ពលរដ្ឋធម៌
ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទ នៃប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែភទ្របទ ឆ្នាំជូតសំរឹទ្ធិស័ក ព.ស. ២៤៩១ (២៦ – ៩ – ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូមគោរពចំពោះព្រះរត្នត្រ័យដោយ សង្ខេប ។ លំដាប់តពីនេះ សូមសំដែងធម្មទេសនាចែកជូនដល់អស់លោកអ្នកតាមសមគួរដល់កាល ។ ក្នុងឱកាសនេះ នឹងសំដែងអំពីពលរដ្ឋធម៌ ឬហៅថា វុឌ្ឍទេសពលធម៌ ប្រែថា ធម៌ជាកំឡាំងដល់រដ្ឋ ឬធម៌ញ៉ាំងសេចក្ដីចំរើនដល់ប្រទេសមាន ៣ ប្រការ។ ធម៌នេះបើកើតមានក្នុងប្រទេស និគមជនបទរដ្ឋដែនណា ប្រទេសនិគម ជនបទ ដែននោះ នឹងទៅជាប្រទេសថ្លៃថ្នូរ វិសេសវិសាលជាអារ្យប្រទេស យ៉ាងឆាប់ៗ ពុំខានឡើយ ។ តែលុះត្រាតែប្រកបគ្រប់អង្គទាំង ៣ ទើបបានសម្រេចយ៉ាងនោះមែន ។
ធម៌ ៣ ប្រការនោះគឺ មុនិសម្បទា ប្រទេសនិគមឯណាបរិបូណ៌ពេញលេញដោយអ្នកប្រាជ្ញ អ្នកចេះដឹងមិនខុសមុខវិជ្ជា ទោះបីវិជ្ជាណាក៏មានអ្នកចេះដឹងសព្វគ្រប់ ។ ចុះបុគ្គលអ្នកចេះដឹងនេះកើតពីណាមក ? ឆ្លើយថា ពលរដ្ឋគឺរាស្ត្រ ឲ្យបុត្រប្រុសស្រីរៀនសូត្រគ្រប់គ្នា មិនមានរួញរា មិនមានគិតចង់បាន កំឡាំងបួនប្រើប្រាស់ ឲ្យមើលថែរក្សាគោក្របី សេះដំរី ឬឲ្យភ្ជួររាស់ឡើយ ម្យ៉ាងទៀតដែលជាហេតុនាំបានសុខនឹងចំរើនដល់ត្រកូលនឹងប្រទេសជាតិ មាតុភូមិ ក៏ត្រូវស្វះស្វែងឲ្យបុត្ររៀន ។ ខ្មែរយើងឲ្យកូនរៀនច្រើនសំឡឹងប្រយោជន៍ពីវិជ្ជាណាស់ គឺវិជ្ជាណារៀនទៅហើយកាន់ក្រសួងមិនមានប្រាក់បំណាច់ចូលក្រៅ មិនព្រមឲ្យរៀនទេ ដូចវិជ្ជាទូរលេខ ទូរស័ព្ទ តិកនិក អាំងស៊ីញ័រ ជាងឈើ ជាងកំបោរ ជាងខ្សែភ្លើង វិជ្ជាអស់នេះខ្មែរស្ទើរគ្មានសោះ សព្វថ្ងៃបើរាជការសហរដ្ឋឲ្យក្រសួងទាំងអស់នេះមក ខ្មែរយើងស្ទើរតែឱបដៃឬមើលហើយ ព្រោះខ្មែរមិនមានចេះ ហេតុមិនចេះ ព្រោះមិនរៀន ហេតុអ្វីមិនរៀន ? ព្រោះរៀនទៅកាន់ក្រសួងមិនមានកម្រៃចូលក្រៅ ។ មានខ្មែរខ្លះទៀត បើកូនរបស់ខ្លួនឃើញកូនគេទៅរៀន