Saturday, July 14, 2012

សារណាជំពូកទី ៣



ជំពូកទី ៣
ព្រះពុទ្ធសាសនា និងអាពាហ៍ពិពាហ៍ខ្មែរ
          ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរបានចាប់បដិសន្ធិមានមកតាំងពីយូរលង់ណាស់មកហើយ ហើយបានផ្លាស់ប្តូរវិវត្តរូបរាងខ្លួនម្តងបន្តិចៗទៅតាមសម័យកាល និងនិន្នាការសង្គមជាក់ស្តែង តែក៏មិនមែនផ្លាស់ប្តូរទាំងស្រុងតែម្តងដែរ។បើតាមប្រសាសន៍របស់លោកព្រឹទ្ធាចារ្យ នូ វ៉ាន់បានសង្កត់ធ្ងន់ថា ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ គឺមានដើមកំណើតចាប់ត្រឹមពីប្រវត្តិរបស់ព្រះថោង នាងនាគដែលជាស្តេចដំបួងគេបង្អស់នៃនគរគោកធ្លក។ សេ្តចទាំងពីរព្រះអង្គនេះបានស្រឡាញ់គ្នា និងបានរៀបរាជមង្គលដែលបង្កើតបានជាប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរតរៀងមក។ ចំណែកឯលោកអាចារ្យ ញាណ ភឿនបានមានប្រសាសន៍ថា ព្រះនាង សោមា (លីវ យី) ជាស្តេចនៃនគរគោកធ្លកបានចាញ់សង្រ្គាមជាមួយនឹងព្រាហ្មណ៍ម្នាក់នាមកៅ ណ្ឌិន្យ(ព្រះបាទ ហ៊ុន ទៀន)។ ទោះជាព្រះនាងចាញ់សង្គ្រាម ប៉ុន្តែព្រះនាងជាក្សត្រីដែលមានភាពវៃឆ្លាតអាចញ៉ាំងឲ្យព្រាហ្មណ៍ទទួលយកនាងជាអគ្គមហេសី និងគោរពតាមប្រពៃណីអ្នកស្រុក។ក្រោមការគ្រប់​គ្រងរបស់ក្សត្រទាំងពី​រព្រះអង្គ​​ ប្រទេសក៏មានការរីកចម្រើន វប្បធម៌ទំនៀមទម្លាប់ប្រពៃណីក៏បានចាប់ផ្តើមចាក់ឫសយ៉ាងមាំ ជាពិសេសប្រពៃណីរៀបអាពាហ៍ពិពាហ៍តែម្តង។
          ដោយប្រទេសមានការរីកចម្រើន វិស័យនានាក៏បានរីកលូតលាស់អនុញាតិឲ្យពាណិជ្ជករទាំងឡាយអាចធ្វើការជួញដូរឆ្លងសមុទ្រពីឥណ្ឌាមកកាន់នគរគោកធ្លកកាន់តែច្រើនឡើង។ ទន្ទឹមនឹងការរីកចម្រើនផ្លាស់ប្តូរផ្នែកមុខជំនួញ ក៏មានការលំហូរចូលនូវជំនឿសាសនា វប្បធម៌ផងដែរ។ជាការពិតការវិវត្តនៃសង្គមតាមរូបភាពខាងលើនេះបានកែប្រែទំនៀមទម្លាប់ប្រពៃណីដែលប្រជាពលរដ្ឋខ្មែរកំពុងដំណើរការប្រើប្រាស់ ជំនឿ ដោយមិនដឹងខ្លួន។ ជាក់ស្តែងការកែប្រែមួយនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរនៅសម័យអង្គរ។ តាមឯកសារត្រឹងងាបានឲ្យដឹងថានៅក្នុងកំឡុងឆ្នាំ៨០២ នៃគ.ស មានព្រះរាជាមួយអង្គនាមជ័យវរ្ម័នទី២បានបង្រួបបង្រួមប្រទេសឲ្យផុតពីសង្គ្រាមស៊ីវិលរវាងចេនឡាទឹក និងចេនឡាគោកឲ្យមកជាប្រទេសមហាអំណាចដោយប្រើសិវរាជពិធី និងបានស្តារប្រទេសឡើងវិញដែលសម្បូរទៅដោយវប្បធម៌ ប្រពៃណីជាពិសេសព្រហ្មញ្ញសាសនាពិធីធ្វើឲ្យប្រជារាស្ត្រគោរពជឿតាមយ៉ាងច្រើនលើសលុប ក្រោយមកនៅប្រហែលស.វទី១១ នៃគ.ស មានជម្លោះជំនឿសាសនាបានផ្ទុះឡើងរវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាព្រោះដោយសារមានការផ្លាស់ថ្នាក់ដឹងនាំដែលធ្លាប់ជឿជាក់លើព្រហ្មញ្ញសាសនា ទៅជាជឿជាក់ព្រះពុទ្ធសាសនា។ ជម្លោះនេះបានធ្វើឲ្យការផ្លាស់ប្តូរប្រពៃណីខ្មែរគួរឲ្យកត់សម្គាល់ជាពិសេសប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ ដោយនយោបាយឈ្នះរបស់ព្រះបាទជ័វរ្ម័នទី៧ លោកបានអនុញ្ញាតឲ្យសាសនិកទាំងពីរអាចគោរពជំនឿសាសនារួមគ្នាទើបធ្វើឲ្យមានការច្របាច់ចូលគ្នារវាងជំនឿទាំងពីរនេះទៅក្នុងរាល់ពិធីកម្មផ្សេងៗក្នុងនោះក៏មានពិធីអាពាហ៍ពិពាហ៍ដែរ។
៣.១ អាពាហ៍ពិពាហ៍ខ្មែរសម័យបុរាណ
ខ្មែរជាប្រទេសសម្បូរបែប សម្បូរទាំងវប្បធម៌ អរិយធម៌ ប្រពៃណី សាសនា ប្រាសាទ ក្បាច់ក្បូចម្លាក់រចនា អក្សរសាស្ត្រពាសពេញផ្ទៃប្រទេស សមដូចដែលរាជរដ្ឋាភិបាលដាក់នាមឲ្យថា «ព្រះរាជាណាចក្រអច្ឆរិយៈ​» Cambodia, Kingdom of Wonder។ ភាពសម្បូរបែបនេះហើយបានបង្ករលក្ខណៈងាយស្រួលដល់ការចងក្រង ប្រមូលផ្តុំចាក់គ្រឹះប្រពៃណីមួយដែលគ្មានសាសន៍ដទៃដូចឡើយ ជាឧទាហរណ៍ ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ អាពាហ៍ពិពាហ៍ខ្មែរសម័យបុរាណ បានផ្សាយទៅគ្រប់ច្រកឡ្ហកនៃទឹកដីរាជាណាចក្រខ្មែរ ហើយប្រជាជនទាំងនោះ ក៏ត្រេកអរសោមន្សនឹងទទួលយកមកអនុវត្តតៗគ្នារៀងមកដល់សព្វថ្ងៃ។ នៅក្នុងសម័យបុរាណកិច្ចរៀបអាពាហ៍ពិពាហ៍មានលក្ខណៈសំខាន់ និងជាពិធីធំជាងគេមួយក្នុងចំណោមពិធីធំៗដទៃទៀត ព្រោះពិធីនេះប្រព្រឹត្តទៅមានរយៈពេលយូរថ្ងៃរហូតដល់៧ថ្ងៃឯណោះ និងមានរបៀបវារៈច្រើនថែមទៀតក្នុងដំណើរការ ដូចជា ពិធីចែចូវ ពិធីដេញពេលា ពិធីហែកំណត់ ពិធីសែនក្រុងពាលី ពិធីសូត្រមន្ត ពិធីកាត់សក ពិធីធ្វើធ្មេញ ពិធីកាត់អំបោះ។ល។
ខ្មែរបុរាណលោកមានភាពវៃឈ្លាសណាស់ ទោះដឹងថាពិធីមង្គលការនេះមិនអាចកាត់ផ្តាច់ព្រហ្មញ្ញសាសនាចេញបានក៏ដោយ ក៏លោកខិតខំប្រឹងប្រែងរកវិធីបញ្ជ្រាបចូលនៃទ្រឹស្តីរបស់ព្រះពុទ្ធសាសនា នេះបើតាមប្រសាសន៍របស់លោកអាចារ្យ ញាណ ភឿន, ព្រោះលោកបានយល់យ៉ាងច្បាស់ថាមានតែព្រះពុទ្ធសាសនាទេដែលសម្តែងអំពីសច្ចធម៌ ធម៌គ្មានការប្រែប្រួលទៅតាមកាលៈទេសៈ គឺពិតជារៀងរហូត។ ហេតុនេះហើយយើងឃើញមានពិធីយ៉ាងច្រើនក្នុងពិធីមង្គលការខ្មែរមានការជាប់ពាក់ព័ន្ធនឹង ពិធីក្រុងពាលី ការឲ្យពរជ័យ ពិធីដេញពេលា ពិធីសូត្រមន្ត ពិធីធ្វើធ្មេញ ពិធីកាត់អំបោះជាដើម។ 
          ក/. ការជ្រើសរើសគូស្រករ
ក្នុងពេលផ្តល់បទសម្ភាសន៍ លោកព្រឹទ្ធាចារ្យ នូ វ៉ាន់ បានឲ្យដឹងថា ទំនៀមជ្រើសគូស្រករ ខ្មែរបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីយូរលង់ណាស់មកហើយ ព្រោះលោកគិតថាជីវិតអាពាហ៍ពិពាហ៍ទទួលបានសុភមង្គលឬអត់ វាអាស្រ័យទាំងស្រុងទៅលើការជ្រើសរើសគូស្រករនេះ បើរើសចំអ្នកឧស្សាហ៍ព្យាយាមនាំឲ្យគ្រួសារគេរីកចម្រើន តែបើរើសប៉ះចំអ្នកខ្ចិលច្រអូស មនុស្សខាតលក្ខណ៍វិញនឹងនាំឲ្យសុនស៊យ អន់ថយដល់គ្រួសារជាមិនខាន។ ហើយការជ្រើសរើសគូស្រករនេះទៀតសោតវាពិបាកខ្លាំងណាស់ប្រៀបដូចជាការរាវរកម្ជុលក្នុងទឹកសមុទ្រយ៉ាងនោះដែរ ពុំងាយនឹងរកឲ្យឃើញឲ្យត្រូវទាន់ចិត្តឡើយ។
ដោយភាគច្រើន មានតែមាតាបិតាឬចាស់ទុំទេដែលអាចផ្ទុកផ្តាក់ ចាត់ចែងកូនចៅខ្លួនឲ្យទៅអ្នកនេះឬអ្នកនោះបាន ព្រោះគេជឿថាពួកលោកជាអ្នកមានបទពិសោធន៍ច្រើន ធ្លាប់ឆ្លងកាត់គ្រប់រឿងដែលកូនចៅនឹងត្រូវដើឆ្លងតាមក្រោយដែរ។ ការរៀបចំសម្រេចផ្ទុកផ្តាក់ពីឪពុកម្តាយដោយមិនបានសួរយោបល់ពីកូនៗ ជួនកាលក៏ទទួលបានសេចក្តីសុខសុភមង្គលពិត តែជួនកាលក៏បានក្តីទុក្ខទៅវិញព្រោះហេតុថានៅក្នុងបុរាណកាល កូនចៅតែងយល់ស្របតាមសេចក្តីសម្រេចចិត្តរបស់ឪពុកម្តាយ មិនហ៊ានប្រកែកតបត ទើបចេះតែទ្រាំរស់នៅជាមួយគ្នាដោយអំណត់ទៅ សមដូចពាក្យបុរាណខ្មែរពោលថា «នុំមិនធំជាងនាឡ»។ តែនាមយុគសម័យនេះ នុំវាធំជាងនាឡហើយមានន័យថា គេចេះស្វែងរកដៃគូដោយខ្លួនគេ មិនចាំបាច់ឪពុកម្តាយលូកដៃឡើយ គេចង់បានសេរីភាព មិនចង់ស្ថិតនៅក្នុងគំនាបរបស់អាណាព្យាបាលទៀតឡើយ។
ការជ្រើសរើសដោយខ្លួនឯងបែបនេះក៏ជាការប្រថុយថានដែរ ជាការពិតវាមានលក្ខណៈសេរី និងឯករាជ្យនិយមពិតមែន តែវាផុសស្រួសនឹងជួបបញ្ហាណាស់ព្រោះទឹកចិត្តយុវវ័យឈាមរាវ មិនសូវបានគិតគ្រប់ជ្រុងជ្រោយឡើយ គេប្រទះអ្វីស្រឡាញ់នឹង ហើយក៏ផ្លាស់ប្តូរចិត្តលឿនៗដែរ។ ដូច្នេះវិធីជ្រើសរើសដាច់ដោយឡែកទាំងពីរនេះពុំត្រូវយកមកប្រើឡើយនៅក្នុងសម័យសកលភាវូបនីយកម្មនេះ គេគប្បីត្រូវមានការចូលរួម គឺការចូលរួមរវាងអ្នកមានបទពិសោធន៍ (ឪពុកម្តាយ) និងសាមីខ្លួនផ្ទាល់ទើបអាចរុករកឃើញសុភមង្គលពិតៗ។
លោកព្រឹទ្ធាចារ្យបានបញ្ជាក់ទៀតថា ដើម្បីកុំឲ្យការជ្រើសរើសគូស្រករជាការផ្សងសំណាងតទៅទៀត ទំនៀមបុរាណខ្មែរតែងមើលលក្ខណៈមួយចំនួនដូចខាងក្រោម៖
-       មើលពូជពង្សវង្សត្រកូល (ពូជល្អ កូនក៏ល្អដែរ)
-       កូនប្រុសស្រីត្រូវជាអ្នកមានអាយុគ្រប់វ័យការ (ចាប់ពីអាយុ ១៨ឡើងទៅ)
-       ឆ្លងកាត់ការអប់រំយ៉ាងហោចណាស់ថ្នាក់ទី ៩
-       ជាអ្នកមានចំណេះដឹង និងជំនាញពិតប្រាកដមួយ
-       មានចរិតឫកពារល្អសមរម្យ ចេះស្គាល់ចាស់ទុំ ចេះបាទចាស៎
-       ជាអ្នកពោលពាក្យពិត
-       ជាអ្នករហ័យរហួន ធ្វើការមិនទំនេដៃ ឧស្សាហ៍ព្យាយាម និងមានអំណត់
-       ជាអ្នកធ្លាប់បានបួយរៀន បានដល់នូវសីល៥ជាដើម
-       ជាអ្នកមានកតញ្ញូកតវេទីចំពោះជនជុំវិញខ្លួន
-       ជាអ្នកមិនលេងល្បែងទាំងបី មានល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់ទាំងឡាយ
-       ជាអ្នកមានរូបសម្បត្តិសមរម្យ មិនទាបពេក មិនខ្ពស់ពេក
-       ជាអ្នកមិនឈឺច្រើន
បុព្វបុរសខ្មែរនាសម័យបុរាណលោកមានវិធីយ៉ាងពិសេសក្នុងការជ្រើសរើសគូស្រករ សម្រាប់ផ្គូផ្គងឲ្យកូនចៅគាត់ វិធីរបស់លោកមានយ៉ាងច្រើនអនេក តែដែលសំខាន់ និងប្រើជាញឹកញាប់ជាងគេ គឺការសង្កេតមើលទៅលើសាវតាពូជពង្សវង្សត្រកូល និងសាមីខ្លួនផ្ទាល់ បើវង្សត្រកូលគេល្អ កូនចៅគេក៏ល្អដែរព្រោះកូននឹងទទួលបានគំរូល្អៗពីឪពុកម្តាយគេ។ ហើយបើចង់ដឹងថាអ្នកណាមួយល្អ ឧស្សាហ៍ព្យាយាម ស្លូតបូត ឬខ្ជិលច្រអូស គឺគេមើលទៅលើទង្វើអ្នកនោះធ្វើរាល់ថ្ងៃនឹងដឹងថាល្អ ឬមិនល្អជាក់ជាមិនខាន ព្រោះថា «គំនិត បង្កើតពាក្យ ពាក្យបង្កើតសកម្មភាព សកម្មភាពបង្កើតទម្លាប់ ទម្លាប់បង្កើតចរិកឫពារ ចរិកឫកពារបង្កើតជោគវាសនារបស់ខ្លួនអ្នក» បើជារឿយៗគេគិតតែដេក មិនគិតខ្វល់ខ្វាយរកស៊ី និងនាំដល់វនាស តែបើគេធ្វើការ ព្យាយាមជារឿយៗទោះពេលខ្លះបរាជ័យក្តី ក៏គេនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
ច្បាប់ដាស់តឿនក្រើនរំលឹករបស់អ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ៖
                          ពូជខ្លៅមិនសូវប្រាជ្ញ           ពូជកោងកាចមិនសូវស្លូត
                          ពូជត្រង់ៗរហូត                 ពូជភរភូតមិនផុតផៅ។
                          ឪពុកម្តាយស្លូតត្រង់           ចិត្តមិនចង់ឲ្យកូនខ្លៅ
                          ជេរវាយស្តីប្រដៅ               ឲ្យកូនចៅបានចេះដឹង។
ខ/. ការបម្រើមាតាបិតាខាងស្រី
ទំនៀមមួយទៀតដែលខ្មែរយើងនៅតែបន្តបដិបត្តិមកដល់សព្វថ្ងៃ ទោះជាមានតិខ្លះថាវាអយុត្តិធម៌ ឬស៊ីខ្សែលើកូនប្រុសក៏ដោយ ក៏វិធីនេះមានលក្ខណៈល្អវិសេសច្រើន ព្រោះថា ការរើសគូស្រករប្រៀបដូចជាឲ្យមនុស្សខ្វាក់ដើរាវរកផ្លូវតែម្នាក់ឯងយ៉ាងនោះដែរ កម្រនឹងបានត្រឹមត្រូវ សមតាមបំណងប្រាថ្នាណាស់ ច្រើនតែខុស និងខកចិត្តស្តាយក្រោយ ដូច្នេះហើយគឺមានតែការឲ្យកូនប្រុសដែលនឹងត្រូវរៀបការ ទៅបម្រើមាតាបិតាខាងស្រីទេដែលអាចវាស់ស្ទង់សមត្ថភាព ចំណេះដឹង ជំនាញ ឬជាអ្នកតស៊ួប៉ុណ្ណា។ ការធ្វើបែបនេះលោកមានបំណងចង់ធ្វើតេស្តកូននោះថាតើគេជាអ្នកមានការតស៊ួ ព្យាយាមឬអត់។ បើជាអ្នកខ្ជិលច្រអូសនឹងត្រូវឪពុកម្តាយខាងស្រីផ្តាច់កូនវិញ សូម្បីគេបានមកបម្រើអស់ច្រើនខែ ឬដល់ថ្ងៃពិធីមង្គលការក៏ដោយ។ ពីសម័យដើម នេះបើតាមសម្តីរបស់លោកព្រឹទ្ធាចារ្យ នូ វ៉ាន់ សូម្បីថ្ងៃរៀបអាពាហ៍ពិពាហ៍ទៀបនឹងដល់ពេលផ្ទឹមក៍ដោយក៏អាចមេបាខាងស្រីមានសិទ្ធិផ្តាច់បានដែរ។  ព្រោះថាលោកនឹងមិនប្រថុយផ្ញើវាសនាកូនស្រីរបស់គាត់ឡើយ ដោយហេតុថាបើជាអ្នកខ្ជិល និងមានពុតត្បុតច្រើននោះនឹងនាំទុក្ខទោស វេទនា តោកយ៉ាកយ៉ាប់ដល់កូនស្រីគាត់ដែរ តែបើជាអ្នកឧស្សាហ៍ព្យាយាម ជាអ្នកមានតម្រិះ អំណត់អត់ធន់ និងមានបញ្ញានោះនឹងទទួលបានការកោតសរសើ ទទួលបានការទុកចិត្ត និងអនុញ្ញាតឲ្យរៀបការតាមផ្លូវច្បាប់ជាក់ជាមិនខាន។
សូមលើករឿងឪពុកក្មេក​រើស​កូនប្រសា​មកគតិពិចារណាដូចតទៅ៖
កាលពីព្រេងនាយ​មាន​តា​ចាស់​ម្នាក់ និង​ដូនចាស់​ម្នាក់​នៅ​ស្រុក​មួយ ។តា​ចាស់​យាយ​ចាស់​នោះ គាត់​មាន​កូនក្រមុំ​ម្នាក់​រូប​ល្អ​ណាស់អ្នកណា​ទៅ​ដណ្តឹង​ក៏​គាត់​មិន​ព្រមឲ្យ គាត់​ថា "​អ្នកណា​តម​មិន​ជេរ​ម្តាយ​គេ​បានទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នកនោះ​" ។​
          ជួន​ជា​ថ្ងៃ​មួយ​នោះ​មាន​កម្លោះ​ម្នាក់​រូបរាង​ស្អាត​បាតចូល​ទៅ​ដណ្តឹង​កូន​គាត់ៗ​ថា "​អើ​អញ​ឲ្យ​ឯងៗកុំ​ព្រួយចិត្ត​ប៉ុន្តែ​ឯង​ត្រូវ​តម​កុំ​ជេរ​ម្តាយ​គេ​ហើយ​ទទួល​បំរើ​អញតាម​ពាក្យ​អញ​បាន​អញ​ឲ្យ​ឯង បើ​តម​មិន​បាន​អញ​ផ្តាច់​មិន​ឲ្យ​ឯង​ទេអញ​ប្រាប់​ឯង​មុន​ឲ្យដឹង​ក្រោយ​ឯង​កុំ​ថា​អញ​កាច​ណា​!"។​
កម្លោះ​នោះថា "​ខ្ញុំបាទ​តម​ជេរ​ម្តាយ​គេ​បាន ហើយ​ធ្វើការ​អ្វីៗ​បាន​ទាំងអស់ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់ប្រកា​រ​តាម​ប្រសាសន៍​លោកឪពុក​" តា​នោះ​ថា "​អើបើ​ឯង​តម​ជេរ​ម្តាយ​គេ​បាន​មែន ឯង​ទៅ​សិន​ចុះ ព្រឹក​ឯង​មក​វិញ​ពី​ព្រលឹម​" ។កម្លោះ​នោះ​ក៏លា​ទៅផ្ទះ​វិញ ។​
          ព្រឹក​ឡើង​កម្លោះ​នោះ​មក​វិញ​ចូល​ទៅ​បំរើ​ឪពុក​ម្តាយក្មេកតា​នោះ​ប្រើ​កូនក្រមុំ​គាត់​ឲ្យ​រៀប​បាយទឹក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​រួចហើយតា​នោះ​ប្រាប់​ទៅ​កូនប្រសា​ថា "​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរស្រែដល់​កាលណា​ថ្ម​នៅ​ខាង​ស្រែ​នោះ​យំ​តេវៗ ច្រេ​ចៗ សឹម​ឯង​ដោះក្របី​លែង​"។អ្នក​កម្លោះ​ទៅ​ចាប់​ក្របីម​កទឹមហើយ​ទៅ​ភ្ជួរស្រែ​តាំងពី​ព្រលឹម​ដល់​ថ្ងៃត្រង់​ក៏​ថ្ម​ពុំ​យំក្របី​ដើរ​ពុំរួច​ក៏​ថ្ម​ចេះ​តែ​ឈឹង ពុំ​យំ​សោះ។អ្នក​កម្លោះ​ឃ្លានបាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្តាយថា "​ម្តាយ​អា​ថ្ម​នេះកាលណា​នឹង​យំ​ឡើង​"។ កម្លោះ​នោះជេរ​តែប៉ុណ្ណោះតា​នោះ​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា "​ណ្ហើយ​ចុះ ឯង​ដោះក្របី​លែងហើយ​ទៅ​ផ្ទះ​ឯង​ចុះ​អញ​ផ្តាច់​កូន​ហើយ ដ្បិត​ឯង​តម​ជេរ​ម្តាយ​មិន​បាន​"កម្លោះ​នោះ​ដោះ​ក្របី​លែង ហើយ​ទៅ​ផ្ទះ​វិញ។​
ថ្ងៃ​ក្រោយមក មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្តឹង​កូន​តា​នោះ​ទៀតគាត់​បង្គាប់​ដូច​កម្លោះ​មុន តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញាគេ​ទៅ​ភ្ជួរស្រែ​វេចបាយ​ទៅ​ស៊ី​ផង លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយក៏​បញ្ឈប់​ក្របី​ស៊ី​បាយ​ភ្ជួរ​ដល់​ថ្ងៃ​ជ្រេ​ពី​ត្រង់ ក៏​ថ្ម​ពុំ​យំក្របី​អស់ជើង​ដើរ​ពុំរួច អ្នក​កម្លោះ​នោះ​កាលណា​បើ​បរក្របី​ទៅជិត​ថ្ម​នោះធ្វើ​ជា​ស្តីថា "​ឱ​លោក​ថ្ម​អើយ យំ​ឡើង​ក្របី​ដើរ​ពុំរួច​ទេ អាណិត​ក្របី​ផង​ទៅខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរអាណិត​តែ​ក្របី​ទៅ​ចុះ​ដ្បិត​វា​ជា​សត្វ​" ។កម្លោះ​នោះ​អង្វរ​ដូចម្តេចក៏​ថ្ម​ពុំ​យំ អ្នក​កម្លោះ​នោះ​ក៏​ពុំជេរ ដ្បិត​វា​ដឹងថាតា​នោះ​នៅ​ពួន​ក្រោយ​ថ្ម លុះ​និយាយ​អង្វរ​យូរ​ទៅតា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំរួច​មែន​ក៏​គាត់​នឹក​អាណិត​ក្របី​គាត់ៗយំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តេវៗ អ្នក​កម្លោះ​នោះ​ក៏​ដោះក្របី​ឲ្យ​ស៊ី​ស្មៅហើយ​មក​ផ្ទះ​ឪពុកក្មេក​វិញ ។តា​នោះ​ក៏​ឲ្យ​កូនគាត់​លើកបាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី ។លុះ​ល្ងាច​តា​នោះ​ប្រាប់ថា "​កូន​អើយ​ទៅ​ផ្ទះ​ឯង​ចុះ ព្រឹក​សឹម​ឯង​មក​វិញ​" ។កម្លោះ​នោះ​ក៏លា​ទៅផ្ទះ លុះ​យប់​មក​លបចាំ​ស្តាប់​នៅក្រោម​ដំណេក​តា​នោះ​យក​ការណ៍ព្រោះ​គាត់​និយាយ​គិតគូ​រនឹង​ប្រពន្ធ​គាត់​ទាល់តែ​ដេកលក់ ។​
វេលាយប់ តា​ចាស់​ចូលដេក​ក៏​និយាយ​នឹង​យាយ​ថា "​ដូន​! អា​នេះ​វា​តប​ជេរ​ម្តាយ​បានដូច្នេះ​យើង​រក​ឧបាយ​យ៉ាងណា​? ឲ្យ​វា​ខឹង​ជេរ​ម្តាយ​យើង​នឹង​ផ្តាច់​វា​ទៅ​" ។ដូន​ឆ្លើយថា "​ងាយ​ទេ​បើ​ដូច្នេះ តា​ឯង​ចូល​ក្នុង​ការុង​មួយការុង​មួយទៀត​ដាក់​អង្ករ​ព្រឹក​ឡើង​វា​មក ខ្ញុំ​ប្រាប់​វា​ថា "​តា​ទៅ​កាប់​អុស​លើ​ភ្នំ​មុន​ហើយ​" ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង និង​អង្ករ​ទៅ​លើ​ភ្នំបើ​វា​ធ្ងន់​វា​ខឹងវា​ជេរ​នោះ​តា​ឯង​នៅ​ក្នុង​ការុង​ឮ​ហើយ​មក​វិញ​ផ្តាច់​វា​បាន​ដោយ​ងាយ​" ។តា​យាយ​គិត​គ្នា​ដូច្នេះ​ហើយ​ក៏​ដេក​ទៅឯ​អ្នក​កម្លោះ​លបស្តាប់​ក្រោយ​ផ្ទះ​ដឹង​ការ​ហើយ ក៏វិល​ទៅ​ដេកឯ​ផ្ទះ ។ព្រឹក​ឡើង​អ្នក​កម្លោះ​នោះ​ទៅ​បំរើ​ម្តាយ​ឪពុកក្មេក ក៏​ស្រាប់តែ​ឃើញ​យាយ​ចាស់បង្ហាញ​អំ​រែក​ហើយ​ប្រាប់ថា "​កូន​អើយ​! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយគាត់​ផ្តាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ​ឡើង​ទៅ​តាម​គាត់​ឲ្យ​ឆាប់ដ្បិត​គាត់​ទៅ​ពី​ព្រឹក​មិនទាន់​ហូបបាយ មាន​តែ​កូន​ឯង​រែក​ទៅ​ឆាប់វា​នឹង​អាល​ដណ្តាំបាយ​ឲ្យ​ឪ​ឯង​ហូប​" ។ កម្លោះ​នោះ​ទទួល​អំ​រែក​ហើយក៏​រែក​ទៅ​តាម​ជើងភ្នំ ដល់​រែក​ឡើង​បនិ្ត​ច​ទៅ​ធ្ងន់​ណាស់​ក៏រែក​ចុះ​មក​វិញហើយ​ស្តីថា "​ឱ​ឪ​អើយ​! ខ្ញុំ​ឃ្លាន​បាន​ណាស់​ខ្ញុំ​រែក​ឡើងជា​ឆាប់​មិន​បាន​ទេវា​ធ្ងន់​ម្លឹង នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួចបើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូច​ម្តេច​ក៏​ទទួល​" ។ និយាយ​ហើយ រែក​ចុះ​មក​វិញលុះ​រែក​ទៅដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្តាល​ស្បូវ​នោះហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់​ទើប​ដើរ​ត្រឡប់​មក​វិញ​យក​ភ្លើង​ដុត​ជុំ​អំ​រែកលុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ ហើយ​ក្តៅ​ដល់តា​ចាស់ដែល​នៅក្នុង​អំរែ​កនោះគាត់​ក៏​បំរាស់​ញ័រ​រង្គើ​រទាំង​ការុង ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កម្លោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ក៏​ស្រែកថា "​ជើ​!នរណា​ដុត​ភ្លើង​ឆេះ​អំ​រែក​អញ​អស់ ធ្វើ​ដូចម្តេច​អញ​នឹង​ចូល​ទៅ​បានភ្លើង​ឆេះ​ជុំវិញ​ចូល​មិន​រួច​ទេ​" ថា​ហើយ​ស្រែក​ឈរ​នៅក្រៅលុះ​ភ្លើង​ឆេះដល់​ការុង​ក្តៅ​តា​ចាស់​ណាស់ ទើប​ស្ទុះ​ចូល​ទៅ​អូស​អំ​រែក​ចេញពី​ភ្លើងរួច​ហើយ​ភ្លើង​ឆេះ​ដាច់​ខ្សែ​ការុង រលាក​តា​ចាស់​បំរះ​ញ័រៗទើប​អ្នក​កម្លោះ​ស្រាយ​ការុងចេញ​ឃើញតា​ឪពុកក្មេ​ករលា​ក​ភ្លើង​ឆេះ​ទាំង​សក់​ក្បាល​ផងក៏​ជម្រាប​ថា "​ជើ​លោ​ឪ​! ម្តេច​ក៏​មិន​ប្រាប់​កូនកុំ​អី​ភ្លើង​ឆេះ​ស្លាប់ចោល​ម៉ែ​ឲ្យនៅ​មេម៉ាយ ។តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្តេចឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ​ទ្រម​ខ្លួន​មួយ​ថ្ងៃណាមួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង​ណាមួយ​រលាកភ្លើង មកដល់​ផ្ទះ​វិញ​គ្មាន​ស្តី​មួយ​មាត់ដល់​ផ្ទះ​ហើយ​ប្រាប់​កូនប្រសា​ថា "​ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​" ។ឯ​កូនប្រសា​លា​ទៅ​ផ្ទះ​ដល់​យប់​លប​ពួន​ក្រោមផ្ទះ​ស្តាប់​ទៀត ។​
លុះ​យប់​តា​ចាស់​ដូនចាស់​ចូលដេក​ក៏​និយាយ​គិត​គ្នា​ទៀត តា​ថា "​គិត​ដូច​ម្តេច​នឹង​ផ្តាច់​វា​បាន​? អា​នេះ​មាន​ប្រាជា្ញ​ណាស់តែ​នឹង​ឲ្យ​កូន​យើង​ទៅ​វា វា​មិន​សម​នឹង​កូន​យើង ពី​ថ្ងៃមិញ​វា​ដឹងថាឯង​នៅ​ក្នុង​ការុង វា​រែក​ទៅដល់​កណ្តាលផ្លូវ វា​ថា​ធ្ងន់​ណាស់ តែ​វា​មិន​ជេរម្តាយ​វា​រក​ទីណា​មាន​ស្បូវ​ស្ងួត​វា​រែក​អំ​រែក​ទៅ​ដាក់​កណ្តាល​ស្បូវហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ ។ ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែកថានរណា​ដុត​ភ្លើង​នេះ ឆេះ​អំ​រែក​វា​អស់ ហើយ​វា​ឈរ​តែ​ស្រែក​មិន​ចូល​យកទុក​ទាល់តែ​ភ្លើង​ឆេះ​ដល់​ក្តៅ ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញមក អញ​ភ័យ​ណាស់ប៉ុន្តែ​ចេញមិនរួច ព្រោះវាចងមាត់ការ៉ុងជាប់ អញរលាកអស់ទាំងខ្លួនឥឡូវនេះ​យើង​គិត​ដូចម្តេច នឹង​ផ្តាច់​វា​បាន​" ។ យាយ​ថា "​ឥឡូវនេះ​យើង​គិតថាឲ្យ​តាឯង​ធ្វើ​ម្ចាស់​ឲ្យ​វា​ធ្វើ​ឆ្កែ​នាំទៅ​បណ្តើរ​អណ្តើក ឲ្យ​វាវារ​ដូច​ឆ្កែបើ​វា​រក​អណ្តើក​មិនបាន ឬ​វា​បោល​មិន​រួច នោះ​យើង​ផ្តាច់​វា​បាន​" ។ តា​ចាស់​ថា "​អើ​! ដូន​គិត​ដូច្នេះ​ត្រូវ ព្រឹក​អញ​ធ្វើ​ដូច​ឯង​ថា​" ។តា​យាយ​គិត​គ្នា​ហើយ​ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​នោះ​ស្តាប់​ដឹង​អស់​ការហើយវិល​ទៅ​ផ្ទះ​វិញ​ដេក​លក់​មាន់រងាវទើប​ពុន​អណ្តើក​យកទៅ​ចងទុក​ក្នុង​គម្ពោត​ស្មៅ​ឯ​វាល ឯនេះ​ឯនោះ​ពាសពេញ​តែ​វាលដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្តើក​នោះ ហើយ​វិល​មក​ផ្ទះ​ដេក​ធ្វើ​ព្រងើយ ។​
លុះ​ព្រឹក​​ព្រហាម​ឡើង ចៅ​នោះ​ទៅដល់​ផ្ទះ​ឪពុកក្មេក​ម្តាយក្មេកៗក៏​ឲ្យ​កូន​ក្រមុំគាត់​រៀប​បាយ​លើកយក​មក​ឲ្យ​ចៅ​នោះ​ស៊ីៗ​រួចហើយ​ក៏​ប្រាប់ថា
