នាងទេវី ដែលដួលសន្លប់ ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញ មុខនាងភួង ដែលមានទឹកភ្នែក ហូររហាម។ ធីតាឱបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា៖
- បង ! បង ! បង ! . . . នេះប្អូន !
- កូន ! កូន ! នេះម៉ែ ! ម៉ែណា !
- ច៎ាះ ! ម៉ែ!
- អី ! នេះម៉ែ!
- ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនឥតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។
- ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ . . . ។
- កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអី ដូច្នោះ ? កូន ! កូន !
- ទេ ! កុំៗ សម្លាប់កូនខ្ញុំអី ! ទុកជីវិតកូនខ្ញុំ ឲ្យរស់នៅសិន ! ហ៊ីបង! កុំជឿពាក្យគេ។ ទេ . . . កូន . . . លោកឱស ៗ ស្លាប់ខ្ញុំហើយ ! ទេខ្ញុំចង់រស់ . . . !
- កូនៗ កុំនិយាយ ! កូនទៅឲ្យស្ងៀម !
- ច៎ា ! ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចកូនខ្ញុំស្លាប់។ តែមិនឲ្យខ្ញុំនិយាយឯណាបាន បងគាត់ខឹងនឹងខ្ញុំងាប់ហើយ។ …បង បង..! បង កុំជឿតាមគេណា ! អាណិតប្អូនទៅ កុំជឿតាមគេ។
- ឱ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំឲ្យកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសម្ងំឲ្យលក់ទៅ ។
- ច៎ាះ !
- អឺ ! កូននៅឲ្យស្ងៀមកុំនិយាយអី ។
- ច៎ាះ !
- បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ ។
- ច៎ាះ !
- កូនមិនស្លាប់ទេ ព្រោះមានម៉ែ ។
- ច៎ាះ !
- ម្ដាយអើយ ! ក្នុងជាតិនេះ កូនអភ័ព្វណាស់ ។ បងមានន្ទមកទីនេះ អំបាញ់មិញ។ កូនមិនហ៊ានមើលមុខបងទេ ពីព្រោះអាកាមា វាសម្លាប់កូនរបស់ខ្ញុំ។ ម្ដាយមាសម្ដាយ ! បើម្ដាយឃើញបទុមកូនខ្ញុំ ម្ដាយមុខជាស្លាប់មិនខាន។ អាកាមា វាឲ្យមនុស្សអសិរពិសម្នាក់ យកដាវដាក់ចំកកូនខ្ញុំ ដើម្បីបង្ខំកុំឲ្យខ្ញុំនិយាយអ្វី ធ្វើអ្វី។ ក្នុងពេលនោះ អាកាមា វាបង្កាច់ថាខ្ញុំនឹងវា សហាយគ្នា។ ឱ អ្នកម្ដាយ ! កូនស្លាប់តែក្នុងថ្ងៃនេះឯង ជាប្រាកដហើយ។ កូនឈឺចិត្ដណាស់ អាកាមាវាធ្វើបាបកូនដល់ហើយ . . . ។ ឱ! ឥឡូវកូនខ្ញុំទៅណា បាត់ពីបង្អួចនោះហើយ . . .? អំបាញ់មិញ ខ្ញុំមើលឃើញកូនខ្ញុំ ពីទីនេះទៅ។ វាយកកូនខ្ញុំ ទៅទៀតហើយ។ កូនខ្ញុំដេកលក់ គ្មានដឹងថាជីវិត នៅនឹងចុងដាវគេទេ មានតែខ្ញុំទេ ដឹងភ័យ ស្រៀវ ទុក្ខ ។ នាងដេកលក់ ព្រងើយ។ ឯខ្ញុំ ស្ទើរស្លាប់ខ្លួន។ ឱ! ម្ដាយអើយ ! កូននឹករលឹកបងមានន្ទខ្លាំងណាស់។ កូនប្រុងកាយប្រុងចិត្ដថា កូនផុតទុក្ខ ថ្ងៃនេះហើយ។ តែឥឡូវ កូនរឹតតែមានទុក្ខទៅទៀត