Sunday, March 16, 2014

‘ឯកសារស្រាវជ្រាវទំនៀមទំលាប់’

ដើមកំណើតនៃពាក្យ ‹សៀម និងថៃ› តាមការស្រាវជ្រាវថ្មី

http://note4today.files.wordpress.com/2011/01/thai-traditional.jpg?w=1000
ជនជាតិ ថៃ ដើម នៅ ក្វាង ស៊ី ( រូបថត សាកលវិទ្យាល័យ ជូឡាឡុងកន )
អ្នកប្រវត្តិសាស្ដ្រជាតិបារាំងបានឲ្យដឹងថា ការស្រាវជ្រាវថ្មីរបស់លោក ហ្វែកលូស នៅតែជាជំនួយស្មារតី ដ៏មានអត្ថន័យស៊ីជម្រៅ ក្នុងការស្វែងយល់អំពីប្រភពនៃពាក្យសៀម ឬស្យាម ។ តែការដែលមិនអាចរំលងបានផងដែរនោះ គឺមតិរបស់អ្នកស្រាវជ្រាវខាងលើនេះ បានផុសចេញពីមេគំនិតធំគឺលោក រីស្បូ ដែលជាជនជាតិបារាំង ។
វាជាការពិតណាស់ ដែលការហៅឈ្មោះតាមជាតិពិន្ធុវិទ្យា ក្នុងសង្គមមនុស្ស គឺជាបញ្ហាស្មុគស្មាញបំផុត ។ ជាទូទៅប្រជាជនសុទ្ធសឹងតែមានឈ្មោះមួយសម្រាប់តាំងអម្បូរខ្លួនឯង ហើយមួយទៀត ឬច្រើនជាងមួយមកពីអ្នកខាងក្រៅហៅ ។ ដូច្នេះឈ្មោះមួយអាចក្លាយទៅជាឈ្មោះមួយទៀតក៏បាន ។ ការតាំងឈ្មោះ មានការប្រែប្រួលតាមសម័យកាល ឬទីតាំង ពោលគឺមិនមានក្រឹត្យក្រមអ្វីទេ ហើយអាចចេញពីសហគមន៍មួយទៀត ជាហេតុដែលធ្វើឲ្យសំនៀងមានការកែប្រែ ហើយមានលក្ខណៈមិនប្រាកដប្រជាផង ។
ដោយឡែកជនជាតិសៀម ឬថៃ ដែលជាជនជាតិថ្មីថ្មោងមកពីភូមិភាគខាងត្បូងនៃប្រទេសចិន ជាពិសេសខាងជើងនៃប្រទេសភូមាបច្ចុប្បន្ន ក៏មានឈ្មោះផ្ទាល់ខ្លួនរបស់គេ តាំងពីកំណកំណើតពូជសាសន៍គេ មកម្ល៉េះ ។ ព័ត៌មានដែលអ្នកប្រវត្តិវិទូបានប្រមូលឯកសារ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវកន្លងទៅនេះ មានជាអាទិ៍ ភាសាសាស្ដ្រ ប្រភពនៃពាក្យសិលាចារឹកសាស្ដ្រ ការសិក្សាអំពីវប្បធម៌ ‹សៀម› បានជួយឲ្យយល់ដឹងកាន់តែច្បាស់ អំពីប្រភពនៃពាក្យនេះនៅក្នុងឧបទ្វីបឥណ្ឌូចិន ។ ការយល់ដឹងអំពីវប្បធម៌បុរាណ, ប្រវត្តិសាស្ដ្រ ក៏បានផ្ដល់នូវលទ្ធភាព ដើម្បីកែតម្រូវនូវទស្សនៈខុសមួយចំនួន ដែលធ្លាប់តែមានទិន្នន័យមិនត្រឹមត្រូវជាមូលដ្ឋានគ្រឹះ ។
ជាបឋមប្រវត្តិវិទូបានផ្ដោតចំណាប់អារម្មណ៍ជាពិសេសទៅលើ ពាក្យ៣ គឺ សៀម ស្សាំ និងស្សាម ដែលគេឃើញ កំពុងតែពេញនិយមនៅប្រទេសថៃបច្ចុប្បន្ន ។ ក្រុមអ្នកស្រាវជ្រាវបានជួបប្រទះការហៅយ៉ាងដូច្នេះក្នុងកម្មវិធី សិក្សាក្នុងប្រទេសថៃ ។ ទន្ទឹមនឹងនេះគេក៏មិនត្រូវភ្លេចដែរថា ពាក្យជាតិពន្ធុសៀមខាងលើនេះមានប្រភពដូចគ្នា នឹងពាក្យស្សាន ឬសាន ដែលសំដៅលើជនជាតិថៃភាគតិចនៅប្រទេសភូមា និងអាស្សាម ។
