ការអត់ធ្មត់ ឬធម៌ខន្តី សំដៅដល់ការអំណត់ អត់ឱន សេចក្តីអត់ធន់ អត់ទ្រាំនូវកំហឹង និងអត់ធ្មត់នឹងទុក្ខកង្វល់ជាដើម។
«ទុក្ខ»
ពាក្យថា «ទុក្ខ» លោកដៅយកភាពអត់, ភាពទ្រាំ, ភាពធ្ងន់, ភាពខំ, ភាពប្រឹង, ភាពទប់, ភាពទល់, ភាពទ្រ, ភាពអត់ធ្មត់ តស៊ូ ។ល។ ក្នុងន័យថា ទ្រាំកើត, ទ្រាំរស់, ទ្រាំចាស់, ទ្រាំឈឺ, ទ្រាំស្លាប់, ទ្រាំក្រៀមក្រំ, ទ្រាំ ខ្សឹកខ្សួល, ទ្រាំលើទ្រាំ, ទ្រាំថ្នាំងថ្នាក់, ទ្រាំសេចក្តីចង្អៀតចង្អល់, ទ្រាំប្រើរបស់មិនជាទីស្រឡាញ់, ទ្រាំ បាត់បង់របស់ជាទីស្រឡាញ់, ប្រាថ្នា ចង់បានរបស់ណា មិនបានរបស់នោះទ្រាំភាពមិនបាននោះ, ទ្រាំ ភាពមានខន្ធប្រាំ នេះជាទុក្ខដុំធំៗ ។ ទ្រាំស្រែក, ឃ្លាន, ក្តៅ, ត្រជាក់ ។ ទ្រាំបរិភោគកាម, ទ្រាំស៊ី, ផឹក, ខ្លាច, ហ៊ាន, ដេក, ដើរ, ឈរ, អង្គុយ, ។ល។ នេះជាទុក្ខដុំតូចៗ ។ ទ្រាំស្រឡាញ់, ទ្រាំស្អប់, ទ្រាំជំលោះ, ទ្រាំ សប្បាយ, ទ្រាំក្រ, ទ្រាំមាន, ទ្រាំតូច, ទ្រាំធំ ។ល។ នេះជាទុក្ខត្រាច់ចរ តាមពេលវេលា ។ ក្នុងន័យថា សត្វ លោករស់នៅក្នុងទម្រាំទាំងមាន ទាំងក្រ ទាំងគ្មាន គ្រប់ៗអាត្មា គ្រប់ៗភព ។ នេះឯងគឺទុក្ខសច្ចៈភាពពិត នៃទុក្ខ ។ព្រះបរមត្រទ្រង់រំឭកតទៅទៀតថា
“វិរិយេន ទុក្ខមច្ឆេតិ “ចង់រួចចាកទុក្ខត្រូវព្យាយាម” ចំពោះការងារគ្រប់ចំពូក។
ភាសិតសម័យវិទ្យាសាស្ត្រថា “ខំស៊ូចំពោះធម្មជាតិ...ក្តៅ, ត្រជាក់, ឈឺចាប់ កុំទម្រន់ខ្លួន។
ការឆេវឆាវ ឆាប់ខឹង មិនចេះស៊ូទ្រាំ គឺជាបញ្ហារបស់បេះដូង តែការមានសតិដឹងពិនិត្យមើលលើកំហឹង គឺជាតួនាទីរបស់ខួរក្បាល។ ការមិនចេះអត់ធ្មត់ ឬពុំចេះអត់ទ្រាំនឹងស្ថានភាពតានតឹងខ្លះ គឺជាហេតុនាំឲ្យការងារខ្លះ ឬគោលបំណងជាច្រើនត្រូវបរាជ័យ។ មនុស្សដែលជោគជ័យ គឺជាបុគ្គលដែលពូកែអត់ធ្មត់។
«អត់ធ្មត់, ភ្ញាក់រឭក, ស្ទុះស្ទា» ជាគន្លឹះនៃការអភិវឌ្ឍខ្លួន
ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងជោគជ័យនៅក្នុងជីវិត ត្រូវតែជាមនុស្សដែលចេះអត់ធ្មត់, ចេះភ្ញាក់រឭក និងស្ទុះស្ទា។
