ជំពូកទី ៤
ការបញ្ជ្រាបព្រះពុទ្ធសាសនាក្នុងជីវិតអាពាហ៍ពិពាហ៍ខ្មែរ
ក្រុមខ្ញុំព្រះករុណាយើងខ្ញុំ បានចុះធ្វើសកម្មភាពពិនិត្យផ្ទាល់នៅតាមរោងមង្គលការមួយចំនួន និងបានធ្វើបទសម្ភាសជាមួយលោកព្រឹទ្ធាចារ្យ ក៏ដូចជាសួរសំណួរដល់ប្រជាជនខ្មែរនៅតាមមូលដ្ឋានចំនួន ១០០ នាក់ បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់។ ដូចបានរៀបរាប់មកពីខាងដើមខ្លះៗហើយថា បុព្វបុរសខ្មែរបានផ្សាភ្ជាប់ទ្រឹស្តីរបស់ព្រះពុទ្ធសាសនាទៅនឹងការអនុវត្តប្រចាំថ្ងៃ និងជាពិសេសក្នុងពិធីកម្មផ្សេងៗមានពិធីមង្គលការជាដើម។ ពួកគាត់បានបង្រៀនកូនចៅរបស់គាត់ឲ្យចេះដឹង និងយកទៅអនុវត្តគ្រប់ៗគ្នាយ៉ាងខ្ជាប់ខ្ជួន។ដោយឡែក ដោយសារប្រទេសកម្ពុជាបានផ្លាស់ប្តូររបបនយោបាយ និងមានសង្គ្រាមហែកហួផ្ទៃក្នុងជាហូរហែមក ជាហេតុធ្វើឲ្យមានការផ្លាស់ប្តូរ ប្រែប្រួលទាំងប្រពៃណីវប្បធម៌ សាសនា ក៏ដូចជាស្លាប់បាត់បង់បញ្ញាវ័ន្ត អ្នកចេះដឹងផ្នែកវប្បធម៌ និងសាសនាជាច្រើន។ ជំនឿលើព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា និយាយជារួម បានកាត់បន្ថយការគាំទ្រខ្លះៗពីប្រជាពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនានៅតែជាសាសនាដែលមានប្រជាជនខ្មែរគោរពជឿតាមច្រើន។ តាមការធ្វើជំរឿនថ្នាក់ជាតិឆ្នាំ ១៩៩៨បានឲ្យដឹងថា អ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសខ្មែរមានចំនួន ៩៦.៤% តែជាអកុសលជំរឿននៅឆ្នាំ ២០០៨ បញ្ជាក់ថា អ្នកកាន់ព្រះពុទ្ធសាសនាថយមកត្រឹម ៩៥%ប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងការថយចុះ និងដើម្បីទបស្កាត់កុំឲ្យមានការប្រាស់ចាកប្រពៃណីវប្បធម៌ និងជំនឿសាសនាបន្តទៅទៀត រដ្ឋាភិបាលកម្ពុជាជាពិសេស អង្គការ សមាគម និងសង្គមស៊ីវិលបានដាក់ចុះនូវគោលនយោបាយ បង្កើតវគ្គបណ្តុះបណ្តាល បើកកម្មវិធីផ្សព្វផ្សាយ និងកិច្ចពិភាក្សាផ្សេងៗតាមរយៈសិក្ខាសាលា និងប្រព័ន្ទឃោសនារដ្ឋ។ ជាក់ស្តែង ក្រសួងធម្មការ និងសាសនា ក្រោមកិច្ចខិខំប្រឹងប្រែង និងជួយជ្រុមជ្រែងពីរសំណាក់ដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តម មិន ឃិន