វាចង់ទៅរៀនដែរ បែរជានិយាយប្រាប់កូនថា អាអើយ ! ឯងមើលអញមិនចេះកខមួយផង មានគោក្របីពេញក្រោល អញចិញ្ចឹមទាំងអាឯងមួយសំបុករស់បាន ឯងចាំទៅរៀនអី មើលតែគោក្របីប្រសើរជាង ។ នែ ! មនុស្សបែបនេះចំជាដេកផ្កាប់មុខ ដេកមិនងើប ងើបមិនបើកភ្នែក បើកភ្នែកមិនមើលប្រទេសគេជិតខាង ។ ប្រទេសណាបើមានមនុស្សបែបនេះ ស្ទើរតែឯករាជ្យពុំកើត បើនៅក្នុងប្រទេសណា នាំឲ្យធ្ងន់ផែនដីប្រទេសនោះ ព្រោះមនុស្សនោះយកខ្ជិលជាទីអាង សមដូចសុភាសិតថាៈ
អលសស្ស កុតោ សិប្បំ អសិប្បស្ស កុតោ ធនំអធនស្ស កុតោ មិត្តំ អមិត្តស្ស កុតោ សុខំ
អសុខស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សិវំ
ប្រែថា មនុស្សខ្ជិលមិនមានវិជ្ជា បើមិនមានវិជ្ជាមិនមានទ្រព្យ បើមិនមានទ្រព្យមិនមានមិត្រ បើមិនមានមិត្រមិនមានសេចក្ដីសុខ បើគ្មានសុខមិនមានព្រះនិព្វាន ប្រែសេចក្ដីថា ម៉េចមិនទៅព្រះនិព្វានទាំងអស់គ្នាទៅ ថាព្រោះមិនមានបុណ្យ ហេតុអ្វីមិនមានបុណ្យ ព្រោះគ្មានសុខ ហេតុអ្វីមិនមានសុខ ព្រោះគ្មានទ្រព្យសម្បត្តិ ហេតុអ្វីមិនមានទ្រព្យសម្បត្តិ ព្រោះគ្មានវិជ្ជា ហេតុអ្វីគ្មានវិជ្ជា ព្រោះខ្ជិល នែ ! នៅលើខ្ជិលជាប្រធានសោះ សមនឹងសុភាសិតបារាំងថា La presse est la mere detous les vie កំជិលជាមេបាបធម៌គ្រប់យ៉ាង ខ្ជិលបង្ហិនលោក ខ្ជិលបានទុក្ខសោក ខ្ជិលអប្បប្រាជ្ញា ខ្ជិលធ្លាក់នរក ខ្ជិលឥតវិជ្ជា ខ្ជិលថោកសាសនា ខ្ជិលជាតិលិចលង់ ហេតុនេះ សូមសប្បុរសឲ្យកុមារាកុមារីរៀនសូត្រឡើង ដើម្បីបំពេញមុនិសម្បទានេះ ។
កាលបើប្រទេសសម្បូរណ៍ដោយមនុស្សអ្នក ចេះដឹង ហើយនឹងមិនមានបរទេសរឹបជាន់ ឈ្លេចឈ្លីមើលងាយយើងទេ ដូចជាផ្ទះមានរបងយ៉ាងជិតស្និទ្ធជាស្ថាពរ តែបើប្រទេសពេញលេញ ដោយមនុស្សអ្នកចេះដឹង ផ្លូវលោកធម៌ស្ដុកស្ដម្ភច្រើនហើយ បែរជាខ្វះភោគសម្បទាវិញ ក៏ពុំអាចកសាងក្រឡៃច្នៃប្រជាជាតិយើងឲ្យថ្លៃថ្នូរទៅកើត ។
