Monday, June 04, 2012

រឿងមហាចោរនៅទល់ដែនវគ្គទី១០៖ស្ដេចខ្ញាល់


រឿងមហាចោរនៅទល់ដែន ១៧.gif 

ល្ងាចថ្ងៃ ដែលមានការវិវាទ រវាងមានន្ទ និង កាមានេះ ព្រះកម្ពុតជាបិតា ពុំបានទៅណាទេ។ នៅក្នុងដំណាក់ គេឮសូរ តូរ្យតន្រ្ដីរងំ។ យូរៗ ចម្រៀងកញ្ញាម្នាក់ លាន់ឮឡើងគ្រលួច រួចគឺសូរមាត់អ្នកសើចហ៊ោកញ្ជ្រៀវ សប្បាយ។ ព្រះកម្ពុត លង់ក្នុងសេចក្ដីសប្បាយ នេះឯង។ អង្គុយលើកៅអីដាំត្បូង ទ្រង់សំលៀកបំពាក់មួយ ដ៏ល្អឆើតឆាយ ព្រះកម្ពុតទះដៃ សើចក្អាកក្អាយ ពីមុខស្រី ដែលរេរាំយ៉ាងស្រស់អស់ពីចិត្ដ។ ក្នុងនោះ ទាហានម្នាក់ចូលមក ព្រះកម្ពុតរាដៃ ឲ្យពួករបាំឈប់។ របាំក៏ឈប់ស្ងាត់សូន្យ ។ អ្នករាំក៏លបៗ ចូលទៅកៀន។ ព្រះកម្ពុត ឱនសួរទៅទាហាន ដែលឈរត្រង់ខ្លួន នៅពីមុខលោកថា៖
  • មានការអ្វី ?
  • ព្រះបាទម្ចាស់ កាមាត្រូវរបួសជាទំងន់។
ព្រះកម្ពុតឮចំលើយយ៉ាងនោះ បើកភ្នែកធំៗ ញេញធ្មេញសួរតទៅទៀតថា៖
  • រឿងអី វានៅឯណា ?
  • ព្រះបាទម្ចាស់នៅខាងមុខ មានរឿងជាមួយមានន្ទ។
  • យី ! ឯណា ជូនអញទៅ
ព្រះកម្ពុតក៏ដើរចេញពីកៅអីកិត្ដិយស ដោយមានទាហានអមទាំងសងខាង ចេញទៅផង។ អ្នកភ្លេង អ្នករាំទាំងប៉ុន្មាន ឆ្ងល់នឹងរឿងនេះក្រៃពេក តែពុំមានអ្នកណាមួយ ហ៊ានមាត់កអ្វីឡើយ។ លុះដើរទៅដល់ ឃើញជាក់ជាកាមាមែនហើយ ព្រះកម្ពុតមានទឹកមុខឡើងក្រហម លោកបញ្ជាដូចតទៅ៖
  • យកវាទៅថែរក្សាទៅ ! ទៅឆាប់ ៗ!
សេនាជំនិតទាំងអស់ ក៏គ្រាហ៍កាមាយកទៅ។ ព្រះកម្ពុតដកដង្ហើមធំសម្លឹងទៅក្រៅ ឃើញមនុស្សម្នាក់ក្មេង មុខកាច សក់រួញ ក៏ហៅបុរសនោះ ឲ្យចូលមក។
  • និលៗ ឯងដឹងរឿងរ៉ាវអ្វីទេ ?
  • ព្រះបាទម្ចាស់ ដឹងខ្លះដែរ។
  • អាមានន្ទ និង អាកាមា វាមានរឿងអីនឹងគ្នា ?
  • ព្រះបាទម្ចាស់មានរឿងពីស្រី។
  • ស្រី ? ស្រីអី?
  • មានន្ទមានប្រពន្ធមួយ ឈ្មោះនាងទេវី កាមាក៏ស្រលាញ់នាងនេះដែរ។
  • ទេវី ? កូនវិសេសក្លាហាន ដែលទើបស្លាប់ទៅនោះឬ ?
