ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។
អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។ លុះអ្នកជិះសេះនេះទៅដល់បន្ទាយហើយ ក៏លោតចុះពីលើខ្នងសេះដោយរួសរាន់បន្ទាន់ចិត្ដ។ សេនាម្នាក់ក៏ស្ទុះមកគោរពជាលើកទីពីរ។ មនន្ទស្គាល់ក្នុងទីងងឹតថាជាសេនារបស់ខ្លួន ក៏មានវាចាខ្សឹបៗថា៖
- បងកោប បងឯងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?
- បាទទេ ! អត់មានរឿងអ្វីទេ ! តែមុននេះបន្ដិចមានឃើញទាហានម្នាក់ជិះសេះមកដល់ទីនេះ រួចចូលទៅក្នុងបន្ទប់ឪពុករបស់លោកគ្រូ ។ ខ្ញុំឃើញសេះ និង អ្នកជិះនោះបែកញើសដាបខ្លួន។ ប្រហែលជាមានការអ្វីប្លែកមកពីក្រៅហើយមើលទៅ។
- ឪពុកខ្ញុំនៅទេ ?
- នៅហ្នឹង!
- ចុះបងកោប ឯងមានឮសូរមាត់គាត់និយាយអ្វីទេ ?
- ទេ ! អត់ទេ !
- តាំងពីល្ងាចមក គាត់សម្រាន្តហើយ រឺ នៅ?
- នៅ ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?
- ការផ្ទាល់ខ្លួន !
- ការអ្វី ?
- ចាំថ្ងៃក្រោយខ្ញុំនិយាយប្រាប់។ ឥឡូវយកសេះខ្ញុំទៅទុកចុះ។ នាយកោបមិនអស់ចិត្ដ ចាប់បង្ហៀរសេះបណ្ដើរ សួរបណ្ដើរទៀតថា៖
- ការធំ រឺ ការតូច ? ការចិត្ដ រឺ ការនគរ ? ការសប្បាយ រឺ ការច្បាំង ?
- ការចិត្ដ តែឥឡូវនេះខ្ញុំប្រញាប់ណាស់ ប្រញាប់ទៅជួប នឹង ឪពុករបស់ខ្ញុំ។
- បានជាខ្ញុំចង់ដឹង ពីព្រោះខ្ញុំចេះតែញាក់ភ្នែកឆ្វេងព្រើតៗ…!
- ឆ្គួត !
- បើមានរឿងអ្វី សូមលោកគ្រូអាណិតប្រាប់ខ្ញុំឲ្យឆាប់ផងណ៎ា !..
- យល់ព្រម
ព្រះកម្ពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សម្លេងយ៉ាងធ្ងន់ៗថា
- ឯងទើបមកពីណា ?
- លោកឪពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?
- អញមិនមែនឪពុកឯងទេ ?
- បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?
- អញហៅឯងមកសួរឯង មិនមែនហៅឯងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរឯងថា តើឯងទៅណាបាត់តាំងពីល្ងាចម្លេះ ?
- ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកឪពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទាហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជម្រាបលោកឪពុកបាន តែអំពីកិច្ចការខាងទាហានប៉ុណ្ណោះ ដោយសូមទោសលោកឪពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។
- ឯងបំពេញការផ្ទាល់ខ្លួនរបស់ឯងស្រេចហើយរឺនៅ?
- ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកឪពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុកចោលមួយកន្លែងបាន។ ឯការដែលធំហើយសំខាន់នោះ គឺការនគរ។
- កូនឯងអាចមើលសំបុត្រនេះឥឡូវ។
- លោកឪពុកឲ្យខ្ញុំទៅច្បាំងឥឡូវ ?
- មិនមែនឪពុកឲ្យកូនទៅទេ គឺនគរ។
- ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?
- ឯងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ!
- ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ … !
- គ្មានពីព្រោះទេ ។ តោងឯងដឹងឲ្យច្បាស់ថា សព្វថ្ងៃឪពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ ឪពុកមិនចង់ឲ្យកូនលំបាកវេទនាសោះ។ ឪពុកចង់ឲ្យតែកូនបានសប្បាយរាល់ពេលវេលា។ កូនឯងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើឲ្យឪពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំនួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានាខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ ឥឡូវព្រះរាជាព្រះចៅយើងបានបញ្ជាមកឲ្យកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។ ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ ឪពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ ឪពុកឃើញមានតែឯងមួយទេ ដែលអាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។
- មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏ឯងមានទឹកមុខស្ងួតម៉្លេះ ? ឯងមិនចង់ទៅទេឬអ្វី ? តោងប្រាប់មកឲ្យឆាប់។ អញទុកចិត្ដលើឯង… ។
- ខ្ញុំមានប្រកែកអ្វី ។ ដូចលោកឪពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចម្បាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែលខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។
- បើដូច្នោះទៅចុះ ។ ទៅឲ្យសុខសប្បាយ។
- សូមលោកពុកនៅឲ្យបានសុខសប្បាយ។
មាណពនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅឲ្យនាងបានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើលអ្នកឯទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នាងផងពុំឃើញសោះ។ បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា៖
- ឯងទៅហៅកាមាប្អូនអញឲ្យមកជួបនឹងអញមួយភ្លែត។
- បាទ
- កាមា ប្អូនឯងជាប្អូនរបស់បងមែនរឺទេ ?
- បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។
- ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរសៃបងទេ?
- បាទដូចគ្នា។
- ប្អូនស្រលាញ់បងទេ ?
- មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?
- បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយឲ្យប្អូនជួយបីបាច់រក្សាឲ្យបងផងបានទេ។
- មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនឲ្យខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។
- ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹងសាច់ ស្រលាញ់ស្មើជីវិត។
- វត្ថុនេះជាអ្វីបង នៅឯណា?
- ឥឡូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនឯងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទម្រាំបងវិលត្រលប់មកពីច្បាំងវិញ បងនឹងយកវិញ។
- មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះឯង។
- វត្ថុនោះគឺមនុស្ស។
- អី គឺមនុស្ស ?
- អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !
- យីមនុស្សស្រីនោះនៅឯណា?
- នៅជិតៗនេះឯង ។ បងសូមប្រាប់រឿងប្អូនឲ្យអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ!
- នែ ! ការនឹងអ្នកណា ?
- ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។
- យី ! អីបងការហើយ ?
- កុំឲ្យប្អូនឆ្ងល់ឲ្យសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ ឥឡូវបងសែនជាមួយនាងរួចជាស្រេច។
- តែអភ័ព្វណាស់ គ្រាន់តែសែនរួច ឪពុកនាងក៏ស្លាប់ទៅ … ។
- អី វិសេសក្លាហានស្លាប់ហើយ ?
- ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់ឯង ហើយម្យ៉ាងទៀតនាងមានទម្ងន់ផង។
- អូ ! អីនាងមានទម្ងន់ផង ?
- ពីរខែហើយ ។ កាមាប្អូន។
- បាទ!
- ការដែលប្អូនត្រូវធ្វើ គឺ៖
- ជួយទុកដាក់ឪពុកក្មេកបងឲ្យស្រួលបួល
- ជួយការពារនាងទេវី កុំឲ្យសត្រូវមើលងាយ
- ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបណ្ដាំទាំងបីយ៉ាងនេះបានទេ?
- បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បណ្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយឲ្យសោះ ប្អូនអាចជួយបងបាន។
- ប្អូនហ៊ានស្បថឲ្យបងទេ ?
- ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបណ្ដាំបងទេ សូមឲ្យអារក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំឲ្យរលាយដូចអំបិលត្រូវទឹក និងដូចក្រមួនត្រូវថ្ងៃ។
- កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុត ព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុងកិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។
No comments:
Post a Comment