ហេតុនេះ ត្រូវបំពេញភោគសម្បទា ១ ទៀត ឲ្យមានបរិបូណ៌ឡើង ។ ភោគសម្បទា ប្រែថា សម្បុកទ្រយុកស្ដុកស្ដម្ភកុះករដោយទ្រព្យសម្បត្តិ ។ បើមានទ្រព្យសម្បត្តិ ទើបអាចច្នៃក្រឡៃប្រឌិតប្រទេសបាន ។ ចុះទ្រព្យសម្បត្តិកើតឡើងពីណាមក ? ឆ្លើយថាកើតមកអំពីកម្ម ២ យ៉ាង គឺ កសិកម្ម ១ ពាណិជ្ជកម្ម ១ ហើយនឹងមានសម្បទា ៤ យ៉ាង ជាគ្រឿងអបស្ទបទៀតផង ។ កសិកម្ម គឺប្រកបស្រែចំការច្បារដំណាំសាបព្រោះ បើទ្រព្យកើតឡើងដោយខ្សត់ខ្សោយហើយ នឹងកសាងប្រទេសជាតិពុំកើត ស្រុកខ្មែរច្រើនតែប្រកបកិច្ចការនេះ នៅខ្វះត្រង់ពាណិជ្ជការច្រើន ស្ទើរតែគ្មាន ។ ពាណិជ្ជការនោះក្នុងផ្ទៃពុទ្ធសាសនា សំដែងច្រើនណាស់ដែរ ខ្មែរកាន់ពុទ្ធសាសនាច្រើនមែន ធ្លាប់ដឹងតាមគោលដែលចារិកមកថាធម៌ ៨៤០០០ ព្រះធម្មក្ខន្ធ តែខ្មែរកាន់ច្បោលៗ កាន់ត្រង់ណាស្រាលៗ ចោលត្រង់ណាមានប្រយោជន៍ថ្លៃថ្នូរ ហើយពោលថាខ្មែរក្រ ខ្មែរស្លូត ខ្មែរបរជាតិជិះជាន់ ព្រោះខ្មែរកាន់ពុទ្ធសាសនា ។ ពោលនេះមិនសមសោះ ចុះជាតិដទៃគេកាន់ពុទ្ធសាសនាដែរ ម៉េចក៏គេថ្លៃថ្លា នេះឃើញជាទាស់ពីកាន់មែន ។ ដូចយ៉ាងពាណិជ្ជការ ក្នុងព្រះពុទ្ធសាសនា មានសំដែងពិស្ដារណាស់ ក្នុងទីនេះសូមអធិប្បាយតែ ៤ យ៉ាង គឺ ជង្ឃពាណិជ ១ សកដពាណិជ ១ នាវាពាណិជ ១ ឃរពាណិជ ១ ។
ជង្ឃពាណិជ គឺជួញដោយកំឡាំងស្មង ដូចរែករុញពុនលី ឧទាហរណ៍ដូចយ៉ាងរុញធុងគុយទាវ ធុងទឹកកកអស់នេះ សុទ្ធតែចូលលុយរាប់រយក្នុងមួយថ្ងៃៗ ប៉ុន្តែខ្មែរពុំត្រូវការធ្វើសោះ ច្រើនតែខ្ពើមឆ្អើមខ្លាចថោកទាប តែរបស់នេះខ្មែរត្រូវការទាំងរាស្ត្រទាំងនាហ្មឺន មើលចុះអស់លោកអ្នកធ្វើការសព្វថ្ងៃ បើមិនបានគុយទាវឬកាហ្វេ ក៏មិនទាន់ចូលកាន់ប៊ុយរ៉ូទេ ។ បើថ្ងៃណាមួយចិនយួនវ៉ាកង ឈប់ធ្វើគុយទាវឬកាហ្វេបីបួនថ្ងៃហើយ មុខជាខ្មែរញៀនស្ងាបមាត់ នេះឃើញថាប៉ិនខាងទទួលទានមែន ។
