ព្រះបាទជយវរ្ម័ន ទី ៧ មានព្រះរាជមហេសី ២ អង្គ គឺព្រះនាងជយរាជទេវី និងព្រះនាងឥន្រ្ទទេវី។ ព្រះមហេសីទាំងពីរអង្គ ជាបងប្អូនបង្កើត ព្រះនាងជយរាជាទេវី រៀបអភិសេកមុនពេលដែលព្រះបាទជយវរ្ម័ន ទី ៧ បានឡើងសោយរាជ្យ។ ក្រោយពេលដែលព្រះនាងជយរាជាទេវី បានសោយទីវង្គតទៅ ទើបព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀម បានឡើងឋានៈជាអគ្គមហេសី។
ព្រះបាទជយវរ្ម័ន ទី ៧ មានព្រះរាជមហេសី ២ អង្គ គឺព្រះនាងជយរាជទេវី និងព្រះនាងឥន្រ្ទទេវី។ ព្រះមហេសីទាំងពីរអង្គ ជាបងប្អូនបង្កើត ព្រះនាងជយរាជាទេវី រៀបអភិសេកមុនពេលដែលព្រះបាទជយវរ្ម័ន ទី ៧ បានឡើងសោយរាជ្យ។ ក្រោយពេលដែលព្រះនាងជយរាជាទេវី បានសោយទីវង្គតទៅ ទើបព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀម បានឡើងឋានៈជាអគ្គមហេសី។
មាតិកា
១ ព្រះរាជជីវប្រវត្តិតាមសិលាចារឹក
២ ស្នាមព្រះហស្តក្នុងការកសាងផ្លូវជាតិធំៗ ចំនួន ៥ ខែ្សក្នុងរជ្ជកាលព្រះអង្គ
៣ អំពីព្រះបាទជយវរ្ម័ន ទី ៧ (ព្រះរាជាដ៏មានមហិទ្ធិឫទ្ធិ) និងព្រះរាជវង្ស)
៤ ឯកសារយោង
ព្រះរាជជីវប្រវត្តិតាមសិលាចារឹក
ផ្ទាំងសិលាចារឹកដ៏ធំមួយនៃប្រាសាទព្រះខ័នស្ថិតនៅក្នុងខេត្តសៀមរាប អតីតទីក្រុងខែ្មរមហាអស្ចារ្យរុងរឿង ដែលលោក គែ្លហ្សិ៍ បានប្រទះឃើញ គឺលោក ហ្ស៊ក សេដែស ជាជនជាតិបារាំងសែស ដែលបានបោះពុម្ពផ្សាយ កាលពីឆ្នាំ ១៩៤១។ ការផ្សព្វផ្សាយនូវទិន្នន័យដ៏សំខាន់បំផុត ពាក់ព័ន្ធទៅនឹងព្រះរាជជីវប្រវតិ្តរបស់ព្រះបាទជយវរ័្មន ទី ៧ ព្រះមហាវីរក្សត្រនៅសម័យមហានគរ។ មតិមហាជនខែ្មរមួយចំនួន មិនទាន់បានជ្រាបអំពីព័ត៌មានចម្បងទាំងនេះឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុនែ្ត អ្នកឯកទេសខាងប្រវត្តិសាស្រ្តកម្ពុជា បាន លើកយកមកបកប្រែក្រៅផ្លូវការ ជូនជនរួមជាតិខែ្មរ ទុកជាការចេះដឹងទូទៅខាងប្រវត្តិសាស្រ្តមួយកម្រិតទៀត ។ គួររំលឹកផងដែរថា សិលាចារឹកនេះ (k-៩០៨) មានចារជាអក្សរទាំងអស់ចំនួន ១១១ គាថា។ បណ្ឌិតបុរាណវិទូខែ្មរ លោក មីសែល ត្រាណេ បានលើកឡើងថា ១៨ គាថាដើមនៃសិលាចារឹកនេះ មានលក្ខណៈដូចគ្នាបេះបិទទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានធ្វើការបកប្រែនូវគាថាមួយចំនួន ជាពិសេស គាថាជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័ន ទី ៧ ដូចតទៅនេះ៖
« ជាព្រះរាជាមួយព្រះអង្គ ដែលត្រូវបានព្រះរាជាទាំងពួង នៃដែនដីដែលនៅដៃមានកាន់យ៉ាងណែន មនុស្សគោរពសក្ការៈ។ ព្រះអង្គជាគតិបណ្ឌិតដ៏ឆ្នើមក្នុងចំណោមគតិបណ្ឌិតផងទាំងឡាយ ជាព្រះរាជបុត្រារបស់ព្រះរាជា ព្រះបាទស្រុតវរ័្មន និងព្រះបាទស្រីស្រេស្ថវរ្ម័ន ជាមនុស្សល្អប្រពៃ តាមរយៈព្រះសម្មិទ្ធិដ៏រុងរឿងថ្កើងថ្កាន ជាប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ » (គាថាទី ៦) ។
« ព្រះអង្គជាព្រះអាទិត្យនៅលើមេឃា ដែលជាវង្សត្រកូលកម្ពុជា ដែលបានប្រសូតឡើងនៅលើភ្នំខាងកើតនៃជយាទិត្យបុរៈ។ ព្រះអង្គបានដាស់បេះដូងផ្កាឈូកនៃ សព្វសត្វលោក ជាឃ្លាំងនៃភាពត្រចេះត្រចង់ ជាអធិរាជនៃស្រេស្ថបុរៈ » (គាថាទី ៧)។
« ប្រសូតឡើងក្នុងមហានគរនៃគ្រួសារខាងព្រះមាតា ដែលព្រះចន្ទចែងចាំងនូវកាំរស្មីព្រះកិត្តនាមល្អប្រពៃឥតខ្ចោះ ភ្លឺថ្លាដូចព្រះនាងលក្ស្មី ព្រះនាងបាននាំមុខកំពូលស្រ្តីទាំងឡាយ (គឺព្រះរាជិនី) កម្ពុជរាជលក្ស្មី » (គាថាទី ៨)”។
