Tuesday, December 06, 2022

កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០ (ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះមាន ១០គឺ៖

✨កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០ (ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះមាន ១០គឺ៖

១. អប្បិច្ឆកថា    និយាយអំពីសេចក្តីប្រាថ្នាតិច

២. សន្តុដ្ឋិកថា    និយាយអំពីសេចក្តីសន្តោស

៣. បវិវេកកថា   និយាយអំពីសេចក្តីស្ងប់ស្ងាត់

៤. អសំសគ្គកថា  និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ

៥. វីរិយារម្ភកថា  និយាយអំពីប្រារព្ធសេចក្តីព្យាយាម

៦. សីលកថា       និយាយអំពីសីល

៧. សមាធិកថា    និយាយអំពីសមាធិ

៨. បញ្ញាកថា       និយាយអំពីបញ្ញា

៩. វិមុត្តិកថា         និយាយអំពីវិមុត្តិ

១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ

💐ឋានៈដែលគួរសរសើរ មាន ១០ 

១. ឥធ  ភិក្ខវេ  ភិក្ខុ  អត្តនា ច អប្បិច្ឆោ ហោតិ  អប្បិច្ឆកថញ្ច  ភិក្ខូនំ កត្តា ហោតិ   ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង។

២. អត្តនា  ច  សន្តុដ្ឋោ  ហោតិ  សន្តុដ្ឋិកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ ភិក្ខុជាអ្នកសន្តោស ដោយ​ខ្លួនឯងផង សម្តែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង។

៣. អត្តនា  ច  បវិវិត្តោ  ហោតិ  បវិវេកកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយ​ខ្លួនឯងផង សម្តែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង។

៤. អត្តនា ច អសំសដ្ឋោ ហោតិ  អសំសដ្ឋកថញ្ច  ភិក្ខូនំ  កត្តា ហោតិ ភិក្ខុជាអ្នកមិនច្រឡូក​ច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយ​ផង។

៥. អត្តនា ច អារទ្ធវីរិយោ ហោតិ  វីរិយារម្ភកថញ្ច ភិក្ខូនំ កត្តា ហោតិ  ភិក្ខុជាអ្នកមានព្យាយាម​ប្រារព្ធហើយ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង។

៦. អត្តនា ច សីលសម្បន្នោ ហោតិ សីលសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយសីល ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង។

៧. អត្តនា ច សមាធិសម្បន្នោ ហោតិ សមាធិសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ  ភិក្ខុជា​អ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង។

៨. អត្តនា ច បញ្ញាសម្បទា ហោតិ បញ្ញាសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង។

៩. អត្តនា ច វិមុត្តិសម្បន្នោ ហោតិ វិមុត្តិសម្បទាកថញ្ច  ភិក្ខូនំ កត្តា ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង។

១០. អត្តនា ច វិមុត្តិញ្ញាណទស្សនសម្បន្នោ ហោតិ  វិមុត្តិញ្ញាណទស្សនសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ  ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សម្តែងអំពីការ​បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង។

នេះជាឋានៈដែលគួរសរសើរ ទាំង ១០ ប្រការ ដូចបានពោលមកហើយ។

(អង្គុត្តរនិកាយ ទសកនិបាត លេខ៥០ ទំព័រ ២៨២-២៨៦) 

…………………🍂តិរច្ឆានកថា 

ពាក្យនិយាយដែលគ្មានប្រយោជន៍, ជំទាស់នឹងផ្លូវសួគ៌និព្វាន លោកហៅថា តិរច្ឆានកថា ដូចមានវចនត្ថសម្តែង​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យនិយាយដែលជំទាស់នឹងសួគ៌មគ្គផល និងនិព្វាន ហៅថា តិរច្ឆានកថា” តិរច្ឆានកថាទាំងនោះ មានមកក្នុងព្រះបាលី (ព្រះត្រៃបិដក) ដូចតទៅនេះ៖

» រាជកថា៖ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា។

» ចោរកថា៖ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចោរ។

» មហាមត្តកថា៖ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងមហាមាត្យ។

» សេនាកថា៖ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងកងទ័ព។

» ភយកថា៖ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងភយន្តរាយ។

» យុទ្ធកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចម្បាំង [មានចម្បាំងរបស់មហាភារតៈជាដើម]

» អន្នកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអាហារ

» បានកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទឹកបាន

» វត្ថកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសំពត់

» សយនកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទីដេក

» មាលាកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងផ្កាកម្រង

» គន្ធកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងគ្រឿងក្រអូប

» ញាតិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសាច់ញាតិបងប្អូន

» យានកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងយានពាហនៈ

» គាមកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្រុក

» និគមកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនិគម

» នគរកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនគរ

» ជនបទកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងរដ្ឋ ឬប្រទេស

» ឥត្ថិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្ត្រី

» (បុរិសកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងបុរស)

» សូរកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងវីរបុរស (អ្នកក្លាហាន)

» វិសិខាកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងថ្នល់, ច្រក, ផ្លូវបំបែក

» កុម្ភដ្ឋានកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអណ្តូងទឹក កំពង់ទឹក ឬនាងកុម្ភទាសី

» បុព្វបេតកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងញាតិដែលបាត់បង់ជីវិតទៅហើយ

