គ្រូពៅ ឬអាចារ្យលាក់ ហៅពោធិកំបោរ ជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី បានក្រោកឡើងប្រយុទ្ធតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង និងបរិវារ រហូតដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ ដោយគ្រាន់តែរយៈពេលប្រមាណជា ៣ខែប៉ុណ្ណោះ បានវាយរំដោះយកនគរកម្ពុជាធិបតីស្ទើរតែទាំងមូល លើកលែងតែទីក្រុងភ្នំពេញ ដែលស្ថិតនៅក្រោមការគ្រប់គ្រង
របស់បារាំង និងហ្លួងដដែល។ ការតស៊ូបានចាប់ផ្តើមពីសង្គ្រាមវាយលុក រហូតដល់សង្រ្គាមទ័ពព្រៃ ដោយសារបារាំងបានបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌទំនើបៗមកជួយច្បាំងទ័ពហ្លួង ខណៈដែលកងទ័ព ប្រជារាស្ត្ររបស់ពោធិកំបោរមានតែឆន្ទៈស្នេហាជាតិប្តូរផ្តាច់ និងមានតែអាវុធបុរាណ ដូចជាដាវ ធ្នូ ស្នាជាដើម គួបផ្សំនឹងកាំភ្លើងតិចតួច ដែលត្រូវបានរឹបអូសពីទ័ពបារាំង។នៅខែធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពពោធិកំបោរបានបរាជ័យ នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គ នៅខែ ធ្នូ ១៨៦៧។ដកស្រង់ចេញពីឯកសារប្រវត្តិ សាស្រ្ត ចងក្រងដោយលោក ស៊ូ ចំរើន និងឯកសារ ស្តីពីកម្ពុជាសម័យអាណានិគមបារាំង (១៨៦៣ – ១៩៥៣)។ក្បួនទ័ពពោធិកំបោរ
ក្រឡាហោមប៉ានស្លាប់បាត់បង់ជីវិតទៅហើយ ឯធម្មាតេជោហែនចក្រីពេជ្រ ជ័យយោធាសង្រ្គាមទុំក៏ត្រូវអាលាក់ចាប់បានឃុំទុកមុខគួរអោយអា ម៉ាស់ពន់ពេកណាស់។មានព្រះបន្ទួលតែប៉ុណ្ណេះ ហ្លួងចោលព្រះនេត្រទតមើល នាម៉ឺនសព្វមុខមន្រ្ដី ដែលកំពុងហ្មបហ្មាយ ថ្វាយបង្គំគាល់តាមទីកន្លែងគួរសម។ ទ្រង់ព្រះចិន្ដាអស់មួយសន្ទុះទើបស្ដេចបន្ដព្រះរាជឱង្ការ៖- នៅស្ងៀតតទៅទៀតពុំបានទេ វឹវរនគរនឹងក្រឡាប់ផែនដី ដោយសារថ្វីដៃអាលាក់មិនខាន។បវរនាយកម៉ៅ បវរនាយកសេក និមិត្តតែឮឈ្មោះរបស់ខ្លួនដូច្នេះភ្លាម ឧកញ៉ាទាំងពីរលើកកំពង់អញ្ជលីដាក់លើសិរសា ព្រមជាមួយនឹងវាចាយ៉ាងស្រាល៖- សូមទ្រង់ព្រះមេត្តាប្រោស ! !- ឯងទាំងពីរនាក់ ត្រូវនាំសេនាទាហានទៅបោះនៅកំពង់ខ្សាច់ស ខេត្តបាភ្នំ ហើយចាត់ការកេណ្ឌអាណាប្រជានុរាស្រ្ដបញ្ចូលក្នុងកងទ័ពជាប្រញាប់ ។ហ្លួងនរោត្តមធ្វើទឹកព្រះភក្រ្ដមាំ បែបនឹកពិរោធនឹងពោធិកំបោរសម្បើមណាស់ ទ្រង់លើកព្រះហស្គឡើងចង្អុល- វិបុលរាជប៉ែន ! ឯងចាំបាច់លើកទ័ពទៅពាមមង្គលដោយរួបរួមកម្លាំងនឹងចៅហ្វាយស្រុកខាងទន្លេធំ។- ទូលព្រះបង្គំជាខ្ញុំ សូមទទួលតាមព្រះរាជឱង្ការ។ស្ដេចឆ្មៀងព្រះនេត្រទតទៅម្ខាងទៀត- ឯព្រះស្រែនជ័យលឹង មាននាទីចុះទៅសុំទ័ពអាមីរ៉ាល់ពីព្រៃនគរ ដើម្បីអោយកងកម្លាំងរបស់យើងរឹតតែរឹងប៉ឹងមែនទែន។លុះចាត់វិធានការចប់សព្វគ្រប់ហើយ ហ្លួងទ្រង់ព្រះសម្រួលក្អាកក្អាយ។- ហា៎ ហា៎...តែប៉ុណ្ណេះ អាលាក់អ្នកសិល្បហោ ពោធិកំបោររត់ទៅណាពុំរួចទេ ទ័ពហ្លួងលាយជាមួយបារាំងច្បាំងនឹងអាលាក់ មិនឈ្នះឬ?