« ស្វាមីនៃដែនដីឯភវបុរៈ ព្រះបាទភវរ្ម័នទេវៈ ប្រកបដោយសម្រស់ដ៏ភ្លឺថ្លា ដែលនាំមកនូវមន្តសេ្នហ៍ចំពោះព្រះរាជនគររបស់ទ្រង់ ។ ពោរពេញទៅដោយទេពកោសល្យ ជាប្រភពកំណើតនៃ រាជវង្សានុវង្ស ដូចអ្នកដែលបានប្រកបដោយកាំរស្មីអមតៈ។ ព្រះអង្គបានសម្រាលនូវភាពឈឺចុកចាប់របស់ប្រជានុរាស្រ្តរបស់ទ្រង់ » (គាថាទៅ ៩)។
« អ្នកដែលមានអាកប្បកិរិយាល្អ ភាពល្បីល្បាញ វីរភាព ដែលគេមិនអាចស្តីបន្ទោសអ្វីៗ ទាំងអស់បានឡើយ ហើយទ្រង់បានប្រសូតក្នុងត្រកូលរបស់អ្នកនោះ ព្រមទាំងបានបង្កើតនូវកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ព្រះបាទស្រីហស៌វរ្ម័ន ជាអ្នកបំផ្លាញសេចក្តីរីករាយរបស់សត្រូវក្នុងចម្បាំង ហើយមានព្រះរាជសកម្មភាពដ៏ថៃ្លថ្លា ដែលបានផ្សព្វផ្សាយចេញពីវាចាគ្រប់ទិសទី » (គាថាទី ១០)។
« តាមរយៈព្រះមហាក្សត្រ និងព្រះរាជមហេសីនេះ ព្រះនាងស្រីជយរាជចូឌាមនី បានមានកំណើតឡើង » … « ប្រៀបទៅនឹងធាត្រីដែលបង្កើតឡើងដោយភាពរឹងប៉ឹង ដូចកមលា ដោយសោភ័ណភាព ដូចអរុណោទ័យ ដោយអាកប្បកិរិយាដែលមិនអាចស្តីបន្ទោសបានឡើយ ដូចបៃត្រីដែលបានចាប់កំណើតដោយសប្បុរសធម៌ » (គាថាទី ១១-១២)។
« បានសោយរាជសម្បត្តិ នៅឯស្រីមន្តយសោធរបុរៈ ព្រះមហាក្សត្រជយវរ្ម័នទេវៈ ក្រោយពីផ្ទាញ់រលកនៃពួកសត្រូវ ព្រះអង្គបានបោះបង្គោលរហូតដល់សមុទ្រ បង្គោលនៃ ជ័យជំនះគ្រប់ទិសទី ព្រះអង្គ និងបុព្វការីជនប្រថាប់នៅឯមហិធរបុរៈ » (គាថាទី ១៣) ។
« ព្រះរាជបុត្រីរបស់ព្រះបាទស្រីហស៌វរ្ម័ន បានឲ្យកំណើតទៅមហាបុរសមួយរូប គឺ ព្រះបាទជយវរ្ម័ន ទី ៧ ប្រកបដោយថាមពលចែងចាំងដូចភ្លើងក្រហមឆ្អៅ បៀ្របដូចទៅនឹងព្រះនាងអទិតិ ដែលបានធ្វើឲ្យព្រាហ៌្មសីក្លាយទៅជាសេ្តចនៃពពួកទេវតា ដែលដោយសារការប្រណិប័តន៍ដ៏ល្អប្រពៃដើម្បីការការពារដែនដី បានសម្លាប់ពួកមេទ័ពបច្ចាមិត្ត » (គាថាទី ១៨)។
រួមសេចក្តីមក គ្មានអ្វីសង្ស័យឡើយ ព្រះបាទជយវរ្ម័ន ទី ៧ ពិតជាវង្សមហាក្សត្រាខែ្មរយ៉ាងពិតប្រាកដ ដែលបានតពូជពង្សពីព្រះមហាវីរក្សត្រនាសម័យនគរភ្នំ និងចេនឡា ដ៏មាន មហិទ្ធិប្ញទិ្ធគួរឲ្យស្ញប់សែ្ញង ហើយព្រះអង្គក៏ជាមហាបុរសរដ្ឋ ដែលបានការពារដែនដីខែ្មរយើង ដោយមានការលះបង់ខ្ពស់ រកអ្វីបៀ្របពុំបានឡើយ។ [១]
ស្នាមព្រះហស្តក្នុងការកសាងផ្លូវជាតិធំៗ ចំនួន ៥ ខែ្សក្នុងរជ្ជកាលព្រះអង្គ
មិនត្រឹមតែកសាងនូវមន្ទីរពេទ្យនិងធម្មសាលា ប្រាសាទច្រើនរាប់មិនអស់ទេ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជយវរ្ម័ន ទី ៧ បានកសាងផ្លូវជាតិធំៗ ចំនួន ៥ ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យសិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខែ្មរ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗ នេះថា ក្នុងរជ្ជកាលព្រះអង្គ ព្រះមហាវីរក្សត្រអង្គនេះបានទ្រង់កសាងផ្លូវគមនាគមន៍សំខាន់ៗ ចំនួន ៥ ខែ្ស ។ ខែ្សទី ១ ផ្លូវខាងលិច ចាប់ពីយសោធបុរៈកាត់ភ្នំស្រុក តម្រង់ ទៅស្តុកកក់ធំ និងបន្ទាយឆ្មារ។ ខែ្សទី ២ ផ្លូវនៅប៉ែកពាយ័ព្យប្រទេស ពីយសោធបុរៈទៅប្រសាទពិមាយ។ ខែ្សទី ៣ ផែ្នកខាងជើង (មិនដឹងច្បាស់) គេរៀបរាប់បែបជាផ្លូវវង់មួយ គឺចេញពីរាជធានី ទៅកាន់ទីក្រុងជយវតី ជយសិង្ហវតី ជយវីរតី ជយរាជគិរី ស្រីសុវីរបុរី មកដល់យសោធបុរៈវិញ។ ចំណែកខែ្សទី ៤ ផ្លូវឦសាន ពីរាជធានីយសោធបុរៈទៅកាន់រាជធានីរបស់ចាម និងទី ៥ ផ្លូវខាងកើត ពីយសោធបុរៈ ទំនងជាតម្រង់ទៅសម្បូរព្រៃគុក ដែលគេអាចឃើញដាននៃសំណង់ស្ពានបុរាណជាច្រើន តាមដងផ្លូវជាតិលេខ ៦ ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែក ។ លោកសាស្រ្តាចារ្យ វង់ សុធារ៉ា បានបន្តឲ្យដឹងថា