  • ព្រះបាទម្ចាស់!
  • អាមានន្ទ វាការគ្នាពីកាលណា ?
  • បាទទានប្រោស ការរួចប្រហែលមួយឆ្នាំហើយ។
  • យី ! អានេះ ចិត្ដធំមែន ! ចុះអាកាមា ម្ដេចក៏វាស្រលាញ់នាងទេវីដែរ ?
  • ព្រះបាទម្ចាស់ស្រលាញ់ដែរ។
  • ស្រលាញ់មុន ឬ ក្រោយអាមានន្ទ?
  • ព្រះបាទម្ចាស់ស្រលាញ់ក្រោយទេ។
  • រួចវាដណ្ដើមគ្នា ?
  • ព្រះបាទម្ចាស់ ប្រហែលដូច្នោះហើយ បានជាកាប់គ្នាថ្ងៃនេះឯង។
  • ហ៊ឺ ! គិតទៅកូនៗ វាមើលងាយឯងមែន។ អាអស់នេះ សមតែកាត់ក្បាលវាចោល។ អាកាមាចុះវានៅក្មេង ចុះអាមនន្ទក្បាល
កញ្ចាស់ ក៏វាព្រើលដែរ រួចវាស្រលាញ់អ្នកណាមិនស្រលាញ់ ទៅស្រលាញ់មីទេវី កូនអាចង្រៃវិសេសក្លាហាន នោះទៀត។ ហ៎ា ៗ! វាដឹងថាអញស្អប់វិសេសក្លាហាន រួចវាស៊ុមគ្រលុំគ្នាមិនប្រាប់អញ។ តើឥឡូវ អាមានន្ទវាទៅណាហើយ ?
  • ព្រះបាទម្ចាស់ ឮថា ជិះសេះទៅខាងមង្គលបុរី។
  • យើ ! អានេះរត់ហើយតើ។ វាដឹងខ្លួនវាហើយ ។ ទៅនិលឯងយកទាហាន ១២នាក់ជិះសេះ ទៅចាប់វាចង នាំមកឲ្យខ្ញុំ យ៉ាងប្រញាប់។
  • ខ្ញុំព្រះបាទសុំចុតហ្មាយ ទានប្រោស។
  • អើ ៗ !
  • ព្រះកម្ពុតសរសេរចុតហ្មាយដូចតទៅ៖
ចុតហ្មាយឲ្យចាប់ខ្លួន
យើងព្រះកម្ពុត ចៅហ្វាយខេត្ដសិរីសោភ័ណ បង្គប់ឲ្យមេកងនិល ពេជ្រ ចេញមកចាប់មេទ័ពមានន្ទ។
បើឈ្មោះនេះរឹងទទឹង និលពេជ្រអាចសម្លាប់ចោលបានពេញច្បាប់។
ព្រះកម្ពុត
លុះសរសេររួចហើយ ព្រះកម្ពុតហុចលិខិតឲ្យទៅនិលពេជ្រ ដែលគេតែងហៅ មេកងនិលៗ ប៉ុណ្ណោះឯង។ ព្រះកម្ពុតបន្ថែមថា៖
  • ទៅចាប់អាមានន្ទឲ្យប្រុងប្រយ័ត្នបន្ដិច ព្រោះដូចឯងដឹងស្រាប់ហើយ វាក្លាហានណាស់។
  • ខ្ញុំព្រះករុណាធ្វើតាមបន្ទូល ទាន។
  • តែនិលពេជ្រឯងក៏ជាជើងឯកមួយដែរ បានជាអញបញ្ជូនទៅនេះ។
  • សូមព្រះតេជគុណទុកចិត្ដលើខ្ញុំបាទចុះទាន ។ ខ្ញុំបាទសូមរើសយកពលណា ដែលធ្លាប់មានថ្វីដៃបំផុតទៅជាមួយ។
  • អើ ! រើសចុះតាមចិត្ដ ទាំងសេះ ទាំងមនុស្ស គ្រឿងប្រដាប់ ឲ្យគ្រប់គ្រាន់ណា។
  • ព្រះបាទម្ចាស់។
និលពេជ្រ ក៏គំនាប់ព្រះកម្ពុត ហើយស្ទុះចេញទៅ។ ក្នុងពេលនោះ មនុស្សម្នាក់ចាស់ អាយុប្រមាណហុកសិបប្លាយឆ្នាំ តែមាឌនៅរឹងប៉ឹង ដូចក្មេងអាយុម្ភៃឆ្នាំ ចូលមកដល់។ គាត់ចាប់អាវនិលពេជ្រ រួចនិយាយថា៖
  • ទៅណា ?