បើធ្វើ ជង្ឃពាណិជ នឹងគេវិញ មានតែក្អម អំបោស ស្លឹកត្នោត កំប្រោង ទ្រទូងពីចម្ងាយស្ទើរតែមើលរូបអ្នករែកមិនឃើញ ដើរតាមផ្សារទើសគេឯង បើជិះឡាន ជិះកប៉ាល់វិញ ម្ចាស់ឡាន – កប៉ាល់នោះ សូមអង្វរព្រោះគ្មានកន្លែងដាក់របស់ទាំងនោះឲ្យ ដល់លក់អស់របស់ទាំងនោះទៅ បែរចូលផ្ទះចិនរកទិញសំពត់ បានចំនួន ៣ – ៤ ម៉ែត្រប៉ុណ្ណោះយ៉ាងច្រើន នេះជង្ឃពាណិជខ្មែរ ។
សកដពាណិជ ជួញដោយរទេះឡាន ឬរត់ឈ្នួលតាមមគ្គវិថីផ្សេងៗ ។នាវាពាណិជ ជួញដោយទូកឬកប៉ាល់ ។ សព្វថ្ងៃបើត្រូវការទៅណាហើយចាំឡាន – កប៉ាល់ ខ្មែរគ្មានសោះទេ សុទ្ធតែរបស់បរជាតិ ជាតិបញ្ញើក្អែកទាំងអស់ ។
ឃរពាណិជ ជំនួញក្នុងផ្ទះ គឺដាក់ទំនិញក្នុងផ្ទះហើយអង្គុយលក់ដូចផ្ទះលក់ក្នុងក្រុង ភ្នំពេញសព្វថ្ងៃ បរជាតិឥតបែកញើសសោះ ប្រាក់ខ្មែរឡើងត្នោត មករកផ្ទះឃើញចូលហួសទូដែកទៀត បរជាតិដែលមកសំណាក់អាស្រ័យនឹងយើង ដូចជាជាតិបញ្ញើក្អែកទំដើមរាំង ឬដើមជ្រៃពិតមែនរុក្ខជាតិនេះគល់ដល់ដី បើភ្លេចខ្លួនមុខជាបញ្ញើក្អែកបឺតយកឱជារសអស់ មិនយូរប៉ុន្មានឃើញសុទ្ធតែបញ្ញើក្អែកព្រងើយ ចំណែកស្លឹករាំងជ្រៃរេចរឹលអស់នៅមានតែគល់ ខេមរៈយើងសព្វថ្ងៃមិនខុសពិរុក្ខជាតិនេះប៉ុន្មាន រកកល់លើសផង ! ទីក្រុងសព្វថ្ងៃផ្ទះឥដ្ឋផ្ទះថ្ម ភ្លើងអគ្គិសនីភ្លឺច្រាល ម៉ាស៊ីនទឹក ខ្មែរទុកឲ្យបរជាតិនៅប្រើប្រាស់ ស៊ូយកខ្លួនទៅនៅបឹងជិតៗ វិញ នេះពេញជាប្រសប់ទទួលភ្ញៀវមែន ស៊ូឲ្យភ្ញៀវដេកពូក ខ្លួនចុះដេករនាប ចំជាចិត្តល្អ ។
ខេមរៈទាំងឡាយ កាលបើបានប្រកបពាណិជទាំង ៤ ប្រការនេះដូចបានអធិប្បាយខាងលើដោយសព្វគ្រប់ហើយ មុខជាខេមររដ្ឋប្រទេសយើងឡើងកាន់វឌ្ឍនធម៌ខាងភោគសម្ប័ទយ៉ាងឆាប់ ៗ មិនខាន ព្រោះខ្មែរសម័យនេះប្រស្រ័យសេដ្ឋកិច្ច ប្រទេសថ្កើង ជាតិថ្លៃ ប្រស្រ័យយើង ។ ពាណិជ្ជកម្មនឹងកសិកម្ម ទាំងពីរយ៉ាង បើយើងមានប្រាថ្នាឲ្យភោគទ្រព្យកុះករស្ដុកស្ដម្ភ លុះតែយើងចេះប្រកបពាណិជ្ជកម្មនោះឆាប់ៗ ចុះបើប្រទេសយើងពេញចិត្តតែត្រង់កសិកម្មប៉ុណ្ណោះ ដូចជាគោស៊ីចំបើងហើយមិនស្មើស៊ីស្មៅខ្ចីផង ធ្វើម៉េចនឹងបានធំធាត់ឡើង ។ ខេមរជាតិទាំងឡាយ ! សកលលោកទាំងមូលកំពុងស្វែងរកទ្រព្យខ្លាំងណាស់ ទ្រព្យនេះមានពីរយ៉ាងគឺ ទ្រព្យមានវិញ្ញាណ ១ ឥតវិញ្ញាណ ១ ។ ទ្រព្យមានវិញ្ញាណបានដល់មនុស្ស – សត្វគ្រប់យ៉ាង ទ្រព្យឥតវិញ្ញាណបានដល់ដែនទឹកដីមាសប្រាក់ លោកសន្និវាសទាំងមូលច្របូកច្របល់ នឹងរកទ្រព្យទាំងពីរយ៉ាងនេះណាស់ ។ សព្វថ្ងៃបើយើងមិនប្រុងប្រយ័ត្ននឹងរក្សាការពារទេ យើងនឹងទៅជាទាសៈ របស់របរក្នុងលោកអសារឥតការ ។ ទ្រព្យនោះមានមកហើយអាចនឹងឋិតថេរចិរកាលទៅបាន លុះត្រាតែប្រកបដោយសម្បទា ៤ យ៉ាងទៀតគឺ៖
១-ឧដ្ឋានសម្បទា ប្រឹងប្រែងរក បើរដ្ឋាភិបាលវិញប្រឹងប្រែងរកមន្តវិជ្ជាណាដែលមានខ្លឹមសារ ដែលរៀនទៅហើយអាចមានប្រយោជន៍ការពារ ជាតិមាតុភូមិបាន យកមកសាបព្រោះបណ្ដុះផ្សាំឲ្យពលរដ្ឋគឺរាស្រ្តរៀនសូត្រទាំងប្រុស ទាំងស្រីឡើង។
២- អារក្ខសម្បទា បើរៀនចេះដឹងហើយប្រឹងប្រែងរក្សាការពារជាតិមាតុភូមិ នឹងកេរ្តិ៍មត៌ករបស់ជាតិទុកឲ្យមកមិនឲ្យចោររុះរើរុករានទន្ទ្រាន ភូតភរឆរបោកបញ្ឆោតប្រវ័ញ្ចន៍បាន ។
៣-កល្យាណមិត្តតា សេពគប់នឹងមិត្តល្អ គឺមិត្តណាយើងសេពគប់ទៅហើយ មិនសំឡឹងរំពៃគយគន់ចង់បានទ្រព្យសម្បត្តិរបស់យើង គឺស៊ូជួយការពារសត្រូវនឹងណែនាំឲ្យបានសេចក្ដីចំរើនដល់យើង ហើយថែមទាំងមិនលាក់ចំណេះនឹងមិត្តភក្តិស៊ូជួយបង្ហាត់បង្រៀន វិជ្ជាណាដែលក្រ ៗ ហើយជាអ្នកមិននិយាយភូតភរបោកប្រាសមិត្រផងគ្នា នេះហៅថា មិត្រល្អ ឬមិត្រដែលយើងគួរសេពគប់ ឬកល្យាណមិត្រ។
៤-សមជីវិតា ចិញ្ចឹមជីវិតស្មើៗ គឺឲ្យដឹងប្រមាណក្នុងទ្រព្យរបស់យើងមានក្នុងថវិកាជាតិនៃរដ្ឋ គឺចាយវាយស្គាល់ប្រមាណមិនដល់ទៅខ្ចីបុលគេប្រើប្រាស់ គឺដំរីមិនចង់ធំតាមដំរី បើមានធម៌ទាំង ៤ យ៉ាងនោះ ទើបអាចការពារផលប្រយោជន៍របស់មាតុភូមិបាន បើប្រាស់ចាកសម្បទា ៤ នេះហើយ មិនអាចកុះករចំរើនទ្រព្យសម្បត្តិបានឡើយ សូម្បីសម្បត្តិទ្រព្យដែលបុព្វបុរស ទុកឲ្យមិនអាចនឹងការពារបានដែរ ។ ចុះសម្បទាត្រង់ទី ៤ គឺកល្យាណមិត្តតា ថាសេពគប់នឹងមិត្រល្អ តើមិត្របែបណា ? មានលក្ខណៈយ៉ាងណាគួរយើងសំគាល់បាន ?