ការកសាងផ្លូវគមនាគមន៍ចំនួន ៥ ខែ្សនេះ នៅតាមផ្លូវព្រះអង្គ បានកសាងធម្មសាលា និងភ្លើងបំភ្លឺចំនួន ១២១ កនែ្លង សម្រាប់ជាជម្រកសាធារណៈ ដល់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងសិលាចារឹកប្រាសាទព្រះខ័ន បានបន្តឲ្យដឹងថា តាមផ្លូវពាយ័ព្យ មានធម្មសាលាចំនួន ១៧ ផ្លូវខាងជើង មានធម្មសាលាចំនួន ១៤ និង មានភ្លើងផ្លូវឦសាន មានធម្មសាលាចំនួន ៥៧ រួមទាំងភ្លើងនិង1នៅសូរ្យបវិត គីភ្នំជីសូរ1 នៅវិជយាទិត្យនិង ១ នៅកល្យានសិទ្ធកៈ ទំនងជាត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង ។ បនែ្ថមពីនោះ ធម្មសាលាសល់ចំនួន ៣០ ដោយសារមិនមានអត្ថបទសិលាចារឹក ធម្មសាលាដែលនៅសល់ ទំនងជាសង់តាមផ្លូវខាងលិច និងខាងកើត តាមកឆរបញ្ជាក់របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោកបានបន្តថា ក្រៅពីនេះ ព្រះអង្គបានកសាងមន្ទីរពេទ្យ ដែលភាសាជំនាន់នោះហៅថា អារោគ្យសាលា មានចំនួន ១០២ កនែ្លង ប្រកបដោយគឿ្រងតង្វាយដ៏ច្រើនអនេក សម្រាប់ផ្គត់ផ្គង់ជីវភាព និងសកម្មភាពនៅតាមមន្ទីរព្យាបាលនីមួយៗ ពេទ្យជំនាញ ពេទ្យជំនួយ អ្នកបុកថ្នាំ អ្នកដាំទឹក អ្នកបម្រើការផេ្សងៗ ដែលសរុបមានប្រមាណ ៩០ នាក់ សម្រាប់មន្ទីរពេទ្យនីមួយៗ ។ លោកសាស្រ្តាចារ្យ វង់ សុវធារ៉ា បានបន្តដោយគូសបញ្ជាក់ថា « អ្នកជំងឺគ្រប់ឋានៈសង្គម អាចទទួលការព្យាបាល ដោយគ្មានការរើសអើង » (សិលាចារឹកសាយហ្វុង លេខ K ៣៦៨)។ លោកបនែ្ថមថា ដោយសារព្រះអង្គយកចិត្តទុកដាក់លើសុខុមាលភាពនេះ ហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថា ព្រះអង្គកើតឃ្លង់ ដោយអ្នកស្រាវជ្រាវទាំងនោះ គ្រាន់តែពឹងផែ្អកលើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងរឿងព្រេងនិទានសេ្តចគម្លង់ ដែលគេប្រឌិតឡើង នៅពេលក្រោយប៉ុណ្ណោះ ។ [២]
អំពីព្រះបាទជយវរ្ម័ន ទី ៧ (ព្រះរាជាដ៏មានមហិទ្ធិឫទ្ធិ) និងព្រះរាជវង្ស)
ព្រះបាទជយវរ្ម័ន ទី ៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរ ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បានសិក្សាពីព្រះបាទជយវរ្ម័ន ទី ៧ និងសន្និដ្ឋានថា ជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។ ការបង្រួបបង្រួមជាតិរបស់ព្រះបាទជយវរ្ម័ន ទី ៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រ សាលាបារាំងចុងបូព៌ា ដោយសារលោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយ ដែលប្រទះឃើញដោយលោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅត្រង់សាយហ្វុង (Say Fong) ជិតក្រុងវៀងចន្ទន៍ ដែលផ្តល់ព័ត៌មានពីការកសាងមន្ទីរពេទ្យនៅ គស ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បានកត់សម្គាល់ថា សិលាចារឹកនេះមានន័យដូចសិលាចារឹក នៅសសរស្តម្ភ ដែលគេបានរកឃើញនៅឈូងសមុទ្រសៀម ជិតព្រំដែនកូសាំងស៊ីន (កម្ពុជាក្រោម) ហើយព្រះនាម ព្រះបាទជយវរ្ម័ន ទី ៧ ត្រូវបានរំលឹកជាញឹកញាប់ នៅក្នុងសិលាចារឹកចាមថា ជាអ្នកចម្បាំងមួយយ៉ាងធំ ។ លោកបានសន្និដ្ឋានថា « សិលាចារឹកដែលមានចាប់ពីប្រទេសលាវខាងក្រោម ទៅឆេ្នរសមុទ្រអណ្ណាម និងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះ បានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គ ខ្លះទៀតអំពីអំពើល្អរបស់ព្រះអង្គ។ ទាំងនេះបានបំភ្លឺពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាពងងឹតនៃអតីតកាលរបស់ប្រទេសកម្ពុជា » ។