ការអត់ធ្មត់ គឺត្រូវមានស្មារតីអំណត់អត់ធន់ឲ្យបានខ្លាំងបំផុតក្នុងការធ្វើកិច្ចការ និងរាល់ការមើលងាយដោយការវាយប្រហារពីនរណាម្នាក់ ឬក្រុមណាមួយ។ ហើយ ការភ្ញាក់រឭក គឺត្រូវមានភាពឈ្លាសវៃក្នុងកិច្ចការងារ និងកាតព្វកិច្ចរបស់ខ្លួន ដោយមានការដាសតឿនក្រើនរឭកស្មារតី រាស់សកម្មភាព និងកិច្ចការដែលខ្លួនត្រូវបំពេញ។ រីឯ ការស្ទុះស្ទា គឺត្រូវតែព្យាយាម និងស្វះស្វែងខំបំពេញកិច្ចការ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
ភាពអត់ធ្មត់របស់មនុស្សគឺមានកម្រិតខុសៗគ្នា អ្នកខ្លះមានចរិតឆេវឆាវ អ្នកមានមានចិត្តនឹងធឹង ឯអ្នកខ្លះទៀតមានចិត្តស្ងប់ដូចជាថ្ម ពេលជួបបញ្ហាក៏អាចគ្រប់គ្រងស្ថានការបាន មិនស្លន់ស្លោ មិនភិតភ័យ។
ចិត្តអត់ធ្មត់គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ប្រសិនបើអ្នកមិនព្យាយាមគ្រប់គ្រងចិត្តរបស់ខ្លួនឯង ហើយបណ្តោយតាមតែចិត្តគ្រប់យ៉ាងនោះ អ្នកប្រាកដជាត្រូវក្លាយជាខ្ញុំកញ្ជះដាច់ថ្លៃរបស់តណ្ហាយ៉ាងពិតប្រាកដ ហើយរឹតតែមិនអាចសម្រចបានជោគជ័យអ្វីនៅក្នុងជីវិតនោះឡើយ។
បើសង្កេតជាក់ស្តែង មិនថាការរៀនសូត្រ ធ្វើការងារ បើបណ្តោយតាមចិត្តគឺគ្មានមនុស្សណាចង់រៀន ចង់លំបាក ចង់ធ្វើការនោះឡើយ។ ងាកទៅផ្នែកសីលធម៌សង្គម មនុស្សដែលគ្មានការអត់ធ្មត់ តស៊ូ ច្បាស់ណាស់ថាគេនឹងអាចជ្រើសរកផ្លូវមិនល្អ ដើម្បីតែខ្លួនឯងបានដល់គោលដៅឆាប់រហ័ស មិនថាត្រូវកេងប្រវ័ញ្ញ ឬបោកបញ្ឆោតអ្នកដទៃ ឬជួញដូរនូវផលិតផលខុសច្បាប់យ៉ាងណាក៏ដោយ។ ចំណែកមនុស្សដែលប្រកាន់យកនូវផ្លូវល្អ បើមិនចេះអត់ធ្មត់ ក៏គង់តែធ្លាក់ក្នុងការអូសទាញពីមនុស្សអាក្រក់ ឱ្យងាកទៅរកអំពើអាក្រក់ ស្រា ស្រី ល្បែង ដោយខានមិនបាន ដ្បិតតថភាពក្នុងសង្គមយើងឃើញច្បាស់ហើយ ហេតុនេះទើបដូនតាខ្មែរបានចងក្រងជាសុភាសិតមួយថា«កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់» ត្រូវចេះអត់ទ្រាំ អប់រំចិត្តរបស់អ្នក ព្រោះចិត្តដែលចេះអត់ទ្រាំ រមែងនាំមកនូវសេចក្តីសុខ។ ចិត្តអំណត់ គឺជាអំណាច។