កូនឃើញគេមក កូនស្ទើរស្ទុះទៅឱបជើងគេ ។ កូនឃើញតែជើងគេទេ។ កូនឥតបានឃើញមុខគេទេ។ គេខឹងនឹងកូនហើយ។ គេនិយាយមករកកូនដែរ តែកូនពុំហ៊ានឆ្លើយ។ គេគំហកកូន តែកូននឹកថា បើគ្មានអាកាមាទេ គេគំហកយ៉ាងណា ក៏កូនមិនថាដែរ កូនមុខជាឲ្យគេគំហកតាមចិត្ដ ឲ្យតែកូនបានឮសម្លេងគេ បានស្ដាប់សម្ដីគេ ទោះសម្ដីនោះ ទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ម្ដាយអើយ ! ហេតុតែកូនស្រលាញ់គេ។ ឥឡូវគេមិនដឹងរឿង គេទៅបាត់ ទុកតែស្នាមជើងនៅទីនេះ។ កូនសូមថើបធូលីជើងគេហើយ អ្នកម្ដាយកុំថាឲ្យកូន កុំសើចកូន។ ច៎ាះ ! កូនថើប ដោយឥតអៀនខ្មាសទេ។ ឥឡូវកូនក៏បាត់ ប្ដីបាត់ តើឲ្យកូនទៅណា? ធ្វើអ្វី ?គិតអ្វី? កូនអស់រលីងហើយ។ អ្នកម្ដាយៗ ជួយគិតគូរកូនផង។ ឱ ! . . . !
- លោក ៗ កូនខ្ញុំមែនទេ?
- បាទ ! កូននាងហើយ !
- ឱ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន !
- ខ្ញុំលួចគេយកមកជូននាងវិញ។
- ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំឯណាលោក ?
- មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ។
- ច៎ាះ ! លោកខ្ញុំអរគុណលោកណាស់ រកអ្វីមកប្រៀបគ្មានទេ។ ឱ ! លោកហៅ ចំជាមានគុណនឹងខ្ញុំមែន តែខ្ញុំក្រណាស់ លោក
- ទេ ! ខ្ញុំធ្វើនេះឥតមានចង់បានអ្វីពីនាងទេ។
- ច៎ាះ ! ច៎ាះ ! លោកមានចិត្ដអ្វីល្អម៉្លេះទេ។ លោកឈ្មោះអី ? នៅឯណា ? ដើម្បីឲ្យខ្ញុំបានដឹង ឲ្យខ្ញុំបាននឹកគុណអស់មួយ
- ខ្ញុំជាមនុស្សឥតឈ្មោះ ឥតទីលំនៅ ឥតគ្រួសារទេ . . . ។
- ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក!
- ទេ ! ខ្ញុំឥតខ្លាចអ្វីទេ គឺជាការពិតដូច្នោះឯង។
- ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ។
- បើដូច្នោះ កិច្ចខ្ញុំសម្រេចហើយ ខ្ញុំសូមលាអ្នកហើយ។
- ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយ នឹងខ្ញុំសិន។
- បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច ។
- ហ៊ី ! លោកមានការអ្វី ?
- ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅឲ្យសុខសប្បាយណ៎ា !
- ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអាណិតចូលលេងផ្ទះខ្ញុំផងកុំខាន។
- បាទ ! អរគុណនាងណាស់!
- ចុះលោកស្គាល់ប្ដីខ្ញុំទេ?
- បាទស្គាល់ តែឥឡូវអ្នកស្រុកប្រាប់ថា ឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមេទ័ពកាមា ចាក់គ្នាឯវាលស្រែឯណោះ តាំងពីល្ងាចម៉្លេះ រួចកាមាក៏ចាញ់ទៅ។ ឥឡូវ ឮថាជិះសេះទៅខាងត្បូង បាត់ទៅហើយ។ មិនដឹងជាទៅណាផង។
- តាមស្មានប្រហែលទៅណា ?