  • បាទ ! ព្រះតេជគុណ ឲ្យទៅចាប់មានន្ទ លោកតា។
  • ចូលមកវិញ និយាយគ្នាសិន។
  • បាទ !
មនុស្សចាស់នេះមានទឹកមុខមាំ ចូលមកដល់ព្រះកម្ពុត ព្រះកម្ពុតឃើញ ក៏ឲ្យអង្គុយកៅអីដោយគួរសមយ៉ាងគោរព ។ តែមនុស្សចាស់នេះ ទាញកៅអីក្រាក ដោយគំរិះគំរុះ ទៅកៀនជញ្ជាំង មុខបែរទៅរកបង្អួច ឥតមើលមុខព្រះកម្ពុតឡើយ ។ ព្រះកម្ពុតប្រឹងពន្យល់ ថា៖
  • សូមលោកជ្រាប គួរអីព្រហើនម៉្លេះ ?
  • ព្រហើនអី ?
  • បាទ ទាន ! វាលួចការប្រពន្ធឥតឲ្យខ្ញុំដឹង។
  • ដឹងទៅបានការអី ?
  • បាទទេ ! ខ្ញុំជាឪពុកវា គួរតែវាប្រាប់ខ្ញុំមុននឹងសម្រេចការអ្វីនីមួយៗ។
  • វាដឹងថា លោកមិនធ្វើតាមវាពិត បានជាវាមិនប្រាប់ ។ ឈប់និយាយ ! ចុះឥឡូវលោកធ្វើអ្វី ?
  • ខ្ញុំឲ្យទាហានទៅចាប់វាមក។
  • លោកជាឪពុក លោកធ្លាប់ស្គាល់ខ្ញុំជានិច្ចរៀងដរាបមក។ ខ្ញុំស្រលាញ់លោកចិត្ដមួយ ថ្លើមមួយ។ ខ្ញុំចាស់ហើយ តែខ្ញុំធ្លាប់ភប់
ប្រទះ នឹងរឿងរ៉ាវច្រើនណាស់ ខ្ញុំដឹងរឿងអស់នោះ ។ ខ្ញុំជាទីប្រឹក្សា របស់គ្រប់ចៅហ្វាយខេត្ដទាំងអស់ ដែលមានចំនួនបួននាក់ មកហើយ គឺ មានលោកនេះជាក្រោយបង្អស់។ ខ្ញុំសូម កុំឲ្យលោកចាត់ទៅចាប់វា ធ្វើអ្វី។ តាមខ្ញុំយល់ គឺគួរបង្រួញរឿងនេះ ឲ្យខ្លី កុំពង្រីក ឲ្យវែងទៅៗ នោះ។
  • ចុះ ឲ្យខ្ញុំធ្វើយ៉ាងណាវិញ ?
  • មានន្ទវាមានទៅណា វាជាកូនលោកស្រាប់ តែបន្ដិចទៀតវាមកវិញហើយ។ ចាំបាច់ទៅព័ទ្ធចាប់វាធ្វើអ្វី ?