​​"​កូន​! ឥឡូវនេះ​យើង​ទៅ​បណ្តើរ​អណ្តើក ប៉ុន្តែ​យើង​គ្មាន​ឆ្កែ កូន​ឯង​ធ្វើ​ឆ្កែឪ​ធ្វើ​ម្ចាស់ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យកមក​ស៊ី​" ។ ចៅ​នោះ​ឆ្លើយ​បាទហើយ​តា​ចាស់​ពូន​បាយ​សំណុំ​ទឹក​បំពង់​ដើរ​ចេញពីផ្ទះ​ទៅ ។ចៅ​នោះ​ក៏​បោល​ជើង​បួន​តាម​ក្រោយ​ទៅ ដល់​វា​កន្លែង​ចង​អណ្តើក​នោះក៏​វា​បោល​ទៅមុន​ចូល​គម្ពោធ​ស្មៅ​មួយ​វា​កេះ​ងុ​យៗ ។តា​ចាស់រ​ត់​ទៅ​ដល់​វា​ខាំ​បាន​អណ្តើក​មួយ ហើយ​បោល​ទៅទៀត ខាំ​បាន​អណ្តើក ៦-៧ដល់​ថ្ងៃ​ត្រង់ តា​ចាស់​ឃ្លាន​ពេក​ណាស់ ក៏​អង្គុយ​គិត​ស្រាយ​បាយ​ស៊ី ។ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង​ក៏​បោល​ទៅ​ដេញ​ខាំ​ក្របីក្របី​បោល​ចូល​ស៊ី​ស្រូវ​អ្នកស្រុក តា​ចាស់​ឃើញ​ហើយ​រត់​ទៅ​ដេញ​ឆ្កែដេញ​ក្របី​ចេញពី​ឆ្កែៗ​បោល​មក​ស៊ី​បាយ​អស់ ហើយ​បោល​ទៅ​បាត់ ។ឪពុកក្មេក​ម្ចាស់​ឆ្កែ​វិល​មក​វិញរ​កបាយ​ស៊ី​គ្មាន​ឆ្កែ​ស៊ី​អស់ខឹង​ណាស់​ដេញ​វាយ​ពុំទាន់ ណា​អស់កម្លាំង​ឃ្លាន​បាយណា​ផ្លូវ​ឆ្ងាយ​ក៏​ខំ​ដើរមក​ផ្ទះ​វិញ ទាំង​អត់បាយ​ដើរ​ពុំរួច បន្ទោស​ឆ្កែ​មិនបានពិត​ឆ្កែ​វា​ចំណាំតែ​អញ្ចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ ប្រាប់​កូនប្រសា​ថា "​ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មកវិញ​" ។ដល់​យប់​កូនប្រសាមក​លបស្តាប់​តា​យាយ​គិត​គ្នា​ទៀត ។​
លុះដល់​យប់​តា​យាយ​ចូលដេក តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសាធ្វើ​សព្វគ្រប់​ហើយតា​ឲ្យ​យាយ​ជួយ​គិត​ទៀត ។ ដូនចាស់​ប្រាប់ថា "​ពីមុខ​វា​ធ្វើ​ឆ្កែ តា​ឯង​ធ្វើ​ម្ចាស់វា​ធ្វើ​បាប​តា​ឯង​បានដូច្នេះ​ព្រឹក​នេះ​តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​តា​ឯង​ធ្វើ​ឆ្កែ​វិញ​" ។តា​យាយ​គិត​គ្នា​ហើយ​ដេក​ទៅ ។ ចៅ​នោះ​លបស្តាប់​បានកា​រហើយក៏​ទៅ​ដេក​ឯ​ផ្ទះ​ធ្វើ​វា​ហី ។​
ព្រឹក​ឡើង​ចៅ​នោះ​ទៅ​បំរើ​ឪពុកក្មេក​ម្តាយក្មេក​ទៀត ។តា​យាយ​ឲ្យ​កូនក្រមុំ​លើកបាយ​មក​ឲ្យ​ស៊ីៗ​រួចហើយ ក៏​តា​ប្រាប់ថា "​កូន​អើយ​!ពី​ម្សិលម៉ិញ​ឯង​ធ្វើ​ឆ្កែ ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញៗ​ធ្វើ​ឆ្កែ​វិញ​" ។ចៅ​នោះ​ឆ្លើយ​បាទ ហើយ​ពូន​បាយ​ទឹក​ទៅ ឯ​តា​វារ​ធ្វើ​ឆ្កែ​បោល​តាម​ក្រោយ ។លុះ​ហួស​ពី​ផ្ទះ​បន្តិច​វា​ខំ​ដើរ​លឿន កុំឲ្យ​ឪពុកក្មេ​ក​វាបោ​លទាន់ ។
​តា​បោល​ពុំ​ទាន់​ដ្បិត​ខ្លួន​ចាស់​ដើរ​ត្រុកៗ​តាម​ក្រោយ​វា ក៏​វា​បែរ​មក​ថា​
​"​ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់​ទៅ​មុខ​មិន​ទៅ​ដើរ​តែ​ក្រោយ​ម្ចាស់រក​អណ្តើក​ម្តេច​បាន​?" ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅមុខ ។តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ អណ្តើក​ក៏​រក​មិនបានកូនប្រសា​វាយ​ស្ទើរ​ស្លាប់ ហត់​ស្ទើរ​ដាច់ខ្យល់តែ​ពុំ​ហ៊ានស្តី​ព្រោះ​ខ្មាស​កូនប្រសា ។​
          ​លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃត្រង់ វា​ស្រាយ​បាយ​ស៊ី​ហើយ​វា​ថា "​ឆ្កែ​អី​រក​អណ្តើក​មិនបាន ដើរ​តែ​ក្រោយ​មនុស្ស ស៊ី​តែ​បាយ​បង្អស់​"ហើយ​វា​មិន​ឲ្យ​បាយស៊ី វា​ឲ្យតែ​ឆ្អឹងឆ្អែង​អង្គៀ​មក៏​មិន​បែកដ្បិត​គ្មាន​ធ្មេញ​ឃ្លាន​ណាស់​អង្គុយតែ​មើលមុខ​វា ទាល់តែ​វា​ស៊ី​អស់វា​វាយ​មួយ​ព្រនង់​ទៀត វា​ថា "​ណ្ហើយ​ទៅផ្ទះ​ចុះ​បើ​មិន​ផេះ​ទេឆ្កែ​អី​ឆ្នែង​យ៉ាងហ្នឹង​" ហើយ​វា​ឡើង​ដើរ​វិល​ទៅផ្ទះ​វិញ ។​
តា​ចាស់​ហត់​ណា​ស់វារ​មិន​រួច ឡើង​ដើរ​ទៅ​តាម​ក្រោយចៅ​កម្លោះ​ទៅដល់​ផ្ទះ​ប្រាប់ម្តាយក្មេ​កថា "​ម៉ែ​! រក​អណ្តើក​មិន​បាន​ទេព្រោះ​ឆ្កែ​មិន​ស្វាក់​" ។​
​តា​ចាស់​ខឹង​ណាស់​ប្រាប់​កូនប្រសាថា "​ឯង​ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ​" ។ចៅ​នោះ​ក៏​លា​ទៅ ដល់​យប់​មក​ពួន​លប​ស្តាប់​ក្រោមផ្ទះ​ទៀត ។​
          លុះដល់​យប់​តា​យាយ​ចូលដេក តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូនប្រសា​ធ្វើបាបហើយ​បង្អត់​ទាំង​បាយ​ផង ។ ដូន​ថា "​ណ្ហើយ​ឲ្យ​កូន​ទៅវា​ទៅ​ផ្តាច់​វា​មិន​បាន​ទេ​អា​នេះ មាន​ប្រាជ្ញ​ណាស់ឯង​គិត​អី​វា​ដឹង​មុន​ទាំងអស់ វា​ធ្វើ​បាប​ស្ទើរតែ​នឹង​ស្លាប់​ម្តេចក៏​មិន​រៀង​" ។តា​ចាស់​ឆ្លើយថា "​នឹង​ឲ្យទៅ​វា មើល​ទៅ​រូបរាង​មិន​សម​នឹង​កូន​យើង​សោះប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង ឲ្យ​វា​ជេរ​ម្តាយ វា​មិន​ជេរដូច្នេះ​ដូន​ជួយ​គិត​អញ​ម្តងទៀត បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្តាច់​វា​" ។ដូនចាស់​ថា "​អើ​! ឥឡូវនេះ​មាន​តែ​ពេល​មាន់រងាវ​ឡើង តា​ឯង​លប់មុខ​ស៊ី​ស្លា ហូបបាយហើយ​ចូល​ទៅ​ក្នុង​ការុង​មួយ ការុង​មួយទៀត​ច្រក​អង្ករបើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​ថា តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់ហើយ​ខ្ញុំ​ប្រាប់​វាឲ្យ​រែក​ទៅ ទៅឲ្យ​ទាន់វេលា​ស៊ីបា​យព្រឹកដ្បិត​ផ្លូវ​ទៅ​ផ្សារ​ក៏​ឆ្ងាយ​ដែរ បើ​វា​រែក​ទៅ​មិនទាន់ម​ក​វិញ​ផ្តាច់​វា​យ៉ាង​ងាយ មួយ​ទៀត​ដល់​ពាក់កណ្តាល​ផ្លូវ​វា​ធ្ងន់វា​ប្រហែស​វា​ឃើញ​ថា​ស្ងាត់​ហើយ​វា​ជេរ​មិន​ខាន​" ។ តា​ចាស់​និយាយ​គិត​គ្នាហើយ​ដេក​ទៅ ។ ឯ​កូនប្រសា​លបស្តាប់​នៅ​ក្រោមផ្ទះ ដឹង​ការណ៍​ហើយ​ក៏​ទៅ​ដេក​ឯ​ផ្ទះ ។​
          លុះ​ព្រឹក​ឡើង​ចៅ​នោះ​រៀប​ខ្លួន ដើរចេញ​ទៅ​បំរើ​ឪពុកក្មេក​ទៀតដល់​ហើយ​ម្តាយ​ឲ្យ​កូនក្រមុំ​លើកបាយ​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀតស៊ី​ហើយក៏​ប្រគល់​អំ​រែក​ឲ្យ​កូនប្រសា​រែក​ទៅតាម​ឪពុកក្មេក​ឯ​ផ្សារដូច​គិត​គ្នា​ពី​ល្ងាច​នោះ ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិតថា "​ម្តងនេះ​អញ​ធ្វើឲ្យ​ឪពុកក្មេ​ក​អញនេះ ឲ្យ​កូន​មក​អញកុំឲ្យ​រកកល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត​" ហើយ​គិតតែ​រែក​ទៅ​ដល់​ពាក់កណ្តាល​ផ្លូវដាក់អម្រែក​ចុះ ហើយ​ថា ការុង​នេះ​ចង​មាត់​មិន​ជាប់ ក៏​យក​ខ្សែ​ចង​ថែម​ទៀតលុះ​រែក​ដើរ​ទៅ​ដល់​កណ្តាល​ផ្លូវ​មាន​ព្រែក​មាន​ស្ពានក៏​ដាក់អម្រែក​លើ​ស្ពាន​ត្រង់​ចុង​ក្តារ នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន​ហើយ​ថា "​អញ​អើយ​ថ្ងៃ​ណាស់​ហើយ ម្ល៉េះ​សម​ឪ​ជេរ​មិន​ខាន អម្រែក​ធ្ងន់​រែក​ម្តេច​ទាន់ណ្ហើយ​! ឪ​ជេរ​ក៏​ជេរ​ចុះ អញ​ដាក់​នៅ​លើ​នេះ​ទៅ​វាល​សិន រួច​សឹម​ទៅទៀត​"និយាយ​បណ្តើរ​ដើរ​ទៅ​បណ្តើរ ។ មួយស្របក់​ក៏​កាន់​ឈើ​មួយ​ធំដើរ​មក​ពី​នាយ​បុក​ក្តារ​ស្ពាន​ឮ​គ្រាំងៗ ធ្វើ​ជា​ដំរី​ឆ្លងស្ពាន​ហើយ​ស្រែកថា "​នរណា​ដាក់អំរែក​នៅលើ​ស្ពាន ដំរី​អញ​វា​ជាន់​ខូច​អស់ហើយ យក​ចេញ​ឲ្យ​ឆាប់​"ស្រែក​ហើយ​បុក​ក្តារ​ដើរ​គ្រាំៗ​ចូលមក ។​
          ​ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិតស្មាន​ថា​ជា​ដំរី​មែនភ័យ​ក្រែង​ជាន់​ស្លាប់​ក៏​បម្រះ​ជៀស​ផ្លូវ​ដំរីហួស​ពី​ក្តារ​ធ្លាក់​ទៅក្នុង​ទឹកៗចូល​ការុង​ឈ្លក់ទឹក​ត្រដរ​ញ័រ​ទាំង​ការុង​ស្ទើរតែ​នឹង​ស្លាប់ ។ឯ​កូនប្រសាឃើញ​ដូច្នោះ ក៏​ទុក​ឲ្យ​ផឹកទឹក​បន្តិច​កុំឲ្យ​អស់​ខូច​ទៀតហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែកថា "​នរណា​ហ៊ាន​បរដំរីឆាយ​អំ​រែក​អញ​ធ្លាក់​ក្នុង​ទឹក​ទទឹក​អង្ករ​អស់ ឱ​អញ​អើយ​! ឪ​ជេរ​ថែមទៀត​ហើយថ្ងៃ​ក៏​កាន់តែ​ខ្ពស់ ហើយ​អង្ករ​ក៏​ទទឹក​អស់​ថែមទៀត​" ។អ្នក​កម្លោះ​ឃើញឪ​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុង​ក៏​ថា "​ឱ​មាន​ទាំង​ត្រី​មក​ប​បេះ​ផងណ្ហើយ​អញ​ចុះ​ទៅ​ស្រង់​ឡើង​មក​មើល​" ថា​ហើយ​ក៏​លោត​ទៅ​ស្រង់​ឡើង មក​មើល​ហើយ​ថា "​អើបើ​វាទ​ទឹកនឹង​ស្រាយ​ហាលថ្ងៃ ហើយ​រែក​យកទៅ ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ឲ្យ​ឪ​" ។ថា​ហើយ​ស្រាយ​មើលឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា "​ឱ​ឪ​អើយ​ម្តេច​មិន​ស្រែកប្រាប់​ខ្ញុំ កុំ​អី​ស្លាប់​ទៅហើយ គេ​បរដំរី​មកពីណាមិនដឹង​គេ​ឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅក្នុង​ទឹក​" ។ តា​ឮ​ហើយ​ឡើងឈរ​ដើរ​វិល​មក​ផ្ទះ​វិញមិន​មានស្តី​មួយម៉ាត់ ដល់​ទៅ​ផ្ទះ​អស់ចំណេះ​មិន​ហ៊ាន​គិត​ទៀតក៏​រៀបការ​កូនក្រមុំ​ឲ្យទៅ​អ្នក​កម្លោះ​នោះទៅ។
រឿងនេះចង់បញ្ជាក់ពីរការចូលទៅរស់នៅបម្រើមាតាបិតាខាងស្រី មានសភាពលំបាក  និងស្មុគស្មាញបន្តិច តម្រូវឲ្យអ្នកប្រាថ្នាកូនក្រមុំគេនោះជាអ្នកឧស្សាហ៍ ហើយវ័យឆ្លាតទើបបាន ពុំនោះទេនឹងត្រូវគេផ្តាច់កូនដូចក្នុងរឿងបានបញ្ជាក់។ ជាអកុសលកូនប្រុសៗមួយចំនួនជាអ្នកខ្ជិលច្រអូស ពូកែបានតែមាត់តែធ្វើមិនកើត ចេះតែអូតអាងនេះអាងនោះ អូតទាំងមាសប្រាក់លុយឡាន វិឡា ដើម្បីឲ្យគេស្រឡាញ់ចូលចិត្ត ជាអ្នកគ្មានការតស៊ួ តើនឹងឲ្យគេផ្ញើវាសនាលើខ្លួនម្តេចនឹងកើត បើគ្រាន់តែការងារតិចតូចប៉ុណ្ណេះធ្វើមិនរួចផងនោះ។ កុំគិតថាមាសប្រាក់លុយឡានទាំងនោះតាំងនៅកើតកើនប្រសិនបើមិនគ្រប់គ្រង និងចាយវាយឲ្យបានត្រឹមត្រូវទេនោះ វានឹងរលាយនៅនឹងមុខមួយពព្រិចភ្នែក ហេតុនេះហើយគេត្រូវការចាំបាច់ ភាពវ័យឆ្លាត រហ័សរហួនមិនស្ទក់ និងជាអ្នកមានអំណត់មិនងាយក្រោធខឹង។
  គ/. ដំណើការនៃអាពាហ៍ពិពាហ៍ខ្មែរ
          មានគេត្រូវពីធីមួយចំនួនមុននឹងដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ នេះបើតាមប្រសាសន៍របស់លោក ព្រឹទ្ធាចារ្យ នូ វ៉ាន់ ក៏ដូចជាលោកអាចារ្យ ញាណ ភឿន។ ជាទូទៅខ្មែរយើងតែងធើ្វពិធីចែចូវដោយពឹងស្រ្តីចំណាស់ម្នាក់ដែលមានប្តីនៅរស់ ហើយជាអ្នកមានចរិយាសម្បត្តិល្អ ពូកែថ្វីមាត់ឲ្យទៅសុំចែចូវកូនក្រមុំពីអាណាព្យាបាលខាងស្រីបីដង។ ពេលដែលបានដំណឹងថាអាណាព្យាបាលខាងស្រីព្រមព្រៀងហើយ គេក៏ឯកភាពគ្នាដេញរកពេលាល្អដើម្បីសិរីសួស្តីពីព្រះសង្ឃ ឬលោកអាចារ្យដែលធ្លាប់បានបួសរៀន។ លុះបានពេលាល្អហើយគេក៏ប្រារព្ភពីធីចែចូវជាផ្លូវការលុះណាបានសម្រេច អាណាព្យាបាលកូនប្រុសក៏ឲ្យកូនខ្លួនទៅបម្រើខាងស្រីរហូតទាល់តែខាងស្រីយល់ថាល្អហើយ ក៏ហៅអាណាព្យាបាលកូនប្រុសមកប្រាប់ថា ឲ្យអាណាព្យាបាលរៀបចំពីធីស៊ីស្លាធំ ឬតូច (ភ្ជាប់ពាក្យ)។[1]
          ក្រោយពេលភ្ជាប់ពាក្យបានចប់សព្វគ្រប់រួចរាល់ហើយ មេបាទាំងសងខាងក៏នាំគ្នាទៅរកដេញពេលាដើម្បីរៀបចំពិធីមង្គលការ ជម្រាបអញ្ជើញភ្ញៀវ រៀបចំភស្តុភារបណ្តាការ(ជំនួន) និងនិមន្តព្រះសង្ឃជាដើម។ល។ នៅក្នុងសម័យបុរាណ ក៏ដូចជាបច្ចុប្បន្នដែរ ការរៀបប្រពៃណីអាពាហ៍ប្រព្រឹត្តទៅមានរយៈពេលពីរយប់បីថ្ងៃគឺ៖