ភាពងងឹតក៏បានរសាយដោយសារការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល ៤០ ឆ្នាំ របស់លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះនាមរបស់សេ្តចអង្គនេះ គេទើបនឹងបានស្គាល់នៅ គ.ស. ១៩០០ ពេលគេបង្កើត សាលាបារាំងចុងបូព៌ា ។ ឥឡូវនេះ គេចាត់ទុកព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុង ចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផេ្សងទៀតនៃប្រទេសកម្ពុជា។ ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុត គិតទាំងប្រទេសចម្ប៉ាផង និងកសាងប្រាសាទជាច្រើនពាសពេញប្រទេស។ សិលាចារឹកជាច្រើន ដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹកបី គឺ សិលាចារឹកតាព្រហ្ម ព្រះខ័ន និងបន្ទាយឆ្មារ ដែលព្រឹត្តិបត្រនៃសាលាបារាំងចុងបូព៌ា (Bulletin de L’École française d’Extrême-Orient) បានបោះពុម្ពផ្សាយ។ បទបញ្ញត្តិនៃមន្ទីរពេទ្យ ក្នុងសិលាចារឹកនៅផែ្នកខាងក្រោម មកពីប្រាសាទភិមានអាកាស ដែលគេបានប្រទះឃើញ នៅ គ.ស. ១៩១៦ ក្នុងព្រះបរមរាជវាំងអង្គរធំ និងសិលាចារឹកចាមមួយនៅមីសឺន (Mỹ-Sơn) គឺលោក ល្វី ហ្វ៊ីណូត៍ បានបោះពុម្ពនៅក្នុងព្រឹត្តិបត្រនៃសាលាបារាំង។ ព្រះបាទ ជយវរ្ម័ន ទី ៧ ខ្លាំងពូកែដូចព្រះមហាក្សត្របារាំងសែស ព្រះនាម ល្វី ទី ៧ (Louis VII) និង ហ្វ៊ីលីព្ព អូហ្គុស្ត (Philippe Auguste) ដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នា។
ព្រះរាជពង្សាវតាររបស់ព្រះអង្គ ត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់។ ព្រះវររាជបិតារបស់ព្រះអង្គ សោយរាជ្យរយៈពេលយ៉ាងខ្លីក្នុងរវាង គ.ស. ១១៥៥។ ព្រះអង្គម្ចាស់ជយវរ្ម័ន ទី ៧ ត្រូវជាបងប្អូនជីទួតមួយនឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់បានធ្វើសង្រ្គាមរហូតដល់តុងកឹង និងកសាងប្រាសាទអង្គរវត្ត ជាប្រាសាទចេតិយរបស់ព្រះអង្គ។ ព្រះវររាជមាតារបស់ព្រះអង្គ ជាប់សាលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេស ដែលគ្រប់គ្រងប្រទេសជិតពេញ ស.វ. ទី ១១ និងព្រះរាជិនីកម្ពុជាសម័យបុរេអង្គរ។ ព្រះអង្គម្ចាស់ជយវរ្ម័នប្រសូតនៅរវាង គ.ស. ១១២០ ឬយ៉ាងយូរណាស់ គ.ស. ១១២៥ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយព្រះអង្គបានរៀបអភិសេក ពីកេ្មងបន្តិច ជាមួយក្សត្រីជយរាជទេវី ដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេស ។
ក្រោយមក ព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ព ទៅវាយប្រទេសចាម្ប៉ានៅតំបន់វិជ័យ (បច្ចុប្បន្នខេត្តប៊ិញឌិញ ប្រទេសវៀតណាម)។ អវត្តមាននៃព្រះស្វាមីបានធ្វើឲ្យ ព្រះនាងជយរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ទុក្ខ ដែលសិលាចារឹកនៃ ព្រះបរមរាជវាំង សរសេរដោយព្រះនាងឥន្រ្ទទេវី ត្រូវជាបងបង្កើតរបស់ព្រះនាង។ សិលាចារឹកបានរៀបរាប់ថា ព្រះនាងស្ថិតនៅអន្លង់ជ្រោះទឹកភែ្នក ទួញសោកដូចនាងសិតាព្រាត់ប្រាសពីព្រះស្វាមី ព្រះនាងសុំបន់ស្រន់សូមឲ្យព្រះស្វាមីវិលវិញ មធ្យោបាយបំភេ្លចទុក្ខសោកដ៏មហិមានេះ ព្រះនាងបានបួសជាបស្វីក្នុងព្រាហ្មណ៍សាសនា និង ក្រោយមក បួសក្នុងព្រះពុទ្ធសាសនា ។