  • សូមទោស គិរីមេរុ ឥឡូវព្រះកម្ពុត ចាត់ការនេះហើយ ព្រះកម្ពុតមិនអាចដកពាក្យទេ ។ ខ្ញុំស្ដាប់លោកជានិច្ច ខ្ញុំគោរពលោក
ជានិច្ច តែក្នុងពេលនេះ ខ្ញុំត្រូវតែផ្ដន្ទាទោសអាមានន្ទ ឲ្យអស់ចិត្ដខ្ញុំខឹង។ ខ្ញុំខឹងណាស់ សូមប្រាប់លោកឲ្យត្រង់។ ទៅនិលពេជ្រទៅ!
និលពេជ្រ ក៏ចេញទៅតាមពាក្យព្រះកម្ពុត។ តាគិរីសុមេរុ ពេបមាត់ សម្លឹងមើលក្ដារ ឥតនិយាយមួយមាត់។ តាគិរីសុមេរុនេះ ជាអ្នកចម្បាំងជើងចាស់ ដែលរស់ប្រាំរាជស្ដេច មកហើយ។ គាត់គ្មានខ្លាចអ្នកណាទេ ទោះព្រះកម្ពុត ក៏គ្មានខ្លាចដែរ។ តែព្រះកម្ពុត គោរពគាត់ជាចាស់ទុំដរាប។ កាលព្រះកម្ពុតនៅក្មេង គាត់បានចិញ្ចឹមបីបាច់រក្សា រួចក្នុងសង្រ្គាមនានា គាត់បានជួយជីវិតព្រះកម្ពុតនេះ ឲ្យរួចពីក្ដីមរណៈ ជាច្រើនលើក ច្រើនគ្រា។ ដើម្បីតបស្នង សងគុណតាគិរីសុមេរុវិញ ព្រះកម្ពុត បានអញ្ជើញគាត់ ឲ្យមកនៅជាមួយ។ គិរីសុមេរុ ជាមនុស្សមានបញ្ញាវៃឆ្លាត ហើយពូកែស្វិតស្វាញ ខាងកាន់គ្រឿងអាវុធ រកអ្នកណាមួយ ប្រៀបធៀបពុំបានឡើយ។ គិរីសុមេរុ ក្រោកឈរច្រានកៅអីដួលផ្កាប់ផ្ងារ រួចដើរចេញទៅខាងក្រៅ។ ព្រះកម្ពុតមានសេចក្ដីបារម្ភ នឹងអាកប្បកិរិយានេះដែរ តែដឹងចិត្ដតាគិរីសុមេរុ …។ ទោះជាយ៉ាងណា ក៏បុគ្គលនេះ ជាមនុស្សផុតចាប់ទោស អូសដំណើរដែរ។ ព្រះកម្ពុតមុខឡើងស្លាំងអង្វរថា៖
  • អញ្ជើញលោកតាពិសាតែសិន!
គិរីសុមេរុស្រលាញ់មានន្ទណាស់ ហេតុនេះហើយបានជាគាត់ មិនចង់ឲ្យព្រះកម្ពុត តាមរកមានន្ទនោះ។ លុះដើរចេញមក ដល់ក្រៅបន្ទាយ គាត់ក្រលេកមើលនាយអាយ រួចស្ទុះទៅចាប់ស្មានាយកោប ជាប់ពីក្រោយ។
  • លោកតាៗ ! សួស្ដីលោកតា !
  • អាចំកួត មានន្ទទៅណាហើយ ?
  • បាទ ! ខ្ញុំបាទមិនដឹងដែរ។
  • ចុះម្ដេចអាឯង នៅប៉ែលប៉ោលទីនេះទៀត ?
  • ឲ្យខ្ញុំធ្វើយ៉ាងណាលោកតា ?
  • អាឯងឆ្កួត ឬជា ?
  • បាទ ! ជាលោកតា!
  • អាឯងស្រលាញ់មានន្ទ ទេ ?
  • ស្រលាញ់ដែរ!
  • មានន្ទមានទុក្ខ ម្ដេចអាឯងសប្បាយនៅនេះ?