- ថ្ងៃទី ១ (ថ្ងៃចូលរោង)
នៅព្រឹកព្រលឹមល្អះៗ ពីធីមង្គលការក៏បានចាប់ផ្តើមដោយមានមហាម្នាក់ មកសុំជួបលោកមេបា អនុញ្ញាតសុំសង់រោងផ្កាស្លា សុំវាលលែងក្របី សុំព្រៃកាប់អុស សុំត្រពាំងដងទឹក ជាដើម ទាល់តែលោកមេបាព្រមព្រៀងអនុញ្ញាតឲ្យធ្វើ ទើបហ៊ានធើ្វ។ ហើយនៅពេលល្ងាចពិធីចូលរោងក៏ចាប់ផ្តើម ដោយមានអ្នកមុខអ្នកការចូលទៅសុំគាល់លោកមេបា សូមអនុញ្ញាតរៀបពិធីចូលរោង គោះគងទូងភារី កូតទ្រ ផ្លុំប៉ី ដេញចាបីសាដៀវ ប្រគុំតន្រ្តីតាមប្រពៃណី។ នៅពេលយប់បន្តិច លោកមហាទាំងបីក៏បានជួបជុំគ្នាពិភាក្សាគ្នាអំពីកម្មវិធីត្រូវធ្វើអ្វីខ្លះនៅថ្ងៃទី២ និងទី៣។ ជាទូទៅកម្មវិធីដែលនឹងត្រូវដាក់ឲ្យធ្វើមានគោលការធំៗដូចខាងក្រោម៖
ក. ពីធីសែនក្រុងពាលី
ខ. ពីធីស្តីដណ្តឹង
គ. ពីធីហែកំណត់
ឃ. ពីធីកាត់ផ្កាស្លា
ង. ពីធីកាត់សក់
ច. ពីធីសូត្រមន្ត
ឆ. ពីធីសែនគួចដៃ
ជ. ពីធីធ្វើធ្មេញ
ញ. ពីធីផ្សំដំណេក
- ថ្ងៃទី ២ (ថ្ងៃកំនត់)
លុះថ្ងៃទី២ចូលមកដល់ នៅម៉ោងប្រហែល ៥ ភ្លឺ លោកអាចារ្យក៏រៀបចំសែនក្រុងពាលីថ្វាយទេវតាដែលកំពុងថែរក្សានៅទីទឹកដីភូមិស្រុក ប្រទេស ដោយសូមឲ្យទទួលស្គាល់ និងបីបាច់ថែរក្សាកូនប្រុសស្រីដែលនឹងក្លាយជាគ្រួសាចំណូលថ្មី និងសូមឲ្យបានសុខចំរុងចម្រើន រកស៊ីមានបានជារៀងរហូត។ នៅម៉ោងប្រហែល ៧ ព្រឹក ខាងប្រុសក៏នាំយកភស្តុភារបណ្តាការដែលបានកំណត់ដោយខាងស្រី ដង្ហែមកដល់ផ្ទះខាងកូនស្រីហើយ ពេលលោកមេបាបានពិនិត្យឃើញថាបណ្តាការនាំមកសព្វគ្រប់ឥតខ្វះហើយ ក៏ព្រមឲ្យហែកំណត់ឡើងទៅលើផ្ទះកូនស្រី។ នៅបន្តបន្ទាប់គេក៏ធ្វើពិធីតាមលំដាប់លំដោយ មានពិធីកាត់ខាន់ស្លា ពិធីកាត់សក់ ពិធីសូត្រមន្ត និងនៅពេលយប់ក៏ធ្វើពិធីសែនគួចដៃ ហើយនៅពេលជិតពាក់កណ្តាលអាធ្រាត លោកមេបាក៏រៀបចំពិធីធ្វើធ្មេញបំពេញលក្ខណ៍។
- ថ្ងៃទី ៣ (ថ្ងៃផ្ទឹម)
នៅក្នុងថ្ងៃបញ្ចប់នេះ មានពិធីសំខាន់មួយគឺពិធីសំពះផ្ទឹម។ ពិធីសំពះផ្ទឹមនេះ គឺគេនាំគ្នាហែកូនប្រុស ទៅសំពះរួមជាមួយកូនស្រី នៅលើផ្ទះកូនស្រី ដើម្បីគោរពវិញ្ញាណខន្ធជីដូនជីតាផង គោរពជីដូនជីតាដែលកំពុងមានជីវិតនៅរស់ផង សូមលោកទាំងនោះផ្តល់ពរសព្វសាធុការ សិរីមង្គលដល់គូស្វាមីភរិយាដែលត្រូវជាកូនចៅបានសុខសុភមង្គល និងរស់នៅជាមួយគ្នារហូតដល់ចាស់ស្លាប់។
ក្នុងថ្ងៃទី ៣ នេះមានពិធីតូចៗមួយចំនួនតាមលំដាប់លំដោយដូចខាងក្រោម៖
- ពិធីដង្ហែកូនប្រុសទៅលើផ្ទះកូនស្រី
- ពិធីលាងជើង
- ពិធីសែនក្បាលជណ្តើរ
- ពិធីសំពះផ្កស្លា ៣
- ពិធីរំាបើកវាំងនន
- ពិធីសែនជីដូនជីតា
- ពិធីចាប់ដៃផ្សំផ្គុំ
- ពិធីរាំបើកបាយស្រី
- ពិធីចងដៃ
- ពិធីរាំសង្កត់ចំនងដៃ
- ពិធីបង្វិលពពិល
- ពិធីអប់មាត់
- ពិធីលាងឈាម
- ពិធីសំពះផ្ទឹម នៅរោងផ្កាស្លា
- ពិធីរាំសាកន្ទេល
- ពិធីលៀងភោជនហារ
- ពិធីពន្លត់ជន្លុះ
- ពិធីផ្សំដំណេក។
អាពាហ៍ពិពាហ៍ខ្មែរបានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ឲ្យអនុជនខ្មែរខាងក្រោយយកទៅអនុវត្ត និងថែរក្សាឲ្យគង់វង្ស។ គ្រប់ពិធីទាំងអស់នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរសុទ្ធសឹងតែជាចំណេះដឹង គន្លឹះប្លែកៗ និងជាមេរៀនសម្រាប់ហាត់ពត់គូស្វាមីភរិយាឲ្យរៀនសូត្រ និងបដិបត្តិឲ្យបានសេចក្តីសុខសុភមង្គល ជាឧទាហរណ៍ ពិធីធ្វើធ្មេញបំពេញលក្ខណ៍បានអប់រំមនុស្សខ្មែរអំពីការកសាងខ្លួនឲ្យជាមនុស្សបរិសុទ្ធមានសប្បុរសធម៌ មិនមែនជាអ្នកប្រព្រឹតអបាយមុខ មិនមែនជាអ្នកកំណាញ់កោងកាច តែជាអ្នកបរិសុទ្ធស្អាត មានការព្យាយាមជាដើម។ ដូច្នេះយើងជាកូនខ្មែរមិនត្រូវមើលរំលង ឬបំបាត់ប្រពៃណីដូនតាខ្មែរដ៏ល្អស្រស់បំព្រងនេះទេ គួរគប្បីនាំគ្នាចូលរួមថែរក្សា និងអភិវឌ្ឍឲ្យរិតតែជាភយោភាពទៅ។
៣.២ អាពាហ៍ពិពាហ៍ខ្មែរសម័យបច្ចុប្បន្ន
          តាំងពីបុរាណកាលមក ខ្មែរប្រកាន់ទំនៀមទម្លាប់ក្នុងការទុកដាក់កូនចៅឲ្យមានគូស្រករ គឺអាស្រ័យលើការសម្រេចចិត្តរបស់ឪពុកម្តាយ ឬអាណាព្យាបាល។ ប្រសិនបើកូនចៅណាស្រឡាញ់គ្នាជាប្តីប្រពន្ធដោយចិត្តឯង មិនបានសួរអាណាព្យាបាលជាមុន ឬមិនមានការទទួលស្គាល់ពីអាណាព្យាបាល ឈ្មោះថាប្រព្រឹត្តកន្លងប្រពៃណី នឹងធ្វើឲ្យអាប់ឱនកិត្តិយសដល់ពូជវង្សត្រកូល ហើយកេរ្តិ៍ឈ្មោះរបស់គេ ក៏ដូចជាគ្រួសារក៏មិនល្អដូចគ្នា។
ក្នុងគោលបំណងនេះ ខ្មែរបុរាណបានយល់ច្បាស់ពីការសម្របខ្លួនរស់នៅក្នុងសង្គមជាមួយគេឯង គឺថាគ្មានជនណាមួយអាចរស់នៅដោយឯកឯងបានឡើយ គេត្រូវការជាចំបាច់ ឲ្យមានការទទួលស្គាល់ពីសង្គមជុំវិញគេ ទាំងការរស់ និងការជ្រើសរើសដៃគូអនាគត ព្រោះថាកាលណា សង្គមជុំវិញគេមិនរាប់រកហើយ នោះនឹងប្រកបកិច្ចកម្មការងារអ្វីៗក៏មិនបានជោគជ័ តែងដល់នូវភាពអន់ថយ និងមិនមានសុភមង្គល។ ជាការពិតសុភមង្គលមិនមែនអាស្រ័យនឹងអ្នកក្រៅមែន តែក៏មិនអាចខ្វះបានដែរ ហេតុនេះហើយបុរាណាចារ្យ លោកតែងប្រដៅកូនចៅលោកឲ្យធ្វើអ្វី ឬជ្រើសរើស ត្រូវឲ្យមានការដឹងឮ ការយល់ព្រមពីអ្នកជិតខាង និងអាណាព្យាបាលជាមុន ព្រោះប្រសិនបើមានបញ្ហាអ្វី គ្រោះថ្នាក់ណាមួយកើតឡើងដោយចៃដន្យ នឹងមានអ្នកចាំជួយយកអាសារ ឈឺឆ្អាល និងការពារជានិច្ច ហើយបើប្រកបការងារជំនួញជួញប្រែ ក៏តែងបានជោគជ័យ ព្រោះបានសហការគ្នាល្អ។
ក្នុងយុគសម័យសកលភាវូបនីយកម្ម ប្រទេសទាំងអស់តែងផ្លាស់ប្តូរវប្បធម៌ប្រពៃណី ឬមានឥទ្ធិពលលើគ្នាតិច ឬច្រើនដោយខានមិនបាន។ ដោយឡែកប្រទេសកម្ពុជា ក៏មានសភាពមិនខុសនឹងប្រទេសទាំងនោះដែរ ដោយសារវិវត្តនៃការដឹកនាំប្រទេស សង្គ្រាមកលយុគ សកម្មភាពជំនួញនាំចេញនាំចូល វិស័យប្រពន្ធផ្សព្វផ្សាយសង្គម និងដោយសារគ្មានគោលនយោបាយទប់ស្កាត់ប្រសិទ្ធភាព ធ្វើឲ្យប្រពៃណីវប្បធម៌ខ្មែរមានការផ្លាស់ដោយអន្លើ ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍បានលុបបំបាត់ បំផ្លិចបំផ្លាញនូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរទាំងស្រុង មិនតែប៉ុណ្ណោះគេបានសម្លាប់ប្រាជ្ញដែលជាអ្នកចេះដឹងវប្បធម៌ប្រពៃណីស្ទើរអស់រលីង។ មិនដូចសម័យបុរាណ អាពាហ៍ពិពាហ៍សម័យបច្ចុប្បន្ន ប្រព្រឹត្តទៅតែមួយយប់ មួយថ្ងៃ ឬមួយថ្ងៃក៏មាន។ រីឯការជ្រើសរើសគូស្រករក៏ដូចគ្នា សាមីខ្លួនជាអ្នកមានសិទ្ធសម្រេចចិត្ត។ អាពាហ៍ពិពាហ៍សម័យបច្ចុប្បន្នធ្វើឡើងដោយផ្តេកផ្តួលទៅតាមសង្គមការងារ ភាពចាំបាច់ គេប្រារព្ភធ្វើឡើងសឹងរដូវ មិនថារដូវប្រាំង ឬវស្សាឡើយឲ្យតែបានរួចៗទៅ។ មួយវិញទៀតមាតាបិតាមួយចំនួនសម័យបច្ចុប្បន្ននេះមិនសូវបានយល់ដឹងអំពីទំនៀមទម្លាប់ប្រពៃណីខ្មែរច្បាស់លាស់ទេ ពួកលោកពឹងផ្អែកទាំងស្រុងទៅលើអាចារ្យ ជាងផ្នួង ឬជាងថត។លោកអាចារ្យ ឬជាងថតនោះទៀតសោត មិនសូវចេះក្បួនច្បាប់ច្បាស់ដឹកនាំពិធីមង្គលការ តាមតែការយល់ឃើញរបស់ខ្លួនជាហេតុធ្វើឲ្យប្រពៃណីខ្មែរកាន់តែប្រាស់ចាកទម្រង់ដើមឆ្ងាយទៅៗ។ លោកព្រឹទ្ធាចារ្យ នូ វ៉ាន់ បានសង្កត់ធ្ងន់ដែរថា ជាងថតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើពិធីអាពាហ៍ពិពាហ៍ខ្មែរនាពេលបច្ចុប្បន្ននេះ ទាំងលោកអាចារ្យ មាតាបិតា កូនប្រុសស្រីសុទ្ធតែធ្វើការបង្កាប់បញ្ជារបស់ជាងថត។
យើងមិនបដិសេធការឆ្នៃប្រឌិតថ្មី ឬការសម្របខ្លួនតាមកាលៈទេសៈទេ តែក៏ត្រូវគិតពីអ្វីដែលជាអត្តសញ្ញាណខ្លួនដែរ មនុស្សម្នាក់នឹងមិនស្គាល់ខ្លួនឯងថាជាអ្នកណាប្រសិនបើគេមិនមានអត្តសញ្ញាណរបស់ខ្លួនមួយជាក់លាក់ ដូច្នេះគេជៀសមិនរួចពីការធ្វើតាមវប្បធម៌ប្រពៃណីរបស់សង្គមនោះៗឲ្យខានតែបាន។ សូក្រាតបានពោលថា ខ្ញុំគឺជាខ្ញុំព្រោះតែសង្គមរបស់ខ្ញុំ[2] ជាការពិតពេលខ្លះប្រពៃណីបុរាណមិនបានឆ្លើយតបនឹងភាពជាក់ស្តែង យើងក៏អាចរំលងបានខ្លះដែរ តែមិនមែនមានន័យថាឲ្យតែទាស់នឹងចិត្តរបស់ខ្លួនឈ្មោះថាមិនឆ្លើយតបនឹងភាពជាក់ស្តែង ហើយរំលងចោលមិនខ្វល់ខ្វាយនោះឡើយ។ ប្រពៃណីវប្បធម៌ខ្មែរគឺជាបទដ្ឋានមួយដោយឡែក ដែលអនុញ្ញាតឲ្យបរទេសគេអាចស្គាល់ថាបុគ្គលនេះជាខ្មែរ បុគ្គលនោះមិនមែនជាខ្មែរ រីឯវប្បធម៌ប្រពៃណីបរទេសក៏យ៉ាងនោះដែរ។ ជាតិអាមេរិចកាំងនឹងក្លាយជាខ្មែរបើគេអនុវត្តធ្វើតាមប្រពៃណីខ្មែរ ហើយខ្មែរនឹងក្លាយជាបរទេសដទៃបើខ្មែរប្រព្រឹត្តតាមវប្បធម៌បរទេសលែងខ្វល់ខ្វាយនឹងវប្បធម៌ខ្មែរ។
៣.២.១ ការវិវត្តនៃការជ្រើសរើសគូស្រករ
នៅក្នុងសម័យបុរាណ ការជ្រើសរើសគូស្រករ ការផ្គូផ្គងកូនៗឲ្យបានគ្នាជាប្តីប្រពន្ធគឺអំណាចរបស់អាណាព្យាបាល ជាពិសេសមាតាបិតាទាំងស្រុង។ កូនប្រុសពេលដែលមេបាខាងស្រីព្រមព្រៀងថានឹងលើកកូនឲ្យ មិនទាន់អាចរៀបអាពាហ៍ពិពាហ៍តែម្តងទេ គេត្រូវទៅនៅផ្ទះខាងស្រីដើម្បីបម្រើមាតាបិតាខាងស្រីលុះណាតែ មាតាបិតា អាណាព្យាបាលខាងស្រីគេឃើញថា បុគ្គលនេះ មានចរិត ឫកពាល្អ ជាអ្នកអត់ធ្មត់ និងឆ្លាតវាងវៃទើបគេសម្រេចចិត្តឲ្យកូនក្រមុំរៀបអាពាហ៍ពិពាហ៍ពេលលេញ។ ការជ្រើសរើសកូនប្រសាទៀតសោតមានលក្ខណៈខុសប្លែកពីពេលបច្ចុប្បន្ន។ នៅសម័យបុរាណ គេជ្រើសរើសកូនស្រាតាមរយៈមើលពូជពង្សវង្សត្រកូល ចរិតលក្ខណៈ ជាអ្នកបានបួសរៀនឬអត់ធន់។ល។ រីឯក្នុងពេលបច្ចុប្បន្ន ការជ្រើសរើសគូស្រករមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់។ កូនៗអាចជ្រើសរើសគូស្រករ ឬដៃគូរបស់ខ្លួនដោយខ្លួនឯង ដោយមិនមានសម្ពាធពីអ្នកដទៃឡើយ ហើយថែមទាំងមិនចាំបាច់ទៅបម្រើផ្ទះខាងស្រីទៀតផង។
ការវិវត្តនៃការជ្រើសរើសគូស្រករនេះអាចផ្តល់ផលអវិជ្ជមានខ្លះ និងវិជ្ជមានខ្លះ។ ផ្តល់ផលអវិជ្ជាមានត្រង់ថា ជាទូទៅក្មេងៗស្រីប្រុសឡាញ់គ្នាជាលក្ខណៈស្នេហាផ្លេកបន្ទោល ឃើញភ្លាមស្រឡាញ់ភ្លែតដែលជាហេតុធ្វើឲ្យមិនមានការសង្កេត ឬស្វែងយល់ ពីគ្នាឲ្យបានស៊ីជម្រៅ។ មួយវិញទៀត បើទោះជាគេប្រឹងសង្កេតស្វែងយល់យ៉ាងណាក៏មិនអាចឃើញកំហុសរបស់ដៃគូស្នេហាខ្លួនគេបានដែរ ពិព្រោះគេបានស្រឡាញ់ផ្កាប់មុខទៅហើយ នេះតម្រូវឲ្យអ្នកនៅខាងក្រៅ (ជនទីបី) ជួយពិនិត្យមើលទើបបាន។ ជាងនេះទៅទៀត គេគ្មានបទពិសោធន៍ដូចចាស់ទុំ ឬឪពុកម្តាយគេឡើយ។ ឪពុកម្តាយលោកបានឆ្លងកាត់គ្រប់រឿងរាវ គ្រប់កលល្បិច គន្លឹះប្លែកៗ បទពិសោធន៍ទាំងនេះហើយដែលអាចឲ្យពួគគាត់ស្គាល់ថាអ្នកនេះល្អ អាក្រក់ ឧស្សាហ៍ព្យាយាម ខ្ជិលច្រអូស និងអាចជ្រើសរើសកូនប្រសាបានយ៉ាងត្រឹមត្រូវ។ រីឯផលវិជ្ជមាន បានដល់ការទទួលបានផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត ក្នុងការជ្រើសរើសគូស្រករដែលខ្លួនស្រឡាញ់។ នេះគឺប្រយោជដ៏សំខាន់ព្រោះថាមានតែខ្លួនគេទេទើបដឹងថាខ្លួនគេស្រឡាញ់អ្វី ស្អប់អ្វី។