ដើម្បីយកព្រះទ័យហ្លួង កម្ចាត់វិរជនស្នេហាជាតិពិតប្រាកដចោលចេញ នឹងអាលបានស្រួលក្នុងការត្រួតត្រាខ្មែរ អាមីរ៉ាល់ដឺឡាហ្រ្គង់ឌីយែរិ៍ (Amiral de la Crandière) ចាត់មេទ័ពម្នាក់អោយនាំទាហានបារាំងហាសិបនាក់ ចុះកប៉ាល់ចេញចាកព្រៃនគរមកដល់ភ្នំពេញ ហើយឡើងធ្វើគាររកិច្ចចំពោះហ្លួងនរោត្តម។ ស្ដេចផែនដីមានព្រះអំណរណាស់ ព្រោះទ្រង់ចិន្ដាដោយយល់ច្រឡំថា អាណានិគមនិយមបារាំងសែស គេយកចិត្តទុកដាក់នឹងជួយការពារព្រះនគរអញមែន។ ទាហានបារាំង គំនាប់លាហ្លួង ឡើងកប៉ាល់ទៅទន្លេធំក្រោមផ្ទៃមេឃស្ងប់ស្ងាត់ គ្មានឃើញសត្វស្លាបហើរកាត់ពីលើជលធីដូចសព្វមួយដងសោះ។ សភាពក្រៀមក្រោះបែបនេះហាក់បញ្ជាក់អោយដឹងថា ទេព្ដាទេព្រ័ក្សរក្សាទឹកដីខ្មែរមិនទទួលប្រោសសៃយសាសន៍ឈ្លានពាន ឡើយ។
កប៉ាល់បារាំងបើកទៅជួបឧកញ៉ាវិបុលរាជបែន ដែលបោះទ័ពនៅពាមមង្គមចាំទទួលច្បាំង នឹងពោធិកំបោរៗ ថីបកណែនាំប្រមុខយោធាទាំងសងខាង អោយយល់ភាសាគ្នារហូតដល់វិបុលរាជរាក់ទាក់ ជាមួយបារាំងយ៉ាងយកចិត្តទុកដាក់។ ចំពោះជឹងសឹកខាងរាជការខ្មែរបារាំង គ្មានអ្វីជាអាថ៌កំបាំងនឹងពោធិកំបោរទេ ព្រោះរាស្រ្ដសាមញ្ញនេះឯងជាអ្នកអោយការណ៍ដល់កងកំលាំងស្នេហាជាតិ។
ថ្ងៃព្រហស្ប៍ត ៦កើត ខែមិគសិរ ឆ្នាំខាលអដ្ឋស័ក អាចារ្យលាក់ដឹកនាំក្បួនទ័ព មានតាំងពីរទេះសេះដំរីលើកឆ្លងមកត្រើយខាងលិចចូលដល់ក្រុងឧដុង្គ មានជ័យ។ គាត់ថ្លែងចំពោះមុខយោធា ប្រកបដោយសំនួនវោហារយ៉ាងក្បោះក្បាយ។ ជាបឋម ខ្ញុំសូមលំឱនកាយវាចាចិត្តគោរពសេចក្ដីក្លាហានរបស់បងប្អូនទាំង អស់ ដែលខិតខំតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិខ្មែរយើងនៅរស់ មានឈ្មោះក្នុង ពិភពលោក ជារៀងដរាបដល់អស់កល្បកប្ប។ សាមគ្គីធម៌នៃយើងរាល់គ្នា ក្នុងរវាងប្រាំ ប្រាំមួយខែកន្លងមកនេះសឹងហុចលទ្ធផលល្អប្រសើរគួរជាទីពេញ ចិត្តក្រៃលែង។ ប្រសិនបើដណ្ដើមយកបានតែឧដុង្គ និងភ្នំពេញទៀត បេសកកម្មដ៏លំបិនលំបាករបស់យើង