ជំពូកទី ៥
សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍
៥.១ សន្និដ្ឋាន
ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរមានបទដ្ឋានល្អប្រពៃណាស់សម្រាប់ជនជាតិខ្មែរទូទៅយកមកអនុវត្តក្នុងកម្មវិធីមង្គលការ មិនត្រឹមតែប៉ុណ្ណោះវាបានផ្សារភ្ជាប់ទៅនឹងលទ្ធិព្រះពុទ្ធសាសនាដែលសម្បូរទៅដោយទ្រឹស្តីអប់រំមនុស្សឲ្យរួចចាកទុក្ខ និងបានសេចក្តីសុខសុភមង្គល។ទន្ទឹមនឹងសម័យសកលភាវូបនីយកម្ម ប្រទេសកម្ពុជាបានកំពុងផ្លាស់ប្តូរមុខមាត់បើកទូលាយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ប្រជាពលរដ្ឋខ្មែរបានចាប់ផ្តើមទទួលឥទ្ធិពលខ្លះៗពីបរទេសជាហេតុធ្វើឲ្យមានការវិវត្តិនូវប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា ជាពិសេសប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរតែម្តង។ ជាមួយនឹងមានការវិវត្តិនេះ ក៏មានការបាត់បង់នូវទ្រង់ទ្រាយដើមនៃវប្បធម៌ប្រពៃណីដោយមនុស្សខ្មែរមួយចំនួនដែលឆាប់ទទួលយកនូវលំហូរចូលនៃវប្បធម៌បរទេសទាំងពុំទាន់បានពិចារណា ថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយនោះទាំងនេះជាកត្តាធ្វើឲ្យមានដម្ហយចុះឥទ្ធិពលទំនៀមទម្លាប់ប្រពៃណីខ្មែរ។ម្យ៉ាងវិញទៀត គម្លាតឆ្ងាយនៃវប្បធម៌ប្រពៃណីខ្មែរបុរាណនិងបច្ចុប្បន្ន ក៏បានបង្ហាញឲ្យឃើញពីភាពធូរលុង ឬស្ពឹកស្រពនរបស់ប្រជាពលរដ្ឋខ្មែរ ដែលចេះតែប្រងើយកន្តោយនិងពុំមានទំនួលខុសត្រូវចំពោះវប្បធម៌ខ្លួន។
យើងក៏ទទួលស្គាល់ផងដែរថា ប្រជាជនខ្មែរជាង៩០% ជាអ្នកជឿជាក់ក្នុងព្រះពុទ្ធសាសនា យើងពិតជាសាទរជាមួយនឹងចំនួនដ៏ច្រើននេះ ក៏ប៉ុន្តែ យើងសង្កេតឃើញថា ជឿរបស់បងប្អូនប្រជាជនខ្មែរទាំងនោះផ្តោតសំខាន់ទៅលើតែជំនឿនៃការអុចធូបទៀន ការបន់ស្រន់ បួងសួងសុំជោគសុំជ័យសិរីសួស្តីទៅវិញ។ ពួកគាត់មិនបានសិក្សាស្វែងយល់ដោយខ្លួនឯងឲ្យបានច្បាស់លាស់ចេះតែគោរពជឿតាមដូនតា ឬអ្នកជិតខាង។ តាមពិតព្រះសម្មាសម្ពុទ្ធទ្រង់មិនបានឲ្យតម្លៃទៅលើជំនឿដែលប្រាស់ចាកបញ្ញានោះទេ គឺទ្រង់សរសើរតែបុគ្គលណាដែលយកធម៌វន័យទៅបដិបត្តិ អនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ហើយបុគ្គលណាបានបដិបត្តិតាមធម៌វិន័យដែលព្រះអង្គសម្តែងដោយល្អហើយនោះ បុគ្គលនោះតែងបានផលតបស្នង គឹសេចក្តីសុខស្ងប់ សុភមង្គលទាំងបច្ចុប្បន្នជាតិ និងបរលោក។ សមដូចបច្ឆិមពុទ្ធវចនៈដែលទ្រង់បានសម្តែងផ្តែផ្តាំព្រះអានន្ទ និងពួកបរិស័ទថា៖
យោ កោចិ អានន្ទ ភិក្ខុ វា ភិក្ខុនី វា
ឧបាសកោ វា ឧបាសិកា វា ធម្មានុធម្មប្បដិបន្នោ
វិហរតិ សាមីចិ បដិបន្នោ អនុធម្មចារី
«មា្នលអានន្ទ បុគ្គលឯណាមួយ គឺភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ជាអ្នកប្រតិបត្តិធម៌វិន័យតាមសមគួរដល់ធម៌វិន័យ ជាអ្នកប្រតិបត្តិដោយសេចក្តីគោរពកោតក្រែងដល់ធម៌វិន័យ ប្រព្រឹត្តតាមធម៌វិន័យជាប្រក្រតី»។
សោ តថាគតំ សក្ករោតិ គរុករោតិ មានេតិ
បូជេតិ បរមាយ បូជាយ បដិបត្តិបូជាយ
«បុគ្គលទាំងអស់នោះបានឈ្មោះថាធ្វើសក្ការៈនឹងតថាកត ធ្វើនូវសេចក្តីគោរពតថាគតរាប់អាននូវតថាគត បូជានូវតថាគត ដោយបដិបត្តិបូជា ជាបូជាយ៉ាងក្រៃលែង»។[1]
