ព្រះអរុណថ្ងៃនេះរះឡើងយ៉ាងត្រចះត្រចង់។ ប្រជាជនគ្រប់រូបភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ ម្នាក់ៗ សំរេចចិត្ដចាំមើលក្បួនទ័ពមានមានន្ទដែលវិលត្រលប់ពីច្បាំង។ យើងរាល់គ្នាស្លៀកល្អ ពាក់ល្អ ឈរកុះករនៅនឹងផ្សារ។ មិនយូរប៉ុន្មានក្បួនទ័ពមកដល់។
ដំបូងគេឮស្គរជ័យយ៉ាងអ៊ឹកធឹក ។ បន្ដិចក្រោយមកអង្គទ័ពមកដល់។ ទាហានដើរជាជួរសម្បើមដោយអាវុធដែលកាន់គ្រប់ៗដៃ គឺមានខែល លំពែង ស្នា ព្រួញ ដាវជាដើម។ ពលរេហ៍ដើរកក្រើកផែនដី។ បន្ទាប់មកគឺទ័ពសេះដែលសង្ហាជាងគេ ។ ម្នាក់ៗ អង្គុយលើខ្នងអាជានេយ្យ ត្រង់ខ្លួនគ្មានងាកទៅណាឡើយ ។ ដាវដែលព្យួរនៅចង្កេះឃើញគួរស្ញើប។ ក្រោយមកទៀត មានទ័ពខាងដំរីដែលតុបតែងដោយគ្រឿងអលង្ការនៅភ្លុក នៅលើក្បាល និងទៅលើខ្នង មើលឃើញរុងរឿងបីដូចក្នុងរឿងមួយពាន់មួយយប់ ។ នៅលើខ្នងដំរីនេះ អ្នកឈរមើលពលរេហ៍ គឺមានន្ទមេទ័ព។
មានន្ទឈរធ្មឹង ដាវដែលហូតហើយ ដែលកាន់នៅដៃនោះមានរស្មីចាំងនឹងព្រះអាទិត្យភ្លឺព្រាតៗ ។ ដោយគ្រឿងសម្លៀកបំពាក់ ដោយមាឌមាំ វីរបុរសហាក់មានអំណាចឥតឧបមា។ មានន្ទនាំទ័ពដែលមានចំនួនប្រមាណប្រាំពាន់នាក់ ។ រួចគេឮសូរសម្រែកយ៉ាងខ្លាំង បញ្ជាឲ្យពលរេហ៍ឈប់។ តាមរបងប្រជាជន ក្មេង ចាស់ ប្រុស ស្រី ដែលឈរមើលក៏បន្លឺនូវសម្រែកថា ជយោលាន់ឮរំពងឡើង។ ឱ! តាំងពីកាលណាមក ពុំដែលមានព្រឹត្ដិការណ៍ដ៏រីករាយដូច្នោះទេ ក្នុងអាណាខេត្ដសេរីសោភ័ណយើង។ មនុស្សម្នាក់ៗ សប្បាយគ្រប់ៗគ្នា។ អ្នកលក់ដូរក៏ចេញទៅលក់ព្រោងព្រាត ។ អ្នកដើរមើលក្បួនទ័ពក៏ច្រើន ណែនណាន់តាន់តាប់ ដើរចុះឡើងប្រជ្រៀតប្រជែងគ្នា។ ទ័ពក៏ហែព័ទ្ធជុំវិញបន្ទាយព្រះកម្ពុត ចំនួនបីជុំ ឆាកហោជយោលាន់ឮរណ្ដំគ្នាអឹងកង ។ ភ្លេង និង ស្គរឲ្យចង្វាក់ដល់ទាហានដែលដើរ។ ក្មេងៗរត់តាមមើលប្រញាយ កាន់ដៃគ្នារណោង។ នាងទេវីនៅផ្ទះតែងខ្លួនស្អាតបាត។ ធីតាចង់ទៅទទួលប្ដី តែនាងពុំហ៊ានទៅទេ ព្រោះខ្លាចក្រែងគេសើចនាង ។ ស្រ្ដីបារម្ភក្រែងនាងយំនៅមុខគេឯង នាំឲ្យខ្មាសគេ។ ទេ! នាងពុំទៅទេ ព្រោះប្រាំបីខែមកហើយ ពុំដឹងប្រុសប្រែប្រួលយ៉ាងណា។ បើនាងទៅទទួលគេ ហើយស្រាប់តែគេធ្វើពុំស្គាល់នាងក៏ពុំដឹង នោះនាងមុខជាដាច់ខ្យល់ស្លាប់ភ្លាមក្នុងពេលនោះមិនខាន។ កល្យាណនឹកទៅទៀតថា បើគេស្មោះចំពោះនាង ស្រលាញ់នាងពិតៗ ប្រាកដជាគេមករកនាងហើយ ។ អាស្រ័យហេតុនេះ នាងសម្រេចថាត្រូវរង់ចាំប្ដីអែផ្ទះទើបត្រូវ។ ស្រីនៅផ្ទះមែន តែនាងលួចស្ដាប់សូរស្គរ និង សូរមាត់គេដែលស្រែកទ្រហឹងអឹងកង។ នាងស្រៀវក្នុងចិត្ដចង់ទៅឲ្យឆាប់បានឃើញមុខប្ដី។ ចំណង់នេះរកទប់ស្ទើរពុំឈ្នះ។ ដើម្បីបំភ្លេចសេចក្ដីទន្ទឹង នាងដើរចុះដើរឡើង តែក្នុងផ្ទះម្នាក់ឯង ក្នុងការទន្ទឹងរង់ចាំនេះ មួយនាទីយូរដូចមួយសតវត្ស។ មនុស្សម្នាក់លោតចូលតាមបង្អួចឮសូរគ្រឹប។ នាងទេវីភ្ញាក់ងាកទៅ ស្រាប់តែឃើញកាមាជាប្អូនមានន្ទមកដល់។ នាងភ័យតក្កមា ស្ទើរស្លុតស្មារតី។ កាមាដើរទៅរកនាងឈរជំទាញជើង ដៃទាំងពីរកាន់ដាវ ដែលហូតទុកជាស្រេច។
- ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតដែលខ្ញុំប្រើវិធីឃោរឃៅ . . . ។ ខ្ញុំបាននិយាយនឹងអ្នកឲ្យមានចិត្ដស្មោះស្ម័គ្រនឹងខ្ញុំ ព្រោះខ្ញុំបានស្រលាញ់អ្នកស្មើជីវិត។ ពាក្យដែលខ្ញុំនិយាយទៅអ្នក អ្នកឥតស្ដាប់ខ្ញុំសោះ។ ខ្ញុំដាក់ខ្លួនរហូតដល់ទៅហ៊ានអង្វរចិត្ដអ្នក ។ ឥឡូវខ្ញុំឈប់និយាយ ឈប់អង្វរទៀតហើយ ។ ខ្ញុំចាប់ប្រើវិធីអកុសលប្រាកដ ។ ខ្ញុំស្ដាយណាស់ដោយអ្នកបង្ខំឲ្យខ្ញុំលេងវិធីដ៏លាមកនេះដែលខ្ញុំពុំចង់លេងឡើយ។ តែខ្ញុំធ្វើនេះ គឺប្រាកដធ្វើដោយចិត្ដចង់ ដោយចេតនា ដើម្បីលុបលាងអាម៉ាស់របស់ខ្ញុំចំពោះអ្នក ដែលខ្ញុំបានរាយលើកំណាត់ជីវិតរបស់ខ្ញុំជាមួយនឹងអ្នក ។ ថ្ងៃនេះ ជាថ្ងៃផ្ដាច់ព្រាត់របស់ខ្ញុំ។
- ទេ ! លោក ៗ កុំធ្វើបាបខ្ញុំ . . . ។
- ខ្ញុំធ្វើល្អណាស់ហើយជាមួយនឹងអ្នក។ អ្នកពុំព្រមយល់ ពុំព្រមធ្វើតាម ពុំព្រមជឿខ្ញុំ។ នែ ! ទេវីស្រីវរលក្ខណ៍ មើលនុ៎ះហ្ន៎ !
- កូន ៗ មាសម្ដាយ កូន ! ម្ដាយនឹកកូនណាស់ កូនមកនេះមក។ កូនមកពីណាបាត់យូរម៉្លេះ ? កូននឹកម្ដាយទេ ?។ ឱ !កូនគេងលក់ទេ ? ម្ដាយស្មានតែកូនស្លាប់ទៅហើយ។ កូនទៅណាបាត់ប៉ុន្មានថ្ងៃ? កូនបានអ្វីបៅ ? លោក ! ខ្ញុំសុំកូនខ្ញុំមកវិញ។
- នៅឲ្យស្ងៀម មើលទៅទៀតមើល!
- អៃ ! ធ្វើយ៉ាងនេះស្លាប់កូនខ្ញុំហើយ។ លោកធ្វើអ្វីយ៉ាងហ្នឹង អាណិតកូនខ្ញុំទៅកុំធ្វើបាបគ្នា។ ឱ ! ស្លាប់ឥឡូវហើយ ព្រះម្ចាស់ថ្លៃអើយ ! កុំ ៗ លោកជួយខ្ញុំផង កុំៗ។
- ទេវី ! វាមិនទាន់ស្លាប់ទេ ។ ចូរអ្នកជ្រាបថា គឺខ្ញុំនេះហើយដែលបានលួចយកកូនអ្នកទៅ។
- ច៎ាះ ! លោក ! ឱ ! លោកយកកូនខ្ញុំទៅឬ ? ច៎ាះ !