- ប្រហែលទៅបាត់ដំបង!
- ឱ ! ច៎ាះ សូមអរគុណលោកហើយ អញ្ជើញចុះឲ្យសុខសប្បាយ ឲ្យមានជ័យជំនះឈ្នះអស់មារ សត្រូវៗ ទាំងប្រាំបីទិស។
- កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង។
- កូន ! កូនអត់ត្រូវគេធ្វើបាបអ្វី ទេឬ? កូននៅសុខសប្បាយទេ ? ម្ដាយមិនស្មានដូច្នោះសោះ នឹកខុសថាប្រហែលគេញក់ញី អារ
ថាដូច្នោះហើយ នាងទេវីរកកន្សែងដណ្ដប់ឲ្យនាងបទុម រួចប្រាប់នាងភួងថា៖
- ម៉ែ ! ចាំផ្ទះណា ខ្ញុំទៅរកបងមានន្ទមួយភ្លែត ។ សុំកុំឲ្យម៉ែ ទៅណាចោលផ្ទះឲ្យសោះ។
លុះមកដល់ភូមិស្វាយ នាងស៊ើបសួរគេរកប្ដីនាង។ គេប្រាប់តាមដំនើរ ដើមទង។ កញ្ញាឱបកូន រត់តាមទៅទៀត។ កល្យាណតម្រង់ ទៅខាងស្រុកមង្គលបុរី ដែលសព្វថ្ងៃ មានចម្ងាយប្រាំបួនគីឡូម៉ែត្រ ពីភូមិស្វាយ។ យប់ងងឹតស្លុង។ ឆវីទៅតាមផ្លូវរទេះ ប៉ះជន្លង់ឈើ ព័ន្ធជើងដួល ធីតាក្រោកឡើង រត់ទៅទៀត ដើម្បីឲ្យទាន់សេះរបស់មានន្ទជាប្ដី បន្ដិចមក មានសេះមួយ បំផាយមកពីក្រោយនាង។ អ្នកជិះសេះស្រែកសួរថា៖
- អ្នកណាហ្នឹង ?
- ច៎ាះ ! ខ្ញុំលោក ឱ ! លោកដ៏មានគុណឬ ?
- ចុះនាងអញ្ជើញទៅណា មកណា ទាំងយប់ដូច្នេះ ?
- ច៎ាះ! ខ្ញុំទៅតាមប្ដីខ្ញុំ។ គេថាប្ដីខ្ញុំ ទៅតាមផ្លូវមង្គលបុរីនេះឯង។
- យីនាងមិនខ្លាចទេ ?
- ច៎ាះ ! ទេខ្ញុំមិនខ្លាចទេ។
- មានខ្លាណ៎ា តាមផ្លូវ !
- ច៎ាះ ! ខ្ញុំមិនខ្លាចខ្លាទេ។
- នាងរត់ម្ដេចទាន់ បើគេជិះសេះ នាងដើរដូច្នោះ !
- ខ្ញុំទាន់ត្រឹមណា ឈប់ត្រឹមនោះ។
- យីយកសេះខ្ញុំជិះទៅ។
- ឱ! ច៎ាះទេ ! អរគុណសោកណាស់ លោកមានគុណនឹងខ្ញុំណាស់ . . . ខ្ញុំទៅហើយ ។
- ឈប់សិន និយាយគ្នាឲ្យអស់សិន។
- ច៎ាះ ! អត់ទោសខ្ញុំប្រញាប់ណាស់។ លោកអញ្ជើញទៅចុះ កុំគិតដល់ខ្ញុំ។
- អ្នកមានស្គាល់គេទេ ឯមង្គលបុរីនោះ ?
- ច៎ាះ ទេ!
- ចុះ ឯបាត់ដំបង ?
- អត់ស្គាល់អ្នកណាទេ។
- យី ! បើដូច្នោះ អ្នកអញ្ជើញទៅផ្ទះអ្នកណា ? បើរកប្ដីអ្នកមិនឃើញ ?