ការជ្រើសរើសគូស្រករគប្បីប្រពឹ្រត្តិទៅទាំងពីរដោយខានមិនបាន មានន័យថាឪពុកម្តាយត្រូវជួយឲ្យជាយោបល់ដល់កូនខ្លួន រីឯកូនៗក៏ដូចគ្នាត្រូវពិភាក្សាជាមួយអាណាព្យាបាលរាល់កិច្ចការទាំងអស់មុននឹងធ្វើសេចក្តីសម្រេចចិត្ត។ បើបណ្តោយឲ្យកូនឯករាជ្យឯកឯងពេកវាអាចនឹងមានបញ្ហា ហើយបើប្រព្រឹត្តិតឹងរឹងពេកក៏នាំឲ្យដល់បញ្ហាដូចគ្នា ដូចមានរឿងជាច្រើនបានកើតឡើង ជាក់ស្តែង រឿងទុំទាវ។ ស្នេហាកាំរន្ទះ ម្តាយហួងហែងពេកដោយប្រកាន់យកគោការនំមិនធំជាងនាឡ នាំអន្តរាយគ្រប់ៗគ្នា។ ជាមេរៀនខ្មែរមិនត្រូវចោលទំនៀមដ៏ល្អដែលបន្សល់ទុកពីយូរលង់មកហើយទេ តែគប្បីនាំគ្នាជួយអភិរក្សចាស់ ឆ្នៃប្រឌិតថ្មី ដើម្បីក្តីសុខក្សេមក្សាន្តជាតិខ្លួន។
៣.២.២ របៀបនៃអាពាហ៍ពិពាហ៍
ដោយសង្គមខ្មែរជាសង្គមដែលបានទទួលឥទ្ធិពលវប្បធម៌ អរិយធម៌និងសាសនាពីឥណ្ឌា គេនៅតែឃើញមានការបែងចែករាល់កម្មវិធីក្នុងសង្គមទៅតាមវណ្ណៈ ដូចជាវណ្ណៈក្សត្រ វណ្ណៈនាម៉ឺនមន្ត្រី វណ្ណៈកម្មករ កសិករ ជាដើមជាហេតុធ្វើឲ្យទម្រង់នៃកម្មវិធីមួយអាចប្លែកគ្នាទៅតាមនោះដែរ។ ហើយពិធីការនានា ក៏ត្រូវបានគេចាត់ចែងទៅតាមឋានៈ និងលទ្ធភាព មុខមាត់និងវណ្ណៈរបស់មនុស្សទាំងនោះ។ ពិធីអាពាហ៍ពិពាហ៍ដែលយើងកំពុងភិក្សានេះជាឧទាហរណ៍ជាក់ស្តែងស្រាប់ គឺមានច្រើនទម្រង់ ច្រើនបែបបទ។ តើទម្រង់នៃអាពាហ៍ពិពាហ៍ខ្មែរមានការបែងចែកយ៉ាងដូចម្តេចខ្លះ?
ទម្រង់នៃអាពាហ៍ពិពាហ៍នៅក្នុងសង្គមខ្មែរ មានលក្ខណៈច្រើនប្រភេទ ឬរបៀប តែបើបំព្រួញដោយខ្លី គឺមានបីរបៀប។ របៀបទី ១ គឺអាពាហ៍ពិពាហ៍របស់ក្រុមវីរជន។ អាពាហ៍ពិពាហ៍វីរជនបានដល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងជនដែលមានស្នាដៃល្អជូនជាតិមាតុភូមិ ឬជនដែលមានកិត្តិយសកេរ្តិ៍ឈ្មោះល្អឮខ្ចរខ្ចាយដែលមហាជនគោរពរាប់អាន។ ជាពិសេស អាពាហ៍ពិពាហ៍វីរជននេះ តែងតែប្រព្រឹត្តទៅមានរយៈពេលច្រើនថ្ងៃ អាចមានដល់ទៅ ៧យប់ ៧ថ្ងៃក៏មាន ហើយគេអនុញ្ញាតឲ្យបណ្តារាស្ត្របានឈប់សម្រាកដើម្បីចូលរួ​មអបអរសាទរកម្មវិធីនេះទៀតផង។ ជាទូទៅអាពាហ៍ពិពាហ៍របស់វីរជន តែងធ្វើឡើងទៅតាមប្រពៃណីខ្ជាប់ខ្ជួនព្រោះទីមួយជាបុគ្គលតំណាងឲ្យជាតិទាំងមូល តែងមិនធ្វើអ្វីរំលងបវេណីនាំឲ្យខូចមុខមាត់ជាតិ និងមួយវិញទៀតជាអ្នកមានទ្រព្យសម្បត្តិច្រើននឹងធ្វើកម្មវិធីច្រើនថ្ងៃក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចឡើយ។
ទម្រង់ទី ២ គឺអាពាហ៍ពិពាហ៍របស់មន្ត្រីនាម៉ឺន ឧកញ៉ា សេដ្ឋី អ្នកជំនួញ។ អាពាហ៍ពិពាហ៍ក្នុងវណ្ណៈនេះមិនសូវខុសនឹងវណ្ណៈខាងលើប៉ុន្មានដែរ តែថាអាពាហ៍ពិពាហ៍នេះមិនបានធ្វើឡើងជាលក្ខណៈសាធារណៈ ផ្សព្វផ្សាយដំណឹងទៅគ្រប់ទិសទីដូចវណ្ណៈខាងលើឡើយ ហើយក៏គ្មានការឈប់សម្រាក់ជាផ្លូវការដែរ ជាអាពាហ៍ពិពាហ៍ឯកជនសុទ្ធសាធ។ រយៈពេលនៃអាពាហ៍ពិពាហ៍អាចយូរឆាប់ទៅតាមចំណង់ចំណូលចិត្តរបស់គេៗអាចជ្រើសរើសធើ្វ ៣ ថ្ងៃ ឬ ៥ ថ្ងៃ ព្រោះគេមិនមានឧបសគ្គផ្នែកសេដ្ឋកិច្ចដូចក្រុមទី ៣ឡើយ។ រីឯការគោរពតាមប្រពៃណីក៏មានភាពធូរលុងដែរ ក្រុមទី ២នេះហើយជាអ្នកនាំឲ្យមានការផ្លាស់ប្តូរលំអានប្រពៃណីខ្មែរខ្លះ ព្រោះគេ តែងចង់ផ្សារភ្ជាប់អាពាហ៍ពិពាហ៍របស់ពួកគេទៅនឹងវប្បធម៌បរទេសដែលគេបានប្រទះឃើញ នៅក្នុងពេលគេធ្វើដំណើរឯបរទេស។ ជាឧទាហរណ៍ ពីធីកាត់នំ ពិធីឲ្យកូនកម្លោះ ក្រមុំ ឬឪពុកម្តាយ ថើបគ្នានៅចំពោះមុខភ្ញៀវ និងពិធីផឹកស្រា សាំប៉ាញជាដើម។ ទង្វើទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់យុវជនខ្មែរជំនាន់ក្រោយៗ គេនឹងប្រាកដជាធ្វើតាមព្រោះគេចង់ក្លាយជាអ្នកស៊ីវិល័យ ឡូយឆាយ ហ៊ឺហា ទាន់សម័យ។
របៀបទី ៣ គឺអាពាហ៍ពិពាហ៍របស់សាមញ្ញជន ឬសាធារណជន។ អាពាហ៍ពិពាហ៍ទម្រង់នេះគេតែងឃើញជាញឹកញាប់ទូទាំងប្រទេសជាពិសេសនូវរដូវប្រាំងពីខែ កក្តិក (វិច្ឆិកា) ដល់ខែពិសាខ (ឧសភា)។ជាទូទៅអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋក្រុមទី ៣ មានលក្ខណៈតាមបវេណីច្រើនដូចវណ្ណៈទី ១ ដែរតែទាស់ត្រង់ថា សេដ្ឋកិច្ចរបស់ពួកគាត់មិនសូវមានអំណោយទាន ជាហេតុធ្វើឲ្យឆន្ទៈក្នុងការថែរក្សាវប្បធម៌ប្រពៃណីរបស់ពួកគាត់មានឧបសគ្គច្រើន។ តែទោះជាយ៉ាងនេះក្តីក៏ពួកគាត់មិនដែលចោលរបៀបរបបប្រពៃណីខ្មែរសូម្បីបន្តិចសោះឡើយ ហើយថែមទាំងបានបង្រៀនកូនចៅពួកគាត់ឲ្យស្រឡាញ់ និងនាំគ្នាជួយថែរក្សាទៀតផង។ យើងសូមកោតសរសើរអស់លោកខ្លាំងណាស់ បើពុំមានកិច្ចខិតខំប្រឹងប្រែងរបស់ពួកលោកទេ ម្ល៉េះប្រពៃណីខ្មែរនឹងខោចដាច់ដាច​ទៅតាមសម័យកាលអស់ហើយ។
បញ្ហាថវិកាជាបញ្ហាប្រឈមមុខដ៏ធំបំផុតចំពោះគ្រប់គ្នា​ តែកាលណាគ្មានថវិកាគ្រប់គ្រាន់ទែ ធ្វើអ្វីៗក៏មិនបានគ្រប់ជុ្រងជ្រោយ ត្រឹមត្រូវត្រង់តាមច្បាប់ទម្លាប់ដែរ គឺប្រាកដជាធ្វើឲ្យតែរួចៗទៅ ដើម្បីជៀសវាងពាក្យនិន្ទាផង និងដើម្បីឲ្យមានលក្ខណៈសមរម្យផង ព្រោះមិនបើធ្វើវាដូចជាហួសហេតុពេក។ ប្រពៃណីអាពាហ៍ពិខ្មែរដែលមានការវិវត្តដូចសព្វថ្ងៃនេះ ក៏ប្រហែលជាបណ្តាលមកពីកត្តាជាចម្បងនេះដែរ ជាការពិតយើងត្រូវការឆន្ទៈជាចំាបាច់ក្នុងការអភិរក្ស និងការអភិវឌ្ឍន៍នូវប្រពៃណីខ្មែរឲ្យបានខ្ជាប់ខ្ជួនទោះក្នុងកាលៈទេសៈ ឬជីវភាពបែបណាក៏ដោយ។
«ខ្មែរបើមិនប្រតិបត្តិប្រពៃណីខ្មែរ មិនមែនជាខ្មែរ បើមិនមែនជាខ្មែរ ជាជាតិសាសន៍ដទៃ បើជាជាតិសាសន៍ដទៃ តើនឹងមិនខ្វល់ខ្វាយស្រឡាញ់គាំពារថែរក្សាមរត៌កដូនតាខ្មែរដូចម្តេច!។»
៣.៣ ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងអាពាហ៍ពិពាហ៍ខ្មែរ
ខ្មែរពេលមានកម្មវិធីប្រពៃណីតូច-ធំ សំខាន់ ឬកិច្ចការជាកុសលម្តងៗ ពួកគេពុំដែលចោលលំអានទំនៀមទម្លាប់នៃព្រះពុទ្ធសាសនាឡើយ ព្រោះពួកគាត់បានដកជាប់ក្នុងសតិអារម្មណ៍ថា កាលបើគាត់មានជាប់ឈាមជ័រជាខ្មែរ គាត់គឺជាអ្នកកាន់ ឬជាកូនចៅរបស់អ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាជាក់ជាពុំខានឡើយ។ ពេលមានកម្មវិធីកិត្តិយផ្សេងៗ ដូចជា ការរៀបអាពាហ៍ពិពាហ៍ ឬកម្មពិធីសិរីមង្គលនានាប្រជាពលរដ្ឋខ្មែរតែងអញ្ជើញអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាមានៈ ចាស់ព្រឹទ្ធាចារ្យ អាចារ្យ ដូនជី និងនិមន្តព្រះសង្ឃជាដើមមកធ្វើជាគណៈអធិបតីក្នុងកិច្ចកម្មវិធី ដោយមានសេចក្តីយល់ឃើញថា ការប្រតិបត្តិយ៉ាងនេះ គឺញ៉ាំងកម្មវិធីឲ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងសប្បាយរីករាយ ព្រោះមានលោកអ្នកប្រាជ្ញជាអ្នកណែនាំផ្លូវ។ លក្ខណៈគួរកត់សម្គាល់មួយចំនួនដែលមានទំនាក់ទំនង់ជាមួយព្រះពុទ្ធសាសនារួមមាន ការដេញពេលា, កិច្ចនិមន្តព្រះសង្ឃ, ការរៀបចំគ្រឿងសក្ការៈបូជាក្នុងពិធីមង្គលការ, ពិធីសូត្រមន្ត, ពិធីធ្វើធ្មេញ និងពិធីកាត់អំបោះ។
៣.៣.១ ការដេញពេលា
តាមប្រព័ន្ធជំនឿរបស់ខ្មែរ មុននិងប្រារព្ធពិធីអ្វីមួយពួកគេច្រើនតែទៅស្នើសុំយោបល់ពីចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ អ្នកប្រាជ្ញ ឬ ព្រះសង្ឃជាមុនសិន ទើបពួកគេធ្វើការសម្រេចចិត្តជាខាងក្រោយ។ ជំនឿនេះក៏សមហេតុផលដែរ ព្រោះកិច្ចការទាំងឡាយដែលមានការឆ្លងកាត់មតិភាគច្រើន ឬ អ្នកមានបទពិសោធន៍លើកិច្ចនោះច្រើនតែប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យ។ ការជ្រើសរើសពេលវេលា សម្រាប់រៀបអាពាហ៍ពិពាហ៍ដល់កូនចៅប្រុសស្រីក៏មានសភាពយ៉ាងដូច្នោះ ជនជាតិខ្មែរតែងតែនិយមទៅរកព្រះសង្ឃ ឬលោកអាចារ្យដើម្បីពិនិត្យមើលថ្ងៃនក្ខត្តឬក្សល្អនៃកូនប្រុសស្រីថា វេលាណាបាន និងមិនបានសម្រាប់កូនពួកគេ។ ការទៅរកព្រះសង្ឃ ឬលោកអាចារ្យចេះដឹងខាងព្រះពុទ្ធសាសនា ដើម្បីជួយឲ្យមើលពេលមើលវេលានេះព្រោះមានគោលដៅសំខាន់ៗដូចជាៈ
-     ផ្តល់នូវភាពកក់ក្តៅក្នុងផ្លូវអារម្មណ៍របស់មាតាបិតា និងសាម៉ីខ្លួន
-     ផ្តល់ភាពស្ងប់ចិត្តនៃមាតាបិតា និងសាម៉ីខ្លួន
-     ជាការផ្តល់នូវតម្លៃ និងក្តីទុកចិត្តដល់អ្នកមានសីលធម៌ គុណធម៌ ឬប្រាជ្ងបណ្ឌិតជាតិខ្លួន។
-     ជាការប្រតិបត្តិតាមគន្លងប្រពៃណីដូនតាតាំងពីបុរាណមក
-     ជាការបង្ហាត់បង្រៀនដល់កូនចៅជំនាន់ក្រោយ
-     និងក៏ជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ។
ប៉ុន្តែ បើផ្អែកទៅលើទស្សនៈព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់បានសម្តែងថា «ពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះឈ្មោះថា ជានក្ខត្តឫក្សល្អ ជាមង្គលល្អ ជាពេលភ្លឺស្វាងល្អ ជាអរុណរះល្អជាខណៈល្អ ជាយាមល្អ»។
ដោយខ្លីមក ការជ្រើសរើសពេលវេលាសម្រាប់់រៀបអាពាហ៍ពិពាហ៍ដ៏ជាក់លាក់ គឺជាពិធីការមួយដ៏ល្អបំផុតសម្រាប់សម័យកាលបច្ចុប្បន្ន ព្រោះសម័យកាលនេះជនគ្រប់រួបមានការមមារញឹកយ៉ាងខ្លាំងក្នុងការប្រកបរបរទទួលទានរបស់ខ្លួន។ ការរើសវេលាពីព្រះសង្ឃ និងអាចារ្យ ចាស់ព្រឹទ្ធាចារ្យ ក៏ជាចំណែកមួយនៃសុភមង្គលរបស់គូស្វាមីភរិយាថ្មីថ្មោងក្នុងជំហានដំបូងផងដែរ ព្រោះពួកគេបានទទួលអារម្មណ៍ថាពួកគេបានបំពេញកាតព្វកិច្ចជាកូនចៅខ្មែរអ្នកមានចរិតថ្លៃថ្នូរ និងជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
៣.៣.២ ពិធីក្រុងពាលី
លោកអាចារ្យ និងប្រជាបរិស័ទមួយចំនួនបានយល់ខុសថា ក្រុងពាលីជាពិធីបែបព្រហ្មញ្ញសាសនា តែតាមពិតជាពិធីបែបព្រះពុទ្ធសាសនាសុទ្ធសាធ។ បើតាមវចនានុក្រមសម្តេច ជួន ណាត ទំព័រ ៧៣៩ ពលីប្រែមកថា «ការបូជាសួយសាអាករ ពន្ធដារ តង្វាយ សំណែន ការសង្រ្គោះ ចំណែកបុណ្យ»។រីឯលោកអាចារ្យ ញាណ ភឿន ក៏បានបញ្ជាក់ស្រដៀងគ្នានេះថាពិធីក្រុងពាលីនេះជាពិធីផ្សាយកុសលដល់ទេវតាទាំងឡាយដែលជាភូមិទេវតាក្តី អារុក្ខទេវតាក្តី អាកាសទេវតាក្តី និងសុំការអនុញាតិពីម្ចាស់ទឹកម្ចាស់ដី បុព្វការីជនដើម្បីអនុញាតិធ្វើពិធីអាពាហ៍ពិពាហ៍។គាត់បានបន្ថែមទៀតថា ដែលយល់ច្រឡំនោះព្រោះមកពីពេលអាចារ្យសែនក្រុងពាលី គាត់តែងបួងសួងតាមបែបព្រហ្មញ្ញសាសនា។ តាមពិត ពិធីក្រុងពាលីមានទំនាក់ទំនងជាមួយនិងព្រះពុទ្ធសាសនាមានសម្តែងអំពីពិធីក្រុងពាលីទាំងប្រាំ ដូចមានចែងក្នុងគម្ពីរសុត្តន្តបិដកភាគ៤៤ ទំព័រ៨៩ ស្រាប់។
១. បុព្វបេតពលី គឺដើម្បីឧទ្ទិសកុសលដល់ញាតិដែលបានបាត់បង់ជីវិតទៅ
