ក្រោមកិច្ចប្រឹងប្រែងអស់រយៈពេលជាយូរឆ្នាំ គុនល្បុក្កតោ (Kun Lbokator) ដ៏ចំណាស់របស់ខ្មែរ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា នេះ។ល្បុក្កតោជាក្បាច់ដ៏ចំណាស់របស់កម្ពុជា ដែលមានភស្តុតាងនៅលើចម្លាក់នៃប្រាសាទបាយ័ន តាំងពីចុងសតវត្សរ៍ទី១២ ទៅដើមសតវត្សរ៍ទី១៣។ បច្ចុប្បន្ន ល្បុក្កតោ មានសកម្មភាពសម្តែងក្នុងកម្មវិធីធំៗថ្នាក់ជាតិ អន្តរជាតិ
និងការប្រកួតប្រជែងក្នុងកីឡា ផងដែរ។សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧នេះ មានប្រតិភូប្រទេសជាសមាជិកជាង៨០ ចូលរួម ដោយភ្នាក់ងារវប្បធម៌យូណេស្កូ ធ្វើការវាយតម្លៃលើសំណើរសុំចុះបញ្ជីចំនួន៥៦ ក្នុងនោះគុនល្បុក្កតោ ស្ថិតក្នុងចំណោមបេក្ខភាពចំនួន៤៦សម្រាប់ «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។បច្ចុប្បន្នុ កម្ពុជាមានសម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ ជាច្រើនហើយ ក្នុងនោះ តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២), របាំព្រះរាជទ្រព្យ ជា សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣), ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧), ល្ខោនស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥)។ល្បែងទាញព្រ័ត្រ
ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ថ្ងៃទី២
ខែធ្នូ ឆ្នាំ ២០១៥), ចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
ត្រូវការសង្គ្រោះបន្ទាន់ (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦),
តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (ថ្ងៃទី៨ ខែកក្កដា
ឆ្នាំ២០១៧)។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្ខោនខោលវត្តស្វាយអណ្ដែត
ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់
ហើយចុងក្រោយនេះ គឺក្បាច់គុនល្បុក្កតោ៕
https://thmeythmey.com/?page=detail&ctype=article&id=121619&fbclid=IwAR3AYAtSmaOJaNLePMxbxRl6Rqd1kU65byHemNkfNwspklMrPudfYNTOFK4
No comments:
Post a Comment