ដូច្នេះ ការវិវត្តប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ និងការមិនបានយកពុទ្ធឱវាទទៅអនុវត្តនេះអាចជាសញ្ញាណឈានទៅរកការស្រុតចុះនូវគុណធម៌ សីលធម៌ មេត្តាធម៌ និងអន្តរាយបង់នូវប្រពៃណីដ៏ល្អរបស់ខ្មែរក្នុងពេលដ៏ឆាប់ខាងមុខនេះ។
៥.២ អនុសាសន៍
ឆ្លើយតបនឹងការគំរៀមគំហែងទៅលើជំនឿ វប្បធម៌ ប្រពៃណីខ្មែរ យើងត្រូវក្រោកឈរឡើងពួតដៃគ្នាជាធ្លុងមួយ ដើម្បីការពារថែរក្សានូវវប្បធម៌ប្រពៃណីដែលជាអត្តសញ្ញាណខ្លួន។ ត្រូវមានភាពម្ចាស់ការ ឃើញខុស ហ៊ានថា ខុស ឃើញត្រូវហ៊ានទទួលស្គាល់ថា ត្រូវ ហើយបើខ្លួនមិនចាំស្ទាត់ត្រូវឈ្មួសឈ្មុល ស្រវាស្រទេញសិក្សាបន្ថែមឲ្យទាល់តែចេះចាំ មិនត្រូវពឹងពាក់ទាំងស្រុងលើអ្នកដទៃមាន លោកអាចារ្យ និងអ្នកជាងថតឡើយ។
ដើម្បីអភិរក្សចាស់ ច្នៃប្រឌិតថ្មី នៃជំនឿ វប្បធម៌ ប្រពៃណីខ្មែរដ៏ថ្លៃថ្លានេះឲ្យបានគង់វង្ស ក្រុមខ្ញុំព្រះករុណា ខ្ញុំបាទ សូមចូលរួមផ្តល់ជាអនុសាសន៍ខ្លះៗ ដូចខាងក្រោម៖
ក. រាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលជាស្ថាប័នតំណាងឲ្យប្រជាពលរដ្ឋ កើតឡើងដោយប្រជាពលរដ្ឋ ជារបស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់ក្នុងការថែរក្សា លើកស្ទួយវប្បធម៌ប្រពៃណី និងបង្រួបបង្រួមឲ្យមានឯកភាពជាតិ។ ជាការពិតណាស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះវប្បធម៌ប្រពៃណីជាតិ ប៉ុន្តែ ការផ្សព្វផ្សាយនូវមានកម្រិត។ ដូច្នេះ រាជរដ្ឋាភិបាល គួរបង្កើតគោលនយោបាយជាក់លាក់មួយដើម្បីអភិរក្ស និងអភិវឌ្ឍប្រពៃណី ហើយមិនត្រូវបើកទូលាយឲ្យវប្បធម៌បរទេសហូរចូលមកលឿនរហ័សពេកទេ។ ព្រោះថា ប្រទេសណាក៏ដូចប្រទេសណាដែរ គេតែងរក្សា និងអភិរក្សវប្បធម៌ខ្លួនសូម្បីតែប្រទេសដែលប្រកាន់ប្រជាធិបតេយ្យក៏ដោយ។រាជរដ្ឋាភិបាលត្រូវប្រមូលចងក្រងឯកសារអំពីវប្បធម៌ ជាពិសេសទំនៀមអាពាហ៍ពិពាហ៍ខ្មែរឲ្យមានស្តង់ដាររួមមួយសម្រាប់ជាក្បួនច្បាប់យកទៅអនុវត្ត។ រាជរដ្ឋាភិបាលគួរតែបញ្ជាទៅក្រសួងក្រោមឱវាទជាពិសេស ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យបង្កើតកម្មវិធីជំរុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឲ្យងាកមកសិក្សាស្រាវជ្រាវក្បួនច្បាប់ប្រពៃណីវប្បធម៌ខ្លួន ដោយការផ្តល់នូវអាហារូបករណ៍ ឬរង្វាន់លើកទឹកចិត្តជាដើម។ រដ្ឋាភិបាលត្រូវធ្វើឲ្យមានភាពប្រាកដប្រជាថា គោលនយោបាយដែលបានដាក់ទៅពិតជាមានប្រសិទ្ធភាព និងពលរដ្ឋអាចទទួលយកបាន។ ត្រូវផ្តោតបន្ថែមទៅលើកម្មវិធីផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ស្រុកស្រែចម្ការ។
ខ. គូស្វាមីភរិយា
កូនប្រុសស្រីត្រូវតែជាអ្នកគោរពស្រឡាញ់វប្បធម៌ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្លួន មិនត្រូវប្រព្រឹត្តកន្លងវប្បធម៌ប្រពៃណីខ្លួនឡើយ។ ត្រូវបង្កើនការស្តាប់ អានសៀវភៅ ជជែកវែកញែករកខុសត្រូវអំពីវប្បធម៌ប្រពៃណី សាសនារបស់ខ្លួនដើម្បីរកចំណុចរួមមួយក្នុងគោលបំណង ដើម្បីបន្តថែរក្សាកេរដំណែលមរតកពីដូនតា។ មិនត្រូវភ្លើតភ្លើននឹងវប្បធម៌បរទេស បោះបង់វប្បធម៌ខ្លួនចោលឡើយ ព្រោះថា មានតែកូនប្រុសស្រីនេះហើយ ជាទំពាំងស្នងឬស្សី។
គ. មាតាបិតា
