លោក ហ្សក សេដែស
ដោយយល់ឃើញថា លោកអ្នកខ្លះ ដែលមានស្នាដៃជាច្រើនក្នុងការជួយឲ្យវចនានុក្រមលេចចេញជារូបរាង ឡើង តែត្រូវខ្មែរយើងបំភ្លេចចោល ខ្ញុំសូមលើកយកកូនអត្ថបទមួយដែលចុះក្នុងព្រឹត្តិបត្រសាលាបារាំង ចុងបូព៌ា ឆ្នាំ ១៩៣៨ ភាគ ៣៨ លេខ ១ សរសេរដោយលោក ហក្ស សេដែស អ្នកប្រាជ្ញបុរាណវិទ្យា និង ប្រវត្តិវិទ្យាអាស៊ីអគ្នេយ៍។
អត្ថបទនេះសរសេរជាភាសាបារាំង ដែលខ្ញុំបានបកប្រែជាខ្មែរ។ ដូច្នេះ បើកំហុសលើការសរសេរឈ្មោះ ឬ ងារនៃ បុគ្គលណាម្នាក់ជាខ្មែរ សូមអ្នកអានជួយកែតម្រូវផង។អត្ថបទសរសេរដោយលោក សេដែស មានដូចតទៅ៖
ខ្ញុំសូមរៀបរាប់ដោយលំអិតពីការរៀបចំវចនានុក្រមខ្មែរថ្មី ដែលក្នុងគ្រាដែលភាគពីរបោះពុម្ពចប់ វចនានុក្រមនេះនឹងក្លាយជាស្នាដៃមួយដែលពេញលេញ។ ខ្ញុំសូមផ្ដល់តែទិដ្ឋភាពខាងក្រៅខ្លះៗនៃការងារសព្វថ្ងៃនេះ និង ទៅលើរបៀបដែលវចនានុក្រមនេះបានរៀបចំឡើងតែប៉ុណ្ណោះ។
សៀវភៅនេះត្រូវតែបានតាក់តែងឡើងជាភាសាខ្មែរទាំងស្រុង។
ពាក្យនីមួយៗត្រូវបានបោះពុម្ពដោយអក្សរត្រង់។ ក្នុងករណីមានការសង្ស័យលើការអានពាក្យ របៀបអានត្រូវបានបញ្ជាក់ក្នុងរង្វង់ក្រចក។ ប្រភេទវេយ្យាករណ៍បង្ហាញជាអក្សរកាត់។ ប្រភពពាក្យ ត្រូវបានបញ្ជាក់ចំពោះគ្រប់ពាក្យមិនមែនមានប្រភពមកពីពាក្យខ្មែរ ។ ចុងក្រោយគឺនិយមន័យពាក្យ និងការបង្ហាញពីកន្សោមពាក្យនានាដែលប្រើប្រាស់ពាក្យនោះ។ លំដាប់លំដោយពាក្យ គឺរៀបតាមអក្សរខ្មែរ ដែលជាលំដាប់លំដោយតួអក្សរសំស្ក្រឹត។ អ្នកនិពន្ធវចនានុក្រមត្រូវបង្ខំចិត្តបញ្ចូល គ្រប់ពាក្យដែលក្លាយមកពីពាក្យសំស្ក្រឹតនិងបាលី ដែលគេនៅតែប្រើប្រាស់នៅឡើយនៅកម្ពុជា ; តាមរយៈការសារភាពដ៏ហូរហែរដោយផ្ទាល់របស់ពួកគេ អ្នកនិពន្ធគួរតែរង្គៀសចិត្តចំពោះចំណុចមួយទៀតវិញច្រើនជាង ដោយសារថា ពួកគេបានបញ្ចូលពាក្យដែលមិនទាន់មានប្រើប្រាស់នៅឡើយ ប៉ុន្តែពួកគេគិតថាពាក្យទាំងនោះនឹងត្រូវយកមកប្រើប្រាស់។
អារម្ភកថា ដែលមិនមានចុះហត្ថលេខា ប៉ុន្តែទំនងជាតាក់តែងឡើងដោយគណៈកម្មការវចនានុក្រម បានសន្មតថា ការតាក់តែង និង ការបង្កើតនៃការងារចងក្រងពាក្យដ៏ធំសំបើមនេះ ដែលប្រភេទការងារនេះ ធ្វើឡើងជាលើកដំបូងនៅប្រទេសកម្ពុជា មានកំណើតឡើងតាមរយៈរាជក្រឹត្យចុះថ្ងៃទី ១០ កញ្ញា ១៩២៩។ ត្រង់នេះមានការកែប្រែការពិតមួយ ដោយចេតនា ឬ អចេតនា ដែលបណ្ដាលឲ្យខ្ញុំមិនអាចទ្រាំបានដោយមិនធ្វើការកត់សម្គាល់ និង ក្រើនរំលឹកពីហេតុការណ៍ខ្លះៗ បានឡើយ។
រាជក្រឹត្យចុះថ្ងៃ១០ កញ្ញា ១៩២៩ នេះ ដែលតាមការរៀបរាប់របស់អារម្ភកថា មើលទៅហាក់ដូចជាការបង្កើតគណៈកម្មការវចនានុក្រម តាមពិតមានគោលបំណងគ្រាន់តែដើម្បីកែប្រែសមាសភាពរបស់គណៈកម្មការទទួល បន្ទុកកែពង្រាងវចនានុក្រម តែប៉ុណ្ណោះ ដែលគណៈកម្មការនេះត្រូវបានកំណត់ឡើងរួចមកហើយដោយរាជក្រឹត្យចុះ ថ្ងៃទី ៣០ វិច្ឆិកា ១៩២៧។ តាមរយៈការសង្កេតនេះ យើងឃើញថា កំណើតវចនានុក្រមនេះបានកើតឡើងមុនឆ្នាំ១៩២៩ ដោយសារថានៅឆ្នាំ ១៩២៧ គេបានត្រៀមបោះពុម្ព និង កែ វចនានុក្រមពុម្ពរួចទៅហើយ។
តាមពិតទៅ ការចាប់ផ្ដើមការងារបានប្រព្រឹត្តិឡើងកាលពី១៤ឆ្នាំមុនមកម្ល៉េះ ដែលអារម្ភកថានេះមិននិយាយដល់ ហើយ អារម្ភកថានេះសមតែចាត់ទុកជាគំនូសលាតត្រដាងនៃផ្ទាំងក្ដោងដែល បិទបាំងបំភ្លេចជាពិសេសនូវអ្វីដែលបានធ្វើឡើងមុនឆ្នាំ១៩២៩ ឆ្នាំនៃការបង្កើតវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ។
