Friday, November 25, 2022

ព្រះរាជវង្សនិងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧

 

 ព្រះរាជវង្សនិងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារលើសិលាចារិក នៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារិកនៅប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបាត់ដំបង សិលាចារិកនៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម

និងជាពិសេសដោយសារសិលាចារិកនៅប្រាសាទភិមានអាកាស ដែលចងក្រងនិពន្ធ តាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រ ទេវី ។


ព្រះរាជវង្ស
បើតាមការសិក្សាស្រាវជ្រាវរបស់លោក ស្ន័រស្នសឺដែស ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រ យ៉ាងយូរណាស់ក្នុងគ.ស ១១២៥ ។ ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី។ ព្រះបិតាព្រះអង្ហ្គព្រះនាម ធរណិន្ទ្រវរ្ម័នទី ២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទ សុរិយាវរ្ម័នទី ២។ ព្រះអង្គត្រូវជាចៅមីងរបស់ ព្រះបាទជ័យវរ្ម័នទី ៦ និងត្រូវជាក្មួយ ព្រះបាទសុរិយាវរ្ម័នទី ២ ។ ដូច្នេះយើងឃើញថា តាមរយៈម្តាយព្រះអង្គ ជាប់ចុះមកពីព្រះរាជវង្សព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរ (ឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន់-ចេនឡា) ។ហើយតាមខ្សែស្រឡាយព្រះរាជវង្សឪពុក ព្រះអង្គចុះមក ពីព្រះសន្នគិវង្សមហិធរបុរៈ ។

យុវភាព
តាមរយៈសិលាចារិកដដែលយើងបានដឹងថា កាលបិតាព្រះអង្គព្រះ ធរណិន្ទ្រវរ្ម័នទី ២ នៅសោយរាជ្យជាព្រះមហាក្សត្រ កម្ពុជា ព្រះបាទជ័យវរ្ម័នទី ៧ បាន ទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្គ្រាម តទល់នឹងនគរចាម្ប៉ា ។ កាលនោះព្រះអង្គព្រះជន្ម បាន ២៥ វស្សា ។
បើតាមសិលាចារិក យើងអាចស្មានថា កាលនោះព្រះអង្គមាន មហេសីរួចស្រេចទៅហើយ ។ ព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី ។ ជាមួយនឹងព្រះនាងប្រហែលជាក្នុងគ.ស ១១៤៥ ព្រះអង្គ បានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្ទ្រកុមារ ។

ព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គត្រូវ បែកព្រាត់ប្រាស់ពីប្រពន្ធកូន ដោយក្តីវិយោគអួលណែន ចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខសោក សង្រេងឈឺខ្លោចផ្សារីងរៃ ដោយការព្រាត់ប្រាស់នេះ ត្រូវបានព្រះនាងឥន្ទ្រទេវី ជាបងស្រីបង្កើត របស់មហេសីព្រះអង្គ សរសេរចារវេញចងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមានអាកាស ។

ព្រះនាងឥន្ទ្រទេវីបានរៀបរាបអធិប្បាយថា ៈ “ព្រះមហេសី ព្រះបាទជ័យវរ្ម័នទី ៧ ព្រះនាងជ័យរាជាទេវី ប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងតែព្រាត់ពីស្វាមី គឺ ព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័ន ទី ៧។ ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាង ជ័យរាជាទេវីបានចូលកាន់សីល កាន់ត្រណម គោរពទៅតាម ក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ ។

ព្រះនាងតែងតែខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់ សុំឲ្យព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះ ឈ្នះលើសសត្រូវ ។ ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្តទ្តុកដាក់នឹងសក់ព្រះនាងឡើយ ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗ ព្រះនាង តែងតែឈឺចុកចាប់ពើតក្នុងទ្រូង ។ តែការឈឺចុកចាប់ នេះ បានធ្វើឲ្យព្រះនាងសប្បាយរំសាយទុក្ខទៅវិញ ។ ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រង់ចាំ ការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច ។

ជីវិតតស៊ូ ព្យាយាម រង់ចាំ
នៅគ.ស ១១៦០ ព្រះបាទជ័យវរ្ម័នទី ៧ កំពុង តែធ្វើចម្បាំងប្រយុទ្ធជាមួយកងទ័ពនគរចាម្ប៉ានៅមុខក្រុមពិជ័យ។ គ្រានោះព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គ ចូលទីវង្គត់ ហើយព្រះបាទយសោវរ្ម័នទី ២ បាន ឡើងសោយរាជ្យជំនួស ។នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិត អ្វីទាំងអស់ ។ ព្រះអង្គនៅតែបន្តធ្វើសង្គ្រាមវាយប្រហារ នគរចាម ហើយគោរពស្មោះស្ម័គ្របម្រើព្រះមហាក្សត្រ ថ្មី ដោយគ្មានវេចវេរ ។ នៅពេលដែលព្រះអង្គទទួលដំណឹងថា នៅព្រះរាជធានីមានមន្ត្រីក្បត់ ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញ ដើម្បីជួយការពារជ្រោមជ្រែង ព្រះរាជា ។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្ម បានកន្លងហួសផុតរួចជាស្រេចបាត់ទៅហើយ ។

ព្រះបាទ យសោវរ្ម័នទី ២ ត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារ ក្នុងសម័យជាមួយគ្នានោះដែរ ។ ក្នុង គ.ស ១១៦៥ បើតាមសិលាចារិកប្រាសាទបន្ទាយឆ្មារ ស្តេច ថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើ ពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រ នគរកម្ពុជា។ កាលនោះព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គ មិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមតាំងរាំងជល់នឹង ស្តេចជ្រែករាជ្យ ដើម្បីដណ្តើមយករាជបល្ល័ង្គមកវិញទេ ។