ជារដ្ឋមន្ត្រីបានបង្កើតឡើងកម្មវិធីព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គមវគ្គបណ្តុះបណ្តាលអាចារ្យទូទៅ និងអាចារ្យមង្គលការដោយជោគជ័យ នាទីស្វែងយល់ព្រះពុទ្ធសាសនា។ កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមដែលកំពុងតែបន្តដំណើរការរបស់ខ្លួន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបនូវទ្រឹស្តីព្រះពុទ្ធសាសនា និងពង្រឹងស្មារតីរបស់មនុស្សខ្មែរឡើងវិញឲ្យងាកមកសិក្សាស្វែងយល់ទាំងប្រពៃណីវប្បធម៌ និងសាសនារបស់ខ្លួន។
៤.១ ការអនុវត្តទ្រឹស្តីជាក់ស្តែងក្នុងសង្គមខ្មែរ
តាមការស្រាវជ្រាវ និងការចុះជួបសម្ភាសបងប្អូនប្រជាពលរដ្ឋខ្មែរយើងផ្ទាល់ក្នុងពេលកន្លេងមកនេះ ក្រុមខ្ញុំព្រះករុណា យើងខ្ញុំបានរកឃើញនូវលទ្ធផលមួយចំនួនដែលទាក់ទងនិងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ បញ្ហាចម្បងដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ ភាពប្រេះស្រាំ ការលែងលះគ្នា និងភាពឆកល្វែងក្នុងការបដិបត្តិទ្រឹស្តីព្រះពុទ្ធសាសនាដែលអាចនាំមកនូវសុភមង្គលយូរអង្វែងដល់គ្រួសារខ្មែរ ជាពិសេសដល់គូស្វាមីភរិយាដែលទើបនឹងរៀបមង្គលការថ្មោងថ្មី។ជាការពិតប្រជាពលរដ្ឋខ្មែរភាគច្រើនបានទទួលស្គាល់ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំ បង្ហាត់បង្ហាញផ្លូវ ផ្សះផ្សានិងផ្តល់ដំណោះស្រាយដល់សង្គមគ្រួសារ និងនាំឲ្យមនុស្សគ្រប់ៗគ្នាមានសេចក្តីសុខផ្លូវកាយ និងចិត្ត។តាមការស្ទង់មតិរបស់ក្រុមខ្ញុំព្រះករុណា យើងខ្ញុំក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ គឺមានប្រជាជនរហូតដល់ទៅ ៨៥% បានយល់ស្របថាព្រះពុទ្ធសាសនាដើរតួសំខាន់ណាស់ក្នុងសង្គមគ្រួសារខ្មែរ។ តែបញ្ហាចោទនោះគឺ យើងបានរកឃើញថា មានប្រជាជនខ្មែរតិចតួចណាស់ គឺប្រហែលត្រឹមតែ៣៤% ប៉ុណ្ណោះដែលបានយកព្រះពុទ្ធឱវាទទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រុមសារណា។
