កញ្ញានឹកដល់សង្ខារឪពុក ដែលចេញពីរូបទៅពុំដឹងជាទៅណាហើយទេ។ តាមពាក្យចាស់គេថា មនុស្សស្លាប់ ព្រលឹងមិនទាន់ដឹងខ្លួនទេ ព្រលឹងនេះនៅវិលវល់ជិតៗនោះ ពេលយប់ដេកលើចុងឈើ ពេលថ្ងៃដើរលើលោកយើងនេះ។ តែដល់ផុតមួយអាទិត្យទៅ ព្រលឹងនេះទៅសោយសុខនៅឋានសួគ៌ រឺ ទៅសោយទុក្ខនាឋាននារក រឺ ទៅកើតទៀតនៅភពឋានកណ្ដាលយើងនេះ។ស្រីឆោមអាណិតឪពុកនាងយ៉ាងគ្រលួចក្នុងដួងចិត្ដ។ នាងចោទសួរទៅទៀតថា រឺមួយមនុស្សស្លាប់ទៅសូន្យសោះតែម្ដង។ បើពុំសូន្យទេគួរតែយកវត្ថុនេះ នោះមានអង្ករ ឆ្នាំង ទ្រព្យសម្បត្ដិ បុណ្យសក្ដិទៅជាមួយផងបាន។ នេះគ្មានយកអ្វីទៅបានសោះ វត្ថុដែលប្លុងនៅជ្រងោនឹងមុខនាង។ ប្រសិនបើមានព្រំដែន ពីសេចក្ដីរស់ទល់នឹងសេចក្ដីស្លាប់ ហើយបើមានគេអាចលាគ្នាបាន ម៉្លេះនាងសំពះលាឪពុកនាងរួចប្រុងប្រៀបរៀបចំបាយទឹក ស្បៀងអាហារ ចានក្បាន ខោអាវ ខ្នើយ មុងជូនលោកឪពុកនាងមិនខាន។ ឱ! ក្នុងពេលនេះហើយ ទើបនាងនឹករលឹកដល់ធម៌ព្រះពុទ្ធបរមគ្រូដែលអធិប្បាយហាក់ដូចលេងសោះថា ស្លាប់គឺធ្វើដំនើរចេញពីផ្ទះទៅដោយឥតប្រាប់អ្នកណា ដោយឥតយកអ្វី ដោយឥតគេមើលឃើញ ស្លាប់គឺចែកឋានគ្នាជាពីរស្រលះ។ ស្រីស្រស់ភ្ញាក់ស្មារតីទៀតថា ព្រោះហេតុនេះហើយបានជាឪពុកនាងពុំស្រលាញ់ទ្រព្យ រឺ បុណ្យសក្ដិ រឺ ប្រាក់កាសដូចគេ រួចបែរជាស្រលាញ់កេរ្តិ៍ឈ្មោះល្អវិញ។ ឱ ! មានតែកេរ្តិ៍ឈ្មោះល្អនេះទេ ដែលគង់វង្សនិត្យនៅជានិច្ចលើលោកនេះ។ វត្ថុនានាសឹងជាវត្ថុអនត្ដាដែលវិនាសអន្ដរាយទៅវិញទាំងអស់។ អ្នកព្យាយាមប្រមូលធន ឪពុកនាងប្រមូលកិត្ដិនាម។ អ្នកផងឱបក្រសោបទ្រព្យធ្វើជាដើមទុន ឪពុកនាងទុកឈ្មោះដើមទុន។ កញ្ញាទេវីយល់ថា ឪពុកនាងមានចិត្ដខ្ពស់ពិតមែន ត្បិតលោកស្គាល់តម្លៃពិតរបស់ជីវិតមនុស្ស ហើយបានដើរផ្លូវត្រូវផង។ អាស្រ័យហេតុនេះ កំលាំងមួយហាក់មកសណ្ឋិតក្នុងខ្លួននាង ធ្វើឲ្យឆវីកម្សត់រីកកាយរួចជឿថា ឪពុកនាងមុខជាទៅកើតនៅឋានសួគ៌បានសប្បាយមិនខាន ពីព្រោះក្នុងលោកយើងនេះ ក្នុងសង្គមខ្មែរយើងនេះ ចំពោះជនជាតិខ្មែរយើង ឪពុកនាងបានបូជាពលិកម្មគ្រប់យ៉ាងស្រេចអស់ហើយ។
ទឹកភ្នែករីករាយពីរដំនក់ហូរធ្លាក់ពីភ្នែកនាង។ នៅវេលាថ្ងៃបែរបន្ដិច ក្ដារមឈូសរបស់លោកវិសេសក្លាហានដើរព័ទ្ធជុំវិញប៉ាឆាចំនួនបីជុំ ដូចតែក្ដារមឈូសមនុស្សឯទៀត រួចឡើងយឺតៗ ទៅទំនៅលើគំនរឧស។ អគ្គីឆាបឆេះឡើងចោលអណ្ដាតធ្លោកាន់តែខ្លាំងឡើង។ ភ្លើងឆេះឧសទេ តែដូចឆេះបន្ដូលចិត្ដទេវី។ ធីតាគយគន់មើលសព្វគ្រប់ទាំងអស់ តាំងពីកម្ទេចភ្លើងដែលហុយឡើងទៅលើអាកាស ដោយពុំលែងភ្នែកចោលឡើយ។ យុវតីចង់ផុតយំហើយ នាងរង់ចាំស្វាមីសម្លាញ់របស់នាង តែពុំទាន់ឃើញមកសោះ។ភ្លើងឆេះកាន់តែខ្លាំងឡើង នាងទេវីឆួលរអាក់រអួលកាន់តែខ្លាំងឡើងដែរ។ កល្យាណអាណិតឪពុកនាង ដែលឥលូវដូចគល់ឧសមួយដែរ។ ស្រីជូនលោកមកបានតែត្រឹមប៉ាឆានេះទេ។ ចាប់ពីពេលនេះទៅ នាងអស់បានឃើញមុខលោកទៀតហើយ។ ទឹកភ្នែកដែលខះក៏ស្ទុះបម្រាសបានពីរបីតំណក់ទៀតចេញមកក្រៅជាចុងក្រោយបង្អស់។ នារីហាក់ឃើញព្រលឹងឪពុកនាង ឡើងពីមឈូសទៅតាមផ្សែងភ្លើង។ រួចមានពួកមច្ចុរាជមាឌធំៗ មាំៗ មកនាំឪពុកនាងទៅ។ អគ្គីឆេះរូបវិសេសក្លាហានដែលមានសាច់របេះ ឆេះឮសូរគួរឲ្យព្រឺក្បាល។នាងទន្ទេញក្នុងចិត្ដថា ឪពុកនាងកើតឡើងជាខ្មែរ បានធ្វើការជូនជាតិខ្មែរ បានរស់ក្រលំបាកដូចខ្មែរអែទៀត រួចបានស្លាប់ទៅវិញជាខ្មែរជាខ្មែរស្នេហាជាតិទៀតយ៉ាងពិតប្រាកដ។ អនុស្សាវរីយ៍និមួយៗ រឿងនីមួយៗ ដែលផុសឡើងក្នុងមនោគតិរបស់នាងទេវីសុទ្ធសឹងជាវត្ថុដ៏ថ្លៃថ្លូរដែលមកទង្គិច និងចំណុចខ្សោយនៃចិត្ដរបស់នាង។ភ្លើងឆេះ នាងមើលភ្លើង នាងស្គាល់សូរសាច់ដែលផ្ទុះ នាងរកាំណាស់ តែអនុស្សាវរីយ៍នៃជីវិតឪពុកនាងចេះតែមានមកហូរហែបន្ដៗគ្នា។ រឿងនីមួយៗ ដែលនាងនឹកឃើញសុទ្ធសឹងជារឿងដែលទាញទឹកចិត្ដឲ្យទោរទន់ល្វីងចត់ប៉ុណ្ណោះ។ ឱ ! ជីវិតមនុស្សគិតទៅអស្ចារ្យមែន កើតមកមានប្រុសស្រី ក្មេង ចាស់ មានស្លាប់ មានកើត មានឈឺ មានជរា។ រីឯសន្ដានចិត្ដវិញក៏ប្លែកដែរ។ ចិត្ដកូនចំពោះឪពុកម្ដាយមានជំរៅមួយបែបទៅ។ ចិត្ដប្ដីចំពោះប្រពន្ធមានទម្ងន់មួយបែបទៅ។ចិត្ដគូសង្សារស្រលាញ់គ្នាមានអាថ៌កំបាំងដែលជាក់ជានិច្ច។ ឯចិត្ដទាំងអស់នេះប្រទាក់ប្រទងគ្នាយ៉ាងក្រៃអនេក។