» នានត្តកថា ពាក្យនិយាយដែលគ្មានប្រយោជន៍មានប្រការផ្សេងៗ

» លោកក្ខាយិកំ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោក

» សមុទ្ទក្ខាយិកំ ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសមុទ្រ

» ឥតិភវាភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោកចម្រើន ព្រោះហេតុនេះ និងលោក​វិនាសព្រោះហេតុនេះ

…………✨ពន្យល់៖

*រាជកថា 

ពាក្យនិយាយគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា ដូចជានិយាយថា “ព្រះរាជាអង្គនោះទ្រង់មានរូប​ស្អាត” បើជា​ការនិយាយដើម្បីឲ្យកើតសេចក្តីសង្វេគតក់ស្លុត ក៏អាចនិយាយបាន ដូចជានិយាយថា “សូម្បីព្រះរាជាអង្គនោះ ជាអ្នកមានអំណាចលើប្រឹថពី តែក្នុងទីបំផុតក៏មិនអាចគេចផុតពីសេចក្តីស្លាប់” សូម្បីក្នុងតិរច្ឆានកថាក្រៅពីនេះ ក៏មានន័យដូចគ្នា។

*អន្នកថា…

ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បីជ្រាបថា បើជាការនិយាយដល់ការធ្វើបុណ្យទាន ដោយវត្ថុទាំងនោះ រមែងសម​គួរ។

*ញាតិកថា

បើជាការនិយាយលើកសរសើរសាច់ញាតិបងប្អូនរបស់ខ្លួន រមែងមិនសមគួរ តែបើជាការនិយាយដែលនាំមកនូវ​សេចក្តីសង្វេគតក់ស្លុត រមែងសមគួរ។

*គាមកថា

បើជាពាក្យនិយាយលើកសរសើរ ឬតិះដៀលអ្នកស្រុកក្នុងស្រុកឯណោះ ឬអ្នកស្រុកឯណេះ រមែងមិនគួរ តែបើជា​ការនិយាយអំពីគុណធម៌ ដូច អ្នកស្រុកក្នុងស្រុកនេះមានសទ្ធា ជាដើម រមែងគួរ ។

*និគម សំដៅដល់ ទីប្រជុំជនដែលមានផ្សារ តែមិនមានកំពែង

*នគរ សំដៅដល់ ទីប្រជុំជនដែលមានផ្សារ មានកំពែងព័ទ្ធជុំវិញ។

*ឥត្ថិកថា

បើជាការពោលសរសើរគុណធម៌ សេចក្តីល្អ ដូច ស្រីជាអ្នកមានសីល មានសទ្ធា ជាដើម រមែងគួរ។

*បុរិសកថា

បទថា បុរិសកថា គប្បីជ្រាបថា មិនមានក្នុងព្រះត្រៃបិដកច្បាប់ឆដ្ឋសង្គាយនា ព្រោះលោកសង្គ្រោះចូលក្នុងបទ​ថា សូរកថា ហើយ ទោះជាយ៉ាងណាក៏ដោយ ព្រោះច្បាប់ខ្លះមានបទនេះ ទើបដាក់នៅក្នុងរង្វង់ក្រចកទុក

*វិសិខាកថា

វិសិខាកថា សំដៅរួមដល់ ការសរសើរមនុស្សដែលនៅតាមថ្នល់, ច្រក, ផ្លូវ ថាជាមនុស្សពូកែ មានសមត្ថភាពជា​ដើមផង

តិរច្ឆានកថា ៣២

ក្នុងគម្ពីរអដ្ឋកថា ដូច អដ្ឋកថានៃមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​ចែកឥតិភវាភវកថា ចេញជា៦ កថា គឺៈ

១. ឥតិសស្សតភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកទៀង ព្រោះហេតុនេះ

២. ឥតិឧច្ឆេទអភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកដាច់សូន្យ ព្រោះហេតុនេះ

៣. ឥតិវុឌ្ឍិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកចម្រើន ព្រោះហេតុនេះ

៤. ឥតិហានិកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកវិនាស ព្រោះហេតុនេះ

៥. ឥតិកាមសុខកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាសុខ ព្រោះហេតុនេះ

៦. ឥតិអត្តកិលមថកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាទុក្ខ ព្រោះហេតុនេះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា។

ក្នុងសីលក្ខន្ធវគ្គ អភិនវដីកា ចែកតិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យដំបូង ត្រូវនឹងមតិអដ្ឋកថាខាងដើម ចំណែកន័យទី ២ ចែកទុកដោយចែកឥតិភវាភវកថា​ ចេញជា ២ កថាប៉ុណ្ណោះ គឺ ឥតិភវកថា និងឥតិអភវកថា ហើយបន្ថែមកថាដែលមិនមានក្នុងព្រះបាលីដោយត្រង់ ៤ កថាទៀតគឺ៖

១. អរញ្ញកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងព្រៃ

២. បព្វតកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងភ្នំ

៣. នទីកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងស្ទឹង

៤. ទីបកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងកោ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំងគម្ពីរអដ្ឋកថា និងដីកា មិនបាន​សម្តែងបុរិសកថា ទុកក្នុងកថាទាំង ៣២ នេះ ៕ (អត្ថបទ៖ សិក្សាព្រះធម៌)

No comments:

Post a Comment