អភ័យទាន ការអោយការអត់ទោស,លើកលែងទោស,អត់អោនឱ្យគ្នាទៅវិញទៅមក,
មិនយកទោសពៃគ្នា,អភ័យទោសឱ្យអ្នកដទៃ។ ក្នុងរដ្ឋប្រទេសនីមួយៗ ទានមានប្រយោជន៍ក្នុងការបណ្តុះនូវស្វាមីភក្តិ ភក្ដីភាព កត្តញ្ញូ កតវេទី ធ្វើអោយអ្នកដែល ទទួលទានអាចរហូតទៅដល់ការលះបង់ជីវិត ដើម្បីអ្នកដែលអោយខ្លួន ធ្វើអោយចងមិត្តបាន លែងជាសត្រូវនិងគ្នា ។ អភ័យទាន ជាទានមួយប្រភេទអោយបានដោយកម្រ ទានដែលមិនចំណាយទ្រព្យសម្បត្តិមាសប្រាក់ តែចំណាយចិត្តបុណ្យ ចិត្តដែលចាយទៅរួចហើយក្នុងការអោយអភ័យទោស រមែងមិនចេះខាតបង់នៅប្រយោជន៍អ្វីឡើយ យើងអាចអោយអភ័យទានបាន អ្វីដែលទទួលត្រលប់មកវិញ គឺសេចក្តីស្ងប់ចិត្ត ភាពត្រជាក់ត្រជុំនៃចិត្ត ការរម្ងាប់ពៀរវេរាទាំងឡាយ ទាននេះអោយដោយចិត្តអ្វីផ្សេងមិនបានឡើយ ក្រៅពីចិត្តកុសល ចិត្តមេត្តា ចិត្តករុណា ចិត្តមុទិតា ចិត្តឧបេក្ខា។ យើងអាចផ្សាយមេត្តាចិត្ត និង ឧទ្ទិសបុណ្យកុសល ដែលមានខ្លួនឯងជាឧបមា និង ផ្សាយចេញទៅរហូតដល់សព្វសត្វទាំងឡាយក្នុងសង្សារវដ្ត។អត្ថន័យនៃពាក្យ «អភ័យទាន» មានន័យថា ការផ្តល់មេត្តាដល់មនុស្ស សត្វដោយចិត្តអនុគ្រោះ។
👉ពាក្យអភ័យទាននេះ យើងអាចនិយាយបានច្រើនន័យខ្លឹមសារណាស់ បើតាមទ្រឹស្តីព្រះពុទ្ធសាសនា ន័យទី១ផ្តោតទៅលើមនុស្សដែលរស់នៅក្នុងសង្គមនោះគឺ បានដល់ការមិនបៀតបៀនគ្នា វាយចាក់កាប់សម្លាប់គ្នា ជេរប្រទេចផ្តាសាគ្នា ដោយការប្រមាថមើលងាយ មើលថោកគ្នា ឬការប្រើអំពើហិង្សាណាមួយដែលនាំឱ្យអ្នកដទៃកើតទុក្ខដោយសារខ្លួនជាដើម។ ប្រសិនបើមនុស្សរស់នៅក្នុងសង្គមយល់ពីទានមួយនេះ គឺវិសេសវិសាលខ្លាំងណាស់ វាជាអំពើបុណ្យកុសលមួយដែលអាចបញ្ចៀសពីការប្រើអំពើហិង្សាដែលជាហេតុនាំសង្គមគ្មានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្តបានឡើយ។
👉ចំណែកន័យទី២ បានដល់ការមិនប្រកាន់ទោសអូសដំណើរ ការចាប់កំហុសគ្នា មើលទោសគ្នាទៅវិញទៅមកក្នុងផ្លូវអាក្រក់....ប្រសិនបើនរណាបានប្រព្រឹត្តទង្វើខុសឆ្គាំឆ្គងណាមួយដោយអចេតនាក្តី ដោយចេតនាក្តីយើងមិនបានប្រកាន់ចាប់ទោស ចាប់ថ្នាក់គេ នោះក៏ចេះអន់ឱន យល់អធ្យាស្រ័យដល់គ្នានឹងគ្នា នេះជាអភ័យទានមួយដែរ។
👉ន័យទី៣ អភ័យទាន នេះបានដល់ការរក្សាទង្វើល្អទាំងប្រាំយ៉ាងដែលយើងហៅថា សីលប្រាំនោះ គឺមានការមិនសម្លាប់សត្វ បៀតបៀនសត្វ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តខុសក្នុងមេថុនធម្ម មិននិយាយភូតភរកុហក បោកប្រាស់យកប្រាក់អ្នកដទៃ និងមិនប្រព្រឹត្តសុរា ឬគ្រឿងញៀនផ្សេងៗ។ បើយើងគ្រប់គ្នាបានរក្សាសេចក្តីល្អទាំងប្រាំយ៉ាងនេះបាន ឈ្មោះថាយើងបានឱ្យអភ័យទាននេះដល់អ្នកដទៃ ឱ្យសេចក្តីសុខដល់អ្នកដទៃ យើងក៏រមែងបានសេចក្តីសុខនោះមកខ្លួនយើងវិញ។
នាំមកជូនដោយ: សឿន ពិសិដ្ឋ ប្រសិនបើមានការខុសឆ្គងយ៉ាងណានោះ សូមលោកអ្នកប្រាជ្ញ ព្រឹទ្ធ កវី បណ្ឌិត និស្សិត បញ្ញវន្ត សាស្ត្រាចារ្យមេត្តាខន្តីអធ្យាស្រ័យដោយក្តីអនុគ្រោះផងចុះ ខ្ញុំមិនមែនអ្នកចេះដឹងអីទេ។ 🙏
No comments:
Post a Comment