ដើម្បីបង្កើតជាស្នាដៃប្រវត្តិសាស្ត្រដែលមិនលំអៀង ខ្ញុំសូមបំភ្លេចចោលសិននូវអ្វីដែលខ្ញុំបានចូលរួមក្នុងការបង្កើត វចនានុក្រមនេះឡើង និង សូមសង្ខេបតែលើឯកសាររក្សានៅសាលាបារាំង។ ប៉ុន្តែនេះគឺជាឯកសារដំបូងដែលឋិតក្នុងក្រសែភ្នែករបស់ខ្ញុំ គឺជាកូនលិខិតមួយ សរសេរដោយខ្ញុំផ្ទាល់ដៃ ក្នុងថ្ងៃដើមខែមិថុនា ១៩១៥ តាមរយៈការស្នើសុំពិមិត្តភក្តិកម្ពុជារបស់ខ្ញុំជាច្រើននាក់ សរសេរទៅកាន់នាយករបស់ខ្ញុំ លោក ល្វីស ហ៊្វីណូត៍ ដើម្បីទទួលបានការយល់ព្រម។ « ខ្មែរបានប្រាប់, ខ្ញុំសរសេរ, និងស្នើសុំជាយូរមកហើយ នូវគណៈកម្មការមួយ ប្រមូលផ្ដុំឡើង ដើម្បីបង្កើតវចនានុក្រមខ្មែរមួយឡើង-ចងក្រងឡើងតាមបែបវចនានុក្រម របស់បណ្ឌិត្យសភាបារាំង – ដែលកំណត់អក្ខរាវិរុទ្ធតែមួយសម្រាប់ប្រើប្រាស់ក្នុងភាសារបស់ពួក គេ »។ ហើយខ្ញុំបានរៀបរាប់ពីគំនិតរបស់ខ្ញុំ ក្នុងការបង្កើតគណៈកម្មការនេះឡើង និង កម្មវិធីការងាររបស់ពួកគេ។ ថ្ងៃទី ១៦ មិថុនា លោក ហ៊្វីណូត៍ បានឆ្លើយមកខ្ញុំថា « ផែនការរបស់លោក ខ្ញុំយល់ឃើញថា បានធ្វើឡើងបានយ៉ាងត្រឹមត្រូវ ហើយខ្ញុំគ្មានអ្វីជំទាស់ទៅនឹងផែនការនេះដែរ ។ រីឯភាពបានការនៃការងារនេះវិញ យើងមិនត្រូវសង្ស័យទេថា ៖ ភាពគ្មានសណ្ដាប់ធ្នាប់នៃអក្ខរាវិរុទ្ធ ដែល អ្នកចារចម្លងធ្វើតាមតែចិត្តនឹកឃើញ និង ដោយងងិតងងល់ បានផ្ដល់ដល់ភាសាខ្មែរនូវគុណវិបត្តិដ៏ធំមួយ ដែលច្បាស់ណាស់ថាគ្មាននរណាគេចង់លូកដៃធ្វើការប៉ះប៉ូវឡើងវិញ នោះទេ »។ ខ្ញុំបានបញ្ជូនលិខិតរបស់ខ្ញុំ នៅថ្ងៃ ២៧ មិថុនា ទៅលោករេស៊ីដង់ស៊ុបពេរីយ័រ បូដ្វាំង ដែលបានដាក់ជូនលិខិតនេះទៅក្រុមប្រឹក្សារដ្ឋមន្ត្រីតាំងពីដើមខែ កក្កដា។ ពីរខែក្រោយមក ព្រះបាទស៊ីសុវត្ថិ បានតាក់តែងរាជក្រឹត្យខាងក្រោម ដែលយើងអាចនិយាយបានថា ជាសំបុត្រកំណើតរបស់វចនានុក្រមខ្មែរ។
យើងបានទ្រង់យល់ថា ភាសាខ្មែរមិនទាន់មានអក្ខរាវិរុទ្ធផ្លូវការ
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស ហរិរាជ បរមិន្ទរ ភូវណៃ ក្រាយកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ស្តេចក្រុងកម្ពុជា
បានទ្រង់យល់ពីសារៈសំខាន់ ដើម្បីសម្រួលដល់ការសិក្សា នៃការកំណត់អក្ខរាវិរុទ្ធ និង អត្ថន័យរបស់ពាក្យ
បានទ្រង់យល់កិច្ចព្រមព្រៀងរវាងលោករេស៊ីដង់ស៊ុបពេរីយ័រ និង យើង
យោងតាមសំណើរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី
ត្រាស់បង្គាប់ប្រការ ១ – គណៈកម្មការតែងតាំងខាងក្រោមនេះ ត្រូវទទួលបន្ទុកបង្កើតវចនានុក្រមផ្លូវការនៃភាសាខ្មែរ ដែលកំណត់អក្ខរាវិរុទ្ធ ប្រភពពាក្យ និងន័យរបស់ពាក្យក្នុងភាសាខ្មែរ។
សមាសភាពគណៈកម្មការឧកញ៉ាចក្រី ប៉ុណ្ណ សេនាធិបតីក្រសួងសិក្សាធិការនិងយុទ្ធនាធិការ ជាប្រធាន
ព្រះអង្គម្ចាស់ ភាណុវង្ស
ព្រះអង្គម្ចាស់ សុធារស
ព្រះមហារាជធម្ម សួស សង្ឃនាយកធម្មយុត្តិកនិកាយ ចៅអធិការវត្តប្រយូរវង្ស ក្រុងភ្នំពេញ
ព្រះវនរ័ត ចន្ទ សង្ឃនាយកមហានិកាយ វត្តឧណ្ណាលោម ក្រុងភ្នំពេញ
ព្រះសីលសំវរ ហាក់ សង្ឃនាយកមហានិកាយ វត្តឧណ្ណាលោម
អ្នកឧកញ៉ាពិភិតឦសូរ ម៉ី សេនាបតីទីចក្រីចាស់ រ៉ឺត្រែត
អ្នកឧកញ៉ាវិបុលរាជ មាស ឧបសេនាបតីក្រសួងក្សេត្រាធិការ
អ្នកឧកញ៉ាស្រីធម្មាធិរាជ អ៊ុក ឧបសេនាបតីក្រសួងព្រះបរមរាជវាំង
អាចារ្យ អ៊ិន អ្នកបាត់ដំបង