មាតាបិតាត្រូវតែប្រព្រឹត្តខ្លួនឲ្យជាគំរូដ៏ល្អសម្រាប់កូនប្រុសស្រី ជាអ្នកឧស្សាហ៍ព្យាយាម ជាអ្នកមិនរអ៊ូរទាំច្រើន ជាអ្នកធ្វើទានរក្សាសីលប្រាំចាំសីល៨ និងជាអ្នកប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌។ ត្រូវស្គាល់តួនាទីខ្លួន និងផ្ទេរចំណេះដឹងអំពីវប្បធម៌ សាសនាដែលខ្លួនបានចេះចាំដល់កូនប្រុសស្រីគ្រប់ៗគ្នា។ មួយវិញទៀត គប្បីដឹកនាំកូនប្រុសស្រីខ្លួនឲ្យចេះដឹងពីជំនឿសាសនា គឺឲ្យចេះធ្វើទាន រក្សាសីល ឲ្យជាអ្នកខ្លាចអំពើបាប និងខ្មាស់បាប។
ឃ. អាចារ្យ
លោកអាចារ្យ ជាពិសេសអាចារ្យកាន់វេលាការត្រូវសិក្សារៀនសូត្រឲ្យបានចេះចាំស្ទាត់មុននឹងទទួលខ្លួនជាអ្នកដឹកនាំកម្មពិធីបុណ្យទាន ឬពិធីមង្គលការផ្សេងៗ មិនត្រូវគិតតែចង់បានលាភសក្ការ សុខចិត្តប្រព្រឹត្តប្រាស់ចាកវប្បធម៌ ជំនឿសាសនាជាតិខ្លួនឡើយ។ មួយវិញទៀត មិនត្រូវប្រព្រឹត្តតាមទំនើងចិត្តខ្លួនឯងឬតាមសំណូមពររបស់ម្ចាស់កម្មវិធីពេកឡើយ តែត្រូវប្រកាន់ក្រិតក្រមប្រពៃណីដែលមានមក។
ង. ព្រះសង្ឃ
ចំពោះព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដែលជាអ្នកអាស្រ័យដោយចង្ហាន់បិណ្ឌបាត្ររបស់ពុទ្ធបរិស័ទ មិនត្រូវយកតែរួចខ្លួន ដោយមិនរវីរវល់ចំពោះបរិស័ទខ្លួនឡើយ។ ត្រូវសិក្សា និងគោរពព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ឲ្យបានខ្ជាប់ខ្ជួន ហើយពាំនាំយកនូវពុទ្ធវចនៈដែលខ្លួនបានរៀនចេះចាំទៅអប់រំដល់ពុទ្ធបរិស័ទ។ ព្រះសង្ឃត្រូវផ្តោតសំខាន់លើទ្រឹស្តីដើម្បីអនុវត្តជាជាងតែជំនឿនៃការអុចធូបទៀននោះឡើយ។ មួយវិញទៀតស្ថាប័នព្រះពុទ្ធសាសនា មានព្រះរាជាគណៈ ថេរសភាសង្ឃ មន្ត្រីសង្ឃត្រូវបង្កើតសេចក្តីសម្រេចរួមមួយដើម្បីអនុញ្ញាតឲ្យព្រះសង្ឃទូទាំងប្រទេសផ្តល់ឱវាទដល់ពុទ្ធបរិស័ទក្នុងគ្រប់កម្មវិធីបុណ្យទានផ្សេង ជាពិសេសកម្មវិធីរៀបមង្គលការមុននឹងព្រះសង្ឃផ្តើមកិច្ចសូត្រមន្ត ក្នុងគោលបំណងបញ្ជ្រាបទ្រឹស្តីព្រះពុទ្ធសាសនាឲ្យដល់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។
ច. ជាងថត
ដោយយល់ឃើញថាជាងថតនិងអ្នកផ្នួងមានតួនាទីកាន់តែសំខាន់ឡើងៗក្នុងពិធីមង្គលការ និងកម្មវិធីនានា មានចំណុចមួយចំនួនត្រូវមានការកែលម្អរ ដើម្បីឲ្យដើរស្របទៅនឹងវប្បធម៌ប្រពៃណីខ្មែរ ជៀសវាងការប្រទាញប្រទង់ ឬខ្វែងគំនិតគ្នាដែលនាំទៅដល់ការភាន់ច្រឡំ និងច្របូកច្របល់។ មុននឹងក្លាយជាអ្នកជាងថតត្រូវឆ្លង់កាត់វគ្គបណ្តុះបណ្តាល ឬការសិក្សាស្វែងយល់ពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ សាសនាជាមុនសិន មិនត្រូវធ្វើអ្វីមួយទៅតាមការយល់ឃើញរបស់ខ្លួន និងដើម្បីផ្សព្វផ្សាយយីហោហាងរបស់ខ្លួន។ ត្រូវដឹងខ្លួនថាជាខ្មែរមួយដែរ ដែលមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយអភិរក្ស លើកកម្ពស់កេរដំណែលវប្បធម៌ប្រពៃណីខ្មែរ មិនត្រូវគិតតែពីផលប្រយោជន៍របស់ខ្លួនដោយការចម្លងវប្បធម៌ជាតិសាសន៍ដទៃនោះទេ។