នៅលើចំណងដែលជំពាក់គ្នាស្មុកស្មាញនេះមានទង់ពីរ គឺទង់ទុក្ខ និងទង់សុខ។ ទង់ទាំងពីរនេះរលុបរលាយនៅពេលតែមួយដូចៗគ្នាក្នុងគ្រប់រូបមនុស្ស រឺសត្វ គឺសេចក្ដីស្លាប់។ អាស្រ័យហេតុនេះអ្នកប្រាជ្ញទាំងឡាយដែលចំណានខាងវិជ្ជាគ្រប់គ្រងមនុស្សតើលទ្ធិណា មានជំរៅជាងគេដែលអាចដោះស្រាយបញ្ហាជីវិតមនុស្សឲ្យបានស្ដាល់តែសុខមួយមាត់?។ តាមយើងដឹង សព្វថ្ងៃមានលទ្ធិពីរដែលមានទ្រិស្ដីចោទបញ្ហានេះចំពីមុខគឺលទ្ធិមនុស្សដែល មនុស្សធ្វើ និង លទ្ធិព្រះដែលព្រះតែង។ លទ្ធិមនុស្សរកសុខឲ្យមនុស្សដោយប្រឹងប្រែងដោះស្រាយចំណោទសេដ្ឋកិច្ច ប្រើវិទ្យាសាស្រ្ដបង្កើតផលឲ្យបានបរិបូណ៌ រួចធ្វើវិភាគកម្មចែកផលនោះឲ្យមនុស្សគ្រប់ៗគ្នា មានស៊ី មានផ្ទះនៅ មានសម្លៀកបំពាក់មានថ្នាំពេទ្យ មានសំភារៈប្រើប្រាស់គ្រប់យ៉ាង។ លទ្ធិនេះនឹកស្មានថា ធ្វើបានប៉ុណ្ណោះ មនុស្សបានសុខផុតអស់ទុក្ខហើយ។ សួរថា តើអស់ត្រឹមប៉ុណ្ណោះ រឺអ្វី រឿងមនុស្សនោះ? ឱ ! ទេមិនទាន់អស់ទេ លទ្ធិព្រះគិតដូចខាងលើនេះដែរ តែដល់ពេលនោះ ព្រះបន្ដទៀតថា មនុស្សរកសុខមួយទៀត គឺសុខគ្មានទុក្ខពិតៗ មែនៗសុខនេះគឺព្រះនិព្វាន។ ហេតុនេះ មានតែលទ្ធិព្រះទេ ទើបចប់ចុងចប់ដើម គឺឋានព្រះនិព្វានជាឋានគ្មានរូបគ្មានខន្ធ គ្មានតណ្ហា ជាស្ថានសន្ដិភាពពិតៗ។ គឺឋានអស់កើត អស់ស្លាប់ អស់ទុក្ខ មានសុខតែមួយជាទីអវសាន។ ទស្សនៈដូចមានខាងលើនេះជាទស្សនៈដែលកើតក្នុងមនោគតិនាងទេវី ព្រោះសមុទ្រទុក្ខធ្វើឲ្យមនុស្សចេះគិត។
លុះល្ងាចជ្រេព្រះសុរិយា នាងទេវីរើសឆ្អឹងខ្មោចឪពុកជាទីស្នេហាមកទុកដាក់អែទីវត្ដអារាមតាមសមគួរ។ នៅផ្ទះនាងភួងជួយលក់ដូររកប្រាក់ចញ្ចឹមនាង។ ចំនែកមានន្ទប្ដីនាង បាត់សូន្យមិនឃើញសោះ៕
No comments:
Post a Comment