ប្រការ ២ – គណៈកម្មការតែងតាំងខាងលើ នឹងត្រូវប្រជុំគ្នារាល់ព្រឹក លើកលែងតែថ្ងៃឈប់សម្រាក នៅវត្តព្រះកែវ នៅភ្នំពេញ ក្នុងមន្ទីរដែលមានឈ្មោះថា មន្ទីរបរិយតិ ។
គណៈកម្មការត្រូវតែប្រឹក្សាជាមួយសេនាបតីក្រសួងយុត្តិធម៌របស់យើង លោកឧកញ៉ាយោមរាជ ឈុន ព្រមទាំងតំណាងសាលាបារាំងចុងបូព៌ា និងអាចកោះហៅគ្រប់មនុស្សទាំងអស់ដែលមានសមត្ថភាពឲ្យចូលរួមក្នុង កិច្ចការរបស់ខ្លួន។
ធ្វើនៅព្រះបរមរាជវាំងក្រុងភ្នំពេញ នៅថ្ងៃទី៤ កញ្ញា ១៩១៥។
ស៊ីសុវត្ថិបានឃើញដើម្បីអនុវត្តតាម
រេស៊ីដង់ស៊ុបពេរីយ័រ
បូដ្វាំង
គណៈកម្មការដែលបានបង្កើតឡើងនេះ បានចាប់ផ្ដើមការងាររបស់ខ្លួននៅថ្ងៃ ៦ តុលា ១៩១៥ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ន។ ការប្រជុំធ្វើឡើងនៅវត្តព្រះកែវ នៅក្នុងកន្លែងចាស់នៃសាលាបាលី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំកន្លងទៅ និងទើបតែត្រូវបានសម្ពោធដោយ លោកអគ្គទេសាភិបាល ROUME ។ អ្នកដែលជាសមាជិករបស់គណៈកម្មការ ដែលមិនត្រូវបានផ្ដល់ងារកិត្តិយស ឬដោយហេតុផលការទូត ជាជាងបច្ចេកទេស មិនបង្អែបង្អង់យូរក្នុងការដកខ្លួនចេញ ហើយនៅសល់តែអ្នកធ្វើការល្អៗប៉ុន្មាននាក់តែប៉ុណ្ណោះ ដែលមកចូលរួមក្នុងសម័យប្រជុំប្រចាំថ្ងៃ។ ខ្ញុំសូមអនុញ្ញាតលើកឡើងពីអនុស្សាវរីយ៍របស់មនុស្សបួននាក់ក្នុង ចំណោមអ្នកនៅសល់ទាំងប៉ុន្មាននាក់នោះ ដែលបានទទួលមរណភាពទៅ មុននឹងបានឃើញការបញ្ចប់នៃស្នាដៃមួយ ដែលពួកគេបានផ្ដល់វិភាគទានយ៉ាងសំបើម ។
អ្នកឧកញ៉ាពិភិតឦសូរ ម៉ី អតីតសេនាបតីទីចក្រី និង អ្នកឧកញ៉ាធម្មានិករ គង់ អតីតសេនាបតីទីវាំងវរវៀងជ័យ ដែលធំដឹងក្ដីក្នុងរាជ្យព្រះបាទ អង្គដួង។ លោកទីមួយ ជាមនុស្សចំណាស់រឹងប៉ឹង នៅតែស្វាហាប់នៅឡើយ និយាយច្រើន មានទេពកោសល្យខាងនិយាយស្ដី និង គួរឲ្យចាប់អារម្មណ៍ជានិច្ច។ លោកទីពីរ មើលពីខាងក្រៅមិនសូវគួរឲ្យចាប់អារម្មណ៍ តែមានប្រាជ្ញាឈ្លាសវៃ ចូលចិត្តនិយាយកាត់ដោយពាក្យក្រម៉ាច់ក្រមើមនូវការនិយាយហូរហែរអូស បន្លាយរបស់សហសេវិកគាត់ និង កាត់បន្ថយនូវឥទ្ធិពលរបស់គាត់។ អ្នកទាំងពីរបានផ្ដល់ដល់គណៈកម្មការ នូវអនុស្សាវរីយ៍របស់ពួកគាត់ ពីកម្ពុជាសម័យមុនបារាំងចូលមកដល់ និង ចំណេះដឹងឥតខ្ចោះភាសាខ្មែរ។
អាចារ្យ អ៊ិន ដែលបន្តិចក្រោយមកទទួលបានងារ ជាឧកញ៉ាសុត្តន្តប្រីជា ស្ទាត់ជំនាញភាសាបាលី អ្នកនិពន្ធសៀវភៅវេយ្យាករណ៍ និង កវីដែលមានកេរ្តិ៍ឈ្មោះ សិក្សានៅសាលាសៀម តែរក្សាគំនិតជាតិនិយម ដោយបានជួយផ្ដល់ដល់គណៈកម្មការតាមរយៈចំណេះដឹងរបស់គាត់នូវវាក្យ ស័ព្ទដ៏សំបូរបែប និង ការបញ្ចេញសំឡេងតាមបែបអ្នកស្រុកខ្មែរភាគខាងលិច។ គឺដោយសារតែគាត់នេះហើយដែលវចនានុក្រមអាចតាក់តែងនូវពាក្យជា ច្រើនដែលបញ្ចប់ដោយអក្សរ រ ដែលពាក្យទាំងនោះត្រូវបានបញ្ជាក់អះអាងដោយសិលាចារិកបុរាណ និង ដោយពាក្យកំចីពីខ្មែរដោយជនជាតិសៀម ដែលបានបាត់បង់ពីសំដីជនជាតិខ្មែរភាគកណ្ដាល ប៉ុន្តែនៅតែមានសូរនៅឡើយនៅខាងបាត់ដំបង។
ជាបញ្ចប់ ចំពោះគ្រប់ពាក្យដែលទាក់ទងនឹងសាសនា ឬ មានប្រភពមកពីភាសាបាលី គណៈកម្មការមិនរួញរាឡើយ ក្នុងការហៅជំនួយពីបច្ចេកទេស និង សមត្ថភាព របស់សមាជិកថ្មី គឺ ព្រះមហាវិមលធម្ម ថោង ចាងហ្វាងទីមួយសាលាបាលីជាន់ខ្ពស់ ភិក្ខុដែលមានមុខមាត់ និង ប្រាជ្ញា ដែលខ្ញុំផ្ដល់កិត្តិយសទុកស្មើជាគ្រូម្នាក់របស់ខ្ញុំ។