- ឥឡូវនេះអ្នកចង់បានកូនអ្នកវិញទេ?
- ច៎ាះ លោក ចង់បាន សុំអាណិតខ្ញុំទៅ ខ្ញុំអង្វរ . . . !
- តើអ្នកស្រលាញ់កូនអ្នកទេ ?
- ច៎ាះ លោក ស្រលាញ់ ហ៊ី ! ស្រលាញ់ណាស់ . . . ពេក ស្រលាញ់ផុតអស់របស់ដែលមានក្នុងលោកនេះ។
- តើអ្នកចង់ឲ្យកូនអ្នកស្លាប់ ឬ រស់ ?
- ច៎ាះ ! ចង់ឲ្យរស់!
- អើ ! បើចង់ឲ្យកូននេះរស់ ងាយណាស់ !
- ឲ្យខ្ញុំធ្វើយ៉ាងណា ? ច៎ាះ ខ្ញុំចង់ឲ្យរស់ ធ្វើយ៉ាងណាលោក ខ្ញុំធ្វើទាំងអស់។ ជម្រាបប្រសាសន៍មកខ្ញុំធ្វើ។
- កិច្ចអ្នកត្រូវធ្វើងាយទេ។ បន្ដិចទៀត ប្ដីអ្នកមុខជាមកដល់ទីនេះហើយ ។ ដើម្បីឲ្យកូនរស់ ដើម្បីឲ្យបានកូនមកដៃអ្នកវិញ ដល់ប្ដីអ្នកមក ឲ្យអ្នកនៅស្ងៀមធ្វើថ្លង់ ធ្វើដូចគ កុំនិយាយឲ្យសោះ។
- គ្រាន់តែកុំនិយាយឲ្យសោះប៉ុណ្ណោះ ឬ លោក ?
- អើ ! ទោះជាមួយមានន្ទ ក៏កុំនិយាយដែរ។
- ទេ ! ខ្ញុំនឹកប្ដីណាស់ ខ្ញុំសុំនិយាយរកគាត់បានបួនដប់ម៉ាត់ អាណិតខ្ញុំទៅ ខ្ញុំនឹកគាត់ណាស់។
- មិនបាន ! បើអ្នកហ៊ានតែហើបមាត់មួយម៉ាត់ កូនអ្នកមុខជាស្លាប់មិនខាន អ្នកឃើញទេខ្ញុំនៅទីនេះ បើអ្នកហ៊ាននិយាយមួយម៉ាត់ ខ្ញុំគ្រាន់តែធ្វើសញ្ញាបន្ដិចទៅ អ្នកដែលកាន់កូនអ្នកនោះសម្លាប់កូនអ្នកចោលមិនខាន ។ ម៉េចអ្នកយល់ទេ ?
- ច៎ាះ ! ខ្ញុំយល់ហើយ ហ៊ី ! លោកគ្មានមេត្ដាដល់ខ្ញុំសោះ ម៉េចក៏លោកមិនចង់ឲ្យខ្ញុំនិយាយនឹងប្ដីខ្ញុំ ? ខ្ញុំធ្វើដូចលោកមិនកើតទេ សូមលោកអត់ទោសចុះ ។ ឱប្ដីអើយ ! ឱកូនអើយ ! ខ្ញុំស្លាប់ហើយ។
- មើលហ្ន៎ ! ឃើញទេ ?
- អស់ ! ឱ ទេៗ កុំសម្លាប់កូនខ្ញុំ ទេ! លោកអើយ លោកអើយ ឱ!
- ម៉េចធ្វើតាមខ្ញុំឬទេ ឆាប់ៗឡើង ?
- ហ៊ីស លោកអើយ!
- ថាឲ្យភ្លាមមក !
- ច៎ាះ ! ខ្ញុំធ្វើតាមទាំងអស់ហើយ!
- ម៉េចអ្នកធ្វើតាមខ្ញុំទេ ? និយាយឲ្យត្រង់ទៅ!
- ច៎ាះ ខ្ញុំយល់ព្រមហើយលោក!
- អើ ! អ្នកត្រូវនៅឲ្យស្ងៀមមួយកន្លែងនេះ។
- ច៎ាះ ! ខ្ញុំធ្វើបាន . . . តែកាលណាទៅបានលោកឲ្យកូនមកខ្ញុំវិញ។
- មិនអីទេ ចាំខ្ញុំយកមកឲ្យ។
- កាលណាទៅ ទើបខ្ញុំអាចនិយាយបាន ?