ព្រះពុទ្ធសម្តែងថា«សេចក្តីអត់ធនជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ សេចក្តីអត់ធនជាគ្រឿងដុតបន់នូវបាបរបស់អ្នកដែលមានតបធ៌ម សេចក្តីអត់ធនជាកម្លាំងរបស់អ្នកប្រព្រឹត្តធ៌ម សេចក្តីអត់ធន ជាគុណជាតិនាំមកនូវប្រយោជន៍និងសេចក្តីសុខ»។ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងជោគជ័យនៅក្នុងជីវិត ត្រូវតែជាមនុស្សដែលចេះអត់ធ្មត់, ចេះភ្ញាក់រឭក និងស្ទុះស្ទា។
ការអត់ធ្មត់ គឺត្រូវមានស្មារតីអំណត់អត់ធន់ឲ្យបានខ្លាំងបំផុតក្នុងការធ្វើកិច្ចការ និងរាល់ការមើលងាយដោយការវាយប្រហារពីនរណាម្នាក់ ឬក្រុមណាមួយ។ ហើយ ការភ្ញាក់រឭក គឺត្រូវមានភាពឈ្លាសវៃក្នុងកិច្ចការងារ និងកាតព្វកិច្ចរបស់ខ្លួន ដោយមានការដាសតឿនក្រើនរឭកស្មារតី រាស់សកម្មភាព និងកិច្ចការដែលខ្លួនត្រូវបំពេញ។ រីឯ ការស្ទុះស្ទា គឺត្រូវតែព្យាយាម និងស្វះស្វែងខំបំពេញកិច្ចការ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
ប្រសិនបើ អ្នកអាចជម្នះនឹងបញ្ហាទាំង៣នេះបាន នោះអ្នកនឹងក្លាយជាមនុស្សល្អបំផុត ដែលអាចកែប្រែ គ្រប់គ្រង និងដឹកនាំជីវិតរបស់ខ្លួនបាន។
វិធី ៤ចំណុចធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សមានភាពអត់ធ្មត់ខ្ពស់នៅក្នុងជីវិត
ការអត់ធ្មត់ចំពោះរឿងអ្វីមួយពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា ហើយត្រូវមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ មនុស្សម្នាក់ៗអាចហ្វឹកហាត់ខ្លួនឯងឱ្យមានភាពអត់ធ្មត់ខ្ពស់នៅក្នុងខ្លួន ទើបធ្វើអ្វីៗទទួលបានជោគជ័យ និងមានផ្លែផ្កាល្អនៅជីវិត។ វីធីបួនចំណុចអ្នកមិនគួររំលង ដើម្បីឱ្យអ្នកមានភាពអត់ធ្មត់ខ្ពស់។
១. ធ្វើឱ្យខ្លួនឯងចេះរង់ចាំ ៖ វិធីល្អបំផុតដើម្បីអនុវត្តការអត់ធ្មត់គឺធ្វើឱ្យខ្លួនអ្នករង់ចាំ។ អ្នកចាប់ផ្តើមជាមួយរឿងតិចតួច ដូចជា ការរង់ចាំពីរបីនាទីបន្ថែមទៀតដើម្បីផឹកទឹកដោះគោ ហើយបន្ទាប់មកផ្លាស់ទៅធ្វើអ្វីផ្សេងទៀត។ អ្នកនឹងចាប់ផ្តើមទទួលបានការអត់ធ្មត់កាន់តែច្រើននៅពេលអ្នកអនុវត្តខ្លួនឯងឱ្យចេះរង់ចាំច្រើនឡើង។