នេះជាវិធីដែលពួកយើងធ្វើការ។ នៅពេលចាប់ផ្ដើមសម័យប្រជុំ លេខារបស់គណៈកម្មការ បើខ្ញុំចាំមិនខុសទេ លោក ហាក់ សព្វថ្ងៃជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក្នុងផ្លូវសាសនាមានងារជា សីលសំវរ សរសេរនៅលើក្ដារខៀនខ្មៅ តាមខ្ញុំហៅ នូវបញ្ជីពាក្យបណ្ដោះអាសន្ន ដែលត្រូវលើកយកមកពិភាក្សាក្នុងពេលប្រជុំ។ បញ្ជីនេះផ្អែកលើវចនានុក្រមខ្មែរ d’AYMONIER និង របស់ P. GUESDON ដែលបានចាប់ផ្ដើមចេញផ្សាយបណ្ដើរៗហើយ។ បញ្ជីនេះត្រូវបំពេញបន្ថែមដោយគណៈកម្មការ ជាពិសេសដោយអាចារ្យ អ៊ិន ដែលដោយសមត្ថភាពតែងកំណាព្យរបស់គាត់ ជានិច្ចកាលដោយពាក្យចួនរណ្ដំ មានសមត្ថភាពពិតប្រាកដសមជាអ្នកតាក់តែងវចនានុក្រម។ ប្រភេទវេយ្យាករណ៍នៃពាក្យនីមួយៗ ដើមកំណើតរបស់វា និង ន័យរបស់វា ត្រូវបានកំណត់ ដែលមិនត្រូវបានធ្វើឡើង ដោយគ្មានការពិភាក្សាគ្នាយ៉ាងខ្លាំងក្លា ជានិច្ចជាកាលនោះទេ ៖ លោកប្រធាន ដែលមិនមែនមានសេចក្ដីចាប់អារម្មណ៍តិចតួចជាងគេក្នុងការជជែកពី វេយ្យាករណ៍នោះ ជួនកាលចាំបាច់ត្រូវតែតម្រូវឲ្យមានការបោះឆ្នោតដោយលើកដៃ ដែលក្នុងនោះដោយសារខ្ញុំជាជនបរទេស និង គ្រាន់តែជាអ្នកប្រឹក្សាសាមញ្ញមួយរូប ខ្ញុំត្រូវតែអនុបវាទជានិច្ច។ នៅពេលចប់សម័យប្រជុំនីមួយៗ ពាក្យនីមួយៗដែលបានសិក្សារួចត្រូវបានកត់ត្រាចូលក្នុងសលាកប័ត្រ។
គឺបែបនេះហើយដែលយើងដំណើរការពេញមួយត្រីមាសចុងក្រោយនៃឆ្នាំ ១៩១៥ និង ពេញមួយឆ្នាំ ១៩១៦។ បន្ទាប់ពីការចាកចេញរបស់ខ្ញុំទៅស្រុកសៀម នៅខែមករា ១៩១៧ ខ្ញុំមិនបានចូលរួមចំណែកអ្វីទៀតទេ នៅក្នុងការងាររបស់គណៈកម្មការនេះ ដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ១៩២៤ ប៉ុន្តែខ្ញុំបានបន្តតាមដានការងារគណៈកម្មការ តាមរយៈសំបុត្ររបស់អតីតសហសេវិករបស់ខ្ញុំ។ ដោយសារសំបុត្រនេះ ខ្ញុំបានដឹងលឺពីសង្គ្រាមប៉ាកា ដែលបានកើតឡើងក្រោយកំណែទម្រង់អក្ខរាវិរុទ្ធ ដែលបានធ្វើឡើងដោយគណៈកម្មការក្នុងសម័យប្រជុំដំបូងៗ។ ថ្វីបើកំណែទម្រង់នេះ ជាចុងក្រោយត្រូវបានគេបដិសេធក្ដី យើងត្រូវតែនិយាយពាក្យពីរម៉ាត់ពីគម្រោងនេះ ព្រោះ ការប្រឆាំងដ៏សាហាវ ដែលកំណែទម្រង់នេះបានបញ្ឆេះឲ្យកើតឡើង បានបន្ទុចបង្អាក់ការបោះពុម្ពផ្សាយ ដែលគួរតែអាចត្រូវបានធ្វើឡើងកាលពី ៨ ឆ្នាំមុនមកម្ល៉េះ។
កំណែទម្រង់សំខាន់ៗមានការលុបបំបាត់ចោលសញ្ញាក្បៀស ឬ បន្តក់ ់ ជំនួសដោយសញ្ញា សំយោគសញ្ញា ឬ ផាត់លើ ័ និង ការបង្កើតសញ្ញា អឌ្ឍចន្ទ ៝ ដើម្បីសម្គាល់ស្រៈ អ នៅព្យញ្ជនៈនីមួយៗ។ ដូចជា កក កក់ កាក កាក់ គណៈកម្មការ ស្នើឲ្យសរសេរជា ។ គុណប្រយោជន៍សំខាន់នៃកំណែទម្រង់នេះ គឺនៅត្រង់វាអាចឲ្យយើងសរសេរពាក្យត្រូវតាមប្រភពពាក្យសំស្ក្រឹត ឬ បាលី និង ត្រូវតាមទម្រង់បុរាណ ដូចដែលត្រូវបានបញ្ជាក់ទទួលស្គាល់តាមរយៈសិលាចារិក។យោងតាមមតិ របស់ លោក ហ៊្វីណូត៍ បានប្រឹក្សាជាមួយលោក រេស៊ីដង់ស៊ុបពេរីយ័រ « ការបង្កើតអក្ខរាវិរុទ្ធថ្មីនេះ ជាការអភិវឌ្ឍដ៏ប្រសើរមួយ ដោយបានសម្រួលតួអក្សរខ្លះដែលស្មុគស្មាញ និង ដោយបានបង្កើតភាពត្រូវគ្នាយ៉ាងសុក្រឹតរវាងពាក្យខ្មែរ និង ពាក្យដើមសំស្ក្រឹតឬបាលី។ ម្យ៉ាងវិញទៀត កំណែទម្រង់នេះ សមល្មម មិនជ្រុលហួសហេតុពេក និង មិនធ្វើឲ្យក្រឡាប់ចាក់ដល់ទម្លាប់សរសេរដែលមានមកពេកទេ។ ត្រង់ចំណុចខ្លះ កំណែទម្រង់នេះសឹងតែមិនអាចនិយាយថា ជាអ្វីដែលថ្មីផង ប៉ុន្តែជាការត្រឡប់ទៅប្រពៃណីបុរាណកម្ពុជា ដែលត្រូវបានបោះបង់ដោយគ្មានហេតុផល នាយុគសម័យថ្មីៗនេះថែមទៀតផង »។