បពិត្រសប្បុរសទាំងឡាយ ! មិត្រដែលយើងគួរសេពគប់ មានលក្ខណៈ ៣ យ៉ាង សម្រាប់សំគាល់ដើម្បីឲ្យយល់ថាល្អទៅបាននោះ គឺ
១ – អហិតេ បដិសេធោ មិត្រណែនាំហាមប្រាមមិត្រផងគ្នា មិនឲ្យធ្វើនូវអំពើណា មិនមានប្រយោជន៍ប្រាប់យ៉ាងណានេះយ៉ាងណោះថា មិនមែនលទ្ធិប្រព្រឹត្តដើម្បីសេចក្ដីចំរើនដល់ប្រទេសជាតិមាតុភូមិ ទេ ។
២ – ហិតេ អនុវត្តនំ មិត្រដឹកនាំបង្ហាត់បង្រៀនមិនលាក់លៀមចំពោះវិជ្ជា បញ្ញាដែលខ្លួនមានវិជ្ជាណារៀនទៅហើយអាចការពារផលប្រយោជន៍ ប្រទេសជាតិមាតុភូមិ នឹងសត្រូវបច្ចាមិត្រគ្រប់យ៉ាងបាន ទើបបង្ហាត់បង្រៀនវិជ្ជានោះ ។
៣ – ព្យសនេ អបរិច្ចាគោ មិត្រមិនលះបង់មិត្រក្នុងពេលមានសេចក្ដីវិនាសអន្តរាយ អសន្តិសុខមកប៉ះពាល់ ស៊ូស្លាប់ជាមួយគ្នា បើមានគ្រឿងការពារវិសេសវិសាលឆ្នើម ស៊ូចែករំលែកមិនរិះគន់លាក់លៀម មិនកំណាញ់នឹងមិត្រផងគ្នា ។
លក្ខណៈ ៣ យ៉ាងនេះហើយជាលក្ខណៈរបស់មិត្រ ឬ កល្យាណមិត្រ ដែលយើងគួរសេពគប់ ។ កាលបើខេមរៈ ចេះស្វែងរកមិត្រគួរសេពគប់ហើយ ចេះស្វែងរកទ្រព្យសម្បត្តិដោយពាណិជ្ជកម្មដែលជាផ្លូវនាំឲ្យចំរើន ភោគទ្រព្យយ៉ាងឆាប់នោះ ហើយមានធម៌ជាគ្រឿងរក្សានូវទ្រព្យដែលបានរកបានមក មិនឲ្យចោរលួចប្លន់ឆបំបាត់ប្រវ័ញ្ចន៍បញ្ឆោតបានហៅថា សម្បទា មានឧដ្ឋានសម្បទាជាដើម កល្យាណមិត្តតា សេពគប់នឹងមិត្រល្អ ដូចបានសំដែងលក្ខណៈសព្វគ្រប់ស្រាប់ជាទីបំផុត ឈ្មោះថាខ្មែរយើងមិនព្រងើយកន្តើយនឹងជោគវាសនាប្រទេសប៉ុន្មានទេ ហើយមានឈ្មោះថាវឌ្ឍនធម៌ជឿនឡើងជាលំដាប់ដែរ ។
តែបើមានមុនីសម្បទានឹងភោគសម្បទា ពេញលេញដោយអ្នកប្រាជ្ញ អ្នកចេះដឹងហើយ ស្ដុកស្ដម្ភមាំមួនដោយភោគទ្រព្យហើយ បើខ្វះធម៌ ១ ខាងចុង គឺសាមគ្គីសម្បទា មិនបានបរិបូណ៌ដោយការព្រមព្រៀងគ្នា ក៏មិនអាចនឹងច្នៃក្រឡៃប្រទេសយ៉ាងណាទៅបាន ។ ហេតុនេះ ត្រូវខេមរជាតិមានធម៌នេះផងទៀត គឺព្រមព្រៀងស្រុះស្រួលមូលមួយគ្នា នឹងលើកដាក់ឲ្យព្រមគ្នា ឧទាហរណ៍ដូចទូកទូកមួយជិះគ្នា ១២ នាក់ បើម្នាក់បើកក្ដោង ម្នាក់ទាញខ្សែក្ដោង ម្នាក់លើកចែវ ម្នាក់កាន់ចង្កូតមិនមើលបំណាំគ្នា មិនត្រូវយកជើងរាទឹក ហៅថាសាមគ្គីធម៌ កុំថាឡើយមនុស្សប្រតិបត្តិ សូម្បីសត្វតិរច្ឆានប្រតិបត្តិក៏បានសេចក្ដីសុខដែរ ។