តាមការវិភាគខាងលើគេក៏បានដឹងផងដែរថា ជនជាតិសៀម ឬសាន គឺជាជនជាតិថៃដូចជា ថៃនៅភូមា និងនៅក្នុងអាស្សាម ដែលមានទាំងពូជសាសន៍ និងទាំងផ្នែកភាសាជាមួយគ្នាក្នុងដំណាក់កាលដំបូង នៃប្រវតិ្ដសាស្ដ្រ ដែលជនជាតិនេះមិនទាន់បានបង្កើតរដ្ឋរបស់ខ្លួននៅឡើយ ។ គេក៏បានដឹងដែរថា ចាប់តាំងពីសតវត្សរ៍ទី១២ និងទី១៣ តួនាទីរបស់ស្សាមមានលក្ខណៈយ៉ាងសកម្មឡើងៗ រហូតដល់កាងបង្កើតរដ្ឋឯករាជ្យរបស់ខ្លួន នៅលើអតីតទឹកដីខ្មែរ ក្រោយពីផ្សំកាត់ជាមួយខ្មែរប្រារព្ធប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
គួររំលឹកថា ជនជាតិចិនហៅជនជាតិ និងប្រទេសរបស់សៀមថា ‹សៀនឡូ ឬស្សានឡូ› ដែលជាឈ្មោះនៃព្រះរាជាណាចក្រថៃដំបូងបង្អស់ គឺនៅសុខោទ័យ ។ ពាក្យនេះផ្សំផ្គុំរវាងពាក្យពីរម៉ាត់គឺ សៀន/ស្សាន និងឡូ មកពីលូ ឬលព្វបុរីទីក្រុងខ្មែរ ដែលសៀមឈ្លានពានដណ្ដើមយកបាននៅចុងសតវត្សរ៍ទី១៣ ។ ឈ្មោះនេះត្រូវបានគេកត់ត្រាទុកនៅឆ្នាំ១២៩៧ ដោយអ្នកការទូតចិន ឈ្មោះជីវតាក្វាន់ នៃសន្ដតិវង្សយ័ន ។ ក្នុងករណីនេះ យើងដឹងច្បាស់ថា ពាក្យសៀមនាសម័យទំនើបនេះកើតចេញមកពីពាក្យ សៀន/ស្សាន យ៉ាងប្រាកដ ហើយបញ្ហានេះទាក់ទងទៅនឹងសិលាចារឹកខ្មែរ ដូចគេដឹងស្រាប់ហើយថា ពាក្យស្យាមក៏ត្រូវបានគេឃើញតាមសិលាចារឹកខ្មែរនាសម័យបុរេអង្គរ (កុស្សាម/ស្យាំ) និងអង្គរ (ស្យាមកុក) ដែលភាគច្រើនគឺពួកគេជាទាសី ទាសា សៀម ។ ក្នុងសង្គមចាម ស្ថិតក្នុងសតវត្សរ៍ទី១១ គេក៏បានឃើញវត្តមានរបស់ពាក្យស្យាមដែរ ដែលជាជនជាតិពន្ធុស្សាម ។
http://note4today.files.wordpress.com/2011/01/thai-on-angkor-wat.jpg?w=1000
ជនជាតិ សៀម នៅលើ អង្គរវត្ត ចុង ស . វ ទី ១២ ( ថត ១៩៩៣)
ជារួមការស៊ើបអង្កេតបានបង្ហាញឲ្យឃើញថា ជនជាតិសៀម ឬថៃ ដែលដើមឡើយរស់នៅម្ដុំម៉ងម៉ាវខាងជើង ឆៀងខាងកើតនៃប្រទេសភូមាបច្ចុប្បន្នក្នុងភូមិភាគខាងត្បូងនៃប្រទេស ចិន មានទំនាក់ទំនងបន្ដិចបន្ដួចជាមួយខ្មែរ នៅរវាងសតវត្សរ៍ទី៦ និងទី១២ ក្នុងឋានៈជាអ្នកបម្រើ ។ ក្នុងខណៈនោះដែរ ពួកអន្ដោប្រវេសន៍ថៃទាំងនោះក៏បាន ក្លាយជាអ្នកបម្រើក្នុងជួរទ័ពខ្មែរ ឬគ្រាន់តែជាទ័ពស៊ីឈ្នួលរបស់ព្រះបាទសុរិយាវរ្ម័នទី២ មុននឹងមានការបង្កើតរដ្ឋ ដំបូងគេនៅលើទឹកដីខ្មែរនៅខេត្តសុខោទ័យ និងលព្វបុរី ។