យើងអាចឆ្លើយនូវចំណោទបញ្ហាដែលបានដាក់មកខាងដើមថា ហេតុអ្វីបានជាមានអំពើហិង្សា ឈ្លោះប្រកែកគ្នា និងការលែងលះគ្នាក្នុងគ្រួសារ។ ដោយសារការមិនយល់ដឹងអំពីពុទ្ធឱវាទ និងមិនបានយកទ្រឹស្តីទៅអនុវត្តនេះហើយដែលជាកត្តាចម្បងនាំឲ្យពុំមានសុភមង្គល សេចក្តីសុខដុមរមនាក្នុងរង្វង់គ្រួសារ។ ជាការពិតណាស់ ក្នុងពេលចុះជួបសម្ភាសជាមួយប្រជាបរិស័ទ ពួកគាត់បានឆ្លើយសារភាពដោយត្រង់ៗ និងពុំមានការលាក់លៀមថា ហេតុដែលនាំឲ្យមានអំពើហិង្សា និងការលែងលះគ្នាក្នុងគ្រួសារ ព្រោះមិនបានយល់ដឹងពីពុទ្ធឱវាទ ការផ្សព្វផ្សាយសីលធម៌ព្រះពុទ្ធសាសនាមិនបានទូលំទូលាយ ការមិនគោរពតួនាទីខ្លួន ភាពក្រីក្រ ជឿតាមការញុះញង់របស់ឪពុកម្តាយ ស្វាមីភរិយាអសមត្ថភាព និងមកពីវប្បធម៌បរទេសជាដើម។
ហេតុដែលនាំឲ្យមិនបានយល់ដឹងពីពុទ្ធឱវាទស៊ីជម្រៅ ការមិនចេះសង្រ្គោះគ្នាទៅវិញទៅមក និងការមិនស្គាល់តួនាទីខ្លួន នោះក៏ដោយសារតែប្រទេសកម្ពុជាយើងទើបតែងើបចេញពីសង្រ្គាមដ៏រ៉ាំរ៉ៃ ធ្វើឲ្យបាត់បង់នូវអ្នកប្រាជ្ញទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រយ៉ាងច្រើន។ មួយវិញទៀត ការឈ្មួសឈ្មុលសិក្សាទ្រឹស្តីពុទ្ធសាសនានៃមនុស្សខ្មែរក៏មិនទាន់ទូលំទូលាយនៅឡើយ គ្រួសារពុំសូវមានឱកាសបានជួបជុំពិភាក្សាគ្នា ហើយបើមានឱកាសពិភាក្សាគ្នាក៏សូវបានយកចិត្តទុកដាក់ចែករំលែកចំណេះដឹងអំពីប្រពៃណីសាសនា គឺច្រើនតែពិភាក្សាគ្នាអំពីរឿងរកទទួលទាន ការប្រណាំងប្រជែងគ្នា និងវិធីកឹបកេងក្លែងបន្លំបោកប្រាស់ដើម្បីខ្លួនរស់។ មាតាបិតាទៀតសោត ក៏រវល់តែខិតខំប្រឹងប្រែងរកស៊ីមុខជំនួញរបស់ខ្លួន មិនបានចែកពេលវេលាខ្លះដើម្បីអប់រំ ចែករំលែកចំណេះដឹងដែលខ្លួនមានទៅឲ្យកូនៗ ទីបំផុតបណ្តែតបណ្តោយឲ្យកូនៗខ្លួនផ្សងព្រេងទៅតាមសាលាឈ្នួល ទុកឲ្យគេជាអ្នកចាត់ចែងជោគវាសនាកូនខ្លួន។ រីឯកូនៗវិញតាំងពីតូចក្រូចឆ្មា រហូតដល់ធំពេញវ័យគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ច្រើនដេកដួលតាមសង្គម ជឿតាមមិត្តភក្រ មិនជឿតាមឪពុកម្តាយខ្លួន ជ្រួលជ្រើមតាមវប្បធម៌បរទេស បោះបង់ចោលវប្បធម៌ប្រពៃណីខ្លួន កម្រនិងឃើញសិក្សាឈ្វេងយល់តាមរយៈការអានសៀវភៅ ស្តាប់ដំបូន្មានព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ និងត្រកូលរៀមច្បងអ្នកផងជិតខ្លួន។ ភាពអវិជ្ជានេះហើយ ជាហេតុធ្វើឲ្យមានការប្រាស់ចាកទំនៀមដើម និងបង្កឲ្យដល់ខ្វែងគំនិតទាស់ទែងលែងលះគ្នា។