ជាសរុបមក តាមរយៈអនុសាសន៍ខាងលើនេះ ក្រុមយើងខ្ញុំជឿជាក់ថា ពិតជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពសង្គម និងអាចជាកត្តាលីករជួយជំរុញឲ្យមានការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពមួយដល់វប្បធម៌ប្រពៃណី ជំនឿសាសនា ខ្មែរយើង។ ពិតណាស់ ដើម្បីឲ្យសង្គមគ្រួសារ ឬសង្គមជាតិខ្មែរប្រកបដោយសុខសន្តិភាព សុភមង្គល និងភាពចំរុងចម្រើន ការសាមគ្គីគ្នាវិញជាធ្លុងមួយជាកត្តាសំខាន់ណាស់។ ដើម្បីកសាងសាមគ្គីធម៌គ្រប់ៗគ្នាត្រូវតែជាអ្នកមានមេត្តាតាមផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្តចំពោះគ្នានិងគ្នា មិនត្រូវមានបំណង់មិនល្អ មិនត្រូវហួងហែងឬត្បិតត្បៀតលាក់លៀមទុកប្រើប្រាស់តែម្នាក់ឯងឡើយតែត្រូវជាអ្នកប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ឲ្យបានខ្ពង់ខ្ពស់ និងត្រូវមានទស្សនទានស្របគ្នា។
គន្ថនិទ្ធេស
ឧបសម្ព័ន្ធ
ភាពខុសឆ្គងដែលយើងទាំងអស់គ្នាតែងឃើញជារឿយៗ នៅក្នុងវប្បធម៌ប្រពៃណីយើង ជាពិសេសពិធីរៀបមង្គលការគឺ៖
- ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍កាត់ពេក
- កាត់នំខេក
- កម្មវិធីផឹកស្រាសាំប៉ាញ
- ការស្លៀកពាក់បែបវប្បធម៌បរទេស
- ការរួមសង្វាស់គ្នាមុនរៀបមង្គលការ
- ឪពុកម្តាយពឹងពាក់ស្ទើតែទាំងស្រុងលើអាចារ្យ អ្នកផ្នួងនិងជាងថតរូប
- កូនស្រីលាងជើងកូនប្រុស
- កូនស្រីទៅទទួលផ្កាស្លាពីកូនប្រុស
- ពិធីចូលម្លប់ត្រូវ
- មិនសូវឲ្យតម្លៃដល់ព្រះភិក្ខុសង្ឃ
- យុវជនខ្មែរខ្វះការសិក្សាស្វែងយល់ពុទ្ធឱវាទ
ឱវាទព្រះពុទ្ធចំពោះនាងសុជាតា (កូនប្រសាស្រីអនាថបិណ្ឌិកសេដ្ឋី)
អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ
យេន អនាថបិណ្ឌិកស្ស គហបតិស្ស និវេសនំ
តេនុបសង្គមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ ។ [...][2]
គ្រានោះព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្តែងហ៊ោកញ្ជ្រៀវក្នុងលំនៅនៃអនាថិបិណ្ឌិកគហបី ។ លំដាប់នោះអានាថិបិណ្ឌិកគហតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបណ្ឌិកថគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជៀវក្នុងលំនៅនៃអ្នក ទំនងដូចជាព្រានសន្ទូចចាប់ត្រីដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចម្រើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសារស្រីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមក អំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតាជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មានប្រាំពីរពួក។ ភរិយាប្រាំពីរពួកតើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់)១, ចោរសមាភរិយា (ភរិយាស្មើដោយចោរ)១, អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់)១, មាតុសមាភរិយា (ភរិយាស្មើដោយមាតា)១, ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី)១, សខីសមាភរិយា (ភរិយាស្មើដោយសម្លាញ់)១, ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី)១, ម្នាលនាងសុជាតា នេះជាភរិយា៧ពួក របស់បុរស។ បណ្តាភរិយាទាំង៧ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គគប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏ មានព្រះភាគទ្រង់សម្តែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគសម្តែងនូវធម៌ឲ្យប្រពៃដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសម្តែង។ ម្នាលនាងសុជាតា ភរិយាក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី អយ្យាក្តី ភរិយាទាំងនោះ ជាស្ត្រីទ្រុស្តសីល រឹងរុស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណាក្នុងលោកនេះ ដែលហៅថា មាតាក្តី ភគិនិក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់សុគតិ។ ម្នាលនាងសុជាតា នេះជាភរិយា របស់បុរស ៧ពួក បណ្តាភរិយាទាំង ៧ ពួកនោះ តើនាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សម្គាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយា ស្មើដោយទាសីរបស់ស្វាមី ចាប់ផ្តើមអំពីថ្ងៃនេះតទៅ ។
ការវិវត្តនៃអាពាហ៍ពិពាហ៍ខ្មែរ
អាពាហ៍ពិពាហ៍ខ្មែរមានដើមកំណើតទាក់ទងទៅនិងរឿងព្រេងនិទាននានាដូចជារឿងជាលីនិងក្រឹស្នា។ដំណើរឿងនេះមានដូចតទៅនៅសម័យនគរគោកធ្លកមានតែមនុស្សពីរនាក់រស់នៅតែប៉ុណ្ណោះនៅលើកោះនោះមានវិសាលភាពទឹកដីធំទូលាយណាស់។ដោយគ្មានអ្នករស់នៅលើទឹកដីដ៏ធំធេងនិងគ្មានអ្នកការពារនោះពពួកស្តេចទេវតាទាំង៨ទិសមានសកទេវរាជជាដើមក៏រៀបចំអាពាហ៍ពិពាហ៍ជាលីជាមួយនិងក្រឹស្នាដែលជាបងប្អូនបង្កើតនិងគ្នាជាប្តីប្រពន្ធ។ដូច្នេះហើយការរៀបអាពាហ៍ពិពាហ៍របស់ជាលីនិងក្រឹស្នាប្រព្រឹត្តទៅអស់រយះពេល៣ខែទើបពួកគេចេះស្រលាញ់គ្នានិងចប់សព្វគ្រប់។ការរៀបអាពាហ៍ពិពាហ៍នៅពេលនោះគឺមានសកទេវរាជជាគ្រូបាចារ្យនិងព្រះបាទក្រុងពាលីរាជធ្វើជាមហាហើយពពួកទេវតាទាំងឡាយទាំង៨ទិងធ្វើជាមេបាសុទ្ធតែមានសីលទាំងអ្នកកាន់ផ្តឹលចំណងដៃសុទ្ធតែពពួកទេវតានិងទេវធីតា (ព្រោះនៅពេលនោះឥតមានមនុស្សនៅឡើយ)។លោកចាបពិនបានអះអាងថាប្រពៃណីមានមង្គលកាខ្មែរយើងប្រហែលជាបានចាប់កំណើតតាំងពីព្រះថោងនិងនាងនាគសម័យនគរភ្នំម្លេះគ្រាន់តែចំណេរតមកបុរាណាចារ្យថែមថយបញ្ចេញបញ្ជូលបន្តិចម្តងៗតាមកាលៈទេសៈប៉ុណ្ណោះហើយជាប់ជាប្រពៃណីរៀងជាដ៍រាបមកដល់សព្វថ្ងៃនេះ។
១អាពាហ៍ពិពាហ៍៧ថ្ងៃ៧យប់
តាមដំណើរឿងព្រេងស្តីពីព្រះថោងនិងនាងនាគ(ព្រះនាងធាវតីឬព្រះទាវដ្ដី) អាពាហ៍ ពិពាហ៍គ្រានោះមានរយះពេល៧ថ្ងៃ ៧យប់។
នៅក្នុងសស្រ្តាស្លឹករឹតមួយដែលរហែកដាច់ខ្លះអ្នកនិពន្ធសរសេរថា «ប្រការ៦ មាននិយាយស្តេចភុជង្គនាគ និងនាងធារាវតីជាអគ្គមហេសីស្តេចភុជង្គនាគឡើងមករៀប ការនាងធាវតីជាបុត្រីឲ្យជាមហេសីស្តេចព្រះថោងពីកាលនោះទើបកើតនគរដើមធ្លកហើយស្តេចឲ្យសង់ដំណាក់តាក់តែងវាំងបន្ទាយសីមារៀបមង្គលការ៧ថ្ងៃស្រេចហោង...។ទោះបីរឿងព្រះថោងនាងនាគនេះមានលក្ខណះអច្ឆរិយផុតវស័យនៃមនុស្សពិតមែនតែ រឿងនេះក៍ឆ្លុះបញ្ចាំងឲ្យឃើញសង្គមខ្មែរនៅពេលដែលខ្មែរចាប់ផ្តើមកសាងប្រវត្តិសាស្រ្ត របស់ខ្លួនដែរ។
ក្នុងករណីមានអាពាហ៍ពិពាហ៍៧ថៃ្ង៧យប់មែនយើងក៏ពុំដឹងថាការរៀបចំពិធីនេះ មានលក្ខណ:ដូចមេ្តចឡើយ ។យើងពុំបានដឹងថាតើវិធីនេះត្រូវបានប្រារព្ធតាមបែប ព្រហ្មញ្ញសាសនាជាធំឬតាមបែបព្រះពុទ្ធសាសនាជាធំទៅវិញទេ ។យើងក៍ពុំអាចដឹងថាតើប្រទេសនេះបាត់បង់ទៅវិញនៅពេលណាដែរ ។ អ្នកខ្លះមានយោបល់ថាអាពាហ៍ពិពាហ៍ ៧ថ្ងៃ ៧យប់នេះកើតឡើងតែនៅក្នុងត្រកូលក្សត្រនិងអ្នកមានប៉ុណ្ណោះ ។អ្នកខ្លះទៀត មានយោបល់ថាអាពាហ៍ពិពាហ៍បែបនេះកើតមាននៅគ្រប់គ្រួសារទាំងអស់ ។