http://note4today.files.wordpress.com/2011/01/map-thai-traditional.jpg?w=1000
ផែនទី ស្ដីពី ការ ជន្លាស ខ្លួន នៃ អម្បូរ ថៃ – លា វ នៅ ចុង ស . វ ទី ១២ ដើមទី ១៣
ក្រៅពីប្រទេសកម្ពុជា និងចម្ប៉ា គេឃើញនៅមានពាក្យសៀម(ស្យាម) ក្នុងប្រទសភូមាបច្ចុប្បន្នដែរ ។ ក្រៅពីប្រភពនៃពាក្យសៀម/សាន ដែលសំដៅជនជាតិថៃនេះ នៅមានបញ្ហាពាក់ព័ន្ធទៅនឹងអត្ថន័យរបស់ពាក្យនេះ ដែលគេត្រូវតែធ្វើការស្រាវជ្រាវ ដើម្បីប្រមូលនូវទិន្នន័យឲ្យបានគ្រប់គ្រាន់ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ពន្យល់ ។
ខាងលើនេះ ជាប្រធានបទសំខាន់ណាស់ដែលផ្ដោតលើន័យរបស់ពាក្យសៀម/ស្យាម ។ មានមធ្យោបាយតែមួយ ឲ្យគេយល់ពាក្យនេះបាន គឺការពិនិត្យវចនានុក្រមសំស្ក្រឹត-បារាំងរបស់លោកនិតនិងរើនូ ។ ការពិនិត្យដិតដល់បានឲ្យដឹងថា ពាក្យសៀម/ស្យាម អាចយកពីពាក្យសំស្ក្រឹត ‹ស្យាម› ដែលមានន័យថា ខ្មៅ សម្បុរសណ្ដែកបាយ ដែលជាលក្ខណៈសម្បតិ្ដមួយ ។ តែនៅទីនេះពាក្យនេះ គឺមិនសំដៅជនជាតិមានសម្បុរខ្មៅដូចមនុស្សព្រៃ ដែលរស់ក្នុងតំបន់ខ្ពង់រាប និងភាគកណ្ដាលនៃប្រទេសថៃបច្ចុប្បន្នទេ ។ បន្ទាប់មកពាក្យសៀម/ស្យាមនេះ ក៏ត្រូវគេហៅ ដើម្បីសំដៅជនជាតិថៃផ្ទាល់តែម្ដង ដែលបានមកតាំងលំនៅស្ថានក្នុងតំបន់នេះ ហើយក៏មកត្រួតត្រាខ្មែរម្ចាស់ស្រុក ។
តាមពិតពាក្យសៀម/ស្យាម មិនមែនមានអត្ថន័យខ្មៅកខ្វក់ ដែលខ្មែរបានហៅកុលសម្ព័ន្ធមន-ខ្មែរ ឬសៀមនោះទេ ដូចវត្តមានរបស់ពាក្យ ‹ពញ› ដែរពាក្យ សៀម/ស្យាម ម្រតាញគឺជាគោរម្យងារ ហើយថ្មីៗនេះ រហូតដល់ដើមសតវត្សរ៍ទី២០ ខ្មែរយើងនៅខេត្តបាត់ដំបង ពួកគាត់ហៅថៃថា ‹អ្នកសៀម› ដែរ ក្នុងន័យថាមនុស្សសៀម ។
តាមការស្រាវជ្រាវខាងលើ គេអាចនិយាយបានថា ពាក្យសៀម/ស្យាម ឬសៀន ក្នុងបរិបទវប្បធម៌បុរេអង្គរ មិនសំដៅជនជាតិថៃ នៃប្រទេសថៃសព្វថ្ងៃនោះទេ ពីព្រោះជនជាតិថៃមិនទាន់កាន់ឥណ្ឌូចិន ឲ្យបានក្រាស់ក្រែលនៅឡើយ ខុសពីសតវត្សរ៍ទី១២ ដែលពាក្យស្យាមនេះ ពិតជាសំដៅឈ្មោះជនជាតិសៀម នៅខេត្តសុខោទ័យ និងលព្វបុរីមែន ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពាក្យសៀម/ស្យាមនេះ ពិតជាកើតចេញពីពាក្យ កូសាំពីដែរ ដែលត្រូវបានគេបំព្រួញទៅឃើញក្រោមរូបភាព នៃស័ព្ទស្យាម/សៀម ក្នុងភាសាខ្មែរ ។ ស្យាម ក្នុងភាសាចាម និងស្យាម/ស្សាំក្នុងភាសាភូមាបុរាណ គឺពាក្យនេះហើយដែលបានឲ្យកំណើត ឲ្យជាតិពន្ធុនាម ឆាន សានផង និងសៀម/ស្យាមផង ។
