល​ធំៗ​របស់​ស្រុក​ទេស​។ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដូន​ជី​នៅ​ក្នុង​វត្ត​ទាំង​នោះ​ទេ​។

រី​ឯ​ពួក​តាបស​ដែល​ហៅ ប៉ាស៊ីវ៉ី នេះ ​ស្លៀក​ពាក់​ជា​អ្នក​ស្រុក​ធម្មតា​ដែរ តែ​មាន​ជួត​ក្បាល​កំណាត់​ពណ៌​ស ឬ​ពណ៌​ក្រហម របៀប​ដូច​ពួក​ស្រី​តារតា​នៃ​ជាតិ​ ម៉ុងហ្គោល​ដែរ តែ​ទាប​ជាង​បន្តិច​។ ពួក​នេះ​មាន​វត្ត​ដូច​ព្រះ​សង្ឃ​ពុទ្ធសាសនា​ដែរ តែ​មាន​ទំហំ​តូច​ជាង​។ លទ្ធិ​ពួក​តាបស​នេះ គ្មាន​ឥទ្ធិពល​ខ្លាំង​ដូច​សាសនា​ព្រះពុទ្ធ​ទេ​។ ពួក​គេ​គោរព​ចំពោះ​តែ​ថ្ម​មួយ​ដុំ​ធំ (លោក ប៉េ​លី​យោត​យល់​ថា​ជា​លិង្គ​) ដូច​ថ្ម​រូប​អ្នក​តា​ព្រះ​ស្រុក​ដូច្នោះ​ដែរ​។ ប្រភព​ក្ដី របៀប​ប្រតិបត្តិ​នៃ​ពួក​នេះ​ក្ដី ខ្ញុំ​ពុំ​បាន​ដឹង​ទេ​។ ពួក​នេះ​មាន​ដូន​ជី ហើយ​វិហារ​ក៏​ត្រូវ​អនុញ្ញាត​អោយ​ប្រក់​ក្បឿង​បាន​ដែរ​។ ពួក ប៉ាស៊ីវ៉ី មិន​បរិភោគ​របស់​អ្នក​ដទៃ​ទេ ហើយ​មិន​បរិភោគ​នៅ​ចំពោះ​​ទី​សាធារណៈ​ផង ហើយ​មិន​សេព​សុរា​ជា​ដាច់​ខាត​។ ខ្ញុំ​មិន​ដែល​ឃើញ​តាបស​សូត្រ​ធម៌ ឬ​ក៏​ធ្វើ​អំពើ​អ្វី​ជា​ប្រយោជន៍​អ្នក​ផង​ច្បាស់​នឹង​ភ្នែក​ម្ដង​ណា​ឡើយ​។

ចំណែក​ក្មេង​កូន​អ្នក​ស្រុក​វិញ ដែល​ត្រូវ​ការ​រៀន​សូត្រ​ គេ​តែង​យក​ទៅ​ទុក​ដាក់​រៀន​ជាមួយ​ព្រះសង្ឃ​ ហើយ​បួស​ជា​សង្ឃ​ផង លុះ​ដល់​អាយុ​ច្រើន​ក៏​វិល​ត្រឡប់​មក​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ​។ ឯ​ការ​ល្អិត​ល្អន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​បាន​ដឹង​អោយ​ច្បាស់​លាស់​ឡើយ​។

(1) នេះតាមសំលេងចិនទាជីវ បើអានតាមសំលែងចិនប៉េកាំង : ចូវតាក្វាន់ តែយើងធ្លាប់មកថា ជីវតាក្វាន់ៗ។

(2) សន្ដិវង្សងន់នេះ មានស្ដេចច្រើនអង្គ តែនេះក្នុង គ.ស ១២៩៥ គឺត្រូវលើស្ដេចឈ្មោះ ងន់ សេងចុង នាមសំរាប់រាជវង្ស ងន់ចេង។ 

(3) ស្រុកវេងតា នៅក្នុងខេត្ដជាក់កាង (ចិនខាងត្បូង)។

(4)សន្ដិវង្សម៉េង ចូលមកក្នុងសតវត្សទី ១៣ -១៤ នៃគ.ស។ 

(5) នៅក្នុងខេត្ដហោណាំ (ហូណាន់)។

(6)លោក ប៉េលីយោត Pelliot សង្ស័យថា ពោធិសាត់ តែពិតគឺ ភូមិព្រៃភព ព្រោះជាពាក្យសំគាល់នាមព្រះពុទ្ធដែរ។

(7) ពាក្យ ទលេបាលី ប្រែថាសមុទ្ធ សព្វថ្ងៃក្លាយជា ទន្លេសាបវិញ។

(8) ត្រង់នេះ តាមសេចក្ដីប្រែលោក ប៉េលីយោត មិនលឺ​ថា ព្រម​ចំនុច​ចូល​ទេ តែ​នេះ​ប្រែ​តាម​ប្រ​យោគ​ចិន អក្សរ​ដូច្នេះ​ន័យ​នេះ​បាន​ត្រឹម​តែ​ថា​គេ​ព្រម​រាក់​ទាក់​ទទួល​បេ​សក​ជន​ប៉ុណ្ណោះ​។

(9) ពស់នេះ បើតាមខ្មែរគឺជានាគ។ ជីវតាក្វាន់ធ្លាប់ស្គាល់នាគចិន មានរូបផ្សេងបានជាហៅនាគខ្មែរថាពស់។

(A)លោកប៉េលីយោត យល់ថាប្រាសាទនេះ គឺប្រាសាទបាយ័ន។

(B) តាមសេចក្ដីប្រែរបស់លោក ប៉េលីយោត ថា Lou-Pan ហើយ​លោក​ចុះ​សេច​ក្ដី​យល់​ថា​ជា​ប្រសាទ​អង្គ​វត្ដ​។ តាម​ចិន​លូប៊ូន ជា​ឈ្មោះ​មេ​ជាង​រចនា​ក្នុង​រឿង​ព្រេង ដូច​ខ្មែរ​យើង​និយាយ​ពី​ពិស្ណុការ​អ្នក​សាង​ប្រាសាទ​ដែរ​)។​

(C) លោក ប៉េលីយោត យល់ថា ជាប្រាសាទមេបុណ្យខាងលិចដែលគាត់បន្ថែមថា ប្រហែលជាគេច្រលំ ជាទិសខាងកើតទៅវិញ។ 

(D) ទំនងជាប្រាសាទនាគព័ន្ធ។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!

No comments:

Post a Comment