ការរៀនបានផលត្រឹមតែចេះដឹង មិនហួសពីចេះដឹងទៅទៀតទេ ។ រៀនទៅចេះតែប៉ុណ្ណោះអ្នករៀនចេះដឹងហើយ ទោះក្មេងក្ដីទោះចាស់ក្ដី
រមែងមាននិស្ស័យសន្ដានចិត្តទៅតាមប្រក្រតីដើម ។ អ្នកប្រមឹកនៅតែប្រមឹកដដែល ព្រោះថាអានុភាពនៃការចេះដឹង មិនអាចបន្ទន់និស្ស័យសន្ដានចិត្តនរជនដែលចេះដឹងឲ្យទោរទន់ទៅតាមការចេះដឹងដោយឯកឯងបានឡើយ ។ តែដោយការចេះដឹងនេះជាបច្ច័យ នរជនទើបប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អបាន ។ នរជនណាចេះហើយ មិនប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អទេ, ចរិយាអាក្រក់នៃនរជននោះ ចេញមកខាងក្រៅបង្ហាញឲ្យគេឃើញច្បាស់ បានជាគេពោលថា “ចេះដឹងហើយម្ដេចក៏នៅប្រព្រឹត្តអាក្រក់ទៀត? “ ។ វិញ្ញូជនអ្នកចេះដឹង បើឥតចរិយាល្អតើនឹងធ្វើអ្វីកើត? ដូចដាវមុននៅក្នុងស្រោម ។ ប្រទេសជាតិចម្រើនដោយសារតែពលរដ្ឋមានចរិយាល្អ ប្រទេសវិនាសក៏ព្រោះតែឥតចរិយាល្អ ។ ចរិយាល្អនេះមានតម្លៃប្រសើរបំផុត ។ ចរិយាគឺអ្វី?ការប្រព្រឹត្តទៅតាមគន្លងធម៌ ការប្រព្រឹត្តសេចក្ដីល្អទៅតាមទំនងខ្លួនជាមនុស្ស តម្កល់ខ្លួនឲ្យនៅក្នុងមនុស្សធម៌ មានកាយវាចាចិត្តស្ងប់សុភាពរៀបរយ មានមេត្តាករុណាចំពោះសត្វ ព្យាយាមរៀន ព្យាយាមធ្វើការ មានះក្នុងការងារ មានសច្ចៈក្នុងការងារ ។ល។ ទាំងអស់នេះហៅថា ចរិយា ។
ដកស្រង់ពីសៀវភៅ៤០សរសេរតាមសូត្ររបស់ រ.គោវិទ ព.ស២៤៩៩ គ.ស១៩៥៦
No comments:
Post a Comment