Sunday, March 16, 2014

ប្រាសាទទួលព្រះធាតុ

នៅ​លើ​ទីទួ​ល​បុ​រាណ​ដ៏​ធំមួយ​ដែ​លមា​ន​ចម្ងា​យពី​ភូ​មិ​ ប្រហែល​ពីររយម៉ែត្រ​ត្រូវបានអ្នកស្រុក​នៅទីនោះហៅថា​​ “ទួលព្រះ​ធាតុ” ​មានប្រាសា​ទមួយត្រូវ​បានគេ​កសាង​ នៅលើទី​ទួលនោះ​ ប៉ុន្តែ​ផ្នែកខាង​លើនៃប្រាសាទ​ ត្រូវ​បាក់បែក​ខ្ទេចខ្ទី​អស់ ។​ តាម​អ្នក​ ជំនាញផ្នែក​វប្បធម៌និយាយថា​ប្រាសាទ​ចាស់បុរាណដែល​កសាងនៅ​លើ ទួលព្រះធាតុ​នោះ វាជាប់ទាក់ទងនឹង​ការកសាងទី​ក្រុង កាលពី​សម័យបុរាណរា​ប់រយឆ្នាំមុន​ ហើយក៏​ជាទីកន្លែង ​មួយដែ​លព្រះបាទ ពញាយ៉ា​ត
បានប្រមូលផ្តុំក​ងទ័ពជា​ លើកដំបូងនៅទីនោះ​ ដើម្បីវាយរំដោះយក​រាជធានី ​អង្គរពីសៀមមកវិញ​ ។ ទីទួលព្រះធាតុនេះត្រូវបានអ្នកស្រុកនៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ មានជំនឿ ហើយចាត់ទុកជាទីកន្លែងគោរព សក្ការៈមួយ ។ លោក ជា លន់ ប្រធាន ការិយាល័យវប្បធម៌ស្រុកស្រីសន្ធរមានប្រសាសន៍ថា តាមការសន្និដ្ឋាន ការកសាង ប្រាសាទនៅលើទីទួលព្រះធាតុនេះគឺនៅក្នុងសម័យកាលព្រះបាទពញាយ៉ាត ផ្នែកខាងលើនៃតួប្រាសាទត្រូវបានគេវាយ បាក់បែកអស់ទៅហើយកាលណោះមានកងទ័ពម៉ុងហ្គោលី បន្ទាប់មកកងទ័ពសៀម បានចូលមកលុកលុយនៅទីនេះ ។ កន្លែងទួលព្រះធាតុនេះជាកន្លែងកងទ័ព គឺនៅក្នុងរង្វង់អតីតរាជធានីទួលបាសាន ហេតុអ្វីបានជាយើងចាត់ទុកថា កន្លែងនោះអតីតជារាជធានីបុរាណ ? ពីព្រោះមាន ព័ស្តុតាងជាច្រើនដែលបញ្ជាក់ឱ្យឃើញថា នៅត្រង់កន្លែងនេះពិតជាអតីតរាជធានី ពិតមែនដោយនៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ា តន ។ នៅមិន ឆ្ងាយពីនោះប៉ុន្មានមានទួលឧកញ៉ា ភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន ។ នៅខាង មុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំបុរស និង ទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត។ បន្ទាប់ពីទន្លេអុំនោះទៅ មានវាលប្រណាំងសេះដែលមាននៅស្លាកស្នាមជា លំអានៗ ។ នៅតាម ស្រែជុំវិញទួលព្រះធាតុនោះនៅពេលដែលអ្នកស្រុកធ្វើ ការភ្ជួររាស់ដីស្រែ ពួកគាត់បានប្រទះឃើញបំណែកនៃបំពង់លូបង្ហូរទឹក ។ នៅ ក្បែរទួលព្រះធាតុនោះមានទួលមួយដែលមានលក្ខណៈជាកន្លែងឡឥដ្ឋបុរាណខ្នាត ធំមួយ នៅផ្នែកខាងមុខឆៀងខាងជើងនៃទួល