- ច៎ាះ ! មិនអីទេ ខ្ញុំទៅនៅត្រង់ណាក៏បានដែរ។
- មិនបានទេ ! មិនបានទេ ។ អ្នកមានប្រាក់កាស ជាប់ខ្លួនទេ ?
- ទេខ្ញុំអត់ប្រាក់ទេ។
- ទេៗ លោកៗ យកទៅវិញចុះ។
នាងទេវី ឃើញប្រាក់នោះ ប្រាំណែន។ ធីតា មានសេចក្ដីអរគុណ នឹងបុរសមិនស្គាល់មុខនេះ ជាអនេកកប្បការ។ លុះដល់មង្គលបុរី នាងទេវី ដើរពីផ្ទះមួយទៅផ្ទះមួយ រកប្ដី តែគេបិទទ្វារដេកលក់អស់។ នាងឃើញផ្ទះមួយ នៅពុំទាន់បិទទ្វារ។ ចង្កៀងប្លុងៗ នាងរត់តម្រង់ទៅសួរគេ ៗឆ្លើយថា៖
- អំបាញ់មិញនេះ មានមនុស្សជិះសេះម្នាក់ មកសុំទឹកផឹក មនុស្សនោះរបួសផង ប្រហែលមានរឿងអ្វី ធំដុំហើយមើលទៅ។
- មនុស្សនោះទៅណាហើយមីង ?
- ច៎ាះ ! ខ្ញុំសួរ គេថា គេមានការ ទៅបាត់ដំបងទាំងយប់ នេះឯង។ ខ្ញុំឃាត់ដែរ តែគេពុំព្រមនៅសោះ។
- ទៅយូរហើយឬអ្វី ?
- ច៎ាះ ! ទេ ! ទើបនឹងទៅអំបាញ់មិញនេះឯង។
- ខ្ញុំអរគុណហើយមីង ខ្ញុំសុំទឹកមួយផ្ដិលដែរ។
- យី ! តើនាងពកូនទៅណា ? ម្ចាស់ម្ដាយអើយ !
- ច៎ាះ ! ខ្ញុំអត់ទៅណាទេ!
- អ្នកជិះសេះនោះ ត្រូវជាយ៉ាងម៉េចនឹងនាង ?
- ច៎ាះ ខ្ញុំចង់ជួបគេមានការបន្ដិចបន្ដួចទេ។
- នាងនៅឯណា ?
- ខ្ញុំនៅស៊ីសុផុន។
- អូ ! ចុះមកធ្វើអ្វីទាំងយប់ម៉្លេះ ?
- ខ្ញុំមានការអ្នកមីង!
- យី ! ខ្ញុំសូមអរគុណអ្នកមីងណាស់ហើយ ។ ខ្ញុំសុំលាអ្នកមីងហើយ។
- ច៎ាះ ! លើកដៃថ្វាយព្រះ ចុះនាងទៅណាទៀត ?
- ខ្ញុំទៅមុខទៀត!
- បង ! បង ! ចាំខ្ញុំផង បងមានន្ទ . . . បងមានន្ទ !
ពីរថ្ងៃក្រោយមកទៀត នាងទេវី និង បុត្រីបានដើរទៅជិតអ្នកលក់បន្លែម្នាក់ នៅទីផ្យារបាត់ដំបង។ នាងដើរតាមស៊ើបសួរ រកប្ដីនាង តែមិនលេចឮដំណឹងអ្វីសោះ។ នាងដើរតាមសំយាបផ្ទះចិន តាមរោងចក្រផ្សេងៗ តាមរោងលក់ម្ហូបអាហារ ចំនី តាមផ្ទះអ្នករាជការ តូច ធំ គយគន់ រកមើលគូកម្សត់។ ធីតាពកូនយំបណ្ដើរ ដើរបណ្ដើរ តែរាល់ថ្ងៃដូច្នោះឯង៕
No comments:
Post a Comment