ក៏សម្មតថាចប់សព្វគ្រប់ប្រកបព្រមដោយជោគជ័យធំបំផុត ដែលលោកអ្នកប្រាជ្ញមិន ភ្លេចនឹងកត់ត្រាទុកក្នុងក្រាំងមាស នៃប្រវត្តិសាស្រ្ដជាតិយើងឡើយ អាស្រ័យហេតុនេះ ខ្ញុំសូមទាញអារម្មណ៍បងប្អូន អោយកាន់តែយល់ច្បាស់ថា ក្រុងទាំងពីរជាទីប្រយុទ្ធផ្ដាច់ព្រ័ត្រហើយ យើងចាំបាច់តស៊ូទាមទារ ត្រាតែបានសំរេចដូចក្ដីបំណង។ សូមព្រះឥន្រ្ទព្រះព្រហ្ម ទេវតា ទេព្រ័ក្សអារក្សអ្នកតានិងវត្ថុសក្ដិសិទ្ធិទាំងពួងក្នុងមាតុ ប្រទេសជួយគាំពារបីបាច់ថែរក្សាយើងរាល់គ្នា កុំបីឃ្លៀងឃ្លាតឡើយ! បន្ទាប់មកកងពលប្រជារាស្រ្ដយើងបន្លឺសំរែកជ័យឃោសស្ទើររយះមេឃ «ជយោកូនខែរពូជអ្នកសាងអង្គរវត្ត» ឥតបង្អង់ ពោធិកំបោរបរពលលុកបន្ទាយឧដុង្គមានជ័យ ដោយក្ដីអង់អាចក្លាហានចេញជាតួអង្គខេមរកុលបុត្រ។ គាត់វាសដៃអោយសញ្ញាទន្ទឹមនឹងវាចាក្រាងក្រងៅ «ចូល..បងប្អូនចូល!» នៅខាងក្នុងបន្ទាយឯណោះ ឧកញ៉ាវង្សាអគ្គរាជអ៊ុំ និងឧកញ៉ាពិស្ណុលោកព្រំ កំពុងរៀបចំពួកពល ដើម្បីរង់ចាំទទួលរណយុទ្ធទាំងទឹកចិត្តរំជើបរំជួល។
សេនាទាហានឧដុង្គមានជ័យឈរត្រៀមចាំតាមរបងជាស្រេច ខ្លះប្រដាប់ដោយធ្នូស ខ្លះទៀតកាន់ដាវខ្លី-វែងលំពែងមុខពីរបី ។ ខ្សែភ្នែកគ្រប់គ្នាផ្ដោតជាប់នឹងកងយោធាប្រជារាស្រ្ដ ដែលសម្រុកចូលមកពីគ្រប់ទិសទី ហាក់គ្មាននឹកខ្លាចរអានឹងមុខសស្រ្ដាវុធសោះឡើយ។ សន្ធឹកជើងសឹករណ្ដំដែនប្រថពី លាយឡំនឹងសំរែកហ៊ោកញ្រ្ជៀងខ្ញៀវខ្ញាពុំដាច់រយៈ។ កងពលថ្មើរជើងទ័ពសេះដំរីចោមរោមវាយ បន្ទាយឧដុង្គមានជ័យយ៉ាងខ្លាំងក្លា។
ផ្លែព្រួញហោះហើរមកចំពីមុខព្រោងព្រាត តែមិត្តយុទ្ធជនយើងនៅឆ្លៀតរុលចូលមិនព្រមរាថយមួយជំហានសោះ។ ដំណើរវិលស្លាប់ ជារឿងរ៉ាវធម្មតារបស់វដ្ដសង្សារទេ បើគេមិនចែកឋានថ្ងៃនេះទេ មុខជាថ្ងៃស្អែកខានស្អែកមិនខានឡើយ ពោលអោយចំ គឺគ្រាន់តែមុននិងក្រោយគ្នាប៉ុណ្ណោះ គ្មានបុគ្គលណាម្នាក់អាចជៀសផុតពីអន្លង់មរណ:ឡើយ។ ប៉ុន្ដែការបូជាជីវិតចំពោះជាតិសាសនានិង មាតុភូមិ ជាពលិកម្មដ៏ថ្លៃថ្លាបំផុត ដែលកេរ្ដិ៍ឈ្មោះបោះសម្លេង នៅរស់វើក ព្រមទាំងមានក្លិនក្រអូបសាយសព្វទិសានុទិស។ យោលទៅតាមគតិនេះហើយ ទើបកូនខ្មែរស្នេហាជាតិឥតរារែកចិត្ត សូម្បីបន្តិចបន្ដួចក៏ទេដែរ។