២. អតិថិពលីគឺដើម្បីឧទ្ទិសកុសលដល់ជនទូទៅដោយពុំរើសមុខ
៣. ញាតពលី គឺដើម្បីជួយសង្គ្រោះដល់ញាតិទាំងឡាយ
៤. រាជពលី គឺបានដល់ការសុំច្បាប់ទម្លាប់ និងបង់ពន្ធដល់រាជការ
៥. ទេវតាពលី គឺបានដល់ការចែករំលែកបុណ្យដល់ទេវតាទាំងឡាយ។
ការសែនក្រុងពាលីនេះ បុរាណលោកធ្វើឡើងដើម្បីសុំការអនុញាតិពីពួកអទិសមានកាយ (ពួកទេវតា អារុក្សអារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដី) និងជាការសុំអនុញាតិច្បាប់ទម្លាប់ពីអាជ្ញធរដែនដី។ ព្រោះថា ទោះជាមានការយល់ព្រមពីរដ្ឋអំណាចហើយក៏ដោយ ក៏ខ្មែរយើងនៅតែរក្សានូវទំនៀមទម្លាប់ក្រុងពាលីនេះដើម្បីនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនដល់អ្នកដែលបានមកចូលរួម និងម្ចាស់កម្មវិធី ក៏ដើម្បីជៀសវាងនូវឧបត្តិហេតុផ្សេងៗ ដូចជា ខ្មោចចូលសណ្ឋិត ឬភយន្តរាយផ្សេងៗ។
៣.៣.៣ការនិមន្តព្រះសង្ឃ
ព្រះសង្ឃ គឺជាឧត្តមភេទ ឬ ភេទដ៏ប្រសើរ។ ក្នុងការនិមន្តព្រះសង្ឃមកដើម្បីប្រទានឱវាទ ឬ ប្រទានពរជ័យសិរីមង្គលអ្វីមួយពុំមែនចេះតែងាយស្រួលនោះទេ ព្រោះកាលបើ យើងប្រព្រឹត្តិចំពោះលោកពុំសមរម្យអាចកើតទោសពៃដល់យើងទៀតផង។ ជំនាន់ដើម ការនិមន្តព្រះសង្ឃ គឺគេច្រើនទៅនិមន្តដល់លោកគ្រូចៅអធិការវត្ត ដើម្បីលោកចាត់ចែងចំនួនព្រះសង្ឃដែលញាតិញោមចង់និមន្ត។បុរាណាចារ្យលោកចង់ផ្សារភ្ជាប់ពិធីអាពាហ៍ពិពាហ៍នេះជាមួយនឹងព្រះពុទ្ធសាសនា ទោះជាពុំបានសព្វគ្រប់ទាំងអស់ក៏បានមួយចំណែកដែរ ជាក់ស្តែងការនិមន្តព្រះសង្ឃសូត្រមន្តក្នុងពិធីអាពាហ៍ពិពាហ៍។ ការនិមន្តព្រះសង្ឃចូលរួមចម្រើនព្រះបរិត្តពេលរៀបអាពាហ៍ពិពាហ៍ គឺជាការផ្តល់ឱកាសដល់កូនប្រុសស្រីបានទទួលនូវឱវាទអប់រំផ្ទាល់ពីព្រះសង្ឃ ហើយព្រះសង្ឃក៏និងស្វាធ្យាយនូវព្រះបរិត្តជាពុទ្ធជ័យមង្គល ដេញឧបទ្រព ភយន្តរាយឲ្យបវៀសជៀសចេញឆ្ងាយ។ នាពេលបច្ចុប្បន្ន ព្រជាជនខ្មែរនៅតែនិមន្តព្រះសង្ឃចូលរួមក្នុងពិធីមង្គលការដោយខានមិនបាន ទោះបីជាគេបានបង្រួមពិធីមង្គលការពីប្រាំពីរថ្ងៃមកនៅត្រឹមបីថ្ងៃ ឬមួយថ្ងៃមួយយប់ ឬមួយថ្ងៃក៏ដោយ ព្រោះព្រះពុទ្ធសាសនានៅតែដើរតួរយ៉ាងសំខាន់ជីវិតប្រចាំថ្ងៃក្នុងគ្រប់វិស័យទាំងអស់។
ក្នុងកិច្ចនិមន្តព្រះសង្ឃនេះទៀតសោត បុរាណាចារ្យលោកមានក្រិតក្រមមួយជាក់លាក់ គឺឲ្យនិមន្តព្រះសង្ឃចំនួនប្រាំបួនព្រះអង្គ ប្រាំពីរអង្គ ប្រាំអង្គ បួនអង្គ និងយ៉ាងហោចណាស់ក៏និមន្តពីរព្រះអង្គដែរ។ ប៉ុន្តែ តាមការនិយមរបស់ប្រជាបរិស័ទសព្វថ្ងៃនេះ គេតែងនិមន្តព្រះសង្ឃចំនួនបួនព្រះអង្គដើម្បីចម្រើនព្រះបរិត្តក្នុងពិធីមង្គលការ។ ត្រង់ចំណុចនេះ យើងមិនបដិសេធថា ត្រូវតែនិមន្តព្រះសង្ឃចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ ព្រោះថា សុភមង្គលក្នុងក្រុមគ្រួសារមិនមែនកើតឡើងដោយចំនួនព្រះសង្ឃតិច ឬច្រើន សេស ឬគូនោះឡើយ ផ្ទុយទៅវិញ យើងគប្បីនិមន្តព្រះសង្ឃទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន ត្រង់នេះទេជាសុភមង្គលពិតៗរបស់មនុស្ស។ ដើម្បីជៀសវាងនូវការប្រាសចាកក្បួនខ្នាតប្រពៃណីពីបុរាណ និងរក្សានូវលំអានដូនតាដែលធ្លាប់ធ្វើកន្លងមកព្រោះខ្មែរយើងជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះការធ្វើអ្វីមិនអាចប្រាស់ចាកទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាបានឡើយ។
៣.៣.៤រៀបគ្រឿងសក្ការៈ
នៅក្នុងពិធីសូត្រមន្តពេលរៀបមង្គលការ គេតែងឃើញមានការរៀបចំគ្រឿងរណ្តាប់ ផ្សេងៗសម្រាប់ជាគ្រឿងសក្ការៈបូជាដល់ព្រះរតនៈត្រៃ។ របៀបនៃការរៀបគ្រឿងសក្ការៈបូជាព្រះរតនៈត្រៃមានសភាពប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ កិច្ចការទាំងនោះរូមមានៈ ការរៀបចំស្លាធម៌ បាយសី ទៀន ធូប ផ្កាសម្រាប់អញ្ជើញ ពពួកទេវតា បារមីវត្ថុស័ក្តសិទ្ធ ព្រះព្រហ្ម ឬព្រះឥសូ ព្រះវិស្ណុជាដើម។ ដូចដែលបានដឹងហើយថា មានការលាយឡំគ្នារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាតាំងតែពីសម័យអាណាចក្រភ្នំមកម្ល៉េះ ជាហេតុធ្វើឲ្យមានការច្របាច់បញ្ចូលគ្នារវាងជំនឿទាំងពីរនេះ ហើយរាល់កម្មវិធីដែលធ្វើឡើងខ្មែរមិនបានបដិសេធចោលណាមួយឡើយ គឺនៅតែបន្តប្រតិបត្តិជាទំនៀមរបស់ខ្លួនគេរហូតមកដល់សព្វថ្ងៃ។
ដោយចាប់តាំងពីសម័យអង្គរមកពុទ្ធសាសនាបានទទួលការគាំទ្រពីប្រជាជនខ្មែរភាគច្រើន ជាពិសេសក្នុងរាជ្យព្រះបាទជ័វរ្ម័នទី ៧ ព្រះពុទ្ធសាសនាក៏មានឥទ្ធិពលកាន់តែខ្លំាងឡើងៗនៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ បូករួមទាំងក្នុងពិធីផ្សេងៗផង និងដើរតួយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ទំនៀមរៀបគ្រឿងសក្ការៈបូជាដល់ព្រះរតនត្រៃខ្មែរបានគោរពប្រតិបត្តិមកតាំងពីពេលនោះមក ដើម្បីធ្វើនូវការដឹងគុណដល់គុណព្រះរតនត្រៃ។ ការរៀបគ្រឿងសក្ការៈមានសភាពដូចៗគ្នាទោះក្នុងពិធីបុណ្យ ឬពិធីមង្គលការក៏ដោយ។ជាទូទៅ គេតែងរៀបចំកន្លែងសក្ការៈ និងគ្រឿងសក្ការៈនៅទិសខាងត្បូងនៃកន្លែងកម្មវិធី ព្រោះទិសខាងត្បូងតំណាងឲ្យគ្រូបាធ្យាយ ដោយមាននិមន្តព្រះពុទ្ធរូបមួយព្រះអង្គ ឬច្រើន​ ឬក៏ព្រះបត់មកដាក់តាំងនៅលើអាសនៈដែលមានតុបតែងលម្អរដោយគ្រឿងសក្ការៈផ្សេងៗ ហើយក៏មានអុចទៀន ធូប និងថ្វាយទឹកអប់ ផ្កាភ្ញីជាដើម។
ពុទ្ធបូជា មហាតេជោ៖ បូជាព្រះពុទ្ធមានតេជៈច្រើន
ធម្មបូជា មហាបញ្ញោ៖ បូជាព្រះធម៌មានបញ្ញាច្រើន
សង្ឃបូជា មហាធនោ៖ បូជាព្រះសង្ឃមានធនធានច្រើន។
៣.៣.៥កិច្ចក្នុងពិធីសូត្រមន្ត
ពិធីចម្រើនព្រះបរិត្ត ឬ ហៅសាមញ្ញថាសូត្រមន្តជាពិធីកម្មដ៏មង្គលមួយសម្រាប់ប្រជាពុទ្ធបរិស័ទក្នុងចំណោមពិធីការនានានៃអាពាហ៍ពិពាហ៍ខ្មែរ។ ពេលរៀបភោជនទទួលភ្ញៀវរួច ប្រហែលជាម៉ោង៦ល្ងាច គេត្រូវនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យដល់កូនស្រីកូនប្រុស។ ព្រះសង្ឃដែលគេត្រូវនិមន្តចម្រើនព្រះបរិត្ត ក្នុងពេលរៀបអាពាហ៍ពិពាហ៍កូនស្រី កូនប្រុសមានចំនួនយ៉ាងតិចណាស់ក៏បួនព្រះអង្គដែរ។
ពីបុរាណ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឲ្យកូនស្រីមុន​។ កាលបើព្រះសង្ឃចម្រើនព្រះបរិត្តនិមន្តដល់លើផ្ទះចាស់ទុំនាំកូនស្រីមកអង្គុយក្នុងល្វែងចន្ទ បែរមុខទៅរកព្រះសង្ឃ។ លោកអាចារ្យរៀបចំគ្រឿងសក្ការៈបូជាហើយ នាំកូនស្រីនមស្សការព្រះរតនត្រ័យ, សុំសីល, អារាធនានិមន្តព្រះសង្ឃចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យឲ្យកូនស្រីក្នុងពេលរៀបអាពាហ៍ពិពាហ៍។
លុះគ្រាព្រះសង្ឃចម្រើនព្រះបរិត្តរួច លោកអាចារ្យឲ្យកូនស្រី ឬឪពុកម្តាយកូនស្រីប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ។ លោកអាចារ្យប្រកាសកុសលជូនវិញ្ញាណខ័នជីដូនជីតាជាបុព្វការី ដែលស្លាប់បាត់បង់ជីវិតទៅហើយ សូមវិញ្ញាណខន្ធបុព្វការីនោះ បានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន រហូតដល់ព្រះនិព្វាន។
កាលបើរៀបចំចម្រើនព្រះបរិត្តឲ្យកូនស្រីរួចហើយ លោកអាចារ្យ លោកមេបារួមជាមួយមាតាបិតាញាតិសន្តាន និមន្តព្រះសង្ឃចុះទៅរោងការ រៀបចំចម្រើនព្រះបរិត្តឲ្យកូនប្រុសទៀត។ ពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឲ្យកូនប្រុសនេះ ក៏មានលក្ខណៈដូចពេលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឲ្យកូនស្រីដែរ។
ទំនៀមទម្លាប់ប្រពៃណីនៃការសូត្រមន្តក្នុងពិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងតាំងពីបុរាណកាលមកម្ល៉េះ គឺមានន័យថា ចាប់តាំងពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរបានប្តូរជឿពីការគោរពប្រតិបត្តិព្រហ្មញ្ញសាសនាមកគោរពរាប់អានព្រះពុទ្ធសាសនាមក។ប៉ុន្តែ សម័យបច្ចុប្បន្ន គេសង្កេតឃើញថា គេនិយមធ្វើពិធីចម្រើនព្រះបរិត្តនេះរួមគ្នាតែម្តង គឺពុំបាច់ធ្វើដាច់ដោយឡែកពីគ្នាដូចសម័យមុនឡើយ ព្រោះគេយល់ឃើញថា ជាការខ្ជះខ្ជាយពេលវេលា និងប្រាក់កាសប៉ុណ្ណោះ។មុននឹងចម្រើនព្រះបរិត្ត ឬសូត្រមន្តគេត្រូវឆ្លងកាត់ពិធីមួយចំនួនតាមលំដាប់លំដោយដូចខាងក្រោម៖
ក/. ធ្វើបទនមស្សការ
រាល់កម្មវិធីអ្វីមួយដែលជនជាតិខ្មែរប្រារព្ធឡើង ពួកគេតែងរំលឹកគុណនៃបុគ្គលដែលបានធ្វើគុណមកលើរូបគេជាមុនសិន ព្រោះខ្មែរជ​​នជាតិដែលមានកតញ្ញូកតវេទី ទើបពួកគាត់ទទួលបាននូវការស្ងប់ចិត្ត ឬមានការជឿទុកចិត្ត។ ចំណែកឯការរៀបអាពាហ៍ពិពាហ៍ខ្មែរក៏ដូច្នោះដែរ គឺមុនពេលដែលចាប់ផ្តើមកម្មវិធី លោកតែងតែដឹកនាំគ្នាធ្វើបទនមស្សការរំលឹកនឹកដល់គុណព្រះរតនត្រៃហើយចែករំលែកបុណ្យកុសលដល់បដិសន្ធិវិញ្ញាណបុព្វការីជនដែលបានស្លាប់បែកបាក់ចែកស្ថានទៅឲ្យកើតក្នុងសុគតិភព និងមួយចំណែកទៀតដើម្បីផ្សាយនូវមេត្តាដល់ពពួកទេវតាអ្នកប្រាថ្នាបុណ្យទាំងឡាយ។
ការធ្វើបទនមស្សការចំពោះគុណព្រះរតនត្រៃនេះ គឺអាស្រ័យទៅលើពេលវេលាផងដែរ ប្រសិនបើ ពេលវេលាមានរយៈពេលវែង ក៏ធ្វើបទនមស្សការបែបពិស្តារមានការសូត្រលាយឡំគ្នារវាងភាសាបាលី និងភាសាសម្រាយ (ភាសាខ្មែរ)ទៅ តែបើពេលវេលាខើចពេក ក៏ធ្វើបទនមស្សការជាសង្ខេប គឺសូត្រណាតែព្រះធម៌ណាដែលមានលក្ខណៈសំខាន់ៗ និងជាភាសាបាលីសុទ្ធសាធ។ ធម៌នមស្សការនេះ ជាទូទៅ គេច្រើនសូត្ររំលឹកនូវគុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ព្រោះថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងក្នុងលោក ទ្រង់មាន បញ្ញាគុណ វិសុទ្ធិគុណ និងករុណា បានរកឃើញនូវធម៌ដោយខ្លួនព្រះអង្គផ្ទាល់ពុំមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ហើយទ្រង់ចែករំលែកនូវព្រះធម៌ដែលជាឱសថដ៏ស័ក្តិសិទ្ធិ អាចជួយឲ្យសត្វដែលកំពុងវង្វេងក្នុងវាលវដ្តសង្សារួចចាកទុក្ខបាន។ រីឯព្រះធម៌ ទាំង ៨ ម៉ឺន ៤ ពាន់ព្រះធម្មខន្ធ ជាមាគ៌ាដ៏ត្រង់ សត្វណាបានសិក្សាស្វែងយល់ហើយយកទៅបដិបត្តិនឹងបានដល់ព្រះនិព្វាន។ ចំណែកឯព្រះសង្ឃអង្គសាវ័ក សក្យបុត្រជាស្រែបុណ្យសម្រាប់បរិស័ទគ្រប់ជាតិសាសន៍ ពណ៌សម្បុរ អាចបំពេញសេក្តីល្អបាន។ បុគ្គលដែលបានខិតចូលជិតព្រះរតនត្រៃ តែងជាអ្នកបើកផ្លូវសុខសួស្តី សុភមង្គល ស្ថានសួគ៌ និងព្រះនិព្វានជាអវសាន។
គេសង្កេតញើញថា ជនជាតិខ្មែរយើងបើធ្វើអ្វីមួយពុំដែលបានបំភ្លេចចោលនូវគុណូបក្ការៈនៃលោកអ្នកដ៏មានគុណខ្លួនឡើយ គឺពួកគេតែងព្យាយាមផ្សារភ្ជាប់ខ្លួន និងអ្នកមានគុណតាមរយៈពិធីនានាមានការរៀបអាពាហ៍ពិពាហ៍ ដូចជារូបភាពការធ្វើបទនមស្សការព្រះរតនត្រ័យនេះជាដើម។