ជាការពិត ការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រពៃណីវប្បធម៌និងទ្រឹស្តីព្រះពុទ្ធសាសនា ព្រះសង្ឃអាចារ្យនិងរដ្ឋាភិបាលដើរតួនាទីសំខាន់ណាស់។ យើងសង្កេតឃើញថា ស្ថាប័នពុទ្ធសាសនាបានធ្វើការផ្សព្វផ្សាយខ្លឹមសារពុទ្ធសាសនាឲ្យពុទ្ធបរិស័ទបានយល់ជ្រោតជ្រាបនៅមានកម្រិតនៅឡើយ។ យើងទទួលស្គាល់ហើយថា មានការខិតយកចិត្តទុកដាក់និងមានការជំរុញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តែវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកម្មវិធីស្វែងយល់ពុទ្ធសាសនាផ្សេងៗ បានធ្វើសំដៅតែទីប្រជុំជន រីឯប្រជាជនមានច្រើនជាង៩០%[1]រស់នៅតាមជនបទ ពុំមានឱកាសចូលរួមឡើយ។ ដោយសារមិនបានទទួលចំណេះដឹងទាំងផ្លូវពុទ្ធចក្រ និងអាចណាចក្រគ្រប់គ្រាន់នេះហើយ គេតែងឃើញបងប្អូនប្រជាកសិករខ្មែរ យកហឹង្សាជាដំណោះស្រាយ តែងឈ្លោះប្រកែកទាស់ទែងគ្នា លែងលះគ្នាទាំងខ្លួននៅវ័យក្មេង រីឯអ្នកទីក្រុងពុំសូវមានជួបប្រទះបញ្ហាដូចនេះឡើយ។ មួយវិញទៀតនៅក្នុងពេលរៀបពិធីមង្គលការក៏ជាឱកាសដែលកូនប្រុសស្រី ពុទ្ធបរិស័ទអាចទទួលបានចំណេះដឹងជាពិសេសផ្នែកព្រះពុទ្ធសាសនាពីសំណាក់ព្រះសង្ឃដែលត្រូវបាននិមន្តមកសូត្រមន្ត ជាអកុសលបែរជាព្រះសង្ឃកម្រនឹងបានផ្តល់ឱវាទដល់ពួកគាត់ទៅវិញ។ តាមការស្ទង់មតិរបស់ក្រុមសារណាបានឲ្យដឹងថាព្រះសង្ឃមានចំនួនត្រឹមតែ ៣២%ប៉ុណ្ណោះដែលបានផ្តល់ឱវាទដល់គូស្វាមីភរិយាក្នុងពេលរៀបមង្គលការ។ មានលក្ខ័ណ្ឌមួយចំនួនដែលអាចជាហេតុផល ព្រះសង្ឃមិនអាចផ្តល់ពុទ្ធឱវាទដល់គូស្វាមីភរិយា និងពុទ្ធបរិស័ទ គឺព្រោះព្រះសង្ឃមិនទម្លាប់ផ្តល់ឱវាទ ឬព្រះសង្ឃមានវ័យក្មេងមិនសូវចេះចាំស្ទាត់ធម៌អាថ៌ ឬពិធីមង្គលការមានរយៈខ្លីពេកមិនបានផ្តល់ឱកាសសមរម្យដល់ព្រះសង្ឃក្នុងការចែករំលែកនូវចំណេះដឹងពីព្រះពុទ្ធសាសនា។ចំណែកឯលោកអាចារ្យដែលគេពឹងពររកមកឲ្យកាន់កម្មវិធីមង្គលការពុំមានភាពឯករាជ្រម្ចាស់ការឡើយ តែងដឹកនាំកម្មវិធីដេកដួលទៅតាមការសំណូមពររបស់ឪពុកម្តាយកូនប្រុសស្រីនិងតាមបង្គ្រាប់របស់ជាងថត។ សុខចិត្តធ្វើទាំងទើសទាល់ប្រាស់ចាកទំនៀមទម្លាប់ប្រពៃណីដែលខ្លួនចេះចាំស្ទាត់មក ជាក់ស្តែងពេលព្រះសង្ឃឲ្យឱវាទនិងសូត្រមន្តអនុញាតិឲ្យជាងថត មាតាបិតា