២. ឈប់ធ្វើអ្វីដែលមិនមែនជារឿងសំខាន់ ៖ មនុស្សទាំងអស់គ្នាមានអ្វីៗនៅក្នុងជីវិតដែលចំណាយពេលធ្វើអ្វីដែលមិនសំខាន់។ វិធីមួយក្នុងការបំបាត់ភាពតានតឹងចេញពីជីវិតគឺត្រូវឈប់ធ្វើរឿងមិនសំខាន់ទាំងនោះ។ អ្នកគួរតែក្រឡេកមើលកាលវិភាគរបស់អ្នកចាប់ពីពេលអ្នកភ្ញាក់ពីគេងដល់ម៉ោងអ្នកចូលគេង ដោយដករឿងណាមិនសំខាន់មិនគួរធ្វើចេញ ហើយវាជាពេលវេលាមួយដែលត្រូវរៀនបដិសេធទៅលើរឿងដែលបណ្តាលឱ្យអ្នកស្ត្រេស ដោយចាប់ផ្ដើមធ្វើអ្វីឱ្យអ្នកមិនចេះអត់ធ្មត់។
៣. ប្រុងប្រយ័ត្នរឿងដែលធ្វើឱ្យអ្នកមិនអាចអត់ធ្មត់បាន ៖ វាពិតជាគួរឱ្យធុញទ្រាន់នៅពេលអ្នកមានអារម្មណ៍ថាខ្លួនឯងមិនមានការរីកចម្រើនទៅលើអ្វីដែលបានព្យាយាមសម្រេចធ្វើវានោះ។ អ្នកត្រូវសរសររឿងដែលមិនអាចអត់ធ្មត់ជាមួយវានោះចេញមក ដើម្បីឱ្យអ្នកអាចទុកវាមួយឡែកសិន ធ្វើបែបនេះនឹងជួយឱ្យកាត់បន្ថយការគិតមិនល្អ និងផ្តោតលើកិច្ចការណាមួយបានត្រឹមត្រូវ ដោយលុបចោលនូវអ្វីដែលធ្វើឱ្យអ្នកតានតឹង។
៤. សម្រាកនិងដកដង្ហើមឱ្យវែង៖ ការដកដង្ហើមវែងៗ យឺតៗ អាចជួយឱ្យចិត្តនិងរាងកាយយើងមានភាពស្ងប់ល្អ។ នេះជាវិធីងាយបំផុតដើម្បីជួយបន្ធូរអារម្មណ៍អន្ទះអន្ទែងដែលអ្នកកំពុងជួបប្រទះ។ ចេះប្រើពេលវេលាប្រចាំថ្ងៃដើម្បីសម្រាកឱ្យបានល្អ ទើបបំបាត់អារម្មណ៍តានតឹង នោះសេចក្តីរីករាយនឹងកើតឡើងពិតប្រាកដ៕
------------------
ប្រសិនបើ អ្នកអាចជម្នះនឹងបញ្ហាទាំង៣នេះបាន នោះអ្នកនឹងក្លាយជាមនុស្សល្អបំផុត ដែលអាចកែប្រែ គ្រប់គ្រង និងដឹកនាំជីវិតរបស់ខ្លួនបាន
ការអត់ធ្មត់តែងមានរសជាតិល្វីងជូរចត់ តែផ្លែផ្កានៃការអត់ធ្មត់ នឹងផ្តល់នូវរសជាតិផ្អែមគួរជាទីមោទន។
រូបភាព សូក្រាត និង ភរិយា បង្រៀនយើងលើសពីតថភាព ប៉ុន្តែអំពីសច្ចៈធម៌។ សូក្រាត ជាគ្រូរបស់ ប្លាតូ, ផ្តល់យោបល់ព្រះរាជាក្នុងការដឹកនាំនគរ, និងមានឥទ្ធិពលផ្នែកគំនិតលើពិភពលោក….តែ សូក្រាត ប្រឈមជាប្រចាំជាមួយមនុស្សម្នាក់គឺ ប្រពន្ធគាត់។ ទស្សនៈវិជ្ជា នៅទីនេះគឺ «អ្នកមិនអាចដឹកនាំមនុស្ស ដែលមិនព្រមដើរតាមអ្នកនោះទេ»។
🌼ឃរាវាសធម៌ ឬ វិន័យ-ច្បាប់ សម្រាប់ក្រហស្ថ ប្រុសស្រី សង្គមគ្រួសារ នីមួយៗ ប្រជាជន-អ្នកស្រុក សមាគម រដ្ឋ ប្រទេសជាតិ សម្រាប់កាន់តាម អនុវត្តតាម ប្រតិបត្តិតាមធ្វើតាមដើម្បីបាននូវសុខ-សន្តិភាពជានិរន្តរ៍។
សំណួរ- ដូចម្តេចដែលហៅថា ឃរាវាសធម៌?