ទោះជាយ៉ាងណាក្ដី កំណែទម្រង់នេះត្រូវបានធ្វើឲ្យខកខានដោយបាបធម៌ពីរដែលយូរនិងឆាប់ បានបំផ្លាញវាឲ្យរលាយ។ សញ្ញា អឌ្ឍចន្ទ ជាសញ្ញាថ្មី ដែលទម្រង់ចម្លែករបស់វា មានរាងដូចមួក មិនរង់ចាំយូរទេ ក្នុងការបញ្ឆេះឲ្យមានការចំអកឡកឡឺយកើតឡើង។ ជាពិសេស គណៈកម្មការ មិនបានប្រុងប្រយ័ត ដោយមិនបានសុំការអនុញ្ញាតពីអជ្ញាធរមានសមត្ថកិច្ច ដែលមាន ក្រុមប្រឹក្សារដ្ឋមន្ត្រី និង ព្រះមហាក្សត្រ ចំពោះការបង្កើតអក្ខរាវិរុទ្ធថ្មី ដែលគណៈកម្មការបានគិតថា សមតែគេគ្រប់គ្នាពេញចិត្ត។ ការបង្កើតថ្មីនេះ បានប្រមូលផ្ដុំក្រុមប្រឆាំងនានា៖ អ្នកអភិរក្សនិយមផ្កាប់មុខ (អ្នកបែបនេះ មានច្រើននាក់ណាស់នៅកម្ពុជា), អ្នកដែល គិតថាខ្លួនមានសមត្ថភាពដើម្បីចូលរួមក្នុងគណៈកម្មការ តែមិនត្រូវបានអញ្ជើញឲ្យចូលរួម និង ជាបញ្ចប់គ្រប់មនុស្សទាំងអស់ដែលប្រឆាំងដោយសារការស្អប់សមាជិក គណៈកម្មការរូបខ្លះ។អរិភាពបណ្ដាលមកពីគម្រោងកែទម្រង់ធ្លាក់លើ វចនានុក្រម ធ្វើឲ្យ យើងបានឃើញនៅកម្ពុជានូវទស្សនីយភាពដ៏គួរឲ្យឈឺចាប់របស់មនុស្ស មួយក្រុមដែលខំធ្វើដើម្បីប្រយោជន៍ជាតិតែត្រូវបរាជ័យដោយសារការ ច្រណែន ទំនាស់បុគ្គល និង បំណងចង់ឲ្យគេឲ្យតម្លៃជាជាងតម្លៃនៃហេតុផលរបស់អ្នកជំទាស់ទាំង នោះ។
ចលនាប្រឆាំងត្រូវបានធ្វើឲ្យកក្រើកឡើងដោយសារការចុះផ្សាយក្នុង ឆ្នាំ១៩២០ នូវសេចក្ដីណែនាំតូចមួយសម្រាប់ជួយសម្រួលដល់គ្រូបឋមសិក្សាកម្ពុជា ដែលត្រូវបានបោះពុម្ពផ្សាយដោយប្រើអក្ខរាវិរុទ្ធថ្មី។ ការតវ៉ាបានកើតឡើង ៖ ក្រុមប្រឹក្សារដ្ឋមន្ត្រី បានប្រកាសប្រឆាំងនឹងកំណែទម្រង់។ វត្តមាននៃជម្លោះដែលហួសពីសមត្ថភាពរបស់គាត់ លោករេស៊ីដង់ ស៊ុបពេរីយ័រ បូដ្វាំង បានកោះហៅជំនួយពីសាលាបារាំងចុងបូព៌ា និងបានបញ្ជូននាខែតុលា ឆ្នាំ ១៩២១ នូវវិវាទនេះ ដល់លោក ល្វីស ហ្វ៊ីណូត៍ ដែលបានផ្ដល់យោបល់ប្រកបដោយគតិបណ្ឌិតមកវិញ ឲ្យផ្អាកការចេញសេចក្ដីណែនាំដែលមានជម្លោះនោះ រហូតដល់មានការអន្តរាគមន៍ណាមួយលើបញ្ហាអក្ខរាវិរុទ្ធ ហើយ ឲ្យអញ្ជើញគណៈកម្មការវចនានុក្រមឲ្យធ្វើការអធិប្បាយលម្អិត និង ការបកស្រាយការបង្កើតថ្មីដែលបានលើកឡើងមកនោះ។
អ្វីៗឋិតនៅគាំងត្រឹមនោះ ហើយ គណៈកម្មការបានបន្តដោយយឺតៗនូវការងាររបស់ខ្លួនរហូតដល់ ខែកុម្ភៈ ឆ្នាំ ១៩២៤ ដែលជាកាលបរិច្ឆេតដែលធុរកិច្ចនៃពង្រាងវចនានុក្រមត្រូវបានបញ្ចប់ ជាស្ថាពរ។ ជាពីរដងក្នុងអំឡុងឆ្នាំ ១៩២៤ ឯកឧត្តមរដ្ឋមន្ត្រីអប់រំសាធារណៈ បានស្នើសុំការអនុញ្ញាតបោះពុម្ពផ្សាយ ដោយព្រមទាំងស្នើបង្កើតគណៈកម្មការថ្មីដើម្បីត្រួតពិនិត្យការងារ របស់គណៈកម្មការដំបូង។ លោករេស៊ីដង់ ស៊ុបពេរីយ័រ គិតថា បែបបទនេះមិនមានប្រយោជន៍ ហើយសម្រេចចិត្តរាយការណ៍ដល់ព្រះមហាក្សត្រ ហើយបានស្នើដល់ព្រះមហាក្សត្រ នៅថ្ងៃទី ២១ តុលា នូវយោបល់ផ្ទាល់របស់ទ្រង់ លើកំណែទម្រង់ ដែលខាងសាលាបារាំង បានគាំទ្រ។ ដោយលិខិតចុះថ្ងៃ ២៥ ធ្នូ ១៩២៤ ព្រះបាទស៊ីសុវត្ថិ បានយល់ព្រមផ្តល់ព្រះរាជអនុញ្ញាតដល់អក្ខរាវិរុទ្ធថ្មី និង បញ្ហាទំនងជាត្រូវបានដោះស្រាយចប់សព្វគ្រប់ រីឯការបោះពុម្ពផ្សាយទំនងជាអាចចាប់ផ្ដើមបាន។