  • បើដូច្នេះ ខ្ញុំទៅរកឥឡូវ។
  • អើ ! ទៅ ! ទៅប្រាប់វាថា គេតាមចាប់ ឲ្យប្រយ័ត្នខ្លួន . . .។
  • បាទ !
  • ឯងដឹងមានន្ទនៅឯណាទេ ?
  • ទេ !
  • បើឯងមិនដឹងធ្វើម្ដេច ទៅរកឃើញ ?
  • ការនេះស្រេចនៅលើខ្ញុំ ខ្ញុំជ្រែកដីរាវទឹក កកូរអាកាសរកទាល់តែឃើញហ្នឹង។ យ៉ ! វាទៅណា កំបាំងភ្នែកអាកោប។
គិរីសុមេរុ សើចទះស្មានាយកោប៖
  • ប្រយ័ត្នតែឯងមិនឃើញវិញ តើឲ្យអញធ្វើម៉េច ?
  • ឲ្យពុះក្បាលកោបជាប្រាំពីភាគ។
  • បីភាគបានទេ ?
  • តិចណាស់ មិនស្លាប់កោបទេ កោបធ្លាប់ទទួលបួនរួចមកហើយ ៗឥតអី។
  • បើដូច្នោះ អញសុំតែមួយសិនបានទេ ?
  • គ្នាឯង អ្នកណាដែលឲ្យលេងអញ្ចឹង។
  • អាកោប អញសួរឯងបន្ដិចបានទេ ?
  • បាន ! យី ! លោកតាសួរចុះ សួររឿងព្រះ ឬរឿងជាតិ ឬរឿងព្រះឥសូរ . . . ។
  • អើ ! កាលណាបានឯងយកប្រពន្ធ ?
  • ដល់លោកតាយក បានខ្ញុំយកដែរ។
  • ហាស ៗ អាចំកួត!
  • ទៅគិតអីរឿងប្រពន្ធកូននោះ?
  • ចុះឯងគិតអីវិញ ?
  • រឿងជាតិ!
  • អូ ! អាខ្មោច លោជា ឯងចេះគិតពីរឿងជាតិដែរ។
  • យី ! សិស្សមានន្ទណ៎ា ខ្ញុំ!
  • ឱ ! ឯងចេះគិតជាតិ ព្រោះឯងជាសិស្សគេទេឬ ?
  • ឱស ៗ តែ ខ្ញុំគិតរឿងជាតិ ព្រោះខ្ញុំជាខ្មែរ។
  • បើអញ្ចឹងទៅចុះ!
នាយកោបហួច ឮសូរវើតៗ។ សេះមួយ កញ្ជៀវឯចម្ងាយ។ មិនយូរប៉ុន្មាន សេះនេះលូនមកដល់ ពីមុខនាយកោបភ្លាម ដែលស្ទុះទៅយកអាន និង បង្ហៀរមកដាក់ ដោយរួសរាន់។ តាគិរីសុមេរុឃើញយ៉ាងនេះ មានចិត្ដស្ងើចនាយកោបមួយអន្លើដែរ តែពុំចេញស្ដីអ្វី ឲ្យវាដឹងចិត្ដគាត់ឡើយ។ នាយកោបស្ទុះលោតភ្លែត ឡើងលើខ្នងសេះ គំនាប់តាគិរីយ៉ាងគួរសម រួចបំផាយសេះ ទៅខាងទិសមង្គលបុរី ទៅ។ តាគិរីឈរមើលសេះនាយកោប ដោយញញឹមគ្មានដាច់ ទាល់តែបាត់ឮសូរជើង ទើបឈប់មើល។ បន្ទាប់ក្រោយពីនេះបន្ដិច ហ្វូងសេះរបស់និលពេជ្រ ក៏ចេញដំនើរតាមយ៉ាងកក្រើកដី នាំឲ្យរាត្រីនោះ រន្ធត់ញាប់ញ័រជាពន់ពេក៕

No comments:

Post a Comment