មិនយូរប៉ុន្មាន កងក្លាហានបានទម្លុះទម្លាយទ្វាររបងជាច្រើនកន្លែង ភ្លេងអាវុធចាប់ផ្ដើមប្រគំប្រកួតបង្អួតមុខដាក់គ្នា ហាក់ដូចជាប់ពៀរវេរាមកពីជាតិមុន។ ឆាកប្រណាំងប្រជែង ល្បែងដាវលំពែងលេង ល្បិចផ្ដាច់ព្រលឹង ត្រាតែមនុស្សម្នាដួលដេកស្លាប់រាត់រាយមួយរំពេច។
ឧកញ៉ាវង្សាអគ្គរាជអ៊ុំនាំខ្លួនសំដៅទៅរកអាចារ្យលាក់ដោយ បង្ហើរស្លឹកដាវតម្រង់ដៃគូផង។ រហ៍សវិស័យផ្លេកបន្ទោរ ពោធិកំបោរលោតគេចចេញផុតស្រឡះ ព្រមទាំងក្រឡាស់ដៃកាប់សងវិញ មានសន្ទុះលឿនស្លេវប្រៀបឧបមេយ្យដូចខ្យល់កំបុតត្បូង។ ស្មារតីរឹងប៉ឹងគ្រាន់បើវង្សាអគ្គរាជ លើកអាវុធឡើងរងទាន់លាន់សូរឆាំង ! បែកផ្កាភ្លើងទាំងកណ្ដាលថ្ងៃ ។ មុខដាវសង្កៀតជាប់គ្នា គូប្រយុទ្ធខំប្រឹងរុញច្រានទៅមកអស់ទំហឹង វង្សាអគ្គរាជអ៊ុំទ្រាំទ្រពុំបាន ក៏បំផ្លោងប្រាណបក ក្រោយពីរបីជំហាន យកស្ថានភាពតែសម្ដីសំដៅនៅបែបគ្រាន់បើថា - ពេលនេះ ពោធិកំបោរឯងច្បាស់ជាបានភ្លឺភ្នែកមិនខានទេ។- ហា៎ ! ហា៎ ! យើងរកតែមនុស្សខ្លាំងពូកែចេះអង្គុយលើចង្អេរលើកខ្លួនឯងអ៊ីចឹង យូរហើយ នឹកស្មានមិនដល់ថាថ្ងៃនេះបានជួបដូចបំណងសោះ។ បើវង្សាអគ្គរាជឯងគ្រាន់បើមែន សូមអញ្ជើញបញ្ចេញ អោយអស់កាឡាសាមកចុះ យើងពេញចិត្តនឹងរង់ចាំទទួលដោយក្ដីរីករាយ!។គ្រាន់តែពោធិកំបោរពោលចប់ភ្លាម ឧកញ៉ាវង្សាអគ្គរាជអ៊ុំក៏ហក់ចូលមកដល់ល្មម ផ្លែដាវប៉ះទង្គិចគ្នា ជាបន្ដទៅទៀត។ ម្នាក់ៗបញ្ចេញស្នៀតខ្ពង់ខ្ពស់គួរអោយសរសើរ នរណាហ៊ានធ្វេសប្រហែសតែបន្តិច ប្រាកដជាទទួលរងគ្រោះកាច ពុំលែងឡើយ។ នៅក្នុងពេលដំណាលគ្នានោះ ឧកញ៉ាពិស្ណុលោកព្រំ រត់រលះរលាំងមក កាប់ពោធិកំបោរពីក្រោយខ្នង ដោយមានបំណងចង់ទលាក់ក្បាលគូប្រជែងយកថ្វីដៃអោយល្បីល្បាញ។ ពុំសំរេចទេត្រចៀកវៃដូចបក្សា កាយវិការរហ័សរកមើលមិនទាន់ អាចារ្យលាក់មុជផុតប្រហែលមួយទះ រួចក៏ចោលខ្លួនទៅឆ្ងាយបន្តិច ដើម្បីងាយស្រួល នឹងតម្លើងក្បាច់ អាវុធតទប់ជាមួយសត្រូវទាំងទ្វេ។ កាលបើបែរជាខកចិត្តដូច្នេះទៅវិញ ឧកញ៉ាពិស្ណុលោកព្រំ ជះកំសួលទោសតាមនាសាដោយខ្នន់ខ្នាញ់។- ហ៊ឹះ ! អាចារ្យលាក់អ្នកសិល្បពូកែគ្រាន់បើ តែយើងពុំបណ្ដោយអោយឯងរស់នាំទម្ងន់ផែនដីតទៅទៀតទេ។ពោធិកំបោរឈរបង់ជំទែងយ៉ាងហំ រួចផ្គុំប្រយោគតប។- ការប្រមាថអាយុជីវិតអ្នកដទៃជាធម៌មិនប្រពៃសោះ។- ហៃពោធិកំបោរ ពុំចាំបាច់ប្រដៅក្រពើអោយហែលទឹកទេ ឯងត្រៀមខ្លួនចាំស្លាប់ទៅប្រសើរជាង។ជាមួយនឹងពាក្យគម្រាមនេះ ពិស្ណុលោកព្រំ តាំងឃុំដាវយ៉ាងខ្ញង់ ហើយពួតកំលាំងគ្នានឹង វង្សាអគ្គរាជអ៊ុំ វាយប្រហារអាចារ្យលាក់ជាបន្ទាន់។
ឯយោធាក្រោម បង្គាប់ទាំងសងខាង ក៏កំពុងជាប់ដៃប្រយុទ្ធដណ្ដើមយកជោគជ័យតែរៀងៗខ្លួន។ គួរកត់សំំគាល់បានជា កងទ័ពប្រជារាស្រ្ដយើងមាន ប្រៀបជាងតាំងពីដើមទី ត្រាតែសេនាទាហានខាងឧដុង្គមានជ័យខ្លះក្រឡាស់ខ្លួន ដាក់មេផាយ កែងជើងថ្វាយបង្គំគូទឡើងហុយដីសំពោង។ ដោយខ្វះការអំណត់ អត់ធន់ដូច្នេះ ទើបស្ម័គ្របក្សពួក ពោធិកំបោរបានដៃចាក់សំលាប់ កាប់សំឡេះទាហានអស់ច្រើនក្រាស់ក្រែល។ ចម្បាំងយូរទៅ កូនចៅកាន់តែរបេះចុះអោយរពុយ អស់ផ្លូវសង្ឃឹម ហើយប្រសិនបើមានៈរឹងត្អឹង នឹងនៅតស៊ូទៀត ច្បាស់ជាភ្លាត់ស្នៀតចូលស៊ងពោធិកំបោរមិនខាន។ យល់ឃើញជាក់ក្នុងចិត្តដូច្នេះហើយ ឧកញ៉ាវង្សាអគ្គរាជអ៊ុំចេញបញ្ជា អោយពលទាហានខ្លួនដកឃ្លាថយភ្លាម។ ចំណែកឧកញ៉ាពិស្ណុលោកព្រំ ដែលកំពុងតែបារម្ភនឹងអាសន្នអន់ក្រ ក៏ប្រញាប់ស្រែកបន្ទរតាមក្រោយមួយរំពេច៖។ - ដកថយ!..ប្រយ័ត្នប្រយែងខ្លួនប្រាណអោយមែនទែន កុំបង្អែង់នៅយូរ...