Friday, November 25, 2022

រឿងក្មេងកំព្រា

 
ដំនើររឿង កាល​ពី​ព្រេង​នាយ មាន​បុរស​ង្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុយ​យក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយ នឹង​កូន​ទាំង​ពិរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុយ​ដដែល ។ វេលា​ដែល​បុរស​នោះ ទៅ​ព្រៃ រក​វល្លិ៍​ផ្តៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ, ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ ។ ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្តី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ៍​ផ្តៅ​ធ្វើ​ជុច​ ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា «ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង» ។ ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​ឪ ពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ៍​ផ្តៅ​បាន​ហើយ យក​មក​ពុំ​ច្រៀក​ជា​ចម្រៀត​តូចៗ ល្មម​នឹង​ធ្វើ​ជា​សរ​សៃ​ជុយ គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ ។ កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វៗ​ថ្ងៃ មិន​ដឹង​ជា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះសោះ​គ្រាន់​តែ​បាន​ឃើញ​ជុច​ ជាប់​ត្រី​ប៉ុណ្ណោះ ។ ឯ​កូន​ប្អូន​ដែល​ទើប​តែ​នឹង​បាន​តាម​ទៅ​ក្នុង​ថ្ងៃ​នោះ ក៏​ខំ​ពិនិត្យ មើល​ឪពុក​ធ្វើ​ជុច ចាប់​តាំង​ពី​កាន់​កាំបិត​យក​ទៅ​កាប់​វល្លិ៍​ផ្តៅ រហូត​ដល់​កើត​ជា​រាង​ជុច យក​ទៅ​ដាក់​ត្រី ជាប់​បាន​ត្រី​ហើយ យក​ត្រី​មក​ដុត​មក​អាំង ចម្អិន​ជា​ចំណី​អាហារ ។ ជួន​ជា​ថ្ងៃ​មួយ​នោះ ឪពុក​ភ្លេច​មិន​បាន​យក​ដែក​ភ្លើង​ទៅ គ្មាន​អ្វី​នឹង​បង្កាត់​ភ្លើង អាំង​ត្រី​ឲ្យ​កូន​បរិភោគ ក៏​ទៅ​កាប់​ឫស្សី​ស្ងួត​មួយ​កំណាត់ យក​មក​កូត​នឹង​គ្នា​ឲ្យ​ទាល់​តែ​ក្តៅ កើត​ជា​ភ្លើង​ឆេះ​បាន ហើយ​គាត់​បង្កាត់​អាំង​ត្រី ឲ្យ​កូន​ទាំង​ពីរ​នាក់​បរិភោគ​ចម្អែត​ផ្ទៃ​មួយ​ពេល​ទៅ ។ ចំណេរ​ចេរ​កាល​មក​ខាង​ក្រោយ ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ ស្លាប់​ទៅ ។ កូន​ទាំង​ពីរ​នៅ​កំព្រា​រញង់ ឥត​មេ​បា​នឹង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា រស់​នៅ​ដោយ​ទ្រព្យ​បន្តិច​បន្តួច​ដែល​សល់​ពី​ឪពុក មិន​យូរ​ថ្ងៃ​ខែ​ប៉ុន្មាន​ក៏​អស់​ទ្រព្យ​នោះ​ទៅ ទើប​ប្អូន​និយាយ​នឹង​បង​ថា «ឱបង​អើយ! កាល​ពី​ដើម​យើង​បាន​ឪពុក​ទំនុក​បម្រុង រក​ស៊ី​ចិញ្ចឹម​យើង​ទាំង​ពីរ​នាក់​យើង​ឥត​មាន​សេចក្តី​ព្រួយ​លំបាក​អ្វី​ឡើយ ចាំ​តែ​បរិភោគ​ស្រាប់ៗ ឥឡូវ​នេះ​ឪពុក​យើង​ស្លាប់​ចោល​ទៅ​ហើយ ឯ​យើង​ទាំង​ពិរ​នាក់​សោត​ទៀត ក៏​មិន​ទាន់​ពេញ​កម្លាំង​ល្មម​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ទាំង​បង​ក៏​នៅ​តូច ទាំង​ខ្ញុំ​ក៏​នៅ​តូច​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​អ្នក​ជិត​ខាង ក្រែង​គេ​មិន​ព្រម​ទទួល ពី​ព្រោះ​យើង​ជា​មនុស្ស​កំព្រា​អនាថា រក​ទី​ពឹង​គ្មាន គេ​មិន​ហ៊ាន​ឲ្យ​នៅ​ជា​មួយ គេ​មិន​ទុក​ចិត្ត​យើង ហេតុ​តែ​យើង​គ្មាន​មេបា​ថែរក្សា បើ​ដូច្នេះ តើ​បង​គិត​យ៉ាង​ណា ឲ្យ​បាន​រស់​នៅ​ជា​មួយ​នឹង​គេ​ឯង បង! អង្ករ​យើង ថ្ងៃ​នេះ​នៅ​តែ ១ ទូក​ដៃ ល្មម​តែ​ល្ងាច​នេះ, ថ្ងៃ​ស្អែក​គ្មាន​អង្ករ​ដាំ​បាយ​បរិភោគ​ទេ, បង! ដើរ​សូម​ទាន​គេ​ឬ​ដូច​ម្តេច​ហ៎ះ! ខ្ញុំ​មិន​ទៅ​សូម​ទេ​ខ្មាស​គេ​ណាស់ ស៊ូ​តែ​ពី​ស្លាប់» ។ បង​សួរ​ប្អូន «ម្តេច​ក៏​អូន​ថា​យ៉ាង​នេះ?» ។ ប្អូន​ឆ្លើយ​តប​ទៅ​នឹង​បង​ថា «ខ្ញុំ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារ​យាទ ដូច​អ្នក​ទាំង​ពួង​ដែរ» ។ «ឱ! ប្អូន​ឯង​គិត​យ៉ាង​ហ្នឹង? ពិត​មែន​តែ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារ​យាទ​ដូច​ង្នក​ទាំង​ពួង​មែន​ហើយ តែ​ខ្លួន​យើង​នៅ​តូច​ណាស់ មិន​អាច​នឹង​ពុន​រែក កាប់​គាស់ លី​សែង​អ្វី​បាន​ឡើយ » ។ «ឱ! បង​អើយ សត្វ​ចាប​វា​ដែល​ទៅ​ពុន​រែក​ លី សែង​ឯណា​ដែរ​ឬ? ម្តេច​ក៏​វា​ចិញ្ចឹម​កូន​វា​រស់ ហើយ​កូន​វា​ទៀត ធំ​ឡើង​រក​ស៊ី​ដូច​មេ​វា​ទៀត​បាន, ចុះ​បង ម្តេច​ក៏​មិន​គិត​ដល់​ការ​ងារ​របស់​ឪពុក​យើង​ផង ?» ។ «ប្អូន! លាក់​បាំង​អី្វ! កាល​ពី​ខ្មោច​ឪ​យើង​នៅ​រស់​នៅ​ឡើយ គាត់​រក​ស៊ី​ចិញ្ចឹម​យើង​តែ​នឹង​ដាក់​ជុច ប៉ុន្តែ​បង​មិន​ដឹង​ថា​គាត់​ធ្វើ​ជុច យក​ទៅ​ដាក់​ត្រី​យ៉ាង​ណា​ទេ បង​ចាំ​តែ​ឆ្អិន​តែ​ម្ង ។ ម្យ៉ាង​ទៀត​កាល​គាត់​យក​របស់​អ្វី​មក​ធ្វើជុច ក៏​បង​មិន​ចាំ ហើយ​គាត់​ធ្វើ​ជុច​នោះ​មាន​សណ្ឋាន​បែប​ណា ក៏​បង​មិន​ដឹង​ទាំអ​អស់, បើ​ដូច្នោះ ឲ្យ​បង​ធ្វើ​ដូច​ម្តេច​កើត ឃើញ​តែ​ការ​សំទាន​រក​ស៊ី​ឈ្នួល​គេ​ហ្នឹង​ហើយ ដូច​ជា​ស្រួល​គ្រាន់​បើ ប្អូន! ណ្ហើយ​ចុះ! កាត់​កេរ្តិ៍​ខ្មាស​សិន​ទៅ​ចុះ ទម្រាំ​យើង​ធំ​ល្ម​រក​ស៊ី​ខ្លួន​ឯង​បាន! ។ «ទេ!​បង ខ្ញុំ​មិន​ទៅ​សូម​ទាន​ឬ​ស៊ី​ឈ្នួល​គេ​ទេ ខ្មាស​គេ​ណាស់ ពី​ព្រោះ​ពូជ​យើង​មិន​ដែល​សុំ​ទាន ឬ​ស៊ី​ឈ្នួល​គេ​បើ​ទុក​ជា​ពី​ជីតា​ទួត​លួត​លា​មក ធ្លាប់​សុំ​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ​ដូច​ជា​សត្វ​តិរិច្ឆាន​ក៏​ដោយ ខ្ញុំ​មិន​ព្រម​ប្រព្រឹត្ត​តាម​បវេណី​វង្ស​ត្រកូល​នោះ​ដែរ, នៃ​បង! ប្អូន​គិត​ឃើញ​ថា «កាល​បើ​មាន​អ្នក​សម្បុរស​ចិត្ត​ល្អ ដាក់​ទាន​ឲ្យ​យើង ឬ ក៏​បាន​ទៅ​ច្រក​កោន​នឹង​ចៅ​ហ្វាយ​នាយ យើង​ក៏​បាន​ស្រួល​បន្តិច​ទៅ, តែ​បើ​ប្រទះ​ពារ​ទៅ​លើ​អ្នក​ចិត្ត​តក់​ម៉ក់​អាក្រក់​សំឡក់​ភ្លែក​ស្លែ ដូច​ភ្នែក​មៀម គំហក​គំរាម​យើង​ដូច​សត្វ​តិរិច្ឆាន តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា? ម្យ៉ាង​ទៀត អ្នក​ចិត្ត​ល្អ​ក្តី អ្នក​ចិត្ត​អាក្រក់​ក្តី កាល​គេ​ហុច​របស់​មក​ឲ្យ​យើង​ដោយ​ដៃ​គេ យើង​យក​ដៃ​ទៅ​ទទួល​ទាន​គេ ចុះ​ដៃ​ជា​ដៃ ជើង​ជា​ជើង​មាត់​ជា​មាត់ ដូច​គ្នា​ទាំង​អស់ ម្តេច​ក៏​ដៃ​គេ​គ្មាន​សំពេះ​សុំ​អ្នក​ណា? មាត់​គេ​មិន​ហា​និយាយ​សុំ​អ្នក​នា? អន់​អ្វី​តែ​ដៃ​ជើង​មាត់​យើង​ជាង​គេ​ម្ល៉េះ ? បង​គិត​មើល​ចុះ​ ប្អូន​ថា​ប៉ុណ្ណេះ​ខុស​ឬ​ត្រូវ?» ។ «​បើ​ដូច្នោះ ប្អូន​ចេះ​ចាំ​ការ​ងារ​របស់​ឪពុក​យើង​ដែរ​ឬ? »បង​សួរ​ទៅ​ប្អូន​វិញ ។ «អើ! មិន​ងី​ទេ​បង! ប្អូន​ចា​ទាំង​អស់, បង​កុំ​ព្រួយ​! កុំ​គិត​ទៅ​សូម​ទាន​ ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ វា​ថោក​ខ្លួន​ណាស់ យើង​នេះ​មិន​មែន​ជា​សត្វ​តិរិច្ឆាន គេ​វាយ​ឯ​កើត​វាយ​ឯលិច​ដូច​សុខន​ពេក​ទេ ឪពុក​គាត់​ទុក​កាំ​បិត​ព្រា​ឲ្យ​មួយ​ដែរ​តើ! យើង​ទៅ​ព្រួយ​ង្វី