ច្បាប់ប្រុស (កំណាព្យ)

| រៀនបទរៀនបាទចាស | កុំច្រលាសលើរៀមច្បង |
| ស្រដីនឹងអ្នកផង | ពាក្យឲ្យគួរកុំឯងវ៉ី។ |
| អឺអើអញដាច់សាច់ | ឆ្គងពាក្យពេចន៍គេស្រដី |
| ដើមដៀលឲ្យអប្រិយ | ស្រដីថាកូនអត់ពូជ។ |
| ចាស់ទុំមិនប្រដៅ | ជេរកូនចៅទើបវាខូច |
| គេថាកូនឥតពូជ | មិនដឹងច្បាប់នឹងចាស់ទុំ។ |
| គេដៀលដល់ម៉ែឪ | កេរ្តិ៍អាស្រូវស្អុយរហ៊ុម |
| គេស្តីដើមជៀវជុំ | ដំនៀលនោះដល់មកចាស់។ |
| កុំកាចកុំស្លូតពេក | កុំចំអៀករៀនរហ័ស |
| កុំខ្លាចកុំហ៊ានណាស់ | ឲ្យរំពឹងរំពៃគ្រប់។ |
| ទោះដេកឲ្យរហ័ស | ភ្ញាក់មុនចាស់ដោះឡើងលុប |
| មុខមាត់មើលឲ្យគ្រប់ | ទ្រព្យរបស់សឹមដេកវិញ។ |
| មាសប្រាក់ស្រូវអង្ករ | ទុកឲ្យល្អកុំសប្បុរស |
| សំចៃកុំឲ្យអស់ | មើលថែថួនខ្លួនឯងណា។ |
| សូវស្តួចកុំឲ្យដាច់ | បើវាតិចឲ្យឧស្សាហ៍ |
| រិះរកផ្សំទៀតណា | ឲ្យបានច្រើនក្រវើនទុក។ |
| នឹងចាយឲ្យគិតក្រោយ | ទោះនឹងឲ្យៗមើលមុខ |
| កុំឲ្យស៊ុកគ្រលុក | ទោះនឹងទុកឲ្យចំណាំ។ |
| រដូវធ្វើចំការ | ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ |
| ស្លឹកគ្រៃខ្ញីត្រប់ត្រុំ | ត្រាវត្រសក់ត្រប់បន្លៃ។ |
| កុំខ្ជិលកុំច្រអូស | ទៅរងួសរត់សុំគេ |
| គេមិនឲ្យឯងទេ | តែគឺមោះព្រោះខ្ជិលដាំ។ |
| ប្រយ័ត្នប្រយោជន៍យូរ | ទោះលក់ដូរមើលថែថួន |
| ទោះទ្រព្យរបស់ខ្លួន | ឲ្យសួរកូនសួរប្រពន្ធ។ |
| កុំអាងឯងជាប្រុស | ចាយរបស់មិនគិតគន់ |
| មិនដឹងដល់ប្រពន្ធ | ព្រមព្រៀងគ្នាឥតបើថា។ |
| ទោះបីបើបងប្អូន | រកពឹងខ្លួនទៅទីណា |
| ទោះទៅលេងឥតការ | ឥតគេរកដើរឆ្ងាយជិត។ |
| ឲ្យប្រាប់អ្នកនៅផ្ទះ | កុំរលះឥតគំនិត |
| គេភ័យព្រួយចិត្តគិត | ព្រោះមិនដឹងជាទៅណា។ |
| បើសិនជាមានភ័ព្វ | ប្រសើរគាប់នោះឥតថា |
| ប្រសិនពានពស់ខ្លា | ខ្យល់ចុកចាប់ឥតបើសម។ |
| កូនអើយបាកុំធ្លោយ | កុំធ្លាប់ឲ្យអាប់កិត្តិយស |
| ធម្មតាកើតជាប្រុស | ឲ្យរករៀនច្បាប់មាត្រា។ |
| លោកថាហៅឆ្កួតបី | មួយឆ្កួតស្រីមួយឆ្កួតស្រា |
| មួយឆ្កួតល្បែងពាលា | លេងបៀប៉ោធួកំតាត់។ |
| ទាក់មាន់ទាក់ទទា | ជល់ភ្នាល់គ្នាបរបាញ់សត្វ |
| អន្ទាក់ដាក់បង្កាត់ | ល្បែងអស់នោះមិនកំណើត។ |
| ធម្មតាប៉ោ និងបៀ | មិនដែលខ្មែរណានឹងកើត |
| មិនឮមានកំណើត | មានតែលិចលង់ខ្លួនទេ។ |
| ជួនកាលគេចាញ់ឯង | រៀងរាល់ល្បែងតែងនឹងរេ |
| មានកាលឯងចាញ់គេ | កុំទុកចិត្តថាឯងប៉ិន។ |
No comments:
Post a Comment