ច្រកចូល ៖ ចូលនិងចេញតាមច្រកខាងជើង
កាលបរិច្ឆេទ ៖ ពាក់កណ្ដាលទី២ នៃសតវត្សទី១២ និងដើមសតវត្សទី១៣ នៃគ្រិស្តសករាជ
រាជ្យ ៖ ព្រះបាទជ័យវរ្ម័នទី៧
ឧទ្ទិសជូន ៖ ព្រះពុទ្ធសាសនាមហាយាន និងគ្រូពេទ្យទាំងបីឋាន
រចនាបថ ៖ បាយ័ន
នាគព័ន្ធជាប្រាសាទតូចមួយដែលមានស្រះប្រាំ ស្រះតូចបួននៅជុំវិញ ស្រះធំមួយដែលសង់នៅចំកណ្ដាល ។ វាផ្ដល់នូវការទស្សនាចរដ៏ស្រស់ស្រាយដល់ភ្ញៀវទេសចរ ដោយសារលក្ខណៈពិសេសតែមួយគត់របស់វា ។ មានជំនឿមកថាវាជាកន្លែងឧទ្ទិសដល់ព្រះពុទ្ធដែលបានពន្យារពេល ចូលនិវ៌ាណនាម «ភេសជ្ជៈគុរុ» ។ យោងតាមសម្ដីរបស់លោក George Sodes, លោក Finot, និងលោក Victor Goloubew បានផ្ដល់សម្មតិកម្មថា “ស្រះធំកណ្ដាលគឺជាតំណាងស្រះ «អនវតប្តៈ» ដែលជាស្រះបរិសុទ្ធនៅភ្នំមេរុ ជាចំណុចកណ្ដាលនៅពិភពលោក ។ ស្រះនេះបានផ្ដល់កំណើតដល់ទន្លេស័ក្ដិសិទ្ធិធំៗទាំងបួនគឺ៖ «ទន្លេគង្គា, ទន្លេព្រហ្មបុត្រ, ទន្លេយមនា, ទន្លេឥណ្ឌុ» ស្រះទាំងអស់នេះមានទំហំ ២៥ម. ក្នុងមួយជ្រុងៗ ដែលនៅប្រាសាទនាគព័ន្ធគេកំណត់យករូបសំណាកមកតំណាងឲ្យទន្លេទាំង នេះ ហើយរូបសំណាកទាំងនោះគឺជាតំណាងធាតុទាំងបួន៖ «ធាតុទឹក, ដី, ភ្លើង, ខ្យល់» (ធាតុទឹកតំណាងដោយក្បាលដំរីនៅទិសខាងជើង, ធាតុខ្យល់តំណាងដោយក្បាលសេះនៅទិសខាងលិច, ធាតុភ្លើងតំណាងដោយក្បាលតោនៅទិសខាងត្បូង, និងធាតុដីតំណាងដោយក្បាលមនុស្សនៅទិសខាងកើត) ។ ស្រះអនវតប្តៈ ត្រូវបំពេញដោយទឹកក្ដៅផុសពីដី និងត្រូវបានគេគោរពណាស់នៅឥណ្ឌា ចំពោះអំណាចនៃការកែរោគរបស់ទឹកនោះ ។ គោលបំណងធំនៃការកសាងប្រាសាទនេះគឺសម្រាប់លាងជម្រះបាបឬមន្ទិល របស់ពួកព្រាហ្មណ៍និងសាសនិកទាំងអស់ឲ្យបរិសុទ្ធឥតហ្មងកាលពីសម័យ កាលនោះ ។
នៅលើហោជាងនៃតួប៉មមានពិពណ៌នាពីជីវិតរបស់ព្រះពុទ្ធ៖
- ហោជាងខាងកើត ៖ ព្រះពុទ្ធកាត់ព្រះកេសា
- ហោជាងខាងលិច ៖ ព្រះពុទ្ធទទួលការការពារពីនាគរាជ មុជ្ជលិន
- ហោជាងខាងជើង ៖ ការចាកចោលរាជវាំងរបស់ព្រះពុទ្ធ
- ហោជាងខាងត្បូង ៖ ព្រះពុទ្ធធ្វើសមាធិនៅក្រោមដើមពោធិព្រឹក្ស
តួប៉មកណ្ដាលធ្លាប់បានកាច់បំបាក់ដោយដើមជ្រៃ តែត្រូវរន្ទះបាញ់ដួលកាលពីឆ្នាំ១៩៣៥ ហើយបន្ទាប់មកប៉មកណ្ដាលនេះត្រូវលោក Maurice Glaize ជួសជុលសង់ឡើងវិញនៅឆ្នាំ១៩៣៨ ហើយលោក Henri Marchal ជាជាតិបារាំងបានធ្វើការសម្អាតប្រាសាទនេះទាំងមូលពីឆ្នាំ ១៩២២-១៩២៤ បូករួមទាំងទីធ្លានិងបរិវេណប្រាសាទទាំងមូល ។
- ខាងជើង ៖ ជាក្បាលដំរី
- ខាងត្បូង ៖ ជាក្បាលតោ
- ខាងកើត ៖ ជាក្បាលមនុស្ស
- ខាងលិច ៖ ជាក្បាលសេះ
ដំបូលអគារតូចទាំងបួននេះមានរាងកោងក្រឡូម ដែលមានលម្អដោយក្បាច់ត្របកឈូក ។
ស្រះខាងកើត ជាស្រះហូរបង្កើតទន្លេព្រហ្មបុត្រ ។ គេជឿថាទឹកហូរពីក្បាលមនុស្សនេះ ជួយបង្កើនឫទ្ធិអំណាច មានប្រាជ្ញាដូចអង្គព្រះពោធិសត្វភេទស្រីនាម «ប្រាជ្ញាបារមីតា» និងផ្ដល់ភាពបរិសុទ្ធដល់មនុស្ស ។
ស្រះខាងត្បូង តំណាងអំណាចស្ត្រី តំណាងអំណាចរបស់ស្ដេចសត្វ ។ ពេលចង់បានឫទ្ធអំណាចចេញច្បាំងឲ្យបានជោគជ័យ គេធ្វើពិធីនៅស្រះខាងត្បូង ស្រះដែលបង្កើតទន្លេឈ្មោះ «ឥណ្ឌុ» ហេតុដែលគេបង្កើតទន្លេឥណ្ឌុនិងក្បាលតោនេះ ព្រោះតោនេះមានកំណើតនៅឋានត្រៃត្រិង្ស ។ តោមានកំណើតចេញពីអណ្ដាតភ្លើងកំហឹងនៃពួកអាទិទេពកួចបញ្ចូលគ្នា បង្កើតបានជាសត្វតោមួយនាម «ទុគ៌ា» ។ ទទួលទានទឹកពីក្បាលតោ គេជឿថាទទួលបានអំណាច និងពរជ័យពីព្រះនាង «ទុគ៌ា» ដែលនាងបានសម្លាប់យក្សក្បាលក្របីឈ្មោះ «មហិង្សាសុរៈ» ។
ស្រះខាងលិច ទទួលទានទឹកចេញពីក្បាលសេះ គេជឿថានឹងទទួលបានអំណាចអមត អំណាចកម្លាំងដ៏មហាសាលនៃអង្គព្រះពាយ ព្រោះសេះនេះមានកំណើតនៅឋានទេវលោក ដែលព្រះវិស្ណុបានប្រទានទៅព្រះពាយធ្វើជាជំនិះ ។ ទឹកស្រះខាងលិចនេះហូរបង្កើតជាទន្លេ «យមនា» ។
No comments:
Post a Comment