Friday, June 01, 2012

ពុទ្ធសាសនបដិបត្តិ

សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ ​សាស​នា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន​ ៣ ជាន់​គឺ​ ៖​
១.​ជាន់​ខាង​ក្រោម​គឺ​លោកិ​យ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​គឺ​ជន​អ្ន​ក​កាន់​ព្រះ​ពុទ្ធសាសនា​ជាន់​ក្រោម ​គឺ​អ្នក​ដែល​ជា​បុថុ​ជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល​ ។
២.ជាន់​កណ្ដាល​គឺ​លោកុត្តរធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​មគ្គ​ផល​តាំង​ពី​ទី​១ គឺ​សោតាបត្តិមគ្គ ដល់ទី​៧ គឺ​អរហត្ត​មគ្គ​ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត ។
៣.​ជាន់​ខ្ពស់​បំផុត​គឺ​លោកុ​ត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិ​បត្តិតាម ។ ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា​ជាន់​ខាង​ ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស​១ សម្រាប់​គ្រហស្ថ​១ ។
នឹងសំដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ
-​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​ដំកល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណ​គមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឲ្យ​ដំកល់​នៅ​ក្នុង​អរិយភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម ។
-អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធសម័យ ឬ​ក៏​ក្នុង​កាល​ខាង​ក្រោយ​ត​ពី​ព្រះ​ជា​បរមគ្រូ​ទ្រង់​ចូល​បរិនិព្វាន​រៀង​ មក ក៏​រមែង​ប្រតិបត្តិ​ទៅ​តាម​សម​គួរ​ដល់​សទ្ធា​ចិត្ត​របស់​ខ្លួន​ទី​ទៃ​ៗ អ្នក​ខ្លះ​បាន​ដំកល់​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគម​ន៍ អ្នក​ខ្លះ​ដំកល់​ខ្លួន​នៅ​ក្នុង​និច្ច​សីល នឹង​ឧបោសថ​សីល នឹង​សុចរឹត ទាំង​៣​ប្រការ អ្នក​ខ្លះ​ក៏​បាន​ប្រតិបត្តិ​តាម​គន្លង​នៃ​សមថ​ភាវនា​នឹង​វិបស្សនា​ភាវនា ដរាប​ដល់​ធ្វើ​ខ្លួន​ឲ្យ​ផុត​ជាតិ​ជា​បុថុជ្ជន ឲ្យ​ដំកល់​នៅ​ក្នុង​ទី​អរិយ​ភូមិ​បាន ។