- ចាំខ្ញុំជូនដំណឹងជាក្រោយ តែមិនយូរទេ មួយភ្លែតប៉ុណ្ណោះក៏បានហើយ
- ច៎ាះ ! ខ្ញុំត្រេកអរណាស់ ខ្ញុំមិនភ្លេចទេ ខ្ញុំធ្វើតាមលោកមិនឲ្យខុសទេ គឺនៅស្ងៀមមួយកន្លែងនេះ រួចមិននិយាយមួយម៉ាត់សោះ ។ អូ តិចលោកច្រឡំធ្វើសញ្ញាអ្វីទៅ។ គេសម្លាប់កូនខ្ញុំហើយ។
- ទេ ! ទេ ! ខ្ញុំមិនច្រលំទេ!
- អោ ! កូនកំសត់អើយ . . . ។
- ឥឡូវនៅស្ងៀមឈប់និយាយ។
- កាមា រឿងអី ?
- ខ្ញុំសូមជូនបងស្រីដែលបងបានផ្ញើខ្ញុំ ថែរក្សានោះមកបងវិញ។
- ម្ដេចក៏ឯងនិយាយសើចហាក់ខ្ពើមរអើមម៉្លេះ ?
- ហាស់ ៗ ពីព្រោះជារឿងដែលខ្ញុំពុំគួរនឹងជម្រាបបងសោះ។
- រឿងអីកាមា ? កាមាប្រាប់មកឲ្យឆាប់ !
- កាមាដើរធ្វើរាយមាយនៅជិតបង្អួចនោះ
- អើ ! សមណាស់ហើយ ប្រពន្ធបងនោះ ។ សមមុខបងឯងណាស់ហើយ ។ កាលបងផ្ដាំផ្ញើខ្ញុំ ៗ នឹកស្មានថាជាស្រីមួយល្អគួរគោរព ។ តែដល់ចុងបង្ហើយ ហ៊ី ! ខ្ញុំមិនចង់និយាយទៀតទេ។
- កាមានិយាយ តោងនិយាយប្រាប់បងឲ្យឆាប់មក!
- រឿងនេះក្រែងបងខឹងជ្រុលណា!
- រឿងអ្វី ? កាមារឿងអ្វី ? យី ! កាមាតោងនិយាយមក។
- ដោយបងតឿនឲ្យខ្ញុំនិយាយហើយ ខ្ញុំក៏និយាយទៅចុះ ប្រពន្ធបង ខ្ញុំបានបណ្ដេញចេញពីភូមិយើង។ ខ្ញុំសូមទោសបងទៅចុះ។ តែបានជាបណ្ដេញនេះ ពីព្រោះទេវីជាស្រីមួយយ៉ាងអាក្រក់បំផុត នាងលួចមានសហាយ។
- យី ! អីទេវីមានសហាយ ? ទេវីក្បត់អញ ?
- បាទ !
- សហាយនឹងអ្នកណា ? អាណាមួយហ៊ានសហាយជាមួយប្រពន្ធអញ ? ប្រាប់មកៗ អូនប្រាប់បងមក។
- បើបងដឹងបងធ្វើអាសហាយនោះយ៉ាងណាទៅ ?
- ហ៊ីស កាមាអូន ! ដាវៗ កាត់ហុតឈាម!
- ហ៊ីៗ សហាយវានេះមិននៅឆ្ងាយទេ គឺនៅជិតៗនេះ។ គឺជាមនុស្សម្នាក់ខែងសម្ដីលើក ឫកពាខ្ពង់ខ្ពស់ បុណ្យស័ក្ដិធំ ប៉ុន្ដែបងទៅចងពៀរនឹងអាសហាយនោះបានជាការអ្វី ? ស្រីវាខូចទេតើ ?
- អញផ្ដាន្ទាទោសទាំងពីរហ្នឹង ។ កាមា ! អញឲ្យឯងជួយរក្សា ឯងគ្មានបានការអីទេ។
- ខ្ញុំមើលអស់ប៉ុណ្ណឹងហើយ!
- កាមា អាណាមួយមានបណ្ដាសក្ដិធំ ហ៎ ? តើអាណាមួយ . . . បងចង់ស៊ីសាច់ហុតឈាមវាឥឡូវ កាមាប្រាប់មងមក វានៅជិតៗនេះរឺ ?
- មនុស្សអប្រិយកំណាចចិត្ដទាបអាម៉ាស់នោះ គឺ . . . គឺ . . . គឺ . . . ខ្ញុំ ។
- ប្អូនឯង ? យី ! អីប្អូនឯងសហាយនឹងប្រពន្ធបង ?
- បាទ គឺខ្ញុំនេះឯង !