សិលាចារឹកបានសរសេរថា « ទទួលការសិក្សាអប់រំពីបងស្រីបង្កើត ព្រះនាងគិតថា ព្រះពុទ្ធសាសនាជាទីស្រឡាញ់ពេញចិត្ត ព្រះនាងប្រកាន់យកមាគ៌ារបស់ព្រះពុទ្ធសាសនា ដែលជាមាគ៌ាដ៏ស្ងប់ ដើម្បីឆ្លងកាត់ភ្លើងទុក្ខ និងសមុទ្រនៃសេចក្តីឈឺចាប់ »។ នៅពេលដែលព្រះបាទជយវរ្ម័ន ទី ៧ គង់នៅប្រទេសចាម្ប៉ា ព្រះបិតារបស់ព្រះអង្គ គឺព្រះបាទធរណី ន្រ្ទវរ្ម័នទី ២ ទ្រង់ចូលទិវង្គត ហើយព្រះមហាក្សត្រដែលស្នងរាជ្យបន្ត ព្រះនាមយ សោវរ្ម័ន ទី ២ ដែលគេមិនស្គាល់ពីជីវប្រវត្តិ ។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ មានព្រឹតិការណ៍សោកសៅមួយ ដែលមានចារនៅក្នុងសិលាចារឹក និងរូបចម្លាក់នៅប្រាសាទបន្ទាយឆ្មារ។ សិលាចារឹក និងរូបចម្លាក់ប្រាសាទនេះ បានឲ្យដឹងថា ព្រះបាទយសោវរ្ម័នទី២ ត្រូវរាហុវាយលុកដូចពេលមុន សូរ្យគ្រាស ឬចន្រ្ទគ្រាស តែបាន យុវក្សត្រមួយអង្គ ជួយសង្រ្គោះ ទំនងជាព្រះរាជបុត្រណាមួយរបស់អនាគតព្រះបាទជយវរ្ម័ន ទី ៧ ។
សិលាចារឹកសរសេរថា « នៅពេលដែលភរតរាហុបះបោរប្រឆាំងនឹងព្រះបាទយសោវរ្ម័ន ដើម្បីវាយលុក ដណើ្តមព្រះរាជវាំង កងទ័ពការពារទីក្រុង បានបាក់ទ័ពរត់អស់… ព្រះអង្គម្ចាស់ចូលប្រយុទ្ធ។ ទាហានពីរនាក់ បានចូលរួមប្រយុទ្ធជាមួយព្រះអង្គ ហើយបានទទួលជ័យជំនះលើភរតរាហុ » ។ ប៉ុនែ្ត ព្រះបាទយសោវរ្ម័នទី២ បានត្រូវមន្រ្តីជាន់ខ្ពស់ម្នាក់ដណ្តើមរាជ្យ ដោយយកនាមថា ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥។ ព្រះអង្គម្ចាស់ជយវរ្ម័ន ក៏ប្រញាប់ប្រញាល់យាងត្រឡប់មកពីចាម្ប៉ា ដើម្បីជួយ សង្គ្រោះព្រះបាទយសោវរ្ម័នទី២។ សិលាចារឹកបានបន្តទៀតថា « ប៉ុនែ្ត ព្រះបាទយសោវរ្ម័ន ទី ២ ត្រូវអ្នកជ្រែករាជ្យធ្វើគុត ហើយព្រះអង្គម្ចាស់ជយវរ្ម័ន ក៏គង់នៅប្រទេសកម្ពុជា ដើម្បីរង់ចាំ ពេលវេលាល្អនឹងស្រោចស្រង់ស្ថានការណ៍ ដែលពោរពេញទៅដោយអំពើឧក្រិដ្ឋ ។ ព្រះអង្គម្ចាស់ក្សត្រី ដែលកៀ្រមក្រំដោយទុក្ខ ពីព្រោះព្រះស្វាមីអវត្តមាន ក៏រលាយពីសេចក្តីទុក្ខព្រួយវិញ ដោយព្រះនាងចង់ឃើញព្រះអង្គរំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់ » ។ ព្រះអង្គម្ចាស់ជយវរ្ម័ន ដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេល និងបានឃើញអ្នកជ្រែករាជ្យនៅលើរាជបល្ល័ង្ក ព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចាម្ប៉ាវិញឡើយ និងដោយសារមានការជួយទស្សនៈពីមហេសីផង ព្រះអង្គក៏គង់នៅកម្ពុជា « រង់ចាំពេលវេលាល្អសមស្រប » ។ ព្រះអង្គត្រូវរង់ចាំអស់រយៈពេល ១៥ ឆ្នាំ ។ ក្នុងពេលជាមួយគ្នា ដែលនៅកម្ពុជាមានការជ្រែករាជ្យ នៅប្រទេសចាម្ប៉ាក៏មានការជ្រែករាជ្យដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះនាម ជ័យឥន្រ្ទវរ្ម័ន។ សេ្តចអង្គនេះបានលើកសួយសារអាករទៅ ថ្វាយសេ្តចអាណ្ណាម ព្រះនាម លី អាញ់តុន នៅ គ.ស. ១១៧០ ដើម្បីឲ្យប្រទេសនេះស្ថិតនៅអព្យាក្រឹត ។
ក្នុងពេលនេះ ព្រំដែនខាងជើងនៃប្រទេសចម្ប៉ា ស្ថិតនៅក្នុងភាពស្ងប់ស្ងៀម ហើយសេ្តចជ្រែករាជ្យចាម ក៏លើកទ័ពវាយលុកប្រទេសកម្ពុជា។ សិលាចារឹកភិមានអាកាសសរសេរទៀតថា « ព្រះបាទជ័យឥន្រ្ទវរ្ម័ន (សេ្តចចាម) ឥតកោតខ្លាចដូចក្រុងរាពណ៍ នៅលើរថ កាន់អាវុធវាយប្រយុទ្ធប្រទេសកម្ពុជា »។ ប៉ុនែ្ត ការវាយលុកនេះពុំបានទទួលជោគជ័យទេ។ សេ្តចចាមនាមជ័យឥន្រ្ទវរ្ម័ន បានដូរយុទ្ធវិធីពីវាយតាមជើងគោក ទៅវាយតាមជើងទឹកវិញ។ នៅ គ.