អស់​លោក​អ្នក​ទាំង​ឡាយ ក៏​សុទ្ធ​តែ​ជា​អ្ន​ក​ប្រកប​ដោយ​កិច្ច​កង្វល់ ក្នុ​ង​ការងារ​ដែល​ត្រូវ បើ​មិន​អាច​នឹង​ប្រតិបត្តិ​ឲ្យ​សព្វ​គ្រប់​បាន ក៏​គប្បី​ប្រតិបត្តិ​ឲ្យ​សម​គួរ​ដល់​ស្ថាន​ដែល​ត្រូវ​បាន​ឈ្មោះ​ថា​ជា​អ្នក​ កាន់​ព្រះ​ពុទ្ធ​សាសនា ត្រឹម​តែ​សេចក្ដី​ខាង​ក្រោយ​នេះ​គឺ
១.​ដំកល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណ​ គមន៍ គឺ​តាំង​ចិត្ត​ជឿ​ជាក់​ហើយ​ចេញ​វា​ចា​ប្រកាស​យក ព្រះពុទ្ធ ព្រះធម៌ នឹង​ព្រះ​សង្ឃ​ថា​ជា​ទី​ពឹង ទី​រឭក ព្រម​ទាំង​សេចក្ដី​ដឹង​ក្នុង​គុណ​នៃ​ព្រះ​រតន​ត្រ័យ​នោះ​ផង មាន​ដឹង​ថា ព្រះ​ពុទ្ធ​ព្រះ​អង្គ​មាន​នាម​ថា “អរ​ហំ” ព្រោះ​ព្រះ​អង្គ​កំចាត់​បង់​ហើយ​នូវ​សត្រូវ​គឺ​ធម៌​ជា​គ្រឿង​សៅ​ហ្មង​ ដូច្នេះ​ជា​ដើម ដឹង​ថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះ​បរិយត្តិ​ធម៌​នឹង​នរ​លោកុត្តរ​ធម៌ ដែល​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ហើយ​ល្អ ដូច្នេះ​ជា​ដើម ដឹង​ថា “សុបដិ​បន្នោ ភគវតោ សាវកសង្ឃោ” ព្រះ​សង្ឃ​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​ប្រតិបត្តិ​ហើយ​ដោយ​ល្អ ដូច្នេះ​ជា​ដើម ។​
២.​សមាទាន​រក្សា​សីល ៥ គឺ​វៀរ​មិន​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ​១ មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ដែល​មិន​ឲ្យ​១ មិន​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្លូវកាម ១ មិន​និយាយ​កុហក​១ មិន​ផឹក​សុរា១ ។
(សីល​៥ នេះ​ត្រូវ​រក្សា​ឲ្យ​បាន​ជាប់​ជា​និច្ច បើ​ប្រសិន​ជា​មាន​ដាច់​ត្រង់​សីល​ណា​មួយ​នៅ​ពេល​ណា​ដោយ​សេចក្ដី​ភ្លាំង​ ភ្លាត់​នោះ ត្រូវ​សមាទាន​អំពី​អ្នក​ដទៃ ឬ​គ្រាន់​តែ​អធិដ្ឋាន​ដោយ​ខ្លួន​ឯ​ង ឲ្យ​បាន​ជាប់​ឡើង​វិញ​ក៏​បាន)​ ។
៣. រក្សា​នូវ​សុចរិត ៣ ប្រការ​គឺ កាយ​សុចរិត ១ វចី​សុចរិត ១ មនោ​សុចរិត ​១ ។ កាយ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​កាយ មាន​៣យ៉ាង​គឺ វៀរ​មិន​ឲ្យ​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ វៀរ​មិន​លួច​យក​ទ្រព្យ​របស់​អ្នក​ដទៃ ១ វៀរ​មិន​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្លូវ​កាម​គឺ​ការ​កន្ល​ង​ប្រវេណី ១ ។ វចី​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មាន​ ៣​យ៉ាង​​គឺ វៀរ​មិន​និយាយ​កុហក ១ វៀរ​មិន​និយាយ​ពាក្យ​ញុះ​ញង់ ១ វៀរ​មិន​និយាយ​អាក្រក់​គឺ​ពាក្យ​ចាក់​ដោត​ដោយ​ការ​ប្រទេច​ផ្ដាសា​១ វៀរ​មិន​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ​១ ។ មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត មា​ន​៣​យ៉ាង​គឺ មិន​មាន​ប្រាថ្នា​លោភ​លន់​ចង់​បាន​ទ្រព្យ​របស់​អ្នក​ដទៃ ១ មិន​មាន​គំនិត​គំនុំ​គុំ​ធ្វើ​អ្នក​ដទៃ​ឲ្យ​វិនាស​១ មាន​គំនិត​គិត​ត្រូវ​តាម​ហេតុ​ពិត ១ (តាំង​ពី​ត្រៃ​សរណ​គមន៍ដល់​សុចរិត​៣ ប្រការ មាន​ពិស្ដារ​ក្នុង​សៀវ​ភៅ​គិហិ​បដិបត្តិ) ។
សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា​ ដូច​រៀប​រាប់​ខាង​លើ​នេះ សូម្បី​បន្តិច​ប៉ុណ្ណេះ​ក៏​គង់​តែ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ ប្រតិបត្តិ​តាម​ដូច​សេចក្ដី​ខាង​ក្រោយ​នេះ​
១. នឹង​បាន​នូវ​អំណរ​ពេញ​ចិត្ត​ខ្លួន​ឯង​ថា “ខ្លួន​អញ​បាន​ដំ​កល់​ខ្លួន​ក្នុង​ទី​ដ៏​ត្រូវ​ហើយ អញ​បាន​ត្រូវ​ហើយ អញ​ឥត​មាន​ខុស​ទេ ” ។
​២. នឹង​បាន​ជា​ទី​ទុក​ចិត្ត ជា​មនុស្ស​ជំនឿ​ពេញ​ចិត្ត​នៃ​អ្នក​ឯ​ទៀត គឺ​ថា​បើ​ខ្លួន​នៅ​ក្នុង​បន្ទុ​ក​អ្នក​ឯ​ទៀត​ដែល​យស​សក្ដិ៍​ធំ​ជាង​ខ្លួន គេ​នឹង​ទុក​ចិត្ត​ជឿ​ស្រឡាញ់​រាប់​អាន ដោយ​គេ​ខឹង​ថា​ខ្លួន​ជា​អ្នក​សុចរិត​ល្អ​ហើយ គេ​នឹង​លើក​សរ​សើរ​ទំនុក​បំរុង​ឲ្យ​បាន​នូវ​សេចក្ដី​ថ្កុំ​ថ្កើង​នឹង​ សេចក្ដី​សុខ​ស្រួល ព្រោះ​ហេតុ​ដែល​ខ្លួន​កាន់​សុចរិត​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន ​។​
៣. នឹង​មាន​កិត្តិ​សព្ទ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្ន​ក​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ​ ។
៤. វេលា​ដែល​នឹង​ដល់​នូវ​មរណ​កាល ក៏​ឥត​មាន​សេច​ក្ដី​វង្វេង​ឡើយ ។
៥. លុះ​ធ្វើ​មរណ​កាល​ទៅ​ហើយ ក៏​រមែង​បាន​ទៅ​កើត​ក្នុង​សុគ​តិភព​ ។