ចម្លើយ- ដែលហៅថា ឃរាវាសធម៌ គឺជាធម៌ឬច្បាប់របស់គ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ សម្រាប់កាន់ឬប្រតិបត្តិតាម ។
១- សច្ចៈ សេចក្តីទៀងត្រង់ដល់គ្នានិងគ្នា។
២- ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់មិនហិង្សា។
៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ។
៤- ចាគៈ លះបង់ទ្រព្យសម្បត្តិឲ្យអ្នកដទៃដែលគួរឲ្យ។
អត្ថាធិប្បាយ- គ្រហស្ថទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែងតែងតែមានភរិយា បុត្រធីតា ដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន ។ សមាជិកទាំងនោះរមែងមានអត្តចរិតផ្សេងៗពីគ្នា ទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ ។ ខ្លះមាននិស្ស័យជាអ្នកចូលចិត្តតែសប្បាយហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេងក្រមាច់ក្រមើម ខ្លះចំណូលខាងភូតភរកុហកគេ កុហកឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះទៀតជាមនុស្សស្មោះត្រង់ហើយប្រាថ្នាតិច ចូលចិត្តការស្ងប់ស្ងាត់ មិនចង់បានមានអ្វីឲ្យហួសហេតុដែលផ្ទុយពីចរិយាសម្បត្តិរបស់មាតាបិតា ។ ដោយហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយ ហើយមានអធ្យាស្រ័យ និងលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗដូច្នោះហើយ បានជាព្រះសម្មាសម្ពុទ្ធសំដែងអំពីសច្ចធម៌នេះ ថាជាធម៌សម្រាប់ទំនាក់ទំនងគ្នាល្អវិសេស អាចបង្កើតសាមគ្គីភាពក្នុងគ្រួសារនីមួយៗបាន ។ បើមនុស្សទាំងនោះមានការរួបរួមគ្នាហើយ សេចក្តីសុខ ចម្រើនក្នុងផ្ទៃនៃគ្រួសារទាំងមូលពិតជាមានប្រាកដពុំខាន ។ សច្ចធម៌នេះក៏មានអានុភាពធំធេង លាតសន្ធឹងវែងឆ្ងាយរហូតដល់ប្រជាជនក្នុង
ប្រទេសទាំងមួល ឲ្យប្រព្រឹត្ត ឲ្យកាន់ទៀតផង ។ ជាពិសេស អ្នកដឹកនាំជាតិក៏ត្រូវកាន់ទង់សច្ចធម៌នេះមុនគេបង្អស់ហើយជាក់លាក់ទៀត ។
គុណធម៌ដ៏ល្អដែលជាលក្ខណសម្បត្តិដ៏ប្រសើរបំផុត ក៏ត្រូវមានសច្ចធម៌ជាមូលដ្ឋាន ឬជាដើមចមនេះឯងបានជាបណ្ឌិត ទាំងឡាយចងក្រងអត្ថបទចែងថា អ្នកដឹកនាំកំពូលប្រទេសនីមួយៗត្រូវមានសម្បទាធម៌ដូចខាងក្រោមនេះ ៖
ក- ធ្វើការបំរើជាតិដោយសុទ្ធចិត្ត និងសច្ចធម៌គ្រប់១០០%(Vérité c’est le respect les citoyens)ស្មោះត្រង់ប្រជាជនទៀងត្រង់នឹងប្រជាជន លើកប្រយោជន៍ជាតិជាធំជាងប្រយោជន៍ផ្ទាល់ខ្លួន មិនកេងប្រវញ្ចន៍កាញ់លើខ្នងប្រជារាស្ត្រមិនប្រឡាក់ប្រឡូសដោយអំពើពុករលួយ លក់សម្បត្តិជាតិ សម្បត្តិរដ្ឋឥតក្តីអាសូរ ស្អាតស្អំជានិច្ច ជាអចិន្ត្រៃយ៍ មានតណ្ហាតិច មិនធ្វើការអ្វីដែលជាមូលហេតុនៃសេចក្តីទុក្ខព្រួយដល់ជាតិទាំងមួល ។