២អាពាហ៍ពិពាហ៍៣ថ្ងៃ៣យប់
អាពាហ៍ពិពាហ៍បែបនេះបានអូសបន្លាយរហូតដល់ចុងសម័យសង្គមរាស្រ្តនិយម។អាពាហ៍ពិពាហ៍បែបនេះត្រូវបានបកស្រាយដោយអ្នកស្រីត្រឹងងាដែលបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ។ ដំណើរៀបចំកូនប្រុសឲ្យមានភរិយាកូនស្រីឲ្យមានស្វាមីត្រូវអូសបន្លាយពេលយ៉ាងវែង។ដំណើនេះត្រូវបានបកស្រាយដោយសង្ខែបតាមឯកសាអ្នកស្រីត្រឹងងានិងឯកសារលោកអាចារ្យចាបពិនរួមជាមួយនិងការស្រាវជ្រាវបន្ថែមរបស់យើងខ្ញុំដូចខាងក្រោមមុនដល់ពិធីរៀបអាពាហ៍ពិពាហ៍គេត្រូវឆ្លងតំណាក់កាលមួយចំនួនមានៈ
ក.ពិធីចែចូវជាពិធីដែលគ្រួសារខាងកូនប្រុសចាត់អ្នកតំណាងម្នាក់ឲ្យទេ សើបការខាងកូនស្រីមុននឹងចូលសី្តដណ្ដឹង។
២ពិធីស្តីដណ្តឹងបើគ្រួសារខាងស្រីព្រមអនុញាតហើយ ទើបគ្រួសារខាងប្រុ
សអាចចូលដណ្ដឹងបាន។
ខ.ពិធីស្តីដណ្តឹងចែកចេញជា៣លើកដែរ។លើកទី១អ្នកផ្លូវ៣នាក់ (ស្រ្តីភេទ) រៀបចំរណ្តាប់ផេ្សងៗមានផែ្លឈើ នំចំណីទៅស្តីដណ្តឹង។លើកទី២អ្នកផ្លូវ៣នាក់ដដែលនោះរៀបរណ្តាប់ច្រើន
ជាងមុនទៅស្តីដណ្តឹងម្តងទៀត។កត្តានេះបង្ហាញ ឃើញភាពទន់ភ្លន់នៃត្រកូលខាងប្រុសនិងបង្ហាញឃើញការលើកតមើ្កងកូនស្រីនៅក្នុងគ្រួសារខែ្មរ
លើកទី៣អ្នកផ្លូវ៣នាក់និងអ្នកមហា៣នាក់រៀបរណា្តប់ច្រើនជាងលើកទី២ទៅជូនមេបាខាងស្រី។ខាងស្រីក៏ត្រូវរកមេបាម្នាក់ជាចាស់ទុំអាចជាញាតិក្នុង
ត្រកូលក៍បាន ដែលមានសំនួនវោហារមកចាំឆើ្លយឆ្លងពេលជួបគ្នា។ពិធីនេះ
ហៅថាស៊ីស្លាតូចលុះសមេ្រចកិច្ចព្រមព្រៀងសុស្លាធំជាបន្តទៀតជាធម្មតា
កូនប្រុសនិងកូនស្រីបំពាក់គ្រឿងអលង្ការដូចជាខ្សែកចិញ្ចៀនខ្សែដៃឲ្យគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ថាអ្នកទាំងពីរជាគូស្វាមីភរិយាក្នុងថៃ្ងអនាគត។
គភាពម៉ឺងម៉ាត់ក្នុងការសាកល្បង
ពិតមែនតែញាតិទាំងសងខាងបានយល់ដឹងបែបនេះក៍ដោយក៍អ្នកទាំងពីជា
ពិសេសកូនប្រុសត្រូវបំពេញការងាសាកល្បងយ៉ាងម៉ីងម៉ាត់បំផុតត្រូវថែក្សា
ឥរិយាបថក្នុងភាពជាបុរសក្លាហានអង់អាចឧស្សាហ៍ព្យាយាមស័ក្តសមជា
អនាគតស្វាមី។ចំណែកកូនស្រីវិញត្រូវថែរក្សាឥរិយាបថក្នុងភាពជាកូនក្រមុំសុភាពរាបសារដោយមិននិយាយក្អាកក្អាយលែបខាយចំពោះប្រុសដទៃទៀត។
ឃ ពិធីជូនកំណត់
ពិធីជូនកំណត់ជាពិធីជ្រើសរើសកាលបរិច្ឆេទដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍។ លោកអាចារ្យកាន់វេលាត្រូវចុះកាលបរិច្ឆេទនោះនៅក្នុងក្រដាសមួយសន្លឹកដែលហៅថាក្រដាសកំណត់ពេលា ។អ្នកផ្លូវចៅមហាក៏បានយកក្រដាសនោះទៅឲមេបា។មេបាក៏បានបើកក្រដាសកំណត់ពេលានោះអានជូនញាតិមិត្តស្តាប់ដើម្បីជាសេចក្តីជូនដំណឹង។បន្ទាប់មកអ្នកផ្លូវនិងចៅមហាសុំឲមេបាបង្គាប់គ្រឿងបណ្តាការសព្វសារពើសម្រាប់រៀបអាពាហ៍ពិពាហ៍។
ងពិធីរៀបអាពាហ៍ពិពាហ៍
ជាធម្មតាពិធថធីរៀបអាពាហ៍ពិពាហ៍ត្រូវប្រព្រឹត្តទៅនៅផ្ទះកូនស្រី។ក្នុងករណីដែលកូនស្រីជាកូនកំព្រាក្រលំបាកពេកគេអាចយកកូនស្រីទៅរៀបអាពហ៍ពិពាហ៍៣ថ្ងៃ៣យយប់ចែកចេញជាថ្ងៃចូលរោងថ្ងៃស៊ីកំណត់និងថ្ងៃសំពះផ្ទឹម។
៣អាពាហ៍ពិពាហ៍២ថ្ងៃ ១យប់
ការរៀបចំអាពាហ៍ពិពាហ៍២ ថ្ងៃ១យប់ជាទម្រង់ដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើនាពេលបច្ចុប្បន្នជាពិសេសនៅតាមទីជនបទស្រុកនិងខេត្ត។ទោះមានការបម្រួញខ្លះក្តី ប៉ុន្តែវានៅរក្សាបានច្រើននូវខ្លឹមសារដើមពីបុរាណរបស់ខ្មែរ។
