[កំណត់ដឹងនូវអាយតនៈនិងការបដិបត្តិក្នុងទ្វារវិថីចិត្ត][វដ្តៈនេះយេីងមិនត្រូវរត់គេចទេ វដ្តៈនេះយេីងត្រូវបដិបត្តិដេីម្បីរត់ចេញ ព្រេាះធម៌បច្ចុប្បន្នមិនមែនជាព្រះនិពា្វន]
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌ ដែលមានចំនួនប្រាំមួយឆក្កៈ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២៨៦] ព្រះមានព្រះភាគបានត្រាស់ដូច្នេះថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង អាយតនៈខាងក្រៅ ៦ ក៏គួរដឹង វិញ្ញាណកាយ (ពួកវិញ្ញាណ) ៦ ក៏គួរដឹង ផស្សកាយ (ពួកផស្សៈ) ៦ ក៏គួរដឹង វេទនាកាយ (ពួកវេទនា) ៦ ក៏គួរដឹង តណ្ហាកាយ (ពួកតណ្ហា) ៦ [មាតិកានេះហើយ ដែលពាក្យខាងដើមថា ៦ឆក្កៈ គឺធម៌មានពួក៦ មានចំនួន៦ដង។] ក៏គួរដឹង។
[២៨៧] ឯពាក្យថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខ្វាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ មនាយតនៈ ១។ ពាក្យណា ដែលតថាគត ពោលហើយថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី១ ។
[២៨៨] ពាក្យថា អាយតនៈខាងក្រៅ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ រូបាយតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ ធម្មាយតនៈ ១។ ពាក្យណា ដែលតថាគត ពោលហើយថា អាយតនៈខាងក្រៅ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី២។
[២៨៩] ពាក្យថា វិញ្ញាណកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប១ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង១ ឃានវិញ្ញាណ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន១ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស១ កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ១ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍១។ ពាក្យណា ដែលតថាគតពោលហើយថា វិញ្ញាណកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៣។
[២៩០] ពាក្យថា ផស្សកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ ឃានវិញ្ញាណ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ ពាក្យណា ដែលតថាគត ពោលហើយថា ផស្សកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៤។
[២៩១] ពាក្យថា វេទនាកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា១។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង… ឃានវិញ្ញាណ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា១។ ពាក្យណា ដែលតថាគត ពោលហើយថា វេទនាកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៥។
[២៩២] ពាក្យថា តណ្ហាកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំនៃ របស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា ព្រោះវេទនាជាបច្ច័យ ទើបមានតណ្ហា១។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង… ឃានវិញ្ញាណ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា ព្រោះវេទនាជាបច្ច័យ ទើបមានតណ្ហា១។ ពាក្យណា ដែលតថាគត ពោលហើយថា តណ្ហាកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៦។
[២៩៣] បុគ្គលណានិយាយយ៉ាងនេះថា ភ្នែកជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ភ្នែក គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះ បានជាថា បុគ្គលណា និយាយថា ភ្នែកជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែក មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា រូបជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) រូប គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា រូបជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា ចក្ខុវិញ្ញាណជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចក្ខុវិញ្ញាណ គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចក្ខុវិញ្ញាណជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណ ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា ចក្ខុសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចក្ខុសម្ផ័ស្ស គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចក្ខុសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណមិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) វេទនា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណមិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស មិនមែនជាខ្លួន វេទនា ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) តណ្ហា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណមិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស មិនមែនជាខ្លួន វេទនា មិនមែនជាខ្លួន តណ្ហា ក៏មិនមែនជាខ្លួនឡើយ។
[២៩៤] បុគ្គលណានិយាយថា ត្រចៀកជាខ្លួន… បុគ្គលណានិយាយថា ច្រមុះជាខ្លួន… បុគ្គលណា និយាយថា អណ្តាតជាខ្លួន… បុគ្គលណា និយាយថា កាយជាខ្លួន… បុគ្គលណា និយាយថា ចិត្តជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចិត្ត គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់ នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចិត្តជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា ធម្មារម្មណ៍ជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ធម្មារម្មណ៍ គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់ នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ធម្មារម្មណ៍ជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។
ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា មនោវិញ្ញាណជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) មនោវិញ្ញាណ គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា មនោវិញ្ញណជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណានិយាយថា មនោសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) មនោសម្ផ័ស្ស គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា មនោសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ មិនមែនជាខ្លួន មនោសម្ផ័ស្ស ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) វេទនា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ មិនមែនជាខ្លួន មនោសម្ផ័ស្ស មិនមែនជាខ្លួន វេទនា ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) តណ្ហា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។
ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ មិនមែនជាខ្លួន មនោសម្ផ័ស្ស មិនមែនជាខ្លួន វេទនា មិនមែនជាខ្លួន តណ្ហា ក៏មិនមែនជាខ្លួនឡើយ។