ម្យ៉ាង​ទៀត សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ជ្រាប​ថា​ផល​ប្រយោជន៍​ដែល​កើត​ឡើង​អំពី​សេចក្ដី​ ប្រតិបត្តិ​ក្នុ​ង​ព្រះ​ពុទ្ធ​សាសនា ដូច​សេចក្ដី​អធិប្បាយ​ក្នុង​ខាង​លើ​នេះ ក៏​សឹង​មាន​ប្រយោជន៍​ប្លែក​អំពី​គ្នា ដោយ​រូប​អ្នក​ដែល​ប្រតិបត្តិ​ខ្លះ​ល្ងង់ ខ្លះ​មាន​ប្រាជ្ញា​ចេះ​ដឹង បើ​ល្ងង់ បើ​ល្ងង់​ក៏​បាន​ផល​ប្រយោជន៍​តិច​ចុះ​ទៅ បើ​មាន​ប្រាជ្ញា​ចេះ​ដឹង​ក៏​បាន​ផល​ប្រយោជន៍​ចំរើន​ឡើង ដូច​សេចក្ដី​អធិប្បា​យ​តទៅ​ក្នុង​ខាង​មុខ​នេះ ​៖​
ទោស​នៃ​សេចក្ដី​ល្ងង់
សេចក្ដី​មិន​ចេះ​មិន​ដឹង ហៅ​ថា​សេចក្ដី​ល្ងង់ បើ​មិន​ចេះ​អក្សរ​នឹង​លេខ​ហៅ​ថា​ល្ងង់​ក្នុង​អក្សរ​នឹង​លេខ បើ​មិន​ចេះ​ធ្វើ​ការ​អ្វី​ហៅ​ថា​ល្ងង់​ក្នុង​ការ​នោះ បើ​មិន​ចេះ​គិត​ហៅ​ថា​ល្ងង់​ក្នុង​ការគិត អ្នក​ណា​មាន​សេចក្ដី​ល្ងង់ អ្ន​ក​នោះ​ឈ្មោះ​ថា​មនុស្ស​ឥត​ចំណេះ​វិជ្ជា អ្ន​ក​ណា​ឥត​មាន​ចំណេះ​វិជ្ជា អ្ន​ក​នោះ​ឈ្មោះ​ថា​មនុស្ស​ល្ងង់ ៗ នោះ​បើ​នឹង​ធ្វើ​ការ​អ្វី ការ​នោះ​ច្រើន​មិន​កើត បើ​ទុក​ជា​កើត​ច្រើន​មិន​ល្អ បើ​នឹង​និយាយ​ពាក្យ​ណា ពាក្យ​នោះ​ច្រើន​មិន​ប្រាកដ បើ​នឹង​គិត​ហេតុ​អ្វី ហេតុ​នោះ​មិន​ចេញ​មក​សម្ដែង​ឲ្យ​ប្រាកដ​ជា​ខុស​ឬ​ត្រូវ​បាន ។
មនុស្ស​ល្ងង់​ឧបមា​ដូច​មនុស្ស​ខ្វាក់ ធម្មតា​មនុស្ស​ខ្វាក់​កម្រ​នឹង​ដើរ​តាម​ផ្លូវ​ឲ្យ​ត្រង់​នឹង​រហ័ស​បាន​ឡើយ​ ព្រោះ​មាន​សេចក្ដី​ញញើត​ញញើម​រួញ​រា​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ជា​និច្ច ម្ល៉ោះ​ហើយ​សេចក្ដី​មិន​ប្រាកដ​ក្នុង​ចិត្ត​នោះ ធ្វើ​ដំណើរ​ក៏​មិន​ឲ្យ​ប្រាកដ​ជា​ទៅ​មុខ​ឬ​ទៅ​ខាង ច្រើន​ទីស​ទាស ដូច​គ្នា​នឹង​មនុស្ស​ល្ងង់ បើ​នឹង​ធ្វើ​ឬ​និយាយ​ឬ​គិត ក៏​ឥត​មាន​ប្រាកដ​ក្នុង​ចិត្ត សេចក្ដី​មិន​ប្រា​កដ​នេះ​ឯង មិន​អាច​នឹង​ធ្វើ​ប្រយោជន៍​ដែល​ខ្លួ​ន​ត្រូវ​ការ​ឲ្យ​សំរេច​បាន​ ។
មាន​ពុទ្ធ​ភាសិត ១ កន្លែង​សម្ដែង​ថា មោហ​គឺ​សេចក្ដី​ល្ងង់​តែ​មាន​ច្រើន​ក្នុង​សន្ដាន​អ្នក​ណា​មួយ​ហើយ នឹង​អាច​ធ្វើ​អ្នក​នោះ​មិន​ឲ្យ​ស្គាល់​សេចក្ដី​អាក្រក់​ល្អ នឹង​ខុស​ត្រូវ បាន​ឡើយ ​។​