ក្នុងអាពាហ៍ពិពាហ៍ខ្មែរមានប្រារព្ធពិធីកិច្ចមង្គលច្រើនដើម្បីនាំនូវសិរីសួស្តីដល់គូស្វាមីភរិយាថ្មី។ដូច្នេះការខកខានមិនបានធ្វើកិច្ចមង្គលណាមួយគឺមានន័យថាស្មើនឹងការបាត់បង់សិរីសួស្តីមួយសម្រាប់គូស្វាមីភរិយាថ្មីនោះដែរ។
ថ្ងៃទីមួយ
ថ្ងៃទីមួយវេលាព្រឹកព្រលឹមលោកអាចារ្យរៀបចំសែនរោងដោយមានក្រុមភ្លេងនិងញាតិមិត្តចាស់ទុំចូលរូមផងនៅថ្ងៃនេះគេមានរៀបចំនូវវិស្ណុការ (ពិសការ)។អ្នកភ្លេងនិងលោកមេបាបានរៀបចំពិធីផ្សេងៗទៀត (ដោយមិនបានរៀបរាប់សព្វគ្រប់)។
ថ្ងៃទីពីរ
នៅម៉ោងជាង៤ទៀបភ្លឺអ្នកផ្លូវចៅមហារៀបចំប្រដាប់ប្រដាដើម្បីយកពេលាពេលព្រឹក។ការយកពេលាគឺយកទាំងកូនប្រុសកូនស្រីរួចេហើយកូនស្រីឡើងលើផ្ទះវិញ (តំបន់ខ្លះយកតែកូនប្រុស)។ នៅពេលល្អេនោះ(ពេលាដែលព្រះអាទិត្យរះ) អាចារ្យវាយឃ្មោះ៣ដងកូនកំលោះក្រាបថ្វាយបង្គំព្រះអាទិត្យ៣ដងដែរ។ពិធីនេះជាពិធីដ៏បរិសុទ្ធជាពេលាមង្គលឲគូស្វាមីភរិយាថ្មីនេះទទួលបាននូវសេចក្តីសុខចម្រើនរុងរឿងទៅថ្ងៃអនាគត។តមកគេដង្ហែកូនកំលោះឡើងផ្ទះការដោយក្នុងនោះមានលោកអាចារ្យរៀមច្បងទាំង៣មាតាបិតាក្រុមភ្លេងនិងញាតិមិត្តផងដែរ។
៤អាពាហ៍ពិពាហ៍១ថៃ្ង
ប្រទេសកម្ពុជាមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅចុងសម័យសង្គមរាស្រនិយមចាប់ពីឆ្នាំ១៩៦៨។វិបត្តិសេដ្ឋកិច្ចនោះជាដើមចមនៃវិបត្តិគ្រប់វិស័យដទៃទៀត។នៅថៃ១៧មេសាឆ្នាំ១៩៧០ រដ្ឋប្រហារដ៍ធំមួយបានកើតឡើង។រដ្ឋអំ
ណាចយោធានិយមបានកើតឡើង។រដ្ឋអំណាចនេះបានកាប់សម្លាប់ប្រជារាស្រ្តរាប់ម៉ីននាក់ដែលមានសេចក្កីស្មោះត្រង់ចមពោះរបបរាជានិយម។ជម្លោះ
រវាងរដ្ឋអំណាចយោធានិយមនិងកម្លាំងកុម្មុយនីស្តនិយមរវាងរដ្ឋអំណាចយោ
ធានិយមនិងប្រជារាស្រ្តបានជម្រុញឲ្យស្ថានការណ៍នៅកម្ពុជាកាន់តែដុនដាប
ខ្លាមដែលមិនអាចស្តារបានឡើយ។
នៅក្នុងសម័យសាធារណរដ្ឋខ្មែរ(សម័យលន់នល់)នេះសង្រ្គាមស៊ីវិល
កាន់តែមានលក្ខណព្រៃផៃ្សឡើងៗ។ការស្តីដណ្តឹងមានលក្ខណឆក់កណ្តៀត។ហេតុនេះអាពាហ៍ពិពាហ៍ត្រូវបានបង្រួញមកត្រឹមតែ១ថ្ងៃឬ១ព្រឹកប៉ុណ្ណោះ។
អាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់នៅពេលរសៀលព្រោះអ្នកស្រុកប្រញាប់
ប្រញាល់រកកនែ្លងជ្រកពួនដូចជាពួនក្នុងលេណដ្ឋានជាដើមដើម្បីចៀសវាង
គ្រាប់រំសេវពីខាងរដ្ឋអំណាចនិងពីខាងកម្លាំងក្នុងព្រៃ។ជួនការឪពុកម្តាយបង្កើតដែលនៅឆ្ងាយពីកូនពុំបានដឹងថាកូនរៀបអាពាហ៍ពិពាហ៍ផង។អាពាហ៍ពិពាហ៍ពេលនោះគេធ្វើឡើងដើម្បីគម្រប់កិច្ចប៉ុណ្ណោះពុំបានធ្វើតាមលំអានទាំង
អស់ពិធីបានឡើយ។
៥អាពាហ៍ពិពាហ៍១ព្រឹក
នៅចុងសម័យសាធារណរដ្ឋខ្មែកម្លាំងទ័ពព្រៃបានហ៊ុំព័ទ្ធទីក្រុងនិងទីរួមខឹត្តនានា។ដំណឹងផ្សេងៗត្រូវកាត់ផ្តាច់។ហេតុនេះការរៀបអាពាហ៍ពិពាហ៍មានលក្ខណៈប្រញាប់ប្រញាល់ណាស់។ឯការស្តីដណ្តឹងក៏មានលក្ខណៈបែបនោះដែរ។ការប្រកាន់ប្រពៃណីក្នុងការស្តីដណ្តឹងត្រូវបានបន្ធូរបន្ថយជាច្រើនគឺសម្រូលយ៉ាងណាដើម្បីឲ្យកូនប្រុសនិងកូនស្រីងាយស្រួលក្នុងការរស់នៅជាមួយគ្នា។អាពាហ៍បិពាហ៍ខ្លះមានលក្ខណៈជារបៀបសែនព្រេន។