[២៩៥] ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាដំណើរកើតនៃសក្កាយ។ បុគ្គលពិចារណាឃើញចក្ខុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញចក្ខុសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញត្រចៀកថា នុ៎ះរបស់អញ… ពិចារណាឃើញច្រមុះថា នុ៎ះរបស់អញ… ពិចារណាឃើញអណ្តាតថា នុ៎ះរបស់អញ… ពិចារណាឃើញកាយថា នុ៎ះរបស់អញ… ពិចារណាឃើញចិត្តថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញធម្មារម្មណ៍ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។
[២៩៦] ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាដំណើររលត់ទៅនៃសក្កាយ។ បុគ្គល ពិចារណាឃើញចក្ខុថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។
ពិចារណាឃើញចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញចក្ខុសម្ផ័ស្សថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញត្រចៀកថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញច្រមុះថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញអណ្តាតថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញកាយថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញចិត្តថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញធម្មារម្មណ៍ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញមនោសម្ផ័ស្សថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។
[២៩៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំនៃរបស់ទាំង៣ ហៅថា ផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី កើតឡើងព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខវេទនាពាល់ត្រូវ រមែងរីករាយ ក្អាកក្អាយ តាំងនៅក្នុងសេចក្តីពេញចិត្ត រាគានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលបើទុក្ខវេទនាពាល់ត្រូវ រមែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង បដិឃានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលបើអទុក្ខមសុខវេទនាពាល់ត្រូវ រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្តីវិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់ចេញ នូវវេទនានោះ អវិជ្ជានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះឯង បើទុកជាមិនបាច់លះបង់ នូវរាគានុស័យ ក្នុងសុខវេទនា មិនបាច់បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា មិនបាច់គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា មិនបាច់លះបង់ នូវអវិជ្ជា មិនបាច់ញុំាងវិជ្ជា ឲ្យកើតឡើងក៏ដោយ ក៏គង់ជាអ្នកធ្វើនូវទីបំផុត នៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង… ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… កាយវិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខវេទនាពាល់ត្រូវ រមែងរីករាយ ក្អាកក្អាយ តាំងនៅក្នុងសេចក្តីពេញចិត្ត រាគានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង បដិឃានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលអទុក្ខមសុខវេទនាពាល់ត្រូវ រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្តីវិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់ចេញ នូវវេទនានោះ អវិជ្ជានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះឯង បើទុកជាមិនបាច់លះបង់ នូវរាគានុស័យ ក្នុងសុខវេទនា មិនបាច់បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា មិនបាច់គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា មិនបាច់លះបង់នូវអវិជ្ជា មិនបាច់ញុំាងវិជ្ជាឲ្យកើតឡើងក៏ដោយ ក៏គង់ជាអ្នកធ្វើទីបំផុត នៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។
[២៩៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខវេទនាពាល់ត្រូវ រមែងមិនរីករាយ មិនក្អាកក្អាយ មិនតាំងនៅក្នុងសេចក្តីពេញចិត្តទេ រាគានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេងទេ បដិឃានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាលអទុក្ខមសុខវេទនាពាល់ត្រូវ រមែងដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្តីវិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់ចេញ នូវវេទនានោះ អវិជ្ជានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះឯង លះបង់នូវរាគានុស័យ ក្នុងសុខវេទនា បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើងហើយ និងជាអ្នកធ្វើទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ ម្នាលភិក្ខុទាំងឡាយ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង… ម្នាលភិក្ខុទាំងឡាយ ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ម្នាលភិក្ខុទាំងឡាយ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… ម្នាលភិក្ខុទាំងឡាយ កាយវិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… ម្នាលភិក្ខុទាំងឡាយ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលសុខវេទនាពាល់ត្រូវ រមែងមិនរីករាយ មិនក្អាកក្អាយ មិនតាំងនៅក្នុងសេចក្តីពេញចិត្តទេ រាគានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេងទេ បដិឃានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាលអទុក្ខមសុខវេទនាពាល់ត្រូវ តែងដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្តីវិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់ចេញ នូវវេទនានោះ អវិជ្ជានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះឯង លះបង់នូវរាគានុស័យ ក្នុងសុខវេទនា បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើងហើយ និងជាអ្នកធ្វើទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២៩៩] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលមានសេចក្តីចេះដឹង កាលយល់ឃើញ យ៉ាងនេះ ក៏នឿយណាយ ក្នុងភ្នែកផង នឿយណាក្នុងរូបផង នឿយណាយក្នុងចក្ខុវិញ្ញាណផង នឿយណាយ ក្នុងចក្ខុសម្ផ័ស្សផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងតណ្ហាផង នឿយណាយ ក្នុងត្រចៀកផង នឿយណាយក្នុងសំឡេងផង… នឿយណាយក្នុងច្រមុះផង នឿយណាយ ក្នុងក្លិនផង… នឿយណាយក្នុងអណ្តាតផង នឿយណាយក្នុងរសផង… នឿយណាយ ក្នុងកាយផង នឿយណាយក្នុងផោដ្ឋព្វៈផង… នឿយណាយក្នុងចិត្តផង នឿយណាយ ក្នុងធម្មារម្មណ៍ផង នឿយណាយក្នុងមនោវិញ្ញាណផង នឿយណាយ ក្នុងមនោសម្ផ័ស្សផង នឿយណាយក្នុងវេទនាផង នឿយណាយ ក្នុងតណ្ហាផង។ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះការប្រាសចាកតម្រេក កាលចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ នឹងភាសិតនៃព្រះមានព្រះភាគ។ ក៏កាលដែលព្រះមានព្រះភាគ សំដែងវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់ភិក្ខុទាំងឡាយ ប្រមាណ៦០រូប ក៏រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំទៀតឡើយ។
ចប់ ឆឆក្កសូត្រ ទី៦។
មជ្ឈិមនិកាយ ឧបរិបណ្ណាសក នវមភាគ
(ព្រះត្រៃបិដកលេខ ២៨)
No comments:
Post a Comment