ព្រះធាតុនោះមានស្រះទឹកធំមួយបាន បន្សល់ទុកតាំងពីសម័យព្រះបាទ ពញាយ៉ាតមកម៉្លេះ ។ ទាំងអស់នេះជាសក្ខីភាព បញ្ជាក់ថាជារាជធានីបុរាណ ។ បើតាមឯកសារប្រវត្តិសង្ខេបដែលគេឆ្លាក់ជាប់នៅនឹងជញ្ជាំងសាលាឆាន់ វត្តបារាយណ៍នោះបានឱ្យដឹងថា ឃុំបារាយណ៍នេះ ជាទីទួលបាសានដែលជាទីក្រុងបុរាណដែលព្រះបាទ ពញាយ៉ាតបានប្រមូលផ្តុំជាលើកដំបូងនូវកងទ័ពដែល មានសមត្ថភាព គ្រប់គ្រាន់ក្នុងការវាយតបតទៅលើសត្រូវ ដើម្បីរំដោះយករាជធានីអង្គរពីចោរសៀមមកវិញ ។ នៅ គ្រិស្តសករាជ ១៤៣១ ដើម្បីចៀសឱ្យឆ្ងាយពីការលុកលុយជាបន្តបន្ទាប់របស់កងទ័ពសៀម ព្រះបាទ ពញាយ៉ាតបាន សម្រេចព្រះទ័យលើក រាជធានីអង្គរទៅតាំងនៅទីទួលបាសានក្បែរទួលព្រះធាតុក្នុងខេត្តស្រីសឈរដែលបច្ចុប្បន្ន ហៅថា ស្រុកស្រីសន្ធរ ។ ទួលបាសានបានបន្សល់ទុកជាតឹកតាងនូវទីទួលខ្ពស់មួយមានប្រាសាទបាក់បែក រួមទាំងក្បាច់ចម្លាក់រឿងរាមកេរ្តិ៍ដូច នៅតាមជញ្ជាំងប្រាសាទ អង្គរវត្តដែរ ។ ក្នុងភូមិសាស្ត្រឃុំបារាយណ៍មានឈ្មោះដំណាក់ជាច្រើន ដូចជា ដំណាក់ចៅ ពញ្ញាតន់ ដំណាក់ ចៅ ពញ្ញាអន ដំណាក់ប្រាសាទ ។ ដោយមានទឹកជំនន់លង់លិចខ្លាំងពេក ព្រះបាទ ពញាយ៉ាតទ្រង់បានបញ្ជាឱ្យ លើករាជធានីពីទួលបាសានមកនៅ “ភ្នំដូនពេញចតុម្មុខ” វិញរហូតមកដល់សព្វថ្ងៃនេះ នៅពេលថ្ងៃសីល ឬ ថ្ងៃបុណ្យទានម្តងៗ ប្រជាពលរដ្ឋតែងតែយកតង្វាយទៅថ្វាយដល់បារមីដែលថែ រក្សាទីទួលព្រះធាតុនោះ ។ មីង សុខ វឿន ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំបារាយណ៍ដែលកំពុងតែដឹកគោ នៅក្បែរទួលព្រះធាតុនោះបាននិយាយថា ប្រជាពលរដ្ឋនៅទីនេះមានការគោរពប្រណិប័តន៍ទីកន្លែងនេះខ្លាំង ណាស់ គឺគេមិនហ៊ានធ្វើអ្វីផ្តេសផ្តាសនោះទេ ។ កន្លងមក ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះនៅពេលមាន បញ្ហាអ្វីកើតឡើងពួកគេ នាំគ្នាទៅបន់ស្រន់នៅកន្លែងសក្ការៈលើទីទួល ព្រះធាតុនោះ ជាពិសេសនៅពេលកូនចៅមានជំងឺតម្កាត់ ឬ កូនចៅមានការប្រឡងម្តងៗ គេតែងតែនាំគ្នាទៅបែរបន់ដើម្បី សុំឱ្យកូនរបស់គេបានប្រឡងជាប់ ។ កន្លងមកមានអ្នកខ្លះប្រឡងជាប់ ហើយអ្នកខ្លះក៏ប្រឡងមិនជាប់ ប៉ុន្តែអ្នកស្រុកនៅតែមានជំនឿលើ បារមីដែលថែរក្សាប្រាសាទ និង ទីទួលបុរាណនោះ ៕

No comments:

Post a Comment