- យី ! កាមា ! ប្អូនសំលាញ់ . . . នែ! ម្ដេចទេវីអូន ! ម្ដេចអូនធ្វើដូច្នោះ? ទេវីអូន ! បងស្រលាញ់អូនប្ដូរជីវិតគ្មានតក់ គ្មានណាយ គ្មានភ្លេចមួយពេល។ បងអាណិត ប្អូនរាល់វេលា។ ទេវីអូន ! បងស្រលាញ់ហៅពេញបង់ចិត្ដ អូនក្បត់ចិត្ដបង។ បើអូនទៅស្រលាញ់អ្នកណា ក្រៅពីប្អូនរបស់បង ៗមិនថាអ្វីទេ នេះប្អូនស្រលាញ់ប្អូនប្រុសរបស់បង។ ក្ដៅណាស់ ក្រហាយណាស់ ឈឺណាស់ ! ទេវី ! ទេវីអូន ! ហេតុម្ដេចយ៉ាងហ្នឹង ? អូននិយាយមកមើល ប្រាប់មក ពន្យល់មក។
- មើលហ្ន៎ ! សត្វនេះវានៅស្លៀមឈឹង ។
- ទេវី ៗ !យើងព្រាត់គ្នាពីពេលនេះហើយ។
- ថ្ងៃបែរគងភ្នំ ប្អូនឯងទៅជួបនឹងបងនៅក្រោមដើមពោធិ៍កុំខាន។
- បាទបង ! ថ្ងៃបែរគងភ្នំជួបគ្នាក្រោមដើមពោធិ៍។
- ទេវី ស្រីកាលកាឡកណ្ណីឫស្យា អញលែងបានឃើញឯងទៀតហើយ។
មាណពប្រឹងត្រិះរិះរកឃើញថា កាលស្រលាញ់គ្នានោះ នាងនេះបាននិយាយនឹងអ្នក រួចកាលនិយាយគ្នានោះ នាងបានបង្ហាញឲ្យឃើញថា នាងស្មោះត្រង់មែនស្ទើរហ៊ានចាត់ទុកថា គ្មាននារីណាមួយមកប្រៀបបានឡើយ ពីព្រោះគ្រប់ពាក្យដែលនាងចេញស្ដី នាងគ្មានបានគិតទេ ស្រីនិយាយរអិលរអិចទាក់។ រីឯពាក្យមួយម៉ាត់ៗ បុរសជាសង្សារសង្កេតឃើញទឹកចិត្ដមែនៗ នៃសេចក្ដីស្នេហា។ មកដល់មួយពេលនេះ ទេវីស្រីដាច់ចិត្ដមានសហាយទៀត ភ្លេចអ្នកជាប្ដី ភ្លេចអស់ពាក្យសម្ដី ភ្លេចអស់អំពើដែលធ្វើទៅវិញទៅមកតាំង ពីអំពើតូចតាច បន្ដិចបន្ដួចរហូតដល់ទៅលូកដៃចោលខ្លួនទាំងស្រុងចូលក្នុងរង្វង់ដៃគ្នាទៅវិញទៅមក រហូតដល់រួមរស់ រួមមេត្រីនែបនិត្យគ្នាជាប្ដីប្រពន្ធ។ មានន្ទនឹកឃើញសព្វគ្រប់ដូច្នោះ អ្នកអស់កម្លាំងចិត្ដហេវនឹងរកជឿស្រីណាទៀតមិនបាន។ ក្នុងពេលនោះ អ្នកចាត់ស្រីទាំងអស់ជាភេទអប្បលក្ខណ៍ អាក្រក់រកគ្មាន។ ភេទមោហៈ នេះជាភេទស្រើបស្រាល នឹងកាមរាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អ ស្រេកឃ្លាននឹងកាមគុណ ឃ្លាន ! ឃ្លាន ! . . . ណាស់ឃ្លានរហូតទៅក្បត់។ មានន្ទខាំធ្មេញ ដោយហាក់មើលឃើញនាងទេវីធ្វើឫក ធ្វើពារកកាមាជាសហាយ។ កម្លោះហាក់ឃើញនាងញញឹមដោយឥតអៀនខ្មាស ដាក់ប្រុសថ្មី ហាក់ឃើញនាងបើកទ្វារឲ្យគេចូលមក ដោយស្ទុះទៅទទួលគេ ចោលខ្លួនទាំងស្រុង ទៅក្នុងកណ្ដាប់ដៃគេ បណ្ដោយឲ្យគេឱបរឹតដូចកាលនាងបានធ្វើជាមួយអ្នកដែរ ។ ស្រីឫស្យានេះនិយាយរកគេ ដូចបាននិយាយនឹងអ្នកជាប្រាកដ។