សត្វ​បើ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ប៉ុណ្ណឹង ។ «អើ! បើ​យ៉ាង​ហ្នឹង ប្អូន​គិត​ការ​ងារ​ឪពុក​ទៅ​ចុះ ។ ឯប្អូន​ជា​ក្មេង​មាន​ប្រាជ្ញា ក៏​ប្រារព្ធ​ធ្វើ​ជុច​កើត យក​ទៅ​ដាក់​ត្រីបាន​ដូច​បំណង ។ លុះ​ថ្ងៃ​ក្រោយ​​កន្លង​មក​ទៀត ប្អូន​អង្គុយ​គិត​តែ​ម្នាក់​ឯង មិន​ចេញ​វា​ចា​ប្រាប់​បង​សោះ​ថា «ឪពុក​អញ គាត់​ចេះ​ធ្វើ​ជុច​ដាក់​ត្រី​ប៉ុណ្ណោះ ឯសត្វ​ឯទៀតៗ គាត់​ដាក់​ជុច​មិន​បាន​ឃើញ​ថា ប្រាជ្ញា​គាត់​នៅ​ខ្សោយ​ណាស់, បើ​ដូច្នោះ អញ​រក​ឧបាយ​នឹង​ធ្វើ​ជុច​ដាក់​សត្វ​ម្រឹគ មាន​សត្វ​ជ្រូក​ព្រៃ ឈ្លូស រមាំង​ជា​ដើម ។ លុះ​គិត​ឃើញ​ដូច្នោះ​ហើយ ក៏​និយាយ​ប្រាប់​បង «បង! យើង​គិត​ទៅ​រក​ដាក់​ជុច​ឯព្រៃ​វិញ ក្រែង​បាន​ជាប់​ជ្រូក​ព្រៃ ឈ្លូស រមាំង ជា​សត្វ​ធំ ៗ មាន​សាច់​ច្រើន» ។ បង​ក៏​សុខ​ចិត្ត​តាម​ប្អូន​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា ប្អូន​ចេះ​ចាំ​កិច្ច​ការ​របស់​ឪពុក​ពិត​ប្រាកដ​មែន, ហើយ​ក៏​បណ្តើរ​គ្នា​ពិរ​នាក់​បង​ប្អូន ចូល​ទៅ​ក្នុង​ព្រៃ​ស្រោង​ជា​ទី​រហោស្ថាន ។ ទៅ​ដល់​ពាក់​កណ្តាល​ព្រៃ បង​ស្រេក​ទឹក​យ៉ាង​ខ្លាំង ក៏​និយាយ​ប្រាប់​ប្អូន​ថា «ប្អូន! បង​ស្រេក​ទឹក​ណាស់! រក​ទឹក​ឯណា​ផឹក​បាន?» ។ ប្អូន​ឆ្លើយ​ថា «កាល​ឪពុក​យើង​រស់​នៅ បើ​ដើរ​ទៅ​ទី​ណា​ដែល​គ្មាន​ទឹក គាត់​តែង​ជី​ដី​ត្រង់​កន្លែង​ណា​សើមៗ យូរៗ​ទៅ ចេញ​ទឹក​បាន, បើ​ដូច្នេះ បង​ជី​ល​មើល!» ។ «ជីក​ឯណា​កើត រប់​អស់​កម្លាំង​យ៉ាង​នេះ» ។ «អើ! បើ​ដូច្នោះ ចាំ​ដើរ​ទៅ​ខាង​មុខ​បន្តិច​សិន ក្រែង​ជួន​ប្រទះ​ទឹក» ។ ដើរ​បាន​បន្តិច​ទៅ ក៏​ជួប​ប្រទះ​ត្រពាំង​មយយ​មាន​ទឹក​ថ្លា ពាស​ពេញ​ដោយ​ផ្កា​ឈូក​ផ្លែ​ឈូក បង​ប្អូ​ទាំង​បិរ​នាក់ ក៏​នាំ​គ្នា​ងូត​ទឹក​ ផឹក​ទឹក បេះ​ផ្លែ​ឈូក​ស៊ី​តាម​សប្បាយ​ហើយ​ក៏ទៅ​សម្រាន​នៅ​ក្បែរ​មាត់​ត្រពាំង​នោះ​ មួយ​ស្របក់ ។ លុះ​មាន​កម្លាំង​ល្ម​នឹង​ដើរ​ទៅ​ទៀត​បាន ក៏​នាំ​បង​ប្អូន​ដើរ​ទៅ ទៅ​ដល់​ព្រៃ​ធំ​មួយ ឈ្មោះ​ព្រៃ​ហិមពាន្ត មិន​ដែល​មាន​មនុស្ស​ណា​ទៅ​ដល់​សោះ បាន​ឃើញ​ពួក​សត្វ​ម្រឹគ​ជា​ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ ប្អូន​និយាយ​នឹង​បង​ថា «បង! យើង​ឈប់​នៅ​ក្នុង​ព្រៃ​នេះ​ហើយ មើល​ទៅ​ព្រៃ​នេះ​សម្បូណ៌​សត្វ​ម្រឹគិ​ម្រឹគា​ណាស់, យើង​គិត​ធ្វើ​ជា​ធ្នះ​មួយ​នៅ​លើ​ចុង​ឆើ ហើយ​ខ្ញុំ​រក​ផ្តៅ​មក​ធ្វើ​ជុច​ដាក់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ជា​ចំណី​អាហារ» ។ ប្អូន​ធ្វើ​ហើយ ឲ្យ​បង​នៅ​អាស្រ័យ​លើ​ធ្នេះ​នោះ​ទៅ ខ្លួន​ទៅ​រក​បោច​ផ្តៅ យក​មក​ធ្វើ​ជុច​ដាក់​សត្វ​ព្រៃ រៀប​ធ្វើ​ជា​ចំណារ​ចារ​ជុំ​វិញ​ព្រៃ ហើយ​ទុក​តែ​ផ្លូវ​១ ល្មម​សត្វ​នោះ​ដើរ​ចូល​បាន ដូច​ជា​ធ្វើ​កន្លែង​ដាក់​ត្រី​ដែរ ។ ពេល​នោះ មាន​ជ្រូក​ព្រៃ​មួយ​ដើរ​សំដៅ​ពី​នាយ​មក ហាក់​ដូច​ជា​គ្មាន​កោត​ក្រែង​ដល់​អ្វី​សោះ ដើរ​មក​តាម​ចន្លោះ​ផ្លូវ​ដែល​កុមារ​នោះ​ចារ ទៅ​ដល់​ត្រង់​កន្លែង​ដាក់​ជុច ក៏​ស្រាប់​តែ​ជាប់​គ្នុង​ជុច​កុមារ។ ជ្រូក​នោះ​ខំ​បម្រះ​ននៀល​រើ​យ៉ាង​ណា​ក៏​មិន​រួច ជុច​រឹត​រួត​ជ្រូក​ព្រៃ​នោះ​យ៉ាង​តឹង ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ។ មិន​យូរ​ប៉ុន្មាន​ជ្រូក​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ កុមារ​ទាំង​ពីរ ឃើញ​ជ្រូក​ព្រៃ​ជាប់​ជុច​ស្លាប់​ដូច្នោះ​ហើយ ក៏​ត្រេក​អរ​ពេក​ណាស់ នាំ​គ្នា​ដោះ​អូស​ចេញ​ពី​ជុច គិត​យក​មក​អាំង​ឆ្អើរ ធ្វើ​ជា​អាហារ​បរិភោគ ។ ជូន​ជា​វេលា​នោះ ដែក​ភ្លើង​ដែល​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​បង ក៏​អស់​ប្រឆេះ​រលីង គ្មាន​អ្វី​ធ្វើ​ភ្លើង​នឹង​បង្កាត់​អាំង​ឆ្អើរ​ជ្រូក, បង​ទាល់​គំនិត មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា ។ ឯប្អូន​ជា​ក្មេង​មាន​គំនិត បាន​ដឹង​ជាក់​ប្រាកដ​ពី​កាល​ឪពុក​នៅ នាំ​ទៅ​ព្រៃ បើ​គ្មាន​ភ្លើង​បង្កាត់​ចម្អិន​អ្វីៗ គាត់​តែង​ទៅ​កាប់​ឫស្សី​ស្ងួត​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង ដុត​អាំង​បាន​តាម​ប្រាថ្នា ហើយ​បាន​ចាំ​ទុក​ក្នុង​ចិត្ត​រួច​ស្រេច ។ វេលា​នោះ ប្អូន​និយាយ​ប្រាប់​បង​ថា «កាល​ពី​ឪពុកយើង​គាត់​នៅ បើ​គាត់​ទៅ​ព្រៃ​គ្មាន​ភ្លើង​ដុត​អាំង​អ្វីៗ គាត់​គាប់​ឫស្សី​យក​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង​បាន, បើ​ដូច្នោះ បង​ទៅ​ចាំ​សត្វ​ក្នុង​ទី​នេះ​ចុះ ខ្ញុំ​ទៅ​រក​កាប់​ឫស្សី​ស្ងួត​យក​មក​កួត​ធ្វើ​ភ្លើង​អាំង» ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​ទៅ​រក​កាប់​ឫស្សី​បាន​យក​មក ធ្វើ​តាម​តម្រា​ឪ​ពុក​កើត​មែន អាំង​ឆ្អើរ​ជ្រូក​នោះ​ទៅ​តាម​បំណង ឆ្អិន​បាន​បរិភោគ​ក្នុង​វេលា​នោះ​ទៅ ។ កុមារ​ទាំង​ពីរ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ​អស់​កាល​ជា​យូរ​បាន​សេចក្តី​សុខ​ សប្បាយ រក​ស៊ី​តែ​នឹង​ដាក់​ជុច​សត្វ​ព្រៃ​ប៉ុណ្ណោះ ។ ពួក​សត្វ​ដែល​ដើរ​មក​ជាប់​ជុច​កុមារ​ទាំង​ពីរ​នោះ តាំង​តែ​ពី​សត្វ​ជ្រូក​ព្រៃ រមាំង​ ឈ្លូស រហូត​ដល់​ដំរី ។ រាត្រី​មួយ កុមារ​ប្អូន​បាន​ឃើញ​ដំរី​ស្ត​មួយ​យ៉ាង​ធំ ដើរ​ក្បែរ​រធ្នះ​នោះ ក៏​មាន​បំណង​ចង់​ស៊ី​សាច់​ដំរី ទើប​និយាយ​ប្រាប់​បង​ថា «​ខ្ញុំ​ចង់​ស៊ី​សាច់​ដំរី​ណាស់ ត្បិត​មាន​ដំរី​ស្ត​មួយ​យ៉ាង​ធំ​ធាត់ ដើរ​មក​ក្បែរ​ធ្នះ​យើង​រាល់​រាត្រី ខ្ញុំ​គិត​ដាក់​ជុច​យក​ដំរី​នេះ​ឲ្យ​បាន» ។ បង​និយាយ​ឃាត់​ថា «ណ្ហើយ​ប្អូន កុំ!​ដំរី​នេះ​ធំ​ណាស់ ប្អូន​ដាក់​វា​មិន​ជាប់​ទេ ឬ​ថា ប្រសិន​ជា​វា​ដើរ​មក​ជាប់​ជុច​ប្អូន​ហើយ វា​បម្រះ​ត្រដរ​រួច​ទៅ​នោះ វា​ខឹង, កាល​បើ​វា​ខឹង​ហើយ ថ្ងៃ​ក្រោយ​វា​មក​ព្រេច​ធ្នះ​យើង, ល្អិត​ល្អោច​ខ្ទេច​ខ្ទី ហើយ​វា​ជាន់​សម្លាប់យើង ស៊ី​ជា​ចំណី​អាហារ ពុំ​លែង​ឡើយ» ។ «ទេ មិន​អី​ទេ​បង កុំ​ព្រួយ! នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​ចុះ ចាំ​មើល​ខ្ញុំ​ធ្វើ​ជុច​ដាក់​ដំរី​នេះ​ឲ្យ​ទាល់​តែ​បាន » ។ ប្អូន​ថា​ដូច្នោះ​ហើយ ក៏​រក​កាប់​ផ្តៅ​ក្រែក​យ៉ាង​ធំៗ យក​មក​រែង​ធ្វើ​ជុច ដាក់​ត្រង់​កន្លែង​ដែល​ដំរី​គោចរ ។ ឯដំរី​ដែល​ដើរ​មក​សព្វ​រាត្រី ឥត​មាន​គិត​ក្រែង​អ្វី​សោះ​ឡើយ ដោយ​គិត​ថា «ព្រៃ​នេះ ស្រេច​លើ​អញ​ហើយ គ្មាន​អ្នក​ណា​ជា​ចំបង​លើ​អញ​ទៀត​ទេ» ក៏​ដើរ​តម្រង់​ត្រង់​មក​កន្លែង​ដែល​កុមារ​ដាក់​ជុច​ ស្រាប់​តែ​ចូល​ទៅ​ក្នុង​ជុច ជាប់​ខ្លួន​ចង្អៀត​ណែន​ក្តន់ ខំបម្រះ​ននៀល​ស្រែក​រោទិ៍​រំពង​ព្រៃ​ធំ​យ៉ាង​ណា ក៏​មិន​រួច, មិន​យូរ​ប៉ុន្មាន​ដាច់​ខ្យល់​ស្លាប់​ទៅ ។ កុមារ​ទាំង​ពីរ​នាក់ បាន​ឃើញ​ដំរី​ជាប់​ជុច​ស្លាប់​ហើយ បបូល​បង​ប្អូន​បំពក់​ភ្លើង​ភ្នក់​យ៉ាង​ធំ ដុត​ឆ្អើរ​ដំរី ។ វេលា​នោះ ក្លិយ​ឈ្ងុយ​សាច់​ដំរី ក៏​ផ្សាយ​រហូត​ភព​ជា​ទី​អាស្រ័យ​នៃ​យក្ស ដែល​មាន​អំណាច​គ្រប​សង្កត់​ពួក​យក្ស​ឯទៀតៗ ។ យក្ស​នោះ​លាន់​មាត់​ថា ថ្ងៃ​នេះ​ធុំ​ក្លិន​អ្វី ក៏​ឈ្ងុយ​ឈ្ងប់​ម្ល៉េះ? មាន​អ្នក​ណា​ឆ្អើរ​សាច់​ឯណា​អេះ? បើ​ដូច្នេះ អញ​នឹង​ទៅ​រក​មើល ក្រែង​បាន​មួយ​ចម្អែត ពី​ព្រោះ​សាច់​នេះ​ក្លិន​ឆ្ងាញ់​ណាស់ ហើយ​ដោយ​ស្មាន​ទៅ​ប្រហែល​ជា​ច្រើន​ផង បាន​ជា​ធុំ​ក្លិន​ផ្សាយ​មក​ដល់​ទី​អញ​យ៉ាង​នេះ​អញ​ទៅ​គំរាម​យក​ស៊ី​ទាំង​អស់ កុំ​ឲ្យ​អ្នក​ឆ្អើ​នេះ​នោះ​វា​បាន​ស៊ី » គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​ដំបង​ពេជ្រ គ្រវី​ហោះ​ឡើង​លើ​អាកាស​វេហាស៍ ងាក​មើល​ចុះ​ឡើង ឃើញ​ផ្សេង​ហុយៗ ត្រង់​ព្រៃ​ធំ ក៏​ហោះ​ចុះ​សំដៅ​ទៅ​ត្រង់​កន្លែង​ផ្សែង​នោះ ក្រឡេក​មើល​ទៅ​ឃើញ​ក្មេង​តូច​ពីរ​នាក់​កំពុង​ឆ្អើរ​ដំរី, គិត​ថា​«ថ្ងៃ​នេះ ពេញ​ជា​មហា​លាភ​ហើយ បាន​ទាំង​ចំណី បាន​ទាំង​ម្ចាស់​, បើ​ដូច្នេះ តើ​អញ​នឹង​ស៊ី​ដំរី​មុន ឬ​ស៊ី​ក្មេង​មុន​អេះ? បើ​ស៊ី​ដំរី​មុន ក្រែង​ក្មេង​នេះ​វា​ភ័យ​នឹង​អញ រត់​ពួន​បាត់​តៅ ឥឡូវ​នឹង​ស៊ី​ក្មេង គ្មាន​អ្វី​គ្រាន់​ធ្វើ​ជា​បង្អែម សម្រាប់​លាង​មាត់​ខាង​ក្រោយ» ។​ នៅ​ទី​បំផុត​នោះ យក្ស​សម្រេច​ចិត្ត​ថា​«ណ្ហើយ! អញ​ស៊ី​ដំរី​មុន​ចុះ ទុក​ក្មេង​ស៊ី​ក្រោយ​ជា​បង្អែម​វិញ ទើប​ជ្រះមាត់​ស្រួល, ក្មេង​នេះ វា​មិន​មែន​រត់​ពួន​ទៅ​ឯណា​ឡើយ ទុក​ជា​វា​រត់​ពួន​កន្លែង​ណា​ក៏​មិន​កំបាំង​នឹង​ភ្នែក​អញ​ដែរ, វា​មក​ពី​ស្រុក​ភូមិ​របស់​មនុស្ស​លោក ចូល​មក​ដល់​ព្រៃ​នេះ​ម្ល៉េះ​ហើយ វា​រត់​ទៅ​ណា​នឹង​រួច» ទើប​យក្ស​ចូល​ទៅ​គម្រាម​កុមារ​ដែល​កំពុង​ឆ្អើរ​ដំរី​នោះ​ថា « វ៉ី​អាក្មេង​ច្រមក់! អាឯង​មក​ពី​ណា? ដើរ​ចេញ​ឲ្យ​ឆាប់» ។ កុមារ​ទាំង​ពីរ​ដើរ​ចេញ​ពី​ទី​នោះ​ទៅ ។ ប៉ុន្តែ កុមារ​បង​មាន​សេចក្តី​ភិត​ភ័យ​តក្កមា ព្រោះ​ខ្លួន​ស្គាល់​ច្បាស់​ជា​យក្ស​ហើយ បាន​ដឹង​ប្រាកដ​អំពី​សម្នាក់​ចាស់ៗ គេ​និយាយ​ប្រាប់​ថា «យក្ស​ខ្លួន​ធម មាន​ចង្កូម​ពីរ សម្រាប់​ស៊ី​មនុស្ស​លោក​» តែ​មិន​ចេញ​វា​ចា​ប្រាប់​ប្អូន​ឡើយ ។ ចំណែក​ខាង​កុមារ​ប្អូន​គិត​ថា «មនុស្ស​នេះ​មក​ពី​ណា រូប​រាង​ធំ​គម្រាំង ធ្មេញ​ធំៗ សស្ងាច​ប៉ុនៗ​ចប​កាប់ ភ្នែក​ឡើង​ក្រឡោតៗ ក្រហម​ត្លែត ដូច​ភ្នែក​អាអូត ស្បែក​មុខ​ឡើង​គគ្រីត​គគ្រាត ដូច​ស្បែក​គីង្គក់ ដង​ខ្លួន​ដូច​ក្របី​ដេក​ភក់ សំឡេង​ឮ​គ្រក់ៗ ដូច​ជា​ទឹក​ដក់​ក្នុង​រន្ធ​ឈើ ដុះ​ពុក​មាត់ ពុក​ចង្កា​ស្រមេម​ស្រមាម ដូច​បី​សាច​រាជ​ភូត, អានេះ​ប្រហែល​ជា​មិន​ខ្លាច​កោត​ញញើត​ចិត្ត​អញ​ទេ បាន​ជា​ហ៊ាន​មក​និយាយ​កំហែង​អញ​ដូច្នេះ, មិន​អី​ទេ! អាឯង​ព្រហើន​ហ៊ាន​ស៊ី​ដំរី» ។ កុមារ​ប្អូន​ថយ​ចេញ​ពី​កន្លែង​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន ទៅ​ឈរ​មើល​យក្ស​ស៊ី​ដំរី តែ​ក្នុងចិត្ត​នឹក​ខ្នាញ់​ពេក​ណាស់ មិន​ទាន់​ចេញ​ស្តី ថា​ដូច​ម្តេចៗ​ឡើយ គ្រាន់​តែ​នឹក​ក្នុង​ពោះ​ប៉ុណ្ណោះ ។ ពេល​នោះ​យក្ស​សួរ​ថា «នៃ​អាក្មេង! អា​ឯង​ធ្វើ​ដូច​ម្តេច បាន​ជា​បាន​ដំរី​នេះ​យក​មក​ឆ្អើរ?» ។ ពេល​នោះ​កុមារ​តូច​បាន​ឱកាស ក៏​ឆ្លើយ​តប​ទៅ​យក្ស​វិញ​ថា «ពូឯង​សួរ​ចង់​ដឹង​អ្វី? គិត​តែ​បរិភោគ​ទៅ​ចុះ! កុំ​ចាំ​បាច់​ដឹង​ហេតុការណ៍​អ្វី​ឡើយ» ។ «យើ! អាច្រមក់! ប្រាប់​ឲ្យ​ឆាប់ៗ អញ​ស៊ី​អាឯង​ឥឡូវ​នេះ​ហើយ» យក្ស​សួរ​គំរាម​កុមារ​តូច ។ «អើ! ដំរី​នេះ វា​ដើរ​មក​ជាប់​ជុច​ខ្ញុំ» កុមារ​ឆ្លើយ​តប​នឹង​យក្ស ។ «យីអើ! អា​ឯង​ធ្វើ​ជុច​ដូច​ម្តេច​ក៏​ដាក់​ដំរី​បាន អាឯង​និយាយ​កុហក​ទេ​ឬ? ក្រែង​ដំរី​វា​ស្លាប់​ខ្លួន​វាទេ​ដឹង​? ហើយ​អា​ឯង​និយាយ​បញ្ឆោត​អញ​យ៉ាង​នេះ​ទៅ មើល​អាឯង​និយាយ​ឲ្យ​ត្រង់​កុំហុក តែ​កុហក អញ​ស៊ី​ឯង​ទៀត ឥឡូវ​នេះ​មិន​ខាន» ។ «ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ, ពូឯង​មើល​ចុះ! ជុច​ខ្ញុំ​នៅ​ឯណោះ​ហ្ន៎» ។ «ប្រាកដ​ជា​អាឯង​ដាក់​ជុច​ដំរី​នេះ​បាន​មែន? » យក្ស​សួរ​សង្កត់​សង្កិន​កុមារ ។ «មែន» កុមារ​ឆ្លើយ​តប​យ៉ាង​យក​ជុច​មក​ហើយ​ប្រាប់​យក្ស​ថា «ពូឯង​ចង​ដឹង ចូល​ទៅ​ក្នុង​ជុច​ខ្ញុំ​លង​មើល!» ។ ដោយ​ហេតុ​តែ​ការ​មើល​ងាយ​ថា «សត្វ​បើ​ជុច​សរសៃ​រ៉ើងៗ​ប៉ុណ្ណោះ អញ​គ្រាន់​តែ​កម្រើក ក៏​ដាច់​ខ្ទេច​ខ្ទី​ដែរ» ថា​ហើយ​ក៏​ត្បុល​ក្បាល​ចូល​ទៅ​ក្នុង​ជុច ផុត​ដៃ​ផុត​ជើង​ទាំង​អស់ ស្រាប់​តែ​ជុច​រឹត​រួត​តឹង​ខ្លួន​ដូច​គេ​ចាក់​ស្រែះ បម្រះ​ននៀល​បាក់​ឈើ​ព្រៃ​ល្អឹត​ល្អោច ស្រែក​ទ្រហោ​រំពង​ព្រៃ, រឹទ្ធិ​យក្ស​ដែល​ធ្លាប់​ពូកែ​យ៉ាង​ណា ក៏​ប្របូល​យក​មក​អស់ ថែម​ទាំង​នឹក​សូធ្យមន្តរ​បៀន​សិល្បសាស្រ្ត ដែល​ធ្លាប់​ចេះ​ធ្លាប់​រៀន​មក​ប៉ុន្មាន ក៏​នៅ​តែ​រើ​មិន​រួច​ពី​ជុច​នោះ រឹត​តែ​តឹង​ឡើងៗ ស្ទើរ​នឹង​ដាច់​ខ្យល់​រក​តែ​ស្តី​និយាយ​ស្ទើរ​តែ​មិន​រួច ។ យក្ស​ទើប​ដឹង​ថា​«ជុច​ក្មេង​នេះ ពូកែ​មែន បើ​អញ​មិន​និយាយ​អង្វរ​ឲ្យ​វា​ស្រាយ​ជុច​នេះ​ចេញ​ទេ នឹង​ស្លាប់​អាសារ​ឥត​ការ​មិន​ខាន» ទើប​និយាយ​អង្វរ​កុមារ​ថា «ឱលោក​អើយ! កាល​ពី​ដើម ខ្ញុំ​មើល​ងាយ​ជុច​លោក​ដោយ គិត​ឃើញ​ថា មើល​ទៅ​មិន​ល្មម​នឹង​កម្លាំង​ខ្ញុំ​សោះ, ហេតុ​តែ​សេចក្តី​មើល​ងាយ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ខ្លួន​យ៉ាង​នេះ, ហេតុ​នេះ​ សូម​លោក​អាណិត​ខ្ញុំ​ម្តង​ទៅ​ចុះ​ខុស​ម្តង​ឆ្គង​មួយ​ថ្ងៃ សូម​លោក​អធ្យាស្រ័យ​ឲ្យ​តែ​រស់​ជីវិត កុំ​ឲ្យ​តែ​ខ្ញុំ​ស្លាប់» ។ ឯកុមារ បាន​ឃើញ​យក្ស​បម្រះ​ននៀល​មិន​រួច​អំពី​ជុច​របស់​ខ្លួន​ហើយ ថែម​ទាំង​ឮ​និយាយ​អង្វរ​ទៀត កាំ​បិត​នៅ​ដៃ និយាយ​ត​ទៅ​នឹង​យក្ស​វិញ​ថា «ម៉េច​អា​ឯង​ជឿ​អញ​ទេ? ឥឡូវ មក​ធ្វើ​ជា​និយាយ​អង្វរ, ឯសាច់​ដំរី​អញ ឯង​ស៊ី​អស់ ហើយ​គិត​នឹង​ស៊ី​អញ​ទៀត អាឯង​ថ្លើម​ធំ​ណាស់ អញ​មិន​យក​អង្វរ​អាឯង​ទេ, ល្ងាច​នេះ អញ​គ្មាន​អ្វី​ស៊ី​សោះ ម្តង​នេះ​អញ​ស៊ី​ថ្លើម​អាឯង​ហើយ ចុះ​មក​បង! ទៅ​រក​កាប់​ឫស្សី​មក​ធ្វើត្រណោត​ ដោត​ថើ្លម​អាខូច​នេះ​អាំង​ស៊ី» ។ បង​ក៏​ចុះ​ពី​ធ្នះ​មក​ទាំអ​ភ័យ​ញញី​ញញ័រ​ដល់​មក​ជិត​ប្អូន​ឃើញ​យក្ស​គួរ​ សម្បើម ក៏​រឹង​រឹត​តែ​ញាប់​ញ័រ ។ ប្អូន​និយាយ​ថា «ឈប់​បង! កុំ​ញ័រ​ចង់​ស៊ី​សាច់​វា​ពេក ឈប់​សិន! ចាំ​ឆ្អិន​សិន, ហ៎! ញ័រ​ចង់​អ្វី​ទៀត​ហើយ! កុំ​ញ័រ​អ្វី​ពេក ហើយ​ស៊ី​ឆៅ​មិន​ឆ្ងាញ់​ទេ ហើម​ពោះ​ពុង​ណា៎​បង!» ។ យក្ស​ឮ​សម្តី​កុមារ​និយាយ​នឹង​បង​ដូច្នោះ​ហើយ រឹង​រឹត​តែ​ភិត​ភ័យ​ស្លុត​ព្រលឹង ហើយ​និយាយ​អង្វរ​កុមារ​ទៀត​ថា «ឱលោក​ម្ចាស់​ថ្លៃ​អើយ! សូម​លោក​អាណិត​ខ្ញុំ យក​តែ​បុណ្យ​ម្តង​ទៅ​ចុះ, ខ្ញុំ​នឹង​ជូន​កន្លែង​បក់​កន្សែង​បោយ​មយួ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ឲ្យ​បាន​រស់​មាន​ជីវិត, ត្បិត​ខ្ញុំ​ជា​ស្តេច​យក្ស គ្រប់​គ្រង​អាណា​ប្រជានុរាស្រ្ត បើ​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​សម​ជា​ស្រុក​ទេស​របស់​ខ្ញុំ​អន្តរ​ធាន​មិន​ខាន ទាំង​កូន​ប្រពន្ធ​ខ្ញុំ​ទឪត ក៏​ពុំ​មាន​ទីពឹង» ។ កុមារ​ប្អូន​សួរ​បញ្ជាក់​យក្ស​ថា «ចុះ​ឯង​ឲ្យ​កន្សែង​បក់​កន្លែង​បោយ​ដល់​យើង កន្លែង​នោះ បើ​បក់​បោយ​ទៅ អាច​ឲ្យ​សម្រេច​ប្រយោជន៍​ដូច​ម្តេច​ខ្លះ?» ។ «តាម​តែ​លោក​ចង់​បាន​អ្វី បក់​មក បាន​តាម​ប្រាថ្នា បើ​ចង់​ឲ្យ​បាត់​ទៅ​វិញ គ្រាន់​តែ​បោយ​ថា ទៅ​វិញ​ចុះ ក៏​ស្រាប់​តែ​បាត់​អស់​រលីង» ។ «ប្រាកដ​ជា​ឯង​ឲ្យ​យើង​មែន​ឬ?» ។ «មែន» ។ «ក្រែង​កុហក​អញ​ទេ​ដឹង?» ។ «មិន​កុហក​ទេ​លោក» ។ «បើ​កុហក តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​មិន​ទុក​ចិត្ត​ទេ ពី​ព្រោះ​ឯង​ជា​ស្តេច​សោយ​រាជ្យ ក្រែង​រួច​ពី​កណ្តាប់​ដៃ​យើង​ទៅ បបួល​រេហ៍​ពល​មក​ច្បាំង​នឹង​យើង​វិញ? បង! យក​កាំ​បិត​មក​ពន្លះ​សាច់​វា អាំង​ស៊ី​សម្រន់​សេចក្តី​ឃ្លាន​១​ស្របក់ សិន» ។ បង​នោះ​នៅ​តែ​មិន​ទាន់​បាត់​ភ័យ​នឹង​យក្ស ។ យក្ស​ឮ​កុមារ​តូច​ឲ្យ​បង​យក​កាំ​បិត មក​ពន្លះ​សាច់​ខ្លួន​ដូច្នោះ ក៏​ញាប់​ញ័រ​ស្ទើរ​បាត់​ស្មារតី ហើយ​និយាយ​អង្វរ​កុមារ​នោះ​ទៀត​ថា «សូមលោក​ទុក​តែ​ជីវិត​ឲ្យ​ចុះ ខ្ញុំ​នឹង​ប្រគល់​រាជ្យ​ទាំង​អស់​ព្រម​ទាំង​ស្រុក​សួយ​ទាំង​អម្បាល​ម៉ាន ជូន​លោក​ទៀត ខ្ញុំ​សូម​រួច​តែ​ខ្លួន​នឹង​ភរិយា​បុត្រី​បុត្រា ហើយ​នៅ​ធ្វើ​ជា​សេនា​រក្សា​លោក​ទៀត » ។ កុមារ​ប្អូនក៏​សួរ​បញ្ជាក់​យក្ស​ថា «បើ​ឯង​និយាយ​ទៀត​ត្រង់​មែន ណ្ហើយ! យើង​អត់​ទោស​ឲ្យ​បាន, តែ​យើងមិន​ដឹង​ជា​ឯង​ស្តេច​សោយ​រាច្យ​នៅ​នគរណា ចុះ​ធ្វើ​ម្តេច​ឲ្យ​យើង​ទៅ​តាម​យក​នគរ​ឯង​បាន? » ។ «ឱលោក មិន​សល់​ក្រ​អ្វី​នឹង​អញ្ជើញ​ទៅ​ឯនគរ​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ធ្វើ​តម្រុយ​ជា​លំអាន​រហូត​ដល់​ទៅ​រនគរ​ខ្ញុំ​ឯណោះ » ។ «ឯង​ធ្វើ​តម្រុយ​បែប​ណា?» ។ ខ្ញុំ​កាច់​មែក​ឈើ​សស់​បោះ ហែៗ តាម​ផ្លូវ​ទៅ​កាល​បើ​លោក​អញ្ជើញ​ទៅ សូម​ទៅ​តាម​មែក​ឈើ​ដែល​ខ្ញុំ​កាច់​បោះ​នេះ​ចុះ »។ កុមារ​ទាំង​ពីរ​ ក៏​ព្រម​ដោះ​យក​ចេញ​ពីជុច ។ ឯយក្ស​បាន​រួច​ខ្លួន​ពី​ជុច​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​បីរ ដើរ​ទៅ​នគរ​ខ្លួន​វិញ ហើយ​កាច់​មែក​ឈើ​ជា​តម្រុយ ដើម្បី​ជា​ទី​សម្គាល់​ដល់​កុមារ​ទាំង​ពីរ​ប្រាណ ឥត​មាន​កុហកភូត​ភរ​អ្វី​ឡើយ លុះ​ដល់​ទៅ​នគរ​ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ពួក​ពល​សេនា​យោធា​ទាហាន ដេល​នៅ​ចាំ​ក្លិង​ទ្វារ​ទាំង ៧ ជាន់​ថា «នែ​វ៉ីយ! ថ្ងៃ​ស្អែក​នេះ​មាន​ក្មេង​តូចៗ ពីរ​នាក់ ជា​ក្មេង​មនុស្ស​លោក មក​ដណ្តើម​រាជ្យ​អញ បើ​ឯង​ឃើញ​វា​មក​ហើយ ត្រូវ​ឃាត់​កុំ​ឲ្យ​វា​ចូល តែ​កុំ​ធ្វើ​ទុក​បុក​ម្នេញ​វា​ឡើយ គ្រាន់​តែ​ស្រែក​ឃាត់​ប៉ុណ្ណោះ​បាន​ហើយ ពី​ព្រោះ​ក្មេង​នោះ​ពូកែ​ណាស់ អម្បាល​អញ​ដែល​មាន​រឹទ្ធី មាន​អំណាច​ច្បាំង​ដណ្តើម​យក​នគរ​ឯ​ទៀតៗ បាន​ មក​ធ្វើ​ជា​ប្រទេស​រាជ​ទាំង​ប៉ុន្មាន ក៏​វា​ដាក់​ជុច​អញ​ជាប់​ស្ទើរ​តែ​នឹង​ស្លាប់​អសារ​ឥត​ការ, តែ​ពួក​ឯង​រាល់​គ្នា​ឃាត់​វា​ល្បង​មើល​សិន​ចុះ​បើ​វា​មិន​ខ្លាច​ទេ បើក​ផ្លូវ​ឲ្យ​វា​ចូល​មក​ចុះ» ។ យក្ស​បាន​ប្រាប់​គ្រប់​សេនា​អ្នក​ចា​ក្លោង​ទ្វារ​ទាំង​៧ ជាន់​សព្វ​គ្រប់​ហើយ ក៏​ចូល​ទៅ​ក្នុង​ប្រាសាទ សម្ងំ​ដេក​លក់ ស្រមុក​ក​ក្រើក​ប្រឹថពី ។ ឯ​កុមារ​បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​បណ្តើរ​គ្នា​ទៅ​នគរ​យក្ស​តាម​តម្រុយ​មែក​ឈើ លុះ​បាន​ទៅ​ដល់​ហើយ​ក៏​ជួប​ប្រទះ​នឹង​ពួក​កង​ទ័ព​មួយ​កង ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទី៧ នោះ​កុមារ​បង កាល​បាន​ឃើញ​យក្ស​ច្រើន​ដល់​ម្ល៉ោះ ក៏​ភ័យ​ញាប់​ញ័រ​ស្ទើរ​នឹង​បាត់​ស្មារតី, ប្អូន​និយាយ​កម្លា​បង​ឡើង​ថា «នែ​បង កុំ​ញ័រ​ចង់​ពេក! ឈប់! កុំ​អាល​ចង់​ចាប់​កាប់​ធ្វើ​បាប​វា ឈប់ៗ កុំៗ យើ​បង! ស្ទើរ​តែ​ឃាត់​មិន​ឈ្នះ​ណ្ហើយ កុំ​ញ័រ​ចង់​ពេក វា​ខ្លាច​បង​ឯង​ហើយ» ។ ពួក​ទាហាន យក្ស​បាន​ឮ​កុមារ​និយាយ​ដូច្នោះ ក៏​ខ្លាច​រួញ​ខ្លួន ឥត​ហ៊ាន​មាត់​ក​អ្វី​សោះ បើក​ផ្លូវ​ឲ្យ​កុមារ​ទៅ​ដោយ​ស្រួយ​រហូត​ដល់​ទៅ​ទ្វារ​ក្នុង​គម្រប់​៧​ជាន់ យក្ស​ខ្លាច​ទាំង​អស់ ។ ទើប​នាំ​បង​ប្អូន​ឡើង​ទៅ​លើ​ប្រាសាទ​យក្ស​ ឃើញ​យក្ស​កំពុង​ដេក​ស្រមុក​ខ្ទ័រ​ប្រាសាទ ឃើញ​ពួក​ស្រី​ស្នំ​កំពុង​តែ​អង្គុយ​បក់​ខាង​ស្តាំ​មួយ​រយ ខាង​ធ្វេង​មួយ​រយ ។ ឯ​បង​ឃើញ​យក្ស​ច្រើន​សម្បើម​ណាស់​ពេក ក៏​ភ័យ​ស្លុត​ស្មារតី ប្អូន​ស្រែក​ហៅ​យក្ស​ថា «នែ​! អា​នេះ​ក្រោក​ឡើង ! អញ​មក​ដល់​ហើយ​ដេក​ដល់​ណា​ទៀត» ។ យក្ស​ឮ​សំឡេង​កុមារ​តូច​ស្រែក​ហៅ​ខ្លួន ដែល​កំពុង​ដេក​លក់​ដូច្នោះ ក៏​ភ្ញាក់​ដឹង​ខ្លួន​ឡើង ក្រឡេក​មើល​ទៅ ស្គាល់​ជាក់​ជា​កុមារ​ម្ចាស់​ជុច ក៏​ភិត​ភ័យ​មហិមា ស្ទុះ​មក​ម្នី​ម្នា​ក្រាប​ថ្វាយ​បង្គំ​កុមារ​តូច​ទាំង​ពីរ ហើយ​ប្រាប់​ពួក​ស្រី​ស្នំ​ដែល​កំពុង​អង្គុយ​គាល់ ប្រើ​អមាត្យ​ឲ្យ​ហៅ​ពួក​សេនាបតី នាហ្មឺន​មុខ​មន្រ្តី ព្រាហ្ម​ព្រឹទ្ធ បុរោហិត បណ្ឌិត​កវី ឲ្យ​ចូល​មក​ក្នុង​បុរី​យ៉ាង​ឆាប់​វៃៗ ។ លុះ​ពួក​រាជ​សេវកា​មាត្យ​មក​ជួប​ជុំ​គ្នា​សព្វ​គ្រប់​ហើយ យក្ស​ស្រែក​ប្រកាស​ថា «អ្នក​រាល់​គ្នា​ចូរ​ក្រាប​ថ្វាយ​បង្គំ​ស្តេច​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​ត្រូវ​គោរព​កោត​ខ្លាច​យក​ចិត្ត​តុក​ដាក់​ឲ្យ​ដូច​ជា​ខ្លួន​អញ ត្បិត​អញ​ប្រគល់​រាជ្យ ឲ្យ​ស្តេច​មនុស្ស​លោក​នេះ​សោយ​ហើយ ។ អញ​សូម​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​ទេ, ឯអ្នក​ទាំង​អស់​ត្រូវ​នៅ​ជ្រក​ក្រោម​ម្លប់​បុណ្យ​ស្តេច​មនុស្ស​លោក​នេះ​ចុះ» ។ ពួក​រាជ​សេវកា​មាត្យ​ទាំង​អស់ ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ​គ្រប់​គ្នា ឥត​មាន​នរណា​មួយ​ ហ៊ាន​និយាយ​ថា​ដូច​ម្តេច​ឡើយ ។ យក្ស​ក៏​បាន​រៀប​ពិធី​អភិសេក​ជា​ឯក​មង្គល ប្រជុំ​ពួក​ពល​យោធា​ជា​អនេក​ប្រការ ហើយ​ប្រគល់​ធី​តា​របស់​ខ្លួន​ឲ្យ​ជា​មហេសី ។ ប៉ុន្តែ​កុមារ​ប្អូន​មិន​សោយ​រាជ្យ​ខ្លួន​ឯង​ទេ ឲ្យ​បង​សោយ​រាជ្យ​វិញ ព្រោះ​យល់​ឃើញ​ថា បង​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្លួន ។ កុមារ​ទាំង​ពីរ សឹង​នៅ​ជា​សុខ​សប្បាយ​ក្នុង​នគរ​យក្ស​នោះ រហូត​អវ​សាន​កាល​ទៅ​ហោង ។ គិត​គ្រប់​សព្វ​ដោយ​ផ្លូវ ក្តី​ចន្លោះ​កុំ​បី​មាន

No comments:

Post a Comment