ខ- មានសេចក្តីប្រាថ្នាតិច ធ្វើការបំរើជាតិមិនស្គាល់ថ្ងៃ មិនស្គាល់យប់ អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ហើយមិនចង់បានអ្វីសម្រាប់ខ្លួននិងគ្រួសារខ្លួន គោលបំណងជាចម្បងធំបំផុត គឺចង់ឲ្យប្រទេសជាតិរីកចំរើនគ្រប់វិស័យ រុងរឿងដូចអារ្យប្រទេសនានាលើសកលលោក និងប្រជារាស្ត្ររបស់ខ្លួនបានជួបសន្តិភាពក្សេមក្សាន្តជានិរន្តរ៍ ជីវភាពប្រជាជនរីកធូរធារស្រស់បំព្រងដូចៗគ្នា ។
គ- មានបញ្ញាភ្លឺថ្លាមោះមុត ដូចរស្មីនៃព្រះអាទិត្យ អាចឆ្លុះមើលឃើញនូវប្រវត្តិសាស្ត្រ ភូមិសាស្ត្រនៃប្រទេសខ្លួន ក្នុងអតីតកាលយ៉ាងណាដែលត្រូវយកមកជាមេរៀនក្នុងបច្ចុប្បន្នកាលនេះ និងមើលឃើញការវិវឌ្ឍន៍នៃប្រទេសជាតិទៅអនាគតវែងឆ្ងាយ យូរអង្វែងតទៅទៀត ។
ឃ-មានចំណេះដឹងគ្រប់គ្រាន់ដែលនឹងអាចយកទៅបម្រើប្រទេសជាតិបានដោយបរិបូណ៌ ។ នេះគឺជារឿងធម្មតា អ្នកដឹកនាំតែងតែជួបប្រទះនឹងពាក្យទិទៀន ឬពាក្យសរសើរពីសំណាក់ប្រជាជន ព្រោះអីរឿងលោកធម៌វាតែងតែកើតមានយ៉ាងនេះហើយតាំងពីព្រេងនាយមកម៉្លេះ ។ តែផ្ទុយទៅវិញបើមគ្គុទ្ទេសក៍មិនយកចំណេះដែលខ្លួនមាទៅអនុវត្តក្នុងផ្លូវត្រូវ ផ្លូវល្អទេ ក៏មិនបានផលប្រយោជន៍អ្វីដល់ប្រជាជាតិដែរ ។
ង- អ្នកដឹកនាំជាតិ អង្គុយធ្វើការតែក្នុងផ្ទះកញ្ចក់ មិនកំបាំងភ្នែកមហាជន បានសេចក្តីថាប្រជាជនអាចមើលសកម្មភាពឬការងាររបស់អ្នកដឹកនាំបានគ្រប់ពេលវេលា ។
ច- ហ៊ានពុះពាររហូតដល់លះបង់ជីវិតក្នុងគ្រាដែលប្រទេសជាតិជួបប្រទះវិបត្តិ និងសង្គ្រាម ដូចជាសង្គ្រាមដែលបរទេសឈ្លានពានបង្កចូលមក ។ អត្ថបទដែលពណ៌នាមកនេះ គឺជាបុគ្គលិកលក្ខណៈដ៏ថ្លៃថ្លា កាត់ថ្លៃមិនបានរបស់អ្នកកាន់ចង្កូតរដ្ឋនេះឯង ។ បើប្រទេសណាមានអ្នកដឹកនាំដូចខាងលើនេះ ប្រទេសនឹងរីកចម្រើនជាភិយ្យោភាព យ៉ាងជាក់ស្តែងនៅនាលោកីយ៍នេះ ។បើគ្រួសារនីមួយៗ ឬប្រជាជនក្នុងប្រទេសបានតាំងនៅស៊ប់មាំក្នុងសច្ចធម៌ គឺសេចក្តីទៀងត្រង់រវាងគ្នានឹងគ្នាហើយ ក៏តោងមាន ៖