មានន្ទនឹកទៀតថា បើអ្នកមកទាន់ក្នុងពេលនោះ អ្នកមុខជាហូតដាវវាត់ឲ្យដាច់ចង្កេះទាំងពីរនាក់ឲ្យស្លាប់ ជាមួយគ្នាមួយរំពេចមិនខាន ។ ក្រោយពីសុបិននេះ មានន្ទសន្មតថា ស្រីដែលមានរូបល្អជាស្រីមានចិត្ដអាក្រក់ ។ រូបវាល្អណាស់ វាអាងរូប ចង់ឲ្យតែគេរាល់គ្នាស្រលាញ់វា។ ឱ ! ទេវី ! ស្រីទាំងអស់អាក្រក់គ្មានសល់មួយនាក់ ទោះមានរូបមិនល្អក៏ដោយ គឺថាណាមួយក៏ដូចណាមួយ។ អាស្រ័យហេតុនេះ មានន្ទនឹកដល់ព្រះពុទ្ធអង្គលោកបានហៅចំជាកំពូលមនុស្សមែន។ លោកយល់រឿងនេះ រួចបានលះបង់ទាំងអស់ដើម្បីព្រះនិព្វាន ដែលជាឋានផុតទុក្ខ។
ជិះលើខ្នងសេះមានន្ទវង្វេងអស់ស្មារតី។ នឹកម្ដងឃើញថាត្រូវសម្លាប់ស្រីៗឲ្យអស់។ នឹកម្ដងឃើញថា ត្រូវសម្លាប់ប្រុសៗដែលអាក្រក់ ទៅស្រលាញ់ប្រពន្ធគេឲ្យអស់បានត្រូវជាង។ នឹកតទៅទៀតឃើញថាទេ! កុំរវល់ នេះហើយជាជីវិត មានទុក្ខ មានសុខ មានក្បត់ មានស្រលាញ់ មានស្អប់ . . . ៘ សំរេចសេចក្ដី មានន្ទនៅតែមានទុក្ខដដែល។ វាលដែលអ្នកកំពុងជិះសេះកាត់ធំល្វឹងល្វើយ បីដូចវាលវដ្ដសង្សារដែលអ្នកកំពុងឆ្លងកាត់។ អ្នកឃើញថា អ្នកប្រឹងទៅមុខតែម្នាក់ឯងត្បិតគូស្នេហាគេចោលអ្នកហើយ។ វាលនេះមើលយូរបន្ដិចទៅ ក្លាយទៅជាមហាសាគរមួយដ៏ធំក្រៃលែង ដែលរកមើលជើងមេឃពុំឃើញ ។ ខ្យល់ដែលបក់រវិចៗ ក្លាយទៅជាខ្យល់ព្យុះព្យោមាយ៉ាងខ្លាំងអនេក ។ សេះដែលអ្នកជិះក្លាយជាកូនទូកតូចមួយ ដែលឃ្លេងឃ្លោងៗ កណ្ដាលសមុទ្រ បោកបក់ដោយជំនោរខ្យល់។ តែកូនទូកនេះ គឺមានន្ទដែលភ័យប្រឹងតស៊ូនឹងខ្យល់ កុំឲ្យលិចទូកបាន។
ទឹកភ្នេកក៏ហូរចេញពីភ្នែកមានន្ទធ្លាក់ដល់ដី។ អតីតសង្សារនាងទេវីនឹកសង្វេគខ្លួនពន់ពេក។ បុរសពុំដែលយំសោះ តែក្នុងពេលនេះអ្នកយំ ។ អ្នកនិយាយក្នុងចិត្ដថា៖
- ទេវីអូន ! បងព្រាត់ពីអូនតាំងពីពេលនេះហើយ ! អូនជាគូកម្ម នឹងបងទេ ។ បងមិនធ្វើអ្វីដល់អូនទេ ! កុំព្រួយ ។ បងមិនចងពៀរទេ។ សូមអូនទៅរស់ជាមួយគូថ្មីរបស់អូនចុះ រស់ឲ្យបានសប្បាយតាមបំណងចិត្ដអូនចុះ។ បងមិនខឹងទេ ពីព្រោះបងធ្លាប់ដែលបានរួមរក្សរូបអូនហើយ ។ បងមានជ័យជំនះលើអូនជានិច្ច មានតែអូនទេដែលចោលបងនោះ ចាញ់បង ។ បងឈប់ស្រលាញ់អូនទៀតហើយព្រោះអូនស្រលាញ់គេ។ បងមិនស្ដាយអូនទេ ព្រោះអូនមិនស្ដាយបង។ ពីពេលនេះទៅអូនដើរផ្លូវមួយ បងដើរផ្លូវមួយ ព្រោះផ្លូវយើងដើរនោះវាបែកគ្នា ។ អូនមានសង្សារថ្មី បងដើរទៅមុខតែម្នាក់ឯង គ្មានសង្សារ ។ អូននៅតែមានទុក្ខ បងផុតអស់ទុក្ខហើយ ។ អូននៅតែមានចំណងចង បងទៅណាក៏បានធ្វើអ្វីក៏បាន ដេកត្រង់ណាក៏បាន បាយត្រង់ណាក៏បាន