កាលបើលឺសំរែកនេះ យោធិនទាំងអម្បាលម៉ាន ដូចជាបានកើតម្ដងទៀត ម្នាក់ៗគិតតែពីរត់គេចសឹងជាន់កគ្នា។ ពេលនោះពោធិកំបោរ អិតបណ្ដោយអោយបក្សពួកសត្រូវគេចចេញពីទីលានរឿណរង្គដោយស្រួលទេ គាត់បន្លឺសំលេងឡើងបងប្អូនតាមអោយជាប់ ទ័ពយើងឈ្នះហើយ!កងកម្លាំងយើងសប្បាយនឹងជ័យជម្នះ ដែលរកបានដោយកម្រនេះពន់ពេលណាស់ ខ្លះស្រែកហ៊ោឮសូរយ៉ាងខ្លាំងយ៉ាងខ្ញៀវខ្ញារ- ជយោមាតុភូមិខ្មែរ! - បរាជ័យពួកសត្រូវជាបរិវារអាណានិគមនិយមបារាំង!
ស្ម័គ្របក្សពួកពោធិកំបោរ ដេញកម្ចាត់ទ័ពឧកញ៉ាវង្សាអគ្គរាជអ៊ុំនិងឧកញ៉ាពិស្ណុលោកព្រំ ដរាបដល់ក្រុងភ្នំពេញ ហើយចាត់ការបោះទ័ពនៅខាងកើតវត្តកំពែង ត្រូវជាខាងលិចវាលសំលាប់នាយ។ លុះដល់ថ្ងៃ ៦រោច ខែមិគសិរ ឆ្នាំខាលអដ្ឋស័កដដែលអាចារ្យលាក់បរពលចូលទៅកាន់កាប់ស្ពានយមរាជ ។ គាត់ខិតខំណែនាំគ្គីគ្នាអោយកាន់តែយល់ច្បាស់ពីស្ថានការណ៍សឹក។
ចាប់តាំងពីយើងរួបរួមគ្នា ធ្វើការតស៊ូយ៉ាងស្វិតស្វាញរហូតមកដល់សព្វថ្ងៃ សឹងបានទទួល នូវជ័យជម្នះគ្រប់ទីកន្លែងទាំងអស់។ ដូចខ្ញុំធ្លាប់ជំរាបបងប្អូនហើយថា ឧដុង្គនិងភ្នំពេញក្រុងសំខាន់ និងជាទីប្រយុទ្ធផ្ដាច់ព្រ័ត្រផង។ ឥឡូវនេះទាហានហ្លួងខាងឧដុង្គក៏បាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់នៅសស់ តែភ្នំពេញមួយទៀតប៉ុណ្ណោះ នឹងបានដល់ត្រើយហើយ ដូច្នេះយើងត្រូវតែប្រយុទ្ធលុះត្រាអវសានជីវិត! កងពលប្រជារាស្រ្ដ គាំទ្រយោបល់ពោធិកំបោរទាំងស្រុង គេនាំគ្នាស្រែកហ៊ោឡើងក្រោមបរិយាកាសរីករាយ ជាទីបំផុត។ ដទៃពីនេះទៅវិញ ហ្លួងនរោត្តមកំពុងតែតប់ប្រមល់ទល់ពុទ្ធោយ៉ាងខ្លាំង ស្ដេចត្រាស់ថា៖ - អាសន្នម្ដងនេះមិនមែនតូចតាចទេ.. វង្សាអគ្គរាជអ៊ុំ រាជាមេត្រីមុំ ស្រីនគរបាលមាន់ ឯងទាំងបីនាក់ប្រញាប់ លើកទ័ពទៅច្បាំង នឹងអាលាក់ នៅស្ពានយមរាជភ្លាម។- សូមទទួលព្រះរាជឱង្ការព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង!លុះឆ្លើយនឹងស្ដេចពផែនដីដូច្នេះហើយ ឧកញ៉ាទាំងបីថយខ្លួនចេញទៅបំពេញកិច្ចការតាមព្រះរាជតម្រះ។ ប្រមូលផ្ដុំកងកំលាំងរួច ក៏នាំមុខឆ្ពោះរកទីដៅមួយរំពេច។