ខ/. សមាទានសីល
សីល ជាពិសេស និច្ចសីល គឺជាសម្បត្តិធម្មជាតិរបស់មនុស្សសត្វគ្រប់រូបមនុស្សបើគ្មានសីលមិនមែនជាមនុស្ស បើមានសីលដាច់ដាច ជាមនុស្សមិនពេញលក្ខណៈ។ ដោយខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា លោកតែងផ្សាភ្ជាប់កម្មវិធីទាំងអស់ទៅនឹងព្រះពុទ្ធសាសនាជាក់ស្តែងនៅក្នុងពិធីមង្គលការនេះតែម្តង។ គេតែងនិមន្តព្រះសង្ឃមកកាន់ទីកន្លែងរៀបមង្គលការដើម្បីបានឱកាស ធ្វើសីល និងទាន។ ហើយការសមាទានសីល ជាទូទៅ គេតែងសមាទានបញ្ចសីល ឬសីលប្រាំពេលរៀបអាពាហ៍ពិពាហ៍ ព្រោះសីលប្រាំពុំមានលក្ខណៈតឹងរឹងពេក ឬធូរស្រាលពេក ជាសីលមានលក្ខណៈកណ្តាល គឺបានសេចក្តីថាកូនប្រុសស្រីអាចទទួលរក្សាបាន។
សីល៥នេះមានខ្លឹមសារដូចតទៅៈ ទី១ ជៀសវាងការបៀតបៀន ឬការធ្វើឲ្យជីវិតមនុស្សសត្វធ្លាក់ចុះកន្លង, ទី២ ជៀសវាងការប៉ះពាល់ ឬកាន់យកទ្រព្យសម្បត្តិអ្នកដទៃដោយពុំមានការអនុញ្ញាត, ទី៣ ជៀសវាងការផិតក្បត់ចិត្តភរិយាស្វាមីខ្លួន, ទី៤ ជៀសវាងការនិយាយពាក្យភូតភរ កុហក បោកប្រាស់អ្នកដទៃ និងនិយាយរាយមាយ រោយរាយឥតប្រយោជន៍, និងទី៥ ជៀសវាងការសេពគ្រឿងស្រវឹងមានៈ សុរា បារី កញ្ឆា ម៉ា និងអាភៀនជាដើម។ ប្រសិនបើ កូនប្រុសស្រីបានរក្សាសីលប្រាំនេះខ្ជាប់ខ្ជួនល្អហើយ គឺញ៉ាំងឲ្យពួកគេ និងគ្រួសារជួបតែសុភមង្គលជីវិតក្នុងពេលបច្ចុប្បន្ន និងបរលោកដោយពិត។ ម្យ៉ាងវិញទៀត ការសមាទានសីលប្រាំរបស់កូនប្រុសស្រីពេលរៀបអាពាហ៍ពិពាហ៍ គឺគេអាចផ្តល់ទស្សនទានខ្លះៗ ដូចជាៈ ១. ការថ្វាយខ្លួនជាពុទ្ធសាសនិក ព្រោះពិធីនេះមានតែក្នុងព្រះពុទ្ធសាសនាទេ, ២. ជាអ្នកបន្តវេនរក្សាទំនៀមទម្លាប់ប្រពៃណីសាសនាពីដូនតាមក, និង៣. ធ្វើជាគំរូល្អ ពលរដ្ឋល្អ ព្រោះខ្លួនជាបុគ្គលដែលមានសីលល្អ។
ជារួម ការសមាទានសីលប្រាំពេលរៀបអាពាហ៍ពិពាហ៍ មានអត្ថន័យច្រើនយ៉ាងណាស់ចំពោះមនុស្សជាតិ ជាពិសេស កូនកម្លោះកូនក្រមុំ។ ការសមាទានសីលប្រាំនេះ បានចូលរួមកាត់បន្ថយជម្លោះ ការខ្វែងគំនិតយ៉ាងច្រើន និងផ្តល់សុភមង្គលដល់គ្រួសារ ព្រោះពួកគេមានសីលជាមរតកនៅក្នុងខ្លួន។ សូមចងចាំថា គ្រប់គ្នា គ្រប់វ័យ គ្រប់ពណ៌សម្បុរ ជាតិសាសន៍ សុទ្ធតែត្រូវការសីលទាំងប្រាំនេះជាចាំបាច់ដើម្បីរស់ បើគ្មាន ឬប្រព្រឹត្តល្មើសសីលមួយណា នឹងនាំក្តីអន្តរាយដល់ខ្លួនភ្លាម។
គ/. ព្រះសង្ឃប្រទានឱវាទ
ជារឿយៗ គេតែងតែឃើញមានការផ្តល់នូវឱវាទពីសំណាក់ព្រះសង្ឃចំពោះកូនប្រុសស្រី ឬមហាជនទូទៅអំពីជីវិតអាពាហ៍ពិពាហ៍នេះជាហូរហែរ។ ឱវាទទាំងនេះ ព្រះសង្ឃច្រើនសម្តែងអំពីវិធីបដិបត្តិដើម្បីឲ្យទទួលបាននូវសេចក្តីសុខចម្រើនក្នុងគ្រួសារ និងញាតិជិតខាងដែលគូស្វាមីភរិយានឹងត្រូវយកទៅអនុវត្តក្នុងជីវិតប្រចំថ្ងៃ ។ នេះជាទម្លាប់មួយដ៏ល្អព្រោះថា ភាគច្រើនគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោង ពុំសូវមាន ឱកាស ឬសឹងតែគ្មានឱកាសដើម្បីស្តាប់ សិក្សារៀនសូត្រធម៌អាថ៌ឡើយ គេម្នាក់ៗរវល់តែប្រឹងប្រែងរកទ្រព្យធនឲ្យបានច្រើនជាមុនសិន។ ពុំនោះសោតគេគិតថានៅវ័យក្មេងៗ មិនទាន់ចំាបាច់ត្រូវចូលវត្តទេ ទុកឲ្យចាស់ចូលមុនសិនចុះ ចាំគេចាស់នឹងចូលតាមក្រោយ ជាហេតុធ្វើឲ្យទំនាក់ទំនងរវាងពុទ្ធសាសនា និងសង្គមគ្រួសារកាន់តែឃ្លាតឆ្ងាយពីគ្នា។
ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ជាឱកាសដ៏ល្អសម្រាប់ព្រះសង្ឃចែករំលែកនូវចំណេះដឹងផ្នែកព្រះពុទ្ធសាសនាដល់គូស្វាមីភរិយា ព្រោះថាសូម្បីការផ្សព្វផ្សាយឱវាទនៅក្នុងសង្គមខ្មែរក៏នៅមានកំណត់នៅឡើយ មានតែការផ្សព្វផ្សាយតាមវិធីបុរាណ គឺឃើញម្នាក់បង្រៀនម្នាក់ បើមានកម្មវិធីអ្វីមួយទើបអាចធ្វើទៅបានច្រើននាក់ហើយពុំទាន់មានទីស្នាក់ការអចិន្ត្រៃនៃស្ថាប័នព្រះពុទ្ធសាសនាណាមួយ ឈរចាំជួយផ្តល់ពត៌មាន ផ្តល់ចំណេះដឹង និងផ្តល់ការអប់រំផ្លូវចិត្ត ដល់ពលរដ្ឋខ្មែរនៅឡើយ។
ជាទូទៅព្រះសង្ឃលោតែងឲ្យឱវាទដល់កូនប្រុសស្រីសង្កត់ធ្ងន់ទៅលើ ធម៌ជាមង្គល (មង្គលសូត្រ) ធម៌ដែលនាំឲ្យដល់វិនាស (បរាភវសូត្រ)លោកធម៌ដែលគ្រប់គ្នានឹងត្រូវតែជួបប្រទះ (មានលាភ អត់លាភ មានយស អត់យស និន្ទា សរសើ សុខ ទុក្ខ) និងក៏ភ្ជាប់ជាមួយនឹងធម៌ត្រៃកូដគឺសច្ចៈ កត្តញ្ញូ ខន្តី ។ ព្រះធម៌ទាំងនេះ បង្ហាញអំពីតួនាទី កតព្វកិច្ច និងភារកិច្ចដែលកូនប្រុសស្រីតូ្រវទទួលរាប់រងដោយខានមិនបាន ។ ជាឱវាទដែលប្រាប់ឲ្យភាគីនីមួយៗត្រូវប្រកាន់យក និងអនុវត្តតាមខ្ជាប់ខ្ជួនបំផុតទើបទទួលផ្លែផ្កាគួរជាទីពេញចិត្តបាន ។ ហើយធម៌មង្គលដែលព្រះសង្ឃច្រើនចម្រើន និងសម្តែងប្រាប់នោះ គឺមាន៣៨ប្រការមាន រមិនសេពគប់បុគ្គលពាលទាំងឡាយ ១, ការសេពគប់បណ្ឌិតទាំងឡាយ១, ជាដើមជាមង្គលដ៏ឱត្តម។
ដោយសារគូស្វាមីភរិយាពុំសូវមានឱកាសបានស្តាប់ការផ្តល់ឱវាទពីព្រះសង្ឃ ដូច្នេះក្នុងពេលព្រះសង្ឃចែករំលែកចំណេះដឹងគប្បីត្រងត្រាប់ស្តាប់ឲ្យបានល្អិតល្អន់ និងប្រកបដោយឆន្ទៈ និងគប្បីយកព្រះធម៌ទាំងនោះទៅអនុវត្ត ជាពិសេសមង្គលទាំង៣៨ប្រការនេះតែម្តង។ កាលបើគូស្វាមីភរិយាបានប្រតិបត្តិខ្ជាប់ខ្ជួន នឹងផ្តល់តែនូវសុភមង្គល សេចក្តីសុខ សុវត្ថិភាព មានមន្តសេ្នហ ទៅណាមកណា ទេវតា មារព្រហ្ម មនុស្សផងគ្នាទាំងអស់តែងថែរក្សាការពារ ឈឺឆ្អាលគ្រប់ពេលវា គ្រប់ទិសទី ហើយរស់នៅទីណាៗក៏តែងចុះសម្រុងជាមួយសង្គមនោះ។
ឃ/. ចម្រើនព្រះបរិត្ត
ការចម្រើនព្រះបរិត្ត (ហៅតាមសាមញ្ញថា សូត្រមន្ត) ក្នុងពិធីអាពាហ៍ពិពាហ៍ម្តងៗ ព្រះសង្ឃច្រើនតែស្វាធ្យាយនូវព្រះធម៌មង្គលដើម្បីជាសិរីសួស្តីដល់កូនកម្លោះក្រមុំដែលកំពុងតែរៀបមង្គលការ ។ នៅក្នុងព្រះពុទ្ធសាសនា ព្រះធម៌សម្រាប់ស្វាធ្យាយ គឺមានលក្ខណៈផ្សេងៗ គ្នាក្នុងបរិបទខុសៗ គ្នាផងដែរ តួយ៉ាងពេលបុណ្យសម្រាប់រំលែកសេចក្តីទុក្ខសោក ព្រះសង្ឃលោកលើកយកព្រះធម៌ណាដែលជាគតិអប់រំដល់មនុស្សទាំងពួងឲ្យបានយល់អំពីដំណើរពិតនៃជីវិត តែប្រសិនបើពិធីនោះជាមង្គល លោកក៏និងលើកយកព្រះធម៌ជាមង្គលមកស្វាធ្យាយ។ ប៉ុន្តែ ដោយពេលនេះ ​ស្មេរមានកតព្វកិច្ចត្រូវបង្ហាញពីទំនៀមទម្លាប់ប្រពៃណីក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដូច្នេះ ស្មេរសូមលើកយកព្រះធម៌ទាំងឡាយណាដែលព្រះសង្ឃតែងតែលើកយកមកស្វាធ្យាយក្នុងពិធីអាពាហ៍ពិពាហ៍តែប៉ុណ្ណោះមកចុះផ្សាយ។
ព្រះធម៌ដែលព្រះសង្ឃតែងស្វាធ្យាយក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមង្គលរួមមានៈ មង្គលសូត្រ (ពហូ ទេវា) ព្រះធម៌នេះ ព្រះពុទ្ធជាម្ចាស់ទ្រង់បានសម្តែងប្រាប់ដល់មនុស្សទេវតាទាំងឡាយណាដែលត្រូវការដោយសុភមង្គល និងសិរីសួស្តីដល់ជីវិតរបស់ពួកគេ។ ពុទ្ធជយមង្គល (ពាហុំ) ជាព្រះធម៌ដែលព្រះសម្ពុទ្ធទ្រង់បានផ្ចាញ់នូវពពួកមារ និងពពួកមនុស្សទេវតាជាមិច្ឆាទិដ្ឋទាំងឡាយឲ្យចូលមកកាន់មាគ៌ាដ៏ត្រឹមត្រូវដោយសិរីសួស្តី។ មង្គលចក្រវាឡ (សិរីធិតិមតិតេជោ...) ធម៌នេះ ព្រះដ៏មានជោគ ទ្រង់សម្តែងអំពីឬទ្ធានុភាពដ៏ព្រះមហាករុណាទិគុណរបស់ទ្រង់ដែលមានចំពោះសត្វលោក សូមឲ្យសត្វលោកជួបតែសេចក្តីសុខចម្រើន និងជៀសផុតពីសេចក្តីអន្តរាយទាំងពួង។ ជយបរិត្តគាថា (មហាការុណិកោ...ជយន្តោ ពោធិយា...) ព្រះធម៌ដែលសម្តែងចែងអំពីមង្គលជីវិតពិតនៃមនុស្សទេវតាដែលអាស្រ័យដោយការងារត្រឹមត្រូវសុចរិតទៀងត្រង់, ការនិយាយត្រូវ និងដោយការគិតត្រូវជាដើម។ ប៉ុន្តែ ជាងនេះទៅទៀត ដោយជនជាតិខ្មែរយើងធ្លាប់កាន់ព្រហ្មញ្ញសាសនាពីមុនមក ក៏នៅមានតំបន់ខ្លះនិយមសូត្រធម៌ជ័យសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ពួកគេដែរ ធម៌នេះបុរាណលោកសូត្រដើម្បីសុំពរជ័យអំពីទេវតា និងឥសីឥសូក្នុងព្រហ្មញ្ញសាសនា។
ការបានស្វាធ្យាយ និង ស្តាប់នូវព្រះធម៌ខាងលើនេះដោយសេចក្តីគោរព គឺជាមហាកុសលមួយរបស់អ្នកស្វាធ្យាយនិងអ្នកស្តាប់។ ក្នុងនាមយើងជាអ្នកកាន់ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា យើងគួរដឹកនាំកូនចៅ កូនកម្លោះក្រមុំ និងភ្ងៀវឲ្យចេះស្តាប់ដោយសេចក្តីគោរពសមតាមឋានៈខ្លួនជាខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាដែលជាពលរដ្ឋដ៏ថ្លៃថ្លា។
ការរៀបចំខ្លួនប្រាណ និងសម្លៀកបំពាក់ដើម្បីចូលមកស្តាប់ព្រះសង្ឃស្វាធ្យាយនូវព្រះបរិត្តជយមង្គលដល់កូនប្រុសស្រីពេលរៀបអាពាហ៍ពិពាហ៍ គឺមានលក្ខណៈសាមញ្ញសម្រាប់អាពាហ៍ពិពាហ៍ជំនាន់ដើម ព្រោះបុរាណាចារ្យលោកមានការយល់ដឹង និងជ្រោតជ្រាបអំពីធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់ចំពោះព្រះសង្ឃល្អប្រសើរថ្លៃថ្លាណាស់ ។ ប្រសិនបើ យើងពិនិត្យមកមើលអាពាហ៍ពិពាហ៍ខ្មែរនាពេលបច្ចុប្បន្ននេះ គឺមានការឃ្លាតចាកក្រិតក្រមបុព្វបុរសយើងឆ្ងាយណាស់ តួយ៉ាង ការតុបតែងខ្លួនកូនកម្លោះក្រមុំពេលស្តាប់ព្រះសង្ឃស្វាធ្យាយព្រះធម៌ គឺមានលក្ខណៈពុំគួរគប្បីជាច្រើន ដោយគិតតែពីការលម្អចក្ខុ តែពុំបានធ្វើកុសលឲ្យត្រឹមត្រូវតាមក្បួនច្បាប់ធម៌វិន័យឡើយ ។ ម្យ៉ាងទៀត ការតុបតែងលម្អកូនកម្លោះក្រមុំឆើតឆាយពេកពេលស្តាប់ព្រះធម៌ គឺជាការពុំគួរឡើយ ព្រោះធ្វើឲ្យកូនកម្លោះក្រមុំពិបាកក្នុងការសម្រួលឥរិយាបថឲ្យបានសមរម ឬស្រួលចិត្តក្នុងការតាំងអារម្មណ៍ស្តាប់ព្រះធម៍ដោយសេចក្តីគោរព និងអាចនាំឲ្យកើតទោសពៃដល់ពួកគេផងដែរ ។
ដោយខ្លីមក កូនកម្លោះក្រមុំពេលដែលចូលខ្លួនមកស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត គួរតែរៀបចំខ្លួនប្រាណ និងសម្លៀកបំពាក់ឲ្យបានសមរមត្រូវតាមកាល។ ត្រូវមកអង្គុយចាំព្រះសង្ឃ មិនត្រូវឲ្យលោកមកគង់ចាំពួកយើងឡើយ ព្រោះជាការពុំសមរម្យ និងនាំឲ្យកើតទោសដល់ខ្លួនផង។
ចំណុចមួយទៀត ដែលយើងគួរគិតពិចារណា គឺអស់លោកដែលជាជាងថតរូបក្នុងពិធីមង្គលការមិនត្រូវគិតតែពីថតរូបកូនកម្លោះក្រមុំឲ្យបានស្អាតសម្រាប់សម្ញែងគេឯងដោយភ្លេចគិតអំពីក្រមសីលធម៌និងបែបផែនប្រពៃណីជាតិឡើយ ព្រោះវានាំឲ្យបាត់បង់តម្លៃ និង អាចឈានដល់ការវិនាសបង់នូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរដោយសារស្នាដៃអស់លោក។ ត្រង់កន្លែងនេះ យើងខ្ញុំពុំចាំបាច់លើកយកចំណុចខុសឆ្គង់របស់អស់លោកមកចុះបង្ហាញទេ តែអស់លោកគួរផ្តើមពិនិត្យមើលទង្វើរបស់អស់លោកឡើងវិញទៅ ថាតើ ត្រឹមត្រូវ ឬពុំត្រឹមត្រូវ ហើយគួរផ្លាស់ប្តូរ ឬពុំគួរ?
