Saturday, June 29, 2013

ហេតុ​អ្វី​បាន​ជា​ខ្មែរ​ប្រើ​ពុទ្ធ​សករាជ​ខុស​ពី​សៀម?

តារាងបូកពុទ្ធសករាជៈ


ប្រទេសកម្ពុជា ជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាដ៏ម៉ឺងម៉ាត់តាំងពីបុរាណកាលមក ដូចប្រទេសនានា លើពិភពលោក។ នៅលើទំព័រឯកសារផ្សេងៗជាពិសេសឯកសារព្រះរាជពង្សាវតាខ្មែរ ឯកសារប្រវត្តិសាស្រ្តខ្មែរ សាស្ត្រាស្លឹករឹតនិងក្រាំងបុរាណជាដើម។ គេតែងសង្កេតឃើញ កាលបរិច្ឆេទដោយកំណត់យក ព្រះពុទ្ធសាសនា ជាគោល។

តើព្រះពុទ្ធសករាជបានសេចក្តីយ៉ាងណាដែរ?

ពុទ្ធសករាជជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្សមុនីគោតម ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ដូច្នេះគេរាប់ពីត្រឹមថ្ងៃទី១រោច ខែពិសាខ នោះមក ជាពុទ្ធសករាជ។
មុនឆ្នាំ១៩៦៨ គឺចាប់ពីឆ្នាំ១៩៦៧ថយក្រោយ ខ្មែរយើងប្រើពុទ្ធសករាជពេញ ដូចសៀមដែរ។ លុះក្រោយពី អនុសំវច្ចរ មហាសន្និបាត នៃមន្ត្រីសង្ឃលើកទី២៤ ដែលចាប់ផ្តើមធ្វើ ពីថ្ងៃទី២៧ខែមករាឆ្នាំ១៩៦៨មក ខ្មែរយើងបានកែប្រែការប្រើពុទ្ធសករាជជាអតីត មកប្រើពុទ្ធសករាជបច្ចុប្បន្នវិញ។ រឿងនេះធ្វើឲ្យមានបញ្ហាចោទឡើងថាៈ

ហេតុអ្វីបានជាខ្មែរប្រើពុទ្ធសករាជខុសពីសៀម?

យើងអាចឆ្លើយយ៉ាងខ្លីថា ដោយខ្មែរយើងប្រើពុទ្ធសករាជបច្ចុប្បន្ន ឯសៀមប្រើពុទ្ធសករាជអតីត។
ដើម្បីឲ្យយល់កាន់តែច្បាស់ អំពីពុទ្ធសករាជ ខ្ញុំសូមជម្រាបថា ពុទ្ធសករាជមាន៣យ៉ាង ៖
១. ពុទ្ធសករាជអតីត គឺពុទ្ធសករាជដែលកន្លងមកហើយ ពេញទាំងថ្ងៃ ខែ ឆ្នាំឥតមានខ្វះ។
២. ពុទ្ធសករាជបច្ចុប្បន្ន គឺពុទ្ធសករាជបច្ចុប្បន្នសុទ្ធសាធ ដែលកំពុងស្ថិតនៅក្នុងថ្ងៃខែឆ្នាំ ដែលមិនទាន់មកដល់។
៣. ពុទ្ធសករាជអនាគត គឺពុទ្ធសករាជដែលពេញទាំងថ្ងៃ ខែ ឆ្នាំ តែមិនទាន់មកដល់។
ដើម្បីបង្ហាញឲ្យកាន់តេច្បាស់ថែមទៀត ខ្ញុំសូមលើកឧទាហរណ៍ដូចខាងក្រោមនេះ
ឧទាហរណ៍ៈ
ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ដូច្នេះយើងអាចបកស្រាយថាៈ

អតីតកាល

  • ព្រះពុទ្ធសាសនាកន្លងទៅហើយ២៥៤៧ព្រះវស្សា
  • ខែកន្លងទៅហើយបាន៨ខែ (ពីខែពិសាខ ដល់ មិគសិរ)
  • ថ្ងៃកន្លងទៅហើយបាន២ថ្ងៃ (គឺ១រោច និង២រោច)

បច្ចុប្បន្នកាល

ថ្ងៃ៣រោចខែមិគសិរឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨, ថ្ងៃខែឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នវារៈ។

អនាគតកាល

អនាគតកាលរបស់ព្រះពុទ្ធសាសនា ឬព្រះពុទ្ធសាសនកាល ដែលនៅសល់ខាងមុខទៀតគឺ
  • ឆ្នាំនៅសល់ ២៤៥២ ព្រះវស្សា(៥០០០-២៥៤៨)
  • ខែនៅសល់៤ខែ (បុស្ស មាឃ ផល្គុណ ចេត្រ)
  • ថ្ងៃនៅសល់ ២៦ថ្ងៃ
បើបូករួមសិរីទាំងបីកាល គឺអតីត បច្ចុប្បន្ន និងអនាគត ប្រមូលបញ្ចូលគ្នាមកត្រូវជា ព្រះពុទ្ធសាសនា គ្រប់៥០០០ព្រះវស្សាដោយបរិបូណ៌។
សូមពិនិត្យមើលតារាងបូកពុទ្ធសករាជៈ
តារាងបូកពុទ្ធសករាជៈ
តារាងបូកពុទ្ធសករាជៈ
ម្យ៉ាងទៀតបើតាមព័ត៌មាន ដែលបានទទួលពីព្រះតេជគុណភាសាសិរីវិជ្ជា ឃី សុវណ្ណរតនាសាស្ត្រាចារ្យអនុបណ្ឌិតទស្សនវិជ្ជា ដែលលោក បាននិមន្តមកពីសិក្សា នៅប្រទេសសេរីលង្កា ក៏គេប្រើពុទ្ធសករាជបច្ចុប្បន្ន ដូចខ្មែរយើងដែរ។
(អត្ថបទទាំងមូលត្រូវបានចម្លងចេញពី អត្ថបទមានចំណងជើងថា ‹‹ហេតុអ្វីបានជាខ្មែរប្រើ ពុទ្ធសករាជ ខុសពីសៀម?›› នៃ គេហទំព័រ មជ្ឍមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េ សម្រាប់ទុកជាឯកសារ ដល់មិត្តអ្នកអានទាំងអស់ បានអាន និង ដឹងនូវចំណេះដឹងទូទៅបន្ថែមអំពីប្រវត្តិរបស់ ‹‹សករាជ›› ដែលកំពុងតែត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា។  ប្រភពឯកសារ៖ មជ្ឍមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េ)
About these ads