ដូចជំនាន់ដើមមានសត្វចាប ៥០០ បានទៅជាប់លប់របស់ព្រាហ្មណ៍ម្នាក់ សត្វចាបមានសេចក្ដីតក់ស្លុតភិតភ័យហួសពេក នាំគ្នាស្ទុះស្ទារច្រាសប្រដាល់ស្ទើររបោចរោមក្បាលអស់ គ្រានោះមានចាបមួយស្រែកថា ថាយើងធ្វើយ៉ាងហ្នឹងមុខជាវិនាសមិនខានទេ ហេតុនេះអ្នកទាំងអស់គ្នាត្រូវធ្វើតាមខ្ញុំ ព្រោះខ្ញុំធ្លាប់ប្រតិបត្តិមកបានសេចក្ដីសុខជាញយណាស់ ទើបពពួកចាបឆ្លើយតបថា មានកលឧបាយដូចម្ដេច ? ចូរប្រាប់ភ្លាមៗ មកយើង កល់នឹងទំពែកក្បាលអស់ហើយ មើលសាមគ្គីធម៌នោះតើរូបរាងយ៉ាងណា ? ។ ទើបចាបនោះឆ្លើយឡើងថា សាមគ្គីធម៌គ្មានរូបរាងអ្វីទេ គ្រាន់តែព្រមព្រៀងស្រុះគ្នាប៉ុណ្ណោះ គឺយើងទាំងអស់គ្នាត្រូវស្រុះគ្នាហើរឡើងតែម្ដងព្រមគ្នា ចាបទាំងអស់ទើបប្រតិបត្តិតាម ស្ទុះហើរព្រមគ្នារបើកមាត់លបទៅ សមនឹងសុភាសិតបារាំងថា L’ union fait la force សាមគ្គីជាកំឡាំង កំឡាំងបំផុត សាមគ្គីមោះមុត ព្រមព្រៀងមូលមួយ កាយវាចាចិត្តស្រុះស្រួល ខំជួយចូកចែវរងួយ ស្ទួយជាតិដល់ត្រើយ ។ ចាបទាំងឡាយបានរួចខ្លួនទៅ នេះកំឡាំងសាមគ្គីធម៌យ៉ាងហ្នឹង ។ យើងខេមរជាតិក៏ត្រូវមានសាមគ្គីធម៌យ៉ាងនេះដែរ ។
ធម៌ទាំង ៣ យ៉ាងនេះគឺ ១ មុនិសម្បទា ២ ភោគសម្បទា ៣ សាមគ្គីសម្បទា បើប្រទេសនិគមជនបទរដ្ឋដែនណាមានធម៌ទាំង ៣ យ៉ាងនេះ គ្រប់គ្រាន់មិនខ្វះ នឹងក្រឡៃប្រទេសនិគមនោះថ្លៃថ្នូរបានឆាប់ គឺមានអ្នកចេះដឹងច្រើន ១ មានភោគសម្ប័ទ ១ មានការព្រមព្រៀងស្រុះស្រួលមូលមាត់គ្នា ១ ។
ធម៌ទាំង ៣ នេះឲ្យឈ្មោះថា ពលរដ្ឋធម៌ ប្រែថាធម៌ជាកំឡាំងដល់ប្រទេស សំដែងមកប៉ុណ្ណេះសន្មតថាចប់ ។ ទីបំផុតធម៌ទេសនានេះ សូមផ្សាយបុញ្ញរាសី គំនរបុណ្យនេះ ចែកជូនដល់អស់លោក អ្នកសប្បុរសទាំងឡាយ ទោះបីធ្វើមរណភាពទៅហើយក្ដី នៅរស់ក្ដី នៅទីជិតឆ្ងាយក្ដី ។
ពុទ្ធាទិអានុភាវេន ឧប្បន្នា ចេ ឧបទ្ទវាគា ចេវន្តរាយា ច វិនស្សន្តុ អសេសតោ ។
ដោយអានុភាពនៃព្រះរតនត្រៃជាដើមនេះ ឧបទ្រពនឹងរោគន្តរាយទាំងឡាយដែលកើតហើយ សូមឲ្យវិនាសចេញទៅកុំបីមានសេសសល់ឡើយ ។
-ចប់-
No comments:
Post a Comment