ព្រះរាជាគណៈ ជាក្រុមមន្ត្រីសង្ឃជាន់ខ្ពស់នៅក្នុងពុទ្ធសាសនាកម្ពុជា។ រាជាគណៈនេះមាន ៤ ថ្នាក់គឺថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា។ ចំពោះព្រះរាជាគណៈថ្នាក់ឯក ត្រូវបានជ្រើសរើសឱ្យធ្វើជាគណៈសង្ឃនាយក (តួនាទីមានចែងក្នុងគណៈសង្ឃនាយក)។ ដោយឡែក រាជាគណៈក្នុងតំណែង ៣ ទៀតគឺ ទោ ត្រី ចត្វា ព្រមទាំងរាជាគណៈកិត្តិយស តោងមានតួនាទីនិងភារកិច្ចដូចគ្នា។ នៅក្នុងសម័យបុរាណរហូតមកដល់ឆ្នាំ ១៩៤៨ គណៈសង្ឃជាន់ខ្ពស់ មានសម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយកបានរៀបចំឱ្យព្រះរាជាគណៈ បំពេញតួនាទីរបស់ខ្លួនដោយចាត់ទៅតាមបណ្ដាខេត្ត/ក្រុងនីមួយៗ មានប៉ុន្មានអង្គៗ ទៅតាមទំហំការងារនៃខេត្ត/ក្រុងនីមួយៗ។
ការងារដែលមន្ត្រីសង្ឃរាជាគណៈគ្រប់ថ្នាក់ ត្រូវបំពេញរួមមាន៖
១. ជាសេនាធិការរបស់សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក
២. បំពេញតួនាទីជាមន្ត្រីសង្ឃថ្នាក់កណ្ដាល និងមានភារៈចូលរួមក្នុងព្រះរាជពិធី ជាប្រពៃណីរបស់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងនិងក្រៅរាជវាំងតាមលំអានពីបុរាណ
៣. ការត្រួតមើលការងារគ្រប់គ្រងរបស់មន្ត្រីសង្ឃ និងឧបជ្ឈាយ៍ខេត្ត/ក្រុង អនុវត្តការងារដែលសង្ឃសន្និបាតប្រចាំឆ្នាំបានដាក់ចុះកាលពីឆ្នាំកន្លងមក
៤. ជួយតម្រង់ទិសដៅការងារមន្ត្រីសង្ឃថ្នាក់មូលដ្ឋានឱ្យត្រូវតាមទិសដៅ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
៥. ស្រង់យកលទ្ធផលការងាររបស់ខ្លួន និងធ្វើរបាយការណ៍ស្តីពីការងាររបស់មន្ត្រីសង្ឃថ្នាក់មូលដ្ឋាន និងវាយតម្លៃទៅលើលទ្ធផលការងារក្នុងខេត្ត/ក្រុង របស់ខ្លួនទទួលបន្ទុក ហើយរាយការណ៍ទូលថ្វាយ សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក
៦. ចុះតាមមូលដ្ឋានខេត្ត/ក្រុង ដើម្បីពិនិត្យទៅលើវិស័យពុទ្ធិកសិក្សា ដោយសិក្សាទៅលើចំណុចរីកចម្រើន និងចំណុចមិនរីកចម្រើន ព្រមទាំងចំណុចខ្សោយនិងចំណុចខ្លាំង
៧. ដឹកនាំព្រះមេគណខេត្ត/ក្រុងដែលខ្លួនទទួលបន្ទុក ចូលគាល់សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយករៀងរាល់ឆ្នាំតាមប្រពៃណីដែលហៅថា «ឡើងគណ» ដោយរាយការណ៍ទៅលើចំណុចរីកចម្រើន និងចំណុចមិនរីកចម្រើន ព្រមទាំងចំណុចខ្វះខាតនិងចំណុចគ្រប់គ្រាន់
៨. ចូលរួមប្រជុំអនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំ ដើម្បីផ្ដល់យោបល់កែលម្អលើកយកចំណុចខ្វះខាត ដែលខ្លួនជួបប្រទះក្នុងខេត្ត/ក្រុងរបស់ខ្លួនទទួលបន្ទុកដាក់ក្នុងមហាសន្និបាតប្រចាំឆ្នាំ ដើម្បីឱ្យអង្គសន្និបាតជួយដោះស្រាយ និងផ្ដល់អនុសាសន៍ជាមួយអង្គមហាសន្និបាតសំដៅលើកទិសដៅទៅឆ្នាំខាងមុខ។
តួនាទីនិងភារកិច្ចដែលព្រះរាជាគណៈត្រូវបំពេញនេះ ក៏ត្រូវបានអនុវត្តជាប្រក្រតីរហូតមកដល់ទសវត្សទី ៥០-៦០ និងពាក់កណ្ដាលទី ៧០ ហើយនិងដល់បច្ចុប្បន្ននេះ ក៏អនុវត្តដែរ តែមិនទាន់ពេញលេញនៅឡើយ។





No comments:
Post a Comment