ទមធម៌ (ទមៈ-ធម៌) គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាលត់ដំ គឺធ្វើឲ្យចិត្តស្ងប់ស្ងាត់ ទន់ភ្លន់ កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នាថែមទៀត ។ ចិត្តជាសភាវៈតែងតែត្រិះរិះអារម្មណ៍ផ្សេងៗមិនឈប់ឈរ តែងតែរំភើបញ័បញ័រពិបាកនឹងការពារឬទប់ទល់ឲ្យនៅនឹងមួយកន្លែងបាន ។ អ្នកប្រាជ្ញបានពោលថា បុគ្គលណាបានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្តីសុខដែលជាបំណងធំបំផុតរបស់មនុស្សលោក ។ ពិតមែនតែចិត្តជាអរូបី យើងមិនអាចមើលឃើញដោយចក្ខុទេ តែវាអាចបង្គាប់បញ្ជាលើរូបកាយទាំងមូលបាន ។ យ៉ាងនេះហើយបានជាព្រះសាស្តាប្រដៅសត្វលោកឲ្យអប់រំចិត្តអោយមានសភាពទន់ភ្លន់ល្អ អោយវៀរចាកអកុសលធម៌ទាំងពួង មានការប្រព្រឹត្តអាក្រក់ដោយកាយ ឬដោយវាចាជាដើម ទៅលើមនុស្ស ឬសត្វដែលនៅជុំវិញខ្លួនយើង ។ ចិត្តនេះ ទោះបីរបឹងរឹងរូសដូចម្តេចក្តីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរមិនខុសពីជាងធ្នូពត់តម្រង់កូនសរឲ្យត្រង់ដែលអាចបាញ់ចំគោលដៅក្នុងទិសទាំងបួនដូចសេចក្តីប្រាថ្នាបាន ។ បើលំអិតចិត្តបានហើយ ទើបបំពេញកិច្ចការសម្រេចបាន ។ ការងារគ្រប់យ៉ាង ទោះលំបាកក្តី ស្រណុកក្តី ដែលអាចសម្រេចតាមបំណងបាន ក៏អាស្រ័យទៅលើការធ្វើដោយសេចក្តីព្យាយាមនិងសេចក្តីអត់ធន់
ដែលលោកហៅថា ៖
ខន្តី គឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាង ក្នុងការបំពេញកិច្ចនោះៗ ។ ការងារទាំងឡាយមិនអាចសម្រេចដោយឯងៗ ដោយគ្រាន់តែគិត ឬនឹកចង់នោះទេ លុះត្រាតែធ្វើហើយអំណត់ទៀតផងទើបសម្រេច ។ ខន្តី
លោកចាត់ជាតបៈធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែង សម្រាប់កំចាត់អកុសលធម៌ទាំងឡាយ មានហិង្សាជាដើម និងជាអលង្កាដ៏ប្រសើររបស់បុរសស្ត្រីផង ។ កាលបើមានការអំណត់អត់ឱនចំពោះគ្នានឹងគ្នាហើយ ក៏ត្រូវមានការចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនតទៅទៀត ដែលលោកហៅថាចាគៈនេះឯង ។
ចាគៈ គឺជាការលះបង់កំណាញ់ ហើយយកទ្រព្យសម្បត្តិទៅធ្វើជាទានដល់អ្នកដែលគួរនឹងឲ្យ ពីព្រោះគ្រហស្ថត្រូវបែង
សម្បត្តិរបស់ខ្លួនជា ៥ ផ្នែកគឺៈ
១- ចិញ្ចឹមខ្លួន និងមាតាបិតាបុត្តភរិយាទាសកម្មករឲ្យបានសេចក្តីសុខ ។
២- ទំនុកបម្រុងកល្យាណមិត្តឲ្យបានសុខ ។
៣- កំចាត់អន្តរាយដែលកើតអំពីភ័យផ្សេងៗ ។
៤- ធ្វើពលី ៥យ៉ាង មានញាតិពលីជាដើម ។
៥- ឲ្យទានដល់សមណព្រាហ្មណ៍ដែលប្រព្រឹត្តល្អ ។
អ្នកស្វែងរកទ្រព្យសម្បត្តិបានមកដោយផ្លូវល្អ ផ្លូវសុចរិតហើយ គួរតែចេះកាន់យកប្រយោជន៍នៃទ្រព្យនោះឲ្យបាន មិន
ត្រូវទុកទ្រព្យឲ្យនៅទំនេរទេ ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើម បុគ្គលនោះ
ឈ្មោះថាកាន់យកនូវប្រយោជន៍នៃទ្រព្យនោះទុកបាន ។ បើប្រើបា្រស់ទ្រព្យក្នុងផ្លូវឥតប្រយោជន៍ ដូចលេងល្បែងភ្នាល់