គ្មានអ្វីជាអាថ៌កំបាំងនឹងពោធិកំបោរទេ ដឹងដំណើរទ័ពហ្លួងគ្រប់សព្វទាំងអស់ ព្រោះជើងការសំងាត់ខាងមិត្រយុទ្ធជនយើង មានខ្សែស្រឡាយទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយចរិតវាងវៃគួរអោយសរសើរ។ ឥតហ៊ានធ្វេសប្រហែស សូម្បីមួយដង្ហើមអាចារ្យលាក់ អ្នកគិតវែងឆ្ងាយ ម្នីម្នាបង្កូកប្រកាសប្រាប់កងពល - បងប្អូនរួមឈាមជាទីស្នេហា ចូរបានជ្រាបថា ទ័ពហ្លួងលើកមកដល់ក្នុងពេលឥឡូវនេះហើយ ដូច្នេះយើងរាល់គ្នាចាំបាច់ប្រុងប្រៀបរៀបចំខ្លួនភ្លាម។ចប់សេចក្ដីអោយដំណឹងសឹងមិនទាន់ យុទ្ធផនទាំងអស់ធ្វើការរចល់ ដើម្បីត្រៀមចាំប្រយុទ្ធនឹងបរបក្ស ដោយទឹកចិត្តអង់អាចក្លាហាន ឥតរារែក។ មិនយូរប៉ុន្មាន ឧកញ៉ាវង្សាអគ្គរាជអ៊ុំ ឧកញ៉ារាជាមេត្រីមុំ និងឧកញ៉ាស្រីនគរបាលមាន់ បរពលសកលយោធាចូល ឡោមព័ទ្ធបក្សពួកពោធិកំបោរជារង្វង់ស្នែងក្របី ព្រមជាមួយនឹងពាក្យបញ្ជាលេចឮបណ្ដាក់គ្នាកប់អាកាស។- ចូល…កុំរាថយអោយសោះ! ក្បាលទ័ពស្លាបឆ្វេង-ស្ដាំឡើងទន្ទឹមគ្នាមក៍… កងទ័ពប្រជារាស្រ្ដយើងគ្មាននឹកបារម្ភ ក្នុងចិត្តបន្តិចបន្តួចទេ គេត្រឡប់ជាគោះគងទូងជ័យភេរីទទួលរណយុទ្ធ ដោយក្ដីសប្បាយរីករាយពន់ពេក។ ឯចំណែកពោធិកំបោរក៏នៅមាត់មិនស្ងៀមដែរ គាត់ខំតម្លើងសំលេងយ៉ាងខ្លាំងក្លា៖។- ចាប់ផ្ដើមវាយប្រហារទៅមុខ!… ស្នូរអាវុធយុទ្ធភ័ណ្ឌប៉ះទង្គិចគ្នាគក្រឹកគគ្រេង ជាភ្លេងមរណ: កន្រ្ដាក់ព្រលឹងធំអ្នកចាញ់យកទៅឋាននាយ បន្សល់ទុកនៅសាកសពរាត់រាយ ក្នុងថ្លុកឈាមពាសពេញទឹសមរភូមិ។ ទោះបីឃើញស្ម័គ្របក្សពួកស្លាប់បាត់បង់ជីវិតយ៉ាងណាក៏ដោយ ក៏ចាំបាច់ប្រយុទ្ធ តស៊ូ ដរាបដល់ចប់ចុងដើម។ ចម្បាំងរាំងជល់ក្នុងគ្រានេះ សឹងមានកម្លាំង ប្រហាក់ប្រហែលគ្នា ចាត់ទុកថាស្មើ គ្មានចាញ់ឈ្នះទេ ព្រោះគូប្រជែងទាំងសងខាង បានដកទ័ពថយតែរៀងខ្លួន។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
No comments:
Post a Comment