ស. ១១៧៧ សេ្តចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខែ្មរ ដោយមានចិនលិចសំពៅម្នាក់ ជួយនាំផ្លូវ។ ទ័ពនោះបានចូលតាមទនេ្លមេគង្គ ហើយឡើងរហូតដល់បឹងទនេ្លសាប។ ក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃចាម ហើយសេ្តចជ្រែករាជ្យត្រីភូវនាទិត្យវរ្ម័ន ក៏ត្រូវធ្វើគត់ក្នុងសមរភូមិ។ កងទ័ពចាមក៏ចូលកាន់កាប់ទីក្រុង ហើយបំផ្លិចបំផ្លាញ និងប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់អស់ពីទីក្រុង។ ព្រះរាជបល្ល័ង្កត្រូវនៅទំនេរ គ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះអង្គម្ចាស់ជយវរ្ម័ន ឈេ្វងយល់ថា ពេលវេលាល្អបានមកដល់ហើយ។ ប៉ុនែ្ត មុននឹងប្រកាសជាសេ្តចសោយរាជ្យ ព្រះអង្គត្រូវរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់បរទេស។ ព្រះអង្គក៏បានលើកទ័ពដេញកម្ចាត់ពួកចាមតាមជើងទឹក ដូចដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ហើយបានរំដោះប្រទេសទាំងមូល។ បួនឆ្នាំក្រោយការឈ្លានពានរបស់ចាមនៅ គ.ស. ១១៧៧ នៅ គ.ស. ១១៨១ ប្រទេសកម្ពុជាបានសុខសន្តិភាព ហើយព្រះអង្គម្ចាស់ជយវរ្ម័ន ក៏ប្រកាសឡើងគ្រងរាជ្យ។ នៅក្នុងពេលជាមួយនោះ ព្រះអង្គបាន កសាងរាជធានីឡើងវិញ។ « ទីក្រុងយសោធបុរៈ ដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់ បានផ្សំផ្គុំជាមួយ គូដណ្តឹងរបស់ខ្លួនក្នុងតណ្អា ដែលពុះកញ្ជ្រោលលម្អទៅដោយរាជវាំងអំពីត្បូងមានតម្លៃ និងគ្របដណ្តប់ទៅ ដោយកំផែង។ គូស្វាមីភរិយានេះ បានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជា ដើម្បីបង្កើតសុភមង្គលនៃសត្វលោក ក្រោមជ័យជំនះដ៏ធំធេង ដែលព្រះអង្គដណ្តើមយកបាន » ។ សិលាចារឹកមួយនៅជ្រុងកំពែង អង្គរធំ បានសរសេរថា រាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះ គ្មានអ្វីក្រៅពីទីក្រុងអង្គរធំទេ ពុំមែនប្រាសាទបាខែងនៅចុង ស.វ. ទី ៩ ឡើយ តែជាទីក្រុងបច្ចុប្បន្ន ដែលមជ្ឈមណ្ឌលជាប្រាសាទបាយ័ន។ ក្នុងពេលដែលចាមចូលលុកលុយប្រទេសនា គ.ស. ១១៧៧ តាមអ្នកប្រវត្តិសាស្រចិន ឈ្មោះ ម៉ា ទួនលិន ថា ព្រះអង្គម្ចាស់ជយវរ្ម័ន « បានសច្ចាថា នឹងសងសឹកសត្រូវរបស់ព្រះអង្គ ហើយកិច្ចការនេះ អត់ទ្រាំដោយស្ងាត់កំបាំងរយៈពេល ១៥ ឆ្នាំ » ។ ប៉ុនែ្ត មុននឹងសម្រេចសេចក្តីសច្ចារបស់ព្រះអង្គ ដើម្បីធ្វើសង្រ្គាមនឹងចាមនៅក្នុងប្រទេស ព្រះអង្គត្រូវបង្រ្កាប ការបះបោរនៅផែ្នកខាងត្បូងនៃទឹកដីបាត់ដំបង។ ដើម្បីបង្រ្កាបការបះបោរនេះ ព្រះអង្គបានបញ្ជា ក្សត្រចាមមួយអង្គ នាម វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅបង្រ្កាបបានរាបទាបឡើងវិញ។ គួរបញ្ជាក់ថា ក្សត្រចាមនេះបានមករស់នៅអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមីសឺន បានសរសេរថា « កាលពីកុមារភាពរបស់ព្រះអង្គ នៅ គ.ស. ១១៨២ ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅប្រទេសកម្ពុជា។ ព្រះមហាក្សត្រប្រទេសកម្ពុជា (គឺព្រះបាទជយវរ្ម័ន ទី ៧ បានឡើងសោយរាជ្យឆ្នាំមុន) បានទតឃើញលក្ខណៈ ៣៣ យ៉ាងរបស់ព្រះអង្គម្ចាស់។ ក៏មានព្រះទ័យស្រឡាញ់សព្វព្រះរាជងឲហ្ឫទ័យ ហើយព្រះអង្គបង្រៀនវិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តដល់ព្រះអង្គម្ចាស់ នៅពេលដែលព្រះអង្គម្ចាស់គង់នៅប្រទេសកម្ពុជា រាជាណាចក្រនេះមានតំបន់មួយឈ្មោះ មល្យង ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើង ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្រ្គាម ក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរ ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណបំណាច់ ព្រះមហាក្សត្រខែ្មរទ្រង់ព្រះរាជទានកិត្តិយស និងទ្រព្យសម្បត្តិ ដែលមានតម្លៃខ្ពស់ៗ ដល់ទ្រង់វិទ្យានន្ទន៍ » ។
