ថ្ងៃនេះនៅក្នុងព្រះពុទ្ធសាសនា
[...] កាលពី ៤៨៤ ឆ្នាំមុនគ.ស. ចំថ្ងៃ ១៥កើត ខែកត្តិក គឺជាថ្ងៃដែលព្រះសារីបុត្រ អគ្គសាវ័កស្ដាំរបស់ព្រះសម្មាសម្ពុទ្ធ លោកចូលបរិនិព្វាន នៅស្រុកនាលកៈ ឬនាលន្ទា ដែនមគធៈ នគររាជគ្រឹះ ដែលជារឿងសោកសៅជាទីបំផុតរបស់សិស្សគណលោក ដែលមិនទាន់បានអរហត្ត។
សូមជូននូវសាច់រឿងសង្ខេបនាថ្ងៃដែលលោកបរិនិព្វាននោះដូចតទៅ៖
[...] សម័យមួយ ព្រះសារីបុត្រគង់ចូលសមាបត្តិ។ លុះលោកចេញពីសមាបត្តហើយ ក៏គិតថា ជាធម្មតាព្រះពុទ្ធជាម្ចាស់និងអគ្គសាវ័ក តើនរណាបរិនិព្វានមុន? ហើយលោកក៏ជ្រាបថា អគ្គសាវ័កបរិនិព្វានមុន។ លោកក៏ពិចារណាមើលអាយុសង្ខាររបស់លោក ឃើញថានៅតែ ៧ ថ្ងៃទៀតនឹងបរិនិព្វាន។ លោកក៏បានពិចារណាទៀតថា លោកគួរតែបរិនិព្វានក្នុងទីណា? ពេលនោះលោកស្រាប់តែរលឹកដល់ញោមស្រីរបស់លោក ដែលនៅជាមិច្ឆាទិដ្ឋិ(មានការយល់ខុស)នៅឡើយ។ លោកក៏មើលឧបនិស្ស័យរបស់ញោមលោក ដឹងថាញោមស្រីមានឧបនិស្ស័យអាចសម្រេចសោតាបត្តិមគ្គ ដោយបានស្តាប់ធម៌របស់លោក។ លោកក៏សម្រេចចិត្តទៅផ្ទះញោមស្រីដើម្បីប្រោសញោម ហើយនិងបរិនិព្វានក្នុងបន្ទប់ដែលលោកប្រសូត។
ព្រះសារីបុត្រគិតហើយ ក៏ទៅសុំអនុញ្ញាតិ ថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធ ដើម្បីនឹងបរិនិព្វាន។ ព្រះអង្គក៏បានឱ្យព្រះសារីបុត្រសម្តែងធម៌ទេសនាជាលើកចុងក្រោយរបស់លោក។ លុះសម្តែងចប់ហើយ ព្រះសារីបុត្របានធ្វើដំណើរចេញទៅជាមួយនឹងភិក្ខុ៥០០រូប ដោយមានមហាជនជាច្រើនជូនដំណើរលោករហូតដល់ទ្វារនគរ។
ក្នុងថ្ងៃដែលទៅដល់ផ្ទះញោម យប់នោះព្រះធម្មសេនាបតីមានអាពាធយ៉ាងខ្លាំងក្លា (រោគធ្លាក់ឈាម)។ ទេវតាទាំងឡាយមកសុំមើលព្យាបាលជំងឺឱ្យលោក តែលោកបានបដិសេធ។ គ្រានោះ ញោមរបស់លោកបានឃើញទេវតាទាំងឡាយ លុះទេវតាទៅវិញអស់ ទើបញោមស្រីចូលទៅសួរលោកអំពីអ្នកដែលមកមុននេះ។ ព្រះសារីបុត្រក៏ប្រាប់ថា ហ្នឹងគឺព្រះឥសូរ ព្រះព្រហ្ម មហារាជទាំង៤។ នាងព្រាហ្មណីក៏គិតក្នុងចិត្តថា យើងធ្លាប់គោរពបូជាព្រះព្រហ្ម តែពេលនេះព្រះព្រហ្មបែរជាមកថ្វាយបង្គំបុត្ររបស់យើងវិញ។ បើដូច្នេះ ព្រះសាស្តារបស់បុត្រយើង នឹងធំជាងនេះទៅទៀត។ គិតរួច នាងព្រាហ្មណីក៏សួរអំពីគុណរបស់ព្រះពុទ្ធជាម្ចាស់។ ព្រះសារីបុត្របានរៀបរាប់គុណទាំងឡាយរបស់ព្រះអង្គ ហើយក៏បានធ្វើឱ្យនាងព្រាហ្មណីមានចិត្តជ្រះថ្លា សោតាបត្តិមគ្គក៏បានកើតប្រាដកដល់ញោមស្រីរបស់លោកក្នុងពេលនោះ។
ពេលទៀបភ្លឺ ព្រះសារីបុត្របានឱ្យព្រះចុន្ទត្ថេរ ដែលជាប្អូនរបស់លោក ប្រកាសសង្ឃមកប្រជុំគ្នា នឹងអាលបានសុំខមាទោសនូវទោសកំហុសណាដែលលោកបានធ្វើដោយកាយឬដោយវាចាមិនជាទីគាប់ចិត្តដល់សិស្សរបស់លោក។ លុះសុំខមាទោសគ្នាទៅវិញទៅមកស្រេចហើយ ព្រះសារីបុត្រក៏យកចីវរមួយផ្ទាំងគ្របមុខ ហើយចូលសមាបត្តិក្នុងវិហារធម៌ដោយលំដាប់៩យ៉ាង (រូបជ្ឈាន៤ អរូបជ្ឈាន៤ និងសញ្ញាវេទយិតនិរោធ) ហើយក៏បញ្ច្រាស់ទៅមក លុះចេញពីចតុត្ថជ្ឈាន លោកក៏បរិនិព្វានដោយអនុបាទិសេសនិព្វាន នៅពេលដែលអរុណោទ័យប្រាកដឡើងឯនាយជើងមេឃ ត្រូវនឹងថ្ងៃ ១៥កើត ខែកត្តិក។៚
សូមអនុមោទនា!
No comments:
Post a Comment