Monday, November 28, 2022

បញ្ចុះមន្តគាថា

 

គោលបំណងសាងកាក់នេះ មិនមែនធ្វើឡើងឲ្យតែគ្រាន់ល្អមើលនោះទេ តែត្រូវធ្វើហើយមានការអភិសេក បញ្ចុះមន្តគាថា ប្រសិទ្ធីតាមបែបនិកាយសៃយសាស្ត្រនៃព្រះពុទ្ធសាសនាក្នុងស្រុកខ្មែរ ។

ព្រះពុទ្ធរូបគង់នៅកំពូលខាងលើ ជាតំណាងឧទ្ទិស្សកចេតិយ ជារូបតំណាងអង្គនៃព្រះអរហន្តសម្មាសម្ពុទ្ធ ដែលព្រះអង្គជាបូជារហបុគ្គលដ៏ប្រសើរបំផុតក្នុងលោក នៅជុំវិញព្រះអង្គមានអក្សរ ៤ តួ គឺ ពុ ធ សំ មិ សំដៅដល់ព្រះត្រៃសរណគមន៍ គឺ ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សំឃំ សរណំ គច្ឆាមិ ។ នៅខាងក្រោមព្រះពុទ្ធរូបមានសញ្ញាឱម៑ ជានវហរគុណគឺព្រះពុទ្ធគុណទាំង ៩ មានក្នុងបទឥតិបិ សោ ភគវា អរហំ ។ល។ ពុទ្ធោ ភគវាតិ អាចហៅកាត់ថា អសំវិសុលោបុសពុភ ។ សញ្ញាបន្ទាប់គឺព្រះអាទិត្យដែលផ្តល់ពន្លឺនិងជាផ្កាយធំជាងគេក្នុងសុរិយចក្កវាឡនេះ ដែលជាប់ទាក់នឹងផ្កាយនព្វគ្រោះ បន្ទាប់មក គឺព្រះចន្ទដែលជាផ្កាយបរិវារនៃភពផែនដី ជាផ្កាយមានឥទ្ធិពលមកលើសព្វសត្វក្នុងលោកយើងនេះផងដែរ ឯ អក្សរ ឧ ជាពាក្យរបស់ឧណាលោម សំដៅដល់ព្រះអរិយបុគ្គល មានព្រះអរហន្ត ព្រះអនាគាមី ព្រះសកទាគាមី ព្រះសោតាបន្ន ។ ឯ អក្សរ ៤ តួ ទៀត គឺ ន ជា លិ តិ ជាបណ្តូលព្រះសីវលី ដែលបានដកចេញពីធម៌បរិត្តធារណីមក ។ ឯរូបព្រះភិក្ខុដ៏ធំខាងមុខយ័ន្ត ជារូបដែលបានឧទ្ទិសចំពោះព្រះសីវលីមហាថេរ ជាកំពូលឯតទគ្គៈខាងមានលាភលើសគេក្នុងព្រះពុទ្ធសាសនានេះ ។ ឯយ័ន្តខាងក្រោយ ជាយ័ន្ត នមោពុទ្ធាយ ដែលបានគូចេញជាយ័ន្តពិសេសបំផុត ១០០ គុណ ពិតជាល្អណាស់ ជាយ័ន្តមានក្នុងដូងសង្រែកភ្នែក ៤ គ្រាន់តែក្នុងយ័ន្តដូងសង្រែកភ្នែក ៤ មានថែមតួអថ័ន ៤ មុខទៀត តែក្នុងទីនេះ មិនប្រើបែបនោះទេ មានតែតួយ័ន្តនេះប៉ុណ្ណោះ ។ កាក់នេះសាងហើយ អភិសេក បញ្ចុះមន្តគាថា ប្រសិទ្ធី តាមក្បួនតម្រា គួបនឹងកាលយោគហោរាសាស្ត្រ នឹងមានប្រយោជន៍ពិតដល់អ្នកគោរពបូជា រាប់ថា ជាកាក់ព្រះបរិត្តមួយប្រភេទដែរ ។




No comments:

Post a Comment