កូនប្រុសស្រីជជែកគ្នាមិនត្រងត្រាប់ស្តាប់ឱវាទដើម្បីយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ រីឯអាចារ្យមួយចំនួនទៀតមិនបានបួសរៀនច្បាប់ទម្លាប់ ប្រពៃណីខ្មែរ គិតតែដឹកនាំទៅតាមការចេះដឹងបន្តិចបន្តួចរបស់ខ្លួន យកងារជាអាចារ្យដើម្បីជារបររកស៊ីមិនខ្វល់អ្នកណាព្រាត់ប្រាស់គ្នាឡើយ។
៤.២ គុណសម្បត្តិនៃអ្នកប្រតិបត្តិតាមពុទ្ធឱវាទ
ព្រះពុទ្ធបរមគ្រូមុននឹងបានត្រាស់ដឹងទ្រង់បានចំណាយពេល ៤ អង្ខេយ្យ ១ សែនកប្បស្វែងរកសច្ចធម៌ ឬផ្លូវរំដោះទុក្ខដើម្បីជួយសង្រ្គោះសត្វលោកដែលកំពុងតែមានអវិជ្ជាគ្របសង្កត់ វង្វេងក្នុងវាលវដ្តសង្សារ ជួបទុក្ខលំបាកមានការនិរាសព្រាត់ប្រាស់គ្នាកើត ចាស់ ឈឺ ស្លាប់ ឈ្លោះទាស់ទែងខ្វែងគំនិត បង្កសង្គ្រាមកាប់សម្លាប់គ្នាទៅវិញទៅមក។ ដោយឃើញពីសេចក្តីទុក្ខសោកដែលកើតឡើងជាដដែលៗនេះហើយ ទើបព្រះពុទ្ធជាម្ចាស់លះបង់ទ្រព្យសម្បត្តិ យសស័ក្ត បុត្រភរិយា និងជីវិតកសាងបារមីដើម្បីផ្តូយកសព៌េជ្ញតាញាណជាប្រាកដក្នុងលោក។
ព្រះធម៌ដែលព្រះអង្គត្រាស់ដឹង គឺសម្តែងអំពីមាគ៌ាឆ្ពោះទៅរកសាមគ្គីភាព សុភមង្គល សន្តិភាព និងទីបំផុតទុក្ខពោល គឺព្រះនិព្វាន។ មាតាបិតា គូស្វាមីភរិយា ពុទ្ធបរិស័ទបានយកនូវព្រះធម៌ដែលជាពុទ្ធឱវាទទាំងនេះមកបដិបត្តិខ្ជាប់ខ្ជួនក្នុងជីវិតប្រចាំថ្ងៃទៀងតែទទួលបានសេចក្តីសុខចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ មានអធ្យាស្រ័យល្អដល់គ្នា សង្គ្រោះគ្នាទៅវិញទៅមក ជៀសវាងបាននូវជម្លោះទាស់ទែងខ្វែងគំនិតគ្នាទាំងក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិទំាងមូល។ព្រះធម៌ដែលព្រះសម្ពុទ្ធបានត្រាស់ដឹងក្នុងលោកមានច្រើនអនេករហូតដល់ទៅ៨៤.០០០ ព្រះធម្មខន្ធ តែបើរួមសង្ខេបឲ្យខ្លីមកមាន៖
សព្វបាបស្ស អករណំ មិនធ្វើបាបទាំងពួងជាដាច់ខាត
កុសលស្សូបសម្បទា បំពេញកុសសឲ្យបរិបូណ៌
សចិត្តបរិយោទបនំ ធ្វើចិត្តរបស់ខ្លួនឲ្យស្អាតល្អ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃអ្នកដែលបានអនុវត្ត បដិបត្តិតាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនា៖
- គ្មានអំពើហិង្សា
- គ្មានសង្រ្គាម
- គ្មានការលួចឆក់ប្លន់