នៅ គ.ស. ១១៩០ ព្រះបាទជយវរ្ម័ន ទី ៧ បានធ្វើឲ្យប្រទេសដាយវៀត (នៃមហារាជា លី កៅទន់) នៅ អព្យាក្រឹត ដើម្បីឲ្យងាយស្រួលក្នុងការវាយចាម ក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តច ចាមជ័យឥន្រ្ទវរ្ម័ន ទី ៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជយវរ្ម័ន ទី ៧ ទ្រង់លើកទ័ព ប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា ? សិលាចារឹកនៅប៉ោនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយក បានក្រុងវិជ័យ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជ័យឥន្រ្ទវរ្ម័នទី ៤ ជាឈ្លើយ មកថ្វាយព្រះបាទជយវរ្ម័ន ទី ៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជយវរ្ម័ន ទី ៧ ឈ្មោះ អិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជ័យ ដោយមានព្រះបរមនាមថា សូរ្យជយវម៌ទេវៈ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបាណ្ឌុរង្គ (ផានរ៉ាង) ហើយឡើងសោយរាជ្យនៅទីនោះ ដោយមានព្រះរាជបរមនាមថា សូរ្យវម៌ទេវៈ ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាម វិទ្យានន្ទន៍។ តែមិនយូរប៉ុន្មាន ពួកចាមនៅវិជ័យ បះឡើង ដោយបណេ្តញព្រះអង្គម្ចាស់អិន រត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាម ព្រះនាម រសុបតិ ឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជ័យឥន្រ្ទវរ្ម័ន ទី ៥ (រសុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូល ពី គ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះបាទជយវរ្ម័ន ទី ៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញ តែឥត ប្រយោជន៍ រហូតដល់ គ.ស. ១២០៣ ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀត ព្រះនាម អុងធនបតិក្រាម ដែលត្រូវជាឪពុកមារបស់ទ្រង់វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅវាយកម្ចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី គ.ស. ១២០៣ ដល់ ១២២០ ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។ ការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើត ដែលជាប្រទេសជិតខាង ពុំបានទប់ស្កាត់មិនឲ្យព្រះអង្គ ពង្រីកទឹកដីទៅខាងជើង និងខាងលិចនៃប្រទេសកម្ពុជាឡើយ គឺនៅក្នុងរជ្ជកាលនេះហើយ ដែលសិលាចារឹកសាយហ្វុង (ជិតក្រុងវៀងចន្ទន៍) បានបញ្ជាក់ពីកាលបរិចេ្ឆទ ហើយអ្នកប្រវត្តិសាស្រ្តចិន បាននិយាយពីអំណាចរបស់ព្រះបាទជយវរ្ម័ន ទី ៧ បានភ្ជាប់ទឹកដីមួយផែ្នកនៃឧបទ្វីបមឡាយូ និងវាតអំណាចរហូតដល់ប្រទេសភូមា។ ម្យ៉ាងទៀត សិលាចារឹកមួយនៃប្រាសាទព្រះខ័នបានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូរ្យភក្ត និងព្រហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំង ព្រះរាជានៃយវនៈ និងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា។ ព្រាហ្មណ៍សូរ្យភក្ត ប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុង ព្រះបរមរាជវាំង។ ព្រះរាជានៃយវនៈ គឺជាអធិរាជ លី អាញ់តុង (Lý Anh Tông) ដែលសោយរាជ្យនៅ គ.ស. ១១៧៥ មានព្រះបរមនាមសម្រាប់រាជ្យថា លីកាវតុង (Lý Cao Tông) និងសោយរាជ្យរហូតដល់ គ.ស. ១២១០។ ព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា គឺព្រះរាជាសោយរាជ្យនៅក្រុងវិជ័យ (ប៊ិញឌិញ) ដែលត្រូវជាព្រះអនុជថៃ្លនៃព្រះបាទជយវរ្ម័ន ទី ៧ និងព្រះរាជាដែលសោយរាជ្យនៅបាណ្ឌុរង្គ (ផានរ៉ាង) គឺទ្រង់វិទ្យានន្ទន៍ ដែលការពារដោយព្រះជយវរ្ម័ន ទី ៧។