តាមចិត្ដឥតចំណង បងមានប្រៀបលើអូនជានិច្ច ព្រោះថាបើប្ដូរប្រុសរបស់អូននឹងបង គង់ឃើញថាបងគ្រាន់បើជាងប្រាកដ ទាំងផ្លូវចិត្ដ ទាំងផ្លូវលើសីលធម៌ ទាំងផ្លូវមនុស្សធម៌ ទាំងផ្លូវតម្រិះវិជ្ជា ទាំងផ្លូវបុណ្យសក្ដិ ទាំងផ្លូវថ្លៃថ្នូរ។ លើពិភពផែនដីនេះ តើអូនរកមនុស្សណាឲ្យបានដូចបងទៀតទេ ? ។ បងជាមនុស្សចេះជួយសង្គ្រោះគេ ដោយមិនគិតគ្រោះខ្លួន ចេះគោរពស្រលាញ់គេជាងស្រលាញ់ខ្លួនឯង ចេះឈឺឆ្អាលដល់រឿងគេដោយឥតគិតដល់រឿងខ្លួនហួសហេតុ ចេះជួយកិច្ចការឲ្យគេ ហ៊ានធ្វើការឲ្យគេ ទោះតែម្នាក់ឯងក៏ហ៊ានធ្វើដែរ។ ឱ ! អូនទេវី ! អូនស្រលាញ់គូថ្មីព្រោះអ្វី ? ព្រោះប្រាក់មែនទេ? ព្រោះគេ
ព្រះអាទិត្យជ្រៀងជ្រេគងលើភ្នំស្វាយហើយ។ ពពកក្រហមឆ្អៅនៅផ្ដុំរាយមាយត្រង់នេះ ត្រង់នោះ ។ ឃើញមេឃចិត្ដកើតក្ដីសង្វេគដោយនឹករឮកដល់ពេលដែលទ្វីបលោកត្រូវឆេះកល្បទៅអនាគត។ គឺក្នុងពេលចុងបំផុតនេះហើយ ដែលមនុស្សត្រូវរលាយរូប រលាយខន្ធ ប្រាសចាកអស់ទុក្ខផងទាំងពួង។ ឱ ! គឺថ្ងៃគងភ្នំនេះហើយដែលលោកអ្នកចាំបានថា មានន្ទសន្យាជួបកាមាជាប្អូន។ មានន្ទស្ទុះលោតលើខ្នងសេះ បំផាយត្រង់ឆ្ពោះទៅដើមពោធិ៍កណ្ដាលស្រែដែលបាននិយាយទុក។ តាំងពីព្រឹកមក អ្នកលេបបាយពុំរួច ដេកពុំលក់ចេះតែរសាប់រសល់។ លុះដល់ទីកំណត់អ្នកលោតចុះពីលើខ្នងអាជានេយ្យដែលអ្នកចងនៅជិតនោះ។ បុរសច្រត់កែងដៃទាំងពីនៅចង្កេះដើរចុះដើរឡើង មើលនាយអាយរួចឈរគិតរឿងដដែលតែមួយ គឺរឿងនាងទេវីជាភរិយាក្បត់ចិត្ដអ្នក។
នៅជើងមេឃ សេះមួយទៀតផាយកាន់តែជិតមក។ មានន្ទឈប់ឈរនៅស្ងៀមមើលសេះនេះ។ លុះបានមកដល់ជិត អ្នកជិះសេះលោត ចុះមកដីលែងសេះឲ្យបរិភោគស្មៅទើបមកគោរពមានន្ទយ៉ាងគួរសម។ ដោយឥតមាននិយាយមួយម៉ាត់ មានន្ទហូតដាវខ្វាកប្រាប់ថា៖
- កាមាប្អូនប្រុងខ្លួន ពីព្រោះបងបានសន្យាថាសំលាប់អាចោរលួច ប្រពន្ធគេឲ្យអស់ពីដែនដីខ្មែរ។
- មានជាការអីបង !
- យើ ! ប្អូនឯងគ្រាន់បើឥឡូវ!
- បាទ ! ល្មមតែស៊ីសងបានដែរ ។ ហ៊ី សុំជូនបងវិញម្ដង!
- យើ ! គ្រាន់បើដែរ។
- មិនអ្វីទេ !
មានន្ទមានវាចាថា៖
- អញទុកចិត្ដឯង។ អញជឿសម្បថឯង ព្រោះឯងស្បថឲ្យអញ ឯងមកក្បត់អញវិញ។
- ហ៊ីៗៗ មនុស្សក្បាលខ្មៅ គ្មានសម្បថឯណា គ្មានពាក្យសច្ចាឯណាធំជាងចិត្ដទេ។
- អញប្រដៅឯងឲ្យដឹងបន្ដិច!
- ឥតប្រយោជន៍ទេបង ! ខ្ញុំប្រដៅបងឲ្យចេះស្រលាញ់ស្រី កុំឲ្យទុកចិត្ដស្រី។
- បើក្នុងពេលនេះ អញសំលាប់ឯងមិនបាន អញសុខចិត្ដស្លាប់។
- ប្រាកដហើយ!