និងផ្គាប់ផ្គុនស្រីជាដើម ឈ្មោះថាមិនកាន់យកនូវប្រយោជន៍នៃទ្រព្យនោះឡើយ ។
ចិញ្ចឹមមិត្តសម្លាញ់ឲ្យបានសុខ គឺថាយើងរើសយកតែកល្យាណមិត្ត ឯបាបមិត្ត យើងមិនត្រូវចែកចាយឲ្យទេ ត្បិតអី
អាសេវនធម៌ជារឿងធំបំផុតនៃជីវិតមនុស្សយើង សូម្បីតែព្រះពុទ្ធជាម្ចាស់សំដែងក្នុងមង្គលសូត្រ៣៨ប្រការ ក៏ចាប់យកការសេពគប់ជាមុនដែរ ដូចបទថា អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា ជាដើម ប្រែសេចក្តីថា ចូរអ្នកកុំសេពគប់នឹងមនុស្សពាល ឲ្យសេពគប់តែបណ្ឌិត ទើបសន្មតថាជាមង្គលគឺសេចក្តីចម្រើន។ ហេតុនេះបានជាព្រះអង្គឲ្យសង្គ្រោះតែមិត្តដែលអាចពឹងពាក់ ឬជួយធុរៈយើងគ្រប់ពេលវេលាក្នុងគ្រាក្រ ។
ចំណាយទ្រព្យសម្បត្តិ កំចាត់អន្តរាយដែលកើតពីហេតុផ្សេងៗនោះ គឺបំបាត់អន្តរាយដែលកើតអំពីភ័យគ្រប់យ៉ាងមានអគ្គីភ័យ ភ័យអំពីភ្លើងឆេះ ចោរភ័យ ភ័យអំពីចោរលួច ឧទកភ័យ ភ័យអំពីទឹកលិចជាដើម ដោយកម្លាំងទ្រព្យដែលអាចចាត់វិធានការការពារយ៉ាងម៉ឺងម៉ាត់ មិនឲ្យកើតឡើងបាន ។
ត្រូវជួយសង្គ្រោះញាតិ ទៅតាមលំដាប់ថ្នាក់ក្នុងជួរទាំងសង្ខាងដែលហៅថាញាតិពលី ។ ត្រូវធ្វើបដិសណ្ឋារៈដ៏ល្អចំពោះភ្ញៀវដែលមកសំណាក់ក្នុងផ្ទះរបស់ខ្លួន ហៅថា អតិថិពលី ។ ត្រូវធ្វើបុណ្យឧទ្ទិសផលដល់បុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលចែកឋានទៅកាន់បរលោកហើយ ហៅថា បុព្វប្បេតពលី ។ ត្រូវបង់ពន្ធដារជូនរដ្ឋតាមប្រពៃណីនៃច្បាប់ប្រទេសនីមួយៗ ហៅថា រដ្ឋពលី ។ ទេវតាដែលជាសម្មាទិដ្ឋិរក្សាគ្រប់គ្រងលោកធាតុទាំងមូល ឲ្យតាំងនៅក្នុងសេចក្តីសុខគ្រប់ទីកន្លែង ។ អ្នកម្ចាស់ទីកន្លែងត្រូវតែធ្វើបុណ្យឧទ្ទិសផលឲ្យតាមគតិនិយមចំពោះទេវតាទាំងនោះហៅថា ទេវតាពលី ។ សមណព្រាហ្មណ៍ដែលប្រកបដោយសីលាចារវត្ត ជាអ្នកបំពេញកិច្ចខាងផ្លូវសាសនា ឬបំពេញសាធារណប្រយោជន៍ដល់មហាជនទូទៅ ក៏គួរទទួលឋានៈជាបុគ្គលដែលត្រូវគេគោរពបូជាដែរ ។
ការធ្វើអត្ថាធិប្បាយអំពីឃរាវាសធម៌ទាំង ៤ប្រការ ដែលទាក់ទងទៅនឹងការបែងចែកទ្រព្យរបស់គ្រហស្ថ ក៏សមគួរដល់កាលវេលានឹងបញ្ចប់តែប៉ុណ្ណេះ សូមសាធុជនទាំងឡាយ ជួបប្រទះតែសេចក្តីសុខចម្រើនអស់កាលជានិរន្តរ៍តទៅ ។
កាព្យរំលឹក
ឃរាវាសធម៌ ៤ប្រការ
ដែលព្រះសាស្តាទ្រង់សំដែង
បើអ្នកប្រព្រឹត្តយ៉ាងជាក់ស្តែង
អ្នកនោះរមែងជួបក្តីសុខ ។
បើមិនប្រព្រឹត្តឲ្យទៀងទាត់
គង់តែនឹងភ្លាត់ជួបក្តីទុក្ខ
ហិនហោចខ្លោចផ្សារតទៅមុខ
មិនបានក្តីសុខទេលោកអើយ ។
☘️បិ១៩ សិង្គាលកសូត្រ☘️ពុទ្ធឱវាទ
No comments:
Post a Comment