មាន​សុភាសិត​ពី​បូរាណ ក្នុង​គម្ពីរ​ហិតោបទេស​ជា​ភាសា​សំស្ក្រឹត សេចក្ដី​ដើម​ថា មាន​ស្ដេច ១ ព្រះ​អង្គ​នាម​សុទ​សិន​នៅ​ក្នុង​ក្រុង​បាដ​លិបុត្រ ទ្រង់​នឹក​ប្រារព្ធ​ដល់​ព្រះរាជ​ឱ​រស​របស់​ព្រះ​អង្គ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​សាស្ត្រ​វិទ្យា​ប្រព្រឹត្ត​តែ​ ក្នុង​ផ្លូវ​ខុស ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ដំ​រិះ​ថា “កូន​ដែល​គ្មាន​ចំណេះ​វិជ្ជា ជា​មនុស្ស​ល្ងង់ មិន​ប្រព្រឹត្ត​តាម​ធម៌ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​កូន​ដូច្នោះ ប្រៀប​ឧបមា​ដូច​ភ្នែក​ខ្វាក់​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ភ្នែ​ក​នោះ មាន​តែ​សេចក្ដី​អផ្សុក​ព្រួយ​តែ​ម្យ៉ាង” ។
“កូន​មាន​បី​យ៉ាង គឺ​កូន​ដែល​មិន​ទាន់​កើត ១ កូន​ដែល​កើត​ហើយ​ស្លាប់​បាត់​ទៅ​វិញ ១ កូន​ដែល​កើត​ហើយ​នៅ​រស់​តែ​ល្ងង់​ខ្លៅ ១ បណ្ដា​កូន​ទាំង​ ៣ យ៉ាង​នេះ​គួរ​យក​កូន ២ យ៉ាង​ខាង​ដើម ព្រោះ​ថា​បើ​មាន​ទុក្ខ​ព្រួយ​ក៏​មាន​តែ ១ គ្រា ១ លើក ហើយ​ក៏​បាត់​ទៅ ឯ​កូន ១ ទី​បំផុត​នោះ​មិន​គួរ​យ​ក​ឡើយ ព្រោះ​កូន​នោះ​នឹង​បណ្ដាល​ឲ្យ​បាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា​និច្ច” ។
​អ្នក​ណា​មួយ ទោះ​បី​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​តាំង​នៅ​ក្នុង​តរុណវ័យ​គឺ​នៅ​ក្មេង​នៅ​ឡើយ កើត​នៅ​ក្នុង​ត្រកូល​ដ៏​ខ្ពង់ខ្ពស់​ក្ដី​តែ​ប្រាស​ចាក​ចំណេះ​វិជ្ជា​គឺ​ឥត​ មាន​ចេះ​ដឹង​អ្វី​ហើយ អ្នក​នោះ​ឯង​ជា​មនុស្ស​ឥត​រាសី​មាន​ដម្លៃ ដូច​គ្នា​នឹង​ផ្កា​ចារ (មាន​តែ​ពណ៌​ល្អ​ស្រស់) តែ​ឥ​ត​មាន​ក្លិន​ក្រអូប​ ។
មាន​សុភាសិត​ម្យ៉ាង​ទៀត​ថា “មនុស្ស​នឹង​សត្វ​គោ​មាន​ការ​នឹង​បរិភោគ​អាហារ សេព​មេថុន នឹង​ដេក ដូច​គ្នា តែ​មនុស្ស​មាន​ចំណេះ​វិជ្ជា​សំរាប់​ធ្វើ​ឲ្យ​ប្លែក​អំពី​គោ មនុស្ស​ណា​ឥត​មាន​ចំណេះ​វិជ្ជា មនុស្ស​នោះ​ឈ្មោះ​ថា​ស្មើ​គ្នា​នឹង​សត្វ​គោ” ។
ដែល​នាំ​រឿង​សុភាសិត​ខ្លះ​មក​អធិប្បាយ​ក្នុ ​ង​ទី​នេះ ដើម្បី​ឲ្យ​ឃើញ​ថា សេចក្ដី​ល្ងង់​នេះ​ធ្វើ​អ្នក​នោះ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​មិន​ចំរើន នឹង​ទន់​ទាប​ថយ​ថោក តាំង​ពី​ក្នុង​បច្ចុប្បន្ន​នេះ​ដរាប​ដល់​លោក​ខាង​មុខ ។
ឯ​ទោស​នៃ​សេចក្ដី​ល្ងង់​ដែល​នឹង​នឹង​ឃើញ​ច្បាស់​ក្នុ​ង​បច្ចុប្បន្ន​នេះ​ដូច្នេះ
១.​បើ​ល្ងង់​ក្នុង​វិធី​អក្សរ​ គឺ​មិន​ចេះ​ស​រសេរ មិន​ចេះ​មើល​នឹ​ង​នាំ​ឲ្យ​ខាត​បង់​នូវ​ប្រយោជន៍​ដូច្នេះ