ព្រះអង្គនឹងនៅសៀមមិនបណ្តែតបណ្តោយចិត្ត គំនិតអារម្មណ៍ឲ្យផ្លាស់ប្តូរហក់លោត ទៅ តាមមនោសញ្ចោតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវ និងការលោភ លន់ខ្វះពិចារណាឡើយ។ ព្រះអង្គបានសមំរស់នៅ ប្រាសាទព្រះខ័ន្ធ ក្នុងខេត្តកំពង់ស្វាយ (១) យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជ្រាវសិក្សាពិចារណា ផ្លូវចម្រើនរង់ចាំឱកាសល្អដើម្បីដាក់ខ្លួន ចូលបម្រើជាតិ ។

លទ្ធផលនៃការតស៊ូ
ព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គរង់ចាំអស់ រយៈពេល ១៧ ឆ្នាំ គ.ស ១១៦០-១១៧៧ ទើបឱកាសល្អបានមកដល់។ ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជា និងការអស់ព្រះជន្មរបស់ព្រះមហាក្សត្រជ្រែករាជ្យ បានរុញច្រានជំរុញឲ្យព្រះអង្គចេញមុខបង្កបង្កើតចលនា តស៊ូរំដោះជាតិ។ ព្រះអង្គដឹកនាំការតស៊ូប្រឆាំង នឹងអាណានិគមចាម្ប៉ា អស់រយៈពេល ៤ ឆ្នាំ ទើបបានទទួលលទ្ធផលល្អ។

នៅគ.ស ១១៨១ ដែលព្រះអង្គបានរំដោះជាតិមាតុភូមិ ពីកណ្តាប់ដៃចាម ព្រះអង្គបានប្រកាសជាព្រះមហាក្សត្រ នគរកម្ពុជា ហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំ ដដែល ។ កាលនោះ តាមការប៉ាន់ស្មានព្រះបាទ ជ័យវរ្ម័នទី ៧ បានព្រះជន្មប្រហែលជាជាង ៥០ វស្សា ។ ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញ ដើម្បីជា ការអប់អរ អរគុណដល់គុណបុណ្យបារមីព្រះរតន្នត្រៃ ដែល បានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជាទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្ត អារាម និងប្រជានុរាស្រ ។

ក្រោយដែលព្រះអគ្គមហេសី ជ័យរាជាទេវីចូលទីវង្គត ព្រះនាងឥន្ទ្រទេវី ជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី ៧ បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ ព្រះនាងជាស្ត្រីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមោះមុតឈ្លាសវៃ ពូកែល្បីល្បាញខាងវិជ្ជា អក្សរសាស្ត្រ មានធម៌មេត្តាសន្តោស ហើយគោរពបូជា ព្រះពុទ្ធសាសនា។ ព្រះនាងជ័យរាជាទេវី និងព្រះនាងឥន្ទ្រទេវី ដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី ៧ សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំ ដល់ព្រះស្វាមីតាមព្រះពុទ្ធឱវាទ ។

ព្រះបាទជ័យវរ្ម័នទី ៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជា និងមានជំនឿទៅលើព្រះពុទ្ធសាសនាផ្នែក មហាយាន ។ ព្រះរាជបុត្រព្រះអង្គជាច្រើន សុទ្ធតែមានជំនឿ ជឿ និងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ។ បុត្រព្រះអង្គព្រះនាមតមលិន្ទ បានបួសជាសង្ឃ ហើយទៅបន្តការសិក្សានៅកោះសេរីលង្កា ។ បុត្រមួយទៀត ព្រះអង្គវីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អ វែកញែកអធិប្បាយពីព្រះពុទ្ធសាសនាលើផ្ទាំងថ្ម នៅ ប្រាសាទព្រះខ័ន ។

កិត្យានុភាព
ព្រះបាទជ័យវរ្ម័នទី ៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថាជាជោគជ័យ ផ្ទាល់ខ្លួន ។ តែព្រះអង្គបានយកជោគជ័យ នេះ ឥទ្ធិពលអំណាច ការចេះដឹង ការពិសោធន៍ និងប្រាជ្ញា ភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាង ប្រទេសជាតិ ផ្តល់នូវសេចក្តីសុខក្សេមក្សាន្ត សន្តិភាព ចម្រើនលូតលាស់ដល់ប្រជានុរាស្ត្រដោយគ្មាន រើសអើងវណ្ណៈ ។

ការកសាងរបស់ព្រះអង្គមិនមែនតែប្រាង្គប្រាសាទធំស្កឹមស្កៃ ទេ ព្រះអង្គបានកសាងទំនុកបម្រុងសាសនា ក៏ដូចជាក្នុង ផ្នែកសង្គមជាតិដែរ។ ក្នុងរជ្ជកាលព្រះអង្គ នគរចាម្ប៉ាបានក្លាយ ទៅជាខេត្តខ័ណ្ឌខ្មែរ ទឹកដីខ្មែរក៏បាន លាតសន្ធឹងធំវែងឆាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីអាគ្នេយ៍។ ចក្រភពខ្មែរក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី ៧ មានកម្ពុជាចាម្ប៉ា បច្ចុប្បន្ន លាវ សៀម និងទឹកដីមួយភាគធំនៃប្រទេសភូមានិងម៉ាឡេស៊ី ។

ព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័ន ទី ៧ ព្រះអង្គបានចូលទីវង្គតនៅក្នុងគ.ស ១២០២ ។



រៀបចំដោយ ៖ SomdeyMeas
ប្រភព www.merlkomson.com

No comments:

Post a Comment