- អញយកឈាមឯងលាងអាម៉ាស់ដែលឯងបានប្រព្រឹត្ដ។
- តាមចិត្ដ!
- អញកាត់ក្បាលឯងដោតឲ្យអ្នកផងមើល។
- តាមត្រូវការ!
- ឯងនេះហៅចំជាព្រហើន!
- ពិតមែន អ្នកណាមិនស្គាល់កាមា ? បងឯងនេះជាមនុស្សយ៉ាប់ណាស់ បានប្រពន្ធមួយ ប្រពន្ធនោះក្បត់ ហាស់ៗ ។
- លុះកាមានិយាយដូច្នោះ មានន្ទនឹកខឹងនាងទេវីក្រៃពេក។ រូបនាងលេចចេញនៅចុងដាវ លេចចេញនៅមុខអ្នក ខាំធ្មេញដាក់អ្នក សម្លក់អ្នក រូបនេះញញឹមដាក់អ្នក សំពះអ្នក អង្វរអ្នក។ មានន្ទភ្លេចនឹកដល់អាវុធដែលកំពុងកាន់ ស្រាប់តែ . . . អុ ! ស្រាប់តែចុងដាវរបស់កាមា ស្ទុះវ៉ីតមកបុកចំដើមទ្រូងអ្នក។ បុរសផ្អៀងខ្លួនតែពុំផុត ចុងដាវរុកចូលក្នុងស្មាស្ដាំ ឈាមហូរខ្ចាយក្រហមឆ្អៅ។ ចុងដាវធ្វើឲ្យអ្នកចុកពើតក្រៃលែង។ កាមា បានឱកាសនេះវាយផ្ដាច់ព្រ័ត្រ កាប់ឆ្វេងស្ដាំ ពីចំហៀង មានន្ទប្រឹងរងគេចយ៉ាងត្រដរ។ ក្នុងពេលនោះមានន្ទដឹងខ្លួនឡើងថា អ្នកកំពុងតស៊ូដើម្បីរស់ ទើបអ្នកផ្លាស់ដាវមកកាន់ដៃឆ្វេងវិញ ចាក់តទៅទៀត។
- ម៉េចបង បងថាយកឈាមខ្ញុំ ឥឡូវគឺបងទេដែលហូរឈាម . . . ។
- អត់ទាន់អីទេ ! ប្អូន !
និយាយពីអ្នកស្រុកដែលដឹកគោបញ្ចូលក្រោល ដើរជិតនោះ កាលបើបានឃើញមានន្ទ និងកាមាប្រកាប់ប្រចាក់គ្នាដូច្នាះ មានសេចក្ដីភិតភ័យយ៉ាងខ្លាំង រត់ទៅភូមិប្រាប់អស់ញាតិមិត្ដឲ្យមកជួយជាប្រញាប់។ តែព្រះអាទិត្យលិចបាត់ទៅហើយ។ ពន្លឺព្រះចន្ទក៏បំភ្លឺឡើងស្រាងៗ។ អ្នកស្រុកខ្លះអុចចង្កៀង ខ្លះអុជចន្លុះរត់មកទីសមរភូមិនៃបងប្អូនទាំងពីរនោះ មានចំនួនច្រើនអនេក ។ តែគ្មានអ្នកណាមួយហ៊ានចូលឃាត់សោះ ពីព្រោះដាវទាំងពីរនៅតែប្រកៀកជាប់គ្នាជានិច្ច ។ ដល់ឃើញអ្នកស្រុកមកកាន់តែច្រើនឡើង មានន្ទប្រកិតដាវរបស់កាមាជាប់ រួចនិយាយថា៖
- ចូលប្អូនប្រុងខ្លួនឲ្យមែនទែនហ្ន៎ា !
- ខ្ញុំអត់ភ័យទេ បងឯងចាក់ដៃឆ្វេងនោះ!
- ដៃឆ្វេងបង ក៏ប្រើការបានដូចដៃស្ដាំ ប្រុងអូន !
អ្នកស្រុកដែលទៅមើលទាំងប៉ុន្មាន ក៏លើកកាមាឡើង ខ្លះជួយជូតឈាមខ្លះជួយស្រែកហៅ តែកាមាសន្លប់បាត់ស្មារតីយូរណាស់ទៅហើយ ។ អ្នកសួរដោយភិតភ័យថា៖
- ស្លាប់ហើយ ឬអី ?
- ទេ ! មិនទាន់ស្លាប់ទេ!
- របួសតិច រឺខ្លាំង ?
- របួសខ្លាំងណាស់ មិនដឹងជាស្លាប់ ឬរស់ទេ!
No comments:
Post a Comment