គេបានដឹងថា ការថ្វាយទឹកមន្តមានន័យថា ទទួលស្គាល់ការស្ថិតនៅក្នុងចំណុះនៃប្រទេសដែលគេ ថ្វាយនោះ។ ទំនៀមនេះ នៅមានរហូតដល់សព្វថៃ្ងនេះ។ នៅក្នុងរាជវាំងក្រុងភ្នំពេញ ឬបាងកក នៅពេលពិធីអភិសេកសេ្តចឡើងសោយរាជ្យ ទឹកមន្តសម្រាប់ធ្វើពិធី គឺជាទឹកដែលទទួលបានពីទនេ្លសំខាន់ៗ នៃប្រទេស និងពីខេត្តផេ្សងៗ នៃព្រះរាជាណាចក្រ ។ ការស្ថិតនៅក្រោមចំណុះប្រទេសកម្ពុជា នៃប្រទេសចាម្ប៉ាទាំងពីរ មិនយូរអងែ្វងដូចនៅក្រោមអំណាចរបស់ជ្វា អំណាចរបស់មហារាជអណ្ណាមឡើយ ។ ក្រោយពីព្រះនាងជយរាជទេវីសោយព្រះពិរាល័យទៅ ព្រះបាទជយវរ្ម័ន ទី ៧ បានរៀបរាជាភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀមបង្កើតរបស់ព្រះនាងជយទេវី។ ក្សត្រីអង្គនេះជាស្រ្តីសម្បូរទៅដោយចំណេះវិទ្យា។ ព្រះនាងបានទទួលតំណែងជាសាស្រ្តាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ហើយបានកសាងសិលាចារឹកភិមានអាកាស ដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះជីវប្រវត្តិនៃព្រះបាទជយវរ្ម័ន ទី ៧។ គេមិនដឹងច្បាស់ថា ព្រះបាទជយវរ្ម័ន ទី ៧ សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យរហូតដល់ គ.ស. ១២១៨។ ព្រះអង្គមានព្រះមរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតមួយរូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែលជាសក្ខីភាពប្រាប់ថា សាសនាព្រាហ្មណ៍នៅពេលនោះ នៅមានឥទ្ធិពលខ្លាំងគួរសមដែរ។ តាមរូបបដិមាព្រះបាទជយវរ្ម័ន ទី ៧ មានសាច់មាំ ព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចម្លាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទពិមាយជិតគោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះ គឺជាព្រះរូប របស់ព្រះបាទជយវរ្ម័ន ទី ៧។
អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត ? មានរូបចម្លាក់ពីរនាសម័យនោះ គឺរូបចម្លាក់ នៅហោជាងប្រាសាទតូច ដែលគេហៅថា មន្ទីរពេទ្យ ស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ ដើម្បីសែ្វងយល់អំពីរឿង « សេ្តច គម្លង់ » ប៉ុនែ្ត ពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ។ ហើយលោកបានផ្តល់អត្ថបទរបស់លោកវេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរ បានប្រគល់ឲ្យគាត់ នៅ គ.ស. ១៩៣៤ អំពីអត្ថាធិប្បាយលើក្បាច់ចម្លាក់នៃប្រាសាទបាយ័នដូចតទៅ ៖
« កំភួនដៃ និងដៃនៃអ្នកជំងឺ ជាវត្ថុបំណងនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីស្រ្តីដែលនៅព័ទ្ធជុំវិញ។ កាយវិការនៃស្រ្តីម្នាក់ មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្តាំ បើកឲ្យធំ ដើម្បីឲ្យគេចាប់អារម្មណ៍ទៅលើចំណុចដែលសំខាន់បំផុត »។
« អវយវៈក្រោម ទ្រដោយវត្ថុមួយនៅក្រោមជង្គង់ »។
« ស្រ្តីម្នាក់លើកជើងស្តាំរបស់មនុស្សនោះ ដោយដៃឆេ្វង និងដៃស្តាំដូចជារឹតច្របាច់គក់ជើងឆេ្វង »។
« កាយវិការនៃស្រ្តីទាំងនេះ ដូចជាចង្អុលបង្ហាញថា មនុស្សនោះមានជំងឺនៅចុងអវយវៈ គឺជំងឺឃ្លង់?» ការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួន នៃមនុស្សនោះ មានថូមួយ ដែលដាក់ផែ្លឈើរាងមូលពេញ។ ផែ្លឈើនេះប្រហែលជាផែ្លក្របៅ (Chaulmoogra) ។ ដើមក្របៅ (Hydnocarpus anthelmintica) ជាដើមឈើ ដែលដុះពាសពេញព្រៃ [៣]។ប្រភពពី:http://sombokrean.wordpress.com/
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
No comments:
Post a Comment