ប៉ុន្តែនៅកម្ពុជា អ្វីៗមិនអាចទៅលឿនបែបនេះនោះឡើយ ហើយក៏មិនងាយស្រួលបែបនេះដែរ។ សំណេរដៃពង្រាងវចនានុក្រម ត្រូវបានផ្ញើដល់រោងពុម្ពអាណាព្យាបាល ដោយមានអារម្ភកថា ចុះកាលបរិច្ឆេត កក្កដា ១៩២៥ ប៉ុន្តែបន្ទាប់ពីបានបោះពុម្ពចេញបានតែប៉ុន្មានទំព័រមក ការងារនោះត្រូវបានបឈ្ឈប់។ រោងពុម្ពអស់ក្រដាស។ ក្រុមអ្នកប្រឆាំងនឹងកំណែទម្រង់អក្ខរាវិរុទ្ធ ឆ្លៀតពេលនេះ បង្កឲ្យមានចលនាប្រឆាំងជាថ្មី។
ខ្ញុំសូមមិនរៀបរាប់ពីសង្គ្រាមតូចមួយនេះ ដែលបានកើតឡើងពេញមួយឆ្នាំ ១៩២៦ ព្រោះបើដូច្នេះ ខ្ញុំត្រូវតែនិយាយដល់បុគ្គលមេៗ នៃចលនាទាំងពីរ ដែលអ្នកទាំងនោះខ្ញុំបានរាប់អាន និង គោរពយ៉ាងខ្លាំង ហើយខ្ញុំអាចប្រថុយខ្លួននឹងដាស់ឡើងវិញនូវជម្លោះ ដែលសព្វថ្ងៃនេះបានចុះថមថយរួចហើយនោះ។ ថ្វីបើអក្ខរាវិរុទ្ធថ្មី ត្រូវបានព្រះរាជអនុញ្ញាតដោយព្រះមហាក្សត្រក្ដី ក៏លោករេស៊ីដង់ស៊ុបពេរីយ័រនៅតែយកការងារនោះទៅរាយការណ៍ដល់ក្រុម ប្រឹក្សារដ្ឋមន្ត្រីដែរ។ ថ្ងៃទី ១៩ មេសា ១៩២៦ ក្រុមប្រឹក្សារដ្ឋមន្ត្រីបានចេញក្រឹត្យថ្កោលទោសមួយ ហើយ លោករេស៊ីដង់ស៊ុបពេរីយ័រ បន្ទាប់ពីបានផ្ញើលិខិតទៅកាន់ក្រសួងមន្ទីរផ្សេងៗនូវសារាចរណ៍ហាម ឃាត់ការប្រើប្រាស់អក្ខរាវិរុទ្ធថ្មី បានចេញលិខិតបញ្ឈប់ការបោះពុម្ពវចនានុក្រមនាថ្ងៃ ៦ ឧសភា ឆ្នាំ ១៩២៦។ ក្រុមប្រឆាំងបានសម្រេចគោលបំណងរបស់ខ្លួនដល់ទីបំផុត។ ប៉ុន្តែក្រុមអ្នកធ្វើ សំណាងដែរ ដែលមិនបានបាត់បង់សិទ្ធិទាំងអស់របស់ខ្លួន ហើយព្រះរាជាដ៏ល្អ ព្រះបាទស៊ីសុវត្ថិ បានធ្វើសេចក្ដីសម្រេចចិត្តមួយ នៅក្នុងសំបុត្រឯកជនមួយ ទៅកាន់លោករេស៊ីដង់ស៊ុបពេរីយ័រ ហើយ « ដោយយល់ពីភាពចាំបាច់នៃការកាត់សេចក្ដីលើកំណែទម្រង់ អក្ខរាវិរុទ្ធ ដែលស្នើឡើងដោយគណៈកម្មការវចនានុក្រម ដែលត្រូវបានប្រឆាំងដោយមជ្ឈដ្ឋានខ្លះ » ក៏ចេញរាជក្រឹត្យមួយចុះថ្ងៃទី ១៩ កក្កដា ឆ្នាំ ១៩២៦ មានសេចក្ដីថា
គណៈកម្មការថ្មី បានចំណាយពេលពីរលើក (២៤ សីហា និង ៨ កញ្ញា ១៩២៦) ដើម្បីត្រួតពិនិត្យកំណែទម្រង់អក្ខរាវិរុទ្ធ និង ធ្វើការសន្និដ្ឋានលើប្រធានបទនេះ ដោយបានរក្សាពីគម្រោងដើម នូវការប្រើសញ្ញាផាត់លើ តែចំពោះពាក្យដែលមានប្រភពមកពីបាលី និង សំស្ក្រឹតតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ សភាក្នុងស្រុក បានចេញសេចក្ដីប្រកាសនាថ្ងៃ ៣ កញ្ញា ប្រឆាំងរាល់កំណែទម្រង់អក្ខរាវិរុទ្ធទាំងអស់ ដោយសំឡេង ៣៨ ទល់ ៦។ ក្រុមប្រឹក្សារដ្ឋមន្ត្រីក៏សម្រេចចិត្ត ក្នុងសម័យប្រជុំ ១៤ តុលា ថា គណៈកម្មការត្រួតពិនិត្យវចនានុក្រម នឹងត្រូវប្រជុំជាមួយគណៈកម្មការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សា រដ្ឋមន្ត្រី ក្រោមអធិបតីរបស់ចាងហ្វាងការិយាល័យរេស៊ីដង់ស៊ុបពេរីយ័រ។ គណៈកម្មការចម្រុះនេះ បានប្រមូលផ្ដុំគ្នាពីរថ្ងៃបន្ទាប់មក គឺ ១៦ តុលា ហើយធ្វើការថ្កោលទោសកំណែទម្រង់ ដែលពួកគេរក្សាតែ ការប្រើប្រាស់ដោយមិនបង្ខំនៃសញ្ញាផាត់លើ៖ សេចក្ដីសម្រេចនេះត្រូវបានផ្ដល់សច្ចាប័នក្នុងសម័យប្រជុំ ក្រុមប្រឹក្សារដ្ឋមន្ត្រី នាថ្ងៃ ២៨ តុលា។ ដើម្បីចាប់ផ្ដើមធ្វើការងារត្រួតពិនិត្យឡើងវិញនូវសំណៅដៃ និង ការត្រួតពិនិត្យការបោះពុម្ពវចនានុក្រម ក្រុមប្រឹក្សារដ្ឋមន្ត្រី បានតែងតាំង នាថ្ងៃ ៦ មករា ឆ្នាំ ១៩២៧ ព្រះគ្រូសង្ឃសត្ថា ណាត សាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ និង ឧកញ៉ាសុភាធិរាជ ស៊ូ ទីប្រឹក្សាសាលាឧទ្ធរណ៍ ក្រោមអធិបតីលោកនាយករដ្ឋមន្ត្រី។យើងបានទ្រង់យល់រាជក្រឹត្យលេខ ៦៧ ចុះថ្ងៃទី ៤ កញ្ញា ១៩១៥ ស្ដីពីការតែងតាំងសមាសភាពគណៈកម្មការទទួលបន្ទុកបង្កើតវចនានុក្រម ខ្មែរផ្លូវការ
