រវាងពាក្យ«ប្រោស»និង«ប្រោះ» មានសូរសព្ទដូចគ្នា តែន័យផ្សេងគ្នា។ ពាក្យ«ប្រោស»សំដៅលើ ការអនុគ្រោះ, សេចក្តីមេត្តាប្រណី។ ចំណែក «ប្រោះ»សំដៅលើ រលាស់ទឹក។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ប្រោស»មានន័យថា ជាសេចក្តីអនុគ្រោះ, រាប់អានដោយមេត្តាប្រណី, សេចក្តីស្រោចស្រង់។ ឧទាហរណ៍៖ ប្រោសប្រាណ ប្រោសឲ្យមានជីវិត។ ចំណែកពាក្យ «ប្រោះ»មានន័យថា រលាស់ទឹករឿយៗ ដោយផ្ទាត់នឹងម្រាមដៃ ឬដោយចម្រៀកស្លឹកចេក, ចម្រៀកស្លឹកឬស្សី ឬចម្រៀកផ្តៅ ជាដើម។ ឧទាហរណ៍៖ ប្រោះទឹកក្រអូប, ប្រោះទឹកអប់។ នេះបើផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតដដែល៕