ក​.​មិន​អាច​មើល​សាស្ត្រា​ឬ​សៀវ​ភៅ​ដែល​មាន ​ប្រដៅ​ល្អ ក្នុ​ង​ព្រះ​ពុទ្ធសាសនា​ឬ​ក្រៅ​ពី​ព្រះ​ពុទ្ធសាសនា​ជា​គ្រឿង​នាំ​ឲ្យ​កើត​ គំនិត​ប្រា​ជ្ញា​ ។
ខ.មិន​អាច​សរសេរ​សំបុត្រ​ដោយ​ខ្លួន​ឯង​ឲ្យ​ដំណឹង​ដល់​ញាតិ​មិត្ត​ដែល​ខ្លួន​ត្រូវ​ការ ​។
គ.សេចក្ដី​កំបាំង​ឬ​ការ​ក្រ​ដែល​ញាតិ​មិត្ត​ផ្ញើ​សំបុត្រ​ឲ្យ​ដំណឹង​មក​ចំពោះ​ខ្លួន​នោះ​នឹង​មិន​សំរេច​ប្រយោជន៍ ។
២.​អ្នក​ដែល​ឥត​មាន​ចំណេះ​វិជ្ជា​អ្វី បើ​នៅ​អាស្រ័យ​ជ្រក​កោន​ក្នុង​សំណាក់​អ្នក​ធំ ហើយ​ចេះ​គោរ​ព​ប្រតិបត្តិ​ឲ្យ​អ្ន​កធំ​លោក​ស្រឡាញ់​អាណិត​មេត្តា​ដូច​ម្ដេច​ ក្ដី អ្នក​ធំ​នោះ​ក៏​មិន​អាច​នឹង​លើក​ដំកើង​អ្នក​នោះ​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​យស​ សក្ដិ​បាន​ឡើយ ព្រោះ​លោក​យល់​ថា​ខ្លួ​ន​ល្ងង់ បើ​គ្រាន់​បើ​ណាស់​បាន​ត្រឹ​ម​តែសេ​ចក្ដី​សុខ ព្រោះ​អាស្រ័យ​នឹង​ឥស្សរ​ភាព​របស់​អ្នក​ធំ​នោះ​ប៉ុណ្ណោះ តែ​ក៏​គង់​មិន​រួច​អំពី​ទី​ដែល​ជា​អ្នក​បំរើ​គេ ។
៣.មនុស្ស​ល្ងង់ ទោះ​បី​មាន​យស​សក្ដិ​ដោយ​អំណាច​ព្រេង​សំណាង​ជួយ​ឧបត្ថម្ភ​មក បើ​ថ្កំ​ថ្កើង​គ្រាន់​បើ​បាន​តែ​ក្នុង​ទី​ឯ​ទៀត តែ​ដល់​ក្នុង​ទី​ប្រជុំ​ក៏​នឹង​ត្រឡប់​ទៅ​ជា​មនុស្ស​ឥត​រាសី ឲ្យ​មាន​ដម្លៃ​ទៅ​វិញ ព្រោះ​មិន​ចេះ​រៀប​ចំ​ធ្វើ​អាហារ​ឫក​ពា​ឲ្យ​សម​គួរ​ដល់​ស្ឋាន​របស់​ខ្លួន ឬ​នឹង​ហា​និយាយ​ឡើង​ក៏​មិន​ត្រូវ​តាម​ទំនង​ធម៌​នឹង​ទំនង​ច្បាប់ ជា​ហេតុ​ឲ្យ​អ្ន​ក​ឯ​ទៀត​គេ​ញ​ញឹម​ក្នុង​ចិត្ត​រាល់​គ្នា​ដោយ​ការ​មើល​ងាយ ម្ល៉ោះ​ហើយ​គេ​ពុំ​ជឿ​ស្ដាប់ ពុំ​កោត​ខ្លាច ដោយ​គេ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់​ ។
៤.មនុស្ស​ល្ងង់ ជា​មនុស្ស​ខ្សត់​មិត្ត​សម្លាញ់ ព្រោះ​គេ​មិន​សូវ​ត្រូវ​ការ​យក​ចិត្ត​ខ្លួ​ន​ធ្វើ​ជា​មិត្ត​សម្លាញ់​ឡើយ ។
​ព្រោះ​ហេតុ​អ្វី ? ព្រោះ​គេ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់ បើ​នឹង​ពឹង​រក​យក​ទៅ​ឲ្យ​ជួយ​ធ្វើ​អ្វី ឬ​ជួយ​ពិ​គ្រោះ​ប្រឹក្សា​ការ​អ្វី​ក៏​មិន​កើត​ទាំង​អស់​ ។​
ប្រភព៖ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៣៧

No comments:

Post a Comment