- ប្រទេសមានសន្តិសុខ និងសន្តិភាព
- មនុស្សមានមេត្តាដល់គ្នានិងគ្នា
- ប្រទេសរីកចម្រើន
- មនុស្សគោរពច្បាប់ខ្ជាប់ខ្ជួន
- មនុស្សមានភាពស្មោះត្រង់
- មនុស្សសម្បូរដោយគុណធម៌ និងសីលធម៌
- មនុស្សមានការសន្តោសប្រោសប្រណីដល់គ្នា
- មនុស្សស្តើងដោយ លោភៈ ទោសៈ មោហៈ
- មនុស្សមានអាយុវែង
- មនុស្សមានសេចក្តីស្ងប់ផ្លូវចិត្ត
- ប្រកបរបរទទួលទានឆាប់មានឆាប់បាន ព្រោះក្រសែចិត្តស្អាតបរិសុទ្ធ។
៤.៣ គុណវិបត្តិនៃអ្នកមិនប្រតិបត្តិតាមពុទ្ធឱវាទ
ផ្ទុយមកវិញ ចំពោះ សង្គមមនុស្សដែលមិនបានគោរពបដិបត្តិតាមឱវាទរបស់ព្រះសម្មពុទ្ធជាម្ចាស់ យើងតែងសង្កេតឃើញថា សង្គមនៃមនុស្សទាំងនោះច្រើនតែសម្បូរទៅដោយអំពើហិង្សា ការឈ្លោះប្រកែកតវ៉ាគ្នា កេងបន្លំ ឆក់ លួច ប្លន់គ្នាទៅវិញទៅមក។ ពួកគេតែងយកកម្លាំងបាយជាដំណោះស្រាយ អ្នកខ្លំាងតែងជាអ្នកឈ្នះ រីឯអ្នកចាញ់វិញតែងក្លាយជាជនរងគ្រោះ។ បើនិយាយដល់សង្គមគ្រួសារវិញ ឪពុកម្តាយ ប្តីប្រពន្ធ កូនប្រុសស្រី តែងមិនស្តាប់បង្គាប់គ្នា មិនស្មោះត្រង់នឹងគ្នា ច្រើនមើលបំណាំគ្នា សុខចិត្តជឿ ឬគោរពអ្នកដទៃក្រៅពីគ្រួសារខ្លួន ពេលមានបញ្ហាក្នុងគ្រួសារកម្រនឹងដោះស្រាយបញ្ហាទាំងនោះដោយសន្តិវិធីណាស់ តែងជេរស្តីបន្តោស ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ពិតណាស់សង្គមមួយដែលមិនបានគោរពប្រតិបត្តិគោលធម៌របស់ព្រះពុទ្ធសាសនា សង្គមនោះតែងជួបនូវវិបត្តិ សង្គ្រាមកលយុគ មនុស្សកាចសាហាវ អសន្តិសុខ មនុស្សមិនមានមេត្តាដល់គ្នា ខ្វះសីលធម៌ អណាធិបតេយ្យ។
ខាងក្រោមនេះ ជាផលវិបាកនៃមនុស្សដែលមិនបានយកពុទ្ធឱវាទទៅអនុវត្ត និងប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃមាន៖
- ស្វាមីភរិយាលែងលះគ្នា
- អំពើហិង្សា
- អំពើផិតក្បត់គ្នា
- សង្រ្គាមកលយុគ
- អំពើចោរកម្ម
- សង្គមគ្មានការរីកចម្រើន
- គ្មានសន្តិភាពផ្លូវចិត្ត
- អសន្តិសុខសង្គម
- មនុស្សខ្វះសីលធម៌ គុណធម៌
- មនុស្សមិនគោរពច្បាប់
- មនុស្សមានអាយុខ្លី
- មនុស្សគ្មានមេត្តាធម៌
- មនុស្សក្រាស់ទៅដោយកិលេស មានលោភៈ ទោសៈ មោហៈ
- មនុស្សរំលោភបំពានជិះជាន់
- មនុស្សគ្មានសេចក្តីស្ងប់ផ្លូវចិត្ត។
No comments:
Post a Comment