បច្ចុប្បន្នអាពាហ៍ពិពាហ៍១ព្រឹកត្រូវគេនិយមធ្វើជាទូទៅនៅរាជធានីភ្នំពេញ។ការធ្វើត្រឹមតែ១ព្រឹកបែបនេះមិនមែនដោយមូលហេតុខ្សត់ខ្សោយថវិកាឬអសន្តិសុខក្នុងប្រទេសនោះទេប៉ុន្តែគឺដើម្បីចំណេញពេលវេលានិងថវិកា។ម្យ៉ាងទៀតចរាចរណ៍ចង្អៀតនៅទីក្រុងមិណអនុញ្ញាតឲ្យសង់រោងការឬរោងបុណ្តនៅលើផ្លូវថ្នល់សាធារណៈបានយូរឡើយ។
អាពាហ៍ពិពាហ៍១ព្រឹកបានកាត់ចោលខ្លឹមសារដើមជាច្រើន។ប៉ុន្តែមិនមានក្បួនថាត្រូវតែកាត់ចោលខ្លឹមសារណាហើយត្រូវរក្សាទុកខ្លឹមសារណានោះឡើយ។វាប្រព្រឹត្តទៅខុសគ្នាតាមទីកន្លែងនិងអាស្រ័យដោយការឯកភាពគ្នារវាងអាចារ្យមេបានិងមាតាបិតារបស់កូនប្រុសកូនស្រី។
សរុបសេចក្តីមកយើងអាចស្មានថានៅជំនាន់ដើមដូចជានៅសម័យនគរភ្នំឬនៅសម័យចេនឡាជាដើមអាពាហ៍ពិពាហ៍អាចប្រព្រឹត្តតៅក្នុងរយៈពេល៧ថ្ងៃ៧យប់យ៉ាងហោចណាស់ក៏ទម្រង់អាពហ៍ពិពាហ៍បែបនេះកើតឡើងនៅក្នុងត្រកូលក្សត្រនិងនាហ្មឺនមន្ត្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភដែរ។នៅក្នុងរឿងទុំទាវដែលបានឆ្លុះបញ្ចាំងឲ្យឃើញអរិយធម៌សម័យលង្វែកអាពាហ៍ពិពាហ៍រវាងហ្មឺនងួននិងនាងទាវដែលរៀបចំដោយស្តេចក្រាញ់អរជួនបានបង្ហាញឲ្យឃើញពីការរៀបចំយ៉ាងមហោឡារិកតាំងពីពិធីហែអ្នកតាចាស់ស្រុកឡើងទៅ។ក្រោយមកអាពាហ៍ពិពាហ៍ត្រូវស្ថិតក្នុងរង្វង់៣ថ្ងៃ៣យប់។អាពាហ៍ពិពាហ៍បែបនេះបានអូសបន្លាយយ៉ាងយូរនៅក្នុងសង្គមខ្មែររហូតដល់ចុងសម័យសង្គមរាស្រ្តនិយម។លុះដល់សម័យសាធារណរដ្ឋខ្មែរចលាចលបានកើតឡើងពាសពេញផ្ទៃប្រទេសកម្ពុជា។គ្រប់វិស័យត្រូវស្រុតចុះជាពិសេសគឺវិស័យសេដ្ឋកិច្ចដុនដាបយ៉ាងខ្លាំងព្រោះសន្តិសុខសង្គមមានលក្ខណៈទន់ជ្រាយ។ការចែចូវ ការស្តីដណ្តឹងនិងការរៀបអាពាហ៍ពិពាហ៍ត្រូវបំព្រួញកាន់តែខ្លីដោយលោកអាចារ្យនិងមេបារក្សាទុកតែខ្លឹមសារសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ទោះចង់ក្តីឬមិនចង់ក្តីសភាពការណ៍នោះពិតជាមិនអនុញ្ញាតឲ្យប្រើពេលវេលាយូរបានឡើយ។សភាពការណ៍បានជំរុញឲ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅ១ព្រឹកក៏មាន។
នៅក្នុងដើមសម័យកម្ពុជាប្រជាធិបតេយ្យនៅពេលដែលពួកគេដេញប្រជាជនចេញពីលំនៅដ្ឋានគ្រួសារខាងស្រីខ្លះបានអនុញ្ញាតឲ្យកូនប្រុសរស់នៅជាមួយកូនស្រីដោយមិនចាំបាច់សែនព្រេនឬរៀបអាពាហ៍ពិពាហ៍ព្រោះអ្នកទាំងពីរធ្លាប់ភ្ជាប់ពាក្យជាមួយគ្នាតាំងពីសម័យមុនម្លេះ។គ្មានច្រកណាផ្សេងទៀតក្រៅពីធ្វើបែបនេះទេប្រសិនបើចង់ឲ្យកូនប្រុសនិងកូនស្រីបានជួបគ្នាជាប្តីប្រពន្ធ។ចំពោះចិត្តគំនិតនៃមង្គលការរបស់ពួកប៉ុលពត វិញគេមានបំណងកសាងវប្បធម៌ថ្មីមួយទៀតក្នុងការរៀបអាពាហ៍ពិពាហ៍។ អង្គការជាអ្នកចាត់ចែងដោយមិនសួរចិត្តកូនប្រុសឬកូនស្រីនិងគ្មានអន្តរាគមន៍ពីឪពុកម្តាយឡើយ។
ពីឆ្នាំ១៩៧៩រហុតដល់សព្វថ្ងៃនេះអាពាហ៍ពិពាហ៍ខ្មែរមានលក្ខណៈចម្រុះពណ៌។ទំនៀមទម្លាប់ខ្មែរជាច្រើនកំពុង់ឈានទៅរកការបាត់បង់។យើងកំពុងតែទទួលយកនូវអ្វីដែលមកពីខាងក្រៅមកជំនួសនូវអ្វីដែលនៅខាងក្នុងមានន័យថាយើងកំពុងធ្វើឲ្យអាពាហ៍ពិពាហ៍ឃ្លាតឆ្ងាយពីទម្រង់និងខ្លឹមសារដើមរបស់វាហើយធ្វើឲ្យបាត់បង់នូវបណ្តាំផ្ញើសំខាន់ៗដែលព្រះសង្ឃនិងលោកអាចារ្យបានផ្តាំសម្រាប់ដំណើរជីវិតនៃស្វាមីនិងភរិយាថ្មី។
No comments:
Post a Comment