បានទ្រង់យល់បុព្វកថាតាក់តែងដោយ គណៈកម្មការវចនានុក្រម និងបានស្នើកែប្រែលើចំណុចជាច្រើនលើអក្ខរាវិរុទ្ធប្រើប្រាស់ សព្វថ្ងៃ
បានទ្រង់យល់របាយការណ៍របស់ ក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកនាំដោយលោករេស៊ីដង់ស៊ុបពេរីយ័ររបស់ សាធារណរដ្ឋបារាំងនៅកម្ពុជាក្នុងសម័យប្រជុំពេញអង្គទី៤៩៨ នាថ្ងៃទី ១៩ មេសា ១៩២៦
ដោយទ្រង់យល់ពីភាពចាំបាច់ក្នុង ការកាត់សេចក្ដីលើការកែប្រែអក្ខរាវិរុទ្ធដែលស្នើដោយគណៈកម្មការ វចនានុក្រម ដែលត្រូវបានប្រឆាំងដោយមជ្ឈដ្ឋានខ្លះ
បានទ្រង់យល់កិច្ចព្រមព្រៀងរវាងលោករេស៊ីដង់ស៊ុបពេរីយ័រ និង យើង
យោងតាមសំណើរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី
ត្រាស់បង្គាប់ប្រការ ១ – គណៈកម្មការដែលមានសមាសភាព ៖
១° ឧកញ៉ាចក្រី ប៉ុណ្ណ សេនាធិបតីក្រសួងសិក្សាធិការ ជាប្រធាន
២° ព្រះមហាវិមលធម្ម ថោង ចាងហ្វាងទីមួយសាលាបាលីជាន់ខ្ពស់ សមាជិក
៣° ព្រះអមរាកេរខេត ភួង សង្ឃនាយកធម្មយុត្តិកនិកាយ សមាជិក
៤° ព្រះគ្រូសង្ឃសត្ថា ណាត សាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ សមាជិក
៥° ព្រះសមុមហាបញ្ញា ស៊ីម សង្ឃនាយកមហានិកាយ សមាជិក
៦° ព្រះអង្គម្ចាស់ សុធារស សមាជិក
៧° ព្រះអង្គម្ចាស់ វឌ្ឍឆាយ៉ាវង្ស ប្រធានសាលាក្រុមចោទ សមាជិក
៨° ឧកញ៉ាវិបុល កាន់ ឧបសេនាធបតីក្រសួងក្សេត្រាធិការ សមាជិក
៩° ឧកញ៉ាឧត្តមភាសា អ៊ុម ប្រធានសាលាឧទ្ធរណ៍ សមាជិក
១០° ឧកញ៉ា នឿ ប្រធានសាលាឧទ្ធរណ៍ចូលនិវត្តន៍ សមាជិក
១១° ស្មៀនថ្នាក់ទី៣ មួង ឃួន នៃក្រសួងព្រះបរមរាជវាំង លេខា
ត្រូវបានគាស់អញ្ជើញដើម្បីប្រកាស ទទួលយក ឬ បដិសេធ កំណែទម្រង់អក្ខរាវិរុទ្ធ ស្នើដោយគណៈកម្មការវចនានុក្រម ដែលមានក្នុងបុព្វកថារបស់គណៈកម្មការនេះ។
ប្រការ ២ – គណៈកម្មការនេះ ត្រូវតែផ្ដល់សុពលភាពដល់យោបល់នានាទាក់ទងនឹងប្រធានបទនេះ របស់កុងសីនៃរេស៊ីដង់ក្នុងអំឡុងពេលពិភាក្សាសម្រេចក្នុងវេលាចុង ក្រោយនៃសម័យប្រជុំ។
ប្រការ ៣ – គណៈកម្មការអាចប្រឹក្សាជាមួយគ្រប់ជនទាំងអស់ ដែលគណៈកម្មការគិតថាមានប្រយោជន៍អាចប្រមូលយកទស្សនៈបន្ថែម។
ប្រការ ៤ – កំណត់ហេតុសម័យប្រជុំនីមួយៗត្រូវបញ្ជូន មុនបើកសម័យប្រជុំបន្ទាប់មកទៀត ទៅកាន់គ្រប់សមាជិកទាំងអស់នៃគណៈកម្មការ ដែលត្រូវចុះហត្ថលេខា បន្ទាប់ពីបានផ្ដល់សេចក្ដីយល់ព្រម បើសិនជាមាន លើកំណែ និងសេចក្ដីបន្ថែម បើគិតថាមានប្រយោជន៍។
ប្រការ ៥ – កំណត់ហេតុនេះ ភ្ជាប់មកជាមួយនូវរបាយការណ៍សង្ខេបនៃសំណើរបស់គណៈកម្មការ នឹងត្រូវដាក់ជូនទៅក្រុមប្រឹក្សារដ្ឋមន្ត្រីដែលនឹងបញ្ជូនមកយើងនូវ សេចក្ដីយល់ឃើញរបស់ពួកគេ។
ធ្វើនៅព្រះបរមរាជវាំងក្រុងភ្នំពេញ នៅថ្ងៃទី១៩ កក្កដា ១៩២៦។
ស៊ីសុវត្ថិបានឃើញនិងដាក់ឲ្យអនុវត្ត
ដោយសារាចរណ៍លេខ ១៧៩៤ ចុះថ្ងៃទី ២៣ កក្កដា ១៩២៦
រេស៊ីដង់ស៊ុបពេរីយ័រ
បូដ្វាំង
នាខែមករា ១៩២៧ លោករេស៊ីដង់ស៊ុបពេរីយ័រថ្មី LE FOL បានមកដល់ គាត់បានផ្ដល់ជាថ្មីដល់អ្នកកំណែទម្រង់ នូវក្ដីសង្ឃឹម ដែលត្រូវបានរលត់ក្នុងពេលដ៏ខ្លីបន្ទាប់មក។ ក្នុងសម័យប្រជុំ ១៧ មិថុនា ១៩២៧ ក្រុមប្រឹក្សារដ្ឋមន្ត្រី បានប្រកាសសម្រេចលើសេចក្ដីសម្រេចចិត្តលើកមុន ហើយបន្តិចក្រោយមកបានបញ្ជូនស្នើសុំព្រះហស្តលេខាពីព្រះបាទ ស៊ីសុវត្តិ មុនីវង្ស នូវរាជក្រឹត្យពីរ។ រាជក្រឹត្យទីមួយ ២៩ វិច្ឆិកា ១៩២៧ « ផ្ដល់សុពលភាពទាំងស្រុងដល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា រដ្ឋមន្ត្រី ចុះថ្ងៃ ២៨ តុលា ឆ្នាំ ១៩២៦, ៦ មករា និង ១៧ មិថុនា ឆ្នាំ ១៩២៧ និង ផ្ដល់សុពលភាពទាំងស្រុងដល់សំណើរបស់គណៈកម្មការត្រួតពិនិត្យ វចនានុក្រមខ្មែរ ដែលមានចែងក្នុងរបាយការណ៍ ភ្ជាប់មកជាមួយនេះ របស់អង្គប្រជុំនា ថ្ងៃ ១៦ តុលា ១៩២៦ ទាក់ទងនឹងអក្ខរាវិរុទ្ធខ្មែរ » និង ដោយបញ្ជាក់ថា « អក្ខរាវិរុទ្ធដែលត្រូវបានអនុម័តនេះ ត្រូវតែជាអក្ខរាវិរុទ្ធតែមួយ ដែលប្រើប្រាស់ក្នុងលិខិតផ្លូវការ ក្នុងការបង្រៀននៅសាលានានានៃរាជាណាចក្រ និង សម្រាប់ការប្រលង ប្រជែងនានា »។
រាជក្រឹត្យទីពីរ ចេញថ្ងៃបន្ទាប់ ៣០ វិច្ឆិកា បានតែងតាំង ព្រះគ្រូសង្ឃសត្ថា ណាត និង ឧកញ៉ាសុភាធិរាជ ស៊ូ ជាអ្នកត្រួតពិនិត្យកែតម្រូវសំណៅវចនានុក្រម។
ក្នុងអំឡុងពេល៣ឆ្នាំបន្ទាប់មក ការងារមិនមែនជាកំណែសំណៅវចនានុក្រម តែជាការត្រួតពិនិត្យឡើងវិញលើសំណៅដៃ ត្រូវបានបន្តជាធម្មតានៅរាជបណ្ណាល័យ ក្រោមការត្រួតពិនិត្យរបស់អ្នកអភិរក្សដ៏មានភក្ដីភាព កញ្ញា Suzanne KARPELÈS បន្ទាប់មកលោក DESJARDINS ។ ក្នុងដំណើររបស់ខ្ញុំទៅភ្នំពេញ នាខែ សីហា ១៩៣១ ខ្ញុំបានឃើញថា សំណៅដៃត្រូវបានបញ្ចប់សព្វគ្រប់ រួចរាល់នឹងយកទៅបោះពុម្ព និង មិនចាំបាច់យកទៅបញ្ចុះបញ្ចូលលោក រេស៊ីដង់ស៊ុបពេរីយ័រ LAVIT នោះទេដោយសារហេតុផលថា គេមិនត្រូវធ្វើឲ្យយឺតយូរបន្តទៀតទេក្នុងការបោះពុម្ពដែលគេទន្ទឹង រង់ចាំជាយូរមកហើយនោះ។
នេះហើយជាដើមកំណើត និង នេះហើយជាដំណើរប្រែប្រួលនៃស្នាដៃមួយ ដែលគេត្រូវការពេលអស់មួយភាគបួនសតវត្សរ៍ ដើម្បីសម្រេចឲ្យលេចចេញជារូបរាងឡើង។
ដោយសារស្នាដៃនេះ ការសិក្សាភាសាខ្មែរទទួលបានឧបករណ៍ការងារថ្មីមួយ ដែលបើវាមិនឥតខ្ចោះ ក៏អាចចាត់ទុកជាកំណត់សម្គាល់មួយក្នុងកាលបរិច្ឆេតនៃប្រវត្តិសាស្ត្រ ទស្សនវិជ្ជាឥណ្ឌូចិនដែរ។ វចនានុក្រមនេះត្រូវតែធ្វើឲ្យពេញលេញ ឡើងដោយការស្រាវជ្រាវ ផ្នែកអក្សរសាស្ត្រ និង ធ្វើឲ្យសំបូរបែបដោយពាក្យពេចន៍នានា ដកស្រង់ចេញពីស្នាដៃអក្សរសិល្បបុរាណ ៖ នេះនឹងត្រូវជាភារកិច្ចរបស់មនុស្សជំនាន់ថ្មី បង្កើតឡើងក្រោមការដឹកនាំរបស់គ្រូនៅសាលាបាលីជាន់ខ្ពស់។
ប៉ុន្តែជាបឋម វចនានុក្រមខ្មែរផ្លូវការ ជាស្នាដៃមួយដែលជារបស់ជាតិពិតប្រាកដ ទាំងក្នុងការបង្កើតវចនានុក្រមនេះ ក៏ដូចជាលទ្ធផលរបស់វា ដែលយើងបានទន្ទឹងរង់ចាំ។ វចនានុក្រមត្រូវបានចងក្រងនិងតាក់តែងឡើងទាំងស្រុងដោយអ្នក ប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលភាគច្រើនមិនដែលទាំងស្គាល់វិទ្យាសាស្ត្រលោកខាងលិចផង និង មិនចេះពាក្យបារាំងសូម្បីតែមួយពាក្យ។ សាលាបារាំងចុងបូព៌ា មានសេចក្ដីរីករាយនឹងបញ្ចេញគំនិត និង តាមដានយ៉ាងយកចិត្តទុកដាក់ ដំណើរការតាំងពីពេលចាប់ផ្ដើម ដោយមិនបានដាក់កំហិតទស្សនៈរបស់ខ្លួន រហូតដល់ចុងក្រោយ ដែលរាជបណ្ណាល័យទទួលយកភារកិច្ចត្រួតត្រាលើការត្រូតពិនិត្យនិង ចម្លង៕ ដកស្រង់ពីhttp://www.dahlina.com/
No comments:
Post a Comment