ដូច្នេះតាមវត្តមានរបស់ពាក្យសៀម ក្នុងភូមិភាគឥណ្ឌូចិន គឺជាសញ្ញានៃការចែកចាយ ឬការជម្លៀសខ្លួនរបស់ជនជាតិថៃ ក្នុងតំបន់យ៉ាងប្រាកដ ។ តាមពិតទៅ ពាក្យសៀមនេះមិនមែនកើតចេញពីសំស្ក្រឹតនោះទេ ក៏ប៉ុន្ដែពិតជាបានមកពីពាក្យ(កូ) សាំ(ពី) ឬកូសានពី ដែលជាស័ព្ទជនជាតិភូមានៃទីក្រុងអាវា និងភូមិភាគខាងជើងឆៀងខាងកើតនៃប្រទេសភូមា ហៅរដ្ឋថៃ(ពួកសាន) ដែលមានមជ្ឈមណ្ឌលដ៏ធំមួយគឺម៉ងម៉ាវ ។ ហើយពាក្យកូសាំពីនោះមកត្រូវបានកត់ត្រា ក្នុងព្រះរាជពង្សាវតារ នៃសន្ដតិវង្សតាំងពី (៦១៨-៩០៦) មកម្ល៉េះ ។
ពាក្យខាងលើនេះត្រូវបានខ្ចីពីពាក្យកៅសាមពី ភាសាសំស្ក្រឹតនៃប្រទេសឥណ្ឌា ដែលជាឈ្មោះទីក្រុងដ៏ល្បីល្បាញមួយ ដែលព្រះពុទ្ធអង្គទ្រង់បានប្រទាននូវធម្មតាទេសនាដំបូងបង្អស់ ។ ដូច្នេះហើយ បានជាជនជាតិភូមាបានយកឈ្មោះនៃទីក្រុងឥណ្ឌានេះមកតាំងរដ្ឋសាន/ ស្សាន របស់ជនជាតិថៃនៅភូមា ។ ហើយពាក្យកូសាំពី ឬកូសាមពីនេះ មានន័យថា រដ្ឋសាន/ស្សាន ទាំង ៧ក្នុងភាសាភូមា ។ ដូច្នេះពាក្យសាន/ស្សាន និងស្យាម ដែលជាពាក្យបំព្រួញមានប្រភពចេញពីពាក្យកូសានពី ឬកោសាំពី សម្រាប់សម្គាល់ជនជាតិថៃ ចាប់តាំងពីសតវត្សរ៍ទី១២-១៣មក ។
ដូច្នេះសរុបសេចក្ដីមក ចំណុចសំខាន់ទាំងប៉ុន្មាន ដែលទើបតែអធិប្បាយខាងលើ គឺជាលទ្ធផលនៃការស្រាវជ្រាវថី្មរបស់លោក ហ្វែកលូស ពីដើមកំណើតនៃពាក្យសៀម ឬថៃ ដែលមិនខ្វែងគំនិតនឹងយើងឡើយ ។ ប៉ុន្ដែដើម្បីបំពេញនូវព័ត៌មានជុំវិញបញ្ហានេះ គប្បីត្រូវជ្រាបថា ប្រជាជនសៀម ដែលរស់នៅយ៉ាងកុះករនៅប្រទេសយៀកណាមខាងជើងសព្វថ្ងៃនេះ ត្រូវបានជនជាតិវៀត ឬយួន ហៅថា ថាយ ឬថៃ នេះគឺជាភស្តុតាងផ្សេងមួយ ក្នុងការសម្គាល់ប្រភពនៃពាក្យសៀម ឬថៃដែរ ។
ខាងលើនេះ គឺជាលក្ខណៈសម្គាល់ដ៏ពិសេសរបស់ប្រជាជនសៀម ឬថៃ ហើយអ្វីៗទាំងអស់សុទ្ធសឹងតែមានមូលហេតុរបស់វា ។ ដូច្នេះមិនមែនដូចអ្នកស្រាវជ្រាវខ្លះអះអាងនោះទេ ជនជាតិសៀម ឬថៃ គឺជនជាតិមួយធំក៏មែនពិត តែជាអន្ដោប្រវេសន៍ដែលបានដណ្ដើមទឹកដីពីជនជាតិខ្មែរដើម ចាប់តាំងពីចុងសតវត្សរ៍ទី១៣ ពោលគឺខ្មែរ និងមនជាម្ចាស់ស្រុក ដែលស្ថិតក្នុងអម្បូរតែមួយ(មន-ខ្មែរ) ទាំងពូជសាសន៍ ទាំងភាសា ៕
(មីសែល.ត្រាណេ)
អត្ថបទទាក់ទង
សៀមប្តូរឈ្មោះប្រទេសលើក្រដាសប្រាក់

No comments:

Post a Comment