ក្នុងនាមយើងជាខ្មែរដូចគ្នា ជាកូនចៅជំនាន់ក្រោយរបស់ដូនតា យើងគួរស្គាល់ខ្លួនឯងឲ្យច្បាស់ និងត្រូវដឹងអំពីភារកិច្ចរបស់ខ្លួន នោះទើបយើងអាចវប្បធម៌ប្រពៃណីគង់វង្ស និងរុងរឿងបាន។ មានស្មារតីក្នុងការងារទាំងពួង ទើបជាបេសកម្មពិត។
សរុបជារួមមក ការលើកយកនូវព្រះធម៌ជាមង្គលដែលព្រះសង្ឃស្វាធ្យាយនាពេលពិធីអាពាហ៍ពិពាហ៍មក គឺជាការប្រសើរក្រៃពេកណាស់ ព្រោះអាចញ៉ាំងឲ្យអ្នកស្វាធ្យាយ ​និងអ្នកស្តាប់ផងទាំងឡាយកើតនូវបុណ្យកុសលផង និងបញ្ញាក្នុងការដឹកនាំជីវិតក្នុងផ្លូវត្រូវ។
៣.៣.៦ពិធីធ្វើធ្មេញ
ពិធីធ្វើធ្មេញនាពេលបច្ចុប្បន្ន គេសង្កេតពុំសូវឃើញមានច្រើនប៉ុន្មានទេ គឺស្ទើតែបាត់បង់ទំនៀមទម្លាប់នេះទៅហើយ តែដោយយើងខ្ញុំមានក្តីព្រួយបារម្ភចំពោះការរលួសបាត់ ទើបយើងខ្ញុំខិតខំរុករកនូវខ្លឹមសារនៃប្រពៃណីដ៏ល្អនេះយកមកចុះ។ពិធីធ្វើធ្មេញគេច្រើនប្រតិបត្តិក្នុងវិធីបំបួសកុលបុត្រ និងរៀបអាពាហ៍ពិពាហ៍ ហើយពិធីធ្វើធ្មេញនេះទៀតសោត ក៏ឃើញអនុវត្តតាមតំបន់មួយចំនួនតែប៉ុណ្ណោះ។ដូចដែលយើងធ្លាប់ដឹងហើយថា មុននឹងដូនតាបង្កើតប្រពៃណីអ្វីមួយ ពួកគាត់បានបង្កប់នូវគំនិតអប់រំយ៉ាងជ្រាលជ្រៅដល់កូនចៅរួចជាស្រេច ពួកគាត់ពុំធ្វើអ្វីដែលខ្វះការពិចារណា និងខ្វះចក្ខុវិស័យឡើយ។ ដូចនេះ តើការធ្វើធ្មេញឲ្យបុត្រធីតាពីសំណាក់មាតាបិតាពេលកំពុងរៀបអាពាហ៍ពិពាហ៍មានអត្ថន័យដូចម្តេចខ្លះនោះ យើងនឹងខិតខំបកស្រាយខ្លឹមសារទាំងស្រុងដូចតទៅ៖
បើយោងតាមមតិចាស់ទុំដែលបានប្រតិបត្តិផ្ទាល់ និងការអនុវត្តជាក់ស្តែងពួកគាត់បានផ្តល់ទស្សនៈអប់រំថា តាមពិតទៅ យើងជាខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាកាលណាធ្វើអ្វីមួយ គឺយើងគិតអំពីអំពើបាប និងអំពើបុណ្យជាមូលដ្ឋាននេះជាសច្ចធម៌។ការធ្វើធ្មេញឲ្យកូនប្រុសស្រីពេលរៀបអាពាហ៍ពិពាហ៍ គឺគេធ្វើគ្រាន់តែជាឧបកិច្ច (បញ្ហាកម្ម) ដល់កុលបុត្រកុលធីតាទាំងណាដែលពុំធ្លាប់បានបួសរៀន ឬចូលម្លប់ ដើម្បីឲ្យពេញលក្ខណៈជាកុលបុត្រកុលធីតាខ្មែរអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ធ្វើធ្មេញ បំពេញលក្ខ ។ បើកុលបុត្រកុលធីតាណាដែលបានបួសរៀន ឬបានចូលម្លប់រួចហើយនោះ ពុំចាំបាច់ធ្វើពិធីធ្វើធ្មេញទេ គឺកុលបុត្រកុលធីតានោះមានលក្ខណៈពេញលេញហើយ។ ន័យអប់រំម្យ៉ាងទៀត ធ្មេញ លោកប្រៀបប្រដូចជាចង្កូមនៃសត្វអាសេរពិស មានសត្វពស់ នាគរាជជាអាទិ៍ ។ ធ្មេញ ឬសម្តីមនុស្ស មានឥទ្ធិពលខ្លាំងណាស់ ព្រោះវាអាចធ្វើឲ្យមនុស្សសត្វមានសុភមង្គល និងអពមង្គលបាន។ សមដូចពុំនោលមួយកន្លែងបានពោលថា «អណ្តាត ជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត» ជាដើម។
ដោយពិត ពិធីធ្វើធ្មេញ បំពេញលក្ខពេលអាពាហ៍ពិពាហ៍នេះ បានផ្តល់នូវទស្សនទានអប់រំដល់មហាជនខ្មែរល្អប្រពៃណាស់ ព្រោះវាបានផ្តល់នូវភាពជឿជាក់លើខ្លួនថាជាមនុស្សខ្មែរពេញលក្ខណៈ និងបានលើកទឹកចិត្តមនុស្សឲ្យចេះប្រើពាក្យសម្តីដោយត្រឹមត្រូវ។
៣.៣.៧អាចារ្យឲ្យឱវាទ និងជូនពរជ័យ
អាចារ្យ គឺជាអ្នកដឹកនាំផ្លូវសម្រាប់ជនប្រុសស្រីក្នុងការប្រព្រឹត្តអំពើជាប្រយោជន៍ ឬអំពើជាកុសលនានា ជាគ្រូ។[3] ពេលរៀបអាវាហ៍វិវាហ៍ម្តងៗ លោកអាចារ្យមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំ ផ្តល់ឱវាទ និងជូនពរជ័យសិរីមង្គលដល់កូនប្រុសកូនស្រី ព្រោះលោកត្រូវបានមហាជនចាត់ទុកថា ជាអ្នកចេះដឹង ឬអ្នកប្រាជ្ញមួយរូបក្នុងកិច្ចការជាកុសល។ ជារឿយៗ លោកអាចារ្យផ្តល់នូវគំនិតអប់រំមួយចំនួនដូចជាៈ កូនប្រុសស្រីត្រូវតាំងខ្លួនឲ្យជាអ្នកមានសីលនៅក្នុងខ្លួន ត្រូវខិតខំប្រឹងប្រែងរកស៊ី ត្រូវចេះខ្លាចក្តីក្រលំបាក កុំខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ជាអ្នកចេះធ្វើទាន និងចម្រើននូវសេចក្តីល្អឲ្យបានច្រើនជាដើម បន្ទាប់ទើប លោកលើកនូវពុទ្ធគាថាជាមង្គលសូត្រឲ្យកូនកម្លោះកូនក្រមុំដើម្បើឲ្យជួបតែសេចក្តីសុខចម្រើន កើតទ្រព្យសម្បត្តិ កើតកូនពូនចៅ និងសុភមង្គលក្នុងសង្គមគ្រួសារ។
ខាងក្រោមនេះគឺជាពាក្យផ្តែផ្តាំដែលលោកអាចារ្យតែផ្តល់ឱវាទដល់កូនប្រុសស្រី ពេលផ្ទឹមរួច៖
«លោកតាសូមជម្រាបចៅប្រុសចៅស្រីទាំងពីរ កាលកូនទាំងពីម៉ែមិនទាន់ទុកឪពុកមិនទាន់ដាក់ឲ្យមានគូស្រករប្តីប្រពន្ធ យើងទាំងពីរនាក់លីវទេ គេហៅយុវជន យុវនារី កម្លោះក្រមុំ ឥឡូវចាប់ពីថ្ងៃនេះទៅ កូនឯងទាំងពីរលែងកម្លោះលែងក្រមុំទៀតហើយ ទៅជាបុរសនារីទៅវិញ បានសេចក្តីថាកូនឯងទាំងពីរនឹងជាឪពុកម្តាយសម្រាប់កូនប្រុសស្រីនៅអនាគត មិនយូរមិនឆាប់ទេ កូនឯងទាំងពីរនឹងមានកូនហៅថាប៉ា ម៉ាក់។ បើដូច្នេះកូនឯងទាំងពីរត្រូវគោរពចិត្តគ្នាទៅវិញទៅមក ការខុសឆ្គាំឆ្គងបន្តិចបន្តួចអត់ធ្មត់ជានិច្ចចំពោះប្តីនិងប្រពន្ធ ជាពិសេសកូនត្រូវគោរពព្រះនៅក្នុងផ្ទះ លោកឪពុក អ្នកម្តាយទាំងបួននឹងហើយជាទីសក្ការៈគោរពបូជារបស់កូន។ លោកតាសូមជម្រាបចៅប្រុសចៅស្រីទាំងពីរ កាលមិនទាន់បានគ្នាជាប្តីប្រពន្ធ យើងមានឪពុកមួយ ម្តាយមួយ តែដល់ពេលបានរៀបការ នឹងបានម្តាយពីរ ឪពុកពីរ ជាព្រះបួនព្រះអង្គនៅក្នុងផ្ទះ។ ផ្ទះទាំងបួនព្រះអង្គនេះកូនៗត្រូវគោរពជានិច្ចកុំបំភ្លេចឲ្យសោះ។ កូនប្រុសស្រីណាមានធម៌កតញ្ញូកតវេទិតាគោរពព្រះមាតាបិតា កូនប្រុសស្រីហ្នឹង នឹងជួបប្រទះសេចក្តីសុខ ទៅទីកន្លែងណាទេវតាបីបាច់ថែរក្សារាល់ពេលរាល់វេលា។»
៣.៣.៨សូមពរជ័យពីព្រះសង្ឃ និងកាត់អំបោះ
ទំនៀមទម្លាប់មួយទៀតដែលនៅតែឃើញមានអនុវត្តជាប្រចាំមកដល់សព្វថ្ងៃ ទោះអ្នកនោះជាកូនវិរជន កូនមន្ត្រី អ្នកជំនួញ ឬកូនអ្នកក្រុង ឬស្រែចំការក៏ដោយ។ បន្ទាប់ពីកូនប្រុសស្រីបានរៀបអាពាហ៍ពិពាហ៍រួចហើយបានមួយថ្ងៃ ឬពីរថ្ងៃគេតែងនាំគ្នាទៅវត្តអារាមនានាទៅតាមទីជិតគេហដ្ឋានរបស់ពួកគេតាមការណែនាំរបស់មាតាបិតា ឬលោកអចារ្យ ដោយនាំទៅជាមួយនូវចង្ហាន់ (ម្ហូបអាហារ បង្អែម ចំអាប) និងផ្កាភ្ញី ទៀនធូបដើម្បីយកទៅប្រគេនដល់ព្រះសង្ឃ បំណងដើម្បីសុំឲ្យព្រះសង្ឃកាត់ចំណងដៃឲ្យ។
 នៅពេលព្រឹកឡើង កូនប្រុសស្រីបានរៀបរយខ្លួនរួចរាល់ហើយ ក៏នាំគ្នាធ្វើណើរសំដៅទៅវត្ត ពេលដល់មកវត្តក៏ត្រូវប្រញាប់ទៅជួបលោកគ្រូវចៅអធិការដើម្បីសុំនិមន្តព្រះសង្ឃ មួយ ឬពីរអង្គ ពីសំណាក់សង្ឃ ដើម្បីបានប្រទានពរជ័យ ​និងកាត់អំបោះដែលលោកអាចារ្យ ឬមេបាចាស់ទុំ បងប្អូនមាមីង បានចង់ដៃនាថ្ងៃរៀបអាពាហ៍ពិពាហ៍។ នេះជាកិច្ចល្អប្រពៃអាចអនុញ្ញាតឲ្យកូនកម្លោះក្រមុំបានឱកាសធ្វើបុណ្យកុសលជាថ្មីម្តងទៀតបន្ទាប់ពីថ្ងៃរៀបការ និងជាមេរៀនថា គូស្វាមីភរិយាកុំគប្បីខ្មាស់អៀនចូលវត្តធ្វើអ្វី ត្រូវនាំគ្នាធ្វើបុណ្យដាក់ទានដល់ព្រះសង្ឃគ្រប់ៗគ្នាតាមលទ្ធភាពរៀងៗខ្លួន។ គ្រប់គ្នាមានព្រះសង្ឃជាទីពឹង ជាស្រែបុណ្យ រីឯព្រះសង្ឃមានគ្រប់គ្នាជាទីពឹងវិញព្រោះថាព្រះសង្ឃមិនមានធ្វើស្រែចម្ការ ច្បារដំណាំ ឬជំនួញជួញប្រែឯណានឹងបានប្រាក់កាសមកទិញអាហារលៀងជីវិតឡើយ។
ពិធីកាត់អំបោះនេះពុំមែនជាកិច្ចចៃដន្យឯណា និងពុំមែនមានន័យត្រឹមតែសំបកក្រៅនេះប៉ុណ្ណោះទេនេះបើតាមប្រសាសន៍របស់លោកអាចារ្យ ញាណ ភឿន។បុរាណាចារ្យលោកចង់ប្រៀនប្រដៅកូនចៅឲ្យមានទំនាក់ទំនងជាមួយព្រះពុទ្ធសាសនា ឲ្យកូនចៅរបស់ពួកលោកបានចូលវត្តអារាមសន្សំសេចក្តីល្អ និងពួតដៃគ្នាថែរក្សាវប្បធម៌ ប្រពៃណី សាសនាឲ្យបានគង់វង្ស។ ហេតុនេះបានជាយើងឃើញ ឲ្យតែចប់ពិធីមង្គលភ្លាមគេតែងនែនាំឲ្យកូនកម្លោះក្រមុំឲ្យនាំគ្នាទៅវត្តតែពីរនាក់ដោយមិនចាំបាច់មានអាណាព្យាបាលទៅជាមួយផង បំណងដើម្បីឲ្យមានឯករាជ្យម្ចាស់ការ និងពេលមានកំហុសខុសឆ្គង គេនឹងរៀនអំពីកំហុសនោះជាក់ជាមិនខាន។


[1]ទំនៀមទម្លាប់អាពាហ....
[2]សូក្រាត “I am who I am because of my society”
[3]វចនានុក្រមសម្តេច ជួន ណាត

No comments:

Post a Comment